Friday, January 20, 2017

លោក​នា​យ​​ករដ្ឋម​ន្ត្រី ហ៊ុន សែ​ន៖ សូម​​ផ្តាំ​​ទៅ​​​អង្គកា​​រ​ក្លូបល​វិច​​​ណេស​ និង​​​ប​ក្ស​ពួក​​​​ល្មម​​​ឈប់​​​​​ល្ងង់​​និង​ឆ្កួត​ៗ​​ទៀត​​​ទៅ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា សូមផ្តាំទៅអង្គការក្លូបលវិចណេស និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ។ ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី គេធ្វើការជាមួយគ្នាបែបនេះ ដែលជាទម្លាប់ធម្មតានៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ បើខួរក្បាលមិនទាន់ឡប់ ឬឆ្កួតទេ គួរចូលសាលារៀន រៀនថែមទៀតទៅកុំមកប្រឆាំងខ្ញុំទាំងឆ្កួតលីលា។

នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីអង្គការ Global Witness ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានប្រតិកម្មចំពោះវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសំណូមពរឱ្យអង្គប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស បិទទ្វារបណ្តេញកម្ពុជាចេញ។ «វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស គួរតែងាកចេញពីនាយករដ្ឋមន្ត្រីកម្ពុជា និងបិទទ្វារចំពោះមេដឹកនាំនេះ មិនគួរអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើជាភ្ញៀវកិត្តិយសក្នុងព្រឹត្តិការណ៍នេះ ក្នុងបំណងទាក់ទាញវិនិយោគទុនថ្មីពីបរទេសនោះទេ» នេះជាការលើកឡើងរបស់គេហទំព័រ Global Witness។
សូមជម្រាបផងដែរថា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា សម្ដីរបស់អង្គការ «Alice Harrison, Global Witness» គឺតែងតែញុះញង់ ប្រឌិតរឿងខុសពីការពិត ប្រឆាំងនឹងភាពក្សេមក្សាន្តរបស់កម្ពុជា ហើយក៏បានបង្ហាញការពិតនៃក្តីអស់សង្ឃឹម ភាពទាល់ច្រករបស់ខ្លួន ចំពោះភាពបរាជ័យនៃរបាយការណ៍ប្រតិកិរិយា ប្រឌិត បំផុសបំផុល និងញុះញង់ ដែលតែងតែធ្វើក្នុងរយៈពេលកន្លងមកចំពោះកម្ពុជា៕


អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវការជ្រើសរើសបេក្ខជនជានិស្សិតទាំងពីរភេទ ចំនួន ១៨ នាក់ ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការ

កាលពីថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០១៧ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា ធម្មនុញ្ញ ជូនដំណឹងដល់និស្សិតទាំងពីរភេទ ដែលមានសញ្ជាតិខ្មែរអាយុអតិបរិមា ៣០ឆ្នាំ និងមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅឱ្យបានជ្រាបថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញត្រូវការជ្រើសរើសបេក្ខជនជានិស្សិតទាំងពីរភេទ ចំនួន ១៨ នាក់ ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការនៃអគ្គលេខាដ្ឋាន សម្រាប់ក្របខណ្ឌអភិបាល(ប្រភេទ ក)
សូមអានខ្លឹមសារលិខិតទាំងស្រុង៖


ប្រធានាធិបតីស្វីស សរសើរពីការរីកចម្រើននៅកម្ពុជា និងសន្យាជួយអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ប្រធានាធិបតីប្រទេសស្វីសលោកស្រី Doris Leuthard បានទទួលស្គាល់ និងមើលឃើញថាប្រទេសកម្ពុជាដែលកំពុងដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមានការវិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់។ លោកស្រីប្រធានាធិបតីបានសន្យាថា នឹងបន្តប្រឹងប្រែងជួយឱ្យប្រទេសងើបចេញពីសង្រ្គាមដ៏កម្សត់មួយនេះឱ្យកាន់តែរីកចម្រើនថែមទៀត។
ការលើកសរសើររបស់លោកស្រី Doris Leuthard ចំពោះភាពរីកចម្រើនរបស់កម្ពុជា បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ជំនួបពិភាក្សារវាងលោក ហ៊ុន សែន និងលោកស្រី Doris Leuthard បានធ្វើឡើងក្រោមបរិយកាសដ៏រីករាយ និងស្និទ្ធស្នាល។ លោក ហ៊ុន សែន បានថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលបានផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការខ្មែរក្រហមផងដែរ។
ដើម្បីជំរុញភាពរីកចម្រើន និងបង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀតនោះ លោក ហ៊ុន សែន បានស្នើឱ្យប្រធានាធិបតីស្វីសជំរុញអ្នកវិនិយោគស្វីសទៅកាន់កម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដែលត្រឹមជាង ៣០លានដុល្លារនាពេលបច្ចុប្បន្នឱ្យមានទំហំធំឡើង។
ក្នុងជំនួបនោះលោក ហ៊ុន សែន និងលោកស្រី Doris Leuthard បានចាត់ចែងឱ្យក្រុមការងារនៃប្រទេសទាំងពីរ បន្តពិភាក្សាគ្នា ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេស (FTA) នៃប្រទេសទាំងពីរ និងខិតខំជំរុញឱ្យវិស័យឯកជនចូលរួមឱ្យបានច្រើនឡើង ដូចជាការនាំផលិតផលស្វីស ដែលមានគុណភាពចូលកម្ពុជា និងនាំផលិតផលកម្ពុជាដូចជាអង្ករចេញមកប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជាមិនមែនសម្រាប់តែទីផ្សាររបស់កម្ពុជា ដែលមានប្រជាពលរដ្ឋ ១៥លាននាក់នោះទេ តែអាចចែកចាយសម្រាប់ទីផ្សារអាស៊ាន ដែលមានប្រជាពលរដ្ឋប្រមាណ ៦០០លាននាក់។ បន្ថែមពីលើនោះ សព្វថ្ងៃកម្ពុជាមានទីផ្សារដូចជានៅអឺរ៉ុប អាមេរិក ចិន កូរ៉េខាងត្បូង។ល។ ដែលសរុបជាទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារអាមេរិក។
ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា លោកស្រីប្រធានាធិបតីស្វីសបានសន្យាថា នឹងបន្តជួយពង្រឹងសន្តិសុខស្បៀងដល់កសិករកម្ពុជា ដោយជំរុញឱ្យកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះគឺរដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹងសមត្ថភាពតួនាទីរបស់សភាកម្ពុជាផងដែរ។
នៅចំពោះមុខប្រធានាធិបតីស្វីស លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអរគុណដល់លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រពីលោកស្រីប្រធានាធិបតី។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានហៅសកម្មភាពមនុស្សធម៌របស់រដ្ឋាភិបាលស្វីស លោកវេជ្ជបណ្ឌិត Richner ក៏ដូចជាប្រជាពលរដ្ឋស្វីសដទៃទៀតថា គឺជាទឹកចិត្តផុសចេញពីបេះដូង ចំពោះប្រជាពលរដ្ឋកម្ពុជា។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ប្រធានាធិបតីស្វីស ពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយមន្ទីរពេទ្យគន្ធបុប្ផា ហើយបច្ចុប្បន្នបានសម្រេចកាត់ថវិកាពីរដុល្លារ ពីសំបុត្រចូលទស្សនាអង្គរវត្ត ដើម្បីជួយទ្រទ្រង់បន្ថែមដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកស្រីប្រធានាធិបតីស្វីស បានអរគុណលោកនាយកដ្ឋមន្រ្តី ហ៊ុន សែន ដែលបានទទួលស្គាល់គាំទ្រ និងជួយជាថវិកាដល់លោកវេជ្ជបណ្ឌិត Richner ដែលកំពុងជួយមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃ។
លោកស្រីប្រធានាធិបតីស្វីស សរសើរពីការរីកចម្រើននៅកម្ពុជា និងសន្យាជួយអភិវឌ្ឍឱ្យកាន់តែរីកចម្រើនថែមទៀត
ចំពោះមន្ទីរពេទ្យគន្ធបុប្ផា រដ្ឋាភិបាលស្វីស បានជួយប្រមាណ ៤លានដុល្លារជារៀងរាល់ឆ្នាំ និង ២លានដុល្លារជួយមន្ទីរពេទ្យគាំពារស្រ្តីមាតាបិតា។ លោកស្រីប្រធានាធិបតី សន្យាជំរុញទេសចរណ៍ស្វីសទៅទស្សនាកម្ពុជាឱ្យបានច្រើនឡើងថែមទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ព្រមទាំងសំណូមពរឱ្យស្វីសបន្តជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។
ក្នុងនាមព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកស្រីប្រធានាធិបតីស្វីស មកទស្សនកិច្ចកម្ពុជា នៅពេលវេលាដ៏សមគួរណាមួយ និងស្នើឱ្យលោកស្រីជួយជំរុញអ្នកវិនិយោគទុនស្វីសមកចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជា នាខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះផងដែរ។
កិច្ចពិភាក្សារវាង លោកនាយករដ្ឋមន្រ្តី និងលោកស្រី ប្រធានាធិបតីស្វីស គឺបានពង្រឹងនូវចំណងមិត្តភាពដែលមានរយៈពេលប្រមាណ ៤០ឆ្នាំ និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ហើយនឹងនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិ នៃប្រទេសទាំងពីរ៕



