Monday, May 08, 2017

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំអគ្គគាំពារបរិស្ថាន

នៅថ្ងៃ០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអគ្គគាំពារបរិស្ថាន នៅបណ្ណាល័យ ដើម្បីពិនិត្យវឌ្ឍភាពនៃការអនុវត្តតាមស្មារតីអង្គប្រជុំកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ លើការ រៀបចំធ្វើការសិក្សាការវាយតម្លៃហេតុប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រ សម្រាប់គម្រោងវិនិយោគនៅតាមដងទន្លេមេគង្គ។ កិច្ចប្រជុំនេះក៏រៀបចំឡើង ដើម្បីត្រួតពិនិត្យការអនុវត្ត ការប្រើប្រាស់ថវិកាសេវាអនាម័យ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់ និងកំណត់យុទ្ធសាស្ត្ររៀបចំមន្ទីរពិសោធន៍ជាតិសម្រាប់ធានាគុណភាពសុខភាពសាធារណៈ៕


តំណាងរាស្រ្តមណ្ឌលព្រៃវែង ចុះបើក​ការដ្ឋាន​សាងសង់​អណ្តូង​ទឹកស្អាត​ ​នៅមូល​ដ្ឋាន​​ស្រុកស្វាយអន្ទរ ដើម្បីបំពេញតាមតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

តំណាងរាស្រ្តមណ្ឌលព្រៃវែង លោក ស សុខា រួមជាមួយភរិយា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះបើកការដ្ឋានសាងសង់អណ្តូងទឹកស្អាតមួយ នៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីបំពេញតាមសំណូមពររបស់ប្រជាពលរដ្ឋ ទុកសម្រាប់ប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ។
តំណាងរាស្រ្តមណ្ឌលព្រៃវែង បានឲ្យដឹងថា អណ្ដូងទឹកថ្មីនេះ ដំណើរការឡើងតាមបច្ចេកទេសខ្ពស់ ដែលជាជំនួយរបស់ក្រុមហ៊ុន China Natioal Nuclear Corporation (CNNC) ចាប់ផ្តើមសាងសង់ហើយ ដែលផលិតទឹកចេញមក អាចបរិភោគបានដោយមិនបាច់ចម្អិន ប្រើប្រាស់តាមលក្ខណៈបច្ចេកវិទ្យាទំនើប។
លោក ស សុខា និងលោក ជា សុមេធី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ឲ្យនៅគង់វង្សដើម្បីប្រើប្រាស់បានយូរអង្វែង៕





អភិបាលខេត្តសៀមរាប ចុះពិនិត្យការដ្ឋានសាងសង់មណ្ឌលរដ្ឋបាលមន្ទីរខេត្ត

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានចុះពិនិត្យការសាងសង់មណ្ឌលរដ្ឋបាលមន្ទីរខេត្ត ដើម្បីរៀបចំអោយមន្រ្តីចូលធ្វើការ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទៅទំនាក់ទំនងទទួលសេវា ។
សូមជម្រាបផងដែរថា មណ្ឌលរដ្ឋបាលមន្ទីរខេត្ត មាន២៦អគារ សម្រាប់មន្ទីរអង្គភាពទាំង២៦ នឹងដាក់សម្ភោធអោយប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តសៀមរាប តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» គឺជាប្រធានបទដែលត្រឹមត្រូវបំផុត

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» គឺជាប្រធានបទដែលត្រឹមត្រូវបំផុត។ លោក បានថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ«កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រធានបទរបស់កាកបាទក្រហមកម្ពុជាឆ្នាំនេះ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ជាប្រធានបទត្រឹមត្រូវបំផុតព្រោះថា មិនមែនគ្រាន់តែត្រូវជាមួយសភាពការណ៍របស់កម្ពុជាទេ ក៏ប៉ុន្តែវាត្រូវជាមួយគ្រប់ប្រទេសទាំង អស់ ដែលកើតនូវគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិក្តី ដោយមនុស្សក្តី គឺតែងតែកើតឡើងនៅមូលដ្ឋានឯណោះ។ ដូច្នេះ ការធ្វើសកម្មភាពនៅតាមទីកន្លែងភ្លាមៗគឺជាការចាំបាច់បំផុតសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងសប្បុរសជនទាំងអស់ដែលបានចូលរួម ដោះស្រាយបញ្ហាកាលពីឆ្នាំកន្លងទៅ ដែលនេះបានបង្ហាញពីសាមគ្គីភាព រួបរួមគ្នាជួយគ្នាទៅវិញទៅមក។ កាលពីឆ្នាំមុន គឺជាឆ្នាំមិនគ្រាន់តែជាការខ្វះខាតទឹកសម្រាប់ស្រោចស្រពប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងខ្វះរហូតដល់ទៅទឹកប្រើប្រាស់ និងទឹកសម្រាប់ផឹកទៀតផង។ យុទ្ធនាការទ្រង់ទ្រាយធំមួយបានប្រើកម្លាំងយ៉ាងធំ ទាំងកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ជាន់ ថ្នាក់ ការចូលរួមដ៏ខ្លាំងក្លារបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាវិស័យឯកជនរបស់កម្ពុជា។ តាមរយៈនៃការខិតខំទាំងអស់នេះ វាក៏បានបន្សល់ទុកឱ្យយើងក្រៅពីសង្រ្គោះប្រជាពលរដ្ឋរួច ហើយនោះ ក៏បានប្រើប្រាស់មួយភាគធំដើម្បីជួយជីកអណ្តូងទឹក ស្រះទឹកនៅតាមមូលដ្ឋាន ដែលបច្ចុប្បន្ននេះ ក៏បានជួយសម្រួលឱ្យប្រជាពលរដ្ឋរបស់យើងនៅច្រើនទីកន្លែងដែលធ្លាប់តែខ្វះខាតទឹក មានទឹកប្រើប្រាស់៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាយល់ពីតម្លៃនៃសន្តិភាព

