Wednesday, October 12, 2016

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិនបំពេញទស្សន​កិច្ចនៅភូមិធម្មជាតិរុនតាឯក ដើម្បីពង្រឹង​កិច្ចសហប្រតិ​បត្តិការលើវិស័យកសិកម្ម

នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១៤ រូប ដឹកនាំដោយឯកឧត្តម ឈូ ទុងយូ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបំពេញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យកសិកម្មនៅក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលកំពុងអនុវត្តដោយកិច្ចសហការរវាងមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)  និងអាជ្ញាធរជាតិអប្សរា។

មជ្ឈមណ្ឌល CAPROC ជាគម្រោងជំនួយរបស់រដ្ឋាភិបាលចិនមកកម្ពុជា ដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ គម្រោងនេះមានគោលដៅសំខាន់៤ចំណុចគឺ ទី១ ការបង្ហាញអំពីបច្ចេកទេសនៃការដាំដុះ ដោយផ្តោតសំខាន់ទៅលើស្រូវ និងដំណាំបន្លែផ្សេងៗ ទី២ បង្ហាញអំពីគ្រឿងយន្តកសិកម្មសម័យទំនើប និងការប្រើប្រាស់ផ្ទះកញ្ចក់ ទី៣ បង្ហាញ និងផ្សព្វផ្សាយអំពីការកែច្នៃផលិតផលកសិកម្ម និងជាចុងក្រោយគឺ ការជំរុញកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន លើវិស័យកសិកម្ម។

តាមរយៈគម្រោងនេះ ក្រុមហ៊ុនសហប្រតិបត្តិការអន្តរជាតិបច្ចេកទេសកសិកម្មហ្វវើដ (Forward) ដែលជាក្រុមហ៊ុនអនុវត្តគម្រោង CAPROC បានសហការជាមួយនឹងអាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសដីនៅភូមិធម្មជាតិរុនតាឯកអនុវត្តគម្រោងកសិកម្មនេះ។ កិច្ចសហការនេះគឺផ្តោតទៅលើការបង្កើតឧទ្យានគំរូវិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដែលគ្រោងនឹងប្រើប្រាស់ដីចំនួន២០ហិកតា ដោយចែកជាពីរដំណាក់កាលគឺ ៣ឆ្នាំដំបូងប្រើប្រាស់ជំនួយថវិការបស់រដ្ឋាភិបាលចិន ហើយ១៥ឆ្នាំបន្ទាប់នឹងប្រើប្រាស់ថវិកាផ្ទាល់របស់ក្រុមហ៊ុន។

លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារៈ និងជាអនុប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានពន្យល់គណៈប្រតិភូអំពីដំណើរការអភិវឌ្ឍន៍នៃភូមិធម្មជាតិរុនតាឯក ដោយផ្តោតការយកចិត្តទុកដាក់លើការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋតាមរយៈវិស័យកសិកម្ម និងទេសចរណ៍។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូចិន ក៏ដូចជារដ្ឋាភិបាលចិនដែលតែងតែយកចិត្តទុកដាក់ចំពោះការអភិរក្ស និងជួសជុលប្រាសាទក្នុងឧទ្យានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករយៈកាលកន្លងមក ជាពិសេស គឺការនាំគម្រោងឧទ្យានគំរូបច្ចេកវិទ្យាកសិកម្មចិន-កម្ពុជា មកអនុវត្តនៅក្នុងភូមិធម្មជាតិរុនតាឯកនេះតែម្តង៕





សម្ព័ន្ធមេត្រីភាពរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាន បានឈានដល់ការចុះអនុស្សរណៈ​យោគយល់នឹងគ្នាហើយ

រោយពីដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចពិភាក្សាជាបន្តបន្ទាប់ រវាងស្ថាប័នគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងរមណីយដ្ឋានហ័ងសាននៃសាធារណរដ្ឋប្រជាមានិតចិន អស់រយៈកាលជាងមួយឆ្នាំកន្លងមក សម្ព័ន្ធភាពនៃរមណីយដ្ឋានទាំងពីរបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។

  អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Ye Zheng Jun អនុប្រធានលេខាធិការនៃគណៈកម្មាធិការគ្រប់គ្រងរមណីយដ្ឋានទេសភាពហ័ងសាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម Kong Xiaohong អភិបាលក្រុងហ័ងសាន និងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនទៀតនៃអាជ្ញាធរជាតិអប្សរា និងរមណីយដ្ឋានហ័ងសាន។

  ឯកឧត្តម Kong Xiaohong បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលទំនាក់ទំនងនៃរមណីយដ្ឋានពិភពលោកទាំងពីរបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នា។ ឯកឧត្តមបញ្ជាក់ថា “យើងដឹងថា អង្គរគឺជា និមិត្តរូបនៃប្រទេសកម្ពុជា អង្គរគឺជាតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏អស្ចារ្យ។ ប្រជាជនចិនជាច្រើនក៏បានសិក្សា និងកោតសរសើរចំពោះស្នាដៃដ៏អច្ឆរិយៈនេះដែរ។  ប្រទេសកម្ពុជា និងចិនធ្លាប់មានទំនាក់ទំនងគ្នាយ៉ាងល្អតាំងពីបុរាណកាលមក យើងសង្ឃឹមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ នឹងធ្វើឲ្យរមណីយដ្ឋានពិភពលោកទាំងពីរកាន់តែខិតជិតរកគ្នា ជាពិសេសនឹងធ្វើឲ្យសម្ព័ន្ធភាពកម្ពុជា និងចិនកាន់តែរឹងមាំថែមទៀត”។

  មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ បញ្ជាក់ថា គោលបំណងចម្បងនៃការចុះអនុស្សរណៈនៅថ្ងៃនេះគឺ “ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានពិភពលោកទាំងពីរ ក្នុងក្របខណ្ឌអភិរក្ស គ្រប់គ្រង ស្រាវជ្រាវ បណ្តុះបណ្តាល ការអភិវឌ្ឍទេសចរណ៍ដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន។  ជំរុញការផ្សព្វផ្សាយពីរូបភាពនៃរមណីយដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរ បណ្តុះបណ្តាលធនធានមនុស្សតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ផ្តល់ជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការអភិវឌ្ឍ ការអភិរក្ស បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក៏ដូចជាជំរុញការផ្សព្វផ្សាយទេសចរណ៍រវាងរមណីយដ្ឋានទាំងពីរ”។

  គួររំឭកថា កាលពីថ្ងៃទី១៤ ដល់ ១៨ ខែសីហា ឆ្នាំ២០១៥ ក្រុមប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម សុខ សង្វារ អគ្គនាយករង ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់រមណីដ្ឋានហ័ង សាន បានធ្វើកំណត់ហេតុ នៃកិច្ចពិភាក្សាស្តីពីការចងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិរក្ស អភិវឌ្ឍន៍ និងគ្រប់គ្រងរមណីយដ្ឋាន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំងពីរ។ ក្រោយមកទៀត នៅថ្ងៃទី១៤ និង១៥ ខែធ្នូ ឆ្នាំ២០១៥ គណៈប្រតិភូរមណីយដ្ឋានហ័ងសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Chen Lei អនុប្រធាននាយកដ្ឋានទេសចរណ៍នៃខេត្តអានហួយ ក៏បានមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងតំបន់រមណីយដ្ឋានអង្គរវិញដែរ។ តាមរយៈទំនាក់ទំនងនេះហើយ ដែលជំរុញឲ្យមានកិច្ចសហប្រតិបត្តិការរហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ៕






លោក ផៃ ស៊ីផាន៖ ការអវត្តមាន​របស់ សម រង្ស៊ី គ្មាន​ប៉ះពាល់លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ការបោះឆ្នោត​ដំណើរការធម្មតា

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបាននិយាយសម្តៅថា ការអវត្តមានរូបគាត់នៅពេលបោះឆ្នោតខាងមុខនេះ នឹងធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតមិនអាចទទួលយកបាន។ លោក ផៃ ស៊ីផាន បានចាត់ទុកការលើកឡើងរបស់ លោក សម រង្ស៊ី ជាការយល់ខុស ខណៈដែលលទ្ធិប្រជាធិបតេយ្យកម្ពុជាមានការចាក់ស្រេះ ហើយការរៀបចំការបោះឆ្នោតដំណើរការធម្មតា។

លោក ផៃ ស៊ីផាន បានលើកឡើងថា «គាត់ថា ការបោះឆ្នោតហ្នឹងមិនអាចយកជាការបាន ដោយសារមិនមានវត្តមានរបស់គាត់ គឺគាត់និយាយខុសហើយ គឺនៅកម្ពុជាមានគណបក្សនយោបាយជាង២០រួចទៅហើយ ដូច្នេះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ស្រេះ ដែលបានចាប់ផ្តើម២០ឆ្នាំកន្លងមកហើយ គឺមិនមែនស្ថិតនៅលើបុគ្គលណាម្នាក់ ដែលឱ្យតម្លៃលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែគឺឈរលើរដ្ឋធម្មនុញ្ញ ឈរលើច្បាប់បោះឆ្នោត»។

ប្រតិកម្មរបស់ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានបង្ហោះនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ។ លោក សម រង្ស៊ី បានលើកឡើងថា មានតែប្រទេសកាន់លទ្ធិប្រជាធិបតេយ្យនៅលោកខាងលិចទេ ដែលអាចជួយប្រទេសកម្ពុជាបាន ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។ លោក សម រង្ស៊ី លើកឡើងថា «បើការបោះឆ្នោតខាងមុខនៅប្រទេសកម្ពុជា មិនត្រឹមត្រូវទេ ហើយមិនត្រូវបានអន្តរជាតិ ទទួលស្គាល់ទេ ពេលនោះរដ្ឋាភិបាលណា ដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវនោះ ក៏អន្តរជាតិមិនទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់ដែរ។ សម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលដឹកនាំដោយគណបក្សណាក៏ដោយ មិនអាចដំណើរការបានទេ បើមិនមានភាពស្របច្បាប់ នៅចំពោះមុខអន្តរជាតិ»។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា «ការបោះឆ្នោត និងយន្តការនៃការបោះឆ្នោត, លទ្ធផលនៃការឆ្នោត គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ មិនមែនជាផលប្រយោជន៍នរណាមួយ ឬក៏យកទៅផ្គាប់ផ្គន់បរទេសនោះឡើយ។ កន្លងមកលទ្ធផលនៃការបោះឆ្នោតទោះបីជា សម រង្ស៊ី ចូលរួម ឬមិនចូលរួម ឬក៏ប្រឆាំងនឹងការបោះឆ្នោតដែលជាឆន្ទៈរបស់មហាជន ដោយឡែកប្រទេសដទៃទៀត តែងតែគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលគេមិនប្រើនិន្នាការលូកលាន់ឬជ្រៀតជ្រែក ឬក៏ឆក់ប្លន់នៃលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីឆន្ទៈជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ»។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ កំពុងប្រឈមនឹងការបាត់បង់សិទ្ធិ ក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៧ និង២០១៨ ដោយសារតែលោកបានក្លាយ ទៅជាទណ្ឌិត ក្នុងរឿងបរិហារកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំងកំពុងពាក់ព័ន្ធនឹងបណ្តឹងជាច្រើនទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងហើយម្តងទៀតថា លើកនេះ សម្តេចនឹងមិនចុះហត្ថលេខា ស្នើលើកលែងទោសដល់ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេសនោះឡើយ។

