Monday, December 07, 2015

គណៈប្រតិភូបរទេសបានអញ្ជើញមកដល់កម្ពុជាបណ្តើរៗហើយដើម្បី ចូលរួមមហាសន្និបាតសភាតំបន់អាស៊ី

មហាសន្និបាត​សភាតំបន់អាស៊ីលើកទី៨ ​ដែលសភានៃព្រះ​រាជាណាចក្រកម្ពុជា ​ទទួលធ្វើជាម្ចាស់ផ្ទះ ​ចាប់ពីថ្ងៃទី៧ ​ដល់ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៥​ ។ ​មកដល់ថ្ងៃទី៧​ ធ្នូ ​នេះ​ គណៈប្រតិភូ ​ដែលជាថ្នាក់ដឹកនាំ​ព្រឹទ្ធសភា ​រដ្ឋសភា​ បណ្តាប្រទេស​សមាជិកសភា​តំបន់អាស៊ី​ដែលគ្រោង ​នឹងចូលរួម​មហាសន្និបាតនេះ  ​បានអញ្ជើញមក​ដល់ព្រះរាជា​ណាចក្រកម្ពុជា ​ជាបណ្តើរៗហើយ ​។ ​ក្រៅពីសមាជិកពេញសិទ្ធិ របស់អេភីអេ​ គណៈប្រតិភូ​បណ្តាប្រទេស​ជាអ្នកសង្កេតការណ៍ ​និង​អង្គការដៃគូ ​របស់អេភីអេ​ជាច្រើនទៀត ​នឹងអញ្ជើញ​មកចូលរួម ​មហាសន្និបាតអេភីអេ ​ដែលសភាកម្ពុជា​ ធ្វើជាម្ចាស់ផ្ទះ​ពេលនេះដែរ។
ចាប់ពីថ្ងៃទី៥​ ធ្នូមក ​គណៈប្រតិភូ​បរទេស បានអញ្ជើញ​មកដល់ ព្រះរាជា​ណាចក្រកម្ពុជា។  ​គណៈប្រតិភូ ​នៃអគ្គលេខា​ធិការ​ដ្ឋានអេភីអេ ​ដែលមាន​ការិយាល័យនៅ​ប្រទេសអ៊ីរ៉ង់ បានអញ្ជើញ​មកដល់ព្រះរាជាណាកម្ពុជា​ តំាងពីថ្ងៃទី ​៥ធ្នូមកម្ល៉េះ ​ដើម្បីត្រួតពិនិត្យ​ និងរៀបចំការងារ ​ជាមួយ​លេខាធិការដ្ឋាន​សភាកម្ពុជា​អេភីអេ។ ​នៅថ្ងៃនេះ ​និងរហូតដល់ថ្ងៃទី៨ ធ្នូ  គណៈ​ប្រតិភូបរទេស​នឹងអញ្ជើញមក​ដល់កម្ពុជា​ជាបន្តបន្ទាប់។
ពិធីបើកមហា​សន្និបាតសភា​តំបន់អាស៊ី​ ជាផ្លូវការនឹង​ប្រារព្ធធ្វើ​ នាព្រឹកថ្ងៃទី៩​ ធ្នូ ចាប់ពីម៉ោង​ ៨ព្រឹកទៅ ​ដោយមាន​សុន្ទរកថា​ស្វាគមន៍ បើកកម្មវិធី ​ពីឥស្សរជនកំពូលៗ ​ជាតិអន្តរជាតិ​ ជាច្រើន​៕




ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានចាត់ទុក លោក សម រង្ស៊ី ថាជាអ្នកនយោបាយ គ្មានសីលធម៌ ប្រើសម្តីមិនថ្លៃថ្នូរ

ឯកឧត្តមហោ​ ណាំហុង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​អន្តរជាតិ​ បានហៅលោក ​សម រង្ស៊ី​ ប្រធានគណ​បក្សសង្រ្គោះ​ជាតិថាជា​ អ្នកនយោបាយ​ ដែលគ្មាន​សីលធម៌​ និងប្រើ​សម្តីមិនថ្លៃថ្នូរ។​ ការហៅដូចនេះ​ ឆ្លើយតប​ទៅនឹងសម្តី​លោក សម រង្ស៊ី​ ដែលបាន​ចោទប្រកាន់​រូបលោកថា​ ជាមេគុកបឹង​ត្របែក​ ធ្វើបាប និងចូលរួម​សម្លាប់ពលរដ្ឋខ្មែរ​ក្នុងរបប​ខ្មែរក្រហម​។

