Tuesday, February 20, 2018

(សូមទស្សនាវីដេអូ)៖ អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងពង្រឹងភាពជាដៃគូ​ជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត

ខេត្តស្វាយរៀង​ បើកយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី៤ ​ឆ្នាំ២០១៨​

ស្វាយរៀង៖ នៅថ្ងៃ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានរៀបចំយុទ្ធនាការអបអរសាទរការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ មណ្ឌលភូមិភាគទី៦ ក្រោមអធិបតីភាពលោកស្រី ឌួង វណ្ណា សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក គឹម ធា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាបេក្ខជនពេញសិទ្ធិសមាជិកព្រឹទ្ធសភានីតិកាលទី៤ មណ្ឌលភូមិភាគទី៦ លោក ប៊ុន សាវ៉ា់ន់ សមាជិកព្រឹទ្ធសភាបំរុងមណ្ឌលភូមិភាគទី៦ និង លោកស្រី ពៅ ភាព សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំអង្គតាសូ ព្រមទាំងគណៈកម្មាធិការគណបក្សស្រុកស្វាយជ្រំ ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារចុះជួយឃុំ ដែលបានជួបជាមួយសមាជិកក្រុមប្រឹក្សា៣ឃុំ គឺឃុំអង្គតាសូ ឃុំស្វាយអង្គ និងឃុំគោកព្រីង សរុបទាំងអស់ចំនួន ៦១នាក់។

ពិធីនេះបានបង្ហាញពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រដែលឈានទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ថ្ងៃទី២៤ ខែកុម្ភៈ ជាថ្ងៃ(ស) ហើយថ្ងៃទី២៥ ខែកុម្ភៈ ជាថ្ងៃបោះឆ្នោត និងមិនមានការហែរក្បួនឃោសនាតាមដងផ្លូវសាធារណៈក្នុងយុទ្ធនាការបោះឆ្នោតនោះឡើយ ហើយការិយាល័យបោះឆ្នោត សរុបទូទាំងប្រទេសមានចំនួន ៣៣ការិយាល័យ។ ដោយឡែក អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងចំនួន ១១.៦៩៥នាក់ និងតំណាងរាស្ត្រក្នុងតំណែងចំនួន ១២៣រូប៕






អន្តរក្រសួងពិនិត្យមើលគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

លើកឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការសកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នៅទីស្តីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបរិស្ថានបានអនុវត្តគោលនយោបាយយុទ្ឋ​សាស្រ្ត​ចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបរួមគ្នា ដោយក្នុងនោះក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារបរិស្ថាននៅក្នុងទីក្រុង ជាពិសេស​ការគ្រប់គ្រង​សំរាម និងប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង និងពិភាក្សា រកនូវដំណោះស្រាយធ្វើយ៉ាងណាកុំអោយមានការកកស្ទះសំរាមក្នុងលូបង្ហូរទឹកកខ្វក់។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំអន្តរក្រសួងធ្វើការពិភាក្សាឱ្យបានផុលផុសលើចំនុចមួយចំនួនដូចជា៖ ការស្តារប្រព័ន្ធប្រឡាយទឹក ការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធសម្រាប់សាងសង់ ក៏ដូចជា រចនាសម្ព័ន្ធចាស់ឡើងវិញ ពិនិត្យស្ថានីយ៍ច្រោះទឹក ពិនិត្យនីវ៉ូទឹក និងសិក្សាលើទំហំលូដែលត្រូវប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងការហូរទឹកមិនទាន់នៅក្នុងទីក្រុង ជាពិសេសត្រូវរកយុទ្ធសាស្រ្ត រក្សា និងដោះស្រាយអាងស្តុកទឹក ដែលអាចស្តុកទឹកមានទំហំធំនៅ​ជាយក្រុងផងដែរ។ លោក សាយ សំអាល់ បានចាត់ទុកថា ការងារដោះស្រាយបញ្ហាបរិស្ថាន គឺជាកិច្ចការដែលត្រូវអនុវត្តរួមគ្នា និងទាម​ទារ​ការចូលរួមអនុវត្ត ដើម្បីបរិស្ថានល្អ ទីក្រុង និងទីប្រជុំជនមានសោភ័ណ្ឌភាព​ប្រសើរឡើង។ បានដឹក​នាំកិច្ចប្រជុំ ដែលមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួង បរិស្ថាន និងបណ្តាក្រុមហ៊ុនដែលត្រូវចូលរួមអនុវត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដំណើរការ​ដោយ​ផ្តោតលើការអនុវត្តផែនការសកម្មភាពចំនួន៦ រួមមាន៖ ទី១-ការ វិភាគតាមបែបវិទ្យា​សាស្រ្តពីបម្រែបម្រួលទឹក​ភ្លៀង ទី២-សិក្សា និងធ្វើបច្ចុប្បន្នភាពផែនទីស្ថានភាពដី ទី៣-ការស្តារប្រព័ន្ធ​លូដែលមានស្រាប់ដល់ឆ្នាំ២០២០ ទី៤-ការអនុវត្តគម្រោង​សាងសង់ប្រព័ន្ធលូថ្មី សំខាន់ៗបន្ថែម និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមការចាំបាច់​ពី​ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ទី៥-ពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងពិ​គ្រោះ​យោ​​បល់​ជាមួយក្រុមហ៊ុន METRO PLUS LIMITED ក្រុមហ៊ុន SHANGGHAI CONSTRUCTION GROUP CO.,LTD. និងក្រុមហ៊ុន ION EXCHANGE(INDIA) LTD. ក្នុង​ការអនុវត្តគម្រោងវិនិយោគលើ​ការ​ស្តារ និងកសាងប្រព័ន្ធលូ និងប្រព្រឹត្ត កម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ទី៦-ការរៀប​ចំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្ត ដែល មានសមាសភាពក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ៕





