Thursday, June 24, 2021

TOP NEWS: រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថានល្អ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបើកដំណើរការឡើងវិញចំពោះផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ ប្រការ១ នៃសេចក្ដីសម្រេចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១តទៅ លើកលែងតែផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍»។ បើទោះបីអនុញ្ញាតឲ្យបើកដំណើរឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ផ្សារ ឬគណៈគ្រប់គ្រងផ្សារឯកជនទាំងអស់ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការសុខាភិបាលឲ្យបានម៉ង់ម៉ាត់ជាទីបំផុត ដូចជារក្សាគម្លាត, ពាក់ម៉ាស់, កំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ, ជៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្ដុំមនុស្សច្រើន, ចាត់ឲ្យមានអ្នកវាស់កម្ដៅ និងស្គេន QR Code ជាដើម៕ ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចកំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» នៅផ្នែកខ្លះ នៃខណ្ឌពោធិ៍សែនជ័យមកជា «តំបន់លឿង» សម្រាប់រយៈពេល១៤ថ្ងៃ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច កំណត់ភូមិសាស្ត្រ «តំបន់លឿងទុំ» កំណត់ផ្នែកខ្លះនៃភូមិចោមចៅ៣ នៃសង្កាត់ចោមចៅទី២ និងផ្នែកខ្លះ នៃភូមិត្រពាំងពោធិ៍ ផ្នែកខ្លះនៃភូមិព្រៃព្រីងខាងជើង២ និងផ្នែកខ្លួននៃភូមិជម្ពូវ័ន២ នៃសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ជា «តំបន់លឿងទុំ» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មកជា «តំបន់លឿង»។ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។


ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ៖