Monday, November 17, 2014
បទអត្ថាធិប្បាយ ដោយ៖ ពង្ស សុក្រឹត្យ «ច្បាប់ និងដំណោះស្រាយនយោបាយ មិនអាចលាយឡំគ្នាបានទេ»
« ប្រទេសមានច្បាប់
គ្រួសារមានវិន័យ » គឺជាពាក្យស្លោក ដែលប្រជាពលរដ្ឋរស់នៅក្នុងសង្គមប្រជាធិបតេយ្យ
យកមកអនុវត្ត នោះទើបជាប្រទេសដែលមានអរិយធម៌ ស៊ីវិល័យ និងជឿនលឿន។
ថ្មីៗនេះ
មានការចាប់ខ្លួនមនុស្សមួយចំនួនដែលបានប្រព្រឹត្តិបទល្មើសជាក់ស្តែងដោយអាជ្ញាធរមានសមត្ថកិច្ច
ប៉ុន្តែដោយសារតែមនុស្សទាំងនោះជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ
ទើបមន្ត្រីគណបក្សនេះ បានចោទគណបក្សប្រជាជនកម្ពុជា ថា គាបសង្កត់ខាងនយោបាយទៅវិញ។
ការចោទប្រកាន់នេះ គឺខុសស្រឡះតែម្តង ហើយក៏ជាការដែលគួរសោកស្តាយ
ដែលគណបក្សសង្គ្រោះជាតិ
យកការងារគ្រប់គ្រងនិតិរដ្ឋមកលាយឡំជាមួយនឹងគោលនយោបាយរបស់គណបក្ស។
ទន្ទឹមនឹងនោះក៏មានក្រុមសង្គមស៊ីវិល
និងអ្នកវិភាគមួយចំនួនដែលស្និទ្ធនឹងបក្សប្រឆាំងក៏បាននាំគ្នាបន្ទរសម្លេងចោទរាជរដ្ឋាភិបាល
ថាបានដាក់ការគាបសង្កត់ទៅលើបក្សប្រឆាំង តាមរយៈប្រព័ន្ធតុលាការផងដែរ ដោយសារតែសកម្មជនរបស់បក្សសង្គ្រោះជាតិទាំងនោះត្រូវបានតុលាការ
បើកចំណាត់ការតាមនីតិវិធី ។
បើតាមការសង្កេតមើលរបស់ប្រជាពលរដ្ឋ
ក្រុមសង្គមស៊ីវិល និងអ្នកវិភាគដែលមាននិន្នាការប្រឆាំងមួយចំនួន
គឺពិតជាក្រុមតែមួយ ពីព្រោះនៅពេលដែលគណបក្សសង្គ្រោះជាតិ ស្រែកបែបណា
គឺក្រុមសង្គមស៊ីវិល
និងអ្នកវិភាគបែបប្រឆាំងទាំងនោះតែងតែលើកហេតុផលដូចគ្នាជានិច្ច។
មានពេលខ្លះក្រុមរបស់គេក៏បើកឱកាសឲ្យក្រុមសង្គមស៊ីវិលស្រែកមុន
រួចទើបខាងគណបក្សសង្គ្រោះជាតិ ស្រែកបន្ទរវិញម្តង
មើលទៅវាហាក់ដូចជាត្រូវដង ត្រូវផ្លែគ្នាខ្លាំងណាស់។
តាមពិត
ការឃាត់ខ្លួនមនុស្សមួយចំនួននាពេលនេះ «គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវរបស់សមត្ថកិច្ច» យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ
ក្នុងការចាត់វិធានការណ៍ច្បាប់ ទៅលើជនដែលបានប្រព្រឹត្តបទល្មើសជាក់ស្តែង
។ បក្សប្រឆាំង និងសង្គមស៊ីវិល ទាំងនោះគួរមានភាពសុច្ចរិត
ក្នុងការបែងចែកឲ្យដាច់ស្រឡះ រវាងទិដ្ឋភាពច្បាប់ ទិដ្ឋភាពបទល្មើស
និងទិដ្ឋភាពនយោបាយ ។
ពួកគេមិនគួរចាត់ទុកការអនុវត្តនីតិរដ្ឋរបស់ប្រទេស
មករួមបញ្ចូលជាមួយកិច្ចព្រមព្រៀងនយោបាយ ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាកន្លងមកនោះទេ។
ទាក់ទងរឿងសកម្មជនគណបក្សប្រឆាំង
ប្រព្រឹត្តិបទល្មើសអំពើហិង្សា វាគឺជាបទល្មើសជាក់ស្តែង
របស់បុគ្គលម្នាក់ៗបានប្រព្រឹត្តិ ហើយបុគ្គលនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់
ដោយមិនអាចយកមករាប់បញ្ចូលជាកញ្ចប់ នៅក្នុងបញ្ហាដំណោះស្រាយនយោបាយ
បានឡើយ។
ការយល់ច្រឡំដ៏ខុសឆ្គង
នូវអត្ថន័យរបស់ពាក្យ «ដំណោះស្រាយនយោបាយ»ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០១៤ គឺជារឿងមួយគួរឲ្យសោកស្តាយ។
