Wednesday, March 29, 2023

វិភាគអន្តរជាតិ៖ តើ ចិន-រុស្ស៉ី នឹងបង្កើតបក្សសម្ព័ន្ធនឹងគ្នា ឬ?


(វ៉ាស៊ីនតោន)៖ «តើចិន និងរុស្ស៉ីនឹងបង្កើតសម្ព័ន្ធភាពនឹងគ្នាដែរឬទេ»? នេះគឺជាសំណួរមួយដែលតែងតែត្រូវបានចោទសួរនៅគ្រប់ពេលដែលប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ជួបគ្នាម្ដងៗដូចដែលមេដឹកនាំទាំង២ ជួបគ្នាក្នុងទីក្រុងមូស្គូកាលពីពេលថ្មីៗនេះ។ សម្ព័ន្ធភាពមិនត្រូវបានប្រកាសជាផ្លូវការនោះទេ ហើយ ប្រទេសទាំង២ក៏ធ្លាប់បានបដិសេធជារឿយៗដែរថាខ្លួនមិនមានបំណងបង្កើតសម្ព័ន្ធភាព ឬបក្សសម្ព័ន្ធយោធាណាមួយនោះទេ។ ប៉ុន្តែ ទាំងចិន និងរុស្ស៉ីសុទ្ធតែដឹងច្បាស់ថាមិនអាច ប្រឈមមុខតែម្នាក់ឯងរៀងៗខ្លួនជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរាប់សិបប្រទេសរបស់អាមេរិកបាននោះឡើយ ដោយមានតែប្រទេសទាំង២នៅជាមួយគ្នាប៉ុណ្ណោះ ទើបអាច មានគីឡូប្រជែងនឹងឥទ្ធិពលអាមេរិក និងសម្ព័ន្ធមិត្ត។

សម្ព័ន្ធភាព ឬសម្ព័ន្ធមិត្តមានអាយុចំណាស់ដូចនយោបាយអន្តរជាតិដែរ។ ក្នុងស.វទី៥ មុនគ.ស ប្រជាជនអាតែនបានរៀបចំបុរីរដ្ឋក្រិកនានាជាសម្ព័ន្ធភាពយោធា ដែលគេស្គាល់ថា «Delian League»។ នៅស.វទី១៩ អតីតអធិការបតីអាល្លឺម៉ង់ដំបូងគេ Otto von Bismarck បានបង្កើតសម្ព័ន្ធភាពសម្ងាត់ជាមួយមហាអំណាចក្បែរខាង ដើម្បីរក្សាអំណាចរបស់ អាល្លឺម៉ង់ក្នុងតំបន់អឺរ៉ុបកណ្ដាល ហើយចាប់តាំងពីសង្រ្គាមលោកលើកទី២មក សហរដ្ឋអាមេរិកវិញបានបង្កើតប្រព័ន្ធសម្ព័ន្ធមិត្តសកលរបស់ខ្លួនដើម្បីរក្សាអំណាចរបស់ខ្លួន។

ប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ជាមួយសន្ធិសញ្ញាផ្លូវការ និងពាក្យសន្យាជាសាធារណៈថានឹងការពារសម្ព័ន្ធមិត្តប្រឆាំងនឹងការវាយប្រហារពីសត្រូវ ឬគេស្គាល់ ជាទូទៅថា «ឆត្រនុយក្លេអ៊ែរ» ដែលបានសន្មត់ថាប្រទេសដែលស្ថិតនៅក្រោមឆត្រនុយក្លេអ៊ែរដូចជាជប៉ុន និងអាល្លឺម៉ង់ជាដើម អាចមានអារម្មណ៍សុវត្ថិភាពដោយមិនចាំបាច់ចង់បាន ឬផលិតអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឡើយ។ ប្រទេសភាគច្រើនជាសម្ព័ន្ធមិត្តអាមេរិកសុទ្ធសឹងតែជាប្រទេសប្រជាធិបតេយ្យ និងបានបង្ហាញការប្ដេជ្ញាចិត្តការពារ និងជួយគ្នាទៅវិញទៅមក ក្នុងគ្រាអាសន្ន។ ក៏ប៉ុន្តែ នេះមិនមែនមានន័យថាប្រព័ន្ធសម្ព័ន្ធមិត្តសុទ្ធតែមានទម្រង់ដូចគ្នានេះនោះទេ។ សម្ព័ន្ធមិត្ត ឬសម្ព័ន្ធភាពអាចធ្វើឡើងក្រោមទម្រង់សម្ងាត់ ឬដោយបើកចំហ ផ្លូវការ ឬមិនផ្លូវការ មានមហិច្ឆតាធំ ឬតូច។ និយាយជារួម សម័្ពន្ធមិត្ត គេអាចយល់បានយ៉ាងសាមញ្ញថាគឺជាចងបាច់គ្នារវាងប្រទេសចាប់ពី២ឡើងទៅ ធ្វើកិច្ចសហប្រតិបត្តិការដើម្បី ស្វែងរកផលប្រយោជន៍រួមគ្នា។