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាយើងបានយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ។ លោក បានថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ លោក បានទទួលលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីអញ្ជើញឱ្យចូលរួមប្រជុំសន្និសីទអន្តរជាតិដើម្បីស្វែងរកជំនួយផ្តល់ទៅឱ្យប្រទេសយេមែន ដែលបានរងគ្រោះដោយសារសង្រ្គាម។ លោក ហ៊ុន សែន ក៏បានបន្ថែមថា កត្តាសង្រ្គាមនេះ កើតឡើងដោយសារមនុស្សពុំមែនជាកត្តាធម្មជាតិនោះឡើយ ហើយសង្ឃឹមថាប្រជាជាតិរបស់យើងយល់ឱ្យបានច្បាស់អំពីតម្លៃនៃ សន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក មានសេចក្តីសប្បាយរីករាយនៅពេលដែលជនរួមជាតិចេះជួយគ្នា ប្រមូលថវិកាដើម្បីជួយដល់ជនរងគ្រោះ ហើយក៏ជារដូវកាលដែលមនុស្សមួយចំនួន បានធ្វើបុណ្យផ្ការៃអង្គាសជួយបក្សនយោបាយនោះដែរ ហើយនៅប្រទេសមួយចំនួន ក៏បានធ្វើការរៃអង្គាសទិញអាវុធដើម្បីវាយគ្នាបង្កសង្រ្គាម។ នៅលើពិភព លោកមានបញ្ហាច្រើនណាស់ ដែលវាមិនត្រឹមតែកើតឡើងដោយគ្រោះធម្មជាតិទេ ប៉ុន្តែវាបាន កើតឡើងដោយសារមនុស្សជាអ្នកបង្ក។ សង្រ្គាមនៅអាហ្កានីស្ថាននៅមិនទាន់បានបញ្ចប់ទេ ហើយវាក៏កាន់តែឡើងកម្តៅទៀតផង។ សង្រ្គាមនៅមជ្ឈឹមបូព៌ាទាំងនៅស៊ីរី ទាំងនៅអ៊ីរ៉ាក់ ទាំងនៅលីប៊ី ទាំងនៅយេមែន ទាំងនៅប្រទេសមួយចំនួនផ្សេងទៀតគឺកំពុងកើនឡើងកម្តៅ៕





(វីដេអូ) ផេកសីហា បង្ហោះផ្សាយបទចម្រៀង រម្លឹករឿងអាស្រូវរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងដែលពោរពេញដោយអំពើអសីលធម៌ និងអបាយមុខសង្គម!!

សូមបងប្អូនទស្សនានូវវីដេអូ ៖ រម្លឹករឿងអាស្រូវ របស់ថ្នាក់ដឹកនាំបក្សប្រឆាំងដែលពោរពេញដោយអំពើអសីលធម៌ និងអបាយមុខសង្គម ទុកជាការកំសាន្តដូចតទៅ៖



ថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ឈ្មោះសី ហា បានបង្ហោះផ្សាយនូវបទចម្រៀងមួយបទដោយបានរម្លឹករឿងអាស្រូវរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងដែលពោរពេញដោយអំពើអសីលធម៌ និងអបាយមុខសង្គម អមជាមួយនឹងអត្ថបទដែលមានខ្លឹមសារដូចខាងក្រោម៖
ថ្ងៃនេះផេក សី ហា យើងខ្ញុំបានទទួលនូវអត្ថបទ និងវីដេអូចម្រៀងមួយបទអមដោយរូបភាពពីមន្ត្រីចូលនិវត្តន៍មួយរូបនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ញើមកឱ្យជួយចុះផ្សាយ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
រដូវកាលបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែកៀកជិតចូលមកដល់ហើយ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំបក្សប្រឆាំងដែលប្រជាពលរដ្ឋជាទូទៅ ទាំងក្នុង និងក្រៅប្រទេសបានដឹងលឺថា ជះក្លិនស្អុយគគ្រុកដោយរឿងអាស្រូវផ្លូវភេទ អំពើអនាចារ អសីលធម៌ និងអបាយមុខគ្រប់ប្រភេទក្នុងសង្គមនោះ ពួកគេបាននិងកំពុងធ្វើដំណើរឆ្វាត់ឆ្វែលឆ្លេឆ្លា ដើម្បីទៅបោកប្រាស់ កេងប្រវ័ញ្ចលុយកាក់ បឺតជញ្ជក់កម្លាំងញើសឈាមប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅឯក្រៅប្រទេស។ ថ្នាក់ដឹកនាំបក្សប្រឆាំង បើថានិយាយពីកាមគុណនោះ ជារឿងមួយមហាអាក្រក់រកលេខដាក់គ្មានទៅហើយ តែបញ្ហាដែលគួរឱ្យភ័យខ្លាចជាងនេះទៅទៀត គឺពួកគេពិតជាគ្មានគុណធម៌ គ្មានការខ្មាស់អៀន ក្រែងចិត្ត ឬអាណិតអាសូរដល់បងប្អូនខ្មែរយើងដែលខំធ្វើការទាំងយប់ទាំងថ្ងៃឱ្យគេនៅឯក្រៅប្រទេស ខំសន្សំលុយកាក់សម្រាប់ការទំនុកបំរ៉ុងក្រុមគ្រួសារ ក៏ដូចជាបេះបោចផ្ញើរទៅជូនឪពុកម្តាយ សាច់ញាតិបងប្អូននៅឯស្រុកកំណើតនោះបានសុខឡើយ ពីព្រោះមួយថ្ងៃៗត្រូវបានថ្នាក់ដឹកនាំក្រុមប្រឆាំងដាក់វេនគ្នាបន្តកន្ទុយទៅល្បួងលួងលោម បោកបញ្ឆោត និងជម្រិតទារលុយដល់ផ្ទះ និងរហូតនាំគ្នាទាំងហ្វូងទៅឃោសនាប្រជាភិថុតិគ្រប់ឧបាយកល ដើម្បីបានលុយ ក្រោមហេតុផលយកទៅជួយទ្រទ្រង់គណបក្សសង្គ្រោះជាតិ ដែលទំនងជាជិតរលំរលាយខ្សុលនាពេលខាងមុខ។
និយាយដល់ត្រង់ចំណុចនេះ តាំងពីកើតពោះម៉ែមក យើងខ្ញុំពិតជាព្រឺក្បាល និងមិនធ្លាប់លឺទេពាក្យថា «ធ្វើបុណ្យផ្កា ដើម្បីប្រមូលលុយជួយគណបក្ស ឬគេហៅម៉្យាងទៀត (បុណ្យផ្កានយោបាយ)» ។ ប៉ុន្តែ បើយើងក្រលេកមើលក្នុងរជ្ជកាលនៃបក្សប្រឆាំងស្រុកខ្មែរដែលមាន កឹម សុខា បុរស២យប់ ១០ដង , អនុប្រជាជន សម រង្ស៊ី បុរសឈ្លក់វង្វេងនឹងនារីផលដែលជាស្ត្រីបំរើការងារនៅហាងម្ហូបអឺរ៉ុបមួយនៅភ្នំពេញ, លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រវក់នឹងល្បែងស៊ីសង ស្រីញី អំពើអបាយមុខ , យ៉ែម បុញ្ញរិទ្ធ តំណាងរាស្ត្របក្សប្រឆាំងដែលយកបន្ទប់ទឹករដ្ឋសភាសម្រាប់ការរួមភេទយ៉ាងត្រេកត្រអាលជាមួយលេខាក្រមុំ គង់ វណ្ណា។ បើនិយាយពីលោកជំទាវ ពត ពៅវិញ ,សុំទោស! លោកជំទាវមិនបានលើកកម្ពស់តម្លៃស្ត្រីខ្មែរទេ ដោយ​សារ​អំពើសាហាយស្មន់ជាមួយ ចាន់ ចេង ដែលជាអ្នកតំណាងរាស្ត្រក្នុងបក្សប្រឆាំងជាមួយគ្នា គឺលោកជំទាវគ្មានគិតពីកេរ្ត៍ខ្មាស់មែន ហៅលោក ចាន់ ចេង មកដេកដល់លើផ្ទះ ខណៈដែលដឹងថា ប្តីមិននៅផ្ទះ។
អំពើសាហាយស្មន់ ដណ្តើមប្តីប្រពន្ធគ្នានេះ ករណី លោក យឹម សុវណ្ណ ក៏សាហាយជាមួយលោកជំទាវ លី ស្រីវីណាដែរ ខណៈគេដឹងថា លោកជំទាវ កែ សុវណ្ណារ័ត្ន ជាប្រពន្ធរបស់ យឹម សុវណ្ណ។ ងាកមកចាស់សក់ស្កូវ ក្បាលទំពែក ហូរ វ៉ាន់វិញម្តង គួរឱ្យអាសូរណាស់ គាត់បានបិទបាំងអំពើស្មោកគ្រោក កាមតណ្ហា និងគិតថា គ្មានគេដឹង តាមរយៈគាត់ធ្វើជាចុះទៅជួយឈឺឆ្អាលដោះស្រាយបញ្ហារបស់កម្មករនៅតាមរោងចក្រ តែធាតុពិត វាគ្រាន់តែជាលេសប៉ុ​ណ្ណោះ គឺលោកតា ហូរ វ៉ាន់ បានទៅទាក់ទងជាមួយកម្មការិនីក្មេងៗនៅតាមរោងចក្រ បានឱ្យលុយបន្តិចបន្តួចដូរយកព្រហ្មចារីយ៍ក្មេងៗទាំងនោះ បំរើកាមគុណ រហូតផ្ទុះរឿង គាត់ផ្ញើលុយឱ្យប្រពន្ធគេ ដែលអតីតជាស្រីកំណាន់របស់គាត់ តែបែរជាច្រលំចូលលេខទូរស័ព្ទប្តីរបស់នាងកាន់ទៅវិញ។ ហាស ហា!  មិនមែនមានតែប៉ុណ្ណឹងទេ រឿងអាស្រូវក្នុងបក្សប្រឆាំង បើនិយាយពីតំណាងរាស្ត្រ ឡុង រី វិញ គឺស្អិតរមួត ដេករួមរ័ក្សរមូជើងជាមួយ ប៉ីប៉ីលី ដែលជាស្រីកំដរកាមរបស់បក្សសង្គ្រោះជាតិ មារយាទថោកអស់សាច់។ រិតតែពាល យូកូម បាតផ្សារហួសនឹងថ្លែង គឺសម្តីអសុរោះរកលេខដាក់គ្មានរបស់តំណាងរាស្ត្របក្សប្រឆាំង រៀល ខេមរិន្ទ្រ ជនឆបោក បំផ្លាញអនាគតកូនស្រីរបស់សកម្មជននៅខេត្តស្វាយរៀង គឺរៀល ខេមរិន្ទ្រ ថោកមហាលានថោកហាក់ដូចជាគ្មានពូជអម្បូរច្បាស់លាស់ ដោយសារតែការប្រមាថមាក់ងាយជាន់ឈ្លីតម្លៃរបស់ស្ត្រីខ្មែរ និងការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រី និងនៅមានរឿងអាស្រូវផ្លូវភេទស្រីញី អំពើអសីលធម៌ និងអបាយមុខក្នុងសង្គមជាច្រើនទៀត ដែលថ្នាក់ដឹកនាំរបស់បក្សប្រឆាំងបានប្រព្រឹត្តយ៉ាងពាលាអាវាសែ។
ការដែលយើងខ្ញុំរម្លឹកឡើងវិញនូវរឿងរ៉ាវអស់ទាំងនេះ ក្នុងគោលបំណងតែម៉្យាងគត់ គឺចង់បង្ហាញឱ្យបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស គិតពិចារណាឡើងវិញថា ពួកថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនបាននិងកំពុងទៅភូតភ កុហក បោកប្រាស់បងប្អូនទៀតហើយ ! តើនៅពេលពួកគេបានលុយដោយអំពើបន្លំបោកប្រាស់ខ្មែរយើងនៅឯក្រៅប្រទេសបានហើយនោះ ពួកគេយកទៅធ្វើអ្វី? ចម្លើយនេះ សូមបងប្អូនកុំឆ្ងល់ ពីព្រោះកន្លងមក បងប្អូនបានដឹងយ៉ាងច្បាស់ហើយ សូម្បីតែ កឹម សុខា មានប្រពន្ធចុងប៉ុន្មាននាក់? ចំណាយលុយចិញ្ចឹមស្រីក្មេងៗប៉ុន្មាននាក់ ទិញដី ចម្ការម្រេចប៉ុន្មានកន្លែង សាងសង់វីឡាសម្រាប់ក្រុមគ្រួសារខ្លួនឯង បក្ខពួក និងទិញផ្ទះល្វែងឱ្យស្រីស្នេហ៍ប៉ុន្មានកន្លែង? អ្នកខ្លះយកលុយទៅប្រព្រឹត្តល្បែងស៊ីសងនៅតាមកាស៊ីណូនានា។ និយាយដល់នេះ បងប្អូនមានឆ្ងល់ទេ តើរហូតមកដល់ពេលនេះ លុយមូលនិធិព្រះអាទិត្យ បាត់ទៅណាអស់ហើយ? ពួកគេដណ្តើមចែកគ្នាចាយអស់ហើយ!!!!
តើបងប្អូនត្រូវប្រថុយឲ្យថ្នាក់ដឹកនាំដែលសំបូរណ៍ដោយរឿងអាស្រូវស្រីញី អំពើអសីលធម៌ និងអបាយមុខសង្គមបែបនេះដឹកនាំប្រទេសបានដែរឬទេ?
ផេក សី ហា យើងខ្ញុំសូមអរគុណចំពោះម្ចាស់អត្ថបទដែលបានផ្ញើមក ។ យើងខ្ញុំក៏នឹងបន្តទម្លាយនូវរឿងអាស្រូវ អំពើបំពានច្បាប់របស់ថ្នាក់ដឹកនាំ និងបេក្ខជនក្រុមប្រឹក្សាឃុំ – សង្កាត់របស់បក្សប្រឆាំងជាបន្តបន្ទាប់ទៀតជូនបងប្អូនជនរួមជាតិបានដឹងនូវរឿងពិតអស់ទាំងនោះ៕

