Monday, February 09, 2015
មន្ត្រីអគ្គីសនី តំណាងសហជីព និងអភិបាលខណ្ឌ ចុះផ្សព្វផ្សាយគោលការណ៍របស់រាជរដ្ឋាភិបាល ស្តីពីការបញ្ចុះតម្លៃអគ្គីសនី និងបញ្ហាប្រាក់ខែកម្មករ
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥
ក្រុមការងារកសាងសហជីពខ័ណ្ឌដង្កោ បានរៀបចំកម្មវិធីសំណេះសំណាលមួយ ដោយមានការចូលរួមពីកម្មករ
កម្មការីនីប្រមាណជិត៥០០នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ
ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមការងារសហជីព
អគ្គិសនីកម្ពុជា និងអភិបាលខ័ណ្ឌដង្កោ។
លោក សោម អូន ប្រធានក្រុមប្រឹក្សាសហភាពសហជីពជាតិកម្ពុជា
បានមានប្រសាសន៍ថា
ការជួបជុំគ្នានេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយគោលការណ៏ថ្មីរបស់រាជរដ្ឋាភិបាលលើការបញ្ចុះតម្លៃអគ្គិសនីសម្រាប់កម្មករនៅក្នុងរាជធានីភ្នំពេញ
១គីឡូវ៉ាត់ម៉ោង គឺរដ្ឋគិតតម្លៃតែត្រឹម៦១០រៀលប៉ុណ្ណោះ
បើក្រោម៥០គីឡូវ៉ាត់ និងបញ្ហាប្រាក់អប្បបរមាកម្មករ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត
។
លោក សោម អូន បានថ្លែងថា តាមអ្វីដែលលោកបានដឹង
កម្មករប្រើប្រាស់ភ្លើងគិតជាមធ្យមប្រចាំខែ
គឺម្នាក់ៗប្រើអស់ប្រមាណពី២០ ទៅជាង៣០គីឡូវ៉ាត់ តែប៉ុណ្ណោះ ក្នុង១ខែៗ។
ដោយឡែក បញ្ហាប្រាក់ខែថ្មី សម្រាប់ដើមឆ្នាំ២០១៥នេះ
ក៏ត្រូវបានលោក សោម អូន លើកឡើងក្នុងឱកាសជួបជុំគ្នានេះដែរ
ដោយលោកបានបញ្ជាក់ថា ចាប់ពីដើមមករានេះទៅ
ប្រាក់ខែគោលទាបបំផុតរបស់កម្មករមានចំនួន១២៨ដុល្លារ ។
អំពីបញ្ហាប្រាក់ខែកម្មករនេះដែរ លោក សោម អូន នៅបានឲ្យដឹងទៀតថា
ជាគោលការណ៍របស់រាជរដ្ឋាភិបាល រៀងរាល់១ឆ្នាំ ម្តង គេនឹងចរចាពីបញ្ហានេះ
គឺមិនមែនកើតឡើងដោយសារការទាមទាររបស់អ្នកណាម្នាក់
ទើបមានការចរចារឿងតម្លើងប្រាក់ខែកម្មករទេ គឺឲ្យតែដល់ពេលវេលា
គឺគណៈកម្មការត្រីភាគីរបស់រាជរដ្ឋាភិបាលត្រូវតែចរចា ។ ក្នុងន័យនេះ
ឆ្នាំ២០១៥ តម្លើងបាន២៨ដុល្លារ ឆ្នាំ២០១៦ ចរចាសារជាថ្មីទៀត
គឺរៀងរាល់ឆ្នាំខាងមុខនឹងមានការចរចាតម្លើងប្រាក់ឈ្នួលជាបន្តបន្តាប់។
ក្រៅពីនេះ គឺអំពីបញ្ហា ការប្រើប្រាស់ទឹករបស់កម្មករ
លោក សោម អូន ក៏បានជម្រាបបងប្អូនកម្មករដែរថា
អីឡូវនេះរាជរដ្ឋាភិបាល បាន
និងកំពុងជម្រុញឲ្យខាងរដ្ឋករទឹកខិតខំពិភាក្សាគ្នា ដើម្បីរកវិធីបញ្ចុះតម្លៃទឹកឲ្យបានសមរម្យជូនកម្មករដែរ
ធ្វើយ៉ាងម៉េចឲ្យបានចុះតម្លៃទាប។
លោក នុត ពុធដារ៉ា អភិបាលខ័ណ្ឌដង្កោ
ក៏បានថ្លែងឲ្យដឹងផងដែរថា
ការអនុវត្តគោលនយោបាយបញ្ចុះតម្លៃអគ្គីសនីក្នុងតម្លៃទាបជូនដល់បងប្អូនកម្មករ
