Monday, May 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាយល់ពីតម្លៃនៃសន្តិភាព

នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវសារជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាយើងបានយល់ច្បាស់អំពីតម្លៃនៃសន្តិភាព ។ លោក បានថ្លែងអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» នៅ​ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ លោក បានទទួលលិខិតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីអញ្ជើញឱ្យចូលរួមប្រជុំសន្និសីទអន្តរជាតិដើម្បីស្វែងរកជំនួយផ្តល់ទៅឱ្យប្រទេសយេមែន ដែលបានរងគ្រោះដោយសារសង្រ្គាម។ លោក ហ៊ុន សែន ក៏បានបន្ថែមថា កត្តាសង្រ្គាមនេះ កើតឡើងដោយសារមនុស្សពុំមែនជាកត្តាធម្មជាតិនោះឡើយ ហើយសង្ឃឹមថាប្រជាជាតិរបស់យើងយល់ឱ្យបានច្បាស់អំពីតម្លៃនៃ សន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោក មានសេចក្តីសប្បាយរីករាយនៅពេលដែលជនរួមជាតិចេះជួយគ្នា ប្រមូលថវិកាដើម្បីជួយដល់ជនរងគ្រោះ ហើយក៏ជារដូវកាលដែលមនុស្សមួយចំនួន បានធ្វើបុណ្យផ្ការៃអង្គាសជួយបក្សនយោបាយនោះដែរ ហើយនៅប្រទេសមួយចំនួន ក៏បានធ្វើការរៃអង្គាសទិញអាវុធដើម្បីវាយគ្នាបង្កសង្រ្គាម។ នៅលើពិភព លោកមានបញ្ហាច្រើនណាស់ ដែលវាមិនត្រឹមតែកើតឡើងដោយគ្រោះធម្មជាតិទេ ប៉ុន្តែវាបាន កើតឡើងដោយសារមនុស្សជាអ្នកបង្ក។ សង្រ្គាមនៅអាហ្កានីស្ថាននៅមិនទាន់បានបញ្ចប់ទេ ហើយវាក៏កាន់តែឡើងកម្តៅទៀតផង។ សង្រ្គាមនៅមជ្ឈឹមបូព៌ាទាំងនៅស៊ីរី ទាំងនៅអ៊ីរ៉ាក់ ទាំងនៅលីប៊ី ទាំងនៅយេមែន ទាំងនៅប្រទេសមួយចំនួនផ្សេងទៀតគឺកំពុងកើនឡើងកម្តៅ៕





No comments:

Post a Comment