ថ្លែងប្រាប់​ក្រុមអ្នកព័ត៌មាន​ ក្រោយជួប​សំណេះ​សំណាលជា​មួយឯកអគ្គរដ្ឋទូត​អាមេរិកថ្មីប្រចាំ​ នៅកម្ពុជា​ លោក William Heid នាព្រឹក​ថ្ងៃទី០៧ ​ខែធ្នូ ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ ហោ ណាំហុង​ បានឲ្យដឹងថា ​«  រូបលោកធ្លាប់​បានទុកឱកាស​ និងបើកទ្វារ​ចំហឲ្យលោក​ សម រង្ស៊ី​ រួចផុតពីការ​ផ្តន្ទាទោស​ តែឱកាស​ត្រូវបានកន្លង​ផុតទៅហើយ ​» ។ កន្លងផុតដោយ​សារមេបក្ស​ប្រឆាំងរូបនេះ​ មិនត្រឹមតែ​មិនទទួលស្គាល់​នូវអ្វីជាកំហុស​របស់ខ្លួននោះទេ​ ថែមទាំងផ្គើន​លើសដើម​ ដោយបានទាមទារ​ឲ្យឧបនាយក​រដ្ឋមន្រ្តី ហោ​ ណាំហុង សុំទោស​ក្រុមគ្រួសារ​ពលរដ្ឋខ្មែ​រ ដែលស្លាប់​ក្នុងរបបខ្មែរ​ក្រហមថែមទៀត។​ នេះហើយជាសម្តី​ ដែលត្រូវបាន​ឯកឧត្តម ហោ​ ណាំហុង ចាត់​ទុកថា សម រង្ស៊ី​ ជាអ្នកនយោបាយ​គ្មានសីលធម៌​ ប្រើសម្តីមិនថ្លៃថ្នូរ​ ពីព្រោះតែឯក​ឧត្តម ហោ ​ណាំហុង​ បានឈ្នះក្តី​ ហើយជានិច្ចកាល​ឯកឧត្តម ហោ​ ណាំហុង តែង​តែលើកឡើងថា​ រូបគាត់ជាជនរង​គ្រោះក្នុងរបបនោះ​ ហើយសាច់​ញាតិរបស់គាត់​ក៏ត្រូវបានគេ​សម្លាប់អស់​ជាច្រើននាក់​ផងដែរ។​

ឯកឧត្តម ​ហោ ណាំហុង ​បានហៅសម្តី​លោក សម រង្ស៊ី​ ថាជាពាក្យ​សម្តីព្រហើន​ កោងកាច ដែលបង្ខំ​ឲ្យរូបលោក​សុំសាលាឧទ្ធរណ៍​ អនុវត្តន៍ដីការ​លើបណ្តឹងលោក​ សម រង្ស៊ី។

ឧប​នាយករដ្ឋមន្រ្តី​ បានបញ្ជាក់យ៉ាងដូច្នេះ​ «ខ្ញុំមិននឹក​ស្មានអ្នកនយោបាយ​ បញ្ញវន្តមួយ​ អត់សីលធម៌​ខាងស្មារតី​ ប្រើពាក្យសម្តី​មិនថ្លៃថ្នូរ​យ៉ាងនេះទេ​»

ឧបនាយក​រដ្ឋមន្ត្រី ហោ​ ណាំហុង​ បានលើកឡើងថា​ សម្តីការបរិហា​រកេរ្តិ៍របស់លោក ​សម រង្ស៊ី​ កាលបីឆ្នាំ២០០៨​ គឺ ជារឿងតូចទេ​ ដោយគ្រាន់តែ​ពិន័យអាចបញ្ចប់រឿង​ ប៉ុន្តែការញុះញង់​ឲ្យមានការរើសអើង​ នៅមុខមនុស្សរាប់រយនាក់​ គឺជារឿងធ្ងន់​ធ្ងរមិនអាចអត់​ឱនបាននោះឡើយ​។
កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី ដោយអនុវត្តទៅតាមសាលក្រម និង សាលដីកា របស់តុលាការពាក់ព័ន្ធបទ
 «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ ឲ្យមានការរើសអើង»  លើឯកឧត្តមឧបនាយករដ្ឋមន្រ្តី
ហោ ណាំហុង ដែលបានធ្វើឡើងនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។

ឯកឧត្តម ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងសម្តីចោទប្រកាន់ថា រូបលោកជាប្រធានជំរុំបឹងត្របែក និងបានចូលរួម ធ្វើបាបប្រជាពលរដ្ឋខ្មែរនៅក្នុងសម័យខ្មែររក្រហម។

ឯកឧត្តម ហោ ណាំហុង បានហៅការចោទប្រកាន់របស់លោក សម រង្ស៊ី នេះ ធ្វើឲ្យរូបលោកឈឺចាប់យ៉ាងខ្លាំង ត្បិតរូបបងប្អូន និងសាច់ញាតិរបស់លោក ជាង៣០នាក់ ត្រូវបានរបបខ្មែរក្រហមសម្លាប់ផងដែរ៕

តើ អ្វីទៅ ជាសភាតំបន់អាស៊ី APA?