កម្មការីនីនេះ គឺដើម្បីចូលរួមកាត់បន្ថយការចំណាយពាក់ព័ន្ធនឹងថ្លៃភ្លើងជូនដល់កម្មករ
ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋ
ជាពិសេស
សម្រាប់បងប្អូនកម្មករក្នុងរាជធានីភ្នំពេញ បានមួយកម្រិត៕
អង្គការ UNWTO ឲ្យតម្លៃថាកម្ពុជាគឺជាប្រទេសប្រភពនៃអំណាចដ៏ខ្លាំងមួយនៅអាស៊ីលើផ្នែកទេសចរណ៏វប្បធម៌
ពិភពលោកបានងាកមកចាប់អារម្មណ៏យ៉ាងខ្លាំងមកលើសក្តានុពលនៃសម្បត្តិវប្បធម៌របស់កម្ពុជា
ដោយបានឲ្យតម្លៃខ្ពស់ក្នុងពេលអនាគត់ថា
ជាប្រទេសនៃប្រភពអំណាចយ៉ាងខ្លាំងមួយ នៅអាស៊ី លើវិស័យ ទេសចរណ៏វប្បធម៌។
ឯកឧត្តមបណ្ឌិត Tabel Rifai អគ្គលេខាធិការអង្គការទេសចរណ៏ពិភពលោក (UNWTO)
បានថ្លែងក្នុង ពិធីបិទសន្និសីទពិភពលោក ស្ដីពីទេសចរណ៍ និងវប្បធម៌
ដោយបានបង្ហាញពីការភ្ញាក់ផ្អើលចំពោះសក្តា
នុពលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាបន្ទាប់ពីបានមកចូលរួមក្នុងសន្និសីទ
ទេសចរណ៏ ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០១៥នេះ
ដោយលោកបានឲ្យតម្លៃយ៉ាងខ្ពស់ មកលើកម្ពុជា ថាជា
ប្រទេសនៃប្រភពអំណាចមួយនៅអាស៊ីខាងផ្នែកទេសចរណ៏វប្បធម៌។
ឯកឧត្តមអគ្គលេខាធិការអង្គការទេសចរណ៏ពិភពលោកបានលើកឡើងថា
កាលពីអតីតកាលគឺក្នុង
អំឡុងពី១០ទៅ២០ឆ្នាំមុនពិភពលោកមិនបានទទួលស្គាល់កម្ពុជា
ថាជាមណ្ឌលនៃអំណាចខាងវប្ប ធម៌នោះទេ
ដោយសារគេមិនទាន់បានស្គាល់កម្ពុជាច្បាស់ ប៉ុន្តែពេលនេះ លោករំពឹងថាទៅ
អនាគតកម្ពុជា
គឺជាក្តីសង្ឃឹមរបស់អាស៊ីក្នុងការជួយ
ឲ្យអាស៊ីមានការបោះជំហានវិវឌ្ឍន៏ ប្រកបដោយ ជោគជ័័យ ទៅមុខតាមរយៈវប្បធម៌នេះ
ហើយជោគជ័យនោះមិនត្រឹមតែសម្រាប់កម្ពុជា ឬក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែ
វាគឺជាជោគជ័យសម្រាប់ពិភពលោកទាំងមូលតែម្តង។
ឯកឧត្តមបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់កម្ពុជានិងសូមឲ្យអាស៊ីរួមជាមួយពិភពលោកជួយគាំទ្រដល់
កម្ពុជាដើម្បីគាស់រំលើង
ស្លាកស្នាមប្រវត្តិសាស្ត្រពីអតីតកាលឲ្យរស់ឡើងវិញ នឹងចូលរួម
ទាំងអស់គ្នាជួយថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌មរត
ករាប់ពាន់ឆ្នាំដែលពោរពេញ ដោយ ដំណើរ រឿងផ្សេងៗជាច្រើន
ស្តែងឡើងតាមរយៈសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ប្រពៃណី ជីវភាពរស់នៅ
ភាពរស់រាយរាក់ទាក់ សិល្បៈរបាំ ចម្រៀង
គឺសុទ្ធសឹងបង្ហាញពីភាពរស់រវើកនៃវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាដែល
បុព្វបុរសជាច្រើនជំនាន់ខិតខំថែរក្សាការពារ បន្សល់ទុកមកនេះ ឲ្យបានគង់វង្ស
សម្រាប់ជាមរតកដ៏មានតម្លៃទុកបន្តឲ្យកូនចៅយើងជំនាន់ក្រោយៗទៀត។