លោក ផៃ ស៊ីផាន បានជឿជាក់ថា ពេលនេះលោក សម រង្ស៊ី កំពុងអូសទាញប្រទេសមហាអំណាចទាំងនោះ ដើម្បីឱ្យលោកអាចចូលរួមការ បោះឆ្នោតដោយមិនអនុវត្តទោស។ លោកថា «លោក សម រង្ស៊ី ហាក់បីដូចជាចង់អូសប្រទេសកម្ពុជា ឱ្យក្លាយទៅជាចំណាប់ខ្មាំង ឆ្លើយតបនឹងការអវត្តមានរបស់គាត់ នៅក្នុងប្រទេសកម្ពុជាដោយសារតែគាត់ជាទណ្ឌិត ដែលមិនហ៊ានចូលកម្ពុជា។ គាត់ចង់អូសទាញមហាអំណាច មហាមិត្តទាំងអស់ហ្នឹង ឱ្យក្លាយជាចំណាប់ខ្មាំងដើម្បីនាំគាត់ឱ្យចូលរួមក្នុងការបោះឆ្នោត»៕


សារលិខិតរបស់ប្រធានាធិបតីចិន ផ្ញើជូនកម្ពុជា៖ «ធ្វើជាអ្នកជិតខាងល្អ និងមិត្តភក្តិ​ពិតប្រាកដដែល​មានភាពស្មោះ​ត្រង់នឹងគ្នា»

ដោយ៖ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ ដោយតបតាមសេចក្តីអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រម្ពុជា ខ្ញុំនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា។ នេះជាលើកដំបូងដែលខ្ញុំទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាំងពីខ្ញុំឡើងកាន់តំណែងជាប្រធានាធិបតីចិនមក។ ដូច្នេះខ្ញុំពោរពេញទៅដោយការរំពឹងទុកចំពោះដំណើរទស្សនកិច្ចលើកនេះ។

ប្រទេសកម្ពុជា គឺជាតំបន់ដ៏សំខាន់នៅតាមផ្លូវសូត្រលើសមុទ្រនាសម័យបុរាណ ហើយប្រកបដោយវប្បធម៌ប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ និងយូរអង្វែង ក៏ដូចជាវប្បធម៌ខ្មែរដែលប្រកបដោយលក្ខណៈពិសេស។ ប្រជាជនកម្ពុជាដែលប្រកបដោយភាពឧស្សាហ៍ព្យាយាម និងមានប្រាជ្ញាឈ្លាសវៃដោយបានកសាងអង្គរវត្ត ដែលជាអច្ឆរិយវត្ថុដ៏មានកម្លាំងទាក់ទាញ សំណង់ដ៏មហិមា និងចម្លាក់លៀនក៏ដូចជា គំនូរជញ្ជាំងដ៏ល្អប្រណីតបានធ្វើឲ្យអ្នកផងកោតស្ងប់ស្ងែងយ៉ាងខ្លាំង ដែលបានបន្សល់ទុកនៅទំព័រមិនចេះសាបសូន្យ នៃប្រវត្តិសាស្ត្រអរិយធម៌របស់មនុស្សជាតិ។ ក្រោយពីបានឈានចូលសតវត្សរ៍ទី២១ បុព្វហេតុកសាងប្រទេសជាតិ របស់ប្រទេសកម្ពុជាបានឈានឡើងដល់កម្រិតថ្មីឥតឈប់ឈរ ហើយកម្រិតនៃជីវភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ផងដែរ ដូច្នេះអនាគតរបស់ប្រទេសកម្ពុជាគឺគួរជាទីរំពឹងទុក។

ប្រទេសចិន និងប្រទេសកម្ពុជា មានទីតាំងភូមិសាស្ត្រនៅជិតគ្នា វប្បធ៌មស្រដៀងគ្នា ហើយចំពោះការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រទេសទាំង២ មានប្រវត្តិសាស្ត្រជាង ១០០០ឆ្នាំ។ ឆ្លងតាមរយៈផ្លូវសូត្រតាមសមុទ្រ គ្រឿងកុម្ភៈការភ័ណ្ឌ និងគ្រឿងព័រសឺឡែនរបស់ប្រទេសចិន ព្រមទាំងគ្រឿងក្រអូប និងគ្រឿងក្រមួនរបស់កម្ពុជាជាដើម ត្រូវបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់រវាងប្រជាជននៃគូភាគី។ ចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន បានបង្ហាញពីទិដ្ឋភាពដ៏រស់រវើកនៃការប្រាស្រ័យទាក់ទងគ្នារវាងពាណិជ្ជករចិន និងប្រជាជនកម្ពុជាកាលពីសម័យបុរាណ។ ពីសតវត្សរ៍ទី៥ ដល់ទី៦ ក្នុងសម័យកាលរជ្ជកាលខាងត្បូង និងខាងជើងនៃប្រទេសចិន ព្រះសង្ឃរាជ ៣អង្គមានព្រះនាមសង្ឃវរ្ម័ន មណ្ឌល និងសុភូតិ បាននិមន្តទៅផ្សព្វផ្សាយព្រះធម៌នៅប្រទេសចិនជាបន្តបន្ទាប់។ លោកជីវតាក្វាន់ ប្រេសិត នៃសម័យរជ្ជកាលយាន់ប្រទេសចិន បានទៅដល់ប្រទេសកម្ពុជា និងបាននិពន្ធសៀវភៅមានចំណងជើងថា «ប្រពៃណី និងទំនាមទម្លាប់អ្នកស្រុកចេនឡា» ដែលបានកត់ត្រាអំពីប្រពៃណីនិងទំនាមទម្លាប់របស់ប្រជាជនខ្មែរ និងការប្រាស្រ័យទាក់ទងដោយមេត្រីភាពរវាងប្រជាជន នៃប្រទេសទាំំងពីរចិននិងកម្ពុជា។ លោក ហ្សឹង ហឺ (Zheng He) នាវិកក្នុងសម័យរជ្ជកាលមីងប្រទេសចិន បានស្នាក់នៅប្រទេសកម្ពុជាជាច្រើនលើកនៅពេលធ្វើនាវាចរណ៍ លោកបាននិយាយថា «នៅទីនេះមានអាកាសធាតុក្តៅជាប់ ស្រែចំការទទួលបានផលច្រើន ស្ញោរទឹកសមុទ្រធ្វើជាអំបិល ប្រពៃណីទំនៀមទម្លាប់សំបូរបែប។» វិហារសាមប៉កុង ដែលស្ថិតនៅជាយក្រុងកំពង់ចាម មានគេទៅអុជធូបជាប់មិនដាច់ដែលបានពិពណ៌នាអំពីចំណងនិស្ស័យ កាត់មិនដាច់រវាងប្រជាជន នៃប្រទេសទាំងពីរ។