នៅថ្ងៃស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់បន្ថែមទោសលើការប្រមាថព្រះមហាក្សត្ររួមទាំងសេចក្តីព្រាងច្បាប់២ទៀត

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភាបានសម្រេចបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត។

កិច្ចប្រជុំពេញអង្គនៅថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹ​ទ្ធសភា ដោយក្នុងនោះមានរបៀបវារៈចំនួន៤រួមមាន៖

១- សេចក្តីព្រាងធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ

២- សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ,

៣- សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

និង៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង​ស្តីពីការជំរុញ និងស​ម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-វៀតណាម។

សូមបញ្ជាក់ថា សេចក្តីព្រាងទាំង៤នេះ ត្រូវបានរដ្ឋសភា អ​នុម័ត កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕

សូមអានសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ​សភាខាងក្រោម៖



មន្ទីរសុខាភិបាលខេត្តកំពង់ចាម នឹងធ្វើការវះកាត់ជម្ងឺឡើងបាយភ្នែកដោយឥតគិតថ្លៃ

ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រុមគ្រូពេទ្យវះកាត់ភ្នែកនៃសាធារណរដ្ឋប្រ​ជា​​​​មានិតចិ​ន (ខេត្ត ក្វាងស៊ី) សហការជាមួយក្រុមគ្រូពេទ្យកម្ពុជា នៃមន្ទីរពេទ្យខេត្តកំពង់ចាម នឹងរៀបចំធ្វើ​ការវះកាត់ជម្ងឺឡើងបាយភ្នែកដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំ​ពង់​ចាមចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាមខាងក្រោម៖



(សូមទស្សនាវីដេអូ) ទស្សនៈខ្មែរសម័យថ្មី៖ បរាជ័យខ្លួនឯងសោះ មកហាមពលរដ្ឋខ្មែរមួយនគរមិនអោយផឹកទឹក!

(សូមទស្សនាវីដេអូ) វគ្គផ្តាច់ព្រ័ត្ររបស់ទណ្ឌិត សម រង្ស៊ី

ចូលឆ្នាំចិន វៀតណាម ៣ថ្ងៃ ភ្ញៀវទេសចរណ៍មកកម្សាន្តខេត្តព្រះសីហនុជិត ៩ម៉ឺននាក់

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលការងារទេសចរណ៍ និង​ចរា​ចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងរយៈ ៣ថ្ងៃ នៃពិធី បុណ្យចូលឆ្នាំប្រពៃ​ណី​​ជន​ជាតិ​ចិន វៀតណាម មានភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ មក​កម្សាន្តនៅខេត្តព្រះសីហនុ មាន​​ចំនួន ៨៨.០០០នាក់ កើនឡើង ៦ភាគរយ ប្រៀប​ធៀប​ទៅ​នឹង​ពិធី​បុណ្យចូលឆ្នាំចិន វៀតណាម ឆ្នាំ​២០១៧  ក្នុង​នោះ​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​មានចំនួន ៧៩.០៥០​នាក់ កើន  ៦,១ភាគរយ និង​ភ្ញៀវ​ទេស​ចរណ៍​​អន្តរជាតិចំនួន ៨.៩៥០នាក់ កើន ៥,២៩​ភាគរយ ។

ភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តតាមកោះ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មាន​ចំនួន ៩.០០៦នាក់ កើន ៧,៧៦ភាគរយ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤.៣០៥នាក់ កើនឡើង ៥.២៥​ភាគ​រយ  និងភ្ញៀវអន្តរជាតិ ៤.៧០១នាក់ កើនឡើង ២.៩៣ភាគរយ ។

ឈ្មោះរមណីយដ្ឋានដែលភ្ញៀវទេសចរណ៍និយមទៅក្នុងនោះរួមមាន៖ រមណីយដ្ឋានពិកនិក ស្រុកកំពង់សិលាមានភ្ញៀវចំនួន ១.២២០នាក់ រមណីយដ្ឋានថ្មរូង ស្រុកកំពង់សិលា  មាន​ភ្ញៀវ​ចំនួន ២.១៨០នាក់ និងរមណីយដ្ឋានក្បាលឆាយ ក្រុងព្រះសីហនុ មានភ្ញៀវចំនួន ៦.៦៧១​នាក់ ។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ កន្លងមកនេះ សភាព​ការណ៍​សន្តិសុខ សណ្តាប់​ធ្នាប់​សាធា​រណៈ​ត្រូវ​បាន​រៀប​ចំ​គ្រប់​គ្រង ការ​ពារ និង​រឹត​បន្តឹង​បាន​យ៉ាង​ល្អ​ប្រសើរ​តាម​ផែន​ការ និង​បទ​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ ស្នង​ការ​នគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលគ្រប់ផ្នែក ជំនាញ​បាន​ចេញ​ប្រតិ​បត្តិ​ការ​ល្បាត​តាម​គោល​ដៅ និង​ភូមិ​សាស្ត្រ​ក្នុង​ខេត្ត​ព្រះសីហនុ៕




ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ:ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព

នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី១៩​ ខែ កុម្ភ: ឆ្នាំ ២០១៨​នេះ នាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល​ បានរៀបចំសិក្ខាសាលាស្តីពីការវាយតម្លៃមន្ទីរពិសោធន៍កម្ពុជាដោយប្រើបញ្ជីផ្ទៀងផ្ទាត់សម្រាប់ទទួលស្គាល់គុណភាព CamLQMS និងវិថីឆ្ពោះទៅរកការទទួលស្គាល់គុណភាពក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល​ ដោយមានសិក្ខាកាមចូលរួមជាអនុប្រធានមន្ទីរសុខាភិបាលនិងអ្នកទទួលខុសត្រូវមន្ទីរពិសោធន៍មកពីបណ្តារាជធានី-ខេត្ត​ តំណាងអង្គការសុខភាពពិភពលោក​ អង្គការ​ DMDP និង​ I-TECH សរុបប្រមាណជា៧០នាក់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិ​បាលសាធារណ:​ ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រ​សិទ្ធភាព​។ លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងគោរពក្រមសីលធម៌វិជ្ជាជីវ:​សុខា​ភិបាល​ពិសេសផ្នែកមន្ទីរពិសោ​ធន៍នេះឱ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៍ត្រូវផ្សាភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ​ អ្នកគ្រូពេទ្យ​ដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាព​ល្អ​ នឹងជួយជំរុញឱ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រឹតល្អ ហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជំរុញឱ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់​ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឱ្យសោះ​ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ ម្យ៉ាងទៀត​ មន្ទីរពិសោធន៍ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។

លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានសង្កត់ធ្ងន់បន្ថែមសូមឱ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់​ឆ្ពោះទៅរកគុណភាពតាម​ ISO15189​ និងបំពេញតាមគោលការណ៍​ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស​ ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ​ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការណ៍ការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឱ្យមានការវិភាគជំងឺខុស​ ឬព្យាបាលមិនពូកែ​ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ផ្តល់ចេញមកមិនត្រឹមត្រូវឱ្យសោះ។ លោកស្រីបានថ្លែងកោតសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមក​របស់បុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា​ MERS, SARS, Ebola, និងZika ជាដើម​ ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសម្រាប់ជំងឺផ្តាសាយបក្សី​ H5N1​ ផងដែរ៕













មន្រ្តីសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា  កោតសរសើរពីវ​ឌ្ឍនភាព​នៃវិស័យ​ការងារ​កម្ពុជា

មន្ត្រីសម្របសម្រួលនៃអង្គការសហប្រជាតិប្រចាំកម្ពុជា លោកស្រី Claire Vander Vaeren បាន កោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ដែលបានជំរុញ កំណើនសេដ្ឋកិច្ចឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៥ឆ្នាំចុង ក្រោយនេះ ពោលក្នុងអំឡុងពេលអាណត្តិការងារ ជាអ្នកសម្របសម្រួលរបស់លោកស្រីនៅកម្ពុជា។

ការមើលឃើញពីតថភាពនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី Claire Vander Vaeren ជាមួយលោក អ៊ឹត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នៅ

ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក អ៊ឹត សំហេង បានលើកឡើងថា តាមរយៈបេសកកម្មរយៈពេល៥ឆ្នាំ របស់លោកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជានេះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ពិតជាមានលក្ខណៈល្អប្រសើរ និងមានវឌ្ឍនភាពខ្ពស់។ វឌ្ឍនភាពជោគជ័យទាំងឡាយដែលកម្ពុជាទទួលបាននេះ គឺមិនអាចកាត់ផ្ដាច់ពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានឡើយ ក៏រឹតតែមិនអាចកាត់ផ្ដាច់បានពីតួនាទីរបស់លោកស្រី Claire Vander Vaeren ដែលជាអ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិផងដែរ។

លោក អ៊ឹត សំហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសោមនស្សរីករាយខ្លាំងណាស់ ដែលទទួលបាននូវគម្រោងល្អៗជាច្រើន ក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ និងគោលនយោបាយការងារ ដែលកម្ពុជាទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសគោលនយោបាយជាតិ ស្តីពីការ អប់រំ បណ្ដុះបណ្ដាល បច្ចេកទេស និង

វិជ្ជាជីវៈ និងភាពជាដៃគូជាមួយអង្គការ ILO ដែលបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ។

លោកស្រី Claire Vander Vaeren បានបញ្ជាក់ថា ក្នុងអាណត្តិការងាររយៈពេល៥ឆ្នាំរបស់លោកស្រី លោកស្រីបានមើលឃើញថា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា ពិតជាមានវឌ្ឍនភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។

លោកស្រីបានថ្លែងយ៉ាងដូច្នេះថា «៥ឆ្នាំចុងក្រោយនេះ វិស័យការងារកម្ពុជាមានវឌ្ឍនភាពយ៉ាងខ្លាំង។ អង្គការសហប្រជាជាតិ មានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា ជាមួយនឹងសមិទ្ធផលដែលសម្រេចបានជាមួយ លោក អ៊ឹត សំហេង ។ លោកស្រីបន្តថា យើងបានធ្វើការងារច្រើនជាមួយគ្នាលើវិស័យការងារ ពិសេសវិស័យគាំពារសង្គម ការលើកកម្ពស់ប្រាក់ឈ្នួលអប្បបរមា ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការទប់ស្កាត់បញ្ហាដែលកើតមានពីការធ្វើចំណាកស្រុក ការផ្ដល់អំណាចដល់ស្រ្តីក្នុងវិស័យការងារ ហើយចុងក្រោយនេះ យើងនឹងពិភាក្សាលើគម្រោងថ្មីទៀតផងដែរ ស្ដីពីមុខរបរ និងការងារយុវជន ដែលមានការជួយសម្របសម្រួលពីអង្គការ ILO ដែលជាអង្គការមួយដ៏សកម្ម ក្នុងការងារសហការជាមួយរាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

លោកស្រីបានលើកទឹកចិត្ត និងជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់កម្ពុជានាពេលខាងមុខនេះ ដើម្បីបន្តវឌ្ឍនភាពការងារទៅមុខទៀត ចំណែក រដ្ឋមន្ត្រីក្រសួងការងារក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិផងដែរ៕