ឯកឧត្តមសង្ឃឹមថា« អ្នកមកចូលរួមក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៏
និងវប្បធម៌ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះនឹងវិលត្រឡប់ទៅវិញប្រកាសប្រាប់ ពិភពលោកឲ្យបានដឹងអំពីកម្ពុជា
ដើម្បីគេបានមកទស្សនាប្រទេសអច្ឆរិយៈដ៏អស់ចារ្យ មួយនេះ» ។
ថ្លែងបិទសន្និសីទពិភពលោកស្តីពីទេសចរណ៏និងវប្បធម៌នៅល្ងាចថ្លៃទី០៥ កុម្ភៈ
ឆ្នាំ២០១៥នេះ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
និងជាប្រធានគណៈកម្មការរៀបចំសន្និសីទ បានថ្លែងអំណគុណចំពោះ
ថ្នាក់ដឹកនាំអង្គការ ទេសចរណ៏ពិភពលោក អង្គការយូណេស្កូ និងអ្នកជំនាញ
អ្នកបច្ចេកទេស អ្នកស្រាវជ្រាវ និងបណ្តាប្រទេសនានានៅលើពិភព
លោកដែលមានការកោតស្ញប់ស្ញែញចំពោះភាព
អច្ឆរិយៈ របស់កម្ពុជាមកលើសក្តានុពលវប្បធម៌ដ៏សម្បូរបែប
ជាពិសេសភាពលេចធ្លោគ្មានពីរនៅលើ ពិភពលោកគឺប្រាសាទអង្គវត្ត
កំពុងក្លាយជាតួឯកនៅ អាស៊ី ខាងវិស័យទេសចរណ៏និងវប្បធម៌ដ៏ល្បីល្បាញជាងគេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៏ថា
កម្ពុជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះសម្បត្តិ វប្បធម៌ និង
ធម្មជាតិជាពិសេសតំបន់អង្គរដែលស្ថិតក្នុងបេះដូងនៃអត្តសញ្ញាណព្រលឹង
របស់ជាតិ ដែលកំពុង បន្តដើរតួនាទីដ៍សំខាន់នៅក្នុងវប្បធម៌
និងអរិយធម៌ប្រវត្តិសាស្រ្តក្នុងការជំរុញ ការអភិវឌ្ឍនឧស្សាហកម្មទេសចរណ៏ឲ្យបានកាន់តែលូតលាសរីកចំរើនទៅមុខ ។
ឯកឧត្ដម បានបន្តថា វប្បធម៌
និងទេសចរណ៍កាន់តែមានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ដែលទាមទាឲ្យ
មានការអភិវឌ្ឍន៍ដោយប្រុងប្រយត្ន័និងប្រកបដោយនិរន្តរភាពនិង
ការទទួលខុសត្រូវខ្ពស់។ ដូច្នេះដើម្បី
ធានានូវការអភិរក្សយូរអង្វែងនៃសម្បត្តិបេតិកភណ្ឌរូបីនិងអរូបី
ការចូលរួមការពារពី ប្រជាជនក្នុងស្រុក
និងជនជាតិដើមភាគតិចគឺជាភាពចាំបាច់បំផុត។
ឯកឧត្ដម បានបង្ហាញនូវជំនឿថា សន្និសីទពិភព
លោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំឡើងនេះ ជាផ្នែកមួយ
ជួយជាពន្លឺបន្ថែមទៀតចំពោះកង្វល់ធំៗ
ទាំងឡាយដើម្បីរួមគ្នា ដោះស្រាយបញ្ហា ប្រឈមជាអវិជ្ជមានចំពោះវិស័យវប្បធម៌
ខណៈ បច្ចុប្បន្នវិសយ័
ទេសចរណ៍និងវប្បធម៌ កំពុងបោះ ជំហានរីកចំរើនធំជាងគេនៅលើ
ទីផ្សារឧស្សាហកម្មទេស ចរណ៍ពិភពលោក ដែលបង្កើតបាននូវគំនិតច្នៃប្រឌិតថ្មី
លើផលិតផលទេសចរណ៏
និងការពង្រឹងប្រពៃណីដើម្បីលើកស្ទួយទិសដៅ ទេសចរណ៍បានកាន់តែប្រសើរឡើង
ជាមួយនិងការផ្សារភ្ជាប់ប្រជាជននិងប្រជាជន នៅទូទាំង ពិភពលោក។ ឯកឧត្ដម