សភានៃព្រះរាជា​ណាចក្រកម្ពុជា​ នឹងរៀបចំទទួល​ធ្វើជាម្ចាស់ផ្ទះ​ សភាតំបន់អាស៊ី ​(អេភីអេ) លើកទី៨​ នាសប្តាហ៍ក្រោយនេះ។​ តើអ្វីទៅ​ជាសភាតំបន់​អាស៊ីនេះ​?
សភាតំបន់អាស៊ី​ ដែលហៅកាត់ថា​ APA មានឈ្មោះ​ពេញថា “Asian Parliamentary Assembly”  ត្រូវបាន​បង្កើតឡើង​នៅក្នុងឆ្នាំ២០០៦​ ដោយបាន​ប្តូរមកពី​ សមាគមសភាអាស៊ី​ ដើម្បីសន្តិភាព​ ហៅកាត់ថា​ AAPP សភា​ប្រទេសកម្ពុជា​ ជាសមាជិក​ស្ថាបនិកAAPP​ ដែលបានប្រសូត្រ ​ឡើងនៅឆ្នាំ១៩៩៩។​ AAPP ជា​ស្ថាប័នមួយ​ ដែលបាន​ប្រមូលផ្តុំសំឡេង ​អ្នកតំណាង​ប្រជាពលរដ្ឋ​ នៅក្នុងតំបន់អាស៊ី​ ឲ្យរួបរួមគ្នា​ជាធ្លុងតែមួយ​ ក្នុងគោលដៅ​ស្វែងរកសុខសន្តិភាព​ និងការផ្សះផ្សា​ ប្រជាជាតិ​ទំាងឡាយ​នៅក្នុងតំបន់​អាស៊ីនេះ​ ឲ្យក្លាយជា​មហាគ្រួសារតែមួយ​ ទទួលបាន​សុខសន្តិភាព​ និងការអភិវឌ្ឍ​ស្មើៗគ្នាដោយ​ចីរភាព។​ បន្តបេសកកម្មពី​សមាគមសភា​អាស៊ីដើម្បីសន្តិភាព​(AAPP), សភាតំបន់​អាស៊ី(APA)​ បានពង្រីក​ទំាងទំហំ​ និងភារកិច្ច​របស់ខ្លួនជាលំដាប់​ ដែលរហូតដល់​ពេលនេះ សភា​តំបន់អាស៊ី​ មានសមា​ជិក​ចំនួន៤២ប្រទេស​ មានអ្នកសង្កេតការណ៍​ចំនួន១៦ប្រទេស​ និងអង្គការជា​ដៃគូចំនួន១០​។
ឈរលើគោល​បំណងនៃការ​ជំរុញនូវសុខ​សន្តិភាព ​និងសមាហរណកម្ម​សម្រាប់ប្រជាជាតិ​នៅក្នុង តំបន់​អាស៊ីAPA ​បានកំណត់​ឲ្យមានជំនួបកំពូល​ជាមហាសន្និបាត​នៃថ្នាក់ដឹកនាំ​សភានៃបណ្តា​ប្រទេស ដែល​ជាសមាជិក​ និងកិច្ចប្រជុំ ​  គណៈកម្មាធិការនានា​ ជាទៀងទាត់​ប្រចំាឆ្នំា​ ដើម្បីប្រមូល​នូវឆន្ទះរួម ដំណោះ​ស្រាយរួម​ យុទ្ធសាស្រ្តរួម​ ដាក់ជូនដល់​អ្នកអនុវត្តច្បាប់​ គឺរដ្ឋាភិបាល​នៃប្រទេសនីមួយៗ​ នៃរដ្ឋជា​សមាជិកAPA ​ដើម្បីធានាឲ្យ​បាននូវសុខសន្តិភាព​សម្រាប់ប្រជាពលរដ្ឋ​នៅក្នុងតំបន់​ ក៏ដូចជាពិភពលោក​។