ទំនាក់ទំនង​ ចិន-ជប៉ុន​ និង​​ការ​កើន​ឡើង​ភាព​ល្អូក​ល្អើន​ផ្នែក​នយោ​បាយ​នៅ​អាស៊ី​បូព៌ា​

នៅ​ថ្ងៃទី ២៧ និង ២៨ ខែ​មករា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Taro Kono បាន​បំពេញទស្សនកិច្ច​នៅ​ប៉េកាំង​​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរររឡើង​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។ ភាគី​ចិន​បាន​ប្រកាស​ជា​សាធារណៈ​នូវ​ចេតនា​របស់ខ្លួន​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​ជា​មួយ​ជប៉ុន​វិញ​ដែរ។ បរិយាកាសនោះ​មាន​ភាព​វិជ្ជមាន។ លោក Kono បាន​ជួប​ជា​មួយ​មេដឹកនាំ​ចិន​ដ៏មាន​ឥទ្ធិពល​ពីររូប​ គឺ​នាយក​រដ្ឋមន្ត្រី​ លី ខឹឈៀង ​និង​លោក Yang Jiechi ដែល​ចង់​ពង្រីក​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ ចិន​ និង​ជប៉ុន។​

កិច្ច​ប្រជុំនេះ​គឺជា​ការ​ធ្វើ​បន្ត​ពីការ​ពិភាក្សា​គ្នា​ដែល​បាន​ធ្វើ​កាលពី​ពេល​មុន​នៅ​កិច្ច​ប្រជុំ​កំពូល​ APEC នៅ​ដាណាង នៅថ្ងៃទី ១១ និង ១២ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នៅពេល​មេដឹកនាំ​ចិន​និង​ជប៉ុន​បាន​ជួប​គ្នា​នៅ​ក្រៅ​កិច្ច​ប្រជុំ​នោះ។ វា​គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​នាយក​រដ្ឋមន្ត្រីជប៉ុន​បាន​ចាត់ទុក​ថា ជា​ “ការ​ចាប់​ផ្តើម​ថ្មី” សម្រាប់​ទំនាក់ទំនង​ចិន ​និង​ជប៉ុន។ វា​គឺជា​ចេតនា ​និង​ការ​ប្រាថ្នា​ដ៏​ច្បាស់​​ក្នុងការធ្វើ​ឲ្យ​​ប្រសើរររ​ឡើង​​ដល់​ទំនាក់ទំនង​ទ្វេភាគី​នោះ។ ចំណុច​សំខាន់​នៅ​ក្នុង​របៀបវារៈ​របស់​មេដឹកនាំ​ទាំង​​ពីរ​នៅពេល​នោះ​​គឺ​ការ​ផ្តោ​ត​​លើ​ភាព​តាន​តឹង​​ដែល​កើត​ឡើង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​។ ចំណុច​ដែល​​ពិភាក្សា​នៅ​ ដាណាង រវាង​ចិន ​និង​ជប៉ុន​ក៏រាប់បញ្ចូល​ទាំង​ការ​បង្កើត​វេទិកា​​ប្រាស្រ័យ​ទាក់ទង​ទ្វេ​ភា​គី​​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។​

ខាង​ផ្នែក​សេដ្ឋកិច្ច​វិញ មាន​ចេតនាខ្លះ​របស់​ចិន ​និង​ជប៉ុន​ក្នុងការ​​សម្លឹង​ទៅ​រក​​ការ​វិនិយោគ​រួម​គ្នា​នៅ​ក្នុង​តំបន់ផ្សេង​ៗ​ទៀតរបស់​ពិភព​លោក។ ទោះបីជា​មាន​កត្តា​ប្រឈម​ដូចជា​ប្រជាជន​កាន់តែ​ចាស់​ (ជប៉ុន) និង​ការ​បន្ត​សម័យ​អន្តរកាល​ពី​សេដ្ឋកិច្ច​ផ្តល់សន្ទុះ​ដោយ​ការ​នាំ​ចេញ​ទៅ​ជា​សេដ្ឋកិច្ច​ពឹង​ការ​ចំណាយ​ក្នុង​ស្រុក (ចិន) ក៏ដោយ ក៏​ចិន ​និង​ជប៉ុន​នៅតែ​​ជា​សេដ្ឋកិច្ច​ធំជាង​គេ​ទីពីរ​និង​ទី​បី​​របស់ពិភព​លោក​ដែរ។ សមត្ថភាព ​និង​សក្តានុពល​របស់គេ​ក្នុងការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​និង​កាត់​បន្ថយ​​ភាព​ក្រី​ក្រ​នៅ​ក្នុង​ពិភព​លោក​គឺ​មាន​ភាព​ធំធេង​ណាស់។​

នៅ​អំឡុង​ខែ​មករា ឆ្នាំ ២០១៨ នេះ លោក Kono ត្រូវ​បាន​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Wang Yi ទទួល​នៅ​ Diaoyutai State Guesthouse។ ឪពុក​​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​គឺជា​មិត្ត​ចាស់​របស់​ចិន។ លោក Kono ស្ថិត​នៅ​កៀក​ និង​ទុក​ចិត្ត​ដោយ​ទីក្រុង​វ៉ាស៊ីន​តោន និង​ប៉េកាំង។ លោក Kono បាន​ផ្ញើរ​សារ​ទៅកាន់ប៉េកាំង ដោយ​លើក​ឡើង​ពីចេតនា​របស់​នាយក​រដ្ឋមន្ត្រីគាត់​​ក្នុងការ​លើក​កម្ពស់​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ។​

