Monday, February 04, 2019

សមាជិកព្រឹទ្ធសភាបារាំង សន្យាតស៊ូមតិជាមួយអឺរ៉ុបឱ្យពិចារណាឡើងវិញ រឿងដាក់សម្ពាធមកលើកម្ពុជាក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ

សមាជិកព្រឹទ្ធសភាបារាំង លោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ បានជម្រាបជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចថា លោកនឹងជួបពិភាក្សាជាមួយប្រទេសសមាជិកសហភាពអឺរ៉ុប ដើម្បីឱ្យពួកគេពិនិត្យឡើងវិញ ចំពោះការដាក់សម្ពាធមកលើកម្ពុជា ក្រោមលេសចោទប្រកាន់ពីសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ ការអះអាងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជាមួយលោក ហ្វ្រង់ស្វ័រ ហ្គ័រ៉ូសឌីឌីយេ សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភា បារាំង-កម្ពុជា កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានអរគុណចំពោះការយកចិត្តទុកដាក់របស់ភាគីបារាំង ដែលគាំទ្រកម្ពុជាលើយន្តការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលកំពុងមានភាពល្អប្រសើរ។ លោកស្រីបានបន្តថា ដោយមានការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់អស់ជិត៣ទសវត្សរ៍ មកជាប្រទេសមានសន្តិភាព និងមានឱកាសបន្តការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ខ្លួនបន្តទៀត ហើយក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងថេរជាង៧ភាគរយក្នុងមួយឆ្នាំ និងបានប្រែក្លាយខ្លួនពីសមរភូមិទៅជាទីផ្សារដ៏ទាក់ទាញ និងពីប្រទេសដែលមានការអភិវឌ្ឍតិចបំផុត ឬក្រីក្របំផុត ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប៕







ស្ពានជ្រោយចង្វារទី១ គ្រោងដាក់ឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

យោងតាមការបង្ហោះផ្សាយ នៅក្នុងទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា ការដ្ឋានស្ពានជ្រោយចង្វារ មិត្តភាពកម្ពុជា-ជប៉ុន សម្រេចបាន ៩៣% ហើយគ្រោងដាក់ឱ្យដំណើរការនៅបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមបញ្ជាក់ថា ស្ពានជ្រោយចង្វារទី១ ត្រូវបានផ្អាកដំណើរឆ្លងកាត់ និងជួសជុលឡើងវិញកាលពីអំឡុងខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីស្ពានដែលសាងសង់ឡើង ក្រោមជំនួយរដ្ឋាភិបាលជប៉ុន នាអំឡុងឆ្នាំ១៩៦៦មួយនេះ មានសភាពទ្រុធទ្រោមខ្លាំង។ ការជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ប្រមាណជា ៣៣លានដុល្លារអាមេរិក៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះសារជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិក្នុងឱកាសបុណ្យចូលឆ្នាំចិន

នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានបង្ហោះសារជូនពរដល់បងប្អូនខ្មែរ-ចិន និងបងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែសេចក្តីសុខ និងទទួលបានលាភសំណាងល្អគ្រប់ៗគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «ខ្ញុំ និងភរិយា សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខ និងទទួលបាននូវលាភសំណាងល្អគ្រប់ៗគ្នា នៅក្នុងឱកាសនៃថ្ងៃចូលឆ្នាំចិនទី ៤ កុម្ភៈ ២០១៩ នេះ។ Gong Xi Fa Cai Happy Lunar New Year 2019 !»៕

ខែដំបូងឆ្នាំ២០១៩នេះ គម្រោងវិនិយោគថ្មីៗ១៣គម្រោង សរុបទឹកប្រាក់ជិត៧០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត!

