Saturday, April 23, 2022

សម្តេចតេជោ ហ៊ុន សែន៖ ការវិនិយោគរបស់ជប៉ុននៅកម្ពុជា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរ


(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា គឺជាការរួមចំណែកជួយដល់ទំនាក់ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឱ្យលោក កាបាសហ្ស៉ីម៉ា អ៉ីគូអុ អភិបាលខេត្តគូម៉ាមុតុ និងតំណាងក្រុមហ៊ុនចំនួន៨ ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងរៀបចំធ្វើពាណិជ្ជកម្មបន្ថែមទៀតនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ។


លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំ នួបនេះ សម្ដេចតេជោ បានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែលបាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជា និងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ ក្នុងជំនួបនេះ សម្តេចតេជោ បានអនុញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។


បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការលំអបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសការធ្វើច្បាប់វិនិយោគថ្មី ដែលមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគ។


សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា ការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។


ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនោះ ជប៉ុន ជាប្រទេសមួយ ដែលបានដាក់ទុនវិនិយោគជាច្រើននៅកម្ពុជា។ របាយការណ៍ បានបង្ហាញថា ការវិនិយោគរបស់ជប៉ុន នៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ មានចំនួន ១៤៤គម្រោង ដែលមានទុនសរុបជិត ៣ពាន់លានដុល្លារអាមេរិក។


ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ផងដែរ។ កម្ពុជា គឺជាដៃគូពាណិជ្ជកម្មរបស់ជប៉ុនលំដាប់ទី៨ ក្នុងអាស៊ាន។ ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា និងជប៉ុន សម្រេចបានប្រមាណ ១,៧០០លានដុល្លារអាមេរិក។


ទំនិញដែលកម្ពុជានាំចេញទៅជប៉ុន មានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសម្អាង ក្រដាស សម្ភារៈការិយាល័យ ស្បែកសត្វ សត្វពាហៈ លោហធាតុជាដើម។ ដោយឡែកទំនិញដែលកម្ពុជានាំពីជប៉ុនមានដូចជា៖ គ្រឿងម៉ាស៊ីន រថយន្ត សាច់សត្វ គ្រឿងអគ្គិសនី គ្រឿងសង្ហារឹម ក្រដាស កប្បាស ក្រណាត់គ្រប់ប្រភេទ ផលិតផលធ្វើពីប្លាស្ទិច សម្ភារៈកីឡា គ្រឿងបន្លាស់គ្រប់ប្រភេទជាដើម៕





សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តចំពោះការវិនិយោគ របស់ក្រុមហ៊ុន Mitsubishi នៅកម្ពុជា


(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការពេញចិត្ត និងរីករាយ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសកម្ពុជា។


ការពេញចិត្តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា ត្រូវបានស្តែងឡើងក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យលោក កាន់ដា យ៉ូហ្គោ (Kanda Yogo) អ្នកចាត់ការទូទៅក្រុមហ៊ុន Mitsubishi ប្រចាំនៅរាជធានីភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែមេសានេះ នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ទីដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។


លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបសម្តែងការគួរសមនេះ លោក កាន់ដា យ៉ូហ្គោ បានជម្រាបសម្តេចតេជោ អំពីប្រតិបត្តិការ និងការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi នៅក្នុងប្រទេសកម្ពុជា។ អ្នកចាត់ការទូទៅរូបនេះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Mitsubishi មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៣ កំពុងវិនិយោគ និងរកស៊ីនៅកម្ពុជា។


ក្រុមហ៊ុនទាំង៣នោះរួមមាន៖ ក្រុមហ៊ុន Mitsubishi Corporation Fashion ដែលជាក្រុមហ៊ុនគ្រប់គ្រងការផលិត និងដឹកជញ្ជូនផលិតផលកាត់ដេរពីកម្ពុជា ទៅទីផ្សារអន្តរជាតិ, ក្រុមហ៊ុន Mitsubishi Motors Cambodia ជាក្រុមហ៊ុននាំចូលរថយន្ត Mitsubisi មកកាន់ទីផ្សារកម្ពុជា និងក្រុមហ៊ុន MC Lift & Solutions ជាក្រុមហ៊ុនលក់ ដំឡើង និងថែទាំជណ្តើរយន្ត។