កម្ពុជាមានសុភាសិតមួយឃ្លានិយាយថា «ទំនុកចិត្តប្រៀបដូចជាដើមឈើ»។ មិត្តភាពប្រពៃណីរវាងប្រទេសចិន និងប្រទេសកម្ពុជា បានឆ្លងកាត់ពេលវេលាដ៏យូរអង្វែង និងការសាកល្បងនៃការប្រែប្រួលលើផ្ទៃអន្តរជាតិដែលបានចាក់ឫសយ៉ាងជ្រៅ និងមានមែកធាងយ៉ាងត្រសុំត្រសាយដែលនេះ គឺបានមកពីការពូនជ្រុំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ។ នៅឆ្នាំ១៩៥៨ ប្រទេសចិន និងកម្ពុជា បានបង្កើតទំនាក់ទំនងផ្លូវទូតជាផ្លូវការ ទំនាក់ទំនងរវាងប្រទេសទាំង២ បានចាប់បើកនូវទំព័រប្រវត្តិសាស្ត្រថ្មី។ ៥៨ឆ្នាំកន្លងមក ថ្នាក់ដឹកនាំនៃជំនាន់មុនៗរបស់ប្រទេសទាំង២ បានប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ បង្កើតជាចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា ទ្រង់ធ្លាប់មានព្រះរាជបន្ទូលដែលពោរពេញទៅដោយមនោសញ្ចេតនាថា មិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជានិងចិន ហាក់ដូចជាបុបា្ផស្រស់មួយទងដែលមិនចេះរុះរោយ និងរីកស្គុះស្គាយជាអមតៈក្រោមផ្ទៃមេឃដ៏ភ្លឺស្រឡះ។ នេះគឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដអំពីចំណងមេត្រីភាពរវាងចិន និងកម្ពុជា។

ឈានចូលក្នុងសម័យកាលថ្មី មិត្តភាពរវាងចិន និងកម្ពុជា រឹតតែមានភាពរឹងមាំ ព្រមទាំងទទួលបន្ត និងផ្សាយទូលាយជាបន្តបន្ទាប់។ ប្រទេសទាំង២ មានការជឿទុកចិត្តគ្នាកម្រិតខ្ពស់លើផ្នែកនយោបាយ បានផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះ លើវិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ដែលស្វែងរកភាពប្រាកដប្រជាលើគ្រប់វិស័យទទួលបានផ្លែផ្កាដ៏ស្តុកស្តម្ភ ហើយបានរក្សាការប្រាស្រ័យទាក់ទង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធលើផ្នែកកិច្ចការអន្តរជាតិនិងតំបន់ អាចនិយាយបានថា គឺជាគំរូនៃប្រទេសជាសមភាគី និងធ្វើកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់។

ឆ្នាំ២០១០ ប្រទេសទាំង២ បានបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីបានឈានចូលសម័យកាលថ្មី។ ប្រទេសចិន និងកម្ពុជា មានភាពស៊ីសង្វាក់គ្នាកម្រិតខ្ពស់លើទស្សនៈអភិវឌ្ឍប្រទេសជាតិ បានឯកភាពគ្នាលើការពន្លឿនការតភ្ជាប់គ្នា រវាងសេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ និងយុទ្ធសាស្ត្រចតុកោណ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីនិងការបណ្តាក់ទុនទៅវិញទៅមក បានរក្សានិន្នាការកើនឡើងយ៉ាងខ្លាំង ប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មធំទី១ និងប្រទេសជាប្រភពបណ្តាក់ទុនធំទី១ របស់ប្រទេសកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ជាប់ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៥ បានលើសពី ៤,៤០០លានដុល្លារអាមេរិក។

