Tuesday, October 12, 2021

អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ

ស្វាយរៀង÷ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានចុះពិនិត្យការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យស្វាយរៀង ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលមានសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងមួយបន្ទប់ត្រូវបានបែងចែកតាមបណ្ដុំ ១ថ្នាក់ ចំនួន១៥នាក់ ហើយចំនួនសិស្សទាំងអស់នេះគឺត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ផងដែរ។ 

មានប្រសាសន៍ក្នុងឱកាសនោះ លោក ក៏បានណែនាំដល់លោកនាយកសាលា៖

-ត្រូវរៀបចំបន្ទប់ដាច់ដោយឡែក មួយនៅក្នុងសាលាក្នុងករណីមានសិស្សានុសិស្ស ដែលសុខភាពមិនប្រប្រតីត្រូវដាក់គាត់នៅដាច់ដោយឡែកតាមដានសុខភាព និងទាក់ទងទៅមន្រ្តីជំនាញដើម្បីយកវត្ថុវិភាគសំណាកធ្វើតេស 

-សិក្សានុសិស្សមុននឹងចូលដល់ថ្នាក់រៀន ត្រូវពាក់ម៉ាស់ សម្អាតដៃជាមួយអាល់កុល ឬសាប៊ូ និងសួរនាំក្នុងករណីមានបងប្អូនឬអ្នកជិតខាងមានវិជ្ជមានជំងឺកូវីដ-១៩ តម្រូវឱ្យឈប់សម្រាកធ្វើចត្តាឡីស័ក 

-ម៉ោងសម្រាកចេញលេង របស់សិស្សានុសិស្ស ត្រូវផ្លាស់ប្តូរឆ្លាស់វេនគ្នា ជៀសវាងមានការជួបជុំប្រមូលផ្តុំគ្នា អាចបង្កហានិភ័យការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បន្ថែមលើសពីនេះ លោកក៏បានអំពាវនាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនទាំងនៅសាលាផ្ទាល់ ទាំងតាមរយៈអនឡាញ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង សម្រាប់ក្លាយជាសិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើងនាពេលអនាគត និងត្រូវបន្តគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល របស់ក្រសួងសុខាភិបាល និងគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ ព្រមទាំងប្រតិបត្តិឲ្យបានជាប់លាប់នូវ គោលការណ៍ SOP( នីតិវិធីប្រតិបត្តិការស្តង់ដារ) របស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាសម្រួលដល់ ប្អូនៗ ក្មួយៗ បានបន្តការសិក្សា និងអាចឈានទៅបើកដំណើរការថ្នាក់បឋម សិក្សាជាបន្តបន្ទាប់ទៀតនាពេលដ៏ខ្លីខាងមុខ៕





No comments:

Post a Comment