តាមរយៈស្ដង់ដារបែបនេះ លោក ស៉ី ជិនពីង និងលោក ពូទីន មានសម្ព័ន្ធភាពគ្នារួចទៅហើយដែលមានល្អូកល្អើននឹងគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយកម្មវត្ថុចម្បងនោះគឺប៉េកាំង និងមូស្គូ ចង់កាត់បន្ថយ ឬក៏បន្សាបឥទ្ធិពលអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ហើយបើធ្វើដូច្នេះបាន ទើបពួកគេអាចពង្រីកដែនឥទ្ធិពល និងបង្កើតពិភពលោកពហុប៉ូលដែលអាមេរិកលែង មានអំណាចផ្ដាច់មុខ។ មហិច្ឆតានេះមិនមែនជារឿងសម្ងាត់ទៀតនោះទេ ដោយវាបានបង្ហាញឱ្យឃើញនៅក្នុងសេចក្ដីថ្លែងការណ៍រួមរវាងចិន និងរុស្ស៉ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលសង្កត់ធ្ងន់ថាភូមិសាស្ត្រនយោបាយ និងមនោគមន៍វិជ្ជា ជាមូលដ្ឋាននៃទំនាក់ទំនងរវាងប្រទេសទាំង២។​

នៅក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង វាកាន់តែបង្ហាញយ៉ាងច្បាស់ទៅទៀតថាលោក ស៊ី ជិនពីង និងលោក ពូទីន បានកប់ចោលជម្លោះកាលពីអតីតកាលរវាងរុស្ស៉ី និងចិន ហើយអាចឈរទល់ខ្នងគ្នាដើម្បីតតាំងជាមួយសហរដ្ឋអាមេរិក។ លោក ពូទីន អាចបន្តធ្វើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ពីព្រោះលោកអាចទុកតំបន់ចុងបូព៌ាស្ថិតនៅក្បែរចិន ដោយ មិនចាំបាច់ត្រូវការពារ រីឯចិនអាចនឹងបន្តស្វែងរកផលចំណេញពីការធានាឱ្យបាននូវសុវត្ថិភាពតាមតំបន់ព្រំដែនជាមួយរុស្ស៉ី ក្នុងករណីជម្លោះជាមួយសហរដ្ឋអាមេរិក លើកោះតៃវ៉ាន់ ផ្ទុះឡើងនៅថ្ងៃណាមួយ។ ការទម្លាក់ចោលគំនុំចាស់នេះឯង បានជួយសម្រួលដល់ចិន និងរុស្ស៉ី ប្រយុទ្ធតតាំងនឹងសត្រូវរបស់ពួកគេរៀងៗខ្លួន ហើយមិនតែប៉ុណ្ណោះ មហាអំណាចទាំង២ នេះ អាចរួមដៃគ្នាកែប្រែតុល្យភាពអំណាច ដោយរុស្ស៉ីអាចអុកឡុកតំបន់អឺរ៉ុបខាងកើត ហើយចិនអាចអុកឡុកតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះនឹងបង្កភាពស្មុគស្មាញ ដល់សហរដ្ឋអាមេរិក ក្នុងការចាត់វិធានការឆ្លើយតប។