រដ្ឋលេខាធិការក្រសួងធម្មការ ជំរុញដល់ប្រជាការពារចំនួន២៣ភូមិ បង្កើនការចូលរួមការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឃុំវល្លិ៍ស ខេត្តកំពង់ស្ពឺ

លោក នរ រនតៈវឌ្ឍនោ រដ្ឋលេខាធិការ ក្រសួងធម្មការសាសនា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសំណេះសំណាល ជាមួយក្រុមយុវជនបក្ស ប្រជាជនក្នុងឃុំវល្លិ៍សទាំង២៣ ភូមិ រួមជាមួយប្រជាការពារ ភ្នាក់ងារសង្កេតការណ៍ តាមមណ្ឌលដើម្បីធ្វើសកម្មភាពពេលបោះឆ្នោតនាពេលខាងមុខ។
លោក នរ រនតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ បានលើកឡើងថា ក្នុងនាមជាក្រុយុវជនបក្ស និងប្រជាការពារភូមិត្រូវ ខិតខំយកចិត្តទុកដាក់ដល់សន្តិសុខ
ក្នុងមូលដ្ឋានដើម្បីផ្តល់សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការ បន្តថា កាលណាពលរដ្ឋមានសុខសុវត្តិភាពហើយ ការអវិឌ្ឍតាមមូលដ្ឋាន នឹងកើតមាន ទន្ទឹមមានការអភិវឌ្ឍប្រទេសជាតិ ក៏មានភាពរីកចម្រើនគ្រប់វិស័យ និងថែរក្សាសុវត្តិភាពជូនពលរដ្ឋធ្វើឡើងដោយមិនប្រកាន់បក្ស ដោយមិនប្រកាន់និន្នាការនឹងនយោបាយឡើយ។
បន្ទាប់មក លោកបានមកជួបជាមួយកម្លាំងប្រជាការពារបួនភូមិនៅឃុំវល្លិ៍ស លោករដ្ឋលេខាធិការបានឧបត្ថជូនសម្លៀកបំពាក់ ម្នាក់ៗ មួយកំម្លេ និងថវិកា ២ម៉ឺនរៀល។ ក្រុមយុវជនម្នាក់ៗជូន អាវមួកបក្ស និងថវិកាផងដែរ និងបានឧបត្ថជួយដល់ សាលាបុណ្បភូមិព្រៃទួល នូវថវិកា ១,២០០,០០០រៀលផងដែរ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍តន្រ្តីទំនើបៗឱ្យជនពិការ យកទៅប្រគំនៅទីតាំងចំនួន៣ក្នុងរាជធានីភ្នំពេញ

