Thursday, November 21, 2013

បទអត្ថាធិប្បាយ ដោយ រាជ្យ សុវណ្ណនគរ «១០ ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង»



បទអត្ថាធិប្បាយ
១០ ធ្នូ គឺជាថ្ងៃធ្វើរដ្ឋប្រហាររបស់បក្សប្រឆាំង

          មេដឹកនាំគណបក្សសង្គ្រោះជាតិ បានលើកឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ថា “គណ​បក្ស​នេះ​ នឹងឈប់ធ្វើការចរចារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាទៀតហើយ ដរាបណា​គណ​​បក្ស​គ្រប់​គ្រងអំណាច មិនព្រមរៀបចំឲ្យមានការស៊ើបអង្កេតលទ្ធផលបោះឆ្នោត ហើយពួកនេះ នឹងដឹកនាំ​ធ្វើ​​​មហា​​បាតុកម្ម ធំជាមុនដើម្បីធ្វើការផ្លាស់ប្តូរឲ្យទាល់តែបាន នៅថ្ងៃទី១០ ធ្នូ ២០១៣ ខាងមុខនេះ”។
          នៅក្នុងសង្គមប្រជាធិបតេយ្យ និង នីតិរដ្ឋ ការផ្លាស់ប្តូរ អាចប្រព្រឹត្តទៅបាន ត្រូវផ្អែកតាមគន្លង​ច្បាប់ គឺ​​មាន​តែពីររូប​ភាពប៉ុណ្ណោះ គឺ ទី១. ការបោះឆ្នោត និង ទី២. ការចរចា ដើម្បីផ្លាស់ប្តូរ។ នៅក្នុងរូបភាព​ទី១ ប្រជាពល​​រដ្ឋខ្មែរ បានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនចប់សព្វគ្រប់រួចរាល់ហើយ ដោយឈរលើគោលការណ៍​បោះ​ឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌ និង អាចទទួលយកបាន ដោយ​មាន​ការចូលរួម​ពី​បក្ស​​​នយោ​បាយ​ចំនួន ៨ រួមទាំងគណ​បក្ស​សង្គ្រោះជាតិផងដែរ។ ​ព្រោះថា គោលការណ៍ប្រជាធិបតេយ្យ​ដែល​បាន និង កំពុងតែចាក់​ឫស​នៅកម្ពុជា ក៏មិនខុសពីគោលការណ៍​ប្រជា​ធិប​តេយ្យរបស់ប្រទេស​ស៊ីវីល័យ​ក្នុង​លោកដែរ គឺការប្រើ​អំណាច​របស់​ប្រជាពលរដ្ឋទៅ​តាមការកំណត់​របស់​ច្បាប់ បើមិនដូច្នោះទេ វានឹង​ក្លាយ​ជាអនាធិបតេយ្យ​មិន​ខាន។
          នៅក្នុងរូបភាពទី២ ការចរចា គឺជាយន្តការមួយដ៏ស័ក្តិសិទ្ធិរបស់គណបក្សនយោបាយ ទាំងអ្នកកាន់​អំណាច និង អ្នកប្រឆាំង ដែលត្រូវប្រកាន់យក ប្រកបដោយការតស៊ូ អត់ធ្មត់ ដើម្បីធ្វើឲ្យមានការផ្លាស់​ប្តូរ​នូវ​របត់​​នយោបាយ សេដ្ឋកិច្ច និង សង្គម ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅរបស់សង្គមជាតិ និង ប្រជា​ពល​រដ្ឋ​តែ​ប៉ុណ្ណោះ។ ការចរចា ត្រូវការពេលវេលា ការប៉ិនប្រសព្វ និងការហ៊ានលះបង់ធ្វើសម្បទាន​ឲ្យគ្នា​ទៅ​វិញ​​ទៅ​មក។ តាមប្រវត្តិនៃការចរចាដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា រហូតឈានដល់កិច្ចព្រមព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដោយមានការខិតខំប្រឹងប្រែងឥត​គណនារបស់តួអង្គ​សំខាន់​ពីរ ​គឺ​សម្តេច​​​ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន បានប្រើពេលវេលាមិនតិចជាង៤ ឆ្នាំនោះទេ គឺចាប់ពីឆ្នាំ១៩៨៧ រហូតឆ្នាំ១៩៩១ ទើប​​សម្រេចបាន។ ចុះនៅ​ពេល​នេះ តើគណបក្សសង្គ្រោះជាតិ បានប្រើពេលវេលាយូរប៉ុណ្ណាហើយ បើគិត​ចាប់​​ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០១៣ នេះមក ហើយបែរជាហ៊ាន ប្រកាសថាឈប់​ចរចាជា​មួយគណ​បក្ស​ប្រជា​ជន​កម្ពុជា។
          តើគណបក្សសង្គ្រោះជាតិ កំពុងប្រកាន់គោលជំហរណាមួយឲ្យច្បាស់លាស់ទៅវិញទេ បើម្តងប្រកាស​ថា ចរចា​ដើម្បីធ្វើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ ម្តងចរចាទាមទារបែងចែកអំណាចក្នុងសភា និង រដ្ឋា​ភិ​បាល និង ម្តង ប្រកាសឈប់ធ្វើការចរចា។
          ការប្រកាសរបស់មេគណបក្សសង្គ្រោះជាតិនេះ ធ្វើមហាបាតុកម្ម ថ្ងៃទី១០ ធ្នូ ខាងមុខ ដោយមាន​គោល​ដៅ​ធ្វើ “ការផ្លាស់ប្តូរ” ឲ្យទាល់តែបានសម្រេច គឺមានន័យស្មើនឹង ការធ្វើរដ្ឋប្រហារ យ៉ាងច្បាស់​ក្រឡែត មិនអាច​ប្រកែក​បាន តាមរូបភាព “អំណាចប្រជាជន” នៅកម្ពុជា។ បើសិនដូច្នេះមែន តើមានព្រឹត្តិការណ៍អ្វីខ្លះ នឹង​កើតឡើងនៅក្នុងសង្គមកម្ពុជា បើគណបក្សមួយជាអ្នកការពារអំណាចតាមគោលការណ៍ប្រជាធិបតេយ្យ និង គណបក្សមួយ ជាអ្នកដណ្តើមអំណាចតាមរូបភាពអំណាចប្រជាជន ឬ និយាយឲ្យខ្លី និង ស្រួលស្តាប់ គឺ “រដ្ឋ​ប្រហារ”។
          ប្រវត្តិសាស្ត្រកម្ពុជា បានបង្ហាញប្រាប់កូនខ្មែរគ្រប់រូប គ្រប់ជំនាន់នូវសោកនាដកម្មមហាមហន្ត​រាយ ដែល​មិនអាចរៀបរាបបាន ជាពិសេសរបបប្រល័យពូជសាសន៍ ដែលកើតចេញមួយផ្នែកពីការសងសឹក​គ្នា “ទឹក​ឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” និង សង្រ្គាមស៊ីវិលជាងពីរទសវត្ស គឺកើតចេញពីការ​ “ផ្លាស់ប្តូរ” ក្រៅប្រព័ន្ធច្បាប់ និង គោលការណ៍ប្រជាធិបតេយ្យនេះហើយ ទើបប្រទេសកម្ពុជា មានស្ថានភាព​ដូច​​សព្វ​ថ្ងៃ។
          ហេតុដូច្នេះហើយ បើគណបក្សសង្គ្រោះជាតិ ប្រកាសថា ការធ្វើមហាបាតុកម្ម នៅថ្ងៃទី១០ ធ្នូ ជាថ្ងៃ​ផ្លាស់​ប្តូរនៅក្នុងនយោបាយកម្ពុជានោះ គឺវាមានន័យច្បាស់គ្រប់គ្រាន់ហើយថា គណបក្សសង្រ្គោះ​ជាតិ បាន និង កំពុងរៀបចំផែនការធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​កើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ។
ដោយ រាជ្យ សុវណ្ណនគរ