ក្រុម​ហ៊ុន​ចិន CHMC ផ្តល់​អាហា​ររូបករ​ណ៍ដល់​មន្ត្រីអ​គ្គិសនីកម្ពុជា​

ក្រុមហ៊ុនចិន CHMC បានផ្តល់អាហារូបករណ៍សម្រាប់អភិវឌ្ឍទេពកោសល្យដល់មន្ត្រីអគ្គិសនីកម្ពុជា ដើម្បីបានទៅសិក្សាជំនាញបន្ថែមនៅចិន លើគម្រោងបណ្តុះបណ្តាលអនុបណ្ឌិតផ្នែកអគ្គិសនី ដែលត្រូវចែកជា ៣វគ្គមានចំនួន ៩រូប និងវគ្គខ្លីបណ្ដុះបណ្តាល ជំនាញជាន់ខ្ពស់ សម្រាប់បុគ្គលិកអគ្គិសនីកម្ពុជាជាច្រើនរូបទៀត។
អគ្គិសនីកម្ពុជា(EDC) និងក្រុមហ៊ុន China National Heavy Machinery Corporation(CHMC) បានសម្រេចចុះ (MoU) លើការផ្តល់អាហារូបករណ៍ ដែលធ្វើឡើងនៅទីស្តីការ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
លោក Xiao Ping អគ្គនាយកក្រុមហ៊ុន CHMC បានឱ្យថា ការផ្តល់អាហារូបករណ៍នេះ ក្នុងបំណងរឹតបន្តឹង ចំណងមិត្តភាព និងកិច្ចសហការ ឱ្យកាន់តែល្អជាមួយ អគ្គិសនីកម្ពុជា ព្រមទាំងនាំមកនូវបច្ចេកទេស ផ្នែកថាមពលទំនើបរបស់ចិនមកកាន់កម្ពុជា និងដើម្បីបណ្តុះ បណ្តាលអ្នកជំនាញ បរិក្ខាអគ្គិសនី និងជំរុញការអភិវឌ្ឍថាមពលអគ្គិសនីកម្ពុជា ឱ្យបានកាន់តែលឿន និងកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំងពីរ ដើម្បីសម្រេចគោលដៅ គឺគម្រោងបំភ្លឺគ្រប់ភូមិ-ស្រុក ទាំងអស់នៅឆ្នាំ២០៣០។

លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានចាត់ទុក ពិធីចុះហត្ថលេខា ជាមួយក្រុមហ៊ុនCHMCនេះ គឺជាកិច្ចសហការ ជាមួយគ្នាដែលឈាន មួយកម្រិតទៀត។
លោក កែវ រតនៈ បន្តថា បច្ចុប្បន្នទំនាក់ទំនងលើ គ្រប់វិស័យរវាងចិន-កម្ពុជា កំពុងដំណើរការ ដោយភាពរលូន និងទៅរកការអភិវឌ្ឍ ស្របតាម យុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវាត់មួយ របស់រដ្ឋាភិបាលចិន ដើម្បីឈានទៅសម្រេច បាននូវភាពរីកចម្រើន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗ៕


កិច្ច​ប្រជុំរដ្ឋម​ន្ត្រីទេសចរណ៍អាស៊ា​ន បញ្ចប់ដោ​យជោគជ័យ​

ភ្នំពេញ៖ក្រសួងទេសចរណ៍បានង្ហោះសារលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (Meeting of ASEAN Tourism Ministers) និងកិច្ចពិភាក្សា ជាមួយដៃគូសន្ទនាជាមួយ ACC, AJC, AKC Japan, UNWTO, WTTC, WORLD BANK, PATA, ASEANTA, ATRA បានបញ្ចប់ប្រកប ដោយជោគជ័យ។ ជាមួយនឹងការជំរុញការអនុវត្តស្តង់ដាទេសចរណ៍ទាំង៦កន្លងមក រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានអនុម័តស្តង់ដា MICE (Meeting Incentive Convention Exhibition) ជាពិសេសសម្រាប់បន្ទប់ប្រជុំក្នុងសណ្ឋាគារ (Meeting room In Hotel Setting) និងគោលការណ៍ណែនាំសម្រាប់រង្វាន់អាស៊ានលើផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព (Guideline for ASEAN Sustainable Tourism Award)។
ក្រសួងទេសចរណ៍បន្តថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានចេញសេចក្តីប្រកាសរួមស្តីពី៖ ទី១- ការអនុវត្តផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ២០១៦-២០២៥ ទី២-ការគ្រោងរៀបចំប្រកាសរួមស្តីពីទេសចរណ៍តាមនាវា ទី៣-យុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអាស៊ាន ទី៤- ការអភិវឌ្ឍផលិតផល ទេសចរណ៍អាស៊ាន ទី៥-គុណភាពទេសចរណ៍ និង៦- ការពង្រឹងសមត្ថភាព និងការជំរុញបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន។
ក្រសួងទេសចរណ៍បានបន្តទៀតថា នៅឆ្នាំ២០១៦ អាស៊ានទទួលបានទេសចរអន្តរជាតិចំនួន១១៦លាននាក់ ក្នុងកំណើន៦,៥% ក្នុងនោះការធ្វើដំណើរផ្ទៃក្នុងអាស៊ាន មាន៤៣% នៃទេសចរអន្តរជាតិសរុប។ ហើយរំពឹងថា ឆ្នាំ២០១៧ អាស៊ាន នឹងទទលបានទេសចរអន្តរជាតិប្រមាណ១២១លាននាក់។
សូមជម្រាបផងដែរថា នៅថ្ងៃ២០ ខែមករា ឆ្នាំ២០១៧នេះ បន្តកិច្ចប្រជុំសម្រាប់រដ្ឋមន្ត្រីអាស៊ាន បូក៣ និងពិធីផ្តល់រង្វាន់ដល់សហគមន៍ទេសចរណ៍ និងផ្ទះស្នាក់អាស៊ាន៕



លោក ប៉ុល សារឿន បើកការដ្ឋានសាងសង់ផ្លូវបេតុង ៧៣០០ម៉ែត្រ ពីភូមិអូរចំណាទៅដល់ភូមិកោះខ្យង

ការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៧.៣០០ ម៉ែត្រពីផ្លូវជាតិលេខ៤ ក្នុងភូមិអូរចំណា ឃុំអូរឧកញ៉ាហេង ឆ្លងកាត់ឃុំបឹងតាព្រហ្ម ទៅកាន់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃ កងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ដែលជាអាណាបក្ខដើមខ្សែ។
ផ្លូវមួយខ្សែខាងលើនេះ ទទួលស្ថាបនាដោយ កងវិស្វកម្មលោក ហ៊ុន សែន សៀមរាបសម្រាប់រយៈពេល៣ខែ ចាប់ពីថ្ងៃប្រារព្ធពិធីបើកការដ្ឋាន។
ផ្លូវដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ឃុំអូរឧកញ៉ា ហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ មានប្រវែង ៧.៣០០ ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្រាស់បេតុង ២០សង់ទីម៉ែត្រ។
ថ្លែងក្នុងឱកាសប្រារព្ធ ពិធីបើកការដ្ឋានស្ថាបនាផ្លូវ ខាងលើនេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានរំលឹកផងដែរនូវអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី និងលោកស្រីកិត្តិព្រិទ្ធបណ្ឌិតបានផ្តល់ជូនដល់ប្រជាពលរដ្ឋ ខេត្តព្រះសីហនុជាមួយនឹងអំណោយផ្លូវបេតុងមួយខ្សែខាងលើនេះ រួមមានៈ អគារសិក្សាចំនួន១៧ខ្នង ស្មើនឹង៤៧៦បន្ទប់ អគារទីចាត់ការចំនួន១៣ខ្នង ស្មើនឹង៣៩បន្ទប់ អគារអន្តេវាសិកដ្ឋានចំនួន១១ខ្នង ស្មើនឹង១១៦បន្ទប់ រួមជាមួយសម្ភារៈសិក្សាមួយចំនួនទៀត៕

គណៈ​កម្មាធិ​ការ​អចិន្រ្តៃយ៍​​រដ្ឋសភា នឹង​​បើក​កិច្ច​ប្រជុំ​ដើម្បី​​ពិនិត្យ​លើ​ការស្នើ​សុំ​ធ្វើ​វិ​សោធ​​ន​កម្មបទ​បញ្ជាផ្ទៃក្នុង​រដ្ឋស​ភាមាត្រា៤៨ថ្មី (បី)

ភ្នំពេញ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧ ដើម្បីពិនិត្យលើការស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង មាត្រា៤៨ថ្មី (បី) ដែលស្នើដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៥៥រូប។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា លិខិតស្នើសុំពីតំណាងរាស្រ្តចំនួន៥៥រូប បានដាក់មកដល់រដ្ឋសភានៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ។ ការកោះប្រជុំនេះបានធ្វើឡើងបន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភាឡើងវិញ ដើម្បីរំលាយប្រការដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើននៅរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ចំពោះការធ្វើវិសោធនកម្មរឿងនេះ ក្រោយពេលបញ្ចូលទៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ សំណើនេះនឹងបញ្ជូនទៅដល់គណៈកម្មការជំនាញដើម្បីត្រួតពិនិត្យជាមុន ហើយទើបបញ្ជូនទៅសភាពេញអង្គបោះឆ្នោតសម្រេច៕

ក្រសួងបរិស្ថានបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិចម្រុះ និងបងប្អូនមុខរបររើសអេតចាយ គឺជាដៃគូសំខាន់

កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះនៅទីស្តីការក្រសួងបរិស្ថាន និងការបានរៀបចំធ្វើសន្និសីទសារព័ត៌មាន ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិចម្រុះក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា បងប្អូនដែលប្រកបមុខរបររើសអេតចាយ គឺជាដៃគូសំខាន់របស់ក្រសួងបរិស្ថាន ក្នុងការជួយកាត់បន្ថយ នូវកាកសំណល់នេះ យកទៅបោះបង់ចោល នៅទីលានចាក់សំរាម។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តថា រាល់ថ្ងៃនេះ ពួកគាត់បានធ្វើការប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញយើង សឹងតែទាំងអស់ដូចជាថង់ប្លាស្ទិក កំប៉ុង អាលុយមីញ៉ូម និងដបប្រមូលបានច្រើន។
លោកបានបន្តថា នៅពេលនេះក្រសួងកំពុងពិភាក្សា ជាមួយនឹងក្រុមហ៊ុនផលិតស្រាបៀរផ្សេងៗ លើកបញ្ហានេះ ដូចជាដបយើងអាចយកទៅលៀងវិញបាន និងប្រើប្រាស់សារជាថ្មីឡើងវិញ។ ប៉ុន្តែក្រុមហ៊ុនត្រូវដាក់តម្លៃ ថាក្នុង១ដប ដែលបងប្អូនយកទៅដល់រោងចក្រគេវិញ តម្លៃប៉ុន្មានកាក់ ប៉ុន្មានសេនអ៊ីចឹង ហើយពេលនេះ ក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ លើបញ្ហានេះដែរ ដើម្បីឱ្យមានការប្រមូល ជាពិសេសនៅតាមហាង និងភោជនីយដ្ឋានផ្សេងៗ និងឱ្យគាត់ប្រមូលដប ហើយបញ្ជូនត្រឡប់ ទៅកាន់រោងចក្រហ្នឹងវិញ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ចំពោះគ្រឿងអេឡិចត្រូនិចជជុះ ក្រសួងបានដាក់អាករ រួចហើយសព្វថ្ងៃនេះ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបែងចែកចំនួន២៦ ទីក្រុង នៅទូទាំងប្រទេស និងដើម្បីឱ្យគាត់សំអាតសំរាម សព្វថ្ងៃល្បាក់ប្រហែលជាង ២ លានអាករ ហើយយើងនឹងគិតគូរ បន្ថែមទៀត។
ប្រជាជនកម្ពុជាយើងមួយចំនួន គាត់នៅមានតម្រូវការ ប្រើប្រាស់របស់នោះនៅឡើយទេ ហេតុនេះការដាក់អាករនេះឱ្យមានតុល្យភាពផងដែរ រវាងតម្រូវការជាក់ស្តែងរវាងប្រជាជនរបស់យើង ហើយនិងជួយកាត់បន្ថយ នូវការនាំចូលនៅគ្រឿងអេឡិចត្រូនិច ទាំងអស់នេះ៕


អ្នក​​ជំនាញ​ការជាន់​ខ្ពស់​​អន្តរជាតិ ផ្នែក​​បេតិក​ភណ្ឌរបស់ ICC-Angkor ចុះពិ​និ​ត្យកា​រ​ដ្ឋានក្នុងតំ​បន់​រមណីយដ្ឋាន​អង្គរ

