Friday, September 05, 2014
បទអត្ថាធិប្បាយ៖ ការចោទប្រកាន់ដ៏ខុសឆ្គងមកលើកាកបាទក្រហមកម្ពុជា តើវាជាគោលការណ៍របស់វិទ្យុអាស៊ីសេរី ឬក៏ជាការបម្រើឲ្យនយោបាយបក្សប្រឆាំង?
អត្តបទដោយ: ឧត្តម សក្តិ
វិទ្យុអាស៊ីសេរីដែលគេគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា មាននិន្នាការបម្រើឲ្យនយោបាយបក្សប្រឆាំងផ្កាប់មុខ ប្រាសចាកអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បំពានយ៉ាងអគតិ ខ្វះមនសិការជាតិ បំផ្លាញលើព្រហ្មវិហារធម៌របស់កាកបាទក្រហមកម្ពុជា ដែលទង្វើនេះស្តែងទ្បើងកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ តាមរយៈការចោទប្រកាន់មកលើអង្គការមនុស្សធម៌ថ្នាក់ជាតិ កាកបាទក្រហមកម្ពុជាថា ត្រូវបានគេប្រែក្លាយឲ្យទៅជាស្ថាប័នដែលប្រកាន់និន្នាការនយោបាយ ហើយញាំញីទៅដោយក្រុមប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាលកម្ពុជា។ មិនតែប៉ុណ្ណោះ វិទ្យុនេះបានហៅស្ថាប័នមួយនេះថា ជាកន្លែងលាងលុយរបស់ក្រុមឧកញ៉ាកំពូលៗ និងជាកន្លែងទទួលបានយ័ន្តស័ក្ដិសិទ្ធិ ដើម្បីរកស៊ីជួញដូរខុសច្បាប់ ហើយគឺជាសេនាធិការរកសំឡេងឆ្នោតឲ្យគណបក្សកាន់អំណាចនោះទៅវិញ។
តើការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនេះ ធ្វើទ្បើងដើម្បីអ្វី? ក្នុងចេតនាបែបណា?តើវាជាការមិនដឹង ឬក៏ធ្វើជាភ្លើក្នុងរឿងកាកបាទក្រហមកម្ពុជា?
តាំងពីដើមរៀងមក គឺវិទ្យុអាស៊ីសេរីមិនដែលផ្សព្វផ្សាយព័ត៌មានដែលជាសកម្មភាពវិជ្ជមានជាអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាលស្របច្បាប់ ឬក៏នៅក្នុងកាកបាទក្រហមជាតិម្តងណានោះទេ បានន័យថា វិទ្យុអាស៊ីសេរីបានប្រែក្លាយអំពីឯករាជ្យភាពរបស់ខ្លួនឲ្យទៅជាអ្នកនាំពាក្យឲ្យគណបក្សប្រឆាំងនៅកម្ពុជា។ ទោះបីជាអ្នកនាំពាក្យ ឬជាយន្តការបំពងសំឡេងដើម្បីទាក់ទាញការគាំទ្រឲ្យគណបក្សប្រឆាំងយ៉ាងណាក៏ដោយចុះ វិទ្យុអាស៊ីសេរីគួរណាស់ស្គាល់អំពីសារបានរបស់កាកបាទក្រហម ដែលស្ថាប័ននេះត្រូវបានបង្កើតឡើងដោយផ្អែកលើអនុសញ្ញាក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩ ពិធីសារបន្ថែម ឆ្នាំ ១៩៧៧ និងអនុសញ្ញានានាដែលស្ថិតក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ទស្សនវិស័យរបស់កាកបាទក្រហមកម្ពុជា គឺដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជាសកល ដែលមានលក្ខណៈស្មុគស្មាញក្នុងការសង្គ្រោះជីវិតមនុស្ស នឹងដើម្បីពន្លឿនកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
យ៉ាងណាមិញ កាកបាទក្រហមកម្ពុជាក៏ត្រូវបានបង្កើតឡើងតាមរយៈការធ្វើមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០០០ ហើយដែលបានឡាយព្រះហស្ថលេខាទទួលស្គាល់ពីអតីតព្រះមហាវីរក្សត្រ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០០២ ហើយបាន និងកំពុងដំណើរការសកម្មភាពយ៉ាងសកម្ម ពោរពេញដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុត ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
តើស្ថាប័នកាកបាទក្រហមកម្ពុជាមានទិសដៅ និងសកម្មភាពមិនស្របទៅតាមគោលការណ៍ជាមូលដ្ឋានមនុស្សធម៌ ដូចដែលការចោទប្រកាន់របស់វិទ្យុអាស៊ីសេរីនេះ ឬយ៉ាងណា?