ពាក់ព័ន្ធសមាគមធុរកិច្ចជប៉ុននៅកម្ពុជាវិញ លោក កាន់ដា យ៉ូហ្គោ បានជម្រាបសម្តេចតេជោថា បច្ចុប្បន្នសមាគមមានក្រុមហ៊ុនរហូតដល់ទៅ ២៥០ជាសមាជិក ហើយកំពុងដាក់ទុនវិនិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា។


សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានជួបជាមួយតំណាងក្រុមហ៊ុន Mitsubishi។ សម្ដេចតេជោ បានចាត់ទុកថា ការបើកការិយាល័យក្រុមហ៊ុន Mitsubishi នៅកម្ពុជាកាលពីឆ្នាំ១៩៩៧ ដែលមានអាយុកាល ២៥ឆ្នាំ មកហើយនោះ គឺជារឿងមួយដ៏ត្រឹមត្រូវ។ សម្តេចតេជោ បានបន្ថែមថា ក្រុមហ៊ុនបានចាក់គ្រឹះកាន់តែរឹងមាំនៅកម្ពុជា ហើយអ្វីដែលកាន់តែល្អនោះ គឺក្រុមហ៊ុនបានវិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា កម្ពុជាកាន់តែមានភាពទំនើបកម្ម ដូច្នេះទាំងរថយន្ត និងការប្រើប្រាស់ជណ្តើរយន្តនៅកម្ពុជា កំពុងតែមានកំណើន ដែលជាភាពល្អប្រសើរសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុន Mitsubishi លើវិស័យនេះនៅកម្ពុជា។


សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឃើញពីការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដូចជាផលិតផលកាត់ដេរជាដើមនោះ។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញភាពរីករាយផងដែរ ដែលសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា មានកិច្ចប្រជុំជាទៀងទាត់ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងមួយឆ្នាំ២ដង។


សម្ដេចតេជោ បានមានប្រសាសន៍ណែនាំក្រុមហ៊ុន ជំរុញការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។ សម្តេចតេជោ ក៏ចង់ឃើញការនាំចេញវិស័យកាត់ដេរឱ្យបានកាន់តែច្រើនទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់ប្រទេសជប៉ុន៕








ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, នាយករដ្ឋមន្រ្តីជប៉ុន ប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ លោក គីស៉ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែផងដែរ។


នេះបើតាមលោក កៅ គឹមហួន ថ្លែងប្រាប់ពីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ លោក គីស៉ីដា ហ្វឹមីអូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងឱកាស សម្តេចទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៉ី-ប៉ាស៉ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៉ីដា បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំងពីរមានការរីកចម្រើនឡើង ពិសេសវិស័យសន្តិសុខ និងលើវិស័យការពារជាតិ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងរក្សា សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាតិ។

លោកបានអរគុណកម្ពុជា ដែលអនុញ្ញាត និងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅ ដែលចូលរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ លោក គីស៉ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា និងបន្តការផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែ។

សម្តេចតេជោបញ្ជាក់ថា កម្ពុជានឹងបន្តស្វាគមន៍នាវាជើងទឹកជប៉ុន មកទស្សនកិច្ច និងចូលចតនៅកំពង់ផែរបស់កម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ការអភិវឌ្ឍ កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយបង្កើនល្បឿន នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការជំរុញការនាំចេញផលិតផល កសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ និងការនាំចូលពីក្រៅប្រទេស ដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឲ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឲ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ។