បន្ថែមពីលើនេះ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក៏កំពុងពង្រឹងទំនាក់ទំនងដោយផ្ទាល់នឹងគ្នាលើវិស័យជាច្រើនផងដែរ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា មិនថាការធ្វើសមយុទ្ធយោធា ការលក់អាវុធ និងចែករំលែកបច្ចេកវិទ្យា ការបែងចែកឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ សុទ្ធតែកំពុងកើនឡើងជាលំដាប់ផ្ទុយពីការរំពឹង និងព្យាករពីសំណាក់អ្នកជំនាញលោកខាងលិច ភាគច្រើន។ តួយ៉ាងដូចជានិយាយពីការបែងចែកឥទ្ធិពលភូមិសាស្ត្រនយោបាយ រុស្ស៉ី និងចិនបានសហការគ្នាធ្វើការនៅក្នុងតំបន់អាស៊ីកណ្ដាល ដោយប៉េកាំងពង្រីកឥទ្ធិពលតាមរយៈ សេដ្ឋកិច្ច រីឯរុស្ស៉ីតាមរយៈកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសក្នុងតំបន់។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលខ្លី សង្រ្គាមនៅអ៊ុយក្រែន នឹងកាន់តែរុញរុស្ស៉ី និងចិនខិតជិតគ្នា ខណៈការធ្វើសមាហរណកម្មទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែកើនឡើង ដោយសារតែរុស្ស៉ី ត្រូវបានកាត់ផ្ដាច់ពីលោកខាងលិច។ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កំពុងបង្កើនការធ្វើពាណិជ្ជកម្មដោយចាយប្រាក់យ័នចិន ដើម្បីកាត់បន្ថយអំណាចលុយដុល្លារអាមេរិក និងផលវិបាកដែល បង្កឡើងដោយទណ្ឌកម្មសេដ្ឋកិច្ច។ ជាការពិតណាស់ លោក ស៊ី ជិនពីង មិនរំភើបជាមួយសង្រ្គាមឈ្លានពានរបស់លោក ពូទីនឡើយ តែលោកក៏មិនអាចទុកឱ្យលោក ពូទីន ចាញ់នោះដែរ ហើយចិនអាចនឹងផ្ដល់អាវុធឱ្យរុស្ស៉ីទៀតផងក្នុងករណីចាំបាច់ ជាថ្នូរនឹងការទទួលបានការតបស្នងពីរុស្ស៉ីមកវិញនូវការផ្ដោះប្ដូរបច្ចេកវិទ្យានាវាមុជទឹក ប្រព័ន្ធការពារដែនអាកាស ឬក៏ការសន្យាពីទីក្រុងមូស្គូថានឹងគាំទ្រ ឬជួយទីក្រុងប៉េកាំង នៅក្នុងជម្លោះណាមួយដែលអាចផ្ទុះឡើងជាមួយសហរដ្ឋអាមេរិក លើកោះតៃវ៉ាន់។

ក៏ប៉ុន្តែ ចិនមកទល់នឹងពេលនេះ មិនទាន់ហ៊ានដើរឆ្លងបន្ទាត់ក្រហម ពីព្រោះតែឆន្ទៈប្រឈមមុខដោយផ្ទាល់ជាមួយលោកខាងលិចរបស់លោក ស៉ី ជិនពីង នៅមានភាពទន់ខ្សោយជាងលោក ពូទីន តែប៉ុណ្ណោះ។ ដូច្នេះជាការអនុវត្តជាក់ស្ដែង មិនថាហៅទំនាក់ទំនងរវាងចិន និងរុស្ស៉ី ជាសម្ព័ន្ធភាព ឬសម្ព័ន្ធមិត្ត ឬក៏ហៅតាមអ្វីដែលលោក ស៊ី ជិនពីង និងលោក ពូទីន ដាក់ឈ្មោះឱ្យ ថា «ភាពជាដៃគូយុទ្ធសាស្ត្រគ្មានព្រំដែន» នោះឡើយ ក៏វាគ្រាន់តែជាឈ្មោះមួយប៉ុណ្ណោះ។ ពោលគឺសហរដ្ឋអាមេរិកសព្វថ្ងៃ បានប្រឈមមុខនឹងសម្ព័ន្ធភាពមួយរួចស្រេចទៅហើយ មិនថា ចង់ហៅវាជាអ្វីក៏ដោយ៕ (Fresh News)