ប្រទេសចិន និងប្រទេសកម្ពុជាជាមិត្តភក្តិល្អដ៏ស្មោះត្រង់។ នៅលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាស្នូលរបស់គូភាគី និងបញ្ហាដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ប្រទេសទាំង២ បានរួមសុខរួមទុក្ខ និងជួយយកអាសាគ្នា។ នៅក្នុងការតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យជាតិ និងការរំដោះជនជាតិ ក៏ដូចជាការគាំពារសុខសន្តិភាពរបស់ប្រទេសកម្ពុជា ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងមុតមាំ និងជួយជ្រោមជ្រែងដល់កម្ពុជា។ នៅទសវត្សរ៍ឆ្នាំ៩០ នៃសតវត្សរ៍ មុនប្រទេសចិនបានចាត់បញ្ជូនកងទ័ពវិស្វកម្មចំនួនជាង ៨០០នាក់ ឲ្យទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជា។ ក្នុងអំឡុងពេល ១៨ខែ ពួកគេបានបញ្ចប់ភារកិច្ចកសាងនិងស្តារឡើងវិញនូវព្រលានយន្តហោះចំនួន៣ ក្នុងនោះមានព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម ព្រមទាំងផ្លូវជាតិ ៤ខ្សែ មានប្រវែងសរុបជាង ៦៤០គីឡូម៉ែត្រ និងបានកសាង និងស្តារឡើងវិញនូវស្ពានជាង ៤០កន្លែង។ ពួកគេបានបណ្តុះបំប៉នចំណងមិត្តភាពរវាងចិន និងកម្ពុជា ដោយឈាមស្រស់និងញើស។

យើងខ្ញុំមិនអាចបំភ្លេចបានទេ ក្នុងគ្រាដែលប្រទេសចិន ថ្មីទើបបង្កើតឡើងបានរងនូវការបំបិទ និងការចាត់ទុកជាសត្រូវពីប្រទេសជាច្រើន ប្រទេសកម្ពុជាបាននាំមុខក្នុងការបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន។ ក្នុងការតស៊ូប្រយុទ្ធរបស់ប្រទេសចិន ដើម្បីរៀបចំឡើងវិញនូវអាសនៈស្របច្បាប់នៅអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ប្រទេសចិន។ ក្នុងពេលដែលប្រទេសចិនគាំពារយ៉ាងដាច់ខាតចំពោះអធិបតេយ្យភាពទឹកដីជាតិ និង សិទ្ធិនិងផលប្រយោជន៍នៃសមុទ្រ ព្រមនិងការខិតខំដោះស្រាយជម្លោះតាមការចរចាដោយសន្តិភាព ប្រទេសកម្ពុជាបានប្រកាន់ភាពយុត្តិធម៌និងបានបញ្ចេញមតិរបស់ខ្លួនដោយសច្ចធម៌ ។ នៅពេលខេត្ត SiChuan QingHai និង GanSu ជាដើមរបស់ប្រទេសចិនកើតមានគ្រោះមហន្តរាយធម្មជាតិយ៉ាងធ្ងន់ធ្ងរ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំនិងគ្រប់មជ្ឈដ្ឋាននានារបស់ប្រទេសកម្ពុជាបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសចិន។ ជនជាតិចិនតែងតែនិយាយថា ក្នុងគ្រាជួបនឹងការលំបាក អាចមើលឃើញពីមនោសញ្ចេតនាពិតប្រាកដ។ ចំណែកសុភាសិតខ្មែរបាននិយាយថា មានតែក្នុងគ្រាលំបាកទេ ទើបអាចបែងចែកថាអ្នកណាជាមិត្តភក្តិពិត អ្នកណាជាមិត្តភក្តិក្លែងក្លាយ។ ប្រជាជនចិន និងកម្ពុជា ឲ្យតម្លៃលើមនោសញ្ចេតនា និងគោរពតាមពាក្យសន្យា គោរពរាប់អានគ្នាដោយស្មោះត្រង់ ចំណងមេត្រីភាពរវាងចិន និងកម្ពុជា បានដក់ជាប់ក្នុងក្រអៅដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងដ៏ល្អដែលមានមនោសញ្ចេតនាដូចជាបងប្អូន។ ក្នុងដំណើរជំរុញកិច្ចកសាងប្រទេសជាតិ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរ បានជួយយកអាសាគ្នាទៅវិញទៅមក។ ប្រទេសចិនបានជួយកម្ពុជាសាងសង់ផ្លូវជាតិខ្សែទី១ ដែលអាចបើកបររថយន្ត ៤គ្រឿងក្នុងពេលតែមួយ, បានកសាងរោងចក្រស៊ីម៉ង់ត៍ទី១, ស្ថានីយអគ្គិសនីដើរដោយថាមពលភ្លើងទី១ និងស្ថានីយវារីអគ្គិសនីដែលមានទ្រង់ទ្រាយធំបំផុតរបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលរីកចម្រើនយ៉ាងផុសផុល គឺជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។ គិតរហូតដល់ខែមិថុនាឆ្នាំ២០១៦ សហគ្រាសដែលបានទៅបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រួមទាំងអស់មានចំនួនដល់ទៅ ១០០សហគ្រាស បើគិតជាទំហំនៃការវិនិយោគស្មើនឹង ២៨០លានដុល្លារអាមេរិក បានដោះស្រាយបញ្ហាការងាររបស់ប្រជាជនកម្ពុជាលើសពី ១ម៉ឺន៣ពាន់នាក់។ ប្រទេសទាំងពីរបានពង្រីកឧត្តមភាពបំពេញបន្ថែមគ្នាខាងផ្នែកសេដ្ឋកិច្ច ខំប្រឹងប្រែងស្វែងរកសក្តានុពល កិច្ចសហប្រតិបត្តិការខាងវិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធារាសាស្ត្រ ប្រភពធនធាន ថាមពល ព័ត៌មាន និងទូរគមនាគមន៍ជាដើម គឺមានទ្រង់ទ្រាយកាន់តែធំឡើងឥតឈប់ឈរ និងមានកម្រិតកាន់តែខ្ពស់ទៅៗ ហើយគំរោងសហប្រតិបត្តិការពាក់ព័ន្ធមួយចំនួនទទួលបានសមិទ្ធផលជាជំហានដំបូង។

