Friday, December 16, 2016

សំឡេងប្រជាជន ៖ គណបក្សសង្គ្រោះជាតិ យកលុយដែលជាញើសឈាមរបស់ប្រជាជនទៅណាអស់ហើយ?

(ភ្នំពេញ) ៖ នៅឆ្នាំ២០១៥ គណបក្សសង្គ្រោះជាតិ បានប្រកូកប្រកាសរៃអង្គាសលុយពីប្រជាជន សុំផង ប្រកាសលក់ភាគហ៊ុនផង ដើម្បីប្រមូលលុយតាមគ្រប់រូបភាព និងតាមគ្រប់មធ្យោបាយថា ដើម្បីយកទៅធ្វើទូរទស្សន៍។
២ឆ្នាំបានកន្លងផុតទៅហើយ! តើលុយដែលជាញើសរបស់ឈាមប្រជាជន នៅទីណា? តើ លុយ នៅសល់ប៉ុន្មាន? ហើយ ឯណាទូរទស្សន៍ដែលថា នឹងកើតក្នុងឆ្នាំ២០១៦?
តាមរយៈគម្រោងធ្វើទូរទស្សន៍នេះ ពិតជាអាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី អសមត្ថភាពរបស់លោក សម រង្សីុ ផងនិងភាពកំសោយរបស់គណបក្សសង្គ្រោះជាតិផង។ ពូកែណាស់លើការរិះគន់កម្ទេច! តែដល់សាច់ការដែលជាការទទួលខុសត្រូវរបស់ខ្លួនឯងវិញ គឺមិន ផេះ ទេ។
បើគ្រាន់តែទូរទស្សន៍មួយ ចាត់ចែងមិនច្បាស់លាស់ និងធ្វើមិនចេញជាសាច់ការអ្វីផង តើមានសមត្ថភាពអ្វី នឹងស្រម័យទៅដឹកនាំកិច្ចការជាតិរាប់ជំពូក? សូមកំុយកលេសថា គេលើករឿងនេះមកវាយប្រហារ ប៉ុន្តែនេះវាបង្ហាញអំពីភាពអសមត្ថភាពរបស់ សង្គ្រោះជាតិ ដែលសូម្បីតែការចាត់ចែងការងារតូចមួយមិនកើតផងនោះ។
បក្សសង្គ្រោះជាតិ រួមទាំងទណ្ឌិត សម រង្សីុ និង លោក កឹម សុខា ផង គួរទទួលស្គាល់ថា ខ្លួនគ្មានសមត្ថភាពចាត់ចែង គ្មានធនធានមនុស្ស ហើយក៏ត្រូវតែហ៊ានបង្ហាញភាពខ្មាសអៀនក្នុងជីវិតជាចំហរថា ការងារទូរទស្សន៍តូចមួយនេះ គឺបរាជ័យហើយ?
ប្រជាជនកម្ពុជា ក៏មានការវិនិច្ឆ័យរួចហើយដែរថា សមត្ថភាពនិងការដឹកនាំ គឺគេវាយតម្លៃលើលទ្ធផលជាក់ស្តែង មិនមែននៅលើលេស ការសន្យាខ្យល់ និងការដោះសារនោះទេ។ តើមេដឹកនាំ សង្គ្រោះជាតិ ជានិមិត្តរូបនៃមនុស្សបោកប្រាស់ និងចោលម្សៀតគ្មានបានការ?
សូមកុំភ្លេច! ដើម្បីកុំឲ្យមានកម្មពារវេរាឆ្លងទៅជាតិក្រោយ ហើយបើធ្វើទូរទស្សន៍មិនកើត ត្រូវតែសងលុយដែលជាញើសឈាមឲ្យមកប្រជាជនវិញឲ្យគ្រប់ចំនួន ៕
ដោយ ៖ សេនាជាតិ

ផ្ទះ ២០​ខ្នង ត្រូវ​បានប្រគល់​ជូន​អតីតយុ​ទ្ធជន​ក្នុងខេត្តតា​កែវ កំពត និងកំពង់​ស្ពឺ ឆ្នាំ២០​១៦​នេះ