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សា សកម្មភាព ជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រុមតន្រ្តីជនពិការ រីករាយក្នុងការប្រើ ប្រាស់ឧបករណ៍តន្រ្តី ជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញជាឧបករណ៍តន្រ្តី ជូនដល់ជនពិការប្រមាណជា២០០នាក់ និងបានមកពីការជួយជ្រោមជ្រែងបន្ថែមពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើយ៉ាងណាដើម្បីឲ្យពួកគាត់ យកទៅប្រើប្រាស់ និងប្រគំតន្រ្តីនៅតាមទីតាំងចំនួន៣ នៅរាជធានីភ្នំពេញ ជាការសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងដើម្បីបញ្ចៀស និងជំរុញឲ្យ ក្រុមជនពិការទៅប្រគុំតន្រ្តីនៅតាមទីសាធារណៈ។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំក្រុមការងារ ក្រោមការបញ្ជាផ្ទាល់ពីលោក វង សូត ចូលរួមនៅក្នុងពិធីសម្ពោធ កម្មវិធីប្រគំតន្រ្តីជូនជនពិការ នៅមុខសួនវត្តបុទុមវត្តី។
លោក ឯម ច័ន្ទមករា បានបញ្ជាក់បន្ថែមថា «ការប្រគំតន្រ្តីរបស់ក្រុមជនពិការនេះ លោកបានកត់សំគាល់ឃើញថា ទី១-គឺការបញ្ចេញ នូវសមត្ថភាពរបស់គាត់សម្រាប់ប្រជាពលរដ្ឋ សាធារណជន អ្វីដែលយើងចង់ឃើញ និងចង់បាន គឺការបញ្ចេញសមត្ថភាពហើយ យើងចង់ឲ្យប្រជាពលរដ្ឋឃើញថា ក្រុមតន្រ្តីជនពិការមានសមត្ថភាពគ្រប់គ្រាន់លេង ដូចក្រុមតន្រ្តីមិនមែនជាជនពិការដូចគ្នាដែរ។ ទី២-យើងកត់សំគាល់ឃើញថា ការបរិច្ចាគថវិកាជូនក្រុមតន្រ្តីជនពិការ ហាក់ដូចជា មានចំនួនច្រើនជាងលេង នៅតាមផ្លូវសាធារណៈ ប៉ុន្តែនេះមិនមែនជាគោលដៅដែលយើង ដាក់ធុងមូលនិធិ របស់ពួកគាត់លេងដើម្បីវៃអង្គាសថវិកានោះទេ គឺយើងចង់ឲ្យសាធារណជន បានដឹងពីសមត្ថភាពរបស់ជនពិការ និងហៅពួកគាត់ទៅប្រគំនៅតាមកម្មវិធីជប់លៀង ពិធីមង្គលការ ឡើងផ្ទះជាដើម»។
លោក ឯម ច័ន្ទមករា សង្ឃឹមថា នៅថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋ នឹងកាន់តែគាំទ្របងប្អូនជនពិការដែលបានសម្តែងបន្តទៀត។ លោកបន្តថា បច្ចុប្បន្នក្រុមការងារកំពុងតែជំរុញឲ្យក្រុមតន្រ្តីជនពិការនីមួយៗ ប្រមែប្រមូលក្រុមដទៃទៀត សែលគាត់កំពុងតែលេង នៅតាមដងផ្លូវមកលេងជួបជុំគ្នា ហើយក៏រំពឹងថា មានអ្នកគាំទ្រ និងជួយឧបត្ថម្ភពួកគាត់បន្តទៀត ដើម្បីធ្វើឲ្យជីវិតរបស់ពួកគាត់ កាន់តែប្រសើរជាងនេះ។
លោក ឯម ច័ន្ទមករា បានសំណូមពរ ដល់បងប្អូនជនពិការ ដែលលេងនៅតាមដងផ្លូវ មកចូលរួមជាមួយបងប្អូនជនពិការដែលកំពុង សម្តែងសមត្ថភាពនៅទីកន្លែងមួយដែលសមរម្យ មានឆាកសម្តែងត្រឹមត្រូវ មិនក្តៅ មានផាសុខភាពល្អ ហើយក៏មានការ ត្រួតពិនិត្យ ពីសមត្ថកិច្ចប្រចាំនៅតំបន់ និងមានការតាមដានមើលពីប្រធានមន្ទីរសង្គមកិច្ច និងក្រុមការងារ។ សកម្មភាពទាំងនេះ បានជួយឲ្យក្រុមជនពិការទាំងអស់ មានស្ថានភាពល្អប្រសើរជាងមុន និងក៏ល្អជាងដែលពួកគាត់ ធ្វើសកម្មភាព នៅតាមទីសាធារណៈ។
ជាមួយគ្នានោះលោក ជា ហ៊ន ប្រធានក្រុមតន្រ្តីចម្រៀងជនពិការ និងជាតំណាងឲ្យជនពិការទាំងនោះ បានស្នើឲ្យសាលារាជធានីភ្នំពេញ ជួយឧបត្ថម្ភជាឆាកប្រគុំតន្រ្តីសមរម្យមួយ ជូនបងប្អូនជនពិការឲ្យបានសម្តែងជាអចិន្រ្តៃយ៍ នៅតាមទីតាំងសមរម្យ រួមមាន សួនបុទុមវតី វត្តភ្នំ និងអតីតទីលានប្រជាធិបតេយ្យជាដើម។
គួរបញ្ជាក់ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានលះបង់នូវថវិកាផ្ទាល់ខ្លួន ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញឧបករណ៍តន្រ្តីទំនើបៗជូនជនពិការ យកទៅប្រគុំតន្រ្តីនៅទីតាំងចំនួន៣ក្នុងរាជធានីភ្នំពេញរួមមាន នៅមុខវត្តបុទុមវត្តី វត្តភ្នំ និងអតីតទីលានប្រជាធិបតេយ្យ។
ឧបករណ៍តន្រ្តីទំនើបៗ បានប្រគល់ ជូនដល់ក្រុមតន្រ្តីជនពិការចំនួនជិត២០០នាក់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ដើម្បីជាការជួយដោះស្រាយជីវភាព រស់នៅសម្រាលនូវទុក្ខលំបាក ដែលបងប្អូនក្រុមតន្រ្តី ជនពិការខ្វះខាត។មានឧបករណ៍ភ្លេងលេងទំនើបៗ ក្នុងនោះរួមមាន៖ ឧបករណ៍ ស្គរ ហ្គីតាសូឡូ ហ្គីតាបាស អ័ក គ្រឿងបំពងសម្លេង មេក្រូ អំភ្លី និងឧបករណ៍ភ្លេងទំនើបៗជាច្រើនមុខទៀត៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ថ្លែងអំណរគុណសប្បុរសជន ដែលតែងតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីរៃអង្គាសថវិកា ដើម្បីទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់សប្បុរសជនជាតិ អន្តរជាតិ ម្ចាស់ក្រុមហ៊ុន សប្បុរសជននានា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ សាខាកាកបាទ ក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ អ្នកស្ម័គ្រចិច្ត