បទអត្ថាធិប្បាយ (ប្រាសាទព្រះវិហារ) ដោយ ប៉ែន ងឿន សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី «ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់» ចុះថ្ងៃទី ២០ ខែ​វិច្ឆិកា ឆ្នាំ២០១៣



បទអត្ថាធិប្បាយ
ប្រាសាទព្រះវិហារ
ការគោរព និងអនុវត្តសាលដីកា ICJ គួរតែមានមុនអ្វីៗទាំងអស់

          ក្រុមអ្នកសិក្សាស្រាវជ្រាវក្នុងប្រទេសថៃ ដែលរួមទាំងប្រវត្តិវិទូកំពូល គឺសាស្ត្រាចារ្យ Charnvit Kasetsiri Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃសាកលវិទ្យាល័យ Thammasat​ និង Akkharaphong Khamkhun សាស្ត្រចារ្យមួយរូបទៀត នៅមហាវិទ្យាល័យ​ Pridi Banomyong នេះដែរ ត្រូវចាំថាប្រាសាទព្រះវិហារបានក្លាយជាបេតិកភណ្ឌពិភពលោកដោយសិទ្ធិខ្លួនឯងផ្ទាល់ ចាប់តាំងពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០០៨ ហើយវាពិតជាមិនមែន ជាប្រភពនៃ «ជម្លោះរាំរៃ» ដូចដែល Supalak Ganjanakhundee បានសរសេរនៅក្នុង The Nation នៅ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៣ ក្រោមចំណងជើងថា៖ «អំពាវនាវឱ្យដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌ អាស៊ាន» នោះទេ។
          «ជម្លោះរាំរៃ» នោះ នៅទីបំផុតបានបញ្ជាក់ដោយស្របច្បាប់ និងតាមផ្លូវច្បាប់ថា ប្រាសាទព្រះវិហារស្ថិត នៅក្នុងទឹកដី ក្រោមអធិបតេយ្យរបស់កម្ពុជា តាមសាលដីកាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៦២ របស់ICJក្នុងរឿងក្តី ទាក់ទងនឹង ប្រាសាទព្រះវិហារ ហើយ ICJ ក្រោមសាលដីកាមួយទៀតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុង រឿងក្តីទាក់ទងនឹងប្រាសាទព្រះវិហារ បានសម្រេចដោះស្រាយ ​«ជម្លោះរាំរៃ» នោះ ជាមួយនឹងការបកស្រាយលើ «តំបន់ក្បែរប្រាសាទ» ដោយកំណត់ថា «តំបន់ក្បែរប្រាសាទ» គឺជាតំបន់ពយភ្នំទាំងមូលនៃប្រាសាទព្រះវិហារ ក្នុងអត្ថន័យដូចខាងក្រោម៖
-       «បង្ហាញឱ្យឃើញថាដែនកំណត់ពយភ្នំនៃព្រះវិហារ​ នៅខាងត្បូងនៃខ្សែបន្ទាត់ផែនទីឧបសម្ព័ន្ធ១ គឺជាសណ្ឋាន ភូមិសាស្ត្រធម្មជាតិ។ ទៅទិសខាងកើត ខាងត្បូង និងនិរតី ពយភ្នំធ្លាក់ចុះល្បាក់ ចំណោតយ៉ាងខ្លាំងទៅ កាន់វាលទំនាបខាងកម្ពុជា។»
-       «ទៅទិសខាងលិច និងទិសពាយព្យ សណ្ឋានដីធ្លាក់ចុះជាជំរាលមិនសូវចោទខ្លាំង ប៉ុន្តែបង្ហាញច្បាស់ថា ធ្លាក់ចូលទៅក្នុងជ្រលងភ្នំដែលបែងចែកព្រះវិហារពីភ្នំត្រប់ ដែលនៅជាប់ទីនោះមានជាជ្រលងភ្នំ ដែល ធ្លាក់ចុះឆ្ងាយទៅទិសខាង ត្បូងទៅក្នុងវាលទំនាបរបស់កម្ពុជា។»
-       «នៅភាគខាងជើង ដែនកំណត់នៃពយភ្នំ គឺជាខ្សែបន្ទាត់ព្រំដែនក្នុងផែនទីឧបសម្ព័ន្ធ១ ចាប់ពីចំណុចមួយ នាទិសឥសាន្តនៃប្រាសាទ ដែលនៅចំណុចនេះខ្សែបន្ទាត់ព្រំដែននោះបានជួប នឹងចំណោទល្បាក់ភ្នំឆ្ពោះ ទៅកាន់ចំណុចមួយនៅទិសពាយព្យ ត្រង់កន្លែងដែលដីចាប់ផ្តើមឡើងពីជ្រលងភ្នំនៅជើងភ្នំត្រប់។»
