Friday, January 13, 2023

គណៈរដ្ឋមន្ត្រី បង្ហាញលទ្ធផល នៃកិច្ចប្រជុំពេញអង្គ សម្រាប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ ដោយមានរបៀបវារៈ៥

(ភ្នំពេញ)៖ លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ ត្រូវបានប្រកាសហើយ។ កិច្ចប្រជុំនេះ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានរបៀបវារៈចំនួន៥ ដូចជា៖

១៖ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

២៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត

៣៖ សេចក្តីព្រាងគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨

៤៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧

៥៖ បញ្ហាផ្សេងៗ៕


ខាងក្រោមនេះជាលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រាប់ថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣៖

វិភាគអន្តរជាតិ៖ រឿងអាស្រូវឯកសារសម្ងាត់, លោក ចូ បៃដិន ហុចដងកាំបិតឱ្យលោក ដូណាល់ ត្រាំ?


(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមមេធាវីរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានរកឃើញឯកសារសម្ងាត់ជាច្រើនដុំនៅទីតាំងចំនួន២ ដាច់ដោយឡែកពីគ្នា ហើយឯកសារសម្ងាត់ទាំងនោះត្រូវបានចុះកាលបរិច្ឆេទតាំងពីជំនាន់លោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ទៀតថាឯកសារសម្ងាត់ជាង១០ដុំ ត្រូវបានរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ មានឈ្មោះថា Penn Biden Center នៃសាកលវិទ្យាល័យ Pennsylvania ដែលលោក បៃដិន យកធ្វើជាការិយាល័យរបស់លោក ភ្លាមៗក្រោយលោក ដូណាល់ ត្រាំ ឡើង កាន់តំណែងជាប្រធានាធិបតី។ ចំណែកឯ ឯកសារមួយចំនួនទៀតត្រូវបានប្រមូលយកចេញពីផ្ទះរបស់លោក បៃដិន ក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware។

* តើគេដឹងអ្វីខ្លះពីការប្រទះឃើញឯកសារសម្ងាត់លោក បៃដិន?

ភ្លាមៗ ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ សាកលវិទ្យាល័យ Pennsylvania (University of Pennsylvania) បានប្រកាសថាអតីតអនុប្រធានាធិបតី លោក ចូ បៃដិន នឹងត្រូវដឹកនាំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថ្មីមួយ ដែលនឹងផ្ដោតជាសំខាន់លើការទូត គោលនយោបាយការបរទេស និងសន្តិសុខជាតិ នោះគឺមជ្ឈមណ្ឌល Penn Biden Center for Diplomacy and Global Engagement។ មជ្ឈមណ្ឌលនេះមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្ថិតនៅក្បែរ វិមានកាពីតូល (Capitol) និងត្រូវបានបើកសម្ពោធក្នុងឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Richard Sauber ដែលជាទីប្រឹក្សាច្បាប់របស់លោក បៃដិន បានឱ្យដឹងថាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលរៀបចំប្រមូលឯកសារ ក្រុមមេធាវីរបស់លោក ចូ បៃដិន បានប្រទះឃើញដោយចៃដន្យនូវឯកសារសម្ងាត់ជាច្រើនដុំ នៅក្នុង ទូរមួយត្រូវបានចាក់សោរនៅឯមជ្ឈមណ្ឌល Penn Biden Center។ បើតាមលោក Sauber ឯកសារសម្ងាត់ទាំងនោះត្រូវបានបញ្ជូនទៅកាន់បណ្ណសារជាតិដោយស្ម័គ្រចិត្ត ស្របទៅតាមច្បាប់កំណត់រួចរាល់ហើយ។

មកដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ សេតវិមានបានប្រកាសឱ្យដឹងពីការប្រមូលឯកសារសម្ងាត់ជាច្រើនដុំបន្ថែមទៀតចេញពីគេហដ្ឋានរបស់លោក ចូ បៃដិន ក្នុងទីក្រុង Wilmington កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សេតវិមានមិនបានលម្អិតចំនួនឯកសារទាំងនោះឡើយ ដោយគ្រាន់តែហៅថា «ឯកសារមួយចំនួនតូច»។ ប៉ុន្តែមានរឿងមួយដែល គួរឱ្យសង្ស័យ គឺថាតើក្រុមមេធាវីរបស់លោក ចូ បៃដិន ទៅមជ្ឈមណ្ឌល Penn Biden Center ដើម្បីអ្វី? ខណៈអ្វីដែលគេកំពុងមើលឃើញ នោះគឺការចាប់ផ្ដើមប្រៀបប្រដូច ករណីលោក បៃដិន និងករណីលោក ត្រាំ ហើយដែលមើលទៅធ្វើឱ្យគេកាន់តែមើលឃើញថាករណីលោក ត្រាំ មានសភាពធ្ងន់ធ្ងរ និងអាក្រក់ខាំ្លង។

* ភាពខុសគ្នារវាងករណីលោក បៃដិន និងលោក ត្រាំ

និយាយពីករណីខុសគ្នាវាមានច្រើន។ តែករណីដូចគ្នាគឺមានតែមួយគត់ នោះគឺមិនថាលោក ចូ បៃដិន ឬក៏លោក ដូណាល់ ត្រាំឡើយ គ្មានសិទ្ធិ ហើយក៏មិនគួររក្សាទុកឯកសារ សម្ងាត់ជាកម្មសិទ្ធិរបស់ខ្លួននោះដែរ។ ពោលគឺនៅកំលុងរយៈពេលផ្ទេរអំណាច ឯកសារសម្ងាត់នានានៃរដ្ឋបាលនីមួយៗ ត្រូវតែប្រគល់ត្រឡប់ទៅឱ្យបណ្ណសារជាតិអាមេរិក ជាអ្នករក្សាទុក។ ការកាន់កាប់អាចឯកសារសម្ងាត់ជាតិបែបនេះជាទង្វើខុសច្បាប់ និងបង្កហានិភ័យខ្ពស់ដល់សន្តិសុខជាតិ ប្រសិនបើឯកសារសម្ងាត់ណាមួយធ្លាក់ចូលក្នុង ដៃបច្ចាមិត្ត។ បើតាមក្រុមអ្នកជំនាញផ្នែកច្បាប់ ករណីលោក បៃដិន និងលោក ដូណាល់ ត្រាំ មានភាពខុសគ្នាដូចក្រោម៖

មកទល់នឹងពេលនេះ ឯកសារដែលគេប្រមូលចេញពីមជ្ឈមណ្ឌល Penn Biden Center មានចំនួន១០ដុំ និងឯកសារមួយចំនួនតូចទៀតត្រូវបានប្រមូលចេញពីគេហដ្ឋាន លោក បៃដិន ក្នុងទីក្រុង Wilmington បើធៀបទៅនឹងឯកសារសម្ងាត់ជាង៣០០ដុំ ត្រូវបាន​ FBI ចុះឆែកឆេរ និងរឹបអូសចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា។

ឯកសារសម្ងាត់រឹបអូសចេញពីភូមិគ្រឹះលោក ដូណាល់ ត្រាំ មាន៦០ ត្រូវបានគេរាយការណ៍ថាជាឯកសារសម្ងាត់បំផុត សុទ្ធសឹងតែជារឿងរសើបដែលមានជាប់ពាក់ព័ន្ធនឹង ព័ត៌មានសម្ងាត់ស្ដីពីអ៉ីរ៉ង់ ចិន និងអាវុធនុយក្លេអ៊ែរ ខណៈឯកសារសម្ងាត់ដែលត្រូវបានគេប្រមូលចេញពីមជ្ឈមណ្ឌល Penn Biden Center មានមួយចំនួនតូចជាឯកសារសម្ងាត់ បំផុត មាននិយាយពីរឿងនយោបាយទាក់ទិននឹងប្រទេស មួយចំនួនដូចជាអ៉ីរ៉ង់ និងអ៊ុយក្រែន ហើយក្នុងនោះក៏មានរឿងផ្ទាល់ខ្លួនរបស់លោក ចូ បៃដិន នោះគឺពីធីបុណ្យសព របស់លោក Beau Biden ដែលជាកូនប្រុសរបស់លោក បៃដិនផងដែរ។

ក្រុមការងាររបស់លោក ចូ បៃដិន បានប្រគល់ឯកសារសម្ងាត់ទាំងនោះទៅកាន់បណ្ណសារជាតិរួចរាល់ហើយដោយស្ម័គ្រចិត្ត ផ្ទុយពីលោក ត្រាំ និងក្រុមការងាររបស់លោកដែល បានបដិសេធ និងបានលាក់ទុកឯកសារសម្ងាត់ខ្លះ ពីភ្នែកក្រុមអ្នកស៊ើបអង្កេតទៀតផង។

* ហុចដងកាំបិតឱ្យបក្សសាធារណរដ្ឋ និងលោក ត្រាំ?