វិភាគអន្តរជាតិ៖ ផែនការ «A» របស់ចិន ដើម្បីគ្រប់គ្រងតៃវ៉ាន់


(វ៉ាស៉ីនតោន)៖ សកម្មភាពជាច្រើនរបស់ចិននាពេលកន្លងមក ហាក់ដូចជាបង្ហាញថាចិនកំពុងត្រៀមលក្ខណៈធ្វើសង្រ្គាមនៅតៃវ៉ាន់។ សកម្មភាពទំាងនោះរួមមានការអនុម័តច្បាប់ស្ដីពីកងទ័ពបម្រុង ដោយពន្យារពេលអាយុចូលនិវត្តន៍សម្រាប់កងទ័ពបម្រុងពី៥៥ឆ្នាំ ដល់៦០ឆ្នាំ ហើយចាប់តាំងពីថ្ងៃទី១ ខែមីនាមក ការិយាល័យទទួលបន្ទុកកែនកងទ័ព ឬ Defense Mobilization Offices ត្រូវបាន បង្កើតឡើងនៅក្នុងខេត្តចំនួន១០ ដើម្បីជួយដល់រដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈសម្រាប់សង្រ្គាម។ មិនតែប៉ុណ្ណោះ នៅឯសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ កាលពីឆ្នាំ២០២២ ការិយាល័យនយោបាយមជ្ឈិម ក៏បានដំឡើងតំណែងលេខាបក្សប្រចាំខេត្តចំនួន៥រូប ដែលមានបទសោធន៍យ៉ាងជោគជាំក្នុងឧស្សហកម្មយោធាផងដែរ។

ក៏ប៉ុន្តែ ទាំងនេះមិនមែនមានន័យថាសង្រ្គាមរវាងចិន និងតៃវ៉ាន់ មានសហរដ្ឋអាមេរិកជាខ្នងបង្អែក អាចនឹងផ្ទុះឡើងទាំងស្រុងនៅ២ ឬ៣ឆ្នាំខាងមុខនោះទេ។ ពីព្រោះថាការប្រើប្រាស់កម្លាំងយោធា គឺស្ថិតនៅក្នុង «ផែនការ B» របស់ចិន។ សេណារីយ៉ូមួយទៀត ដែលចិនមើលឃើញថាខ្លួនប្រឈមមុខនឹងហានិភ័យតិចតួចដើម្បីគ្រប់គ្រងតៃវ៉ាន់ នោះគឺ «ផែនការ A»។ ផែនការ A នេះត្រូវបានគេ ហៅថា «រណសិរ្សរួបរួម»។ សញ្ញាមួយបង្ហាញពីសក្ដានុពលនៃរណសិរ្សរួបរួម នោះគឺការបោះឆ្នោតនៅក្នុងខែមីនានេះដោយជ្រើសរើសលោក Wang Huning ឱ្យកាន់តំណែងជាប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់ នយោបាយប្រជាជនចិន ដែលជាអង្គភាពមួយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទទួលបន្ទុកលើការដឹកនាំរណសិរ្សរួបរួម។

រណសិរ្សរួបរួម ជាយុទ្ធសាស្ត្រមួយដែលគណបក្សកុម្មុយនិស្ដចិនបានអនុវត្តដើម្បីជ្រៀតចូល និងដាក់មនុស្សរបស់ពួកគេទៅក្នុងគណបក្សនយោបាយនៅតៃវ៉ាន់ នៅបន្ទាប់ពីសង្រ្គាមស៊ីវិលជាមួយ គណបក្សគួមីងតាង បានបិទបញ្ចប់មកម្ល៉េះ។ ដំបូងឡើយ គណបក្សគួមីងតាងមានអំណាចធំជាងគណបក្សកម្មុយនិស្ដចិនទៅទៀត ប៉ុន្តែគណបក្សកុម្មុយនិស្ដចិនបានទទួលជោគជ័យក្នុងដាក់បញ្ចូល មនុស្សរបស់ខ្លួនទៅក្នុងជួរកងទ័ព និងបានធ្វើឱ្យឧត្ដមសេនីយ៍នៃគណបក្សគួរមីងតាងជាច្រើននាក់ក្លាយជាមនុស្សស្មោះស្ម័គ្រ ឬក៏បង្កប់ចារកម្មរបស់ខ្លួនឱ្យធ្វើជាលេខារបស់ឧត្ដមសេនីយ៍ទាំងនេះ។