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋកម្ពុជាបានដឹងយ៉ាងច្បាស់ថា កាកបាទក្រហមកម្ពុជាបើកទូលាយសម្រាប់ជនគ្រប់រូប ស្ថាប័នជាតិ ឬឯកជន ដោយមិនបែងចែកពូជសាសន៍ភេទ ជំនឿសាសនា ភាសា វណ្ណៈ ឬទស្សនៈនយោបាយឡើយ។ កាកបាទក្រហមកម្ពុជា ឈរលើគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិ រួមមាន៖ ភាពជាមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។
ការប្រតិបត្តិនូវសកម្មភាពយ៉ាងខ្ជាប់ខ្ជួន ពោរពេញដោយឧត្តមភាពនេះ គឺមានការសាទរស្វាគមន៍ពីប្រជាពលរដ្ឋយ៉ាងកក់ក្ដៅបំផុត ទៅលើសកម្មភាពមនុស្សធម៌ ចាប់តាំងពីកាកបាទក្រហមបានចាប់ផ្ដើមបង្កើតឡើង រហូតមកដល់ពេលនេះ។ ជាងនេះទៅទៀត កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រយ៉ាងសកម្មពេញទំហឹងពីសប្បុរសជន និងឥស្សរជនជាតិ និងអន្តរជាតិ ទាំងសកម្មភាព និងថវិកាយ៉ាងច្រើនជារៀរាល់ឆ្នាំ។ ហើយថវិកាទាំងនោះ គឺមានការគ្រប់គ្រង នឹងយកទៅបែងចែកដោះស្រាយទាន់ពេលវេលាដោយតម្លាភាព និងគណនេយ្យភាព ដោយភាពជឿជាក់ទុកចិត្តបំផុតពីសប្បុរសជន និងរាជរដ្ឋាភិបាលកម្ពុជា។ ផ្តើមចេញពីភាពជោគជយ័នេះហើយ ទើបដៃគូអន្តរជាតិ និងកាកបាទក្រហមពិភពលោក បានកោតសរសើរពីកាកបាទក្រហមកម្ពុជា នឹងបានផ្តល់ចំណាត់ថ្នាក់លេខ ១ ថែមទៀតផង។
ផ្ទុយទៅវិញ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរី ជាពិសេស លោក តាំង សារ៉ាដា ហាក់បីដូចជាបំភ្លេចចោលទាំងស្រុង នូវអ្វីដែលជាការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា តាមរយៈការប្រៀបធៀបដ៏ខុសឆ្គង នៅពេលដែលខ្លួនឯងកំពុងតែស្ថិតក្នុងជំហរងប់ងុលនឹងការគាំទ្រគណបក្សប្រឆាំងជ្រុលហួស តែបែរជាខ្លួនឯងហ៊ានចោទប្រកាន់ទាំងងងឹតងងុលថា កាកបាទក្រហមកម្ពុជាធ្វើការដើម្បីបម្រើគណបក្សនយោបាយនោះទៅវិញ។ ការពិត មានតែពួកគណបក្សប្រឆាំងទេ ដែលនិយមចូលចិត្តញុះញង់ប្រជាពលរដ្ឋដែលជាសកម្មជនរបស់ខ្លួនមកពីតាមបណ្ដាខេត្ត ឲ្យមានការប្រមូលផ្ដុំគ្នា ហើយភ្ជាប់រឿងនយោបាយរបស់ខ្លួន ដើម្បីទាមទារឲ្យកាកបាទក្រហមដោះស្រាយបញ្ហានេះ បញ្ហានោះ ទោះជាពួកគេបានដឹងយ៉ាងច្បាស់ណាស់ថា បញ្ហាទាំងនោះមិនស្ថិតក្រោមការទទួលខុសត្រូវរបស់កាកបាទក្រហមយ៉ាងណាក៏ដោយ។ នរណាក៏បានដឹងដែរថា