Friday, May 23, 2014

ពិធី​បើក​ពិព័រណ៍​​អប់​រំ​ឧត្តម​​សិក្សា​​ប្រទេស​​ចិន​​លើក​​ទី២ ក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន អញ្ជើញ​​បើក​​ពិព័រណ៍​​អប់រំ​​ឧ​ត្ត​​ម​សិក្សា​​ប្រទេស​​ចិន​​លើក​​ទី​២ នៅ​​រាជ​បណ្ឌិត​​សភា​​កម្ពុជា​

ស្តង់​ពិព័រណ៍​អប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សាមក​ពី​ប្រទេស​ចិនចំនួន២២ ត្រូវ​បាន​ដាក់​តាំង​នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ ដើម្បី​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​ចាប់​ពី​ថ្ងៃទី២២ ខែឧសភា ឆ្នាំ​២០១៤តទៅ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការគណៈរដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​សម្ពោធ​ការ​តាំង​ពិព័រណ៍អប់រំ​ឧត្តម​សិក្សា​ប្រ​ទេស​ចិន​លើក​ទី​ ២ នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤។

ពិព័រណ៍​អប់រំ​ឧ​ត្ត​ម​សិក្សា​ប្រទេស​ចិន​លើក​ទី២ នេះ​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា និង​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប សំដៅ​ចូលរួម​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​។ វត្តមាន​ក្នុង​ពិធី​សម្ពោធពិព័រណ៍​អប់រំ​ឧ​ត្ត​ម​សិក្សា​ប្រទេស​ចិន​លើក​ទី២ មាន​ឯកឧត្តម លី ជាវគង់ ភារធារី​នៃ​ស្ថាន​ទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី លីវ ជីងហួយ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អាហារូបករណ៍​របស់​ប្រទេស​ចិន​ ចូល​រួម​ជាមួយ​នឹងមន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​ចាត់​ទុក​ថា​ ការរៀបចំ “​ពិព័រណ៍​អប់រំ​ឧ​ត្ត​ម​សិក្សា​ប្រទេស​ចិន​” នេះ​គឺជា​ការរួម​ចំណែក​ដ៏​សំខាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថ្មីៗ នៃ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​ប្រកប​ដោយ​គុណភាព​ខ្ពស់​ ទាំង​ចំណេះដឹង ចំណេះ​ធ្វើ គុណធម៌ និងសីលធម៌​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន បានមាន​ប្រសាសន៍​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ថា “​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត និង​គាំទ្រ​ឱ្យមាន​ការងារ​ពិព័រណ៍​នេះ​ជា​រៀងរាល់​ឆ្នាំ​ដើម្បី​ផ្តល់​ពុទ្ធិ​ និង​បទពិសោធន៍​បន្ថែម​ដល់​សិស្ស​-​និស្សិត​កម្ពុជា អំពី​ស្ថានភាព​សិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​ប្រ​ទេស​ចិន​”​។ ពិព័រណ៍​នេះ ក៏​ជាការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ​នៅក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​កំណែទម្រង់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ លើសពីនេះ​ទៀត​ពិព័រណ៍​នេះ ​ក៏​រួមចំណែក​ផងដែរ​ដល់​បេសកកម្ម​ពង្រឹង ​និង​ពង្រីក​ចំណង​ការទូត​រវាង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត ចិន​តាមរយៈ​ទំនាក់ទំនង​នៃ​វិស័យ​អប់រំ​នៃ​ប្រទេស​យើង​ទាំងពីរ​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍រំឭកឡើង​វិញ​ថា​ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ កន្លងមកនេះ នៅក្នុង​ពិធីបិទ​សន្និសីទ​អន្តរ​ជាតិ​លើក​ទី២​របស់​វិទ្យាស្ថាន​ខុងជឺ​នៃរាជ ​បណ្ឌិត្យ​សភាកម្ពុជា ស្តីពី​  «ខួប៥៥ឆ្នាំ នៃទំនាក់ ទំនងការ ទូតកម្ពុជា-ចិន» ឯកឧត្តម​បណ្ឌិត​សភាចារ្យ បាន​រំឭកអំពី​ប្រវត្តិ​នៃទំនាក់​ទំនង​រវាង​ប្រទេស​យើងទាំងពីរដែល​មានតាំងពី​យូរលង់​ណាស់​​មកហើយ។

