Tuesday, January 02, 2024

មិនមានករណី យកលុយថ្លៃផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នោះទេ



ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានអះអាងថា ការធ្វើដំណើរលើដងផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកថ្លៃផ្លូវនោះទេ ទោះធ្វើដំណើរតាមផ្លូវដ៏ទៃទៀតក៏ដោយ។

ថ្លែងប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នេះ  អាជ្ញាធរបានអះអាងថា រាល់ការធ្វើដំណើរលើផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ មិនមានករណីយកលុយថ្លៃលើផ្លូវនោះទេ។ គឺយកតែថ្លៃចំណត ចតរថយន្តដែលបានចតនៅក្នុងព្រលានតែប៉ុណ្ណោះ។

ការបញ្ជាក់របស់អាជ្ញាធរខេត្តសៀមរាប យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការផ្សព្វផ្សាយ ទាក់ទងទៅនឹងថាមានការយកថ្លៃផ្លូវទៅព្រលានយន្តហោះសៀមរាបអង្គរ។ ករណីបែបនេះធ្វើឲ្យមានការប្រតិកម្មជាច្រើនពីក្រុមអ្នករកស៊ីដឹកជញ្ជូនភ្ញៀវ។

អាជ្ញាធរបានបញ្ជាក់ផងដែរថា ការបង្ហោះរូបភាព ដែលថា ឱ្យភ្ញៀវដើរចូលព្រលាន គឺជារឿងមួយដែលមិនសមរម្យ ដែលអាចធ្វើឲ្យភ្ញៀវនិយាយមិនល្អរបស់ប្រទេសយើងនៅពេលគាត់ត្រឡប់ទៅវិញ។

អាជ្ញាធរបានបញ្ជាក់ថា បានជួបពិភាក្សាជាមួយខាងក្រុមហ៊ុនហើយ លើបញ្ហាផ្លូវ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរនេះ។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏បានណែនាំមន្ត្រីជំនាញពាក់ព័ន្ធជួបជាមួយ បងប្អូនប្រជាពលរដ្ឋដែលលើកឡើងលើបញ្ហាខាងលើនេះ។

សុំបញ្ជាក់ថា ការដែលមិនដឹកភ្ញៀវចូលព្រលាន ដូចមាននៅក្នុងរូបភាពបែបនេះ គឺជារឿងមួយរបស់អ្នកដឹកភ្ញៀវ អាចគេចវេសពីការយកថ្លៃចំណតរថយន្តតែប៉ុណ្ណោះ៕




សម្តេចតេជោ ហ៊ុន សែន គូសរំលេចនូវព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងខែមករា សម្រាប់ជីវិតរបស់សម្តេចផ្ទាល់


នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ដោយបានគូសរំលេចពីរឿងរ៉ាវមួយចំនួនដែលបានកើតឡើងក្នុងខែមករា និងដែលស្ថិតនៅក្នុងការចងចាំរបស់សម្តេច។


សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ 


«ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖

១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។

២. ថ្ងៃរៀបការ ៥មករា ១៩៧៦

៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។

៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។

៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។

៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។

៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។

៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។

៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។


និងនៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក»៕