Wednesday, August 07, 2019

សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រធានាធិបតី ស្រីលង្កា អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា ( Maithripala Sirisena ) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា
រសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ ២០១៩

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នារសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានលោក ម៉ៅទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីស្រីលង្កាក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កា ដែលបានអមដំណើរមកធ្វើការសិក្សាស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា។
* សម្តេចតេជោ បានថ្លែងថា វេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា ផ្តល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មានអំពីការវិវត្តសំខាន់ៗនៅកម្ពុជា ពាក់ព័ន្ធកាលានុវត្តភាព និងសក្តានុពលធុរកិច្ចនិងវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
* សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីជាង ៦ទសវត្សរ៍មុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។
* សម្តេចតេជោ បានថ្លែងថា កម្ពុជា-ស្រីលង្កា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការឡើង វិញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ហើយទំនាក់ទំនងប្រទេសទាំងពីរមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។
* សម្តេចតេជោ បានថ្លែងថា កាលពីឆ្នាំ១៩៧៩ នៅពេលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងការបរទេស សម្តេចបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ
ចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងកូឡំបូ ដែលនោះជាទស្សនកិច្ចលើកដំបូងរបស់សម្តេចនៅប្រទេសស្រីលង្កា។
* សម្តេចបានថ្លែងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីស្រីលង្កានាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ជាពិសេសក្នុងវិស័យការទូត ពាណិជ្ជកម្ម និងទេសចរណ៍។
* សម្តេចតេជោនាយករដ្ឋបានថ្លែងថា ដើម្បីជាសក្ខីភាពតាមរយៈដំណើរទស្សនកិច្ចនេះ នាថ្ងៃស្អែក នឹងមានការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ៧,៥% ដែលអត្រាកំណើននេះ ជាមូលដ្ឋាននៃការបន្តភាពរឹងមាំនៅក្នុងឆ្នាំ២០១៩។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងទាំងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេល៥ឆ្នាំកន្លងទៅ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន ១លានកន្លែង។
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តួលេខវិនិយោគក្នុងឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគត្រូវបានអនុម័តមានចំនួន ១៥៣គម្រោង ក្នុងទុនវិនិយោគប្រមាណ ៥.២ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆមាសទី១ ឆ្នាំ២០១៨ ចំនួនគម្រោងមានការកើនឡើង ៤៨គម្រោង ខណៈដែលទុនវិនិយោគមានការកើនឡើងប្រមាណ ២ពាន់លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបានស្វាមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជា ២,៨៨លាននាក់ មានការកើនឡើង ១១,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៥ខែឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរស្រីលង្កា បានកើនឡើង ២២% គឺពី ១,៤៣៧នាក់ ដល់ ១,៧៥៦នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលជាយុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។
* សម្តេចតេជោ បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់កម្ពុជា បានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន ៖ (១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្តល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់, (២) សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ, (៣) ផលិតកម្មកសិឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក, (៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែច្រវាក់តម្លៃសកល និង (៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែច្រវាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ជំនាន់ទី៤ ឆ្នាំ២០១៩ ២០២៣ ដែលមានទិសដៅច្បាស់លាស់សម្រាប់ការអនុវត្តសកម្មភាពគោលនយោបាយរវាងភាគីពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលបំណង (ទី១). ពង្រឹងភាពប្រកួតប្រជែងសម្រាប់គាំទ្រដល់ការចាកចេញរបស់កម្ពុជាពីប្រទេសអភិវឌ្ឍន៍តិចតួច និងការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យ ២០៣០ និង (ទី២) ចាប់យកប្រភពថ្មីសម្រាប់កំណើន ដូចជាសេវាកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (IR ៤.០)។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុងការអភិវឌ្ឍប្រទេស។
* សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការសន្ទនាមួយ ហៅថា «វេទិការាជរដ្ឋាភិបាលឯកជន» ដឹកនាំផ្ទាល់ និងដោយមានការចូលរួមពី រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។ យន្តការនេះផ្តល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។
* សម្តេចតេជោ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចបានដឹកនាំវេទិការាជរដ្ឋាភិបាល។ ផ្នែកឯកជន លើកទី១៨ ដែលក្នុងឱកាសនោះ ខ្ញុំបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅ ១) បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា, ២) កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និង ៣) ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។
* សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្នវិធានការទាំងនេះ ត្រូវបាននិងកំពុងអនុវត្តយ៉ាងហ្មត់ចត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំ ឱ្យមានយន្តការមួយច្បាស់លាស់សម្រាប់ពិនិត្យ និងធ្វើការតាមដានការអនុវត្តវិធានការទាំងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការសម្រេចគោលដៅទាំង៣ខាងលើ។
* សម្តេចតេជោ បានថ្លែងស្វាគមន៍រាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគស្រីលង្កា ដែលមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជាដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស ពិចារណាយកប្រទេសស្រីលង្កា ជាប្រទេសគោលដៅរបស់ខ្លួន។ សម្តេចតេជោ បានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុនកម្ពុជាតែងតែអំពាវនាវឱ្យអ្នកវិនិយោគបរទេសមកកម្ពុជា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយកម្ពុជា អ្នកវិនិយោគកម្ពុជា ក៏បានចេញទៅវិនិយោគនៅឡាវ មីយ៉ាន់ម៉ា ទីម័រ និងប្រទេសដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងជម្រាបធុរជន និងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ ៥ចំណុចរួមមាន៖
ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពីឆ្នាំ១៩៧៩ កម្ពុជាបានប្រឹងប្រែងដោយប្រើប្រាស់ដៃម្ខាងទប់ស្កាត់ ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀត កសាងអភិវឌ្ឍន៍សេដ្ឋកិច្ចពីចំណុចសូន្យ ដែលមានការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីខាងក្រៅយ៉ាងអយុត្តិធម៌ រហូតបាន បញ្ឈប់សង្គ្រាមស៊ីវិលដ៏រ៉ាំរែកាលពីចុងឆ្នាំ១៩៩៨ ដោយដាក់ចេញនូវ «គោលនយោបាយឈ្នះ-ឈ្នះ» ។ ការប្រឹងប្រែងពុះពារអភិវឌ្ឍជាតិក្នុងរយៈពេលជាង៤០ឆ្នាំចុងក្រោយនេះ បានធ្វើឲ្យកម្ពុជាប្រែមុខមាត់ថ្មីទាំងក្នុងតំបន់ និងសកល ហើយបច្ចុប្បន្ន កម្ពុជាទទួលបានទាំងស្ថិរភាពនយោបាយ សន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ពេញលេញដែលជាមូលដ្ឋានសម្រាប់ទាក់ទាញធុរជន និងវិនិយោគិនមកធ្វើជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា។
ទី២៖ ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
ទី៣៖ កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
ទី៤៖ កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៊ី»។ ទំនិញផលិតនៅកម្ពុជាអាចផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក, ទីផ្សារអនុតំបន់មេគង្គ, ទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗដទៃទៀតក្នុងពិភពលោក។
ទី៥៖ កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌និងធម្មជាតិ» រួមមាន សម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្ត្រ ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគបរទេសទទួលបានផលប្រយោជន៍ និងការគាំពារដូចគ្នានឹងអ្នកវិនិយោគក្នុងប្រទេស ហើយមានលទ្ធភាពដាក់ទុនវិនិយោគ១០០ភាគរយ មិនចាំបាច់មានការចូលរួមពីអ្នកវិនិយោគនៅក្នុងប្រទេសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិនិយោគបរទេសនៅកម្ពុជា មិនត្រឹមតែសម្រាប់ទីផ្សារនៅកម្ពុជានោះទេ តែអាចចែកចាយទៅផ្សារប្រទេសដទៃទៀត ដែលមានប្រជាពលរដ្ឋប្រមាណ ៣ពាន់លាននាក់ ជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូពាណិជ្ជកម្មដទៃទៀតដូចជា ចិន ឥណ្ឌា និងប្រទេសដទៃទៀត។
* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់អ្នកវិនិយោគស្រីលង្កាដែលមានវត្តមាននៅទីនេះធ្វើការពិភាក្សាបន្ថែមជាមួយធុរជនកម្ពុជា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
* សម្តេចតេជោ បានប្រកាសថា ក្នុងនាមរាជរដ្ឋាភិបាលសម្តេចធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានគ្រប់បែបយ៉ាងដែលអនុគ្រោះ និងជួយជំរុញដល់ការវិនិយោគពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៥៖៥៧នាទី នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ៥ចំណុច