កិច្ចព្រមព្រៀងនយោបាយ
គឺមិនបានរួមបញ្ចូលគ្នានូវអ្វីដែលទាក់ទងទៅនឹងការអនុវត្តច្បាប់របស់ប្រទេស
និងការប្រើអំពើហិង្សារបស់បុគ្គល ឬក្រុមណាមួយ
ដែលបានរំលោភលើសិទ្ធិពលរដ្ឋដូចគ្នាថានឹងមិនទទួលទោសទណ្ឌនោះទេ។
រដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ពលរដ្ឋគ្រប់រូបត្រូវបានការពារដោយស្មើភាពគ្នានៅចំពោះមុខច្បាប់។
ការបង្កើតនូវវប្បធម៌និទណ្ឌភាពនៅក្នុងសង្គម គឺជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ហើយ «យុត្តិធម៌និងនយោបាយមិនអាចលាយឡំគ្នាបានទេ»
។ សង្គមមួយដែលរស់ក្នុងនីតិរដ្ឋ រាល់ការទាមទារទាំងឡាយណាដែលគ្មានមូលដ្ឋានច្បាប់
គឺជាការដើរខុសផ្លូវនៃលទ្ធិប្រជាធិបតេយ្យ។
កន្លងមក
គណបក្សសង្គ្រោះជាតិតែងតែលើកឡើងកុំឲ្យមាននិទណ្ឌភាពនៅកម្ពុជា
ហើយតែងចោទស្ថាប័នតុលាការថាមិនឯករាជ្យ ឬនៅក្រោមការបញ្ជារបស់អ្នកនយោបាយ
ប៉ុន្តែពេលដែលសកម្មជនគណបក្សសង្គ្រោះជាតិប្រព្រឹត្តិបទល្មើសជាក់ស្តែង
បង្កអំពើហិង្សា បែរជា មន្ត្រីគណបក្សនេះ ព្រមានដល់ស្ថាប័នតុលាការឲ្យមានការដោះលែងជនល្មើស
ដែលជាការបង្គាប់បញ្ជាទៅលើស្ថាប័នតុលាការ
ដែលជាស្ថាប័នឯករាជ្យមួយក្នុងចំណោមស្ថាប័នឯករាជ្យទាំងបី
ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ទៅវិញ។ តើឯណាទៅយុត្តិធម៌
សម្រាប់ជនរងគ្រោះនោះ?
តាមពិត
មកដល់តំណាក់កាលនេះមន្ត្រីគណបក្សប្រឆាំង មិនគួរប្រើពាក្យព្រមាន អុជអាល
ញុះញង់ ឬបំភ្លៃរឿងពិត ដែលជំរុញឲ្យបក្សនយោបាយទាំងពីរ បន្តឈ្លោះគ្នាតទៅទៀតនោះទេ។
ប្រការដែលមិនបានបែងចែកច្បាស់លាស់អំពីទិដ្ឋភាពច្បាប់
និងទិដ្ឋភាពនយោបាយ វានឹងនាំឲ្យសង្គម និងប្រទេសជាតិ កាន់តែប្រេះស្រាំគ្មានទីបញ្ចប់
ហើយទីបំផុតពាក្យ នីតិរដ្ឋ ដែលបក្សសង្គ្រោះជាតិ តែងតែប្រើប្រាស់
ដើម្បីសុំសន្លឹកឆ្នោតពីប្រជាពលរដ្ឋ នឹងមិនអាចមានក្នុងសង្គមខ្មែរបានឡើយ។
ត្រង់ចំណុចនេះ ចង់បញ្ជាក់ថា មន្ត្រីគណបក្សសង្គ្រោះជាតិ ពិតជាបានដឹងច្បាស់ថា
សកម្មជនរបស់ខ្លួនពិតជាបានប្រព្រឹត្តិនូវបទល្មើសព្រហ្មទណ្ឌយ៉ាងពិតប្រាកដ
ទើបពេលនេះមន្ត្រីនោះ ស្នើឲ្យមានការដោះលែងសកម្មជនទាំងនោះ
ដោយរាប់បញ្ចូលទៅក្នុងកញ្ចប់ «ដំណោះស្រាយនយោបាយ» ទៅវិញ។
ដូច្នេះ ប្រសិនបើរាល់ពេលដែលជនល្មើស ពាក់ស្លាកជាសកម្មជន
នយោបាយរបស់គណបក្សណាមួយ ហើយបានប្រព្រឹត្តិបទល្មើសជាក់ស្តែង
សុទ្ធតែត្រូវបានលើកលែងទោសបែបនេះ តើប្រទេស អាចអនុវត្តនូវនីតិរដ្ឋ
បានដែរឬទេ? គួររួមគ្នាបញ្ឈប់នូវវប្បធម៌និទណ្ឌភាព
សម្រាប់ប្រទេសជាតិយើង។
ជារួម
កិច្ចព្រមព្រៀងលើដំណោះស្រាយនយោបាយ
មិនអាចយកមកអនុវត្តក្នុងប្រព័ន្ធតុលាការបានទេ
ប្រសិនបើគ្រប់អ្នកនយោបាយចង់បានប្រទេសមួយដែលប្រកបដោយនីតិរដ្ឋ
មានការគោរពសិទ្ធិមនុស្សពេញលេញ
និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យពិតៗ ៕
Subscribe to:
Posts (Atom)