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ចិន និងកម្ពុជា មានភាពកាន់តែជិតស្និទ្ធជារៀងរាល់ថ្ងៃ បានបន្ថែមកម្លាំងរស់រវើកសម្រាប់ទំនាក់ទំនាក់ទ្វេភាគីឥតឈប់ឈរ។ អ្នកជំនាញខាងបុរាណវត្ថុនៃប្រទេសចិនបានរស់នៅប្រទេសកម្ពុជាជាយូរឆ្នាំដើម្បីការពារ និងជួសជុលប្រាសាទបុរាណ ដូចជាប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវជាដើម។ អ្នកជំនាញខាងវេជ្ជសាស្ត្រប្រទេសចិន បានទៅកម្ពុជាដើម្បីជួយព្យាបាលរោគឲ្យប្រជាជនដោយឥតគិតថ្លៃ បានធ្វើការវះកាត់ខាងជំងឺភ្នែកឡើងបាយ ជូនប្រជាជនកម្ពុជាជាងមួយពាន់នាក់។ អ្នកជំនាញខាងបច្ចេកទេសកសិកម្មប្រទេសចិន បានធ្វើដំណើរទៅកាន់ទីជនបទនៃប្រទេសកម្ពុជា ពួកគេជួយបង្រៀនបច្ចេកទេសកសិកម្មនៅពេលថ្ងៃ និងជួយបង្រៀនភាសាចិននៅពេលយប់ ទទួលបានការស្វាគមន៍និងនិយមចូលចិត្តពីប្រជាជនកម្ពុជា។ វិទ្យាស្ថានខុងជឺ ដែលបានបង្កើតឡើងនៅឆ្នាំ​២០០៩ ​នៅប្រទេសកម្ពុជា បានវិវឌ្ឍន៍ពីទីតាំងបង្រៀនតែមួយកន្លែងទៅដល់ ១៤កន្លែង សិស្ស-និស្សិត​ដែលកំពុងរៀនមានចំនួនលើសពី ១ម៉ឺននាក់។ គិតរហូតដល់ឆ្នាំ២០១៥ រដ្ឋាភិបាលចិនបានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ឲ្យមកបន្តវិជ្ជានៅប្រទេសចិនមានចំនួនលើសពី ១,០០០នាក់។

បច្ចុប្បន្ននេះ ប្រទេសចិន និងកម្ពុជាសុទ្ធតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍជាគន្លឹះ បានប្រឈមនឹងភារកិច្ចដូចគ្នាដូចជាធ្វើឲ្យកំណែទម្រង់កាន់តែស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ពង្រីកការបើកចំហចំពោះក្រៅប្រទេសនិងកែលំអរចនាសម្ព័ន្ធឧស្សាហកម្ម ចិន និងកម្ពុជាសុទ្ធតែជាអ្នកជំរុញនិងអ្នកកសាង នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់និងកិច្ចសហប្រតិបត្តិការតំបន់។ ឈរលើចំណុចចាប់ផ្តើមថ្មីនៃទំនាក់ទំនងរវាងចិននិងកម្ពុជា ប្រទេសចិននឹងរួមជាមួយប្រទេសកម្ពុជា ធ្វើការខិតខំប្រឹងប្រែង ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរឲ្យសម្រេចបានការអភិវឌ្ឍដោយគ្រប់ស្រទាប់ ច្រើនវិស័យនិងស៊ីជម្រៅ ដើម្បីផ្តល់សុខសុភមង្គលកាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ។

ប្រកាន់ខ្ជាប់ជានិច្ចនូវការកសាងទំនុកចិត្តលើគ្នាផ្នែកនយោបាយឲ្យកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយក្នុងការរក្សានិន្នាការបំពេញទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមកជាមួយភាគីកម្ពុជា បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ សង្ឃឹមថារដ្ឋាភិបាល គណបក្ស ស្ថាប័ននីតិប្បញ្ញត្តិ ខេត្តនិងទីក្រុងនៃប្រទេសទាំងពីរអាចបង្កើនការប្រាស្រ័យទាក់ទងគ្នា។ ប្រទេសចិននឹងបន្តគាំទ្រប្រទេស​កម្ពុជា​ក្នុងការដើរតាមផ្លូវអភិវឌ្ឍ ដែលសមស្របនឹងស្ថានភាពប្រទេសខ្លួនដូចពេលមុនៗទៀត គាំទ្រ​យ៉ាងម៉ឺងម៉ាត់មិនងាករេដល់កម្ពុជា ក្នុងការគាំពារអធិបតេយ្យភាពជាតិ រក្សាស្ថិរភាពក្នុងប្រទេស និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច។

ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកឲ្យកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយក្នុងការបង្កើនការតភ្ជាប់ខាងយុទ្ធសាស្ត្រអភិវឌ្ឍជាមួយភាគីកម្ពុជា ដើម្បីបង្កើតជាគំរូនៃកិច្ចសហប្រតិបត្តិការស្តីពីយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ ធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពទៅតាមសភាពជាក់ស្តែង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន និងទូរគមនាគមន៍ជាដើមឲ្យទទួលបានសមិទ្ធផលជាក់ស្តែង។ ភាគីចិនរីករាយក្នុងការចាត់វិធានការដើម្បីពង្រីកការនាំចូលពីប្រទេសកម្ពុជា ក្នុងន័យពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។

បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងម៉ឺងម៉ាត់មិនងាករេ។ ប្រទេសចិនគាំទ្រប្រទេសកម្ពុជាឲ្យដើរតួនាទីដ៏សំខាន់ ក្នុងកិច្ចការតំបន់ក្នុងឋានៈជាសមាជិកសំខាន់នៃសមាគម​អាស៊ាន រីករាយរួមជាមួយភាគីកម្ពុជា បង្កើនការសម្របសម្រួលនិងការសហការគ្នា​លើ​ឆាក​តំបន់ និងពហុភាគីដូចជាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា កិច្ចសហប្រតិបត្តិការទន្លេឡានឆាំង-ទន្លេមេគង្គ និងអង្គការសហប្រជាជាតិជាដើម គាំពារផលប្រយោជន៍រួមនៃប្រទេសទាំងពីរនិងប្រទេសកំពុងអភិវឌ្ឍន៍ ខ្នះខ្នែងក្នុងការបង្កើតសហគមន៍រួមវាសនាតែមួយរបស់អាស៊ី។ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជាគន្លឹះ យើងគួរតែបន្តផ្តោតសំខាន់ទៅលើប្រធានបទស្តីពីការអភិវឌ្ឍ ហើយជំរុញកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ឲ្យរីកចម្រើនទៅមុខដោយបរិសុទ្ធ និងនឹងនរ។

ជំរុញការផ្សារភ្ជាប់ដួងចិត្តប្រជាជនជាសន្សឹមៗ។ ភាគីចិនរីករាយរួមសហការជាមួយភាគីកម្ពុជា ប្រើប្រាស់វេទិកាដូចជាវិទ្យាស្ថានខុងជឺ និងផ្ទះវប្បធម៌ចិនជាដើម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងវិស័យអប់រំ វប្បធម៌ ទេសចរណ៍និងសុខាភិបាលជាដើម បង្កើនការស្វែងយល់គ្នា និងមនោសញ្ចេតនាមេត្រីភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនប្រទេសទាំងពីរ ធ្វើឲ្យចំណងមេត្រីភាពរវាងចិននិងកម្ពុជាបន្តទៅគ្រប់ជំនាន់។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា នៅក្រោមការខិតខំប្រឹងប្រែងរួមរបស់យើង ចំណងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ប្រាកដជាអាចទទួលបានផ្លែផ្កាថ្មី យើងនឹងធ្វើជាអ្នកជិតខាងល្អ និងមិត្តភកិ្តពិតប្រាកដដែលមានភាពស្មោះត្រង់ នឹងគ្នាជារៀងរហូត៕

* សំណេររបស់ប្រធានាធិបតីចិននេះ ទទួលបានពីស្ថានទូតចិន ប្រចាំនៅកម្ពុជា


ក្រ​សួងប​រិស្ថាន និង​គណៈកម្មការ ជំនាញរ​ដ្ឋសភា ពិនិត្យ​លើសេច​ក្តី ព្រាង​ច្បាប់​ការ ប្រែ​ប្រួលអាកាស​ធាតុ

ក្រសួងបរិស្ថាន និងគណៈកម្មការជំនាញរដ្ឋសភាចំនួនពីរ បានជួបប្រជុំពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពី ការប្រែប្រួលអាកាសធាតុ ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី១២ ខែតុលា នៅវិមានរដ្ឋសភាថា ប្រទេស១៩៧ រួមទាំងកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ ហើយកម្ពុជា ក៏បានចុះហត្ថលេខាលើលិខិតតូបករណ៍នៃពិធីសារក្យូតូ ដែលបានអនុម័តក្នុងសន្និសីទបណ្តាភាគីលើកទី៣ (GHG ) ឆ្នាំ១៩៩៧ នៅប្រទេសជប៉ុនផងដែរ។ លោកបន្តថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានបន្ថែមទៅលើកាតព្វកិច្ចដែលមានចែងនៅក្នុងអនុសញ្ញា (UNFCCC) ដែលជំរុញឲ្យភាគីទាំងអស់ ខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ច របស់ខ្លួនក្នុងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ និងបន្សំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តីបញ្ជាក់ថា «ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះគឺសហគមន៍អន្តរជាតិ បានទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះ កម្ពុជានឹង មានកាតព្វកិច្ចដូចបណ្តាប្រទេសអភិវឌ្ឍតិចតូច និងប្រទេសកំពុងអភិវឌ្ឍដទៃទៀត ក្នុងការចូលរួមអនុវត្ត ផែនការស្តីពីការចូលរួមចំណែក របស់រដ្ឋភាគី ក្នុងការអនុវត្តអនុសញ្ញា»។ គូរបញ្ជាក់ថា កិច្ចប្រជុំបានពិនិត្យសិក្សាលើកិច្ចព្រមព្រៀង និងលើខ្លឹមសារ និងទម្រង់ នៃសេចក្តីព្រាងច្បាប់ ទៅតាមនីតិវិធីរបស់រដ្ឋសភា ហើយបានសម្រេចថា នឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចបញ្ចូលក្នុងរបៀបវារៈ នៃសម័យប្រជុំពេញអង្គរដ្ឋសភា នាពេលខាងមុខនេះ។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ រួមមាន២មាត្រា។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងអនុលោមតាមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC) ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូលស្តីពី ភពផែនដី នៅទីក្រុងរីយ៉ូ ប្រទេសប្រេលស៊ីល ឆ្នាំ១៩៩២ បានចូលជាធរមាន នៅឆ្នាំ១៩៩៤។ សន្និសីទប្រចំាឆ្នាំនៃបណ្តាភាគីអនុសញ្ញា UNFCCC លើកទី២១ នៅទីក្រុងប៉ារីស កាលពីចុងឆ្នាំ២០១៥។ គណៈកម្មការជំនាញរបស់រដ្ឋសភា ចូលរួមក្នុងកិច្ចប្រជុំនេះ មានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័តមាន ដឹកនាំដោយ លោកឈាង វុន ប្រធានគណៈកម្មការ និងគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដឹកនាំដោយ លោកហ៊ូ ស្រ៊ី ប្រធានស្តីទី៕