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនធុរជននិងអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជាលើ៥ចំណុច។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃពុធទី៧ ខែសីហា ឆ្នាំ ២០១៩ ក្នុងឱកាសដែលលោក និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កាអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
ចំណុចទាំង៥នោះរួមមាន៖
ទី១- ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច
ទី២- ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជានិងអ្នកវិនិយោគបរទេស។
ទី៣- កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុបគួបផ្សំនឹងប្រាក់ឈ្នួលដែលមានភាពប្រកួតប្រជែង។
ទី៤- កម្ពុជាស្ថិតនៅលើទីតាំងយុទ្ធសាស្រ្តក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រអាស៊ី»។
ទី៥- កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌ និងធម្មជាតិ» រួមមានសម្បត្តិវប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត ព្រមទាំងទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រ ទន្លេបឹងបួរ និងព្រៃព្រឹក្សារបស់ជាតិដែលទាំងនេះមានភាពទាក់ទាញសម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ៕





មតិស្វាគមន៍ និងរបាយការណ៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ក្នុងពិធីប្រកាសតួលេខបណ្តោះអាសន្ន នៃជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩










President of Sri Lanka Begins State Visit in Cambodia

Phnom Penh, August 07, 2019 --H.E. Maithripala Sirisena, President of the Democratic Socialist Republic of Sri Lanka, and his spouse started today their four-day state visit in Cambodia, at the invitation of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, King of Cambodia.
The Sri Lankan leaders and their entourage arrived in Phnom Penh this morning and were warmly welcomed upon their arrival at the airport by Samdech Chaufea Veang Kong Som Ol, Deputy Prime Minister and Minister of the Royal Palace and H.E. Khieu Kanharith, Minister of Information, Minister-in-attendance, and many other high-ranking officials.
According to a press release of the Ministry of Foreign Affairs and International Cooperation, during his stay in the Kingdom from Aug. 7 to 10, 2019, President Maithripala Sirisena will have a royal audience with His Majesty the King of Cambodia at the Royal Palace.
President Maithripala Sirisena will also have a meeting with Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, during which various fields of bilateral cooperation will be discussed, aiming to further strengthen friendly ties between the two countries which are deeply connected through Buddhism. The two Leaders will also exchange views on regional and international issues of common concern and interest.
Following this meeting, President Maithripala Sirisena and Samdech Techo Prime Minister Hun Sen will witness the signing of a number of cooperation documents.
Besides, President Maithripala Sirisena will visit Wat Lanka Preah Kosamaram and present to the Most Venerable Samdech Preah Maha Ariyavamsa Sao Chanthol a sapling of the sacred Wijaya Sri Jaya Sri Maha Bodhi. Subsequently, he will attend Na-Tree Planting ceremony at the Meditation Centre of Oudong Mountain which received a gift of 10 Na Trees from the President. President Maithripala Sirisena and members of his delegation will also visit temples in the Angkor Archeological Park, Siem Reap province.
H.E. President of Sri Lanka’s first visit to Cambodia will significantly strengthen the bonds of friendship and expand cooperation in economic, trade, tourism and cultural fields between Cambodia and Sri Lanka.
By C. Nika








ផ្សាយបន្តផ្ទាល់(Live): សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រធានាធិបតី ស្រីលង្កា អញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចំរុះមានការពាក់ព័ន្ធ ចុះត្រួតពិនិត្យដោយផ្ទាល់នូវការបង្ក្រាបបទល្មើសព្រៃឈើ

មណ្ឌលគិរី៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកក្រុមការងារអន្តរក្រសួង និងស្ថាប័នចំរុះដែលមានការពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវការបង្ក្រាបបទល្មើសព្រៃឈើ។
សូមជម្រាបផងដែរថា ក្រុមការងារបានបង្ក្រាបជាបន្តបន្ទាប់នាពេលកន្លងទៅរួមមាន ការឃាត់រថយន្តវេអងជាងម្ភៃគ្រឿង, ត្រួតពិនិត្យរថយន្តបាកុងដែលកម្លាំងបង្ក្រាបបានជាងម្ភៃគ្រឿង ដែលក្រុមការងារបានកាត់ជាកំណាត់ៗរួចរាល់ ត្រៀមធ្វើការបំផ្ទុះជាមួយម្សៅ TNT ដើម្បីបំផ្លាញចោល និងចុះត្រួតពិនិត្យក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