នៅក្រោយដណ្ដើមបានអំណាចក្នុងឆ្នាំ១៩៤៩ គណបក្សកុម្មុយនិស្ដចិនបានបង្កើត «នាយកដ្ឋានរណសិរ្សរួបរួម» សឹងតែនៅគ្រប់អង្គភាពរបស់ខ្លួន។ ដោយសារតែតៃវ៉ាន់នៅតែរក្សាទំនាក់ទំនងមួយចំនួន ជាមួយចិន គណបក្សកុម្មុយនិស្ដចិនអាចជ្រៀតជ្រែកចូលក្នុងធុរកិច្ច ប្រព័ន្ធផ្សព្វផ្សាយ ក្រុមសាសនា គណបក្សនយោបាយ រួមទាំងយោធារបស់តៃវ៉ាន់ ដែលនេះមានន័យថាសមត្ថភាពជះឥទ្ធិពល និង ដើម្បីគ្រប់គ្រងតៃវ៉ាន់តាមផែនការ A មិនអាចមើលស្រាលបានឡើយ។ ក្នុងពេលបច្ចុប្បន្ន ការសម្លុតគំរាមខាងសង្រ្គាមចិត្តសាស្ត្ររបស់លោកប្រធានាធិបតីចិន ស៉ី ជិនពីង តួយ៉ាងដូចជាបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងទៅក្បែរកោះតៃវ៉ាន់ គឺជាផ្នែកមួយនៃ «យុទ្ធសាស្ត្រ» របស់គណបក្សកុម្មុយនិស្ដក្នុងការប្រើសង្រ្គាមដែលខ្លួនហៅថាជាការពង្រឹងសន្តិភាព។ ពោលគឺ លោក ស៊ី ជិនពីង ចង់ឱ្យតៃវ៉ាន់ទទួលដឹងថា សង្រ្គាមនៅចំពោះមុខកាន់តែខិតជិតមកដល់ ប្រសិនបើពួកគេមិនអើពើ ឬមិនស្ដាប់តាមការចង់បានរបស់លោកទេនោះ។ ប៉ុន្តែប្រសិនបើយុទ្ធសាស្ត្ររណសិរ្សរួបរួម ទទួលបរាជ័យ នោះលោកអាចនឹង ជ្រើសរើសប្រើកម្លាំងយោធា។

ផ្ទុយពីមេដឹកនាំចិនមុនៗ លោក ស៊ី ជិនពីង បានកំណត់កាលបរិច្ឆេទគ្រប់គ្រងកោះតៃវ៉ាន់ឱ្យបានដាច់ខាត។ នៅក្នុងរបាយការណ៍សមាជបក្សកុម្មុយនិស្ដចិនលើកទី១៩ ចេញផ្សាយកាលពីឆ្នាំ២០១៧ បានឱ្យដឹងថាលោក ស៊ី ជិនពីង បានកំណត់យកឆ្នាំ២០៤៩ ចំនឹងខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាកាលបរិច្ឆេទសម្រេចបានឱ្យនូវ «ក្ដីស្រម៉ៃរបស់ចិន ឬ Chinese Dream» ហើយ ដែលនៅក្នុង Chinese Dream នេះទៀតសោតក៏បានលើកឡើងដែរថាការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ ជាផ្នែកនៃក្ដីស្រម៉ៃរបស់ចិន។ តាមរយៈការកំណត់កាលបរិច្ឆេទ វាក៏បានបង្ហាញដែរថាលោក ស៊ី ជិនពីង បាន «ដាក់ភារកិច្ចលើខ្លួនឯង» ក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ ខណៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលការកំណត់អាណត្តិប្រធានាធិបតីចិន គឺមានជាប់ពាក់ព័ន្ធភារកិច្ចបង្រួបបង្រួម ជាមួយតៃវ៉ាន់ ម្លោះហើយបើបរាជ័យ នោះលោក ស៊ី ជិនពីង អាចនឹងត្រូវលាលែងចេញពីតំណែងទាំងក្ដីអាម៉ាស់។

