Monday, June 07, 2021

🇰🇭មកស្គាល់បុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។


សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖

១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។

២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។ លោកស្រីធ្លាប់បានមកទស្សនាអង្គរកាលពីឆ្នាំ១៩៦៧ ក្នុងពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់សម្ដេច នរោត្តម សីហនុ ព្រះប្រមុខរដ្ឋសង្គមរាស្ត្រនិយម។

៣៖ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាសម្តែង និងជាអ្នកផលិតខ្សែភាពយន្តអាមេរិក។ លោកស្រីធ្លាប់បានមកប្រទេសកម្ពុជា ក៏ដូចជាបានចូលទស្សនាប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានអង្គរទាំងមូលច្រើនលើកដែរ ប៉ុន្តែពេលដែលលោកស្រីមកទស្សនាអង្គរដំបូងបង្អស់នោះ គឺនៅអំលុងឆ្នាំ២០០០។

៤៖ ព្រះមហាក្សត្រជប៉ុន ព្រះចៅអាគីហ្ស៉ីណូ (Prince Akishino) និងព្រះអគ្គមហេសី បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០០១។

៥៖ លោក រ៉ូ មូយុន (Roh Moo-hyun) អតីតប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៦។

៦៖ លោក ប៊ីល គ្លីនតុន (Bill Clinton) អតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤២ បានមកទស្សនានៅអំលុងឆ្នាំ២០០៦។

៧៖ លោក ម៉ាក ហ្សាក់ខឺរបឺហ្គ (Mark Zuckerberg) នាយកប្រតិបត្តិក្រុមហ៊ុន Facebook និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០០៧។

៨៖ លោក ជុង ជីហ៊ុន ហៅ រ៉េន (Jeong Ji-hoon) តារាចម្រៀងកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៨។

៩៖ លោក លី ម្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០០៩។

១០៖ លោក ថាក់ស៉ីន ស៉ីនណាវ៉ាត់ត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃ បានមកទស្សនានៅអំលុងឆ្នាំ២០០៩។

១១៖ លោកស្រី ហ៉ីលឡារី គ្លីនតុន (Hillary Clinton) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១០។ លោកស្រីគឺជាភរិយារបស់លោក ប៊ីល គ្លីនតុន និងធ្លាប់ជាបេក្ខភាពប្រធានាធិបតី ដែលបានឈរឈ្មោះប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក។

១២៖ ក្រុមតារាចម្រៀង SHINee នៃប្រទេសកូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០១០។

១៣៖ លោកស្រី ម៉ារីយ៉ាន រីវេរ៉ា (Marian Rivera) និងស្វាមីរបស់នាង គឺលោក ដាន់តេស (Dingdong Dantes) ដែលជាតារាងសម្តែងហ្វីលីពីនកាត់អេស្ប៉ាញ បានមកទស្សនានៅអំលុងឆ្នាំ២០១២។

១៤៖ លោក ហ៊ូ ជីនតាវ (Hu Jintao) អតីតប្រធានាធិបតីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១២។

១៥៖ ព្រះមហាក្សត្រជប៉ុន ព្រះចៅណារ៉ូហ៉ីតុ (Prince Naruhito) បានយាងមកទតទស្សនានៅអំលុងឆ្នាំ២០១២។

១៦៖ លី ប៊ូមស៊ូ (Lee Bum Soo) និងលោក អ៉ីម ស៊ូយ៉ាង (Im Soo Hyang) និងសមាជិកក្រុមសម្តែង «Iris2» របស់កូរ៉េខាងត្បូង បានមកទស្សនានៅអំលុងឆ្នាំ២០១២។

១៧៖ តារាសម្តែង ជីនណេត អ (Jeanette Aw) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំលុងឆ្នាំ២០១៤។

១៨៖ លោកស្រី ប៊ីយ៉នសេ (Beyonce) តារាចម្រៀងអាមេរិក បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

១៩៖ លោកស្រី មីស្សែល អូបាម៉ា (Michelle Obama) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២០៖ លោក ដេវីដ បេកខេម (David Beckham) អតីតតារាបាល់ទាត់អង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២១៖ លោក មហាម៉ាដ ហាមីដ អាន់សារី (Mohammad Hamid Ansari) អតីតអនុប្រធានាធិបតីឥណ្ឌា និងភរិយា បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២២៖ លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) អតីតនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៉ី បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២៣៖ អ្នកនាង យ៉ាយ៉ា យូរ៉ាសសាយ៉ា (Yaya Urassaya) តារាសម្តែងថៃ បានមកទស្សនានៅអំលុងឆ្នាំ២០១៥។