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងចាប់ដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងពេញអង្គលើកទី២៣ របស់ខ្លួន នាព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំនេះ មានអ្នកជំនាញជាតិ-អន្តរជាតិជាច្រើនប្រទេសចូលរួម ព្រមទាំងពិភាក្សាជាសំខាន់ លើបញ្ហាផ្សេងៗទាក់ទងនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព។ តាមទម្លាប់ មុនពេលចាប់ផ្តើមបើកកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ អ្នកជំនាញការជាន់ខ្ពស់ ADHOC ផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍរបស់អាយស៊ីស៊ី-អង្គរ តែងតែចុះទៅពិនិត្យនៅតាមការដ្ឋានជួសជុល និងមើលការងារស្រាវជ្រាវផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មុនជាប្រចាំដើម្បីវាយតម្លៃ ណែនាំ និងពិនិត្យមើលការអនុវត្តនោះ តើត្រឹមត្រូវ និងអនុលោមតាមអនុសាសន៍ ដែលបានផ្តល់ឱ្យកន្លងមកដែរឬទេ?
ជាក់ស្តែងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ អ្នកជំនាញការជាន់ខ្ពស់អន្តរជាតិ ផ្នែកបេតិកភណ្ឌបានចុះទៅពិនិត្យមើលការដ្ឋានដែលកំពុងដំណើរនៅក្នុងតំបន់អង្គរទាំងផ្នែកជួសជុល ទល់ទ្រ និងការដ្ឋានស្រាវជ្រាវមួយចំនួន ព្រមទាំងបានស្តាប់បទបង្ហាញពីអ្នកជំនាញ រួមទាំងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធក្នុងកិច្ចការទាំងនេះផងដែរ។
ចំណែកនៅថ្ងៃទី២២ ដល់២៣ ខែមករា ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការ ADHOC ទាំងពីរផ្នែកនឹងសរសេររបាយការណ៍បច្ចេកទេស ដាក់ជូនអង្គប្រជុំអាយស៊ីស៊ី-អង្គរ ដើម្បីពិនិត្យសម្រេច និងផ្តល់យោបល់ដល់អ្នកទទួលខុសត្រូវ តាមការដ្ឋាននានារបស់ខ្លួន អនុវត្តការងារបន្តប្រកបដោយលក្ខណៈបច្ចេកទេស ធានាបាននូវសុវត្ថិភាពរបស់បេតិកភណ្ឌទាំងអស់។
គួររំឭកផងដែរថា គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) តែងតែបើកអង្គប្រជុំរបស់ខ្លួន២ដងក្នុង១ឆ្នាំ ដើម្បីពិនិត្យមើលការដ្ឋានជួសជុល បូកសរុបលទ្ធផលការងារ ផ្តល់អនុសាសន៍ និងតាមដានការផ្តល់អនុសាសន៍ ដែលអង្គរប្រជុំផ្តល់ឱ្យដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា ដើម្បីអនុវត្តផែនការរៀបចំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋាន អង្គរប្រកបដោយចីរភាព៕




លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ ICRC ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទទួលជួបជាមួយលោកប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិ និងបង្ហាញខ្លួនប្រធានបេសកកម្មថ្មី កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
នៅក្នុងជំនួបពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា ICRC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយការដួលរលំខ្មែរក្រហម ដែលពេលនោះ ប្រជាជនកម្ពុជារាប់លាននាក់ កំពុងជួបប្រទះនូវភាពអត់ឃ្លាន ទុរភិក្សយ៉ាងខ្លាំង និងគ្មានជម្រក។ នៅពេលនោះ លោក ហោ ណាំហុង ជាអនុរដ្ឋមន្ត្រីការបរទេស បានធ្វើការជាមួយ ICRC, Oxfam, World Vision, UNICEF និងអង្គការបារាំងផ្សេងទៀតជាច្រើន។ល។ ដើម្បីជួយប្រជាជនកម្ពុជាឱ្យរួចពីភាពអត់ឃ្លាន និងទុរភិក្ស។
លោកបានបន្ថែមថា សព្វថ្ងៃនេះគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ក៏បានរួមសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ដែលមាន លោកស្រីកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានក្នុងការជួយប្រជាជនកម្ពុជា ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិ និងប្រជាពលរដ្ឋ ដែលរងគ្រោះនៅទូរទាំងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណចំពោះលោក Bart Vermeiren ក្នុងអាណត្តិរបស់លោកជានិច្ចកាល បានខិតខំប្រឹងប្រែងជាមួយកាកបាទក្រហមកម្ពុជា រហូតទទួលបាននូវជោគជ័យជាច្រើន ដែលគួរឱ្យកោតសរសើរ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជូនពរលោក Bart Vermeiren ឱ្យមានសុខភាពល្អ ទទួលបានជោគជ័យថ្មីថែមទៀត នៅក្នុងបេសកកម្មមនុស្សធម៌នៅជុំវិញពិភពលោក និងសុំឱ្យ ICRC នៅតែជាដៃគូដ៏ល្អ មិនអាចខ្វះបានរបស់កាកបាទក្រហមកម្ពុជា៕

លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើចូ​លរួមពិសា​រអាហារ​ការងារ លើប្រ​ធាន​បទ «អាស៊ានក្នុងរយៈពេល៥០ឆ្នាំ តើអាស៊ាន​មានដំ​ណើរទៅ​មុខទៀត​យ៉ាង​ដូចម្ដេច?»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើចូលរួមពិសារអាហារការងារធ្វើឡើងនៅ Central Sporthotel, Saumerstube លើប្រធានបទ «អាស៊ានក្នុងរយៈពេល៥០ឆ្នាំ តើអាស៊ានមានដំណើរទៅមុខទៀតយ៉ាងដូចម្ដេច?» នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៧ ។ កម្មវិធីនេះមានការចូលរួមពីសំណាក់ប្រមុខរដ្ឋនៃបណ្ដាប្រទេសជាច្រើនដែលក្នុងនោះមានសន្ទរកថាបើករបស់លោកនាយករដ្ឋមន្ត្រីវៀតណាម កម្មវិធីសំណួរចម្លើយពីសំណាក់តំណាងសាកលវិទ្យាល័យសិង្ហបុរី និងក្រុមហ៊ុនឯកជនចំនួន០៣ផ្សេងទៀត រួមទាំងមានការចែករំលែកអំពីចំណុចសំខាន់ៗនៃសុន្ទរកថារបស់ប្រមុខរដ្ឋនីមួយៗ។ បន្ទាប់មកលោកនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាបិទកម្មវិធី។

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីចក្ខុវិស័យប្រកបដោយមហិច្ឆតាក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលជាសេដ្ឋកិច្ចមានសមាហរណកម្ម និងសិនិទ្ធពលខ្ពស់ (Highly Integrated and Cohesive Economy ) ដែលចារិកដោយលក្ខណៈសម្បត្តិចម្បង ៤យ៉ាង៖ ទី១-ជាទីផ្សារ និងមូលដ្ឋានផលិតកម្មរួមតែមួយ ទី២-ជាតំបន់ប្រកបដោយភាពប្រកួតប្រជែងសេដ្ឋកិច្ចខ្ពស់ ទី៣-ជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសមធម៌ និងទី៤-ជាតំបន់ដែលត្រូវបានធ្វើសមាហរណកម្មពេញលេញចូលទៅក្នុងសេដ្ឋកិច្ចសកល ហើយដែលប្រជាជាតិទាំងអស់មានអត្តសញ្ញាណជាអាស៊ានតែមួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ដើម្បីសម្រេចបានចក្ខុវិស័យនេះ អាស៊ានត្រូវយកចិត្តទុកដាក់លើចំណុចមួយចំនួនរួមមាន ១-ការបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ ២-ការបន្តកំណើនសេដ្ឋកិច្ចដ៏រឹងមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន្ន ៣-ការបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមការគ្រោងទុកនូវ «ផែនការមេស្ដីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» ៤-ការខិតខំជំរុញឱ្យសម្រេចបានឆាប់រហ័សនូវ «កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់» ៥-ការបន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិតសកល៕








កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារប្រចាំឆ្នាំ២០១៦

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្សទិសប្រាសាទព្រះវិហារ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរជាតិព្រះវិហារប្រចាំឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមជាអធិបតីភាពពីសំណាក់លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ លោក អ៊ុក តុបបុត្រា អនុប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។
ក្នុងពិធីនេះក៏មានការចូលរួមជាកិត្តិយសពីសំណាក់លោក លោកស្រី ជាមេបញ្ជាការ មេបញ្ជាការរង តំណាងបញ្ជាការកងអង្គរក្ស កងពលធំអន្តរាគមន៍លេខ៣ កងពលតូចលេខ៨ លេខ៧ និងអង្គភាពនគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលព្រំដែន ព្រមទាំងអាជ្ញាធរស្រុកជាំក្សាន្ត ស្រុកគូលែន និងមេឃុំ មេភូមិដែលស្ថិតក្នុងតំបន់បេតិកភណ្ឌប្រាសាទព្រះវិហារ និងប្រាសាទកោះកែរជាច្រើនរូបទៀត៕