ចុះបើដូច្នេះ ថាតើគេអាចដឹងថាតើលោក ស៊ី ជិនពីងនឹងដើរតាមយុទ្ធសាស្ត្ររណសិរ្សរួបរួម ឬក៏ជ្រើសរើសប្រើកម្លាំងយោធាលើតៃវ៉ាន់ដោយរបៀបណា? ការបោះឆ្នោតសកលនៅតៃវ៉ាន់ នៅខែមករា ឆ្នាំ២០២៤ អាចជាយកមកធ្វើជាឧទាហរណ៍បាន។ ប្រសិនបើបេក្ខជនមេដឹកនាំតៃវ៉ាន់ មកពីគណបក្សគួមិញតាងទទួលបរាជ័យ រីឯបេក្ខជនមេដឹកនាំម្នាក់ដែលកាន់តែមានទំនោរគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ មកពី គណបក្សប្រជាធិបតេយ្យចម្រើននិយមរបស់លោកស្រី សៃ អ៉ីងវិន ឡើងមកកាន់អំណាច នោះទីក្រុងប៉េកាំងអាចនឹងមើលឃើញថាការបង្រួបបង្រួមដោយសន្តិភាពលែងមានន័យតទៅទៀត។ គណបក្ស កុម្មុយនិស្ដចិន នឹងប្រឹងប្រែងតាមដែលខ្លួនឯងអាចធ្វើទៅបាន ដើម្បីមានឥទ្ធិពលលើលទ្ធផលបោះឆ្នោត ដើម្បីឱ្យបេក្ខជនមេដឹកនាំតៃវ៉ាន់ដែលមានទំនោរងាកទៅរកចិនទទួលបានជ័យជម្នះ តាមរយៈការបង្កើន យុទ្ធនាការសង្រ្គាមចិត្តសាស្ត្របំភ័យថាជ័យជម្នះ របស់គណបក្សប្រជាធិបតេយចម្រើននិយមនៅតៃវ៉ាន់ អាចនឹងបង្កឱ្យសង្រ្គាមផ្ទុះឡើងដោយចៀសមិនរួច ទោះជាទីក្រុងប៉េកាំង ចង់ ឬមិនចង់ក៏ដោយ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញយោធាខ្លះ បាននិយាយថាចិនទំនងជានឹងមិនអាចប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់ ក្នុងរយៈពេល ២ ទៅ៣ ឆ្នាំខាងមុខនេះឡើយ ដោយផ្អែកទៅលើលក្ខខណ្ឌទូទៅ ដែល ប្រទេសមួយតែងតែបង្ហាញសញ្ញាឱ្យដឹងមុន មុននឹងធ្វើសកម្មភាពយោធា។ បើតាមក្រុមអ្នកជំនាញស្ដីពីចិន និងអតីតមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក John Culver ចិនអាចនឹងបង្ហាញសញ្ញាឱ្យគេ ដឹងមុនពីចេតនាវាយតៃវ៉ាន់ ក្នុងរយៈពេលពី១៨ ដល់ ២៤ខែ មុននឹងធ្វើសកម្មភាព ហើយសញ្ញាទាំងនេះអាចមានដូចជាការបង្កើតការផលិតគ្រាប់រំសេវ និងអាវុធកំណត់គោលដៅជាក់លាក់។

ក៏ប៉ុន្តែ ក្រុមមន្ត្រីចូលនិវត្តន៍ដែលធ្លាប់បម្រើការនៅក្នុងជួរកងទ័ពចិន PLA និងជាអ្នកព្រាងឡើងនូវផែនការសម្រាប់សង្រ្គាមលើតៃវ៉ាន់ បាននិយាយថាការត្រៀមលក្ខណៈសម្រាប់សង្រ្គាមជាមួយតៃវ៉ាន់ ក្នុងនោះរួម មានដូចជាការផលិតអាវុធទ្រង់ទ្រាយធំ បានធ្វើឡើងអស់រយៈពេលជាយូរមកហើយ ចាប់តាំងពីគណបក្សកុម្មុយនិស្ដចិនឡើងកាន់អំណាចក្រោយសង្រ្គាមស៊ីវិល។ នេះមានន័យថាចិនត្រូវការពេលប៉ុន្មានខែ ប៉ុណ្ណោះ ដើម្បីកែនកងទ័ព មុននឹងធ្វើសង្រ្គាម។ លោក ស៊ី ជិនពីងក៏អាចនឹងមើលឃើញផងដែរថាទ្វារនៃឱកាសដើម្បីគ្រប់គ្រាន់តៃវ៉ាន់ កាន់តែរួមតូចទៅៗ ខណៈសេដ្ឋកិច្ចចិនបាត់បង់សន្ទុះ រីឯលោកខាងលិច កាន់តែរួបរួមគ្នាដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ដូច្នេះមិនថាចង់អនុវត្តតាម «ផែនការ A» ឬ «ផែនការ B» នោះទេ គណបក្សកុម្មុយនិស្ដចិន អាចនឹងត្រូវធ្វើការសម្រេចចិត្តឆាប់ៗ៕ (Fresh News)