ក្រោយសារព័ត៌មានអាមេរិកនាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតពីការប្រទះឃើញឯកសារសម្ងាត់នៅខាងក្រៅបណ្ណសារជាតិ (National Archives) បែបនេះ លោក ដូណាល់ ត្រាំ ដែលរូបលោកផ្ទាល់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ផងនោះ បានចេញមុខរិះគន់ និងនិយាយសើចចំអកដាក់លោក បៃដិន វិញម្ដង។ ជុំវិញសំណុំរឿងនេះដែរ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Merrick Garland នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះបានប្រកាសតែងតាំងលោក Robert Hur ដែលធ្លាប់ជារដ្ឋអាជ្ញាប្រចាំរដ្ឋ Maryland ក្រោមអាណត្តិលោក ដូណាល់ ត្រាំ ជារដ្ឋអាជ្ញាពិសេសដើម្បីបើកស៊ើបអង្កេត។ ជាទ្រឹស្ដី ការស៊ើបអង្កេតលើករណីលោក ចូ បៃដិន ត្រូវធ្វើដាច់ដោយឡែកពីករណីលោក ត្រាំ ប៉ុន្តែច្បាស់ណាស់ សំណុំរឿងទាំង២នេះនឹងត្រូវបានប្រើជាប្រយោជន៍នយោបាយរវាងគណបក្សធំៗទាំង២ ជាពិសេសគឺ គណបក្សសាធារណរដ្ឋដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកប្រាកដនឹងមិនអាចឱ្យលោក បៃដិន រួចខ្លួនដោយងាយៗឡើយ។

ប្រធានសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កាលពីថ្ងៃចន្ទ ទី៩ ខែមករានេះ បានប្រាប់អ្នកសារព័ត៌មានថាការបែកធ្លាយព័ត៌មានជុំវិញ ការប្រទះឃើញឯកសារសម្ងាត់នៅឯមជ្ឈមណ្ឌល Penn Biden Center បានបង្ហាញយ៉ាងច្បាស់ថាការស៊ើបអង្កេតលើលោក ត្រាំ គឺជាចេតនានយោបាយ។ «ខ្ញុំគិតថារឿងនេះ បានបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើដាក់លោក ត្រាំ...ហើយសភាអាមេរិកគួរតែបើកការស៊ើបអង្កេត»។ នេះជាការបញ្ជាក់របស់លោក Kevin McCarthy ចេញផ្សាយដោយ CNN។