កំពង់ស្ពឺ៖  សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធានបានផ្តល់ផ្ទះសរុប ២០ ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរកឃើញថា ពួកគាត់មានជីវភាពខ្វះខាត និងគ្មានផ្ទះសម្បែងស្នាក់នៅ នៅក្នុងឆ្នាំ២០១៦នេះ ។
របាយការណ៍បានបញ្ជាក់ថា «តាមរយៈដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ពីលោក គន់ គីម បានធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅ ហើយមិនធ្វើឲ្យបងប្អូនអតីតយុទ្ធជនមានអារម្មណ៍ថា ពួកគេឯកោនោះឡើយ ឬមានអារម្មណ៍ថា ពួកគេត្រូវបានគេបំភ្លេចចោលតទៅទៀត»
របាយការណ៍បានបញ្ជាក់ទៀតថា តាមដំណើរចុះសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ គន់ គីម ដឹងកាន់តែច្បាស់ពីសុខទុក្ខ និងផលលំបាក របស់អតីតយុទ្ធជន ហើយក៏បានជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនបានច្រើនថែមទៀតផង។ បើតាមរបាយការណ៍សមាគម អតីតយុទ្ធជន បានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនគ្មានលំនៅឋានចំនួន ២០ខ្នងជួនអតីតយុទ្ធជនគ្មានលំនៅឋាននៅក្នុងខេត្តតាកែវ កំពង់ស្ពឺ និងកំពត។ ក្នុងនោះខេត្តកំពតសាងសង់ជូនអតីតយុទ្ធជន ១៣ខ្នង ខេត្តតាកែវសាងសង់ជូន ៣ខ្នង និងខេត្តកំពង់ស្ពឺ សាងសង់ជូន ៤ខ្នង។
របាយការណ៍ បានបញ្ជាក់ថា ការបើកផ្តល់មរណសង្រ្គោះជូនគ្រួសារសព មិនមានការយឺតយ៉ាវ ឬ ជំពាក់ប្រាក់សព ដូចមុនទៀតឡើយ។ ជាមួយនោះ សមាគម បានផ្តល់ថវិកាបំរុងឲ្យសមាគមខេត្ត៣ ( កំពង់ស្ពឺ តាកែវ កំពត ) ប្រមាណពី ២០ ទៅ ៤០ លានរៀលសម្រាប់ ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ករណីមានអតីតយុទ្ធជនមរណភាពលើសពីថវិកាកំណត់។
ទោះបីលទ្ធផលការងារក្នុងឆ្នាំ២០១៦ទទួលបានលទ្ធផលល្អយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំរសៀលថ្ងៃទី១៥ ខែធ្នូ លោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បន្តណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ ពិសេសបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជនតាមគ្រួសារនីមួយៗ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងជួយអន្តរាគមន៍ ដោះស្រាយទុក្ខកង្វល់របស់អតីតយុទ្ធជន។
លោក គន់ គីម ក៏បានណែនាំមេឃុំ និងប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និង បង្កលទ្ធភាពឲ្យអតីតយុទ្ធជន បានទទួលសេវាសាធារណៈផ្សេងៗ ហើយក៏ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រ ទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវ បញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីស្នើសុំសម្តេចតេជោ ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន៕




លោក ហ៊ុន សែន បូជាកម្លាំងកាយ កម្លាំងចិត្តបម្រើជាតិ មាតុភូមិដោយមិនគិតពីការនឿយហត់

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះនូវសារមួយចំនួនដោយបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រូបលោកក្នុងការបំពេញកិច្ចការងារបម្រើជាតិមាតុភូមិអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា «ជាង ៣០ ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានខិតខំបម្រើប្រជាពលរដ្ឋទាំងយប់ថ្ងៃ ដោយគ្មានគិតពីការនឿយហត់ឡើយ ព្រោះសុខទុក្ខរបស់ពលរដ្ឋ គឺជាសុខទុក្ខរបស់ សម្តេចតេជោផ្ទាល់។ ពេលនេះប្រជាពលរដ្ឋបាន រស់នៅយ៉ាងសុខសាន្តក្រោមម្លប់សន្តិភាព ហើយប្រទេសជាតិយើង ក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រោមស្នាដៃដឹកនាំដ៏ពូកែវៃឆ្លាតរបស់សម្តេចតេជោ ហ៊ុន សែន ។សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ ជោគជ័យ និងសំណាងល្អគ្រប់ៗគ្នា»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍រួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង រួមទាំងជីវិតលោកផ្ទាល់ ដើម្បីនាំមកនូវការផ្លាស់ប្តូរមុខមាត់ជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមក ដល់សព្វថ្ងៃ ក្រោមនយោបាយឈ្នះ ឈ្នះ ក្នុងការបង្រួបបង្រួមជាតិ៕









