Thursday, September 16, 2021

វិភាគអន្តរជាតិ៖ អ្វីទៅជា «សម្ព័ន្ធភាពត្រីភាគី» អាមេរិក-អង់គ្លេស-អូស្ត្រាលី?


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលីបានប្រកាសថានឹងបង្កើត «សម្ព័ន្ធភាពយោធាត្រីភាគីមួយ» ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ការប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាថ្មីខាងលើ ធ្វើឡើងក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃពុធ ទី១៥ ខែកញ្ញានេះ។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំនៃប្រទេសនិយាយភាសាអង់គ្លេសទាំង៣ មិនបានលើកឡើងពីឈ្មោះចិននោះទេ ខណៈមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក៏បានអះអាងដែរថាសម្ព័ន្ធភាពយោធានេះ មិនមានគោលដៅទៅលើប្រទេសណាមួយឡើយ។

ប៉ុន្តែ ស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានថ្កោលទោសចំពោះការបង្កើតសម្ព័ន្ធភាពត្រីភាគីនេះ ដោយនិយាយថាបណ្ដាប្រទេសទាំងអស់មិនគួរបង្កើតបក្សសម្ព័ន្ធ ឬសម្ព័ន្ធភាពណាមួយដែលមានគោលដៅ ឬបំផ្លាញផលប្រយោជន៍ប្រទេសដទៃនោះទេ។ ដូច្នេះតើសម្ព័ន្ធភាពយោធាត្រីភាគីនេះពិតជាមិនបានដៅចិន ជាគោលដៅមែនទេ? ដើម្បីដឹងចម្លើយនេះគេត្រូវដឹងជាមុនសិន អ្វីទៅជាសម្ព័ន្ធភាពត្រីអាមេរិក, អង់គ្លេស និងអូស្ត្រាលី?

* បងប្អូនជីដូនមួយរបស់ក្វាដ (Quad)?

នៅក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃពុធសប្ដាហ៍នេះ, លោក ចូ បៃដិន, លោក បូរីស ចនសុន និងលោក ស្កុត ម៉ូរីសុន បានប្រកាសពីការបង្កើតសម័្ពន្ធភាព យោធាថ្មីមួយដោយដាក់ឈ្មោះថា AUKUS (A-UK-US) ដែលត្រូវបានគេមើលឃើញថាជាបងប្អូនជីដូនមួយរបស់ Quad ឬសម្ព័ន្ធភាពចតុភាគីដែលមានសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុនជាសមាជិក ហើយត្រូវជាសាច់ថ្លៃរបស់សម្ព័ន្ធភាពភ្នែកម្នាស់ ឬក្រុមប្រទេសភ្នែក ៥ Five Eyes ដែលមានអាមេរិក អង់គ្លេស អូស្ត្រាលី នូវែលសេឡង់ និងកាណាដា ជាសមាជិក។

សម្ព័ន្ធភាព AUKUS មានលក្ខណៈស្រដៀងគ្នាទៅនឹង Quad ដែរ នោះគឺផ្ដោតសំខាន់ទៅលើសន្តិសុខ ទាស់នៅត្រង់ថា AUKUS នឹងផ្ដោតសំខាន់បន្ថែមលើបច្ចេកវិទ្យាការពារជាតិ និងសមុទ្រ ផ្ទុយពី Five Eyes ដែលផ្ដោតសំខាន់ទៅលើការចែករំលែកព័ត៌មានសម្ងាត់។ នៅក្រោមសម្ព័ន្ធភាព AUKUS, អាមេរិក និងអង់គ្លេសនឹងចែករំលែក បច្ចេកវិទ្យា ព្រមទាំងជួយអូស្ត្រាលី ក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ, ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅខាងវិស័យយោធា ក្នុងនោះ រួមមានទាំងបច្ចេកវិទ្យាសម្បនិម្មិត, ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាកុំព្យូទ័រ quantum ជាដើម។

បើតាមក្រុមមន្ត្រីអាមេរិក រដ្ឋបាលលោក ចូ បៃដិន និងអង់គ្លេសមានផែនការបញ្ជូនក្រុមអ្នកបច្ចេកទេស និងអ្នកយុទ្ធសាស្ត្ររបស់ខ្លួនទៅកាន់ប្រទេសអូស្ត្រាលីដើម្បី ជួយផ្ដល់មធ្យោបាយល្អៗក្នុងការផលិត «នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ» នៅក្នុងរយៈពេល ១៨ ខែខាងមុខ។ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរអាច ធ្វើប្រតិបត្តិការនៅក្រោមផ្ទៃទឹកបានយូរជាង នាវាមុជទឹកស៊េរីចាស់ដើរដោយថាមពលឥន្ធនៈដែលកងទ័ពជើងទឹកអូស្ត្រាលីកំពុងប្រើ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា មេដឹកនាំ អាមេរិក និងអង់គ្លេសបានបញ្ជាក់ជាមុនថានាវាមុជទឹកដែលស្ថិតនៅក្រោមគម្រោងផលិតនឹងមិនមានបំពាក់អាវុធនុយក្លេអ៊ែរឡើយ ដោយគ្រាន់តែវាដំណើរការដោយ ថាមពលនុយក្លេអ៊ែរតែប៉ុណ្ណោះ។ នៅសប្ដាហ៍ក្រោយនេះ លោក ចូ បៃដិន នឹងត្រូវរៀបចំកិច្ចប្រជុំទល់មុខជាមួយបណ្ដាមេដឹកនាំមកពីប្រទេសជាសមាជិក Quad នៅឯសេតវិមាន។