នៅខែមករា ឆ្នាំ២០១៩នេះ គ្រោងវិនិយោគថ្មីៗចំនួន១៣គ្រោង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៧០លានដុល្លារអាមេរិក បង្កើតការងារថ្មីរាប់ម៉ឺនកន្លែង។ យោងតាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០១៩ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ GUOHUI LUGGAGE TRAVELING PRODUCTS (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៦៩កន្លែង។
២៖ GLOWING VALUE (CAMBODIA) BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឬស្សី ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៦៨កន្លែង។
៣៖ PEEVI INDUSTRY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.២៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៩៦កន្លែង។
៤៖ HILLTOP LUGGAGE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២១B ភូមិអន្លង់សាន ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១,៩៦៦កន្លែង។
៥៖ EVER SUPRA GARMENT (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១១១កន្លែង។
៦៖ MILLENNIUM PLASTIC AND METAL PRODUCTS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២០៥កន្លែង។
៧៖ THE SOUL GEAR (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាលា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ១៤.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៩០៤កន្លែង។
៨៖ JIE RUI FENG (CAMBODIA) LEATHER CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ត កណ្តាល មានទុនវិនិយោគប្រមាណ ៣.៦៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៩០កន្លែង។
៩៖ SEES GLOBAL (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរ ស្រោមដៃ-មួក-កន្សែងបង់ក-កាបូបស្ពាយ និងសម្ភារៈកីឡាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកស្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,១៦៦កន្លែង។
១០៖ SHENG XIANG LI (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ៨១៦កន្លែង។
១១៖ CAMBODIAN NEW HUNTER BAG & LUGGAGE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤.០៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន ១,០៥៦កន្លែង។
១២៖ TECHWAVES ALLIANCE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.៥៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៩៤កន្លែង។
១៣៖ IREACH FACTORY (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅប្លុក K ផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៩កន្លែង៕

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គោរពជូនពរលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលសារលិខិតនោះ មានខ្លឹមសារថា ក្នុងឱកាសដ៏មហាមង្គលប្រកបដោយក្ដីសោមនស្សរីករាយនៃថ្ងៃខួបកំណើត ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ លោកស្រី និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្ដែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្ដី វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ សូមបានប្រកបដោយសុខភាពល្អបរិបូរ កាយពលរឹងមាំ បញ្ញាភ្លឺថ្លាឈ្លាសវៃ និងជន្មាយុយឺនយូរ ។
សូមអានសារលិខិតជូនពរមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

លោក គង់ គាំ បង្ហាញគោលការណ៍បំផ្លាញ ៥ចំណុចរបស់ទណ្ឌិត សម រង្ស៊ី ហើយទស្សន៍ទាយថា គ្មានការលើកលែងទោសឲ្យទណ្ឌិតរូបនេះដាច់ខាត

លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៊ី និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី និងបច្ចុប្បន្នជា​ប្រធានកិត្តិយស​គណ​បក្ស​ឆន្ទៈខ្មែរ បានលើកឡើងអំពីគោលការណ៍ចំនួន ៥ចំណុច ដែលសុទ្ធតែជាគោលការណ៍កុហក និងបំផ្លាញ​ទាំងអស់​របស់លោក សម រង្ស៊ី។ ជាងនេះទៅទៀត លោកថា គឺគ្មានដាច់ខាតចំពោះការស្នើសុំលើកលែងទោសលើកទីបីឲ្យទណ្ឌិត សម រង្ស៊ី ព្រោះមានការ​ប្តេជ្ញា​ច្បាស់លាស់រួចហើយ។
លោក គង់ គាំ អតីត ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសរសេរនៅក្នុងផេក​ហ្វេស​ប៊ុក​របស់លោកឲ្យដឹងថា គោលការណ៍ ឬយុទ្ធសាស្ត្រ ៥ចំណុចរបស់ប្រធានស្តីទីនៃ (មួយចំហៀង CNRP រលាយ) គឺជាអំពើ​បំពានសីលប្រាំ៖ ១- កុហកបោកប្រាស់, ២- ការពារនីទណ្ឌភាព, ៣- បំផ្លាញអនាគតអ្នកប្រជាធិបតេយ្យ, ៤-សន្និដ្ឋិភាព យក​បរទេស​ចោលខ្មែរ និង ៥- ស្រវឹង វង្វេងយកខ្មៅជាស។
លោក គង់ គាំ ទស្សន៍ទាយថា ដាច់ខាតគ្មានការស្នើសុំលើកលែងទោសលើកទីបីឲ្យទណ្ឌិត សម រង្ស៊ី ព្រោះមានការប្តេជ្ញា​ច្បាស់​លាស់រួចហើយ។ លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋសភានីតិកាលទី៦ រាជរដ្ឋាភិបាលអាណត្តិទី៦ ដំណើរការជាធម្មតា​ដល់ទីបញ្ចប់។
ទន្ទឹមគ្នានេះលោក គង់ គាំ ទស្សន៍ទាយថា ពិតជាគ្មាន CNRP ជាថ្មីវិញ និងគ្មានអតីតអ្នកនយោបាយសំខាន់ៗ (ក្រុមមនុស្ស​ប្រឡាំង​កាស) អាចមានវត្តមាន ឬបង្កើតគណបក្សនយោបាយថ្មី ដែលឆ្លើយតបដល់ការជឿទុកចិត្តរបស់ប្រជាព​លរដ្ឋខ្មែរ​ដូច​កន្លង​មកបាន​ឡើយ៕