សង្ឃឹមថាអង្គរការទេសចរណ៍ពិភពលោកនិងអង្គការយូណេស្កូនឹងបន្តធ្វើជាដៃគូរ
និងកិច្ចសហប្រតិបត្តិការដើម្បីដឹកនាំកិច្ចប្រជុំពិភពលោកឱ្យក្លាយជាកំលាំង
ចលករសំរាប់ការអភិរក្សនិងការអភិវឌ្ឍន៍វិសយ័ទេសចរណ៍
និងវប្បធម៌ឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕
បទអត្ថាធិប្បាយ ដោយ៖ សួនចំរើន, ការជ្រើសរើសកម្លាំងយុវជនជំនាន់ក្រោយ របស់គណបក្សប្រជាជន ធ្វើឲ្យគណបក្សប្រឆាំងភិតភ័យ
ព្រឹត្តិការណ៍ថ្មីៗ ដែលគួរឲ្យចាប់អារម្មណ៍
ហើយដែលត្រូវបានក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងយកចិត្តទុកដាក់នោះ
គឺគណបក្សប្រជាជនកម្ពុជា បានធ្វើការកែទម្រង់យុទ្ធសាស្ត្ររបស់ខ្លួន
ទាំងកិច្ចការផ្ទៃក្នុងបក្ស និងកិច្ចការដឹកនាំរដ្ឋាភិបាលគួរឲ្យកត់សម្គាល់។
ការធ្វើកំណែទម្រង់នេះ បានធ្វើឲ្យមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ
មានការភិតភ័យ និងព្រួយបារម្ភ
យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រថ្មីៗចុងក្រោយនេះ។
គោលដៅជាអាយុជីវិតរបស់គណបក្សប្រជាជនកម្ពុជា
នៅដើមអាណត្តិទី៥នេះ គឺផ្តោតលើការបន្តវេន និងការចូលរួមរបស់យុវជននៅក្នុងរចនាសម្ព័ន្ធគណបក្ស
ដែលជាកត្តាប្រៀបឈ្នះមួយរបស់បក្ស ក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ អភិបាលកិច្ចល្អ
និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សមាសភាពក្រុមយុវជន ដែលគណបក្ស
បានធ្វើការជ្រើសរើស គឺសុទ្ធសឹងជាធនធានមនុស្សប្រកបដោយគុណភាព
និងសមត្ថភាព ពោរពេញដោយទេពកោសល្យ និងបទពិសោធន៍ ស័ក្តិសមជាទំពាំងស្នងឫស្សី
សម្រាប់ប្រទេសទៅថ្ងៃអនាគត។
ជាក់ស្តែងថ្មីៗនេះ លោក សុខ សូកាន កូនប្រុសរបស់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបានជ្រើសរើសជាអ្នកតំណាងរាស្ដ្រវ័យក្មេងមួយរូបទៀត តាមគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍ច្បាប់ជាធរមាន ជំនួសលោក សូរ ឃុន ដែលទទួលមរណៈភាព សម្រាប់មណ្ឌលខេត្តតាកែវ។
ការទទួលបានតំណែងជាអ្នកតំណាងរាស្ត្រពេញសិទ្ធិរបស់លោក សុខ សូកាន នេះ គឺដោយសារលោកបានឈរឈ្មោះបោះឆ្នោតនៅលេខរៀងទី៨
នៅក្នុងមណ្ឌលនេះ ហើយបេក្ខជនដែលមានលេខរៀងលំដាប់ទី៥ ទី៦ និងទី៧ គឺមានលោកច័ន្ទ
សារុន បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី លោកពេជ្រ សោភ័ណ ជារដ្ឋលេខាធិការក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក សុក ផេង ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
បានលាចេញពីបេក្ខជនតំណាងរាស្ត្រទាំងអស់គ្នាដោយសារតែអ្នកទាំងនោះមានតំណែងជាសមាជិករដ្ឋាភិបាលខាងលើនេះ។
