Monday, September 10, 2018

នៅរសៀលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគចិន នៅទីក្រុងណាននីង

នៅម៉ោងប្រមាណជា១២:១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជាជាប្រទេសកិត្តិយស។
អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ​ និងស្និទ្ធស្នាលបំផុតពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរួមទាំង លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិ​គ្រោះយោបល់នយោបាយប្រជាជនចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជាជាច្រើនរូបទៀតផង។
នៅរសៀលថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានកម្មវិធីជួបជាមួយក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន៕






នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មីនេះ ក្រសួងបរិស្ថានជំរុញបន្ថែមទៀតការអនុវត្តមុខងារសាធារណៈក្នុងការគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងក្នុងកិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន (ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួងបរិស្ថាន ថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួង បរិស្ថាននឹងជំរុញបន្ថែមទៀតដល់ការអនុវត្តមុខងារតួនាទីគ្រប់វិស័យក៏ដូចជាការឆ្លើយតបទៅ នឹងយុទ្ធសាស្រ្ត ដែលក្រសួងបានដាក់ចេញកន្លងមកទៅឱ្យថ្នាក់ក្រោមជាតិ និងពិភាក្សាគ្នាការអនុវត្តមុខងារសាធារណៈនេះទៅដល់ក្រុងទាំង២៦ និងស្រុក ក្នុងការជួយរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង បរិស្ថាន ដូចជា ការគ្រប់គ្រងសំរាម ប្រព័ន្ធលូដើម្បីកិច្ចគាំពារបរិស្ថាន។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាន៍ដែរថា មុខងារសាធារណៈគឺត្រូវមានការទទួលខុសត្រូ​វនូវអ្វីដែលបានចែងក្នុងអនុក្រឹត្យក្នុងការកំណត់មុខងារសាធារណៈរបស់ក្រសួងបរិស្ថានកំ​ណត់មុខងារសាធារណៈរបស់មន្ទីរ ដែលជាសេនាធិការឱ្យថ្នាក់ខេត្ត ថាតើត្រូវប្រែក្លាយមុខងារ យុទ្ធសាស្រ្ត និងយុទ្ធវិធីបែបណាដើម្បីការអនុវត្តដើរឱ្យឆ្លើយតបទៅនឹងផែនការក្រសួងធ្វើយ៉ា​ងណា ដើរឱ្យទាន់ទៅនឹងតម្រូវការសង្គមដែលទាមទារឱ្យរដ្ឋបាលសាធារណៈនេះ មានភា​ពឈ្លាសវៃ និងមានប្រសិទ្ធភាពឆ្លើយតបបានឆាប់រហ័សទៅនឹងសេចក្តីត្រូវការរបស់សង្គមយើងបច្ចុប្បន្ន។
សូមបញ្ជាក់ថា កិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន (ការផ្តល់សេវារដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរបរិស្ថានទាំង២៥ រាជធានី -ខេត្តក្រុង ដើម្បីជំរុញ និងលើកកម្ពស់ការ អនុវត្តការគ្រប់គ្រងសំរាមទីប្រជុំជនក្រុងឱ្យមានប្រសិទ្ធភាព៕





(សូមទស្សនាវីដេអូ)៖​ ក្រោយការដោះលែង លោក កឹម សុខា នឹងត្រូវជំនួស​មកវិញ​នូវវិធានការ​​នៃការដាក់ឱ្យស្ថិតនៅ​ក្រោមការត្រួតពិនិត្យ​​តាមផ្លូវតុលាការ​

ក្រោយការដោះលែង លោក កឹម សុខា នឹងត្រូវជំនួស​មកវិញ​នូវវិធានការ​នៃការដាក់ឱ្យស្ថិតនៅ​ក្រោមការត្រួតពិនិត្យ​តាមផ្លូវតុលាការ​

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំ ហើយបានសម្រេចជំនួសមកវិញនូវវិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចតាមផ្លូវច្បាប់មួយចំនួន។
ការសម្រេចនេះដោយផ្អែកលើហេតុផលខាងសុខភាព និងមនាការធានាខាងផ្នែកនីតិវិធីច្បាស់លាស់ថា ជនត្រូវចោទឈ្មោះ កឹម សុខា នឹងមិនអាចរត់គេចខ្លួនពីនីតិវិធីតុលាការឡើយ៕
សូមអានសេចក្តីប្រកាសទាំងស្រុងខាងក្រោម៖