ដំណើរ​ទស្សនកិច្ច​ជា​ច្រើន​នៅអនាគតដ៏ខ្លី​នេះ​នឹង​កើត​មាន​ឡើង​ ឧទាហរណ៍ដំណើរ​ទស្សន​កិច្ច​ផ្លាស់ប្តូរ​ទ្វេភាគី​រវាង​ប្រធានាធិបតី​ចិន​ និង​នាយក​រដ្ឋមន្ត្រីជប៉ុន ជា​អ្វីមួយ​ដែល​មិន​បាន​កើត​ឡើង​ចាប់​​ពី​ឆ្នាំ ២០១២ មក ហើយ​នាយក​រដ្ឋមន្ត្រី​ចិន​ លី ខឹឈៀង ត្រូវ​គេ​រំពឹង​ថា នឹង​ទៅ​ទស្សនកិច្ច​ក្រុង​​តូក្យូ​​សម្រាប់​កិច្ច​​ប្រជុំ​​ត្រីភាគី​ជា​លើក​ដំបូង​ ចាប់ពីឆ្នាំ ២០១៥ មក។ ពាណិជ្ជកម្ម​ទ្វេភាគី​​អាច​ជា​របៀបវារៈ ដោយ​សារប្រទេស​ទាំង​ពីរ​គឺជា​វិនិយោគិន​ធំជាង​គេ​នៅ​ក្នុង​ប្រទេស​នីមួយៗ។ ការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ទៅ​វិញទៅ​មក​រវាង​មេដឹកនាំ​កំពូល​របស់​ប្រទេស​ទាំង​ពីរ​​នឹង​ក្លាយជា​និមិត្ត​​រូប​ដ៏ខ្លាំង​សម្រាប់ទំនាក់​ទំនង​ពេល​​អនាគត​របស់​គេ​ ហើយ​ក៏​នឹង​បង្កើត​បរិយាកាស​សម្រាប់​មន្ត្រី​​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផងដែរ។ សម្រាប់​មូល​ហេតុ​ជួប​គ្នា​វិញ គ្មាន​មូល​ហេតុ​ណា​ប្រសើររជាង​ខួប​ទី ៤០ នៃ​ទំនាក់ទំនង​ចិន ​និង​ជប៉ុន​ទេ។ នេះ​អាច​បំបាត់​ចោល​នូវ​ការ​មិន​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដែរ។​

កូរ៉េខាងជើង​នៅតែ​ជា​បញ្ហា​បន្ទាន់​ ដែល​ប្រទេស​ទាំង​ពីរ​អាច​បង្កើន​កិច្ច​សហប្រតិបត្តិការ​របស់​គេ​។ លោក Kenji Kanasugi អគ្គនាយក​នៃ​ការិយាល័យ​កិច្ច​ការ​អាស៊ី​ និង​ពិភព​លោក​នៅ​ក្រសួង​​ការ​បរ​ទេសជប៉ុន និង​លោក Kong Xuanyou បេ្រសិត​ពិសេស​ចិន​សម្រាប់​កិច្ច​ការ​កូរ៉េបាន​បើក​កិច្ច​ចរចា​គ្នា​ស្តីពីកូរ៉េខាង​ជើង​នៅ​ថ្ងៃទី ២៩ ខែ​មករា។ ជប៉ុន​មាន​ភាព​រសើបខ្លាំង​ជា​មួយ​កម្មវិធី​នុយ​ក្លេ​អ៊ែរ​​របស់ក្រុង​ព្យុង​​យ៉ាង ជា​អ្វីមួយ​ដែល​គេ​អាច​យល់​បាន​ ដោយ​សារតែ​គ្រាប់មីស៊ីល​អន្តរទ្វីប​កូរ៉េ​ខាង​​ជើង​បាន​ហោះ​ឆ្លង​កាត់​កោះ​ភាគខាង​ជើង​របស់​ជប៉ុន ហើយ​បាន​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​​ប្រើ​ប្រាស់​​ឥទ្ធិពល​ពិសេស​របស់ខ្លួន​ជាមួយ​ក្រុង​ព្យុង​យ៉ាង​ក្នុងការ​លប់​ចោល​កម្មវិធីនេះ ហើយ​ចូល​រួម​សហគមន៍​អន្តរជាតិ​ឡើង​វិញ។ ជប៉ុន​​គាំទ្រ​ដល់​គោល​វិធីសហការ​គ្នា​ដើម្បី​ដោះ​ស្រាយ​ជា​មួយ​កូរ៉េខាង​​ជើង។​