និងយុវជនកាកបាទក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកធ្វើយ៉ាងណាជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានឧបទ្ទវហេតុ ឬគ្រោះមហន្តរាយផ្សេងៗ និងជួយកាត់បន្ថយការលំបាកភាពងាយរងគ្រោះទាំងឡាយនៅគ្រប់ច្រកល្ហកទាំងនៅតំបន់ជិត ឬតំបន់ឆ្ងាយដាច់ស្រយាលនៅទូទាំងកម្ពុជា បានកើតឡើងនាពេលកន្លងមក នៅតាមបណ្តាលខេត្តនានា។ ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម សហពន័្ធអន្តរជាតិ និងសមាគមជាតិជាដៃគូសហប្រតិបត្តិការទាំងអស់ ដែលតែងតែផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ ថវិកា និងពង្រឹងភាពជាដៃគូជាទីពេញចិត្ត រួមជាមួយនឹងស្ថានីយ៍ទូរទស្សន៍ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលតែងតែចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយរាល់សកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា នារយៈពេលន្លងមក ជាពិសេសការលើកកម្ពស់ការយល់ដឹងពីបេសកម្មភាព និងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ហើយបានចូលរួមចំណែកយ៉ាងសកម្មធ្វើអោយកម្លាំងមនុស្សធម៌ ដែលជាវប្បធម៌ចែករំលែកនៅតែជាកម្លាំងដ៏រឹងមាំ និងជាប្រភពធនធានមិនចេះរីងស្ងួត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថាកាលពីឆ្នាំទៅកាកបាទ ក្រហមកម្ពុជាធ្វើឡើង ចំពេលដែលកម្ពុជាជួបនូវគ្រោះរាំងស្ងួត និងពេលនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការទ្រង់ ទ្រាយធំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេស តាម រយះការចែកចាយទឹក ការជីកអណ្តូង ជីកស្រះ ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្មពីកាកបាទក្រហមកម្ពុជាផងដែរ។ តាមរយះវិធានការណ៍នេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរួមរបស់កាកបាទក្រហមកម្ពុជា ដែលបាននឹងកំពុងអនុវត្តន៍យ៉ាងសកម្មក្នុងពេលបច្ចុប្បន្ននេះ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជាក្នុងវិស័យមនុស្សធម៌ដ៏ចាំបាច់មួយនេះ។ លោកក៏បានថ្លែងអំណរគុណដល់កម្លាំងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទ ក្រហមកម្ពុជាដែលតែងតែចូលរួមយ៉ាងសកម្មពុះពារនូវរាល់ការលំបាកទាំងឡាយទោះតូចក្តីធំក្តីធ្វើយ៉ាងណាជួយសង្គ្រោះដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋនៅពេលមានគ្រោះឧបទ្ទវហេតុ ឬ គ្រោះមហន្តរាយផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រី្ត ហ៊ុន សែន បានអំពាវនាវដល់អាណាព្យាបាល ឪពុម្តាយ ត្រូវយកចិត្តទុកដាក់ដល់ការអប់រំកូនចៅចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទដែលធ្វើអោយប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ ម្យ៉ាងវិញទៀត គឺសូមប្រជាពលរដ្ឋទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ សូមបើកបរអោយមានការប្រុងប្រយត្ន័ ជាពិសេសបើកបរដោយគ្មានការប្រើប្រាស់គ្រឿងស្រវឹង។ លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាដែលបានបន្តផ្តល់ថវិកាជារៀងរាល់ឆ្នាំចំនួនមួយលានដុល្លារឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា និងអរគុណដល់សាធារណៈជនដែលបានជួយដល់មន្ទីពេទ្យគន្ធបុប្ផានេះដើម្បីអោយដំណើរការទៅមុខ។ នៅក្នុងពេលថ្លែងទៅកាន់ សាធារណៈជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគោរពថ្វាយព្រះពរដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ក្នុងឱកាសចំរើនព្រះជន្មព្រះអង្គក្នុងពេលខាងមុខនេះ សូមព្រះករុណាមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្ម យឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រគ្រប់ៗរូប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្ញើ សារជូនពរ លោក ក្នុងហ្វេសប៊ុក (Facebook) និងតាមទូរស័ព្វ ក្នុងពេលដែល លោកបានអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបូរីកាលពីអាទិត្យមុននេះ។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានផ្តល់កិត្តិយសទទួលថវិកាពីសប្បុរសជនដែលបាន ចូលរួមវិភាគទានដល់កម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ព្រមទាំងបានអញ្ជើញ ពិនិត្យការតាំងពិពណ៌សមិទ្ឋផលស្នាដៃកាកបាទក្រហមកន្លងមកនេះ និងថតរូបអនុស្សាវរីយ៍ជាមួយសប្បុរសជន និងយុវជន យុវនារី ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។ ថវិកាសរុបសម្រាប់ឆ្នាំ២០១៧ នេះទទួលបានបឋមព្រឹកមិញចំនួន ១៣,៤១០,២៨០ ដុល្លារអាមេរិក៕





លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាំយកអំណោយចែកជូនពលរដ្ឋ៣២គ្រួសារ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

ក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារខ្យល់កន្រ្តាក់រួចមក លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយ ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះនាំអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ទាំងនោះ ភ្លាមតែម្ដង។
សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ដែលក្នុងនោះផ្ទះសម្បែងរបស់បប្រជាពលរដ្ឋចំនួន ៣២គ្រួសារ ត្រូវខូចខាតជាបន្តបន្ទាប់។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជម្រាបដល់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះលោកតែងតែយកចិត្តទុក្ខដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្សលោកទាំងអស់ នៅពេលមានគ្រោះមហន្តរាយទាំងឡាយ ដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
អំណោយដែលលោកឧបនាយករដ្ឋមន្រ្តី នាំយកទៅចែកជូនប្រជាពលរដ្ឋ នៅពេលនោះ រួមមាន៖
១- ប្រជាពលរដ្ឋរងគ្រោះចំនួន ៣២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១កញ្ចប់ សារ៉ុង១ ថវិកា២ម៉ឺនរៀល
២- ជូនកម្លាំងនគរបាល ដែលបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ ថវិកា១លានរៀល
៣- ជូនយោធា និងកងរាជអាវុធហត្ថ ដែលបានជួយធ្វើផ្ទះប្រជាពលរដ្ឋ ថវិកា១លានរៀល
៤- ជូនស័ង្កសី៦៦០សន្លឹក សម្រាប់ប្រក់ផ្ទះ និងជួសជុលផ្ទះឡើងវិញ (បើខ្វះមានបន្ថែមទៀត)។
សូមបញ្ជាក់ថា មុនមកដល់ភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុកនេះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានឆ្លៀតចូលទៅវត្តរលំជ្រៃ ស្រុកថ្មពួក ហើយបានចូលបច្ច័យសាងសង់ដំបូលព្រះវិហារនូវថវិកា ១០៨លានរៀល និងជួយជួសជុលផ្លូវថ្នល់ចម្ងាយ ៣គីឡូម៉ែត្រផងដែរ៕



ក្រុមប្រឹក្សាភិបាល​សហព័ន្ធស្រូវអង្ករ​កម្ពុជា​បើក​​កិច្ច​ប្រជុំ​​លើកទី៣​​ក្នុងអា​ណ​ត្តិទី២ ថ្ងៃទី​៨​ខែឧសភា​

កិច្ច​ប្រជុំក្រុមប្រឹក្សា​ភិបាល​ ជាកិច្ច​ប្រជុំ​កម្រិតខ្ពស់បំផុត​របស់​សហព័ន្ធស្រូវអង្ករ​កម្ពុជា  ដើម្បី​ពិនិត្យ​មើល​​កិច្ច​ការសំខាន់ៗ។
​សូមជម្រាបផងដែរថា របៀប​វារៈដែល​​​​​​​លេខាធិការ​ដ្ឋាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា បានព្រាងនិង​ទទួលបាន​ការយល់ព្រម​សម្រាប់​ការពិនិត្យ​ពិភាក្សា​​នៅ​ព្រឹកនេះមានដូចជា៖
1-ការធ្វើបច្ចុប្បន្នភាពពីផែនការសកម្មភាព របស់សហព័ន្ធស្រូវអង្ករកម្ពុជា និង លេខាធិការដ្ឋាន
2-ការពិនិត្យនិងសម្រេច លើផែនការ៥ឆ្នាំរបស់សហព័ន្ធដែលបានកែសម្រួលថ្មី
3-ពិនិត្យនិងសម្រេចលើគោលការណ៍ និង បញ្ជីឈ្មោះក្រុមហ៊ុននាំចេញ
4-ពិនិត្យនិងសម្រេចលើសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នា ស្តីពី ក្រមសីលធម៌របស់អ្នកនាំចេញមុននឹងបញ្ជូនទៅកាន់ក្រសួងពាណិជ្ជកម្ម។
​ក្រៅ​ពីរបៀបវារៈ​នេះ ក្រុម​ប្រឹក្សា​ភិបាល​ ក៏ត្រៀម​លើក​យក​បញ្ហា​ផ្សេងៗទៀត ដើម្បី​​ជជែក​និង​ដោះស្រាយ​បន្ទាន់។
​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​នេះ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធ​ស្រូវអង្ករ​កម្ពុជា​ ក៏​បាន​អរគុណ​ចំពោះ​ក្រុម​ប្រឹក្សាភិបាល​ដែលបានតស៊ូ និង លះបង់​ពេល​វេលា​សម្រាប់​ដំណើរ​ការ​សហព័ន្ធ​។
​ថ្លែង​ក្នុងពេលបើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល លោក សុខ ពុទ្ធីវុធ បានបញ្ជាក់​ថា៖  «ផែនការប្រាំឆ្នាំនេះ ខ្ញុំយល់ថា វាមានសារៈសំខាន់ណាស់ ហើយ តាម​រយៈ​ផែន​ការថ្មី យើងនឹង​មាន​លទ្ធភាព​ធ្វើការងារ​​កាន់តែទូលំទូលា​យ និង មានលទ្ធភាពគ្រប់​គ្រាន់»។​
លោកបានគូសបញ្ជាក់ថា បញ្ហាមានច្រើន គំនិតក៏មានច្រើន តែ​គំនិត​ទាំង​អស់មិនទាន់ទទួលបានការសហការពេញលេញក្នុងការធ្វើការងារ​នៅឡើយ។
លទ្ធផល​កិច្ច​ប្រជុំក្រុមប្រឹក្សា​ភិបាល លេខាធិការដ្ឋាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា នឹង​បន្ត​ធ្វើច្ចុប្បន្ន​ភាព​ជូន​​សាធារណៈ​ជន៕