នៅក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា ជប៉ុននឹងបន្តជួយដល់កម្ពុជា ក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រព និងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្ថែមថា កម្ពុជានឹងបន្តធ្វើការងារលើវិស័យការពារជាតិ ជាមួយប្រទេសជប៉ុនបន្ថែមទៀត សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ នៅក្នុងជំនួបសម្តេចតេជោ ក៏បានស្នើឲ្យទំនាក់ទំនងទ្វេភាគីពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា ជប៉ុននៅពេលខាងមុខនេះ។ លោក គីស៉ីដា បានទទួលយកគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងដំឡើងទំនាក់ទំនងទ្វេភាគីនេះផងដែរ។

ចំពោះសភាពនៅមីយ៉ាន់ម៉ា នាយករដ្ឋមន្ត្រីជប៉ុននៅតែបន្តកិច្ចសហការជា មួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រកម្ពុជា ក្នុងនាមប្រធានអាស៊ាន ដែលបានជំរុញលើការដោះស្រាយកិច្ចការនេះ ជាមួយនឹងការបន្តធ្វើការជាមួយគ្នាលើ បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាវិបត្តិនៅអ៊ុយក្រែនផងដែរ៕








លិខិតមិត្តអ្នកអាន៖ «មានតែតុលាការទេដែលអាចបញ្ចប់ការតវ៉ាគ្មានហេតុផលនិងខ្វះភាពឡូហ្សិករបស់អតីតបុគ្គលិកណាហ្គាវើល»

រហូតមកទល់ពេលនេះ  ដំណោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងអតីតបុគ្គលិក២០០នាក់នៅតែបន្តអូសបន្លាយដោះស្រាយមិនចេញ បើទោះបីជាកិច្ចចរចារកដំណោះស្រាយក្រោមការសម្របសម្រួលពីក្រសួងការងារបានធ្វើឡើងជាច្រើនលើកហើយក៏ដោយ។ 

ចំណុចគន្លឹះដែលធ្វើឲ្យរាំងស្ទះដល់កិច្ចចរចានេះគឺការទាមទាររបស់សហជីពកម្មករឲ្យក្រុមហ៊ុនទទួលយកអតីតបុគ្គលិកទាំង២០០នាក់ចុងក្រោយដែលមិនព្រមទទួលយកសំណង ឲ្យចូលធ្វើការវិញ ចំណែឯភាគីនិយោជកបដិសេធមិនព្រមទទួលយកកម្មករទាំងនោះចូលធ្វើការវិញជា ដាច់ខាត។ 

ឥឡូវនេះ យើងសាកល្បងស្វែងយល់ពីជម្រៅនៃវិវាទការងារមួយនេះ។ 

ជាទូទៅ នៅក្នុងវិវាទការងារ សហជីពកម្មករច្រើនតែទាមទារឲ្យនិយោជកគោរពលក្ខខណ្ឌការងារ ឬទាមទារឲ្យនិយោជកផ្តល់អត្ថប្រយោជន៍ផ្សេងៗឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការងារ និងជាពិសេសពេលនិយោជក បញ្ឈប់កិច្ចសន្យាការងារ ត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ទាំងឡាយឲ្យស្របតាមច្បាប់ការងារជាដើម។ ប៉ុន្តែ ចម្លែកអ្វីតែអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏មួយក្រុមនេះ បែរជានៅក្រាញននៀលទាមទារឲ្យនិយោជកយកខ្លួនចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ពីការងារ? 

ការទាមទារបែបនេះត្រូវបានគេមើលឃើញថា ខ្វះភាពឡូហ្សិក និងហាក់មានរបៀបវារៈនៅពីក្រោយខ្នងហើយចំណុចដែលគួរពិចារណាមានដូចតទៅ៖

ទី១៖ អតីតបុគ្គលិកទាំងអស់នោះធ្លាប់បានរិះគន់ក្រុមហ៊ុនណាហ្គាវើលដ៏ថាជាក្រុមហ៊ុនបរទេសជិះជាន់កម្មករខ្មែរ និងជាក្រុមហ៊ុនដែលមិនបានផ្តល់ប្រយោជន៍ពិតប្រាកដដល់បុគ្គលិកកម្មករ។ 