សេចក្តីស្រឡាញ់ គឺជារបស់ដែលយើងម្នាក់ៗអាចផ្តល់ឱ្យគ្នា ជាពិសេសសេចក្តីស្រឡាញ់ដោយមិនរើសអើងជាមួយបងប្អូនកូនក្មួយពិការ

(ភ្នំពេញ)៖ ខាងលើនេះជាខ្លឹមសារដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២០ និង២៩នាទី ដែលជាសារមួយដ៏មានអត្ថន័យប្រកបដោយគុណធម៌ជ្រាលជ្រៅ ដែលលោកផ្ញើជូនជនរួមជាតិ ជាពិសេសជនពិការកម្ពុជា ដែលបានបញ្ជាក់ពីទឹកចិត្តស្រឡាញ់រាប់អានដ៏ស្មោះចំពោះជនពិការគ្រប់រូប។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកបានបង្ហោះខ្លឹមសារទាំងស្រុងថា៖ «សេចក្តីស្រឡាញ់ គឺជារបស់ដែលយើងម្នាក់ៗអាចផ្តល់អោយគ្នាទៅវិញទៅមកបានគ្រប់ពេលទាំងអស់ ជាពិសេសសេចក្តីស្រឡាញ់ដោយមិនរើសអើងជាមួយបងប្អូនកូនក្មួយពិការ។ ព្រោះគ្មាននរណា ម្នាក់ចង់ក្លាយខ្លួនជាជនពិការឡើយ។ អរគុណជនរួមជាតិដែលបានផ្តល់ក្តីស្រឡាញ់ និងកម្លាំងចិត្តដល់ជនពិការដោយគ្មានការរើសអើង»។
គួររម្លឹកដែរថា ចំពោះកម្ពុជា គឺដោយសារសង្រ្គាម និងរបបវិនាសកម្មប៉ុលពត បានបន្សល់ទុកនូវស្រ្តីមេម៉ាយ កុមារកំព្រា និងជនពិការយ៉ាងច្រើន។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ផ្តល់កម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងដើម្បីជួយជនពិការ និងក្រុមគ្រួសារបានទទួលសេវាសង្គមដូចៗគ្នាដោយគ្មានការរើសអើង។
គួរបញ្ជាក់ផងដែរថា ដើម្បីសម្រួលដល់ជីវភាពជនពិការ លោក ហ៊ុន សែន ក៏បានសម្រេចផ្តល់ទីតាំងរមណីយដ្ឋាន ”វត្តភ្នំ” ដែលមានសន្តិសុខល្អសម្រាប់ក្រុមពិការមានឱកាសសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញផងដែរ៕







ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមរាជធានី

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៦ នៅវត្តសំរោងអណ្តែត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី មុំ សណ្តាប់ ហេរញ្ញឹកគណៈកម្មាធិការសាខា បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ ដែលបានជ្រើសរើសមកពីតាមបណ្តាសង្កាត់នានា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ លោកស្រី  មុំ សណ្តាប់ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងជាទូទៅ ជាពិសេសអ្នកដែលរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
លោកស្រីក៏សូមឱ្យលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ពីសុខភាពរក្សាអនាម័យទាំងការរស់នៅ និងការហូបចុច ដើម្បីចៀសវាងពីជម្ងឺដង្កាត់ផ្សេងៗមកបៀតបៀន ។ អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន១១មុខ និងថវិកាចំនួន៥ម៉ឺនរៀល ៕