អភិបាលខេត្តពោធិ៍សាត់ និងមេអគ្គិសនីកម្ពុជា ជួបសំណេះសំណាលជាមួយក្រុមគ្រួសារនិវត្តន៍ជន នឹងអតីតមន្ត្រីរាជការស៊ីវិល ក្រុងពោធិ៍សាត់ ៨៣០នាក់

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារនិវត្តន៍ជន អតីតមន្ត្រីរាជការស៊ីវិល ក្រុងពោធិ៍សាត់ ចំនួន៨៣០នាក់។
ពិធីនេះត្រូវបានធ្វើឡើងជាលើកទី៣ នៅលើបុរីវប្បធម៌កោះសំពៅមាស ដោយបានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងបងប្អូនក្រុមគ្រួសារនិវត្តន៍ជន ក្រុងពោធិ៍សាត់ផងដែរ។
លោក ញ៉ឹក សារ៉េត ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានជម្រាបជូនថា គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ ទូទាំងខេត្តមានមុខសញ្ញានិវត្តន៍ជនចំនួន ១៣៤៦នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៥៥នាក់ ក្នុងនោះក្រុងពោធិ៍សាត់ ៨៣០នាក់។ ជាទូទៅរៀបច្បង ជាអតីតមន្ត្រីរាជការ រស់នៅជាមួយកូនចៅ និងសាច់ញ្ញាតិ និងមួយចំនួនតូច រស់នៅដោយពឹងផ្អែកលើខ្លួនឯង ទៅតាមកម្លាំងមនុស្សចាស់ គួបផ្សំ និងរបបគោលនយោបាយប្រចាំខែ ដោយបើកប្រាក់បៀរវត្តន៍ តាមរយៈបច្ចេកវិទ្យាATM ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានថ្លែងថា ការជួបជុំគ្នានេះ ធ្វើឡើងដើម្បីបង្កឱកាសជូនរៀមច្បង ជាអតីតមន្រ្តីរាជការស៊ីវិល បានជួបជុំពិភាក្សា សួរសុខទុក្ខ និងសំណេះសំណាលគ្នាទៅវិញទៅមក ក្នុងន័យរិតចំណងសាមគ្គីភាព និងមិត្តភាព។ លោកពូ លោកអ៊ុ អ្នកមីង ជារៀបច្បង ពេលនេះចប់ភារកិច្ចក្នុងការបម្រើជាតិ តែទោះជាយ៉ាងណា ក៏មិនត្រូវមានចិត្តអស់សង្ឃឹមដែរ ព្រោះនៅមានការតព្វកិច្ចជួយជ្រោមជ្រែង ទៅដល់យុវជនជំនាន់ក្រោយ។ ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា នេះគឺជាលើកទី៣ហើយ ដែលលោករួមជាមួយក្រុមការងារ បានជួបសំណេះសំណាលជាមួយបងប្អូនគ្រួសារអតីតមន្ត្រីរាជការស៊ីវិល ក្នុងក្រុងពោធិ៍សាត់ ចំនួន៨៣០នាក់។
ការជួបជុំគ្នានេះ គឺជាការរំលឹកដឹងគុណ អតីតមន្ត្រីរាជការ ដែលបានខិតខំ តស៊ូ អត់ធ្មត់ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល នៃការរួបរួមសាមគ្គីគ្នា ក្នុងការ ការពារ និងអភិវឌ្ឍន៏ប្រទេសជាតិ ពិសេសបានកសាងកេរ្តិ៍ដំណែល និងស្នាដៃដ៏មានសារៈសំខាន់ ក្នុងការផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជាច្រើន សម្រាប់មន្ត្រីរាជការជំនាន់ក្រោយ រៀនសូត្រ និងយកទៅអនុវត្តតាម។
ថ្នាក់ដឹកនាំទាំង២ បានក្រើនរំលឹកដល់និវត្តន៍ជនទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល បានខិតខំកសាងបានសមិទ្ធផលជាច្រើន ក្នុងមូលដ្ឋាននានា ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះ ឱ្យបានគង់វង្សយូរអង្វែង ដល់កូនចៅជំនាន់ក្រោយៗទៀត តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
នៅក្នុងពិធីនោះ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ រួមជាមួយថ្នាក់ដឹកនាំ បានចែកជូនវត្ថុកំដរដៃ ដល់អតីតមន្រ្តីរាជការស៊ីវិលទាំង៨៣០នាក់ ក្នុងម្នាក់សារុង១ មី១កេសតូច និងថ្នាំពេទ្យមួយចំនួន៕




លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន៖ កាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថាកាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។  លោកស្រី បានថ្លែងដូចនេះ ក្នុងឱកាស ប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិតាមរយៈយន្តការអនុវត្តនូវ គម្រោង និងកម្មវិធីជាច្រើនទៀតក្នុងសហគមន៍ តាមបណ្តាខេត្តនានាដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ភាពក្រីក្រ និងរួមចំណែកពន្លឿនការអភិវឌ្ឍដើម្បីបង្កើននូវកម្រិតជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋងាយរងគ្រោះឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
ប្រធានកាកបាទក្រហមកម្ពុជា ក៏បានបញ្ជាក់ថា ក្រៅពីការងារជួយសង្រ្គោះជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ និងគ្រោះមហន្តរាយដោយប្រការផ្សេងៗ កាកបាទក្រហមកម្ពុជា នៅបានដោះស្រាយជាប្រចាំទៅនឹងសំណើរបស់អង្គការ ឬសមាគមជនពិការ និងកុមារកំព្រាជាច្រើនទៀត តាមរយៈការជួយឧបត្ថម្ភជាថវិកាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើ ប្រាស់ទៅតាមតម្រូវការជាក់ស្តែងរបស់អង្គការ ឬសមាគមនោះតាមលទ្ធភាពជាក់ស្តែងដែល កាកបាទក្រហមកម្ពុជាមាន៕