ភាពពិតដែលនៅពីក្រោយឆាកនៃការប្រមូលផ្ដុំនេះ គឺជាក្រុមមនុស្សរបស់គណបក្សប្រឆាំងដែលបង្កើតឡើង ហើយចង់បង្វែររឿងអំពីការដែលកាកបាទក្រហមមិនបានជួយប្រជាពលរដ្ឋ ព្រោះតែកាកបាទក្រហមមិនមានយុត្តាធិការអ្វីសោះ ក្នុងការដោះស្រាយទំនាស់ មកជារឿងនយោបាយរបស់ខ្លួន ហើយយកលេសនេះចោទមកលើកាកបាទក្រហមកម្ពុជាថា ប្រកាន់និន្នាការនយោបាយនោះទៅវិញ។
ក្នុងន័យនេះ តើ លោក តាំង សារ៉ាដា ជានរណាឲ្យពិតប្រាកដ? តើជាអ្នកនយោបាយ ស៊ីឈ្នួលដាច់ថ្លៃរបស់គណបក្សប្រឆាំងឬក៏ជាអ្នកសារព័ត័មាន ដែលគួរតែគោរពអោយបានត្រឹមត្រូវនូវវិជ្ជាជីវៈរបស់ខ្លួន? បើក្នុងនាមជាអ្នកផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ គប្បី តាំង សារ៉ាដា ជាពិសេសវិទ្យុអាស៊ីសេរីត្រូវតែឈរលើគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន (check in balance) ព័ត៌មាន ត្រូវឈរលើមូលដ្ឋានពិត ហើយមើលឃើញអំពីផលប្រយោជន៍រួមនៅក្នុងប្រទេសជាតិ មើលឃើញអំពីការចូលរួមរបស់កាកបាទក្រហម និងសប្បុរសធម៌ ជាជាងប្រែក្លាយសន្តានចិត្តសប្បុរសធម៌ឲ្យទៅជាការឈឺចាប់ផ្លូវចិត្ត ដែលប៉ះពាល់ដល់ទឹកចិត្តរបស់អ្នកដែលបានជួយដ៏ស្មោះត្រង់ចំពោះប្រជាពលរដ្ឋ។
បន្ថែមពីលើនេះ វិទ្យុអាស៊ីសេរីមិនគួរតាំងខ្លួនឯងធ្វើជាថ្នាំពិស ឬក៏ធ្វើជាឧបករណ៍នយោបាយដាច់ថ្លៃឲ្យគណបក្សប្រឆាំង ដោយមិនបានរួមចំណែកនៅក្នុងការរក្សាការពារឯកភាពជាតិ ស្ថេរភាពជាតិ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ឬមួយក៏ចូលរួមនៅក្នុងកិច្ចការមនុស្សធម៌ ដែលខ្លួនឯងមិនបានជួយ ហើយបែរជាទៅបំផ្លាញការងារមនុស្សធម៌ តាមរយៈការដែលភ្ជាប់រឿងមនុស្សធម៌ទៅនឹងរឿងនយោបាយ ហើយវាយបំបាក់ទឹកចិត្តមនុស្សធម៌របស់សប្បុរសជននោះទៅវិញទេ។
ដូចនេះ ជាការជំនួសមកវិញ វិទ្យុអាស៊ីសេរីគួរមានភាពខ្មាស់អៀនចំពោះសច្ចធម៌ពិតប្រាកដ ហើយបញ្ចប់ទៅ នូវវប្បធម៌ដែលមើលអ្នកដទៃ និងវិនិច្ឆ័យថា គេអាក្រក់ ប៉ុន្តែ ខ្លួនឯងដែលទទួលប្រាក់ជំនួយពីសហរដ្ឋអាមេរិករាប់លានដុល្លារ មិនបានជួយដល់ជាតិខ្មែរម្តងណានោះទេ ក្រៅតែអំពីការរាយការណ៍ព័ត៌មានភូកកុហក់ បោកបញ្ឆោត ហើយញុះញង់ បំពេញចិត្តចៅហ្វាយនាយខ្លួន និងបង្ករឲ្យមានអរិភាពរវាងសប្បុរសធម៌ ដែលគេបានយកចិត្តទុកដាក់ជាមួយពលរដ្ឋខ្មែរដោយស្មោះសរ បង្កើតបញ្ហាទៅជារឿងនយោបាយ ខណៈដែលធាតុពិត គឺវិទ្យុអាស៊ីសេរីខ្លួនឯង បាននិងកំពុងធ្វើខ្ញុំកញ្ជះនយោបាយដាច់ថ្លៃឲ្យគណបក្សប្រឆាំងនៅកម្ពុជា៕