ត្រង់នេះ សំណួរដែលចោទ ឡើងគឺ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀល ចង់ធ្វើការនៅក្នុងក្រុមហ៊ុនមួយដែលខ្លួនរិះគន់យ៉ាង

ខ្លាំងបែបនេះទៅវិញ? បើក្រុមហ៊ុននេះអាក្រក់ គួរតែពួកគេត្រេកអរពេលក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារដោយផ្តល់សំណងនិងអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាមច្បាប់ការងារដើម្បីពួកគេអាចទៅរកការងារថ្មីធ្វើនៅក្រុមហ៊ុន ណាដែលខ្លួនស្រឡាញ់ ពេញចិត្ត។

 «នៅលើពិភពលោកយើងនេះ តើមានបុគ្គលិកកម្មករណាននៀលទាមទារចង់ធ្វើការនៅកន្លែងដែលខ្លួនយល់ឃើញថា ជិះជាន់និងគ្មាន ប្រយោជន៍ដល់ខ្លួនបែបនេះ? ចម្លើយគឺគ្មានទេ។  ដូច្នេះ ករណីអតីតក្រុមហ៊ុនណាហ្គាវើលដ៏ គឺជារឿងដ៍ចម្លែកនិងច្បាស់ណាស់ពិតជាមានអ្វីនៅពីក្រោយខ្នងហើយ។

ទី២៖ តើមានច្បាប់ណា ឬ មាត្រាណាចែងអំពីការបង្ខិតបង្ខំឲ្យនិយោជកត្រូវទទួលយកបុគ្គលិកកម្មករដែលគេមិនពេញចិត្តអោយចូលធ្វើការវិញដែរឬទេ? ទោះច្បាប់ការងារនៅក្នុងប្រទេសណាក៍ដោយ 

ក៏មិនដែលបានចែងយ៉ាងដូច្នេះដែរពីព្រោះការជ្រើសរើសបុគ្គលិកគឺជាសិទ្ធិរបស់និយោជកដោយគ្មាននរណាអាចបង្ខិតបង្ខំបានឡើយ ជាពិសេសនិយោជិតឬសហជីពមិនអាចបង្ខំឲ្យនិយោជកទទួលយកខ្លួនទៅធ្វើការដោយគ្មានការយល់ព្រមពីនិយោជកឡើយ។ បើដូច្នេះ តើសំអាងលើអ្វីដែលសហជីពទាមទារឲ្យនិយោជកក្រុមហ៊ុនណាហ្គាវើលដ៏ទទួលយកអតីតបុគ្គលិកដែលត្រូវបានគេបញ្ឈប់ឲ្យចូលធ្វើការវិញ? 

ទី៣៖ បើគិតពីពេលវេលាដែលអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះតវ៉ា គឺមានរយៈជាច្រើនខែមកហើយ។ តើហេតុអ្វីបានជាពួកគេនៅក្រាញននៀលចង់បានការងារនៅក្នុងក្រុមហ៊ុនដែលគេមិនស្វាគមន៍ដោយប្រើរយៈពេលយូរយ៉ាងនេះ? តើពួកគេបានថវិកាមកពីណាដើម្បីចិញ្ចឹមគ្រួសារបើការងារក៏គ្មាន ចំណែកឯពេលវេលាត្រូវចំណាយទាំងស្រុងទៅលើការតវ៉ាទៅហើយនោះ? តើនរណាជាអ្នកចិញ្ចឹមការតវ៉ានេះ? ហើយពួកគេមានបំណងអ្វី? 

ទី៤៖ ទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋ កម្មករ និយោជិត សម្តែងមតិ ប៉ុន្តែ ពួកគេមិនព្រមទៅតវ៉ានៅទីនោះឡើយ បែរជាមកតវ៉ាកន្លែងក្រុមហ៊ុនដែលនាំដល់ការរំខានដល់ដំណើរការរបស់ក្រុមហ៊ុន និងធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងខ្លាំង។ តើហេតុអ្វីបានជាពួកគេធ្វើយ៉ាងដូច្នេះ? តើជាការតវ៉ាដើម្បីរកដំណោះស្រាយការងារ ឬក៏ជាចេតនានៃការ បង្កការរំខាននិងអុកឡុក? 