* មិននិយាយចំឈ្មោះចិន, តែចង្អុលមុខចិន

មេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តទាំងបី មិនបានលើកចំឈ្មោះចិន នៅក្នុងកិច្ចប្រជុំរបស់ខ្លួនឡើយ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ក៏បានបញ្ជាក់ថាការបង្កើតសម្ព័ន្ធភាព ត្រីភាគី AUKUS (A-UK-US) មិនមានគោលដៅទៅលើប្រទេសចិន ឬក៏ប្រទេសណាមួយទេ។ មន្ត្រីជាន់ខ្ពស់រូបនេះបានលើកឡើងដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថា សម្ព័ន្ធភាពនេះមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយឡើយ ដោយវាគ្រាន់តែជាការលើកកម្ពស់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់យើង និងដើម្បីការពារ

សណ្ដាប់ធ្នាប់អន្តរជាតិ ក៏ដូចជាថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តែប៉ុណ្ណោះ»។

តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយល់ថានៅត្រង់ឃ្លា «រក្សាសណ្ដាប់ធ្នាប់អន្តរជាតិ» ដែលមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើបាននិយាយ គឺចង់សំដៅទៅលើចិនតែម្ដង ដែលលោក ចូ បៃដិនផ្ទាល់តែងតែចោទប្រកាន់ជារឿយៗថាកំពុងព្យាយាមបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិ។ នៅក្រោមរដ្ឋបាលលោក បៃដិន ចិនត្រូវបានចាត់ទុកថាជា គូប្រជែងភូមិសាស្ត្រនយោបាយដ៏ធំបំផុតនៅក្នុងស.វទី២១នេះ ដែលមានសមត្ថភាពប្រមូលធនធានគ្រប់យ៉ាងទាំងខាងយោធា, បច្ចេកវិទ្យា រហូតដល់សេដ្ឋកិច្ចដើម្បី ទប់ទល់ជាមួយសហរដ្ឋអាមេរិក។

មួយវិញទៀត ការបង្កើតសម្ព័ន្ធភាពត្រីភាគីនេះទៀតសោត ក៏ជាផ្នែកមួយនៃការបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន និងស្ដារទំនុកចិត្តឡើងវិញពីសម្ព័ន្ធមិត្តក្រោយ ការដួលរលំរបស់អាហ្វហ្កានីស្ថាន។ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន គឺជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រមូលធនធានគ្រប់យ៉ាងងាកមកផ្ដោតលើតំបន់អាស៊ី ជាទីដែលឥទ្ធិពលរបស់ចិនរីកកាន់តែធំឡើង ហើយការបញ្ជូនមន្ត្រីអាមេរិកកំពូលៗ នៅក្រោមរដ្ឋបាលលោក បៃដិន ក្នុងនោះរួមមានអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មកកាន់តំបន់អាស៊ីកាលពីពេលថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្ទប់ការកើនឡើងឥទ្ធិពលចិន» របស់លោក ចូ បៃដិនបានលេចចេញជារូបរាងហើយ។

* លួចចាក់បារាំងពីក្រោយខ្នង?

ការប្រកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើឱ្យបារាំងខកចិត្តជាខ្លាំង ដ្បិតវាអាចនឹងជំរុញ ឱ្យអូស្ត្រាលីលុបចោលគម្រោងទិញនាវាមុជទឹក ១២គ្រឿងមានតម្លៃប្រហែល ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group ដែលនេះហាក់ដូចជាមានន័យចំពោះ បារាំងថា «ទាស្ងោរឆ្អិនហើយ ហើរទៅបាត់»។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបារាំង លោកស្រី ហ្ល័ររ៉ង់ ប៉ាលី (Florence Parly), រដ្ឋមន្ត្រីការពារជាតិបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បានចោទលោក ចូ បៃដិនថា បានលួចចាក់បារាំងពីក្រោយខ្នង ហើយប្រដូចថាទង្វើរបស់លោក បៃដិនគឺមិនខុសគ្នាពីអ្វីដែល

