Tuesday, October 12, 2021

លោក តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ស្វាយរៀង៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន  តាមប្រព័ន្ធវីដេអូ ZOOM។

កិច្ចប្រជុំនេះ មានគោលបំណងបង្ហាញនូវឯកសារគតិយុត្តិមួយចំនួនដូចខាងក្រោម៖

១) គោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (២០២០-២០៣០) 

២) អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន 

៣) អនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង៕





រយៈពេល៩ខែ អាជ្ញាធរជាតិអប្សរា ផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចដល់អ្នកស្រុកអង្គរចំនួន១១៦២គ្រួសារ

(សៀមរាប)៖ យោងតាមរបាយការណ៍រយៈពេល៩ ខែក្នុងឆ្នាំ២០២១ ក្រុមការងារលេខាធិការដ្ឋានសហគមន៍ទាំង៥ និងក្រុមការងារក្រៅឧទ្យាននៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យចំនួន១៨៧៤ គ្រួសារ ក្នុងនោះក្រុមការងារបានអនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចបានចំនួន១១៦២គ្រួសារ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។

ក្នុងចំណោមអ្នកស្រុក១១៦២ គ្រួសារ ដែលទទួលបានការអនុញ្ញាតរួមមាន៖ ស្រុកប្រាសាទបាគងចំនួន១៧៤គ្រួសារ ស្រុកអង្គរធំចំនួន២៦៣ គ្រួសារ ស្រុកពួកចំនួន១៨០គ្រួសារ ក្រុងសៀមរាបចំនួន២៦៩គ្រួសារ ស្រុកបន្ទាយស្រីចំនួន២៤៤គ្រួសារ និងក្រុមការងារក្រៅឧទ្យានចំនួន៣២ គ្រួសារ។

ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលតូចតាចដែលទទួលបានការអនុញ្ញាតរួមមាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប តឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា មិនត្រឹមតែផ្តល់ការជួសជុលដល់ផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ក្នុងនោះក៏បានធ្វើការដោះស្រាយបញ្ហាប្រឈមនានាការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយការយល់ដឹងអំពីបេតិកភណ្ឌដល់ប្រជាជនគ្រប់ៗគ្នា។ 

ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមក។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២៕







ពិធីបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ តាមប្រព័ន្ធ Zoom Meeting

ព្រះសីហនុ÷ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ តាមប្រព័ន្ធ Zoom Meeting ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។ 

ពិធីបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី២៨ មានរបៀបវារៈចំនួន៨ យកមកពិនិត្យ និងពិភាក្សារួមមាន៖

១-មតិស្វាគមន៍បើកកិច្ចប្រជុំ 

២-ពិនិត្យកូរ៉ុម

៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត។

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត។

៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា

 ឆ្នាំ២០២១)។

៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។

៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

-គណៈកម្មាធិការលទ្ធកម្ម

-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស

-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស

-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ 

៨-ប្រសាសន៍បូកសរុប។


លោក គួច ចំរើន បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រុមប្រឹក្សាខេត្ត ធ្វើឱ្យដំណើរការរបស់រដ្ឋបាលខេត្ត ប្រព្រឹត្តទៅបានរលូនល្អ ក្នុងការអនុវត្តការងារបំរើសេវាសាធារណៈ សន្តិសុខសង្គម និងការងារគ្រោះមហន្តរាយនានា ជម្រុញឱ្យរដ្ឋបាលខេត្តខិតខំបំពេញការងារប្រកបដោយជោគជ័យ ដោយមានសណ្តាប់ធ្នាប់ សោភណ្ឌភាព និងទទួលបានសមិទ្ធិផលថ្មីៗជាច្រើនបំរើឱ្យសាធារណៈជន។ 

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានចូលរួមអបអរសាទរប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានបេសកកម្មថ្មី មន្ត្រីថ្នាក់ជាតិ ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ដូច្នេះយើងនឹងមានការងារជាច្រើនទៀតដែលត្រូវធ្វើជាមួយគ្នានាពលខាងមុខ។