ទាក់​ទង​នឹង​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធារណ​រដ្ឋប្រជា​មានិត​ចិន ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា បច្ចុប្បន្ននេះ ទំនាក់​ទំនង​ចំណង​មិត្តភាព សាមគ្គី​ភាព និង​ភាតរភាពនេះ កាន់​តែ​មាន​ភាពស្អិត​រមួត​ថែម​ទៀត ដោយ​ឈរ​លើ​គោលការណ៍​គោរព​អធិបតេយ្យ​ភាព និង​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​សម្រេច​បាន​នូវ​ដំណាក់​កាល​ ថ្មី​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ គឺ​ភាព​ជាដៃ​គូយុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។ ជាលទ្ធផល​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​គ្រប់វិស័យ​កាន់តែ​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​ថែមទៀត​ ដែលជា​កត្តានាំ​មក​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​ សម្រាប់​ផល​ប្រយោជន៍​ទៅវិញ​ទៅមក​ នៃប្រជា​ពលរដ្ឋ​ និង​ប្រទេស​យើង​ទាំង​ពីរ។ ជាង​នេះ​ទៅទៀត នៅ​ក្នុង​គោលនយោបាយ​ការបរទេស រាជរដ្ឋា​ភិបាល​កម្ពុជា​ជានិច្ច​ ​កាល​គាំទ្រ​គោល​នយោ​បាយ​ចិន​តែមួយ និង​ជាដៃគូ​យុទ្ធ​សាស្ត្រ​ដ៏​ស៊ី​ជម្រៅ ។ នេះ​គឺ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ជំហរ​ឥតងាករេ​របស់​រាជរដ្ឋាភិបាល​ កម្ពុជា ចំពោះ​គោល​នយោ​បាយ​ការបរទេស​អព្យាក្រឹត សន្តិ​សហ​វិជ្ជមាន មិន​ចូល​បក្ស​សម្ព័ន្ធ កសាង​ទំនាក់ទំនង​មិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ប្រទេស​ ដោយ​ឈរ​លើ​គោលការណ៍​សមភាព គោរព​ឯករាជ្យ អធិប​តេយ្យ បូរណ​ភាព​ទឹកដី និង​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ បណ្ឌិត​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅលើ​វិស័យ​អប់រំ​ដែលជា​វិស័យ​អាទិភាព​មួយ​ដ៏​សំខាន់ ដោយ​ហេតុថា​វិស័យនេះ គឺជា​ឆ្អឹងខ្នងសម្រាប់​ទ្រទ្រង់​ការអភិ​វឌ្ឍ​សេដ្ឋកិច្ច​ជាតិ ព្រម​ទាំង​ការអភិវឌ្ឍ​វិស័យ​ដទៃៗ​ទៀត​។

លោកជុំ​ទាវ​បណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​បញ្ជាក់​ថា ពិព័រណ៍​លើក​ទី​១ បានរៀបចំ​ឡើង​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៣ ដោយមាន​ការចូលរួម​ពី​សាកលវិទ្យាល័យ​ល្បីៗ​របស់​ចិន​ចំនួន​១៤​។ ដោយឡែក​ពិព័រណ៍​លើក​ទី​២ នេះ ​មានសាកលវិទ្យាល័យ​ល្បីៗ​របស់​ចិន​ចំនួន ២២ បានមក​ចូលរួម​ផងដែរ​។​

លោកជុំ​ទាវ​ ​ខ្លូត​ធីតា ​បន្តថា ​“​ជា​រៀងរាល់ឆ្នាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានផ្តល់​អាហារូបករណ៍​ជាច្រើន​ដល់​និស្សិត​កម្ពុជា​។ ដោយសារ​ធនធានមនុស្ស​ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ ខ្ញុំសង្ឃឹម​យ៉ាង​មុតមាំ​ថា ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រុម​ប្រឹក្សាជាតិ​អាហារូបករណ៍​របស់​ប្រទេស​ចិន ​នឹង​ពិចារណា​ផ្តល់​អាហារូបករណ៍​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​​ដល់​និស្សិត​កម្ពុជា​”​។​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជាចំនួន ១៤០០នាក់ បាន​និង​កំពុង​សិក្សា​នៅ​សាធារណៈរដ្ឋ​ប្រជា​មានិត​ចិន ដោយ​ការ​ផ្តល់​ការ​អាហារូបករណ៍​ពី​ប្រទេស​ចិន និង​ការ​បង់​ថ្លៃ​សិក្សា​ដោយ​ខ្លួន​ឯង៕