ហេតុដូច្នេះហើយដែលលោក សុខ សូកានបានក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ
ស្របតាមនីតិវិធី និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។ លទ្ធផលនេះគឺមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលណាម្នាក់នោះឡើយ។
ក្រៅពីការក្លាយខ្លួនជាអ្នកតំណាងរាស្ត្រ
លោក សុខ សូកាន បានបញ្ចប់ការសិក្សាពីប្រទេសចំនួន៣ រួមមានសាកលវិទ្យាល័យម៉ែលប៊ន
ប្រទេសអូស្ដ្រាលី នៅឆ្នាំ២០០៧ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រវត្តិសាស្ដ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយមក លោកបានបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិរបស់សិង្ហបុរី
(Lee Kuan Yew School) ផ្នែកគោលនយោបាយសាធារណៈក្នុងឆ្នាំ២០១១ ប្រកបដោយជោគជ័យ។ មួយឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យកូឡុំប៊ីសហរដ្ឋអាមេរិក ផ្នែករដ្ឋបាលសាធារណៈថែមទៀត។
បន្ថែមលើ
សកម្មភាពចុះជួយសង្គម
និងប្រជាពលរដ្ឋនៅមូលដ្ឋាន និងចំណេះដឹងខ្ពង់ខ្ពស់របស់លោក សុខ
សូកាន
បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្សសម្រេចជ្រើសតាំងលោក
ជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
សមស្របទៅនឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការផ្តល់ឱកាសដល់យុវជនដែលមានសមត្ថភាព និងជំរុញឲ្យយុវជនជំនាន់ក្រោយមានតួនាទីសំខាន់ ក្នុងការចួលរួមដឹកនាំរដ្ឋ និងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
កម្លាំងថ្មីនៃយុវជននារបស់គណបក្សប្រជាជនកម្ពុជា
នាពេលនេះ បានធ្វើឲ្យគណបក្សប្រឆាំង និងក្រុមរបស់គេ បញ្ចេញប្រតិកម្មយ៉ាងចម្លែក
បើទោះបីជាការជ្រើសតាំងនេះស្របតាមច្បាប់បោះឆ្នោតក៏ដោយ។ ជាទូទៅ
ភាគច្រើននៃធនធានមនុស្សរបស់បក្សសង្គ្រោះជាតិ
គឺនៅមានភាពទន់ខ្សោយខ្លាំងណាស់
បើប្រៀបធៀបជាមួយធនធានមនុស្សរបស់គណបក្សប្រជាជនកម្ពុជា
ដូច្នេះហើយបានជាក្រុមប្រឆាំងមានការភិតភ័យ
ហើយធ្វើជាលើកឡើងថាការជ្រើសរើសនេះខុសតម្លាភាពទៅវិញ។ ម្យ៉ាងទៀត
កម្លាំងយុវជនចំនួនពាក់កណ្តាលដែលបានគាំទ្របក្សប្រឆាំង
កាលពីបោះឆ្នោតឆ្នាំ២០១៣ បានបែកបាក់គ្នា ដោយខ្លះឈានទៅបង្កើតគណបក្សថ្មី
ហើយខ្លះទៀតដោយសារអស់ជំនឿលើលោក សម រង្ស៊ី និងកឹម សុខា។
ជារួមក្រៅពីជោគជ័យនៃការរំដោះជីវិតប្រជាពលរដ្ឋ
ការនាំមកនូវសិទ្ធិសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍឡើងវិញរហូតមកដល់ពេលនេះ គណបក្សប្រជាជន
នៅតែជាជម្រើសតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរសម្រាប់ដឹកនាំប្រទេស