លោក ដូណាល់ ត្រាំ ធ្លាប់បានធ្វើនោះទេ គឺ «បំផ្លាញទំនុកចិត្តសម្ព័ន្ធមិត្ត»។

«ជម្រើសរបស់សហរដ្ឋអាមេរិក ដោយមិនរាប់បញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសជាដៃគូមួយ ដូចជាបារាំងទៅក្នុងសម្ព័ន្ធភាពជាមួយអូស្ត្រាលី នៅខណៈពេលដែលយើង កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនថាវាពាក់ព័ន្ធនឹងគុណតម្លៃរបស់យើង ឬពាក់ព័ន្ធនឹងការគោរពប្រព័ន្ធពហុភាគី និយមឈរលើមូលដ្ឋាននីតិរដ្ឋនោះទេ គឺវាបានបង្ហាញពីភាពខ្វះខាតនៃសាមគ្គីភាពដែលធ្វើឱ្យបារាំងត្រូវកត់ចំណាំទុក និងមានការសោកស្ដាយ»។ នេះជាការបន្ថែមរបស់ លោក Le Drian។

គួរបញ្ជាក់ថា បើតាមលោក Le Drian បារាំងយល់ថាសម្ព័ន្ធភាពយោធាត្រីភាគី AUKUS នឹងគំរាមកំហែងដល់ភាពជាដៃគូសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយវានឹង កាន់តែបង្ហាញប្រាប់អឺរ៉ុបថាចាំបាច់ត្រូវការយុទ្ធសាស្ត្រផ្ទាល់ខ្លួនដែលមានស្វ័យភាពរឹតតែខ្លាំង ខណៈប្រធានាធិបតីបារាំង លោក ម៉ាក្រុង ត្រូវបានគេរាយការណ៍ថានឹង អញ្ជើញមេដឹកនាំអឺរ៉ុបចូលរួមក្នុងកិច្ចប្រជុំស្ដីពីវិស័យការពារជាតិអឺរ៉ុប និងភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯង។ ក្នុងពេលភ្លាមៗ គេមិនអាចនិយាយបានទេថាតើសម្ព័ន្ធភាពត្រីភាគីអាមេរិក អង់គ្លេស និងអូស្ត្រាលីមានប្រសិទ្ធភាពប្រជែងជាមួយចិនដែរ ឬក៏យ៉ាងណា។ តែអ្វីដែលគេអាចនិយាយបាននោះគឺថា ការផ្ដល់អាទិភាពខ្លាំងពេករបស់អាមេរិកដល់សម្ព័ន្ធមិត្តដែលសំខាន់តែសម្រាប់ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក» អាចនឹងធ្វើឱ្យសម្ព័ន្ធមិត្តដទៃយល់ថាអាមេរិកលួចចាក់ពួកគេពីក្រោយខ្នង៕

ប្រភព៖ AFP, Nikkei (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១)

ដោយ៖ Fresh News










សម្តេចតេជោ ហ៊ុន សែន៖ ការចូលប្រជុំ Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។



សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។

ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។

សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។

សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចាឱយសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱយភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឱយ. ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱយអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom»៕



រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

 សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដែលមានទីតាំងចំនួន ៤២ទីតាំង ដែលបានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ៕


ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម១២ឆ្នាំ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កូនចៅមន្ត្រីរាជការជាតិ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ នឹងត្រូវចាប់ផ្តើមចាក់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ទៅតាមទីតាំង កាលបិរច្ឆេទ និងពេលវេលា ក្នុងសេចក្តីជូនដំណឹងនេះ។

ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ អ្នកឧកញ៉ា និងឧកញ៉ សូមទៅទទួលការចាប់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត តាមពេលវេលា និងកាលបរិច្ឆេទ ដែលចាប់ពីថ្ងៃទី០៥ ដល់ ១៣ ខែតុលា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ ដូសទី១ និងទី២ ដល់កូនចៅមន្ត្រីរាជការ និងកូនចៅប្រជាពលរដ្ឋក្រោមឱវាទរាជធានី-ខេត្ត ត្រូវបានកំណត់ដូចជា៖

– រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង ត្រូវរៀបចំចាក់ជូនក្រុមគោលដៅ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១តទៅ ដែលមានគម្លាតដូសទី១ និងទី២ គឺ២១ថ្ងៃ។ សម្រាប់ទីតាំងចាក់រដ្ឋបាលខេត្ត នឹងជូនដំណឹងរៀងៗខ្លួន។

– សម្រាប់ខេត្ត២១ផ្សេងទៀត ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ ដែលមានគម្លាតដូសទី១ និងទី២ គឺ២១ថ្ងៃ សម្រាប់ទីតាំងចាក់រដ្ឋបាលខេត្តនឹងជូនដំណឹងរៀងៗខ្លួន។

ចំពោះឯកសារភ្ជាប់មកជាមួយនៅពេលចាក់រួមមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ឌសម្គាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)៕

សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