ជាមួយគ្នានោះ លោក ជាម ហ៊ីម បានកោតសរសើរ និងវាយតម្លៃការងារ និងសមិទ្ធិផលនានាដែលរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានខិតខំបំពេញការងារតាមជំនាញ និងមានការឯកភាពគ្នាជាធ្លុងមួយ ទោះបីខេត្តព្រះសីហនុរបស់យើងមានបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែយើងបានធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសោភណ្ឌភាព និងអនុវត្តប្រកបដោយលទ្ធផលល្អ ថ្វីត្បិតនៅក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: តែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងបានខិតខំបំពេញតួនាទី ភារកិច្ចតាមជំនាញរៀងៗខ្លួនបានល្អ ក្នុងការចូលរួមបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបន្តថា ក្នុងអាណត្តិនេះយើងបំពេញការងារមានការឯកភាពរាល់គ្រប់សកម្មភាពទទួលបានជោគជ័យ នេះជាបទពិសោធន៍ យើងត្រូវខិតបំពេញការងាររបស់យើងបំរើសេវាជូនប្រជាពលរដ្ឋ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍខេត្តរបស់យើងបន្តទៀត៕







ពិធីបើកសិក្ខាសាលាសមាហរណកម្មស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលក្រុងស្វាយរៀង តាមរយៈប្រព័ន្ធវីដេអូ Zoom ពីចម្ងាយ

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១២  ខែតុលា  ឆ្នាំ២០២១នេះ  លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  បានអញ្ជេីញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិល  ២០២២-២០២៤ របស់រដ្ឋបាលក្រុងស្វាយរៀង ឆ្នាំ២០២១  តាមរយៈប្រព័ន្ធវីដេអូ Zoom ពីចម្ងាយ។ 

មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលានេះ  លោក អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ការខិតខំ ប្រឹងប្រែង របស់លោក លោកស្រី និងអ្នកពាក់ព័ន្ធទាំងអស់ បើទោះបីជានៅក្នុង បរិបទ  ជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូល រួម  ចំណែកយ៉ាងសកម្ម តាំងពីដំណាក់ កាល ដំបូង រហូត មកដល់ ពេល  នេះ  គឺក្នុង គោលបំណងស្វែងរក ការ គាំទ្រ  សកម្មភាពអភិវឌ្ឍន៍ជាអាទិភាព នានា របស់ខ្លួន  សម្រាប់ឆ្នាំ ខាងមុខ ពី បណ្តាមន្ទីរ អង្គភាពជំនាញ អង្គការជាតិ-អន្តរជាតិ  និង សប្បុរសជន  ដើម្បី កិច្ចអភិវឌ្ឍន៍  មូលដ្ឋានក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ  ដែលជាការ ប្រសូតិចេញ  ពីឆន្ទៈ និង សំណូមពរ នៃ ផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ ក្នុងសង្គម ប្រជាធិបតេយ្យ ដោយ ឈរលើ គោលការណ៍  ជាមូលដ្ឋាន នៃអភិបាលកិច្ចល្អ ដោយគិតគូរ អំពីសេវា សាធារណៈ ដើម្បីបម្រើ  ឬផ្តល់ សេវាផ្សេងៗ ដល់ ប្រជាពលរដ្ឋ  ឱ្យកាន់តែល្អប្រសើរឡើង និងបង្ហាញពីឆន្ទៈ ចូល រួម  ក្នុងការកសាងអភិវឌ្ឍន៍ មូល ដ្ឋាន   ផ្ទាល់ របស់ខ្លួន បើកឱកាសជូនសាធារណជន អាចឃើញ ដឹងឮ នូវ អ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់    បានធ្វើ និង បម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវ ចំពោះជោគ វាសនា  អនាគត រួមសុខ រួមទុក្ខ ជាមួយ  ប្រជាពលរដ្ឋ និងប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ។