ក្នុងរយៈពេល​១៦ឆ្នាំ ដែល​កម្ពុជាបានចូល​រួមជាស្ថាបនិក​ សមាគមសភា​អាស៊ីដើម្បី​សន្តិភាពមក សភា​កម្ពុជាធ្លាប់​បានទទួលធ្វើជា​ម្ចាស់ផ្ទះរៀបចំកិច្ច​ប្រជុំសភាតំបន់អាស៊ី​ បានជាច្រើន​លើកមកហើយ ក្នុងនោះ​បានទទួលធ្វើជា​ម្ចាស់ផ្ទះមហាសន្និបាត​លើកទី២ ​របស់សមាគមសភា​អាស៊ីដើម្បី​សន្តិភាព នៅ​ក្នុងឆ្នាំ២០០១​ ដើម្បីជំរុញ​ដំណើរការសមា​ហរណកម្មសភា​តំបន់អាស៊ី​ និងកិច្ចប្រជុំអនុ ​គណៈកម្មាធិការស្តីពី​ ការកាត់បន្ថយភាព​ក្រីក្រក្នុងតំបន់អាស៊ី​ នៅឆ្នាំ២០០៩​។
រហូតមក​ដល់ពេលនេះ​ សភាតំបន់អាស៊ី​បានរៀបចំមហា​សន្និបាតចំនួន៧លើក​ ព្រមទំាងរៀបចំ កិច្ច​ប្រជុំគណៈកម្មការជា​ច្រើនលើក។​ ក្រៅពីព្រះរាជា​ណាចក្រកម្ពុជា ​ប្រទេសជាសមាជិក​ផ្សេងទៀត រួមមាន​សាធារណរដ្ឋអ៊ី​ស្លាមអ៊ឺរ៉ង​ ឥណ្ឌូនេស៊ី​ ស៊ីរី និងប្រទេស​ប៉ាគីស្ថានសុទ្ធតែ​ធ្លាប់បាន ​ទទួលរៀបចំមហា​សន្និបាតប្រចំា​ឆ្នាំរបស់ APA​ ។
ប្រធានបទ​សំខាន់ៗ​ ត្រូវបានលើកយកម​កពិភាក្សានៅក្នុង​ជំនួបប្រចំាឆ្នាំ​ទំាងនោះ។ ​“សាមគ្គីភាព ក្នុង​តំបន់អាស៊ីដើម្បី​សន្តិភាព​ និងយុត្តិធម៌”​ ជាប្រធានបទ​នៃមហាសន្និបាត​លើកទី១​ របស់អេភីអ  ដែល​បានប្រារព្ធធ្វើ​នៅប្រទេសអ៊ីរ៉ង់​ ក្នុងឆ្នាំ២០០៦។​ “តួនាទីសភា​តំបន់អាស៊ី​ ក្នុងការពង្រឹង​លទ្ធិ ប្រជាធិបតេយ្យ​ ឆ្ពោះទៅរក​វិបុលភាព​ សន្តិភាព​ និងយុត្តិធម៌ ​នៅក្នុងតំបន់ “​ជាប្រធានបទ​ នៃមហាសន្និបាតលើកទី៤​ ដែលប្រទេស​ឥណ្ឌូនេស៊ី​ ជាម្ចាស់ផ្ទះ​ នៅឆ្នាំ២០០៩។​ ចំណែក​ នៅឆ្នាំ២០១៤ កន្លងទៅនេះ​ មហាសន្និបាត​លើកទី៧​ របស់ APA​ ដែលប្រទេស​ប៉ាគីស្ថានទទួល ​ធ្វើជាម្ចាស់ផ្ទះ បាន​ពិភាក្សាលើ​ប្រធានបទ​ ”កិច្ចស្វះស្វែង​រួមគ្នាដើម្បី​សម្រេចបាន​នូវសភាអាស៊ី​ ក្នុងសតវត្សអាស៊ី”។​ ជាមួយគ្នានេះដែរ​ សមាជិកសភា​ដែលជាសមាជិក​APA បានឯកភាពគ្នា​ ធ្វើការសិក្សា​ដើម្បីរកមធ្យោបាយ​មួយ ធ្វើជាផែន​ទីបង្ហាញផ្លូវ​ក្នុងការប្រែក្លាយពី​ APA ទៅជា ​AP(សភាអាស៊ី) ​នៅពេលអនាគត​។
ចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១២​ ខែធ្នូ នេះ ​សភានៃព្រះរាជា​ណាចក្រកម្ពុជា ​នឹងទទួលធ្វើ​ជាម្ចាស់ផ្ទះ សភា​តំបន់អាស៊ី​ លើកទី៨​ នៅសណ្ឋាគារ​សុខាភ្នំពេញ​ និងរ៉េស៊ីដង់​ ដោយមានប្រធាន​ ឬថ្នាក់ដឹកនាំជាន់ខ្ពស់​ រដ្ឋសភា ព្រឹទ្ធសភា​ បណ្តាប្រទេស​ជាសមាជិក​អេភីអេ​ យ៉ាងតិចំនួន២៣​ ប្រទេសចូលរួម ជាមួយ​នឹងវត្តមានគណៈ​ប្រតិភូបណ្តា​ប្រទេសជាអ្នក​សង្កេតការណ៍​ អង្គការដៃគូ​ របស់អេភីអេ ​ជាច្រើនទៀ​ត។
ហេតុអ្វីបាន​ជាមហាសន្និបាត​លើកទី៨ ​ជ្រើសរើសប្រធាន​បទ
“ការជំរុញ​​សន្តិភាព​ ការផ្សះផ្សា​ និងការសន្ទនា​ក្នុងតំបន់អាស៊ី”?​
 “ការជំរុញសន្តិភាព​ ការផ្សះផ្សា​ និងការសន្ទនា​ក្នុងតំបន់អាស៊ី” ​អាចថាជាប្រធា​នបទមួយ​ មានលក្ខណៈសមស្រប​ទៅនឹងភាពជាក់​ស្តែងរបស់តំបន់​និងពិភពលោក។​ ប៉ុន្តែវាក៏មិនមែន​ជាការចៃដន្យពេក​នោះទេ ដែល​ប្រធានបទនេះ​ ត្រូវលើកយកមក​ជជែកលើទឹកដី ​នៃព្រះរាជាណាចក្រកម្ពុជា​។ យើងជឿជាក់ថា​ រាល់ទំនាស់​សុទ្ធតែអាច​ដោះស្រាយបានតាមកិច្ច​ សន្ទនាគ្នា​ ប្រសិនបើរាល់​គ្នាប្តេជ្ញាចិត្ត​ បែរខ្នងដាក់​ការប្រើអំពើហឹង្សា​ ហើយវិលមករកការ​ ដោះស្រាយតាម​កិច្ចសន្ទនាវិញ​។
វប្បធម៌សន្ទនា​ ជាកេរដំណែល​ ដែលបន្សល់ពី​អតីតព្រះមហាវីរក្សត្រ​ សម្តេចព្រះ​នរោត្តមសីហនុ ព្រះ​បរមរតនកោដ្ឋ ​ដែលព្រះអង្គ​បានប្រើប្រាស់​ ការសន្ទនាជាមួយ​ សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន ដើម្បីផ្សះផ្សា​ បញ្ចប់ជម្លោះ​ខ្មែរគ្រប់ភាគី​ រហូតបង្កើតបាន​នូវកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស​ ឆ្នាំ១៩៩១។​
នៅក្នុងការដឹកនាំ​ប្រទេសតាម​គោលការណ៍លិទ្ធិ​ប្រជាធិតេយ្យ​សេរីពហុបក្ស​ វប្បធម៌សន្ទនា បាន​បន្តអនុវត្តនៅ ​ កម្ពុជា រហូតមកដល់​ពេលបច្ចុប្បន្ន​។ ពិសេសនៅក្នុ​ងនីតិកាលទី៥​ នៃរដ្ឋសភានេះ​ វប្បធម៌សន្ទនា​ត្រូវបានពង្រឹង​ និងអនុវត្ត ​រវាងគណបក្ស ​ដែលមានអាសនៈក្នុង​រដ្ឋសភា ដើម្បីដោះ​ស្រាយបញ្ហា​ជាតិសំខាន់ៗ​។
បទពិសោធន៍​ជាក់ស្តែងដ៏ល្អ​ ពីការអនុវត្ត​វប្បធម៌សន្ទនានេះ ​គេរំពឹងថាកម្ពុជា​នឹងចែករំលែក ​ដល់បណ្តាប្រ​ទេ​សជាមិត្តទំាងឡាយ​ នៅក្នុងមហា​សន្និបាតលើកទី៨​ នៃសភាតំបន់​អាស៊ីនេះ៕​