ពីព្រោះគណបក្សនេះបានបើកទូលាយនូវការចូលរួមរបស់យុវជន
និងមហាជនគ្រប់ស្រទាប់មានឱកាសបញ្ចេញសមត្ថភាព ក្នុងការដឹកនាំ។
សក្ខីភាពនេះបញ្ជាក់ថាយុវជន គឺជាមហាកម្លាំងសាមគ្គី និងជាកម្លាំងនយោបាយមួយដ៏ធំ ជំរុញឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះថែមទៀត ដ៏ត្រចះត្រចង់ពីមួយអាណត្តិទៅមួយអាណត្តិទៀតជាប្រាកដ៕
បទវិចារណកថា ដោយ៖ លោក លី គាំ, កិត្តិយសដ៏ត្រចះត្រចង់របស់កម្ពុជាថ្មីមួយទៀត
នាថ្ងៃសន្និសីទពិភពលោក ស្តីពី «ទេសចរណ៍ និងវប្ប
ធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា» នាថ្ងៃទី៤ ខែ
កុម្ភៈ ប៉ុន្មានថ្ងៃកន្លងមកនេះ ព្រះមហាក្ស័ត្រនៃព្រះរាជាណាចក្រ
កម្ពុជា មានព្រះរាជបន្ទូលថា
«កម្ពុជាមានមោទនភាពខ្លាំងណាស់
ដែលបុព្វបុរសបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ដ៏
ច្រើន និងអារិយធម៌ដ៏រុងរឿង»។ ព្រះរាជបន្ទូលនេះ គឺថ្លែងនៅពេលដែលប្រទេស «កម្ពុជាអច្ឆរិយៈ» បានទទួលកិត្តិយសលើឆាកអន្តរជាតិជាថ្មីម្តងទៀត ទទួលធ្វើជាម្ចាស់ផ្ទះ នូវកិច្ចប្រជុំអន្តរជាតិដ៏កំពូលនេះ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី៤-៥ ខែកុម្ភៈ នេះ។
គេត្រូវទទួលស្គាល់ថា នេះមិនគ្រាន់តែជាប្រវត្តិសាស្រ្តកម្ពុជាក្នុងការរៀបចំសន្និសីទអន្តរជាតិបែបនេះជាលើកទី១ប៉ុណ្ណោះទេ ក៏ប៉ុន្តែជាសន្និសីទពិភពលោក ដែលនាំមកនូវ រដ្ឋមន្រ្តីទេសចរណ៍
រដ្ឋមន្រ្តីវប្បធម៌ ប្រមាណ៥០ប្រទេស
និងមានគណៈប្រតិភូជាងមួយពាន់នាក់ ដែលជាតំណាង៩៩ប្រទេស មកជួបជុំគ្នានៅកន្លែងតែមួយគឺ «ប្រាសាទអង្គរ»។
ទិសដៅសកលនៃសន្និសីទពិភពលោក គឺលើកពីកាលានុវត្តភាព ពីចំណុចសំខាន់ៗនៃសក្តានុពលភាព និងបញ្ហាប្រឈមនានា ដែលជាប់ទាក់ទងទៅនឹង៖ គំរូនៃការគ្រប់គ្រងវប្បធម៌ និងទេសចរណ៍លើកកម្ពស់ការការពារ និងការថែរក្សាវប្បធម៌ និងតួនាទីការបង្កបង្កើត និងពង្រីកឧស្សាហកម្មទេសចរណ៍ ដែលជាយាន ឈោងដល់ការអភិវឌ្ឍន៍ទេសចរណ៍ពិភពលោក ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ស្ថាប័នពិភពលោកទាំងពីរ រួមគឺ អង្គការ UNWTO និង អង្គការ UNESCO បានខិតខំលើកកម្ពស់ការយល់ដឹង ពីការទំនាក់ទំនងគ្នា រវាងវិស័យទាំងពីរ
គឺទេសចរណ៍ និងវប្បធម៌
ហើយពុំបានទទួលលទ្ធផលជាវិជ្ជមាននោះឡើយ គឺទើបតែសំរេចយកអាណាចក្រប្រាង្គប្រាសាទអង្គរ កំណត់ថា
ជាទីតាំងតែមួយគត់ ដែលស័ក្តិសមនឹងប្រារព្ធធ្វើមហាសន្និសីទពិភពលោកនេះ។ តើនេះពុំមែនជាមហាកិត្តិយសរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
ដែលមាន លោក ហ៊ុន សែន ជាប្រមុខទេឬអី?