លោក ក៏បានសូមសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្ដាប់ ឲ្យ បាន  នូវ  ធាតុចូល នានាដែលទទួលបានពី អង្គសិក្ខាសាលានៅថ្ងៃ នេះ និងយកធាតុចូល ទាំងនោះ សម្រាប់ធ្វើជា មូលដ្ឋាន ដើម្បីច្របាច់បញ្ចូលគ្នាឈានទៅ  កែសម្រួលបញ្ចប់ការរៀបចំ កម្មវិធីវិនិយោគ បីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យា នានា រួចផ្ញើ ឯកសារទាំងនេះ ទៅទីចាត់ការ ផែនការ និងវិនិយោគ សាលា ខេត្ត និងមន្ទីរផែនការ ខេត្ត ឱ្យបាន ឆាប់បំផុត តាមដែលអាចធ្វើបាន ដោយមានមន្រ្តី ការិយាល័យ  គាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ  និង ចូលរួម ទទួល ខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះ ប្រព្រឹត្តទៅ បានល្អ និង ទាន់ ពេលវេលា តាម កាលកំណត់៕





អាជ្ញាធរជាតិអប្សរា ប្រគេន និងចែកកូនឈើចម្រុះជាង៥ពាន់ដើមទៀត ជូនដល់ព្រះសង្ឃ ព្រមទាំងដល់សាធារណជន ដែលស្នើសុំយកទៅដាំនៅទីតាំងវត្តអារាម សាលារៀន

សៀមរាប៖ កូនឈើចម្រុះចំនួន ៥,១១៤ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ កូនឈើទាំងនោះ ត្រូវបានប្រគេនជូនដល់ព្រះសង្ឃ ព្រមទាំងដល់សាធារណជន ដែលបានស្នើសុំយកទៅដាំនៅទីតាំងវត្តអារាម សាលារៀន ដីឯកជន និងទីតាំងផ្សេងៗទៀតទាំងក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា។

ដើមឈើដែលផ្តល់ជូននៅពេលនោះរួមមាន៖ 

១- ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាសិរីញាណឥន្ទសី បឿត សុម៉ៅសុវណ្ណារ៉ា ចៅអធិការវត្តវេឡុវ័ន ដោកពោយគោកក្រោល ចំនួន១,១៤០ដើម ដើម្បីយកទៅដាំបន្ថែមលំអក្នុងបរិវេណវត្តនេះ ស្ថិតក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ២០០ដើម ឈើទាល៤០០ដើម រំដួល១០០ដើម ថ្កុល២០០ដើម ផ្ញៀវ១០០ដើម គូលែន១០០ដើម និងម៉ាក់ប្រាង៤០ដើម ។

២- ប្រគេទកូនឈើជូនព្រះគ្រូបញ្ញាវិសាលវង្ស ឆយ រតនៈ គង់នៅវត្តព្រះឥន្ទកោសីយ៍ ចំនួន១,២០០ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យជប់រំដេង ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងដាំលម្អសងខាងផ្លូវនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គ្រញូង៣០០ដើម ធ្នង់៣០០ដើម បេង២០០ដើម គគីរ៣០០ដើម និងរំដួល១០០ដើម។

៣- ផ្តល់កូនឈើជូនតំណាងវរៈសេនាតូចការពារអាកាសនៃយោធភូមិភាគទី៤ ចំនួន៣០០ដើម ដើម្បីយកទៅដាំនៅបរិវេណកងអនុសេនាធំទី១ និងទី២ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងដាំនៅបរិវេណទីបញ្ជាការវរៈសេនាតូច ស្ថិតនៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ កូនឈើទាំងនោះរួមមាន គ្រញូង១០០ដើម ធ្នង់១០០ដើម បេង៥០ដើម និងច្រេស៥០ដើម។