ការ​ជូន​ដំណឹង​ជា​មុន​អំពីការ​បាញ់​គ្រាប់​មីស៊ីល​នាពេល​ថ្មីៗនេះ​នៅ​កោះ​ហាវ៉ៃ ​និង​ជប៉ុន​បាន​បង្ហាញ​ពី​អារម្មណ៍​កាន់តែ​តាន​តឹង​ក្នុង​ចំណោម​ប្រជាជន​ជប៉ុន ​និង​អាមេរិក។ គេ​ចាំបាច់​ត្រូវ​ការ​ដោះស្រាយ​បញ្ហា​ភ័យ​ខ្លាច​ពីការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​​នៅ​ក្នុង​តំបន់។ នៅពេល​ថ្មី​បំផុត​នេះ មេដឹកនាំកូរ៉េខាង​ជើង​ គីម ជុង​អ៊ុន បាន​ព្រមាន​តំបន់​នោះអំពី​ការ​អាច​ចូល​ប្រើ​ប្រាស់​ប៊ូតុង​​នុយក្លេអ៊ែរ។ ការ​ឆ្លើយ​ឆ្លង​ដាក់​គ្នា​រវាង​ គីម និង​ប្រធានាធិបតី ត្រាំ ក្រោយ​មក​បាន​កើត​ឡើង។ ប៉េកាំង​ចង់​រួម​ចំណែក​​ក្នុងការ​កាត់បន្ថយ​វិបត្តិនេះ​ ដោយ​ធ្វើ​តាមការ​ដាក់ទណ្ឌ​កម្ម​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី ដាក់​សម្ពាធ​ក្រុង​ព្យុង​យ៉ាងដើម្បី បញ្ឈប់ការ​ធ្វើ​តេស្តគ្រាប់​មីស៊ីល​និង​នុយក្លេ​អ៊ែរ។ ជប៉ុន នាពេល​​ថ្មីៗនេះបាន​និយាយថា ខ្លួន​នឹង​​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​ក្រុង​ព្យុង​យ៉ាំង ប្រសិន​បើ​ខ្លួន​ខ្លួន​បញ្ឈប់​​ការ​បង្ករហេតុ​និង​ការ​ធ្វើ​តេស្ត​មីស៊ីល​និង​នុយក្លេអ៊ែរ។ ជប៉ុន​ក៏​បាន​ និង​កំពុង​ព្យា​យាម​​នាំ​យក​​ជន​ជាតិ​ជប៉ុន​​ ឬ​ស្វែងរក​ទីតាំង​​របស់​ជនជាតិ​ជប៉ុន​ដែល​ត្រូវ​បាន​ចាប់​ជំរិត​ដោយ​ក្រុង​ព្យុង​យ៉ាង​ដែរ។​

ចិន​ និង​ជប៉ុន​ក៏​កំពុង​តែ​សកម្ម​​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើររឡើង​ដល់​ទំនាក់ទំនង​ត្រីភាគី​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ដែរ។ ជំនួប​ត្រីភាគី​ត្រូវ​បាន​លុប​ចោល​នៅ​ឆ្នាំ ២០១២ ដោយ​ចិន ដោយ​សារតែ​ជម្លោះ​កំពុង​កើត​មាន​ជា​មួយ​ជប៉ុន​លើ​ប្រជុំកោះ Diaoyu/Senkaku។ នាវាឆ្មាំ​សមុទ្រ​មកពី​ប្រទេស​ទាំងពីរ​​ក៏​បាន​បន្ត​លែង​ល្បែង​​ឆ្មាចាប់​កណ្តុរ​នៅ​សមុទ្រ​ចិនខាង​កើត​​នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់​ជម្លោះ។ ប៉ុន្តែ កិច្ច​ព្រម​ព្រៀង​នាពេល​បច្ចុប្បន្ន​ក្នុងការ​ជួប​គ្នា​ត្រីភាគី​នោះ​គឺ​ជា​ពេលល្អ ដោយ​សារតែ​បញ្ហា​ទាំង​នោះ​ត្រូវ​ការ​ប្រទេស​ទាំង​ពីរ​ពង្រឹងកិច្ច​សហប្រតិបត្តិការជា​មួយ​កូរ៉េខាង​ត្បូង។ ក្នុង​សញ្ញាដំបូង​​ក្នុងការ​បើក​កិច្ច​ប្រជុំ​ត្រីភាគី​នៅឆ្នាំ ២០១៨ នោះ កូរ៉េខាងត្បូង ជប៉ុន ​និង​ចិន​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​ហ្វីលីពីន​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧។ មាន​ចំណុច​រួម​សម្រាប់​ប្រទេស​​អាស៊ីបូព៌ា​ទាំង​បី​នោះ​​ក្នុងការ​បង្កើន​កិច្ច​សហប្រតិបត្តិការ ដែល​ជា​ការ​ចំាបាច់​ដើម្បី​កាត់​បន្ថយ​កម្តៅ​នៅ​ឧបទ្វីបកូរ៉េ។​

ចិន ​និង​ជប៉ុន​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រសើររឡើង​នូវ​ទំនាក់ទំនង​របស់គេ​ជា​មួយ​កូរ៉េខាងត្បូង​រៀង​ៗខ្លួន​ផង​ដែរ។ ការ​ឈោង​របស់​ជប៉ុន​ទៅ​រក​កូរ៉េខាងត្បូង​​គឺ​​ពេញលេញតែ​ម្តង​ ដោយ​សារតែ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ប្រកាសជា​សាធារណៈ​នូវ​ចេតនារបស់គាត់​ក្នុងការ​ចូល​រួម​កីឡាអូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េខាងត្បូង។ កិច្ច​ការ​ងារ​ទូត​ចិន​​បាន​បង្ហាញ​​នូវ​ភាព​កក់ក្តៅ​នាពេល​ថ្មីៗនេះ ដោយ​បាន​ជួសជុល​ទំ​នាក់​ទំនង​ជាមួយ​ក្រុង​សេអ៊ូល​ បន្ទាប់ពីភាព​ប្រទូសរ៉ាយ​អស់​ពេលជិត​ ១ ឆ្នាំ​លើ​ការ​សម្រេច​ចិត្ត​របស់សេអ៊ូល​ក្នុងការ​ឲ្យ​អាមេរិក​ដាក់ពង្រាយ​​ប្រព័ន្ធការ​ពារ​មីស៊ីល​នៅ​ក្នុង​កូរ៉េខាង​ត្បូង។ គេ​និ​យាយថា កិ​ច្ច​ព្រមព្រៀង​ធ្វើ​ឡើង​រវាង​​ប៉េកាំង​និង​សេអ៊ូល​​ចំពោះការ​ចូល​ខិតជិត​គ្នា​នោះ​មាន​មូល​ដ្ឋាន​លើ​ការ​សន្យា​របស់​សេអ៊ូល​ក្នុងការ​ព្យួរ​ការ​ពង្រាយ​បន្ថែម​នូ​វ​ប្រព័ន្ធ​ការ​ពារ​មីស៊ីល​នោះ។ ប៉េកាំង​​បាន​មើល​ឃើញ​រ៉ាដា​ដ៏មាន​ឥទ្ធិពល​របស់​ប្រព័ន្ធការ​ពារ​មីស៊ីល​នោះ​ក្នុងក្រសែភ្នែក​សង្ស័យ ដោយ​​ចាត់ទុកវា​ ថាជា​​ឧបករណ៍​ដែល​​ស្ទាក់ចាប់​ការ​បាញ់គ្រាប់​មីស៊ីល​និង​ការ​បំលាស់ទី​​យន្ត​ហោះ​យោធា​​​នៅ​ចិន​និង​ដែន​អាកាស​ខ្លួន។​