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះជាមួយម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នាល្ងាចនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិជាផ្លូវការ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ហើយនេះគឺជាការប្រកួតដំបូងរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Keisuke Honda ។
បើគិតចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា មិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើម៉ាឡេស៊ីឡើយ តួយ៉ាងឆ្នាំ២០០៧ ចាញ់ម៉ាឡេស៊ី ៦-០ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១២ ចាញ់ម៉ាឡេស៊ី ២-១ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ ក្នុងជំនួបមិត្តភាព និងឆ្នាំ២០១៦ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup នៅលើទឹកដីមីយ៉ាន់ម៉ា ។
សូមជម្រាបផងដែរថា ក្រុមជម្រើសជាតិកម្ពុជា មិនត្រឹមតែផ្លាស់ប្ដូរគ្រូបង្វឹក ដឹកនាំដោយកីឡាករលំដាប់អន្ដរជាតិ Keisuke Honda នោះទេ សូម្បីកីឡាករក៏មានការផ្លាស់ប្ដូរច្រើនផងដែរ ជាក់ស្ដែងកីឡាករ ចាន់ វឌ្ឍនាកា ដែលជាអ្នកទាត់បំប៉ោងសំណាញ់ទីក្រុមម៉ាឡេស៊ី ២គ្រាប់ម្នាក់ឯង កាលពីឆ្នាំ២០១៦ ក៏មិនមានវត្តមានដែរ ព្រោះតែបញ្ហារបួស ។
យ៉ាងណាមិញលោក Honda នៅតែមានជំនឿចិត្តខ្ពស់លើកូនក្រុមខ្លួន នឹងធ្វើបានល្អ នៅក្នុងការប្រកួតមិត្តភាពល្ងាចនេះ ទោះបីលោកចាត់ទុកក្រុមម៉ាឡេស៊ី គឺជាក្រុមខ្លាំងមួយក្នុងតំបន់ក៏ដោយ ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតកាលពីម្សិលមិញ៕




កម្ពុជា ថៃ បិទវគ្គបណ្តុះបណ្តាលជំនាញ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងទាំង២

ប៉ៃលិន៖ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ខេត្តប៉ៃលិន និងខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានបិទវគ្គគម្រោងបំប៉នសមត្ថភាព និងអភិវឌ្ឍន៍ជំនាញ សម្រាប់ពលករ កម្ពុជា ឡាវ មីយ៉ានម៉ា ឆ្នាំ២០១៨ លើជំនាញ ១-ជួសជុលម៉ាស៊ីនត្រជាក់ ២-ជួសជុលគ្រឿងយន្តកសិកម្ម ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ ធុល អភិបាលខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ឱ្យបានកាន់តែល្អប្រសើឡើងថែមទៀត ជាពិសេសវិស័យការងារ និងពលករ។
លោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានឱ្យដឹងថា ដើម្បីបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី និងមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ឱ្យបានល្អប្រសើឡើងមួយកម្រឹតថែមទៀតទើបខេត្តទាំង២ បានរួមគ្នាបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដោយភាគីថៃ បានបញ្ជូនគ្រូជំនាញ និងសម្ភារៈបច្ចេកទេស មកបើកបណ្តុះបណ្តាលនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិនតែម្តង ហើយនៅឆ្នាំបន្ទាប់ៗទៀត ការិយាល័យអភិវឌ្ឍន៍ជំនាញ ខេត្តច័ន្ទបុរី នឹងបន្តសហការបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យបានច្រើនជាងនេះ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែលបានជួយបើកវគ្គបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន ឱ្យពួកគាត់មានចំណេះជំនាញច្បាស់លាស់ ដើម្បីយកទៅប្រកបមុខរបរចិញ្ចឹមជីវិតនៅក្នុងស្រុក ជាសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដែលមានហានិភ័យខ្ពស់។
លោកអភិបាលខេត្ត ក៍បានជំរុញដល់មន្ត្រីជំនាញនៃខេត្តទាំង២ ត្រូវបន្តសហការគ្នាឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំង២ ជាពិសេសត្រូវខិតខំបើកវគ្គបណ្តុះបណ្តាលជំនាញច្បាស់លាស់ដល់ប្រជាពលរដ្ឋខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើងថែមទៀត។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៍បានស្នើដល់ភាគីថៃ ធ្វើយ៉ាងណានៅថ្ងៃខាងមុខ ជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា ដល់គ្រូនៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តឱ្យបានច្រើន ដើម្បីឱ្យពួកគាត់យកចំណេះជំនាញទាំងនេះ មកបណ្តុះបណ្តាលបន្តដល់ប្រជាពលរដ្ឋខេត្តប៉ៃលិន។
បើតាមការបញ្ជាក់របស់លោក គឺន សុគុន្ធ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលដែលសហការរវាង កម្ពុជា ថៃនេះ គឺមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ ០៧ខែកញ្ញា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចំនួន ៤០នាក់ លើមុខជំនាញបច្ចេកទេស ជួសជុលម៉ាស៊ីនត្រជាក់ និងជួសជុលគ្រឿងយន្តកសិកម្ម/ម៉ាស៊ីនធុនតូច៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ដែលនឹងប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ​ សមុទ្រស​តវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» នឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នា​ជាច្រើនពីអាស៊ាន និងចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពា​ណិជ្ជកម្ម​ ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាងអាស៊ាន និងចិន រួមទាំ​ងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។
ក្នុងនាមកម្ពុជា ជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូដើ​ម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។​
​អំឡុងពេលស្នាក់នៅប្រទេសចិន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗនិងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិនព្រមទាំងផ្តល់​បទសម្ភាសន៍ដល់សារព័ត៌មាន​ចិន​ផងដែរ៕








លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះជាអាសន្នហើយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមដីការបង្គាប់ឱ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨។
ខ្លឹមសារដីកាបង្គាប់ឱ្យដោះលែងរបស់សាលាដំបូងរាជធានីភ្នំពេញបានសរសេរថា ៖ បង្គាប់ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី៣ «ម៣» ដោះលែងជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស៦៤ឆ្នាំ ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ«ក្បត់ ជាតិ» ។ លោកត្រូវបានតុលាការ បញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕


ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ការបង្កើតស្ថាប័នថ្មីនេះ គឺក្នុងគោលបំណងលើកស្ទួយ របបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
បើតាមព្រះរាជក្រឹត្យ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ឲ្យដឹងថា ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មាន ៧ជំពូក និង ២១មាត្រា ស្មើនឹង ៧ទំព័រ។
កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជូនសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៣០រូប ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី។
គួររំលឹកថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានសម្រេចបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទទួលបានការឯកភាពទាំងស្រុងពីបណ្តាគណបក្សនយោបាយ ទាំង១៦។ ការបង្កើតនេះ គឺដើម្បីផ្តល់ឱកាសដល់គណបក្សនយោបាយក្រៅរដ្ឋសភាទាំងនោះ ចូលរួមបម្រើជាតិ៕








ទស្សនៈកូនខ្មែរ៖ ការបោះឆ្នោតឆ្នាំ ២០១៨ បង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា!

