(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយនៅលើ Facebook ដោយប្រកាសថា
កម្ពុជា រីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់
លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ។
នេះជាទស្សនកិច្ចលើកដំបូងរបស់
លោក ស៊ី ក្នុងនាមជាប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា។
ប្រធានាធិបតីមហាយក្សចិន ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចផ្លូវការ
រយៈពេល២ថ្ងៃនៅកម្ពុជា នាថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងដំណើរបំពេញទស្សនកិច្ចនេះ
រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង
និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។ ក្រៅពីនោះ ប្រធានាធិបតីចិន ស៊ី ជិនពីង
នឹងអញ្ជើញចូលគាល់សម្តេចម៉ែ និងព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ
សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង
និងបន្តជួបពិភាក្សាការងារ សំខាន់ៗ ជាមួយលោក ហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅល្ងាចថ្ងៃទី១៣ ខែតុលា
ឆ្នាំ២០១៦ ព្រមទាំងចុះកិច្ចព្រមព្រៀង
និងពិធីសារសំខាន់ៗរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