វាសមហេតុផលមែនហើយ ដែលសាស្ត្រាចារ្យ Charnvit ទទូចឱ្យរដ្ឋាភិបាលថៃគោរពទៅតាមច្បាប់ និង បញ្ញត្តិ របស់អង្គការសហប្រជាជាតិ តុលាការយុត្តិធម៌អន្តរជាតិ និងអាស៊ាន ប៉ុន្តែការដែលស្នើឱ្យដាក់ប្រាសាទ ព្រះវិហារជា «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» នោះ គឺមិនសមហេតុផលចង់ដើរខ្សែលើ និងមិនអាច អនុវត្តន៍បានទេ៖
-       ពេលនេះ វាលើសពីគ្រប់គ្រាន់រួចទៅហើយ ប្រសិនបើភាគីទាំងអស់គោរពសាលដីកា ICJ។ វាសមហេតុ ផលក្នុងការធ្វើដូច្នេះ។
-       វាកេងចំណេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនកម្ពុជាច្រើនជំនាន់ ដែលបានការពារ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក្នុងការតស៊ូនៅឯ ICJ ដើម្បីរក្សាបាននូវភាពស្របច្បាប់ និង តាមផ្លូវច្បាប់នៃប្រាសាទព្រះវិហារ។ ទស្សនៈនៃក្រុមសិក្សាស្រាវជ្រាវថៃទាំងនេះ គឺចង់ដើរខ្សែលើ ហើយគួរ ឱ្យអស់សំណើចនិងពុំអាចទទួលយកបាន។
-       គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភព លោក គឺជាស្ថាប័នមួយនៃយូណេស្កូ ដែលប្រតិបត្តិការក្រោមមាត្រានៃអនុសញ្ញាអន្តរជាតិដែលបានបង្កើត ឡើង។ «សម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន» ស្អីគេនោះដែលថានឹងយល់ព្រមឡើងដោយអ្នក នយោបាយនៃប្រទេសថៃ កម្ពុជា ឡាវ ដូចដែលបានស្នើដោយសាស្ត្រាចារ្យ Charnvit គឺមិនអាចអនុវត្តន៍ បានមិនសមហេតុផល និងប្រាសចាកសច្ចៈភាព ។
ការដែលនិយាយថា «ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌឆ្លងកាត់ព្រំដែនគឺអាចទៅរួចបាន» ដោយ Morakot Jewachinda សាស្ត្រាចារ្យនៅមហាវិទ្យាល័យអន្តរជាតិ Pridi Banomyong នៃសាកលវិទ្យាល័យ Thammasat​ ដោយផ្អែកលើការពិតមួយដែលថា «មានសម្បត្តិបេតិកភណ្ឌឆ្លងកាត់ព្រំដែនជាច្រើនក្នុងទី្វបអឺរ៉ុប» ដោយមិនមានការយល់ដឹងថាសម្បត្តិបេតិកភណ្ឌបែបនោះ កើតឡើងដោយបែបណានោះ គឺជាការដែលគួរធ្វើ ឱ្យខកចិត្តយ៉ាងខ្លាំងដែលបានឃើញ បញ្ញាវន្តមួយរូបមិនបានយកចិត្តទុកដាក់លើការពិតស៊ីជម្រៅ ឬបណ្តោយ ឱ្យភាពធ្វេស ប្រហែសគ្របដណ្តប់លើកការវិនិឆ្ឆ័យដ៏ល្អរបស់ខ្លួន។
ជាការលើកទឹកចិត្តមែនទែនដោយបានឮ Akkharaphong Khamkhun សាស្ត្រាចារ្យមួយរូបទៀត នៅ ឯមហាវិទ្យាល័យ Pridi Banomyong ដែលបាននិយាយថា ថៃមិនទាមទារប្រាសាទព្រះវិហារនោះទេ។ ប៉ុន្តែ វានឹងទៅជាល្អមែនទែន ប្រសិនបើថៃចុះឈ្មោះវិហារភ្លោះ និង ផាម៉អ៊ីដែង និងសម្បត្តិបេតិកភណ្ឌបូរាណដទៃៗ ទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយខ្លួនឯងផ្ទាល់។ នៅពេលនោះ កម្ពុជានិងថៃ នឹងមានបេតិភណ្ឌពិភព លោកពីរនៅទន្ទឹមគ្នា។ ការដង្ហោយហៅឱ្យមានបេតិកភណ្ឌឆ្លងកាត់ព្រំដែន គឺមិនសមហេតុផលទាល់តែសោះ។
មុនគេបង្អស់ ក្រុមអ្នកសិក្សាស្រាវជ្រាវថៃ គួរងាកទៅបញ្ចុះបញ្ចូលដល់អ្នកនយោបាយថៃវិញ ដើម្បីឱ្យ គោរព និងអនុវត្តន៍សាលដីកា ICJ ក្នុងន័យជាមធ្យោបាយដើម្បីទទួលបាននូវសន្តិភាព និងសុវត្ថិភាព ក្នុងតំបន់ ព្រំដែនរវាងកម្ពុជានិងថៃ។

ភ្នំពេញ ថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០១៣
ប៉ែន ងឿន
សមាជិកអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
នៃទីស្តីការគណៈរដ្ឋមន្ត្រី