២៤៖ លោកស្រី អ៉ីវ៉ា ឡុងហ្កូរីយ៉ា បូស្តូន (Eva Longoria Bostón) តារាសម្តែងអាមេរិក បានមកទស្សនានៅអំលុងឆ្នាំ២០១៦។

២៥៖ លោក ដកឡាស ប៊ូត (Douglas Booth) តារាសម្តែងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៦។

២៦៖ អេលវីន (Elvin Ng), ផេក ជូ (Paige Chua), ហ្សូអ៉ី ថាយ ថេន (Zoe Tay 10), និង រ៉ូមេអូ ថាន (Romeo Tan) តារាសម្តែងសិង្ហបុរី បានមកទស្សនានៅអំលុងឆ្នាំ២០១៦។

២៧៖ លោក នីស្តែលរ៉ូយ (Ruud van Nistelrooy) តារាបាល់ទាត់ហូឡង់ បានមកទស្សនានៅអំលុងឆ្នាំ២០១៨។

២៨៖ លោក អេដ ហ្ស៉ីរ៉ន (Ed Sheeran) តារាចម្រៀងអង់គ្លេស បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

២៩៖ លោក ជេក ម៉ា (Jack Ma) មហាសេដ្ឋីចិន បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣០៖ លោកស្រី អង់សាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣១៖ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន បានមកទស្សនានៅអំលុងឆ្នាំ២០២០។

៣២៖ លោក អ៉ី រ៉ុងហ្គ័ង (Yu Rongguang) តារាភាពយន្តហុងកុងដែលសម្ដែងជាតួអង្គមេទ័ព គួន អ៉ីឆាង ក្នុងរឿងសាមកុក ក៏បានមកទស្សនារមណីយដ្ឋានអង្គរនៅអំលុងឆ្នាំ២០១៧ ដែរ។

៣៣៖ តារាក្បាច់គុនខ្មែរសុរិន្ទនៅថៃ លោក តូនី ចា (Tony Jaa) បានមកទស្សនានៅអំលុងឆ្នាំ២០១៩។

៣៤៖ លោក PSY តារាចម្រៀងកូរ៉េខាងត្បូង (កំណត់កាលបរិច្ឆេទមិនបាន) ដោយឃើញតែរូបភាព។

៣៥៖ លោក អេរិក ត្សាង (Eric Tsang) តារាកំប្លែងហុងកុង (កំណត់កាលបរិច្ឆេទមិនបាន)។

ក្រៅពីបុគ្គលដែលបានរៀបរាប់ខាងលើនេះ ក៏នៅបានបុគ្គលល្បីៗជាច្រើនទៀត ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូលផងដែរ។

សូមជម្រាបថា ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (King Suryavarman II) នៅដើមសតវត្សទី១២។ បច្ចុប្បន្ន ប្រាសាទនេះបានជាប់ឈ្មោះជាមហាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេ ខណៈរមណីយដ្ឋានអង្គរទាំងមូលក៏បានជាប់ឈ្មោះជាទេវស្ថានដ៏ធំបំផុតមួយក្នុងលោកផងដែរ៕

ប្រភព: ក្រសួងទេសចរណ៍






































លោក គន់ គីម បន្តចុះត្រួតពិនិត្យ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង

ពោធិ៍សាត់៖ នៅថ្ងៃទី០៥ ខែមិថុនា  ឆ្នាំ២០២១ លោក គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា  តំណាងដ៏ខ្ពង់ខ្ពស់  លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណេីរដោយ  លោក ម៉ៅ ធនិន អភិបាលនៃគណ:ខេត្តពោធិ៍សាត់ បានបន្តចុះត្រួតពិនិត្យ នៃការសាងសង់ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះ សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ក្នុងការផ្តល់ជូនគ្រួសារអតីតយុទ្ធជនជាង៦២៨គ្រួសារ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់បង្ករបង្កើនផលឲ្យបានឆាប់រហ័ស ខណៈរដូវវស្សា បានខិតជិតមកដល់ហើយនោះ។  


នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកមេ បញ្ជាសឹករងខេត្ត  លោកប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត  ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រេីននាក់ទៀត  ស្ថិតនៅ ត្រង់ចំណុចភូមិ  ប៊ុន  រ៉ានី  សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕







ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីកាកបាទក្រហមកម្ពុជា

កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ និងមន្ត្រីអនុសាខា ឃុំ ភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង ១ខ្នង និងរបើកដំបូលផ្ទះ ៨ខ្នង កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។


ក្នុងឱកាសនៃការសួរសុខទុក្ខនេះ លោក ឈួន ចាន់ណា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ទោះនៅទីណាក៏ដោយ។ 


អំណោយផ្តល់ជូនក្នុងមួយគ្រួសារ រួមមាន៖

-រលំផ្ទះទាំងស្រុង : អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, តង់ ១ និងថវិកា ១០០.០០០រៀល (មួយរយពាន់រៀលគត់)។ 

-របើកដំបូលផ្ទះ : អង្ករ ២៥គ.ក, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥០.០០០រៀល (ហាសិបពាន់រៀលគត់)។ លោកប្រធានបានមានប្រសាសន៍ផ្តាំផ្ញើ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ អនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩៕




អំណោយរបស់លោក អ៊ុក រ៉ាប៊ុន ត្រូវបានក្រុមការងារនាំយកផ្តល់ដល់គ្រួសារកុមារាស្លាប់ដោយសារគ្រោះធម្មជាតិ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុករលាប្អៀរ មានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរភូមិឃុំ បានចូលរួមរំលែកទុក្ខដល់គ្រួសារកុមារារងគ្រោះស្លាប់ដោយរន្ទះបាញ់ កាលពីល្ងាចថ្ងៃសៅរ៍ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ នឹង ៣០នាទីល្ងាច។

កុមារាដែលបានស្លាប់មានឈ្មោះ ដូត សុរីម ភេទ ប្រុស អាយុ ៨ឆ្នាំ នៅភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានទៅឃ្វាលសត្វគោ នៅចំណុចវាលស្រែប្រាំង ស្ថិតក្នងភូមិសាស្ត្រភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។ លោក បានឧបត្ថម្ភរួមមាន៖ អង្ករ ៥០គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ មី ១កេះ ត្រីខ ១យួរ និងថវិកា ៥០០,០០០រៀល ផងដែរ ៕






រូបភាពប្រចាំថ្ងៃ៖ ប្រាសាទទន្លេស្ងួតបង្ហាញរូបរាងឡើងវិញបន្ទាប់ពីអាជ្ញាធរជាតិអប្សរា ជួសជុលរួច

 អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងជួសជុលប្រាសាទនេះឡើងវិញ និងទើបបញ្ចប់គម្រោងជួសជុល ដែលធ្វើឱ្យប្រាសាទនេះ អាចឈរ និងបង្ហាញរូបរាងដ៏ស្រស់ស្អាតរបស់ខ្លួនឡើងវិញ និងក្លាយជាគោលដៅថ្មីសម្រាប់ភ្ញៀវទេសចរ។ ក្នុងគម្រោងជួសជុលនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញទ្វារបាលកម្ពស់ជិត២ម៉ែត្រ ព្រះពុទ្ធស្តេចថ្នាំ បដិមាជាច្រើនអង្គ បំណែកជើងទ្វារបាល និងស្លាកស្នាមរស់នៅរបស់ប្រជាជននាអតីតកាលជាច្រើន។ល។

ប្រាសាទទន្លេស្ងួត ស្ថិតនៅក្នុងភូមិអង្គរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខាងជើងខ្លោងទ្វារដីឆ្នាំងប្រមាណ៥០០ម៉ែត្រ។ ដោយសារអាយុកាល ធ្វើឱ្យប្រាសាទដែលជាអតីតមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នេះ ទ្រុឌទ្រោម និងដួលរលំ។

សូមទស្សនា ទិដ្ឋភាពនៃការងើបឈរឡើងវិញ នៃប្រាសាទទន្លេស្ងួត ក្រោយការជួសជុលរួច៕