ចំណាំ
រូបថតដែល​យើងខ្ញុំភ្ជាប់មកជួយនេះ​ មួយ រូបស​ញ្ញាឡូហ្គោ​ អេភីអេ​ ដែលសភាកម្ពុជា​ធ្វើម្ចាស់ផ្ទះ និង​មួយទៀត​ ជាកិច្ចប្រជុំគណៈ​កម្មការរៀប​ចំមហាសន្និបាត​អេភីអេ ​នាពេលកន្លងមក​ ក្រោមអធិបតីភាព ​ឯកឧត្តមបណ្ឌិត​ ងួន ញ៉ិល​ អនុប្រធានទី២​រដ្ឋសភា​ និងជាប្រធាន​គណៈកម្មការ​ រៀបចំមហា​សន្និបាតអេភីអេ​ ។


អង្គប្រជុំព្រឹទ្ធសភា សម្រេចឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ថវិកាឆ្នាំ២០១៦

យោងតាមសេច​ក្តីប្រកាសព័ត៌មាន​ របស់អគ្គ​លេខាធិការ​ដ្ឋានព្រឹទ្ធសភា ​ស្តីពីលទ្ធផល​ នៃសម័យប្រជុំ​វិសាមញ្ញព្រឹទ្ធសភា​ នីតិកាលទី៣​ នៅថ្ងៃទី ០៧​ ខែធ្នូ ឆ្នាំ២០១៥នេះ​ បានឲ្យដឹងថា​ អង្គប្រជុំព្រឹទ្ធ​សភាបានពិនិត្យ​ និងឲ្យយោបល់​ឯកភាពទាំងស្រុង​ លើសេចក្តី​ព្រាងច្បាប់ ​ស្តីពីហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៦​ ក្នុង៤៦សំឡែង​ នៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល​ ក្រោមអធីបតី​ភាពសម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ​ ប្រធានព្រឹទ្ធសភា​។
សេចក្តី​ព្រាងច្បាប់​ ស្តីពីហិរញ្ញវត្ថុ​ សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៦​ រួមមាន០៥ជំពូក​ ចែកជា​ ១៦មាត្រា។​ សេចក្តីព្រាង​ច្បាប់នេះ​ ត្រូវបានរៀបចំ​ឡើងនៅក្នុង​បរិការណ៍​ ដែលព្រះរាជា​ណាចក្រ ​កម្ពុជា ​ស្ថិតនៅក្នុងសន្តិភាព​ ឯកភាពទឹកដី​ ឯកភាពជាតិ​ ស្ថិរភាព​នយោបាយ​ និងស្ថិរភាព​ម៉ាក្រូ សេដ្ឋកិច្ច​ ដោយធានា​បាននូវកំណើន​សេដ្ឋកិច្ច៧%។​ សេចក្តីព្រាងច្បាប់​ថវិកាឆ្នាំ២០១៦នេះ​ ត្រូវបានរៀប​ចំឡើងក្នុង​ឆ្នាំដែលឋិត​នៅពាក់កណ្តាល​អាណត្តិនៃរាជ​រដ្ឋាភិបាល​ ដែលដើរ​តួនាទី យ៉ាងខ្លាំង​ ដើម្បីសម្រេច​បានតាមការប្តេជ្ញា​ និងការសន្យា​កន្លងមក​ ដោយបង្ហាញ​ពីលទ្ធផល ដែលបាន​សម្រេចបាន។​ ម៉្យាងវិញទៀត​ជាឆ្នាំដែលកម្ពុជា​ ឆ្លងផុតពីប្រទេស​ដែលមាន​ចំណូល កម្រិតទាប​ ទៅជាប្រទេស​ដែលមានចំណូល​មធ្យមកម្រិតទាប​ នាំឲ្យការកាត់​បន្ថយភាព​ក្រីក្រ នៅសល់​ ១៣,% ​នៅចុងឆ្នាំ២០១៤។​ ជាមួយគ្នានេះដែរ​ ដោយសារឆ្នាំ​២០១៦ ក៏ជា​ឆ្នាំទីមួយ ​នៃការចាប់​ផ្តើមរបស់​សហគមន៍អាស៊ាន​ ហើយកម្ពុជា​ក៏មានភាព​ចាំបាច់ត្រូវរៀប​ចំខ្លួនឲ្យបានល្អ ដើម្បី​បង្កើនសមត្ថភាព​ប្រកួតប្រជែង​ ដែលទាមទារ​ឲ្យមានការប្រឡង​ប្រណាំងទាំង​សេដ្ឋកិច្ច​ និងធនធាន​មនុស្សផងដែរ​។
សេចក្តី​ព្រាងច្បាប់ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់​គ្រងឆ្នាំ២០១៦នេះ​ គឺពិតជា​ដើរតួនាទី ជាឧបករណ៍​ នៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព​ ជាពិសេស​ ការខិតខំបង្កើន​ប្រសិទ្ធភាព​ និងកម្រិតនៃ​ការកៀរគរចំណូល​គ្រប់ប្រភេទ​ ប្រកបដោយ​ មហិច្ឆតា​ តាមរយៈការអនុវត្តវិធានការ​យ៉ាងម៉ឺងម៉ាត់​ និងមុតស្រួច​ ទាំងវិធាន​ការរដ្ឋបាល ​និងវិធានការ​ គោលនយោបាយ​ ដែលមាន​ចែងក្នុងយុទ្ធសាស្ត្រ​កៀរគរចំណូលរយៈ​ពេលមធ្យម​ ២០១៤​-២០១៨ សំដៅ​សម្រេចបាន​នូវសមិទ្ធផល​សំខាន់ៗ​បន្ថែមទៀត​ ដើម្បីធានា​បាននូវដំណើរ ​ផ្លាស់ប្តូរមួយ ឆ្ពោះទៅរក​ការអភវិឌ្ឍប្រកប​ដោយគុណភាព​ និងចីរភាព​ ដោយផ្សារភ្ជាប់ ​ការគិតគូរអំពីតុល្យភាព​នៃកំណើន​សេដ្ឋកិច្ច​ និងការបែង​ចែកផលនៃ​កំណើននេះ ​ទៅនឹងជីវភាព​ រស់នៅប្រចាំថ្ងៃ​ និងបំណង​ប្រាថ្នារបស់ប្រជាជន​ ព្រមទាំងឆ្លើយតប​ទៅនឹងបរិការណ៍ថ្មី​ របស់កម្ពុជា​ និងនិន្នាការ​ពិភពលោក​ និងតំបន់ ​ដើម្បីនាំនាវា​កម្ពុជាឆ្ពោះទៅ​កាន់ត្រើយ ​សុខសន្តិភាព​យូរអង្វែង វិបុលភាព​ និងយុត្តិធម៌សង្គម​៕