អគារការិយាល័យថ្មីរបស់ព្រឹទ្ធសភា ០១ខ្នង កម្ពស់០៣ជាន់ ត្រូវបានសម្ពោធនៅថ្ងៃទី២០ ខែមករានេះ

(ភ្នំពេញ)៖ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសន្យាខិតខំប្រើប្រាស់ រាល់ជំនួយរបស់មិត្តចិនក្នុងផល ប្រយោជន៍រួម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយខិតខំប្រឹងប្រែងបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាង ប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។

លោក សាយ ឈុំ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធអគារការិយាល័យថ្មី ០១ខ្នង កម្ពស់០៣ជាន់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនដល់ព្រឹទ្ធសភា។ កម្មវិធីសម្ពោធនេះមានការចូលរួមពី សមាជិក-សមាជិកាព្រឹទ្ធសភា តំណាងរដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួង-ស្ថាប័ន របស់រាជរដ្ឋាភិបាល ។

លោកប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹទ្ធសភាមានភ័ព្វសំណាងដ៏ល្អ ដោយសារប្រទេសជាមិត្តជាច្រើន បានយកចិត្ត ទុកដាក់ចំពោះស្ថាប័នថ្មីនេះ ហើយបានផ្តល់ការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងទូលំទូលាយ ដោយមហាសប្បុរសទាំងស្មារតី សម្ភារ ការបណ្តុះបណ្តាលធនធានមនុស្ស និងថវិកា។ រដ្ឋាភិបាលចិន បានឈានមុខគេយ៉ាងសកម្ម ក្នុងការរួមចំណែកបំពេញ នូវការខ្វះខាត តូចធំផងទាំងឡាយ ។ ជាក់ស្តែង អាស្រ័យដោយសារជំនួយជាបន្តបន្ទាប់របស់សាធារណរដ្ឋប្រជាមានិតចិន ព្រឹទ្ធសភាមានកន្លែង ធ្វើការកាន់តែល្អប្រសើរឡើង និងបំពាក់ដោយសម្ភារ ឧបករណ៍ទំនើបៗ។

លោកបានថ្លែងបន្តថា ទាំងសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដឹងគុណជានិច្ចចំពោះសភា រដ្ឋាភិបាលនិងប្រជាជនចិន ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាបំផុត ដើម្បីរួមចំណែកយ៉ាងសកម្ម ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប ជំនួយសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗទៀត ដូចជាការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ស្ពាន ថ្នល់ វារីអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្សជាដើម ។      

ព្រមជាមួយនេះព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះអ្នកវិនិយោគចិន ដែលបានចូលមកធ្វើវិនិយោគទុននៅកម្ពុជា ហើយ បានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើងជាលំដាប់។

លោក​ សាយ ឈុំ សង្ឃឹមថា រដ្ឋាភិបាលចិននឹងបន្តជួយជាបន្តបន្ទាប់ទៀតដល់ព្រឹទ្ធសភា ជាពិសេសការគាំទ្រក្នុងការ ជួយកសាងអគារសាលប្រជុំពេញអង្គថ្មីមួយ នាពេលខាងមុខ ដែលជាតម្រូវការចាំបាច់ចំពោះមុខ និងយូរអង្វែងនៅក្នុងដំណើរការ កសាងកម្ពុជាជានីតិរដ្ឋ ស្មើសិទ្ធិស្មើមុខជាមួយរដ្ឋដទៃ នៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕






លោកប្រធានាធិបតី Trump ៖ វិធីចំនួន ៧ ចំណុច ដែលពិភពលោកអាចផ្លាស់ប្តូរ

ការចូលកាន់តំណែងរបស់លោក Trump ទៅកាន់សេតវិមានអាចធ្វើឱ្យទំនាក់ទំនងរបស់អាមេរិកជាមួយនឹងពិភពលោកមានការផ្លាស់ប្តូរនៅក្នុងវិធីសំខាន់ៗមួយចំនួន។ ខាងក្រោមគឺជាវិធី ៧ចំណុច ក្នុងវិធីសំខាន់ៗទាំងនោះ៖
អង្គការណាតូប្រឈមមុខនឹងភាពរង្គោះរង្គើ
លោក Trump បានរិះគន់យ៉ាងខ្លាំងទៅលើអង្គការណាតូ ដែលជាអង្គការដ៏មានសារៈសំខាន់សម្រាប់គោលនយោបាយការបរទេសអាមេរិកក្នុងរយៈពេលជាង ៦០ឆ្នាំមកនេះ។
លោកបានវាយប្រហារអង្គការនេះថាគេលែងប្រើហើយ និងបានចាត់ទុកសមាជិករបស់ខ្លួនថាជាសម្ព័ន្ធមិត្តរមើលគុណ ដែលទទួលផលប្រយោជន៍ពីសហរដ្ឋអាមេរិកភាគច្រើន។
ជាច្រើនថ្ងៃមុនពេលចូលកាន់អំណាចរបស់គាត់នោះ លោក Trump បានអះអាងជាថ្មីថា សមាជិកជាច្រើនក្នុងចំណោមសមាជិកចំនួន ២៨រដ្ឋ មិនបានចែករំលែកគ្នាដោយយុត្តិធម៌ទេ។ នេះគឺអយុត្តិធម៌ចំពោះសហរដ្ឋអាមេរិក។
វោហារសព្ទរបស់លោក Trump ហាក់ដូចជាសំដែងនូវការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកជាយូរមកហើយស្តីអំពី ការមិនបំពេញបាននូវការចំណាយ ២ភាគរយនៃ GDP លើវិស័យការពារជាតិរបស់សមាជិកភាគច្រើននៃអង្គការនេះ ខណៈដែលការចំណាយរបស់សហរដ្ឋអាមេរិកគឺមានចំនួនច្រើនបំផុតក្នុងពិភពលោក។
លោកប្រធានាធិបតីជាប់ឆ្នោតនេះក៏បានសង្កត់ធ្ងន់ផងដែរថា អង្គការនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ ប៉ុន្តែ នេះបានផ្តល់ភាពសុខស្រួលបន្តិចបន្តួចប៉ុណ្ណោះ ហើយជំហររបស់គាត់នេះបានបង្កឱ្យមានការក្រើនរំលឹកនៅក្នុងតំបន់អឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានមានប្រសាសន៍ថា ការផ្តល់អនុសាសន៍របស់លោកបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់គាត់។
តើសហរដ្ឋអាមេរិកមានទំនាក់ទំនងថ្មីជាមួយរុស្ស៊ីឬ?
អំឡុងការធ្វើយុទ្ធនាការបោះឆ្នោតសហរដ្ឋអាមេរិកនោះ លោក Trump បានសរសើរលោកValdimir Putin ប្រធានាធិបតីរុស្ស៊ីថា ជាមេដឹកនាំដ៏ខ្លាំងម្នាក់ ដែលលោកចង់មានទំនាក់ទំនងល្អជាមួយ។
នេះបានកើតមានឡើង មុនពេលដែលទីភ្នាក់ងារសំខាន់របស់សហរដ្ឋអាមេរិកបានកំណត់ថា រុស្ស៊ីបានទទួលខុសត្រូវក្នុងការចូលលួច(hack)អ៊ីម៉ែលរបស់គណបក្សប្រជាធិបតេយ្យអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោត។ ហើយក្រោយមក លោក Trump បានយល់ស្របតាមការកំណត់នេះ។
ការផ្ទុះចេញនូវការផ្សព្វផ្សាយឯកសារ ដែលមិនបានបញ្ជាក់ច្បាស់លាស់នោះ បានចោទប្រកាន់រុស្ស៊ីថាបានជួយលោក Trump ហើយក៏បានបង្កឱ្យមានបញ្ហាថ្មីដល់ប្រធានាធិបតីជាប់ឆ្នោតនេះដែរ។
តែ លោក Trump បានច្រានចោលចោលនូវឯកសារនោះ ហើយបានចោទថា វាជាព័ត៌មានក្លែងបន្លំ។
ឥឡូវនេះ លោក Trump បាននិយាយថា លោកនឹងចាប់ផ្តើមជឿជាក់ទៅលើលោក Putin(និងលោកស្រី Angela maerkel អធិការបតីអាល្លឺម៉ង់) ប៉ុន្តែបានព្រមានថា វាប្រហែលជាមិនមានរយៈពេលយូរទេ។
លោកក៏បាននិយាយផងដែរថា លោកនឹងនៅតែដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើរុស្ស៊ីដដែលយ៉ាងហោចណាស់ក្នុងរយៈពេលមួយ។ ប៉ុន្តែ លោកបានលើកឡើងនៅក្នុងកិច្ចសំភាសន៍មួយថា ការដាក់ទណ្ឌកម្មអន្តរជាតិអាចត្រូវបានលើកលែង ប្រសិនបើកិច្ចព្រមព្រៀងល្អៗមួយចំនួនអាចត្រូវបានធ្វើឡើងជាមួយនឹងរុស្ស៊ី ដោយរួមមានការកាត់បន្ថយអាវុធនុយក្លែអ៊ែរ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានជាប់គាំងនៅក្នុងអំឡុងពេលការកាន់តំណែងរបស់លោក Obama ជុំវិញបញ្ហាដូចជា រឿងរបស់ប្រទេសអ៊ុយក្រែន ស៊ីរី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។ ប៉ុន្តែនេះប្រហែលជា មានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ពេលដែលលោក Trump ចូលកាន់តំណែង។
តើវាជាការបញ្ចប់ចំពោះពាណិជ្ជកម្មសេរីឬ?
គោលនយោបាយពាណិជ្ជកម្មរបស់លោក Donal Trump នឹងបង្កឱ្យមានការផ្លាស់ប្តូរដ៏ធំបំផុតមួយចំពោះវិធី ដែលសហរដ្ឋអាមេរិកបានធ្វើពាណិជ្ជកម្មជាមួយនឹងពិភពលោក ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
លោកក៏បានគំរាមកំហែងក្នុងការកំទេចចោលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់មួយចំនួនផងដែរ ដោយក្នុងនោះរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាមេរិកខាងជើងរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ីកូ ដែលលោកបានស្តីបន្ទោសចំពោះការធ្វើឱ្យបាត់បង់ការងារជាច្រើន។ លោកក៏បានលើកឡើងពីការដកសហរដ្ឋអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
ចាប់តាំងពីបានឈ្នះឆ្នោតមក លោកក៏បានគំរាមកំហែងទៅលើក្រុមហ៊ុនជាច្រើនជាពិសេសក្រុមហ៊ុនផលិតទូរសព្ទ។
ភាពជឿជាក់ ដែលស្ថិតនៅពីក្រោយគោលនយោបាយពាណិជ្ជកម្មរបស់គាត់ នឹងបង្កើតការងារនៅសហរដ្ឋអាមេរិក កាត់បន្ថយឱនភាពពាណិជ្ជកម្ម និងទទួលបានកិច្ចព្រមព្រៀងល្អៗជាច្រើនបន្ថែមទៀតសម្រាប់ប្រជាជនអាមេរិក។
តើវាជាការបញ្ចប់ចំពោះគោលនយោបាយចិនតែមួយឬ?