តាមពិតទៅ លោក Kevin McCarthy បានសន្យាថាតាំងតែពីមុនលោកជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រអាមេរិកមកម្ល៉េះ ថាលោកនឹងប្រើប្រាស់សំឡេងភាគច្រើនរបស់ បក្សសាធារណរដ្ឋ ក្នុងសភាតំណាងរាស្ត្រអាមេរិក ដើម្បីបើកការស៊ើបអង្កេតលើអ្វីដែលក្រុមអ្នកសាធារណរដ្ឋចោទប្រកាន់ថាលោក ចូ បៃដិន ប្រើប្រាស់ស្ថាប័នរដ្ឋតួយ៉ាង ដូចជា FBI និងក្រសួងយុត្តិធម៌អាមេរិកជាឧបករណ៍នយោបាយធ្វើបាបលោក ដូណាល់ ត្រាំ។ ការបែកធ្លាយព័ត៌មានជុំវិញការប្រទះឃើញឯកសារសម្ងាត់នៅឯមជ្ឈមណ្ឌល Penn Biden Center និងនៅគេហដ្ឋានរបស់លោក ចូ បៃដិន ក៏បាននិងកំពុងបង្កឱ្យមានការចោទសួរឡើងផងដែរថាតើគណបក្សសាធារណរដ្ឋដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រអាចនឹង ដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងរបស់លោក បៃដិន ដូចដែលគណបក្សប្រជាធិបតេយ្យធ្លាប់បានធ្វើដាក់លោក ត្រាំ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា បើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាចត្រូវបានដកតំណែង នៅក្នុងករណីប្រព្រឹត្តបទល្មើសដូចជាក្បត់ជាតិ ពុករលួយ ឬក៏បទល្មើសតូចធំ ផ្សេងទៀត ដែលគេហៅជាភាសាអង់គ្លេសថា «other high Crimes and Misdemeanors»។ បទល្មើសតូចធំផ្សេងទៀត មានអត្ថន័យធំទូលាយខ្លាំងពេកដែលនាំឱ្យមានការ បកស្រាយខុសគ្នា តែជាទូទៅ ការដកតំណែងប្រធានាធិបតីអាចធ្វើទៅបាន ដោយមិនចាំបាច់ទាមទារត្រូវតែមានបទល្មើសព្រហ្មទណ្ឌនោះទេ។ ដំណើរការនីតិវិធីដកតំណែង ឬការបោះឆ្នោតចោទប្រកាន់ដកតំណែងប្រធានាធិបតីដែលគេហៅថា «Impeachment» មិនមែនជារឿងពិបាកនោះទេ នៅក្នុងសភាតំណាងរាស្ត្រដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងពីគណបក្សសាធារណរដ្ឋ។ ការអនុម័តការចោទប្រកាន់ប្រធានាធិបតី ទាមទារការគាំទ្រត្រឹមតែសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ តែរឿងដែលពិបាក នោះគឺនៅឯ ព្រឹទ្ធសភាទៅវិញទេ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយបក្សប្រជាធិតេយ្យ៕ (FRESH NEWS)


ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

 (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាឱកាសឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន ខណ:ក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈធ្វើការផ្លាស់ប្ដូរ គ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងកាន់តែមានឧបាយកប ពិសពុល ក្នុងការលួចលាក ផលិតគ្រឿងញៀនខុសច្បាប់។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា បើទោះបីរយៈពេល៣ឆ្នាំបវិបត្តិកូវីដ១៩នេះ ក៏ដោយនិន្នាការនៃការផលិត ចរាចរ ជួញដូរគ្រឿងញៀននៅក្នុងតំបន់ និងពិភពលោក នៅតែបន្តកើនឡើងឥតឈប់ឈរ ប្រកបដោយហានិភ័យ។

ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន គ្រឿងញៀន នៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈធ្វើការផ្លាស់ប្ដូរ គ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងកាន់តែមានឧបាយកប ពិសពុល ក្នុងការលួចលាក ផលិតគ្រឿងញៀនខុសច្បាប់ ជាពិរសសការកើនឡើងគួរឱ្យកត់សម្គាល់ឥតឈប់ឈរ នៃការលួចបង់សារធាតុគីមី ទៅជាការផលិត កែច្នៃ គ្រឿងញៀនសំយោគខុសច្បាប់ ដែលមានលក្ខខណ្ឌ ងាយស្រួលក្នុងការផលិត បានកំពុងក្លាយជាការព្រួយ បារម្ភយ៉ាងខ្លាំងសំរាប់ពិភពលោក តំបន់ និងកម្ពុជាយើងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញការសង្ឃឹមប្រកបដោយភាពជឿជាក់ យ៉ាងមុតមាំថា ជាជនរងគ្រោះដែលកំពុងសម្រាក ព្យាបាលនៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀត ត្រូវមានការប្ដេជ្ញាចិត្តកែប្រែខ្លួន ទទួលយកសេវាព្យាបាល និងស្ដារនីតិសម្បទាគោរពតាមបែបទញាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល និងការណែនាំផ្សេងៗទៀតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក ដើម្បីបានឆាប់ជាសះ សបើយ និងមានជំនាញបច្ចេកទេសពិតប្រាកដអាចជួបជុំគ្រួសារ និងបម្រើការងារក្នុងសង្គមជាតិវិញ។ ដោយឡែកចំពោះគ្រួសារដែលមានកូន ឬបងប្អូនជាជនរងគ្រោះដោយសារគ្រឿងញៀន គឺហើយពុំទាន់បានទៅរកសេវាព្យាបាល ត្រូវភ្ញាក់រំលឹកខ្លួនមករកសមត្ថកិច្ច ឬមណ្ឌលសេវាសុខភាពដែលនៅជិតដើម្បីទទួលយកការព្យាបាលនេះ។