ទី៥៖ ក្រសួងការងារបានសម្របសម្រួលឲ្យមានជំនួបចរចារកដំណោះស្រាយចំនួន ៨លើកមកហើយ តែនៅតែគ្មានបានលទ្ធផល

អ្វីឡើយពីព្រោះជារៀងរាល់លើក ដំណោះស្រាយត្រូវបានរាំងស្ទះនៅត្រង់ការទាមទារឲ្យក្រុមហ៊ុនទទួល យកអតីតបុគ្គលិកទាំងនោះចូលធ្វើការវិញ។ 

ដូច្នេះ ទំនងជាដល់ពេលដែលគួរត្រូវប្រើជម្រើសចុងក្រោយហើយ នោះគឺការបញ្ជូនសំណុំរឿងទៅតុលាការដើម្បីសម្រេចសេចក្តី ពីព្រោះយន្តការ ករុមប្រឹក្សាអាជ្ញាកណ្តាលនិងការសម្របសម្រួលរបស់ក្រសួងការងារត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចដោះស្រាយបាន។ ក្នុងន័យនេះ មានតែតុលាការទេដែលអាចកាត់សេចក្តីជាចុងក្រោយ។ 

សរុបមកវិញ បើគ្មានរបៀបវារៈនៅពីក្រោយខ្នងទេ ការតវ៉ានេះក៍មិនអាចអូសបន្លាយរហូតដល់ពេលនេះបានឡើយ។ ការអត់ធ្មត់របស់អាជ្ញាធរមានសមត្ថកិច្ច និងកិច្ឋខិតខំប្រឹងប្រែងរបស់ក្រសួងការងារដើម្បីសម្របសម្រួលក៏បានធ្វើដល់កម្រិត ហើយដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយដោយសារតែចេតនាចង់បង្កការរាំងស្ទះពីសំណាក់អតីតបុគ្គលិកមួយក្រុមនេះ។ 

នៅពេលដែលយន្តការសម្របសម្រួលត្រូវបានប្រើអស់លទ្ធភាពហើយនៅតែមិនអាចរកច្រកចេញ បានដោយសារតែលក្ខខណ្ឌ មិនសមស្របនិងមិនសមហេតុផលនៃការទាមទារ មានតែវិធានការ

ច្បាប់ទេ ពោលគឺយន្តការតុលាការតែមួយគត់ដែលអាចសម្រេចបិទបញ្ចប់រឿងនេះបាន៕

ដោយៈ អ្នកនយោបាយតុកាហ្វេ





ពិធីបើកកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព : ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្វពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ ព្រះចៅអធិរាជជប៉ុន សម្តេច ឯកឧត្តម ប្រមុខរដ្ឋ ប្រមុចរដ្ឋាភិបាល នៃប្រទេសមួយចំនួន បានយាង និងអញ្ជើញចូលរួមក្នុងប្រជុំកំពូលដ៏មានសារសំខាន់នេះ ដោយផ្ទាល់ និងប្រព័ន្ធវីដេអូអនឡាញ។ ទីក្រុងគូម៉ាម៉ូតូ គឺជាទីក្រុងធំទី១២ របស់ប្រទេសជប៉ុន មានផ្ទៃក្រឡាជាង ៣៩០គីឡូម៉ែក្រឡា និងមានប្រជាជនរស់នៅប្រមាណ ៧៣៧ពាន់៦៤០នាក់។