ការហៅទូរសព្ទរវាងលោក Trump និងលោកស្រី Tasi Ing-wen ប្រធានាធិបតីតៃវ៉ាន់កាលពីដើមខែធ្នូ បានផ្ទុះឡើងក្នុងរយៈពេល ៤ទសវត្សរ៍នៃពិធីការរបស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកតៃវ៉ាន់ថាជាខេត្តរបស់ខ្លួន ហើយបានបដិសេធវាជារដ្ឋឯករាជ្យមួយគឺជាគន្លឹះអាទិភាពនៅក្នុងគោលនយោបាយការបរទេសចិន ដែលសហរដ្ឋអាមេរិកបានទទួលស្គាល់វា ជាមួយនឹងគោលនយោបាយចិនតែមួយជាយូរមកហើយ។
លោក Trump បាននិយាយថា រាល់អ្វីៗទាំងអស់គឺស្ថិតក្រោមការចរចា ដែលរួមទាំងគោលនយោបាយចិនតែមួយនេះផងដែរ។ ប៉ុន្តែចិនបានឆ្លើយតបដោយនិយាយថា គោលការណ៍គឺមិនអាចធ្វើការចរចាបានទេ។
ជំហរដ៏ស្មុគស្មាញទាំងនោះបានបង្កឱ្យមានការបំផ្លាញធ្ងន់ធ្ងរនូវទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
ប៉ុន្តែ លោក Trump កំពុងតែបង្ហាញនូវកម្រិតនៃការធ្វើជាក់ស្តែងទៅលើបញ្ហាផ្សេងទៀតដែលជាប់ទាក់ទងនឹងចិន។ លោកបានដកនូវការសន្យាកាលពីពេលមុន ដែលចាត់ទុកចិនថា ជាអ្នកអុកឡុករូបិយបណ្ណ នៅពេលដែលលោកចូលកាន់តំណែង។ ហើយឥឡូវនេះ លោកបាននិយាយថា លោកនឹងពិភាក្សាជួយពួកគេវិញ។
កិច្ចព្រមព្រៀងអាវុធនុយក្លែអ៊ែររបស់អ៊ីរ៉ង់អាចត្រូវបានគិតឡើងវិញ
សម្រាប់លោក Obama កិច្ចព្រមព្រៀង ដែលបានមើលឃើញការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានលើកលែងដើម្បីផ្លាស់ប្តូរនូវការធានាថា ខ្លួននឹងមិនបន្តកម្មវិធីអាវុធនុយក្លេអ៊ែរនោះ គឺជាការយោគយល់ជាប្រវត្តិសាស្ត្រ។
ប៉ុន្តែសម្រាប់លោក Trump វិញ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ដែលលោកធ្លាប់បានចរចា។
លោកបានបន្តទៀតថា ការរំដោះវា គឺជាអាទិភាពទី១របស់គាត់ ប៉ុនឥឡូវនេះ លោកបាននិយាយថា លោកមិនចង់បញ្ជាក់នូវអ្វី ដែលលោកនឹងធ្វើនោះទេ។
តើនឹងមានអាវុធនុយក្លេអ៊ែរបន្ថែមទៀតនៅក្នុងតំបន់អាស៊ីឬ?
ការឡើងកាន់តំណែងជាប្រជាធិបតីរបស់លោក Trump បានបង្កឱ្យមានបញ្ហាសន្តិសុខដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី។
មិនត្រឹមតែលោកប្រធានាធិបតីជាប់ឆ្នោត បានធ្វើឱ្យចិនមានការភ្ញាក់ផ្អើលចំពោះការផ្តល់មតិជាមួយនឹងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកដែលត្រូវជ្រើសតាំងនោះក៏បាននិយាយថានឹងបិទការឈានចូលរបស់ចិនទៅកាន់កោះសិប្បនិមិត្ត ដែលចិនបានកសាងនៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។ នេះបានបង្កឱ្យមានការក្រើនរំលឹកនូវជម្លោះបែបយោធា ដែលផ្តល់ដោយកាសែតរបស់រដ្ឋ។
ជប៉ុន និងកូរ៉េខាងត្បូងត្រូវបានជ្រើសរើស ដោយលោក Trump ដើម្បីធ្វើឱ្យមានពឹងផ្អែកទៅលើសហអាមេរិក។ លោកបាននិយាយទៀតថា ពួកគេនឹងទទួលផលប្រយោជន៍ពីអាវុធនុយក្លេអ៊ែររបស់ពួកគេ។
នៅក្នុងតំបន់នេះ ក៏មានប្រទេសមួយទៀតគឺ កូរ៉េខាងជើង ដែលកំពុងតែអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
លោក Trump នឹងប្រឈមមុខនឹងការងារដែលត្រូវដោះស្រាយចំពោះមហិច្ចតាទាំងនោះ។
ថាតើគាត់នឹងធ្វើបានដោយរបៀបណានោះ គឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេប៉ុន្តែលោកបានស្នើឱ្យមានការចរចារផ្ទាល់ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង លោក Kim JongUn។
យ៉ាងណាក៏ដោយ ថាតើគាត់មានយុទ្ធសាស្ត្រយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ។
ការរៀបចំឡើងវិញនូវកិច្ចព្រមព្រៀងបំរែបំរួលអាកាសធាតុ
លោកប្រធានាធិបតីជាប់ឆ្នោត Trump បានមានប្រសាសន៍ថា លោកនឹងលុបចោលកិច្ចព្រមព្រៀងអាកាសធាតុរបស់ក្រុងប៉ារីស ក្នុងរយៈពេល ១០០ថ្ងៃ នៃការចូលកាន់តំណែងរបស់គាត់ ហើយនិងធ្វើអ្វីៗ ដើម្បីផ្លាស់ប្តូរបទបញ្ញត្តិស្តីពីបំរែបំរួលអាកាសធាតុ ដែលដាក់ចេញដោយលោក Obama។
លោកបានបដិសេធម្តងហើយម្តងទៀតចំពោះវិទ្យាសាស្ត្រស្តីពីបំរែបំរួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស ដោយបានចាត់ទុកវាថាជា រឿងប្រឌិត។
យ៉ាងណាក៏ដោយ ដូចនឹងបញ្ហាផ្សេងៗទៀតដែរ លោកបានសំដែងនូវទស្សនៈខុសគ្នានេះ ដោយបាននិយាយប្រាប់កាសែត New York Times កាលពីខែវិច្ឆិកា ថា លោកបានទទួលស្គាល់ថា មានការជាប់ពាក់ព័ន្ធគ្នាមួយចំនួនប៉ុណ្ណោះ រវាងសកម្មភាពមនុស្ស និងបំរែបំរួលអាកាសធាតុ ហើយបានិយាយថា លោកនឹងពិនិត្យមើលទៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសឱ្យបានប្រុងប្រយ័ត្ន ជាជាងកាលដែលសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ។
បើទោះបីជាលោកចង់ធ្វើបែបនេះក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែចង់លោតចូលដោយស្របច្បាប់ទៅក្នុងកិច្ចព្រមព្រៀងរបស់ក្រុងប៉ារីសសម្រាប់៤ឆ្នាំដដែល។ នៅមានការបិតផ្លូវស្របច្បាប់ និងតាមនីតិវិធី ដែលនឹងទប់ស្កាត់លោក Trump ពីការរុះរើទាំងស្រុងនូវគោលនយោបាយបំរែបំរួលអាកាសធាតុសហរដ្ឋអាមេរិកផងដែរ។
អ្នករិះគន់បាននិយាយថា ជំហររបស់គាត់អាចនឹងបង្កឱ្យរដ្ឋាភិបាលផ្សេងទៀតមានភាពស្ទាក់ស្ទើចំពោះបញ្ហាកាត់បន្ថយការបំភាយឧស្ម័នដែលធ្វើឱ្យផែនដីឡើងកំដៅផងដែរ៕