សូមជម្រាបថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ក្រាំងធ្នង់) ត្រូវបានផ្លាស់ប្តូរ ទីតាំងថ្មី ដោយរៀបចំសាងសង់នៅលើផ្ទៃដីប្រមាណជិត ២ហិកតា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល រួមមាន៖ អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រី, អគារស្ដារនីតិសម្បទា អគារអាហារដ្ឋាន អគារ ឃ្លាំងរោងជាង តារាងបាល់ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្របតាមស្ដង់ដារ និងបានបញ្ចប់ការសាងសង់ចប់សព្វ គ្រប់ជាស្ថាពរ។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារវិញ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលថ្មីនេះ ក៏នឹងចាប់ផ្ដើមផ្ទេរជនរងគ្រោះពីទីតាំងចាស់ដែលមានសភាពណែនតាន់តាប់ នាដើមឆ្នាំ២០២៣ និងអាចទទួលយកជនរងគ្រោះបន្ថែមទៀតទៅតាមដំណាក់កាល រហូតដល់ ១,០០០នាក់ នាពេលអនាគត ស្របតាមស្ថានភាពទីតាំងដែលមានភាពធំទូលាយ៕







បណ្ឌិត ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្ស នាំឱ្យមានការរីកចម្រើន ធានាបាននូវភាពឯករាជ្យម្ចាស់ ការលើគ្រប់វិស័យ ដូចអ្វីដែលរាជរដ្ឋាភិបាល ខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន !

 (បន្ទាយមានជ័យ)៖ បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា ក្នុងជាទិដ្ឋភាពរួមសម្រាប់ប្រទេសជាតិទាំងមូល ការអភិវឌ្ឍធនធានមនុស្ស អាចនាំឱ្យមានការរីកចម្រើនរុងរឿង, ការធានាភាពប្រកួតប្រជែង, កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ហើយជាពិសេស គឺការធានាបាននូវភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ គឺដូចអ្វីដែលរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះ ហើយក៏នឹងបន្តទៅមុខគ្រប់ជំនាន់។

ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត​ បានចូលរួមអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយភាពជោគជ័យ ហើយក៏ជាការចាប់ផ្តើមនៃដំណើរឆ្ពោះ ទៅរកការកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់ខ្លួនឯង, ក្រុមគ្រួសារ, សហគមន៍ និងសង្គមជាតិទាំងមូល។

លោកបន្តថា ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបាននេះ នឹងជួយនិស្សិតយើងប្រែក្លាយទៅជាមូលធនមនុស្ស របស់ប្រទេសជាតិយើង ជាពិសេសនៅក្នុងបរិការណ៍ ដែលប្រទេសជាតិយើងកំពុងត្រូវការធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព គុណធម៌ និងសីលធម៌ខ្ពស់។

លោកបន្ថែមថា ការបញ្ចប់ការសិក្សាដោយជោគជ័យ តាមរយៈការទទួលបានសញ្ញាបត្រដូចពេលនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់បុគ្គលម្នាក់ៗ ជាអាទិ៍៖

១- ការពង្រឹងអំណាចម្ចាស់ការលើខ្លួនឯង ពីព្រោះចំណេះដឹងជាកម្លាំងចលករ ដែលអាចប្រែក្លាយគំនិតឱ្យទៅជាការពិត ព្រមទាំងផ្តល់លទ្ធភាព ក្នុងការជួយឱ្យសម្រេចនូវសុបិន្តរបស់ខ្លួន ជាពិសេសចំណេះដឹងអាចបង្កើតជាមូលដ្ឋាននៃឯករាជ្យភាព និងសេរីភាពលើការសម្រេចចិត្ត និងជាប្រភពនៃភាពក្លាហាន និងជំនឿទុកចិត្តលើខ្លួនឯង