លោក ហ៊ុន ណេង ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់មហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ នៅខេត្តសៀមរាប

កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការ ទទួលបន្ទុក ផ្នែកសន្តិសុខនៃគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ បានអញ្ជើញចុះត្រួតពិនិត្យ ការងារសន្តិសុខ សម្រាប់មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី ដែលសភាកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ ក្នុងខេត្តសៀមរាប។
នៅក្នុងបេសកកម្មនេះ លោក ហ៊ុន ណេង បានជួបពិភាក្សាការងារជាមួយ លោកអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។ ដោយនៅក្នុងឱកាសនោះ លោកបានជំរុញដល់អាជ្ញាធរត្រូវខិតខំធ្វើយ៉ាងណាថែរក្សា ការពារសន្តិសុខ សណ្ឋាប់ធ្នាប់ ជូនមហាសន្និបាតឲ្យបានល្អ ពីព្រោះថា នេះជាព្រឹត្តិការណ៍ធំ ដែលមានវត្តមានថ្នាក់ដឹកនាំកំពូលៗ របស់កម្ពុជា និងថ្នាក់ដឹកនាំសភានៃប្រទេស ជាសមាជិកសភាតំបន់អាស៊ីជាច្រើនចូលរួម។ លោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាកិត្តិយស និងជាមុខមាត់របស់កម្ពុជាទំាងមូល ដូច្នេះអាជ្ញាធរ កងកម្លំាងប្រដាប់អាវុធ ទំាងអស់ត្រូវខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបការទុកចិត្ត របស់ថ្នាក់ដឹកនាំ។
សូមជម្រាបថា តាមគម្រោងមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី គ្រោងនឹងប្រារព្ធធ្វើពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។
ដើម្បីរៀបចំមហាសន្និបាតនេះ សភាកម្ពុជាបានបង្កើតគណៈកម្មការរៀបចំមហាសន្និបាតមួយ ដោយមានអនុគណៈកម្មការទទួលបន្ទុក តាមវិស័យផ្សេងៗគ្នាមួយចំនួនទៀតដូចជា អនុគណៈកម្មការទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ អនុគណៈកម្មការទទួលបន្ទុកផ្នែកឯកសារ និងខ្លឹមសារកិច្ចប្រជុំ អនុគណៈកម្មការទទួលបន្ទុកផ្នែកដឹកជញ្ជូន អនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ អនុគណៈកម្មការទទួលបន្ទុកផ្នែក ពិធីការ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាន និងICT ជាដើម។
បន្ទាប់ពីបានជួបប្រជុំជាមួយអាជ្ញាធរខេត្ត និងកងកម្លំាងនានារួចហើយ លោក ហ៊ុន ណេង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យទីតាំង រៀបចំមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ ដោយផ្ទាល់ផងដែរ៕





ក្រសួងការ​ងារ ចេញ​សេចក្តី​ប្រកាសព័​ត៌មានស្តី​ពីឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍នៅ​ខេត្តស្វាយរៀង

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានបណ្តាលឱ្យកម្មកររងរបួសធ្ងន់ស្រាលចំនួន៣៦នាក់។

អ្នករងរបួសទាំងនេះ បានទទួលថវិកាជួយសង្រ្គោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត។

សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្រសួងការងារ សូមចូលរួមរំលែកនូវសេចក្តីសោកស្តាយ និងអាណិតស្រឡាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់របស់ជនរងគ្រោះ ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បានជាសះស្បើយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូន កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គម៕

ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនកូហ្វកូ (COFCO) របស់ចិន ព្រមព្រៀងលើអនុស្សរណៈ ដើម្បីនាំចេញអង្ករទៅប្រទេសចិន

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំមួយ រវាងក្រសួងពាណិជ្ជកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន។

ដឹកនាំកិច្ចប្រជុំនេះរួមមាន លោក សុខ សុភ័ក្ដ្រ អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកស្រី យ៉ាង ហុង អនុប្រធានក្រុមហ៊ុនកូហ្វកូ។
កិច្ចប្រជុំនេះក៏មានចូលរួមផងដែរ ពីសំណាក់អគ្គនាយកជំរុញពាណិជ្ជកម្ម អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ អគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក៏ដូចជាលោក លី អាន ទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតចិននៅកម្ពុជា និងតំណាងរបស់សហព័ន្ធស្រូវអង្ករ និងអ្នកនាំចេញអង្ករជាច្រើនទៀតផងដែរ។

កម្មវត្ថុនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើការធ្វើពាណិជ្ជកម្ម ផលិតផលអង្កររវាងកម្ពុជា និងចិនសម្រាប់ឆ្នាំ២០១៦-២០១៧។

កិច្ចប្រជុំក៏ពិភាក្សា និងសម្រេចផងដែរ លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនកូហ្វកូ ស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ ដែលអនុស្សរណៈនោះ នឹងជម្រះផ្លូវសម្រាប់ធ្វើការនាំចេញអង្ករ របស់កម្ពុជាប្រមាណ ២០០.០០០ តោនទៅប្រទេសចិន៕