អាចចាត់ទុកជាលើកដំបូងហើយក្នុងប្រវត្តិនៃការបោះឆ្នោតនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ មកដែល ស្ថានការណ៍ ក្រោយការបោះឆ្នោតមានលក្ខណៈល្អដូចការបោះឆ្នោតឆ្នាំ ២០១៨នេះ។ ការបោះឆ្នោត លើកមុនៗ តែងតែមានភាពតានតឹងខាងនយោបាយខ្លាំងទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងជាពិសេសគឺក្រោយការបោះឆ្នោត។ ពលរដ្ឋខ្មែរតែងតឹងទ្រូង ព្រួយបារម្ភ និងភ័យខ្លាច ដោយសារ តែសភាពការណ៍ច្របូកច្របល់ បាតុកម្ម បិទផ្លូវ ផ្ទុះហិង្សា ដុតរោងចក្រ វាយកម្ទេចទ្រព្យសម្បត្តិ សាធារណៈ និងឯកជន មនុស្សរបួស និងឈានដល់ស្លាប់ក៏មាន។ រីឯសេដ្ឋកិច្ចបាត់លំនឹង ទីផ្សារអលចនទ្រព្យនៅ ទ្រឹងមួយកន្លែង ខណៈដែលពលរដ្ឋត្រៀមត្រីងៀត អង្ករ សាំង និងគ្រឿងឧបភោគបរិភោគចាំបាច់ មួយចំនួន។
ប៉ុន្តែ ពេលនេះ រឿងអពមង្គលទាំងនោះលែងកើតមានទៀតហើយ។ ការបោះឆ្នោតឆ្នាំ ២០១៨ នេះ មានស្ថានភាព ខុសស្រឡះពីការបោះឆ្នោតលើកមុនៗ៖ ពេលជិតបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោត អ្វីៗ មានសភាពធម្មតាទាំងអស់ ហើយប្រជាពលរដ្ឋមានអារម្មណ៍ហាក់ដូចជាគ្មានអ្វីកើតឡើងទាល់តែសោះ។ ពលរដ្ឋ ធ្វើដំណើរទៅមកដោយគ្មានការព្រួយបារម្ភណ៍ ការប្រកបរបរអាជីវកម្មនានានៅតែមានសកម្មភាពគគ្រឹកគគ្រេង ទីផ្សារអចលនទ្រព្យ បន្តឡើងថ្លៃ និងមានសកម្មភាពរស់រវើក គ្មានអ្នកណាជជែកគ្នាអំពីរឿងព្រួយបារម្ភអំពីបញ្ហា នយោបាយទៀតទេ។
បច្ចុប្បន្ន ពលរដ្ឋកំពុងត្រៀមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងសប្បាយរីករាយតាមប្រពៃណីព្រះពុទ្ធសាសនា។ អ្វីដែលជាការរីករាយសម្រាប់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ គ្រូបង្រៀន និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់គឺ ការផ្តល់ប្រាក់ឧបត្ថម្ភ ៥ ម៉ឺនរៀលពីសំណាក់រាជរដ្ឋាភិបាលសម្រាប់ធ្វើបុណ្យទានពេលបុណ្យភ្ជុំបិណ្ឌ។ រាជរដ្ឋាភិបាលត្រៀមកញ្ចប់ថវិកាជាង ៧លានដុល្លារ សម្រាប់ការផ្តល់ជូននេះ។ ចំណែកកម្មករ ក៏ដូចជាពលរដ្ឋមកពីបណ្តារខេត្តក៏សប្បាយរីករាយនឹងការទទួលបានការឈប់សម្រាក និងការជិះរថយន្តក្រុងសាធារណៈទៅស្រុកកំណើតដោយឥតគិតថ្លៃ។ សរុបទៅ មិនត្រឹមតែស្ថានភាពស្ងប់ស្ងាត់ល្អប៉ុណ្ណោះទេ ប៉ុន្តែ ភ្លាមៗក្រោយការបោះឆ្នោត ពលរដ្ឋបានទទួលផលពីរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនោះ។ នេះមិនទាន់រាប់ការសន្យាជាឧឡារឹករបស់លោក ហ៊ុន សែនដែលបន្តដឹកនាំរាជរដ្ឋាភិបាល អណត្តិថ្មីឲ្យមន្ត្រីរបស់ខ្លួន បម្រើពលរដ្ឋឲ្យបានល្អទ្វេដងលើសពីមុន និងឲ្យពលរដ្ឋទទួលផលច្រើនជាងមុនផងនោះទេ។
អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត ក្រោយបោះឆ្នោតភ្លាមៗ លោកហ៊ុន សែនបានសម្រេចស្នើ ទៅព្រះមហាក្សត្រដើម្បីលើកលែងទោសដល់ទណ្ឌិតអ្នកនយោបាយមួយចំនួនបន្ទាប់ពីពួកគេសារភាពទទួលកំហុសនិងសុំឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីទទួលបានការលើកលែងទោសដោយសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសទៀត។ ទាំងនេះកើតចេញពីទឹកចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា ដែលជាព្រហ្មវិហារធម៌របស់មេដឹកនាំ។ នៅក្នុងអំឡុងពេលខាងមុខនេះ លោកហ៊ុន សែន ក៏បានប្រកាសគម្រោងស្នើទូលថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសជាទ្រង់ទ្រាយធំដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារផងដែរ ទាំងអស់នេះសុទ្ធសឹងជាដំណឹងល្អៗដែលគេបានលឺក្រោយការបោះឆ្នោត។ ខុសកាលពីលើកមុខៗដែលមានការប្រឈមមុខដាក់គ្នាតានតឹងដែលរៀបនឹងអូសទាញប្រទេសឲ្យធ្លាក់ក្នុងសភាពចលាចលនិងបង្ហូរឈាមម្តងៗទៅហើយ។