ប្រមុខរដ្ឋាភិបាល នៃប្រទេសជប៉ុន កម្ពុជា ឡាវ ទូវ៉ាលូ នេប៉ាល់ រួមទាំងបណ្តារដ្ឋមន្រ្តី នៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ ដែលមានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលរបស់ខ្លួន ព្រះចៅអធិរាជជប៉ុន មានព្រះរាជបន្ទួលថា ទឹកពិតជាមានទំនាក់ទំនងខ្លាំងណាស់ សម្រាប់មនុស្សសត្វ ដែលរស់នៅលើភពផែនដី នៃលោកយើងនេះ។ ខេត្តគូម៉ាម៉ូតូ គឺជាខេត្តមួយរបស់ប្រទេសជប៉ុន ដែលមានប្រភពទឹកក្រោមដីដ៏ល្អ សម្រាប់បម្រើមនុស្ស សត្វ ពិសេសការស្រោចស្របលើវិស័យកសិកម្ម។ កាលពីខែកក្កដា ឆ្នាំ២០២០ តំបន់នេះគួម៉ាម៉ូតូ បានទទួលរងគ្រោះយ់ាងខ្លាំងពីគ្រោះរញ្ជួយដី។ ព្រះអង្គសូមថ្លែងអំណរគុពជូនចំពោះរដ្ឋាភិបាល និងថ្នាក់ដឹកនាំជប៉ុន ដែលខិតខំស្តារឡើងវិញ ក្រុងគួម៉ាម៉ូតូ ឲ្យមានសោភ័ណភាពស្រស់បំព្រង។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ត្រូវបានបង្កើតឡើងជាលើកដំបូង ក្នុងអំឡុងពេលវេទិកាទឹកពិភពលោក លើកទី៤ ដែលធ្វើឡើងនៅទីក្រុងម៉ិកស៊ិកកូ ប្រទេសម៉ិចស៊ិកកូ ក្នុងឆ្នាំ២០០៦ នៅពេលដែលអតីតនាយករដ្ឋមន្រ្តីជប៉ុន Ryutaro Hshimoto បានអំពាវនាវឲ្យមានការបង្កើតវទិកាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក(APWS) ជាវេទិកាមួយដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព នៃតំបន់អាស៊ីប៉ាស៊ីហ្វីក អំពីទស្សនទានស្តីអំពីទឹក។ ចាប់តាំងពីឆ្នាំ២០០៧ មានកិច្ចប្រជុំកំពូលស្តីពីទឹក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក (APWS) ចំនួន៣លើករួចមកហើយ ក្នុងឆ្នាំ២០០៧ លើកទី១ ប្រារព្វនៅប្រទេសជប៉ុន ក្រោមមូលបទ សន្តិសុខទឹក ភាពជាមេដឹកនាំ និងការ ប្តេជ្ញាចិត្ត លើកទី២ ក្នុងឆ្នាំ២០១៣ នៅប្រទេសថៃ ក្រោមមូលបទ សន្តិសុខទឹក ភាពជាមេដឹកនាំ និងការប្តេជ្ញាចិត្ត ដោយផ្តោតលើបញ្ហាប្រឈមគ្រោះមហន្តរាយពីទឹក លើកទី៣ ឆ្នាំ ២០១៧ នៅប្រទេសមីយ៉ាន់ម៉ារ ក្រោមមូលបទ សន្តិសុខទឹក សម្រាប់ការអភិវឌ្ឍដោយចីរភាព។

គោលបំណងសំខាន់នៃកិច្ចប្រជុំកំពូលលើកទី៤ គឺដើម្បីចែករំលែកទស្សនៈទាន ការប្រមើលមើលទៅមុខ នៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសំរេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាន នូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយ ដែលមានភាពធន់ ប្រកបដោយបរិយាប័ណ្ណ និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហា ដែល ពាក់ព័ន្ធនិងទឹក ក្រោយពេលដែលស្ថានភាពជំងឺកូវីដ១៩ បានប្រសើរឡើងវិញ ក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វីក។ ជម្រុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយចីរភាព។