លោក សេង ផល្លី ផ្តល់អនុសាសន៍ ៧ចំណុចដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ លោក សេង ផល្លី ប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា បានចូលរួមក្នុងពិធីសំណេះសំណាលបញ្ចប់វគ្គជាមួយសិក្ខាកាម នៃវគ្គបណ្ដុះបណ្ដាលបំភ័ន្ដអក្ខរៈ និងវគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជំនាញរដ្ឋបាល ជំនាន់១០ ដែលមានសិក្ខាកាមចំនួន ៨៤នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
នៅក្នុងឱកាសនោះ លោក បានធ្វើការណែនាំ និងផ្ដាំផ្ញើរដល់សិក្ខាកាម ដែលទើបបញ្ចប់ការសិក្សាទាំងពីរវគ្គ ដើម្បីឱ្យពួកគេបានយកនូវចំណេះដឹង ជំនាញ ជាមួយនឹងអាកប្បកិរិយា ឥរិយាបថល្អ ដែលទទួលបានពីការសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ទៅប្រើប្រាស់ក្នុងការបំពេញការងារនៅតាមអង្គភាពរបស់ខ្លួន ឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព។
លោកប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមដែលទើបបញ្ចប់ការសិក្សាដូចជា៖ ១- ត្រូវយកចំណេះដឹង ជំនាញ និងអាកប្បកិរិយា ឥរិយាបថល្អ ដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ។ ២- គោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្ដិច្បាប់ គោរពសិទ្ធិមនុស្ស គោរពវិន័យការងារ គោរពឋានានុក្រមការងារ គោរពតាមការចាត់តាំងរបស់ថ្នាក់លើ និងមានភាពស្មោះត្រង់ ព្រមទាំងធ្វើឱ្យថ្នាក់ដឹកនាំមានការពេញចិត្តលើសមត្ថភាពការងាររបស់ខ្លួន ។ ៣- ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចដែលថ្នាក់លើប្រគល់ជូន ។ ៤- ត្រូវធ្វើស្វ័យសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍ ពង្រឹងចំណេះដឹង បទពិសោធន៍ការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងារ ។ ៥- ត្រូវមានអាកប្បកិរិយា និងឥរិយាបថល្អ ទាំងនៅកន្លែងបំពេញការងារ និងក្នុងសង្គម ជាពិសេស ជាមួយប្រជាពលរដ្ឋ ពោលគឺ ត្រូវបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយលើប្រជាពលរដ្ឋនោះទេ។ ៦- កុំពឹងផ្អែកលើអ្នកដ៏ទៃ ។ និង ៧- ត្រូវមានទំនាក់ទំនងល្អ មានឆន្ទៈបំពេញការងារ មានការតស៊ូ៕





លោក សាយ ឈុំ៖ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែល្អតទៅទៀត

(ភ្នំពេញ)៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជំរុញឱ្យថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់បន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋយើងឱ្យកាន់តែល្អតទៅទៀត។ លោក បានមានប្រសាសន៍ដូចនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ ក្នុងពេលចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកមានជ័យ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមលោកទន្តបណ្ឌិត ប៉ុក បូរិន្ទ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់ និងលោក អ៊ុំ សុខា ប្រធានមន្ទីរពេទ្យបានឱ្យដឹងថា បច្ចុប្បន្ន បុគ្គលិក និងគ្រូពេទ្យ ដែលបម្រើការងារនៅក្នុងមន្ទីរពេទ្យនេះ មានចំនួន៤៤នាក់ ហើយក្នុង១ថ្ងៃៗ មានប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងព្យាបាលជាមធ្យមប្រមាណ៥០-៨០នាក់ និងមានបងប្អូនជាស្រ្តីចូលមកសម្រាលកូនប្រមាណ០៧-១០នាក់ផងដែរ។ ក្នុងចំណោមប្រជាពលរដ្ឋដែលចូលមកពិនិត្យជំងឺ និង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ គឺមានប្រមាណជាង៤០% ដែលបានទទួលការពិនិត្យព្យាបាលដោយមិនគិតថ្លៃ ដោយប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌របស់រាជរដ្ឋាភិបាល (សម្រាប់ប្រជាជនក្រីក្រ) ឬមានការរ៉ាប់រងដោយបេឡាជាតិសន្តិសុខសង្គម (សម្រាប់បងប្អូនជាកម្មកររោងចក្រ…)។
ប្រធានព្រឹទ្ធសភាជាតិ ក៏បានថ្លែងសរសើរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់ សូមបន្តខិតខំដោះស្រាយ បម្រើ និងពិនិត្យ ព្យាបាលបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែល្អតទៅទៀត ព្រមជាមួយនេះ លោកបានអញ្ជើញសួរសុខទុក្ខបងប្អូនជាអ្នកជំងឺ និងស្រ្តីឆ្លងទន្លេប្រមាណជាង២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ និងស្និទ្ធស្នាលជាទីបំផុត ហើយបានឧបត្ថម្ភអ្នកជំងឺក្នុងម្នាក់ៗ១០០.០០០រៀល និងឧបត្ថម្ភរួមសម្រាប់មន្ទីរពេទ្យ ចំនួន៥.០០០.០០០រៀល ផងដែរ៕







លោក ជា ចាន់តូ ចុះត្រួតពិនិត្យ និងវាយតម្លៃការប្រឡងវគ្គជំនាញត្រួតពិនិត្យ ធនាគារ តាមប្រព័ន្ធ Online