ទន្ទឹមនឹងនេះ ខ្មែរគ្រប់រូបមិនត្រូវធ្វើគ ធ្វើថ្លង់ ធ្វើជាមិនដឹងមិនឮ ថានាវាកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលនូវខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង បានឆ្លងផុតគ្រប់កាលៈទេសៈ បាននាំនាវាមួយនេះ ចូលដល់សមុទ្រមួយដែលមានឆ្នេរដ៏ស្អាតប្រិមប្រីយ។ កម្ពុជាបានក្លាយទៅជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ខ្ពស់ជាងគេ ក្នុងបណ្តាប្រទេសអាស៊ី ប្រជាជនរស់នៅដោយសុខសន្តិភាព។
ដោយសារសន្តិភាព សុវត្ថិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យប្រទេសទាំងតូច ទាំងធំ ទាំងមហាអំណាច មានការកក់ក្តៅជាទីបំផុត បានសម្រេចចិត្តជាបន្ត បន្ទាប់ ព្រមព្រៀងលើកយកកិច្ចប្រជុំអន្តរជាតិនានា មកប្រជុំនៅកម្ពុជា ដែលក្នុងនោះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ជាច្រើនលើកទៀត។
ក្នុង
បរិការនេះ ប្រទេសណាក៏ដោយនៅលើពិភពលោក គេតែងភ្ជាប់វិស័យ
ទេសចណ៍ទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ នាសម័យ
សន្និសីទខេត្តសៀមរាប ប្រធានអង្គការទេសចរណ៍ពិភពលោក
បាននិយាយថា «ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា
ទទួលបានជោគជ័យគួរជាទីមោទនណាស់»។ ក្រសួងទេសចរណ៍កម្ពុជាបាន
លើកឡើងថា ការលំហូរចូលនូវទេសចរណ៍បរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា មានប្រមាណ៤លាន៥សែននាក់នៅឆ្នាំ២០១៤កន្លងទៅ ដែលបានបង្កើតការងារក្នុងវិស័យនេះជួនប្រជាពលរដ្ឋខ្មែរ ប្រមាណ៦សែននាក់ និងបាននាំចូលនូវ «មាសបៃតង» ប្រមាណជាងប្រាំពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែង ជុំរុញកំណើនភ្ញៀវទេសចរណ៍បរទេសមកកាន់កម្ពុជា ឲ្យកើនដល់៧លាននាក់ នៅឆ្នាំ២០២០។
អង្គការទេសចរណ៍ពិភពលោក ក៏បានលើកឡើងដែរថា «ការវិវត្តន៍ដ៏លឿនស្លេវនៃវិស័យទេសចរណ៍នៅកម្ពុជានេះ ក៏មិនចាញ់វិស័យវាយណភ័ណ្ឌណាស់ណានោះទេ គឺបានបង្ហូរជាប្រាក់បៀវត្ស ដែលជាចំណូលដល់សេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារដ៏ធំធេង។» ដោយឡែកតែវិស័យវាយណភ័ណ្ឌបានជួបប្រទះនឹងផលវិបាកយ៉ាងច្រើន ពីបរិយាកាសសង្គម និងនយោបាយប្រទាញប្រទង់ ដោយក្រុមប្រឆាំងនឹងអ្នកវិនិយោគទុន នឹងរាជរដ្ឋាភិបាលកន្លងមក រីឯវិស័យទេសចរណ៍ គឺបាននាំមកជូនកម្ពុជានូវ «មាសបៃតង» ប៉ុណ្ណោះ។
ជាសរុប សន្និសីទអន្តរជាតិនៅអង្គរនាពេលនេះ ដែលមានខ្លឹមសារ «កសាងនូវភាពដៃគូរ» ផ្នែកទេសចរណ៍វប្បធម៌អន្តរជាតិ បានស៊ីជម្រៅយ៉ាងជ្រៅ ជាប្រេងរំអិលដ៏ស័ក្តសិទ្ធបំផុតដើម្បី បង្កើនថាមពលយានយន្តកម្ពុជា ឈានទៅអភិវឌ្ឍន៍ទេសចរណ៍ដល់ឆ្នាំ២០២០ តាមការកំណត់របស់រាជរដ្ឋាភិបាលយ៉ាងប្រក្សត្យ៕
Subscribe to:
Posts (Atom)