Friday, September 29, 2023

ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម ត្រូវបាន Guinness World Records ទទួលស្គាល់ជាផ្លូវការថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាព នៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។

យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន!

ប្រភព៖ ក្រសួងកសិកម្ម




តើអគ្គនាយកដ្ឋានពន្ធដារមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ និងដំឡើងពន្ធព្រលានយន្តហោះចំពោះអ្នកដំណើរនិងភ្ញៀវទេសចរណ៍ដែរឬទេ?


តាមរយៈសេចក្តីបំភ្លឺចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តបទៅនឹងព័ត៌មានដែលបានផ្សព្វផ្សាយបំភ្លើសទាំងពីរករណីនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបកស្រាយ ពន្យល់ ជូនសាធារណមតិថា៖

ទី១- ការលើកឡើងថាមានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ គឺមិនត្រឹមត្រូវនោះទេ និងបានបញ្ជាក់យ៉ាងច្បាស់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន គឺពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះឡើយ។ និងទី២- តបទៅនឹងការលើកឡើងថា មានការប្រមូលពន្ធឬដំឡើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរណ៍ ត្រូវបានអគ្គនាយកដ្ឋានពន្ធដា បញ្ជាក់ថា ករណីនេះគឺជាការលើកឡើងពុំឆ្លុះបញ្ចាំងពីការពិតនោះឡើយ ពីព្រោះ ច្បាប់ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះដែរ និងថា នេះអាចជាការលើកឡើងសំដៅដល់ការស្នើដំឡើងកម្រៃសេវាកម្មអ្នកដំណើររបស់ក្រុមហ៊ុនឯកជនដែលអភិវឌ្ឍនិងគ្រប់គ្រងអាកាសយានដ្ឋានតែប៉ុណ្ណោះ ដែលមិនមែនជាគោលការណ៍ណាមួយដាក់ចេញដោយអគ្គនាយកដ្ឋានពន្ធដារឡើយ។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអំពាវនាវដល់សាធារណជនទូទៅផងដែរ សូមចៀសវាងនូវការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាំងឡាយណាដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ក្នុងចេតនាបំភាន់ និងមួលបង្កាច់រាជរដ្ឋាភិបាល ឬធ្វើឱ្យមានការភាន់ច្រឡំណាមួយដល់សាធារណជន។

តើការលើកឡើងថា «រដ្ឋគិតតែយកពន្ធ ខណៈដែលប្រទេសផ្សេងកាត់បន្ថយពន្ធ ឬដាក់ចេញវិធានការលើកទឹកចិត្ត» ជាការពិតដែរឬទេ?


ឆ្លើយតបនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបំភ្លឺថា អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺទន្ទឹមនឹងការប្រមូលចំណូល ដើម្បីការអភិវឌ្ឍសង្គមជាតិ ធានាតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព រាជរដ្ឋាភិបាលកម្ពុជា គឺបានគិតគូរខ្ពស់ពីការសម្រួលបរិយាកាសវិនិយោគ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើន ជាបន្តបន្ទាប់ និងស្ទើរគ្រប់វិស័យ។ ក្នុងនោះ ការដាក់ចេញនូវវិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទូទៅ គឺរួមមាន៖