២- ជាមូលដ្ឋានសម្រាប់ឈាន ទៅការបន្តអភិវឌ្ឍសមត្ថភាព ឱ្យមានកម្រិតកើនឡើងថែមទៀត ដោយហេតុថា ការណ៍ដែលមានចំណេះដឹងកាន់តែច្រើន និងគុណវុឌ្ឍកាន់តែខ្ពស់ អាចជួយបង្កើនឱ្យកាន់តែមានភាពបត់បែនក្នុងការចាប់យកជំនាញថ្មី (Reskilling) និងធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗ។

លោកក៏សូមអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិត តាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រ ដោយគ្មានការអាក់ខាន ក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោកក៏សូមអរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនាយរដ្ឋមន្រ្តី និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ននេះ សរុបចំនួន១០០នាក់ ដែលនេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លា នៅក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា៕







ក្រសួងសុខាភិបាល ណែនាំដល់ម្ចាស់គ្រឹះស្ថានលក់ឱសថ អាជីវករ និងពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានណែនាំដល់វេជ្ជបណ្ឌិត ឱសថការី ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់។ នេះបើយោងតាមសេចក្តិជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

តាមរយៈសេចក្តីជូនព័ត៌មានដដែល ក្រសួងសុខាភិបាល បានឱ្យថា៖ យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថាឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន។

បន្ថែមពីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយឡែកឱសថ AMBRONOL SYRUP មានលេខឡូតិ៍ AAS2203 កំពុងចរាចរនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited និងមានអត្តសញ្ញាណ ដូចខាងក្រោម៖

ដែលមានឈ្មោះឱសថ AMBRONOL SYRUP, វេចខ្ចប់ Box/ Bottle, រោងចក្រ MARION BIOTECH PVT.LTD, ក្រុមហ៊ុននាំចូល Quramax (Cambodia) Limited និងមានលេខបញ្ជីកា CAMN 00012IP-20 ដែលផលិតនៅប្រទេសឥណ្ឌា។

ក្រសួងបានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖

ទី១៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថខាង
លើ ត្រូវប្រមូលមកវិញនូវឱសថខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី២៖ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
ទី៣៖ គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាន
ទី៤៖ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕




សារលិខិតអបអរសាទររបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស

 សារលិខិតអបអរសាទររបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម HAYASHI Yoshimasa រដ្ឋមន្រ្ដីការបរទេសជប៉ុន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន

Congratulatory Letters of His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, and His Excellency HAYASHI Yoshimasa, Minister of Foreign Affairs of Japan, on the occasion of the 70th Anniversary of the Establishment of the Diplomatic Relations between Cambodia and Japan






WHO៖ មេរោគអូមីក្រុងបំប្លែងថ្មី XBB.1.5 អាចនឹងជំរុញឲ្យករណីឆ្លងកើនឡើង

 (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា មេរោគប្រភេទអូមីក្រុងបំប្លែងខ្លួនថ្មី នៃជំងឺកូវីដ១៩ ដែលគេឲ្យឈ្មោះថា XBB.1.5 អាចនឹងជំរុញឲ្យមានករណីឆ្លងរាលដាលបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣។

WHO បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំក្រុមការងារបច្ចេកទេស កាលពីថ្ងៃទី៥ ខែមករា កន្លងទៅ។ WHO បានរកឃើញថា «ផ្អែកលើលក្ខណៈហ្សែនរបស់វា និងការប៉ាន់ប្រមាណលើអត្រាកំណើនដំបូង XBB.1.5 អាចរួមចំណែកឲ្យករណីឆ្លងកើនឡើង។ WHO មានទំនុកចិត្តទាបក្នុងការវាយតម្លៃលើហានិភ័យនៃការរីករាលដាល ដោយសារតែទិន្នន័យភាគច្រើនបានមកពីប្រទេសតែ១ គឺសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា គណៈកម្មាធិការនៃអង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃទី២៧ ខែមករា ដើម្បីពិចារណាថាតើជំងឺរាតត្បាតកូវីដ១៩ នៅតែតំណាងឲ្យភាពអាសន្នជាសាកលដែរឬទេ ខណៈវាមានរយៈពេល៣ឆ្នាំទៅហើយ គិតចាប់តាំងពីការប្រកាសលើកដំបូង៕