លទ្ធផលរំពឹងទុក កិច្ចប្រជុំកំពូលលើកទី៤ នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព: ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានឈានទៅចេញសេចក្តីប្រកាសទីក្រុងគូម៉ាម៉ូតូ ក្នុងនោះមេដឹកនាំទាំងអស់ បានទទួលស្គាល់ និងគាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន ដែលត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីទឹក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ដោយរដ្ឋាភិបាលជប៉ុន ថាជាលទ្ធផលមួយ ក្នុងចំណោមលទ្ធផលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទឹក។

រួមជាមួយអ្នកចូលរួមផ្សេងទៀត នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនេះ និងដោយមានការសម្របសម្រួលជាមួយកិច្ចសន្ទនា Bonn Water វេទិកាទឹកពិភពលោក ដំណើរការទឹក Dushanbe និងដំណើរការត្រៀមរៀបចំសំខាន់ៗផ្សេងទៀត រាល់ការពិភាក្សាទាំងអស់ នៅក្នុងកិច្ចប្រជុំកំពូលនេះ និងចែករំលែកនៅក្នុងដំណើរការ នៃកិច្ចពិភាក្សាជាសាកលនានាពាក់ព័ន្ធនឹងទឹក រួមទាំងក្នុងសន្និសីទសហប្រជាជាតិ សម្រាប់ការពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិ នៃទសវត្សរ៍សកម្មភាពទឹក ដែលនឹងរៀបចំក្នុងខែមិនា ឆ្នាំ២០២៣ ក៏ដូចជាវេទិកានយោបាយកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍដោយចីរភាព ដែលជាវេទិកាសកលសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ អនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ នៅឯកិច្ចប្រជុំ G7 និងG20។ មេដឹកនាំទាំងអស់ ក៏បានអំពាវនាវឲ្យសេចក្តីប្រកាសនេះ ត្រូវបានគេយកទៅពិចារណា និងជាឯកសារដែលត្រូវបានគិតគូរបន្ត។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត រួមមាន៖

១៖ បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។

២៖ បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។

៣៖ ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍន-ភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធ-ភាព និងប្រសិទ្ធផល។

៤៖ ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវជំហររបស់កម្ពុជាក្នុងកិច្ចប្រជុំនោះដែរថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹកនិងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»។

កិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឱ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវរាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព។

កិច្ចប្រជុំកំពូលលើកទី៤នេះ ត្រូវបានគេរំពឹងថា នឹងរួមវិភាគទានយ៉ាងសំខាន់ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕












សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ


នៅទីក្រុងកូម៉ាម៉ូតូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅមុនកិច្ចប្រជុំកំពូលស្ដីអំពីបញ្ហាទឹកតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៤។ 



នៅក្នុងជំនួបនោះ សម្ដេចតេជោ​ ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយនឹង​ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវសារជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបនៅទីក្រុងភ្នំពេញនាពេលកន្លងមក។ នាយករដ្ឋមន្ត្រីនៃទាំងពីរក៏បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅថ្មីៗនេះដែលប្រទេសទាំងពីរបានប្រារព្វឡើងដូចគ្នា។ 

ក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ពីការសន្យាក្នុងការផ្ដល់ជំនួយ ជាពិសេសជាជំនួយរថយន្តផ្នែកវេជ្ជសាស្ត្រ ដែលបានដោះស្រាយដល់រដ្ឋាភិបាលឡាវរួចមកហើយនោះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវ ដូចជាការជួយផ្ដល់នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩  ជារថយន្តដឹកវ៉ាក់សាំង covid 19 រួមទាំងថវិកាមួយចំនួនទៀតផងដែរ ដើម្បីដោះស្រាយ និងទប់ស្កាត់ផលប៉ះពាល់ដោយសារជំងឺកូវីដ19នេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានមានប្រសាសន៍ថា អ្វីដែលយើងបានពិភាក្សាក្នុងជំនួបនៅទីក្រុងភ្នំពេញនោះ ពេលនេះរដ្ឋាភិបាលទាំងពីរកំពុងជំរុញការអនុវត្តជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ប្រជាជនឡាវក៏បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់រដ្ឋាភិបាលឡាវនារយៈពេលកន្លងមក ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ នេះ។ 

ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh)​ ក៏បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយ ឯកឧត្តមបានប្ដេជ្ញាចិត្តក្នុងការអនុវត្ត អ្វីជាសេចក្តីសម្រេច ដែលបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសការបញ្ចប់នូវឯកសារមេពាក់ព័ន្ធទៅនឹងព្រំដែននៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ  ហើយឯកឧត្តមបានស្នើសុំឲ្យកម្ពុជាបន្តក្នុងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ គាំទ្រចំពោះការបោះឆ្នោតឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅខែមិថុនានាពេលខាងមុខនេះ ។ ឯកឧត្តម បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាពេលខាងមុខទៅកាន់ប្រទេសឡាវ។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះ គឺជាជំនួបមួយដែលមានសារៈសំខាន់ក្នុងនាមជាប្រទេសជិតខាង ក្នុងនាមប្រទេសបងប្អូនគ្នា ហើយកន្លងទៅថ្មីៗនេះប្រទេសយើងទាំងពីរក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីទៅវិញទៅមក។ សម្ដេចតេជោពិតជារីករាយដែលបានមើលឃើញពីលទ្ធផលអ្វីដែលយើងបានអនុវត្តនិងសម្រេចជាមួយគ្នាកន្លងមកនេះ ហើយទាំងអស់នេះ នឹងធ្វើអោយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដើម្បីអោយត្រៀមរៀបចំនូវឯកសារពាក់ព័ន្ធសម្រាប់កិច្ចប្រជុំខាងមុខនៅពេលដែលសម្ដេចអញ្ជើញបំពេញទស្សនៈកិច្ចទៅកាន់ប្រទេសឡានោះ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានឯកភាពទាំងស្រុងនូវអ្វីដែលសម្តេចតេជោបានមានប្រសាសន៍លើកឡើង ជាពិសេសទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី ហើយឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំនេះ និងបានដើរតួនាទីយ៉ាងសកម្មក្នុងការដឹកនាំអាស៊ានកន្លងទៅនេះ។ 

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានមានប្រសាសន៍លើកឡើងទៀតថាឯកឧត្តមនឹងគ្រោងទៅទស្សនកិច្ចនៅខេត្តពីរដែលជាប់ព្រំដែនកម្ពុជា ជាពិសេសខេត្តចំប៉ាសាក់ និងចំប៉ាលើ ក្នុងគោលបំណងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ ខេត្តនិងខេត្ត និងបណ្ដាព្រំប្រទល់ជាមួយកម្ពុជា ដើម្បីបញ្ជាក់ពីគោលនយោបាយរបស់ប្រទេសទាំងពីរ ក្នុងការជំរុញលើកកម្ពស់​ និងបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើសុំឲ្យមានការសាងសង់ស្ពានតភ្ជាប់រវាងប្រទេសទាំងពីរផងដែរ ដើម្បីឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធនឹងគ្នា  ក៏ប៉ុន្តែទាក់ទងនឹងការសាងសង់ស្ពាននេះ ឯកឧត្តមរង់ចាំការពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការឡាវសិន។ ហើយទាក់ទងទៅនឹងគម្រោងនៃការកសាងស្ពាននេះ សម្ដេចតេជោបានមានប្រសាសន៍ថា វាជារឿងដ៏ល្អបំផុត សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានស្នើឲ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ច មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ ហើយក្នុងនោះឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ​ ឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសឡាវនាពេលខាងមុខនេះ ។ ហើយជាការឆ្លើយតប សម្ដេចតេជោ ក៏បានឯកភាពហើយបានមានប្រសាសន៍ថាជារឿងដ៏ល្អណាស់ដែល ឯកឧត្តមបានអញ្ជើញ​ មេបញ្ជាការកងទ័ពជើងគោក​ របស់កម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវនោះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