៤- ផ្តល់កូនឈើជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ចំនួន៤៤០ដើម ដើម្បីយកទៅដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងនៅនាយកដ្ឋាន។ កូនឈើទាំងនោះរួមមាន ឈើទាល៣០០ដើម រំដួល១០០ដើម និងក្ងោកតូច៤០ដើម។

៥- ផ្តល់កូនឈើជូនលោក ជិន ម៉ារឌី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៣៤ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កូនឈើទាំងនោះរួមមាន គ្រញូង៥ដើម ធ្នង់៥ដើម បេង៥ដើម ច្រេស៥ដើម រំដួល៤ដើម អង្គារបុស្ស៣ដើម ថ្កុល៣ដើម ក្ងោកធំ២ដើម និងក្ងោកតូច២ដើម ។

៦- ផ្តល់កូនក្ងោកជូនតំណាងលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ ចំនួន២,០០០ដើម ដើម្បីយកទៅដាំលំអនៅតាមបណ្តាឃុំនានាជាប់នឹងផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៨ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់៕







កិច្ចប្រជុំលើកដំបូងគណៈកម្មាធិការគ្រប់គ្រងសំរាម សំរាម សំរាមសំណល់រឹង

កោះកុង÷ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក អ៊ុក ភ័ក្ត្រា អភិបាលរង ខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំលើកដំបូងគណៈកម្មាធិការគ្រប់គ្រងសំរាម សំរាម សំណល់រឹងទីប្រជុំជន (តាមវីដេអូអនឡាញ) ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ មានគោលបំណងបង្ហាញនូវឯកសារគតិយុត្តមួយចំនួន១. គោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (២០២០-២០៣០) ២. អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ៣. អនុក្រឹត្យស្តីពីការបង្កើតសហគ្រាសគ្រប់គ្រងស្ថានីយ៍ផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង៕





អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ

ស្វាយរៀង÷ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យស្វាយរៀង ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន១៥នាក់ ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។ 

មានប្រសាសន៍ក្នុងឱកាសនោះ លោក ក៏បានណែនាំដល់លោកនាយកសាលា៖

-ត្រូវរៀបចំបន្ទប់ដាច់ដោយឡែក មួយនៅក្នុងសាលាក្នុងករណីមានសិស្សានុសិស្ស ដែលសុខភាពមិនប្រប្រតីត្រូវដាក់គាត់នៅដាច់ដោយឡែកតាមដានសុខភាព និងទាក់ទងទៅមន្រ្តីជំនាញដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស 

-សិក្សានុសិស្សមុននឹងចូលដល់ថ្នាក់រៀន ត្រូវពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល ឬសាប៊ូ និងសួរនាំក្នុងករណីមានបងប្អូនឬអ្នកជិតខាងមានវិជ្ជមានជំងឺកូវីដ-១៩ តម្រូវឱ្យឈប់សម្រាកធ្វើចត្តាឡីស័ក 

-ម៉ោងសម្រាកចេញលេង របស់សិស្សានុសិស្ស ត្រូវផ្លាស់ប្តូរឆ្លាស់វេនគ្នា ជៀសវាងមានការជួបជុំប្រមូលផ្តុំគ្នា អាចបង្កហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ៕





ព្រឹត្តិការណ៍ដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន

សៀមរាប៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា មានតួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២ សហការជាមួយបណ្តាអង្គទូតអាស៊ាន និងប្រទេសដៃគូ បានរួមគ្នាដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព លោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាង លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ 

លោក ស៊ុ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២ តាមរយៈកិច្ចប្រជុំលើកទី៩របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបីយ៍ និងអរូបីយ៍ ដែលជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក៕

ដោយឡែក ព្រឹត្តិការណ៍ដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ពេលនេះជាកម្មវិធីមួយ ដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិក៕









រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្តក្រោយពិធីបុណ្យភ្ជុំបិណ្ឌ

ត្បូងឃ្មុំ៖ ក្រោយពីបានឈប់សម្រាក់រយៈ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរួចមក រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកយុទ្ធការធ្វើតេស្តរហ័សជូនដល់មន្ត្រីរាជការ តាមមន្ទីរ/អង្គភាពជំវិញខេត្ត មន្ត្រីរាជការ ក្រុង ស្រុក ឃុំ សង្កាត់ បុគ្គលិកសិក្សា  លោកគ្រូ-អ្នកគ្រូ  និងសិស្សានុសិស្សចំពោះគ្រឹះស្ថានសិក្សាដែលបើកដំណើការឡើងវិញ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារការឆ្លងមេរោគនេះ តាមវិធាន «៣កុំ ៣ការពារ» ដោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុលឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ។

លោក ជាម ច័ន្ទសោភ័ណ បានណែនាំដល់មន្ត្រីរាជការនៅតាមមន្ទីរ/អង្គភាពជំវិញខេត្ត សូមនាំគ្នាទៅយកណាក់ធ្វើតេស្តរហ័សអោយបានគ្រប់ៗគ្នា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅពេលដែលចូលបំរើការងារក្នុងជំនាញរៀងៗខ្លួន ។

បើគិតត្រឹមសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំការយកសំណាកធ្វើតេស្តរហ័សនៅបរិវេណរដ្ឋបាលខេត្តត្បូឃ្មុំ ជូនដល់មន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំវិញខេត្ត ចំនួន៤៥៤នាក់ ស្រី១៧៨នាក់ ក្នុងនោះជាលទ្ធផលរកឃើញបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន៨នាក់៕





អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ អនុវត្តឲ្យបានម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ជំងឺកូវី-១៩ និងត្រូវបង្ហាញបណ្ណចាក់វាក់សាំង រាល់ពេលចេញ-ចូលទីតាំងនានា

(ភ្នំពេញ)៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) នៅរសៀល

ថ្ងៃទី១១ខែតុលានេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនឹងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។


លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដើម្បីបង្ការនិងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បាន

ដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវ បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់ចាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ដូច្នេះលោកអភិបាលរាជធានីសូមអោយអាជ្ញាធរខណ្ឌខណ្ឌទាំង១៤  ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកជឿជាក់ថា បើយើងអនុវត្តការងារនេះ បានល្អប្រសើរ និងមានភាពម៉ឺងម៉ាត់នោះ វានឹងកាត់បន្ថយបាននូវការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត។


នាឱកាសនោះដែរលោកឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រុមការងារពាក់ព័ន្ធ ក្រុមគ្រូពេទ្យគ្រប់ក្រុមទាំងអស់ដែលកន្លងមកត្រូវបានប្រជាពលរដ្ឋដាក់រហ័សនាមថាជាកងទ័ពអាវស បានយកចិត្តទុកដាក់ក្នុងការថែទាំនិងព្យាបាលប្រជាពលរដ្ឋបានល្អ និងក៏ដូចជា កម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានលះបង់អស់កម្លាំងកាយចិត្ត បំពេញការងារ ទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩នេះ ពោលគឺអាជ្ញាធរនិងកងម្លាំងយើង អនុវត្តបានយ៉ាងល្អ ទៅតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺការរក្សា អាយុជីវិត បងប្អូនប្រជាពលរដ្ឋអោយបានគង់វង់ ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង ក៏នៅតែជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ អនុវត្តការងារ ក្នុងការទប់ស្កាត់ការរីករាលដាលនេះឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដែលអាចឈានទៅរកការបើកដំណើរការឡើងវិញ

លើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ។


គួរបញ្ជាក់ផងដែរថា បើយោងទៅលើសេចក្ដីណែនាំលេខ០២៧/២១សណន ចុះថ្ងៃទី០៥តុលា របស់រដ្ឋបាលរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង គ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជន ទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វាំកំសាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ៕