នៅពីក្រោយ​នៅភាព​ទូទៅ​​នៅ​​អាស៊ីបូព៌ា​នោះ ស្ថានភាព​នៅ​ឧបទ្វីបកូរ៉េ​បាន​បង្ហាញ​ពីភាព​ប្រសើររ​ឡើង​ ដោយ​សារតែ​កូរ៉េទាំង​ពីរ​បាន​ផ្តោត​លើ​កីឡាអូឡាំពិក​រដូង​រងារ​នោះ ដោយ​កូរ៉េខាង​ជើង​បាន​បញ្ជូន​​គណៈ​ប្រតិភូទៅកាន់​ព្រឹត្តិការណ៍​នោះ និង​ប្រកួត​រួម​គ្នា​នៅ​ក្នុង​ពិធីបើក​ទៀត​ផង។

ចំពេល​នឹង​សុទ្ធិដ្ឋនិយម​បែប​ប្រុង​ប្រយ័ត្ន​នោះ មានសញ្ញា​ខ្លះ​ពីការ​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន​ដូចជា​ការ​បើក​នាវា​មុជទឹក​ដើរ​ដោយ​ថាម​ពល​នុយក្លេអ៊ែរ​ចូល​ក្នុង​ដែន​ទឹក​ជាប់​ជម្លោះ​រវាង​ចិន ​និង​ជប៉ុន។ មហាអំណាច​ទាំ​ងពីរ​នេះ​ដែល​ធ្វើ​ការ​ជា​មួយ​​អាមេរិក​អាច​នាំ​មក​នូវ​សន្តិភាព​និង​ការ​អភិវឌ្ឍ​ទៅ​កាន់តំបន់នោះ ប្រសិន​បើ​ពួក​គេ​មាន​ឆន្ទៈ​ពិភាក្សា​គ្នា​អំពី​ភាព​ខ្វែង​គំនិត​គ្នា​របស់គេ។

រយៈពេល ៦ ឆ្នាំបន្ទាប់ពី​ឆ្នាំ ២០១២ មក មាន​ភាព​រអាក់រអួល​​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ដោយ​សារតែ​ការខ្វែង​គំនិតគ្នា​លើ​ប្រជុំកោះ Diaoyu/Senkaku នោះ ចិន​និង​ជប៉ុន​កំពុង​ព្យាយាម​​បញ្ជៀស​ការ​ខូច​ខាត​ និង​ងាក​ចេញពី​ភាពតាន​តឹង​។ អ្វីដែល​សន្សល់​ទុក​សម្រាប់​មេដឹកនាំ​ទាំងពីរ​ជួប​គ្នា​នោះ​គឺ​ការ​ឲ្យ​មន្ត្រី​របស់​ភាគីទាំងពីរ​​ពិនិត្យ​មើល​កាលបរិច្ឆេទដ៏មមាញឹក​របស់មេដឹកនាំគេ​​ដើម្បី​កំណត់​ថ្ងៃ​សមរម្យ​​សម្រាប់​ជំនួប​ទ្វេភាគី​របស់​មេដឹកនាំកំពូល​ទាំង​ពីរនោះ៕

ប្រភព៖ IPP Review ចុះថ្ងៃ១៨ ខែកុម្ភៈ​​ ​ឆ្នាំ២០១៨


ប្រាក់ដុល្លារខ្សោយរបស់ Trump អាចជះឥទ្ធិពលអាក្រក់ដោយរបៀបណា

នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក លោក Donald Trump កម្រដែល​ថា នឹងមិនរិះគន់ចំពោះអ្វីដែលគាត់មើលឃើញថា ជាការធ្លាក់ចុះនៃតម្លៃប្រាក់យ័នណាស់។ លោក Trump បាន​លើកឡើងថា អត្រាប្តូរប្រាក់ កំពុង “ប៉ះពាល់” និង “សម្លាប់” ពួកយើង។ ក៏ប៉ុន្តែ ចាប់តាំងពីការឡើង​កាន់អំណាចមក ប្រាក់យ័នបានងើបឡើងជាង ៨ ភាគរយ។ រដ្ឋាភិបាលទី​ក្រុង​ប៉េកាំង មានក្តីសង្ឃឹមថា ជំហរនេះនឹងផ្តល់នូវការការពារចេញពីភាពខឹងសម្បាររបស់លោក Trump។ មន្ទិលនេះ បាន​ផ្តល់នូវការយកចិត្តទុកដាក់របស់សេតវិមានចំពោះគោលនយោបាយពាណិ​ជ្ជកម្មរបស់ទី​ក្រុង​ប៉េកាំង។ ខណៈដែលប្រាក់យ័នឡើងថ្លៃ លទ្ធផលនៃចេតនានេះ អាចនឹងមិនដូចអ្វីដែលលោក Trump សង្ឃឹមនោះទេ។