ប្រភព : BBC ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧


ការប្រឆាំងតវ៉ានៅថ្ងៃ​ប្រគល់តំណែង​របស់​​​លោក Trump នឹង ​បង្កើត​ឱ្យមានមន្ត្រី​​អនុវត្ត​ច្បាប់ ​​​ដើម្បីបង្កើនការឆ្លើយតប​

ការប្រឆាំងតវ៉ានៅក្នុងសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋកាលពីខែកក្កដា បានប្រែក្លាយជាទៅជាការផ្សព្វផ្សាយបំភ្លើសហួសហេតុ ប៉ុន្តែការប្រឆាំងតវ៉ា នៅចុងសប្តាហ៍ខាងមុខ នាថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោននោះ អាចផ្ទុយពីនេះ។
ជាមួយនឹងការរំពឹងដែលថា មនុស្សប្រហែលជា ១លាននាក់នឹងគ្របដណ្តប់នៅក្នុងទីក្រុង ដោយរួមមានក្រុមប្រឆាំងនឹងលោក Trump ជាច្រើននោះ ថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅចុងសប្តាហ៍នេះនឹងត្រូវបានគេមើលឃើញថា នឹងមានការប្រឆាំងតវ៉ាមួយត្រូវបានរៀបចំឡើងយ៉ាងធំ។
លោក Michael Heaney សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅក្នុងសកលវិទ្យាល័យMichigan ដែលសិក្សាពីវ៉ូងបាតុករនៅក្នុងថ្ងៃសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនោះ បានមានប្រសាសន៍ថា «ខ្ញុំអាចនិយាយបានថា បាតុកម្មនោះនឹងមានទំហំធំ នៅក្នុងថ្ងៃចូលកាន់តំណែងរបស់លោក Trump ដែលយើងមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្ត្រ»។
យ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងទេ ដែលក្រុមបាតុករទាំងនោះបានរៀបចំប្រឆាំងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ ជាក់ស្តែងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក Obama ទាំងពីរលើក គេឃើញមានក្រុមបាតុករដែរ ប៉ុន្តែមានបន្តិចបន្តួចប៉ុណ្ណោះ ពោលគឺប្រហែលជាង ១០០នាក់ ដែលបានប្រឆាំងនឹងប្រធានបទ ដូចជាបញ្ហាសង្គ្រាមនៅអឺរ៉ាក់ ខណៈដែលចំនួនអ្នកប្រឆាំងតវ៉ានឹងលោកប្រធានាធិបតី George W Bush កាលពីឆ្នាំ២០០៥ មានទំហំធំជាងនេះ។
លោក Heaney បានបន្តទៀតថា «កាលពីឆ្នាំ២០០៥ អ្នកប្រហែលជាឃើញមានក្រុមបាតុករប្រមាណជា ១០.០០០នាក់។ ដែលកាលនោះ ការធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាមគឺជាបញ្ហាធំ។ មានការប្រឆាំង «Turn Your Back on Bush» ដែលបានកើតឡើងអំឡុងពេលការចូលស្បថលើកទី២របស់គាត់ នៅពេលដែលគាត់កំពុងតែថ្លែងសន្ទរកថា»។
ប៉ុន្តែ អ្វីដែលខុសប្លែកនៅពេលនេះគឺថា មានក្រុមបាតុករជាច្រើនបាននិយាយថា ពួកគេគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងលោក Trump មុនពេលដែលគាត់ចូលបំរើការងារមួយថ្ងៃនៅក្នុងការិយាល័យពងក្រពើនោះ។
តើអ្នកណាកំពុងតែធ្វើការប្រឆាំងតវ៉ានោះ?
ក្រុមតវ៉ាដែលស្ថិតក្នុងបញ្ជីឈ្មោះដ៏វែងមួយកំពុងតែរៀបចំធ្វើការដើរជាក្បួន ធ្វើបាតុកម្ម និងធ្វើសកម្មភាពមិនសប្បាយចិត្តនឹងថ្ងៃចូលកាន់តំណែងរបស់លោក Trump នៅចុងសប្តាហ៍នេះ។ ភាគច្រើននៃពួកគេទំនងជាត្រូវបានរៀបចំឡើងឱ្យដើរជាក្បួន ដោយស្ត្រីនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលនឹងត្រូវធ្វើឡើងមួយថ្ងៃក្រោយពេលដែលលោកស្បថចូលកាន់តំណែង។ ការដើរក្បួន ដែលអ្នករៀបចំបាននិយាយថា អាចទាក់ទាញអ្នកចូលរួមប្រមាណជា ២០០.០០០នាក់នោះ មិនត្រូវបានគេជួលដើម្បីប្រឆាំងនឹងព្រឹត្តិការណ៍របស់លោក Trump នោះទេ។ ជំនួសមកវិញ គោលបំណងរបស់ក្បូននេះគឺជំរុញឱ្យសិទ្ធិ និងការផ្តល់អំណាចដល់ស្ត្រី។
ក្បួន DisruptJ20 ដែលត្រូវបានគ្រោងដោយអ្នករៀបចំយ៉ាងច្រើននោះ ក៏នឹងក្លាយជាការធ្វើបាតុកម្មមួយដ៏ធំផងដែរ ហើយនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោក។ អ្នករៀបចំក្រុមបាននិយាយថា ក្បួននេះគឺមានបំណងចង់រំខានដល់ពិធីស្បថចូលកាន់តំណែងរបស់លោក Trump ។
លោក Lacy MacAuley អ្នករៀបចំក្បួន DisruptJ20 បានមានប្រសាសន៍ថា យើងពិតជាចង់ឱ្យមានការរំខានដ៏ខ្លាំងមួយ។ យើងចង់ផ្តល់នូវអ្វីមួយដល់អ្នក ដែលមានអារម្មណ៍ត្រូវបានគំរាមកំហែងដោយលោក Donald Trump។
ក្រុមផ្សេងៗទៀតជាច្រើនក៏បានដាក់លិខិតសុំអនុញ្ញាតដើម្បីប្រឆាំងនឹងលោកក្នុងថ្ងៃស្បថចូលកាន់តំណែង ឬអំឡុងថ្ងៃចុងសប្តាហ៍ផងដែរ។ មកដល់ពេលនេះ មានតែក្រុម Women’s March on Washington ក្រុមប្រឆាំងនឹងលោក Trump និងក្រុម Answer Coalition ប៉ុណ្ណោះបានទទួលការអនុញ្ញាត។
ក្រុមផ្សេងទៀតដែលមិនមានគម្រោងសុំការអនុញ្ញាត ដែលរួមមានក្រុមប្រឆាំងនឹងគោលនយោបាយគ្រឿងញឿនសហព័ន្ធនោះ ក៏នឹងចូលរួមផងដែរ។
ការត្រៀមខ្លួនរបស់មន្ត្រី
ខណៈដែលវាមិនអាចកំណត់ឱ្យបានពិតប្រាកដ ថាតើនឹងមានមនុស្សប៉ុន្មាននាក់នឹងចូលរួមនៅក្នុងថ្ងៃស្បថចូលកាន់តំណែងចុងសប្តាហ៍នោះ មន្ត្រីអនុវត្តច្បាប់សហព័ន្ធ និងទីក្រុង កំពុងតែត្រូវបានរៀបចំឡើងដើម្បីមកជួបជុំគ្នា។ នាយកដ្ឋានប៉ូលិសក្រុងវ៉ាស៊ីតោនឌីស៊ី ប៉ូលិសប្រចាំសេតវិមាន ក្រុម FBI និងភា្នក់ងារសំខាន់មានគម្រោងរួមគ្នានៅក្នុងថ្ងៃស្បថចូលកាន់តំណែងហើយពួកគេមានគម្រោងនឹងដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើង។
លោក Paul Abbate ជំនួយការប្រធាន FBI ប្រចាំរដ្ឋវ៉ាស៊ីនតោនបានមានប្រសាសន៍ថា វាទំនងជាមានការយកចិត្តទុកដាក់បន្ថែមទៀតទៅលើចំណុចនេះ ដោយសារតែមានការចាប់អារម្មណ៍ទៅលើបាតុកម្ម និងនយោបាយ។ ប៉ុន្តែ នេះមិនមែនជារឿងរបស់ពួកយើងទេ យើងមិនមានការបារម្ភចំពោះបញ្ហានេះ។ យើងគ្រាន់តែធ្វើការរបស់យើង គឺរក្សាសន្តិសុខ សុវត្ថិភាព និងការពារប្រជាជនតែប៉ុណ្ណោះ។
អ្នកតំណាងរបស់ FBI និងភា្នក់ងារសំងាត់ ក៏បានលើកយកពីគម្រោងរបស់ពួកគេ ដែលរួមមានគំាទ្រដ៏ខ្លាំងចំពោះសិទ្ធិរបស់អ្នកចូលរួមប្រឆាំងផងដែរ។
លោក Abbate បានបន្ថែមទៀតថា យើងនឹងស្វែងរកអ្នក ដែលចូលរួម ហើយបង្កឧក្រិដ្ឋកម្ម គំរាមកំហែង ប៉ះពាល់ដល់មនុស្សផ្សេង បង្កហិង្សា និងធ្វើអ្វីដែលខុសច្បាប់។ យើងនឹងទប់ស្កាត់ពួកគេពីបញ្ហាទាំងអស់នោះ។ ប៉ុន្តែគាំទ្រទាំងស្រុងចំពោះការប្រឆាំងតវ៉ាប្រកបដោយសន្តិភាព និងសិទ្ធិនៃការបញ្ចេញមតិរបស់ពួកគេ។
កាសែត Washington Post បានបញ្ជាក់ថា ជាមួយនឹងប៉ូលិសប្រចាំក្រុងវ៉ាស៊ីនតោនឌីស៊ីនោះ ក្រុងនេះនឹងបញ្ជូនមន្ត្រីអនុវត្តច្បាប់ចំនួន ៣.០០០នាក់បន្ថែមទៀត ដើម្បីល្បាតផ្លូវ។ ជាងនេះទៅទៀត មានកងអង្គរក្សជាតិ ៥.០០០នាក់ នឹងឈរជើងនៅក្នុងក្រុងដោយគ្មានអាវុធ ហើយពិនិត្យមើលទៅលើផ្លូវទាំងនោះ។

លោក Jeh Jonhson រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា យើងក៏មានគម្រោងដាក់ឧបករណ៍សាងសង់ធន់ធ្ងន់ដើម្បីរារាំងការវាយប្រហារដោយរថយន្ត ដូចដែលបានកើតមានឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំងផងដែរ៕

ប្រភព : KFDI ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧


ពិវិធីផ្ទេរតំណែង ប្រធានគណៈមេធាវី

(ភ្នំពេញ​)៖​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ កន្លងទៅ​ ​នៅ​សណ្ឋាគារ​សូហ្វីតែល​ ភូគី​ត្រាបាន​ចាប់ផ្ដើមកម្មវិធី​ផ្ទេរ​តំណែង​ ប្រធានគណៈមេធាវីពី លោក​ ប៊ុន​ ហុន​ ជូន​លោក​ សួន​ វិសាល​ ​ ។ លោក​ សួន​ វិសាល បានក្លាយជាប្រធានគណៈមេធាវីអាណត្តិទី១១ ជាផ្លូវការ។
កម្មវិធីនេះត្រូវបានធ្វើឡើង ក្រោម​អធិបតីភាព​ លោក​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៊ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ជា​តំណាង​​លោក​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ។​

ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ចែក​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ ដល់​សិស្ស​មេធាវី​ជំនាន់​ទី​១៣​ និង​ទី​១៤​ និង​ ចែក​វិញ្ញាបនបត្រ​វិក្រឹត្យការ​វិជ្ជាជីវៈ​មេធាវី​សម្រាប់​មេធាវី​ចូល​តាម​មាត្រា​៣២​ ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​ ៕