ប្រជាពរដ្ឋខ្មែរជាច្រើនបានសម្តែងការពេញចិត្តចំពោះស្ថានភាពក្រោយការបោះឆ្នោតនេះខ្លាំងណាស់។ ពួកគេអះអាងស្ទើរគ្រប់មាត់ថា ចង់ឃើញស្ថានភាពបែបនេះជារៀងរហូតពោលគឺចង់ឃើញប្រទេសជាតិបោះឆ្នោត ៥ឆ្នាំម្តង ហើយការបោះឆ្នោតក្លាយជារឿងសាមញ្ញមួយរបស់កម្ពុជាដែលមិនមែនជាព្រឹត្តិការណ៍គួរឲ្យព្រឺខ្លាចដូចអតីតកាលទៀត។ ភាពចាស់ទុំខាងនយោបាយភាពរឹងមាំនៃសន្តិភាព និងការរីកសុះសាយនៃការអភិវឌ្ឍន៍ គឺជាសញ្ញាបញ្ជាក់ថា កម្ពុជាកំពុងបោះជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ។ ភាពត្រឹមត្រូវនេះកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយភាពត្រឹមត្រូវនេះក៏កំពុងធ្វើឲ្យក្រុមក្រឡុកប្រទេសខ្សោយឥទ្ធិពលស្ទើរតែគ្មានសេសសល់អ្វីឡើយ។ នេះពិតជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជាយ៉ាងពិតប្រាកដ។
រដូវភ្ជុំបិណ្ឌ ដែលកំពុងឈានចូលមកដល់នេះក៏អាចចាត់ទុកថា ជារដូវដែលពលរដ្ឋបានសប្បាយរីករាយកាន់តែខ្លាំង ដោយសារតែម្យ៉ាងមកពីស្ថានការណ៍នយោបាយល្អប្រសើរក្រោយការបោះឆ្នោតដែលធ្វើឲ្យជីវភាពរបស់ពួកគេគ្មានទទួលរងផលប៉ះពាល់ជាអវិជ្ជមានណាមួយឡើយ។ ម្យ៉ាងទៀត គឺដោយសារតែរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតបានផ្តល់ផលប្រយោជន៍ភ្លាមៗចំពោះមុខ និងទាំងផលប្រយោជន៍យូរអង្វែងដល់ប្រជាពលរដ្ឋ។ ផុតពីរដូវភ្ជុំបិណ្ឌ ពិធីបុណ្យអុំទូកដែលជាពិធីបុណ្យដ៏សប្បាយរីករាយមួយរបស់ខ្មែរក៏ឈានមកដល់។ ដូច្នេះ ពលរដ្ឋខ្មែរសម័យនេះស្គាល់តែការសប្បាយរីករាយ ដោយគ្មានភ័យព្រួយរឿងសង្គ្រាមទៀតឡើយ។ នេះមកពីប្រទេសជាតិសាន្តត្រាណហើយក្រោមម្លប់ដឹកនាំដែលពោរពេញដោយព្រហ្មវិហាធម៌។
ព្រហ្មវិហាធម៌របស់មេដឹកនាំក៏បានស្តែងឡើងយ៉ាងច្បាស់នៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨ នេះ។ ទាំងនេះគឺជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលកំពុងមានជំនឿកាន់តែមុតមាំលើរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ មានបំណងចង់រស់នៅក្នុងសុខសន្តិភាព ក្នុងនាមជារដ្ឋមួយដែលមានអធិបតេយ្យភាពពេញលេញមិនចំណុះឲ្យបរទេសណាមួយឡើយ។ នេះគឺជាប្រវត្តិសាស្ត្រថ្មី និងវប្បធម៌ថ្មីសម្រាប់ការបោះឆ្នោតនៅកម្ពុជាហើយវប្បធម៌នេះនឹងចាក់ឬសរឹងមាំនៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈជារៀងរហូតតទៅ៕
ដោយ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះ​មាតា​របស់​ព្រះអង្គ សម្ដេចព្រះ​មហាក្សត្រី​ មុនីនាថ សីហនុ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិនដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្វាយព្រះពរព្រះអង្គទាំងទ្វេរសូមទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