នៅរសៀលថ្ងៃពុធទី៧ ខែសីហា ឆ្នាំ ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា ដែលត្រូវធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
ប្រធានាធិបតីស្រីលង្កា បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីស្រីលង្កាមកកាន់កម្ពុជា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជា និងស្រីលង្កា។
គេហទំព័រ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងផ្សាយ (Live) ពិធីនេះនៅម៉ោង៣:០០នាទីរសៀល ពីសណ្ឋាគារសូហ្វីតែល ភ្នំពេញ៕`

កាកបាទក្រហមកម្ពុជា ជាស្ថាប័នមួយជំនួយការឱ្យអាជ្ញាធរសាធារណ: ដែលបានជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ

កំពង់ឆ្នាំង៖ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូន អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ ចំនួន១.២៧៥គ្រួសារ នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានេះ បានធ្វើឡើងនៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
សូមជម្រាបផងដែរថា កាកបាទក្រហមកម្ពុជា ជាស្ថាប័នមួយជំនួយការឱ្យអាជ្ញាធរសាធារណ: ដែលបានជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ-រងគ្រោះដោយយថាហេតុផ្សេងៗ ជាពិសេស ជួយចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្ដ្រីមេម៉ាយ និងគ្រោះមហន្ដរាយផ្សេងៗទៀត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍អ្វីឡើយ។
ក្នុងឱកាសនោះ គ្រួសារនីមួយៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១(មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១)ទឹកសុទ្ធ១ដប នំបុ័ង១ដើម។
ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា ១ម៉ឺនរៀល ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រីកិត្តិព្រឹទ្ធបណ្ឌិតបន្ថែមទៀតផងដែរ។
ដោយឡែកសិស្សានុសិស្សចំនួន ២១៥នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា ១ម៉ឺនរៀល៕




ក្រសួងពាណិជ្ជកម្មជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ទំនិញ លើកទី៤៨ ប្រចាំឆ្នាំ២០១៩ នៅសាធារណរដ្ឋឥណ្ឌា

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិព័រណ៍ទំនិញ លើកទី៤៨ ប្រចាំឆ្នាំ២០១៩ នៅសាធារណរដ្ឋឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ឥណ្ឌា នៅទីក្រុងដេលី សាធារណរដ្ឋឥណ្ឌា។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



ក្រសួងសុខាភិបាល រកឃើញវ៉ាក់សាំង ២មុខ លក់តាមប្រព័ន្ធ Facebook គ្មានការត្រួតពិនិត្យគុណភាព និងប្រកាសឲ្យឈប់ប្រើប្រាស់ និងចាយចែកបន្ត

ក្រសួងសុខាភិបាល បានរកឃើញវ៉ាក់សាំងចំនួន២មុខ ដែលកំពុងលក់គ្មានប្រភពច្បាស់លាស់ គ្មានបញ្ជិកា គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល, ដូច្នេះក្រសួងអំពាវនាវដល់មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ និងចែកចាយលក់បន្ដ ដើម្បីចៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត ។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា វ៉ាងសាំងទាំងពីរប្រភេទនោះ គឺ Abbayrab និង INDIRAB ដែលកំពុងលក់តាមបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ «ឱសថ អនឡាញ ខេមបូឌា page»៕
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោមនេះ៖






ឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញប្រកាសផ្សព្វផ្សាយតួលេខបណ្ដោះអាសន្ន ជំរឿនទូទៅប្រជាជននៅកម្ពុជា

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ អញ្ជើញប្រកាសផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្នជំរឿនទូទៅប្រជាជន នៅកម្ពុជាឆ្នាំ២០១៩។ ពិធីនេះ ក៏មានការចូលរួមពី លោកទេសរដ្ឋមន្ដ្រី ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានធ្វើឡើងដោយមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
នេះជាការធ្វើជំរឿនលើកទី៣ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅធ្វើឡើងរៀងរាល់១០ឆ្នាំម្ដង ដើម្បីទទួលបានទិន្នន័យប្រជាសាស្ត្រជាក់លាក់ សម្រាប់ប្រើប្រាស់រៀបចំតាក់តែងគោលនយោបាយ ឲ្យបានត្រឹមត្រូវ និងដើម្បីធ្វើជាសូចនាករ ក្នុងការតាមដានត្រួតពិនិត្យផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ២០១៦-២០៣០ ដោយមិនទុកឲ្យនរណាម្នាក់ឯកោឡើយ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការធ្វើជំរឿនប្រជាជនទូទៅ មានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។
ការធ្វើជំរឿនប្រជាជនកម្ពុជា អាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ៕