1/ ការលុបចោលរបបពន្ធម៉ៅការ និងអាករលើផលរបរ ដើម្បីបញ្ចប់នូវបញ្ហាស្មុគស្មាញរបស់ប្រជាពលរដ្ឋ ដែលប្រកបអាជីវកម្មតូចតាច គ្រាន់តែដើម្បីចិញ្ចឹមជីវិត និងជាការលុបបំបាត់កន្លែងលាក់ខ្លួនរបស់អ្នកជាប់ពន្ធ ដែលត្រូវបញ្ចូលក្នុងរបបស្វ័យប្រកាស។
2/ កំណត់បន្ថែមការផ្តត់ផ្គង់មួយចំនួន ជាការផ្គត់ផ្គង់មិនជាប់អាករលើតម្លៃបន្ថែម រួមមាន សេវាសិក្សាអប់រំ, ថាមពលអគ្គសនី និងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់, ផលិតផលកសិកម្មមិនទាន់កែច្នៃ និងសេវាប្រមូលសំរាម យន្តការនេះមានគោលបំណងដើម្បីលើកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
3/ ការសម្រួលកម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ ដើម្បីជាការលើកទឹកចិត្តសហគ្រាសតូចៗ ក្នុងការប្រកបអាជីវកម្ម។
4/ ការលុបចោលពន្ធសត្តឃាត ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយលើសាច់សត្វ ដែលជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិត ក៏ដូចជាជួយសម្រាលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។
5/ ការដាក់ចេញនូវវិធានការគណនេយ្យសាមញ្ញ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធតូច ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មតូចៗ ឬអាជីវកម្មដែលមានលក្ខណៈគ្រួសារ។
6/ ការកាត់បន្ថយជាច្រើនលើក នូវមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស តាមរយៈការតំឡើងជាបន្តបន្តបន្ទាប់នូវកម្រិតអប្បបរមានៃប្រាក់បៀវត្សត្រូវជាប់ពន្ធ និងភាគនៃប្រាក់ចំណូលដែលត្រូវជាប់ពន្ធលើប្រាក់ចំណូល ដើម្បីធានាថាមន្ត្រីរាជការសាធារណៈ និងកម្មករ-និយោជិត ដែលទទួលបានប្រាក់បៀវត្សឬប្រាក់ឈ្នួលអប្បបរមាមិនត្រូវជាប់ពន្ធលើប្រាក់បៀវត្សឡើយ។
7/ ការលុបការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូនចំពោះយាន្តយន្តមួយចំនួន ដូចជា ទោចក្រយាន្តយន្ត, ត្រីចក្រយានយន្ត, ជលយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែលមួយចំនួន ដើម្បីសម្រាបលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋទូទៅ។
8/ ការអនុគ្រោះពន្ធប្រថាប់ត្រាចំពោះការទទួលកម្មសិទ្ធិឬសិទ្ធិកាន់កាប់អលចនទ្រព្យក្នុងរង្វង់ញាតិ
9/ ការលុបចោលពន្ធប្រថាប់ត្រាលើលិខិតគតិយុត្តស្តីពីការបង្កើតក្រុមហ៊ុន
10/ ការកែសម្រួលពន្ធតែមប្រិ៍ ដោយលើកលែងការអនុវត្តចំពោះលិខិតគតិយុត្តមួយចំនួន ដូចជា លិខិតស្នើសុំពាក់ព័ន្ធនឹងវិស័យអប់រំ, ស្នើសុំចូលបម្រើការងារ, សំបុត្រអត្រានុកូលដ្ឋាន។ល។ និង
11/ ការកែសម្រួលអត្រាការប្រាក់ប្រចាំខែ ចំពោះពិន័យពិការកំណត់ពន្ធឡើងវិញ និងការបង់ពន្ធយឺតយ៉ាវនៃប្រាក់ពន្ធដែលបង់ខ្វះ ដើម្បីសម្រួលអត្រាការប្រាក់ តាមស្ថានភាពទីផ្សារជាក់ស្តែង, បន្ធូរបន្ថយបន្ទុករបស់វិស័យឯកជន និងសម្រួលកិច្ចពាណិជ្ជកម្ម៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី អញ្ជើញជាអធិបតីភាព ក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ពេជ្រ ច័ន្ទមុនី ព្រមទាំងមានការចូលរួមដឹកនាំជាច្រើនទៀត នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

រមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូល ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់ប្រទេសកម្ពុជា ទទួលបានកិត្តិនាមកាន់តែល្បីសុះសាយពេញពិភពលោក។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជនរួមជាតិកម្ពុជាគ្រប់រូប រួមគ្នារៀបចំការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ គ្រប់ទីប្រជុំជន សហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនេះ។

អនុវត្តតាមការអំពាវនាវរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ឆ្លៀតឱកាសនៃពិធីដាំដើមឈើ អបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៃភូមិភាគអាស៊ីអាគ្នេយ៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយឥស្សរជនថ្នាក់ដឹកនាំតាមក្រសួង អគ្គលេខាធិការអាស៊ាន ប្រធានប្រតិភូសហព័ន្ធអន្ដរជាតិ ប្រធានប្រតិភូអាយ.ស៊ី.អរ.ស៊ី និងថ្នាក់ដឹកនាំ-យុវជនសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១, ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច ប្រជាពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ សរុបជាង ៧០០អង្គ/នាក់ ប្រារព្ធពិធីទូងស្គរអបអរសាទរនេះ យ៉ាងអធិកអធមគគ្រឹកគគ្រេង ព្រមទាំងបានរួមគ្នាច្រៀងនូវបទ «ពង្សាវតាខ្មែរ» យ៉ាងស្រុះគ្នាផងដែរ។

សូមជម្រាបដែរថា មកដល់ពេលនេះ ប្រទេសកម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន ៤ហើយ ក្នុងនោះរួមមាន៖

១៖ តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ ៤០,០០០ហិកតា

២៖ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ ២,៦៤៣ហិកតា

៣៖ តំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ ៣៩,០០០ហិកតា

៤៖ រមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ ដែលមានទំហំ ៤០០ហិកតា៕