សម្តេចតេជោ៖ រួមគ្នាដោះស្រាយផលវិបាកខ្វះទឹក ក្នុងវិស័យកសិកម្ម

សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃ​ទី ០៧ ខែធ្នូ ​ឆ្នាំ២០១៥ បាន​បង្ហោះនៅក្នុង​ទំព័រហ្វេសប៊ុក​ ផ្លូវការរបស់​សម្តេច ឈ្មោះ Samdech Hun Sen , Cambodian Prime Minister ថា ឆ្នាំនេះ ​ដំណាំកសិកម្ម​នានា ពិសេសដំណាំស្រូវ ​ទាំងស្រូវវស្សា ទាំង​ស្រូវប្រាំងបាន​ និងកំពុងប្រឈមនឹងការខ្វះទឹក។​ ក្នុងសភាពការណ៍បែបនេះជាមួយ​ វិធានការដែល​រាជរដ្ឋាភិបាល​បានដាក់ចេញ​រួចមកហើយសម្តេចតេជោ ​បានដាស់តឿនអោយយកចិត្តទុក​ដាក់ ក្នុងការ​អន្តរាគមន៍ជួយ​បូមទឹកសង្គ្រោះ​ស្រូវប្រជាពលរដ្ឋ ដោយមិនត្រូវ ​ទុកអោយស្រូវខូច​នៅតំបន់ដែល​មានប្រភព​ទឹកនោះឡើយ​។
ជាមួយនោះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ បានណែនាំអោយកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ​ និងមន្ត្រីរាជការ​ ចាត់តាំង​កម្លាំងចុះជួយ​ច្រូតកាត់ប្រមូលផសំរាប់គ្រួសារដែលខ្វះកម្លាំង​ពលកម្ម ដោយសារ​តែភាពចាស់ជរា ជាស្ត្រីមេម៉ាយ​ ជាជនពិការ​ និងគ្រួសារ​យុទ្ឋជនជាដើម ព្រមគ្នានឹងស្ថាប័ន​កសិកម្ម​ ត្រូវផ្ដល់ពូជដំណាំ​ដល់ប្រជាកសិករដែលមិនអាច​ធ្វើស្រែប្រាំងបាន​ ដោយជំរុញអោយពួកគាត់ដាំដុះ​ដំណាំរួមផ្សំវិញ​។
ខណៈដែល​បានដាស់តឿន​អោយត្រៀម​អន្តរាគមន៍​ កំចាត់សត្វបំផ្លាញដំណាំ​ និងទប់សា្កត់​ជម្ងឺ សត្វ​គ្រប់ប្រភេទ​ សម្តេចតេជោ​ ក៏បានផ្តល់​មតិអោយស្ថាប័ន​ហិរញ្ញវត្ថុ និងធនាគារ​ ត្រូវធ្វើការជាមួយ​ស្ថាប័នមី​ក្រូហិរញ្ញវត្ថុ​ រកវិធីអនុគ្រោះមួយ​ចំនួនជូនប្រជាជន​ដែលរងគ្រោះ​ ដូចជាពន្យារពេលសង​ ឬពន្យារពេល​សងដោយមិនយក​ការប្រាក់​ ឬបន្ថយការប្រាក់​ ទប់ស្កាត់ ការឆ្លៀតឱកាសរឹបអូសដីធ្លី​ ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ។ល។ ​ពីសំណាក់ម្ចាស់​បំណុល​ ចំពោះកូន​បំណុលដែលកំពុងជួបការលំបាកដោយសារ​គ្រោះធម្មជាតិ​៕



រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនជនពិការ និងចាត់ទុកវិស័យពិការភាពជាវិស័យអាទិភាព