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជាបានរៀបចំការប្រឡងលើកទី៩ វគ្គជំនាញត្រួតពិនិត្យធនាគារ (NBC-FSI Connect) តាមប្រព័ន្ធ Online ដោយមានការត្រួតពិនិត្យដោយផ្ទាល់ពី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ហើយការប្រឡងនេះ នឹងធ្វើឡើងជាបន្តបន្ទាប់រហូតដល់បញ្ចប់តាមកម្រិតនីមួយៗ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជំនឿទុកចិត្តលើលទ្ធផល។
វគ្គ FSI Connect នេះ គឺជាវគ្គបណ្ដុះបណ្ដាល ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុ (FSI) ក្នុងគោលបំណងពង្រឹងសមត្ថភាពត្រួតពិនិត្យដល់មន្រ្តីធនាគារជាតិ ដើម្បីធានាឱ្យបានប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យប្រព័ន្ធធនាគារឱ្យមានសុខភាពល្អរឹងមាំ៕






លោក អ៊ិត សំហេង ផ្តល់ប័ណ្ណសរសើរដល់សហគ្រាស ស្ថាប័ន១៧៦ ដែលមានស្នាដៃល្អ ក្នុងការទប់ស្កាត់ជំងឺអេដស៍

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការងារ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមក្នុងពិធីផ្តល់ប័ណ្ណសរសើរដល់ សហគ្រាស គ្រឹះស្ថាន ១៧៦ដែលមានស្នាដៃល្អ ក្នុងការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកន្លែងធ្វើការសម្រាប់ឆ្នាំ២០១៦ ដែល រៀបចំឡើងដោយនាយកដ្ឋានពេទ្យការងារ និងគណៈកម្មការសម្របសម្រួលត្រីភាគីប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងមានការឧបត្ថម្ភពីអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងគម្រោងកម្មវិធីអេដស៍នៅកន្លែងធ្វើការ ILO/AIDS
នេះជាសមិទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបង្កាទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍នៅតាមសហគ្រាស គ្រឹះស្ថាន។ លើសពីនេះទៀតក៏បាន បង្ហាញយ៉ាងច្បាស់នូវលទ្ធផលដែលប្រសូត្រចេញពីកិច្ចសហការដ៏ជិតស្និទ្ធរវាង ផ្នែកឯកជន ជាមួយរាជរដ្ឋាភិបាល និងដៃគូអង្គការជាតិ អន្តរជាតិក្នុងការបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ សំដៅធ្វើឱ្យមានភាពសុខដុមរមនាវិជ្ជាជីវៈ និងលើកកម្ពស់ផលិតភាពការងារ។
ចំពោះការចូលរួមសកម្មភាព ប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ភារកិច្ចឱ្យក្រុមអធិការកិច្ចការងារចុះធ្វើការត្រួតពិនិត្យ បូកផ្សំ និងការជួយផ្សព្វផ្សាយការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺអេដស៍ នេះដល់និយោជក និងកម្មករនិយោជិតផ្នែកនេះឱ្យបានឆាប់ជ្រួតជ្រាប និងអនុវត្តឱ្យបានល្អ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ការប្រយុទ្ធនឹងជំងឺអេដស៍ ការលុបបំបាត់ការរើសអើង និងការថែរក្សាអ្នកផ្ទុកមេរោគអេដស៍ ដោយបានចុះអប់រំ សាកសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនគ្រួសារក្រីក្រ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅតាមខេត្តមួយចំនួន និងសុំឱ្យប្រជាជនទាំងអស់មិនត្រូវមានការរើសអើងដល់ពួកគាត់។ 
តាមរយៈសកម្មភាពដ៏ច្រើនលើសលប់ និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាកាកបាទក្រហមកម្ពុជា ត្រូវបានទទួលគោរម្យងារជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងរយៈកាល ២៥ឆ្នាំ កន្លងទៅនេះ យើងបានចលនាធនធានប្រមាណ៧០០លានដុល្លារ ដើម្បីឆ្លើយតបនឹងការ រាលដាលនៃមេរោគអេដស៍។ សមិទ្ធផលនៃយុទ្ធនាការរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាកន្លង មក បានសង្គ្រោះមនុស្សរាប់សែននាក់ ឱ្យចាកផុតពីការឆ្លងមេរោគអេដស៍ និងបានពន្យាឱ្យជីវិតប្រជាពលរដ្ឋដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយជីវិតគ្រួសារដែលទទួលរងនូវផល ប៉ះពាល់នៃមេរោគអេដស៍ ឱ្យពួកគាត់មានសេចក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរ ស្មើមុខស្មើមាត់ដូចជាប្រជាជនកម្ពុជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងការងារ ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរចំពោះសហគ្រាស គ្រឹះស្ថានចំនួន ១៧៦ ដែលបានទទួលនូវប័ណ្ណសរសើរនាពេលនេះផងដែរ៕






