Saturday, April 18, 2015

សម្តេច​​តេជោ​​អនុញ្ញាត​​ឱ្យ​ប្រតិភូ​​ចិន​ជួប​​សំដែង​​ការ​គួរ​សម


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បានលើកទឹកចិត្តឱ្យ​មានកិច្ចសហការ​គ្នាតទៅទៀត​ រវាងក្រសួង​សន្តិសុខចិន និង​ក្រសួង​​​មហា​ផ្ទៃ​​កម្ពុជាស្រប​ពេលដែល​ប្រទេសទាំង​ពីរត្រូវពង្រឹង​ ការងារសន្តិសុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាត​ឱ្យ​​ឯកឧត្តម Guo Shng Kunសមាជិកក្រុម​ប្រឹក្សារដ្ឋ និងជារដ្ឋ​មន្ត្រី​សន្តិសុខនៃ​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​​ចិន​ចូលជួប​ សំដែងការគួរសម​នៅវិមានសន្តិភាព​នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ​២០១៥នេះ​។
ជាមួយនឹងការពាំនាំពាក្យផ្តាំផ្ញើ​សាកសួរសុខ​ទុក្ខ និងជូនពរសម្តេច​តេជោនាយករដ្ឋមន្ត្រី ​ពី​សំណាក់ថ្នាក់​ដឹកនាំចិន​សម្រាប់​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​​ជាតិខ្មែរ ឯកឧត្តម Guo Shng Kun បាន​មានប្រសាសន៍ដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមិត្តចាស់​របស់ចិន​និងជា​ថ្នាក់ដឹកនាំ​កំពូលដែលចូល​រួមចំណែក​យ៉ាងធំធេង​ នៅក្នុង​ទំនាក់​​ទំនងរវាងប្រទេសកម្ពុ​ជា​និង​ចិន ។ ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងប្រតិភូមកកម្ពុជាកាលពីឆ្នាំ ២០០៨ មកដល់ពេលនេះ ឃើញ​កម្ពុជាមានការ​ផ្លាស់ប្តូរយ៉ាងខ្លាំង   ក្រោមការដឹកនាំ​ដ៏ខ្ពង់​ខ្ពស់​​ របស់​សម្តេចតេជោ ហ៊ុន សែន សេដ្ឋកិច្ចកម្ពុជា បានរីកចំរើនយ៉ាងឆាប់រហ័ស កម្ពុជា​ទទួលបាននូវស្ថិរភាពនយោបាយ និងជីវភាពរបស់ប្រជាជន ត្រូវបានលើកកំពស់​ពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។ ក្នុងន័យនេះ ឯកឧត្តមបានសុំគោរពកោតសរសើរចំពោះសមិទ្ធផល ដែលកម្ពុជា​ទទួលបាន។ ឯកឧត្តមបាន​គោរពជំរាប​ជូនសម្តេចថា ទស្សនកិច្ចរបស់ឯកឧត្តម​មកកម្ពុជា​នៅពេលនេះ គឺ​អនុវត្តជាក់ស្តែងនូវរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលសម្តេចតេជោ និង​ឯកឧត្តម ស៊ីជីងពីង ប្រធានាធិបតីចិន បានព្រមព្រៀងគ្នា ហើយឯកឧត្តមក៏​បានរាយ​ការណ៍​ជូនសម្តេចអំពីកិច្ចពិក្សា រវាងឯកឧត្តម​ជាមួយនឹង​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃកាលពីព្រឹក ថ្ងៃទី១៨មេសានេះ ដែលបានឯកភាព​គ្នាលើ​កិច្ចការ​មួយចំនួន​ហើយ​បានចុះកិច្ចព្រមព្រៀងជាមួយគ្នា។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការ ពាំនាំ​នូវពាក្យផ្តាំផ្ញើសាកសួរសុខ​ទុក្ខនិងជូនពរសម្រាប់​ ឆ្នាំថ្មីពីថ្នាក់ដឹកនាំចិន ជូនចំពោះ​សម្តេច និងបានថ្លែងអំ​ណរគុណដែលចិនបានបញ្ជូនក្រុមយុវជន​មកចូលរួមក្នុងកម្មវិធី​អង្គរ ​សង្ក្រា​ន្ត ហើយសម្តេច​ក៏បាន​មានប្រសាសន៍​ថាដំណើរទស្សន​កិច្ចរបស់ឯកឧត្តម  Guo Shng Kun​ គឺចំពេល ដែលប្រទេសទាំងពីរត្រូវពង្រឹងការងារសន្តិសុខនេះ ហើយដំណើរ​ទស្សន​កិច្ច​នេះ ធ្វើឱ្យកិច្ចសហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរកាន់តែមាន​ប្រសិទ្ធភាព​ស៊ីជម្រៅ​ជាង​មុន​ និងកាន់​តែធ្វើឱ្យមាន​ការជឿជាក់គ្នាជាងមុនតទៅទៀត។
ឆ្លៀតឱកាសនេះ សម្តេច បានលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាតទៅទៀតរវាងក្រសួងសន្តិសុខ​​ចិន ជាមួយក្រសួងមហាផ្ទៃកម្ពុជា និងបាន​ថ្លែងអំណរ​គុណចំពោះ​ជំនួយទាំងឡាយ​ដែល​មិត្ត​ចិន បានផ្តល់ដល់កម្ពុជាសម្រាប់ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ រួមទាំង​ជំនួយអ​ភិវឌ្ឍ​សេដ្ឋ​កិច្ច​​​សង្គម​កិច្ច និងផ្នែកសន្តិ​សុខ​ផងដែរ៕