មានប្រសាសន៍​នៅក្នុង ពិធី​ប្រារព្ធទិវាជនពិការ​កម្ពុជាលើកទី១៧ ​និងទិវាជន​ពិការអន្តរជាតិ​លើកទី៣៣ ​នៅឯវិទ្យាស្ថាន​ជាតិអប់រំ​ នៅព្រឹកថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ២០១៥នេះ ​លោកជំទាវ​ ម៉ែន សំអន ឧបនាយ​ករដ្ឋមន្ត្រី ​និងជាតំណាង​សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​បានលើកឡើ​ងថា រាជរដ្ឋាភិបាល​បានបន្តយក​ចិត្តទុកដាក់​ដល់បងប្អូនជន​ពិការ ដោយបាន​ចាត់ទុកវិស័យពិ​ការភាពជាវិស័យ ​អាទិភាព​ក្នុងចំណោម​វិស័យផ្សេងៗទៀ​ត និងបានដាក់​ចេញនូវយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាលទី៣​ បន្តអនុវត្ត​គោលនយោបាយ​ជាតិចំពោះជន​ពិការ តាមរយៈក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ ​ការពង្រឹងអនុវត្ត​ ច្បាប់ស្តីពីកិច្ច​ការពារ ​និងលើកកំពស់​សិទ្ធិជនពិការ ​និងសុខមាលភាពជន​ពិការស្របតា​មអនុសញ្ញា អង្គ​ការសហប្រជាជាតិ​ស្តីពីសិទ្ធិជន​ពិការ។
លោកជំទាវ​ ឧបបាយក​រដ្ឋមន្ត្រី ម៉ែន ​សំអន មាន​ប្រសាសន៌បន្តថា ​សុខមាលភាព​ជនពិការត្រូវបាន​ កែលម្អរឲ្យប្រសើរ​ឡើងស្របតាម​ដំណើរការនៃការ​អភិវឌ្ឍន៌ប្រទេស។ ​លោកជំទាវ​បន្ថែមថាជនពិការ​ ត្រូវបានផ្តល់​អាទិភាពក្នុង​ការជ្រើសរើស ​ឲ្យចូលបំរើការងា​រតាមក្រសួងស្ថាប័ន​រដ្ឋចំនួន៤០។ ​រាជរដ្ឋាភិបាល ​បានផ្តល់ដីធ្លី​ជូនយោធិនពិការ ​នៅតំបន់អភិវឌ្ឍ​ជនពិការ​ ៣២៧ តា​កែនកោះស្លា ​ស្រុកឈូក ​ខេត្តកំពត ​និងស្រុកគូលែន ​ខេត្តសៀមរាប ​និងនៅភ្នំឆ័ត្រ ​ខេត្តបន្ទាយមានជ័យ ​សម្រាប់សាងសង់​លំនៅដ្ឋាន ​និងធ្វើអាជីវកម្ម​កសិកម្មជា​លក្ខណៈគ្រួសារ ​ព្រមទាំងផ្តល់សេវា​ស្តារលទ្ធភាព​ពលកម្ម ​នៅសហគមន៌ ​ដើម្បីចូលរួមចំណែក​ជួយជនពិការក្រីក្រ ​និងលើកំពស់ជីវភាព​។
នៅក្នុងឱកាស​ប្រារព្ធជន​ពិការនៅថ្ងៃនេះ​ដែរ ឯកឧត្តម ​វង សូត្រ ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន​ និងយុវនីតិ​សម្បទា និង​ជាប្រធានក្រុម​ប្រឹក្សាសកម្មភាព​ជនពិការ ​បានមានប្រសាស​ន៌លើកឡើងថា ​បច្ចុប្បន្នចំនួនជន​ពិការនៅកម្ពុជា​មានចំនួនថយចុះ ​ដោយាសារ​សង្គ្រាមត្រូវ​បានបញ្ចប់ ​កំនើនសេដ្ឋកិច្ច ​បានរួមចំណែក​កាត់បន្ថយ​អត្រាជនពិការ​ កម្មវិធីបង្កាពិការ​ភាពដល់ប្រជាពល​រដ្ឋគ្រប់រូប ​លទ្ធភាពនៃ ការដោះមីន ​និងការទប់​ស្កាត់គ្រោះថ្នាក់​ចរាចរណ៌ជាដើម។​ ជនពិការមាន​សមត្ថភាពចូល​រួមប្រកួតប្រជែង ​ក្នុងទីផ្សារពលកម្ម ​អាចរកប្រាក់​ចំណូលដើម្បី​ធានានិរន្តភាពជីវភាព ​និងសេចក្តី​ថ្លៃថ្នូរតាមរយៈ ​ការបណ្តុះបណ្តាល​សមត្ថភាព​ជនពិការ។​
ឯកឧត្តម​រដ្ឋមន្ត្រី ​មានប្រសាសន៌បន្តថា ​រាជរដ្ឋាភិបាលបា​នជំរុញការអនុ ​វត្តច្បាប់ស្តីពីសិ​ទ្ធិជនពិការ ជាក់ស្តែង​ក្នុងឆ្នាំ២០១៥នេះ ​មានជនពិការ​ចំនួន២៣២០នាក់ ​បានចូលបំរើការងា​រក្នុងស្ថាប័នរដ្ឋ​ចំនួន៤០។ ​ជនពិការប្រមាណ២​ម៉ឺននាក់ ​បានទទួលស្តារ​លទ្ធភាពពលកម្ម​កាយសម្បទាដោយឥត​គិតថ្លៃ។ ជន​ពិការ មាន​សមត្ថភាពរកប្រាក់​ចំណូល ស​ម្រាប់លើកស្ទួយជីវភាព​ផ្ទាល់ខ្លួន និងក្រុម​គ្រួសារប្រមាណ​២ម៉ឺនគ្រួសារ​ ព្រមទាំងចង​ក្រងក្រុមជួយខ្លួនឯង​នៃជនពិការ​ចំនួន ​១៩៥៥ក្រុម ជ​នពិការបាន​ទទទួលការ​បណ្តុះបណ្តាល ​សមត្ថភាពជំនាញ​មានចំនួន១៦៩៣១​នាក់ផងដែរ៕