សម្តេចតេជោ ហ៊ុន សែន សរសើរទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក ស៊ីណន មិនរត់ពឹងបរទេសឱ្យជួយស្វាមី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការកោត​សរសើរ​​ចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ទទូចសូម​ការ​សណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន។

បន្ទាប់ពីស្វាមីបានត្រឡប់មកដល់ផ្ទះវិញ អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។

អ្នកស្រី សុផាត មករា បានសរសេររៀបរាប់ដូច្នេះ «សូមគោរពសម្តេចពុកជាទីគោរព​ ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។​ ពេលនេះ​ គាត់បានជួបកូនៗគាត់វិញហេីយ​ កូនសូមក្រាបថ្វាយបង្គំ​ថ្លែងអំណរគុណ​ ដល់សម្តេចពុក​ ដែលលោកបានសណ្តោសប្រណី​ អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ​ កូនស្រីនិ ង​ក្រុមគ្រួសារទាំងអស់​ សូមថ្លែង​អំណរគុណ​ដល់​ សម្តេច​ពុក​ និង​ សូមជូនពរសម្តេចពុក​ ទទួលបានសុខភាពល្អ​ រឹងមាំ​ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។

តបនៅក្នុងសារនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា លោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ សម្តេចតេជោ ក៏បានសរសើរភរិយារបស់លោក ស៊ីណន ថា ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច។ ជាពិសេសមិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី។

សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុីណន កូនពិតជាមានសំណាងណាស់ដែ លមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណាជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ»។

សម្តេចតេជោ បានបន្ថែមថា «ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្ស​ចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូន (ស៊ីណន) ហើយ ដែល​ភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមក គៀប​សង្កត់រាជរដ្ឋាភិបាល ដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹង ជាមួយការ គៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំកាន់ តែយូរ។ គេត្រូវចងចាំលើចំណុចនេះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំពោរពេញដោយចិត្តមេត្តា និងសណ្តោសប្រណី បានរៀបរាប់ទៀតថា «ផ្ទុយពីអ្នកដទៃ ភរិយាកូននឹកឃើញមុនគេ គឺសុំឱ្យពុកជួយ ដូចនេះពេលឃើញភរិយាកូនបង្ហោះតាម Facebook និងឃើញកូន​ទទួល​ស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការ ដើម្បីឱ្យកូនបានចាកចេញទៅជួបប្រពន្ធកូនវិញ។ ចាត់ទុកជាសុបិនអាក្រក់ និងរំដោះ គ្រោះក្នុងឆ្នាំចាស់ ដើម្បីសេចក្តីសុខ និងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ»។

ក្នុងសំណេរនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក ស៊ីណន និងភរិយា ព្រមទាំងកូនៗ បានជួបតែសេចក្តីសុខសេចក្តីចម្រើន។

សម្តេចតេជោ ក៏បានផ្តាំទៅពួកព្រូសក្រៅរបងផ្ទះ បើចង់ឱ្យមនុស្សជាប់ទោសបានយូរ និងគ្មានការយោគយល់ពីសម្តេចនោះ សុំជេរសម្តេច ឱ្យបានច្រើនបន្តិច.