រយៈពេល ១២ ខែមុន គឺជារយៈពេលបង្ហាញពីរបៀបដែលអាមេរិកកំពុងបើកចំហពាណិជ្ជកម្មរបស់ខ្លួនជាថ្មី។ កាលពីខែមុន នៅទីក្រុង Davos ប្រទេស Switzerland លោក Trump បាននិយាយថា “យើងកំពុងបង្កើតបរិស្ថានមួយ ដែលនឹងទាក់ទាញមូលធន ការវិនិយោគ និងផលិតកម្ម។”

នៅឆ្នាំ ២០១៦ ចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាមួយនឹងកំណត់ត្រានៃការកាន់កាប់ទឹកប្រាក់ក្រៅប្រទេសប្រមាណជា ២៤៦ ពាន់លានដុល្លារ។ ជាការពិត នៅឆ្នាំ ២០១៧ នេះ គឺជាឆ្នាំមួយខុស​ប្លែកគ្នា ដោយសារតែគោលនយោបាយ “America First” សេតវិមាន បានពង្រឹងការគ្រប់គ្រងមូល​ធនក្នុងស្រុករបស់ខ្លួន ជាមួយនឹងការប្រុងប្រយ័ត្នក្នុងចំណោមដៃគូមួយចំនួន។ ការធ្លាក់ចុះនៃចំនួនទឹក​ប្រាក់វិនិយោគរបស់អាមេរិកនៅក្រៅប្រទេសត្រូវបានប្រកាសឡើង។ តាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវ M&A Knowledge Base បានលើកឡើងថា ទឹកប្រាក់ដែលស្ថិតក្នុងកិច្ចព្រមព្រៀងរបស់អាមេរិក គឺប្រមាណជា ២ ពាន់លាននៅឆ្នាំ ២០១៧ ចុះពី១៥ ពាន់លាននៅដើមឆ្នាំ ២០១៦។

ការងើបឡើងនៃប្រាក់យ័ន បានធានាថា ភាពតានតឹងទាំងនេះ នឹងនៅតែមានភាពមិនច្បាស់លាស់។ មហាសេដ្ឋីចិន កំពុងតែមានការព្រួយបារម្ភក្នុងការទិញចូលប្រាក់អាមេរិក បើទោះបីជាពួកគេកំពុងមើលឃើញថា ទីផ្សារពិភពលោកំពុងអំណោយផលក៏ដោយ។ ហើយចំណុចនេះ គឺជាចំណុចដែលថា តើប្រាក់​ដុល្លារចុះខ្សោយរបស់លោក Trump នឹងជះឥទ្ធិពលអាក្រក់ទៅទីណា។

ចំណុចចម្បងមួយសម្រាប់គណបក្សកុម្មុយនីស្តចិន គឺការបង្កើតមូលដ្ឋានឥទ្ធិពលដើម្បីបង្កើនអំណាចខាងសេដ្ឋកិច្ច។ ឧទាហរណ៍ដូចជា ការធ្វើពាណិជ្ជកម្មកុំព្យូទ័ររបស់ក្រុមហ៊ុន IBM ទៅហើយក្រុមហ៊ុន Lenovo ជាដើម។

ចិនកំពុងតែបង្កើនចង្ខុវិស័យរបស់ខ្លួនលើការបង្កើនឥទ្ធិពលខាងលំហូរដាច់ប្រាក់។ ការងើបឡើងនៃប្រាក់យ័ន បានធ្វើឱ្យក្រុមហ៊ុន Apple, Boeing, General Motors, Nike និងក្រុមហ៊ុន United Airlines មានការបង្អាក់ដល់ការទិញសាច់ប្រាក់នៅលើទីផ្សារ។

ហេតុអ្វីបានជាត្រូវអុកឡុកឱ្យក្រុមហ៊ុន Microsoft, Starbuck និង Telsa ធ្វើការវិនិយោគរួមគ្នា នៅ​ពេល​ដែលអ្នកអាចធ្វើការវិនិយោគដោយខ្លួនឯងបាននោះ? ហេតុអ្វីបានជាត្រូវស្វែងរកព័ត៌មានផ្នែកច្បាប់​ក្នុងការបង្កើតក្រុមហ៊ុនវិនិយោគខាងវិស័យហិរញ្ញវត្ថុ Chinese Goldman Sachs នៅពេលដែល Wall Street បានធ្វើការងារលើរឿងហ្នឹងហើយនោះ? ចិនក៏មានទឹកប្រាក់ ៣,២ ទ្រីលានដុល្លារ នៃប្រាក់បម្រុងទុកអន្តរជាតិ ដើម្បីវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុ។

ទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ការដាក់ដេញថ្លៃសម្រាប់ក្រុមហ៊ុនថាមពលចិន ដោយលើកឡើងអំពីការព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិ ពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ។ ការខ្វែងគំនិតគ្នានោះ គឺប្រធា​នាធិបតី ដែលចេញគោលនយោបាយ “American First” នឹងទាត់ចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចិនតាមតែគាត់អាចធ្វើបាន។ បញ្ហានេះ អាចនឹងធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្ថិតក្នុងស្ថាន​ភាពលំ​បាក​មួយ ដោយសារតែវានឹងមិនអាចបង្ហាញពីការដើរតួនាទីបើកចំហ និងតម្លាភាព ខណៈពេលដែល​ការ​ដេញថ្លៃរបស់ក្រុមហ៊ុនចិនត្រូវបានច្រានចោលនោះ។

ការងើបឡើងនៃប្រាក់យ័ន បានជំរុញឱ្យមហាសេដ្ឋីចិន មានលទ្ធភាពកាន់តែច្រើនក្នុងការអុកឡុកនៅក្នុងពាណិជ្ជកម្មរបស់អាមេរិក។ ត្រូវមានការប្រុងប្រយ័ត្ននៅអ្វីដែលលោក Trump ចង់បាននោះ៕

ប្រភព៖ Asia Times ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