រយៈពេល​២៤ឆ្នាំ​ហើយ​ដែល​រមណីយ​ដ្ឋាន​អង្គរ​បាន​ចុះក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក

ថ្ងៃទី១៤ ខែធ្នូ កាលពី២៤ឆ្នាំមុន នៅទីក្រុងSanta Fe សហរដ្ឋអាមេរិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំលើកទី១៦បានសម្រេចចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ដោយកាលនោះតំបន់អង្គរពុំទាន់មានសុវត្ថិភាពពេញលេញនៅឡើយ ។
ការសម្រេចចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាលក្ខណៈពិសេសដោយសារប្រទេសកម្ពុជាកំពុងត្រៀមលក្ខណៈបង្រួបបង្រួមជាតិបន្ទាប់ពីបានឆ្លងកាត់សង្គ្រាមជាច្រើនទស្សវត្ស និងដោយសារតម្លៃ លេចធ្លោជាសកលរបស់អង្គរតំណាងឱ្យស្នាដៃឯករបស់មនុស្សជាតិ ទោះបីជាលក្ខខណ្ឌទាំងឡាយសម្រាប់ធានាដល់កិច្ចការពារនិងអភិរក្សរមណីយដ្ឋានបេតិកភណ្ឌពិភពលោក នៅមិនទាន់បានបំពេញគ្រប់គ្រាន់ក៏ដោយ។ ប៉ុន្តែគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានតម្រូវឱ្យប្រទេសកម្ពុជាបំពេញលក្ខខណ្ឌមួយចំនួនក្នុងរយៈពេល៣ឆ្នាំ ដូចខាងក្រោម៖
១-រៀបចំបង្កើតច្បាប់សម្រាប់ការពារបេតិកភណ្ឌនៅកម្ពុជា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព
២-បង្កើតស្ថាប័នជាតិ ទទួលបន្ទុកការពាររមណីយដ្ឋានអង្គរដោយមានបុគ្គលិកនិងធនធានហិរញ្ញវត្ថុគ្រប់គ្រាន់
៣-កំណត់តំបន់ការពាររមណីយដ្ឋានអង្គរអចិន្រ្តៃយ៍
៤-បង្កើតតំបន់ទ្រនាប់ឱ្យបានសមស្រប
៥-បង្កើតយន្តការត្រួតពិនិត្យ និងសម្របសម្រួលលើគម្រោងអន្តរជាតិក្នុងតំបន់អង្គរ ។
ក្នុងរយៈពេល៣ឆ្នាំ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ ប្រទេសកម្ពុជាបានបំពេញលក្ខខណ្ឌទាំងអស់បើទោះបីជាសង្គ្រាមផ្ទៃក្នុងនៅពុំទាន់បញ្ចប់នៅឡើយក្តី។
ដោយកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអប្សរា និងការជួយជ្រោមជ្រែងពី ICC-Angkor និងសហគមន៍អន្តរជាតិ រួមមានប្រទេស និងអង្គការជាច្រើន បានធ្វើឱ្យប្រាសាទរួចផុតពីគ្រោះថ្នាក់ និងហានិភ័យនានា ដូចជា ហានិភ័យដែលអាចកើតឡើងដោយសាគ្រាប់មីនដែលកប់ក្នុងដី និងការលួចប្លន់ និងជួញដូរវត្ថុបុរាណជាដើម។ ដោយពិនិត្យឃើញស្ថានភាពប្រែប្រួលគួរឱ្យកត់សំគាល់ជាវិជ្ជមាន នាខែកក្កដា ឆ្នាំ២០០៤ នៅទីក្រុង Suzhou (ស៊ូចូវ) សាធារណរដ្ឋប្រជាមានិតចិន ក្នុងកិច្ចប្រជុំលើកទី២៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចដករមណីយដ្ឋានអង្គរចេញពី បញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់។ នេះជាសមិទ្ធផលដ៏ធំធេង និងជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអន្តរជាតិទទួលស្គាល់នូវឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ៕