ភ្លាមៗនោះ អ្នកស្រី សុផាត មករា បានតបទៅសម្តេចតេជោវិញថា «សម្តេច​ពុក​ជាទីគោរព​ កូនពិតជារំភេីបណាស់ដែលពុក​ ផ្ញេីរសារមកកូន កូនពិតជាមានសំណាងណាស់​ ដែលលោកពុកបារម្ភ​ពីកូន​។ មានតែលោកពុកម្នាក់គាត់​ ដែលអាចជួយប្តីកូនមកជូនកូនៗគាត់វិញ​ កូ​នស្រីម្នាក់នេះ​ សូមថ្លែង​អំណរគុណសម្តេចពុក​»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ លោក យឹម ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់បង្ក​ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការចោទប្រកាន់នេះ ក្រោយពេលលោក យឹម ស៊ីណន ចេញសារមួយពាក់ព័ន្ធនឹងព្រះមហាក្សត្រខ្មែរ។ តែនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ តុលាការបានបង្គាប់ឱ្យដោះលែងវិញ ក្រោយពេលលោកទទួលស្គាល់កំហុស និងបានទូលថ្វាយសូមព្រះរាជទានទោសពីព្រះមហាក្សត្រ៕


អាជ្ញាធរជាតិអប្សរា ជួសជុលរានហាលទី២ ប្រាសាទបន្ទាយសំរ៉ែ



ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការសិក្សាសម្រង់ប្លង់រានហាលទី២ផ្នែកជ្រុងខាងជើងឆៀងខាងលិចរបស់ប្រាសាទបន្ទាយសំរ៉ែ ដែលរងការខូចខាតខ្លាំង។ 

គម្រោងនេះស្ថិតក្នុងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នGIZនៃប្រទេសអាល្លឺម៉ង។ ការងារសំខាន់ៗក្នុងគម្រោងនេះមានដូចជា ប្រមូលថ្មដែលធ្លាក់បាក់បែក(ពិសេសក្បាច់ចម្លាក់ និងបង្កាន់ដៃនាគ)  ធ្វើការជួសជុលពង្រឹងឡើងវិញ  ពង្រឹងរចនាសម្ពន្ធពាក់ពន្ធ័របស់សំណង់ និងរៀបផ្គុំឡើងវិញតាមទីតាំងដើម។ 

សូមបញ្ជាក់ថា  ប្រាសាទបន្ទាយសំរ៉ែ ត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១២  ក្នុងរជ្ជកាលសូរ្យវ័រ្មនទី២ ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕





ឯកឧត្តម រ័ត្ន ស៊្រាង បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស!

នាព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ២,០០០,០០០៛ (ពីរលានរៀល) ព្រមទាំងភេសជ្ជៈចម្រុះសរុប១០០កេស ទៅចូលរួមឧបត្ថម្ភក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដែលរៀបចំឡើងនៅសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ដោយមានការសំណូមពរផ្ទាល់ពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏បានជួយក្រាលការ៉ូឡានៅទីធ្លាដងទង់ជាតិទំហំ២៤០ម៉ែត្រក្រឡា និងឧបត្ថម្ភថ្មមិចចំនួន ០៣រថយន្ត ដើម្បីចាក់ក្នុងទីធ្លាសាលារៀន ថែមទៀតផង។ 

នាឱកាសនោះ ឯកឧត្តម ក៏បាននាំយកទឹកសុទ្ធ និងទឹកភេសជ្ជៈចម្រុះក្លាស្សេចែកជូនដល់ក្រុមការងារចូលរួម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមថ្នាក់រៀននីមួយៗ ក្នុងវិទ្យាល័យទាំងអស់សរុបចំនួន៧៥៨នាក់បានបរិភោគគ្រប់ៗគ្នា ។ បន្ទាប់មក ឯកឧត្តម រ័ត្ន ស៊្រាង បានឧបត្ថម្ភថវិកាជូនដល់លោកគ្រូ អ្នកគ្រូ និងក្រុមការងារសង្កាត់-ភូមិម្នាក់ៗទទួលបាន៣០,០០០៛ យុវជន សសយក និងយុវសិស្សជាអ្នកសម្តែងសិល្បៈរបាំឆៃយ៉ាំ ព្រមទាំងកម្លាំងការពារសណ្តាប់ធ្នាប់ក្នុងម្នាក់ៗទទួលបាន២០,០០០៛ ផងដែរ៕