សម្តេចតេជោ៖ កម្ពុជាមានវិស័យអាទិភាពជាច្រើនកំពុងតែអនុវត្តន៍ដើម្បីអភិវឌ្ឍន៍ប្រទេស
កម្ពុជាមានវិស័យអាទិភាពជាច្រើន ដែលបាននិងកំពុងតែអនុវត្តន៍ដើម្បីអភិវឌ្ឍន៍ប្រទេស។ នេះជាប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួលជួបសវនាការ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ASEAN នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ASEAN អំពីអាទិភាពរបស់កម្ពុជា ដែលរួមមានទី១, ការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពចម្បង។ ទី២, ជំរុញការអភិវឌ្ឍន៍លើវិស័យកសិកម្ម ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការស្តារប្រព័ន្ធស្រោចស្រព។ ទី៣, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទូរគមនាគមន៍ និងទី៤, ការស្ថាបនាថាមពលអគ្គិសនី។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា កម្ពុជាកំពុងតែប្រែទិសនៃការអភិវឌ្ឍន៍ ពោលគឺបន្ថែមទៅលើការជំរុញការវិនិយោគលើវិស័យឧស្សាហកម្មអតិពលកម្មតាមរយៈឧស្សាហកម្មកែច្នៃ។
លោកជំទាវ Kathleen Santillo នាយកគម្រោងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកមានប្រសាសន៍ឲ្យដឹងថា លោកជំទាវបាននាំមកនូវអ្នកវិនិយោគ អាមេរិក-អាស៊ាន មកកាន់ប្រទេសកម្ពុជានៅពេលនេះ ក្នុងគោលបំណងទី១, ដើម្បីស្វែងយល់ពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទី២, ដើម្បីចូលរួមចំណែកក្នុងការវិនិយោគលើវិស័យឯកជនផង និងវិស័យសាធារណៈផង និងទី៣, ដើម្បីចូលរួមក្នុងវិស័យឧស្សាហកម្មខ្នាតតូច និងមធ្យម ជាពិសេសនៅក្នុងបណ្តាប្រទេសអាស៊ាន និងការងារដទៃទៀត។
ក្នុងជំនួបសាវនាការនោះដែរ ឯកឧត្តម វីលៀម ខត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងឆ្នាំខាងមុខនេះ ទិសដៅរបស់ឯកឧត្តម គឺធ្វើយ៉ាងណាលើកស្ទួយអ្នកវិនិយោគទុនអាមេរិកមកកាន់កម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើនការងារផង និងដើម្បីបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនកម្ពុជាផងដែរ៕
Subscribe to:
Posts (Atom)