Wednesday, March 30, 2022

វីដេអូ៖ រដ្ឋបាលរាជធានីភ្នំពេញបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិកនិងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់

 


សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២)

 

ទស្សនៈមិត្តអ្នកអាន៖ តើជម្រើសល្អបែបណាតាមគោលការណ៍ច្បាប់​ដែលឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍?

បាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ គប្បី​ទទួលយកសំណងពីក្រុមហ៊ុន!

បន្ទាប់​ពី​បាន​តាមដាន​យ៉ាងយកចិត្ត​ទុក​ដាក់​ជុំវិញ​វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​បន្ត​អូស​បន្លាយ​មក​ដល់​ពេល​នេះ សង្កេតឃើញ​ថា​​ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ នៅតែបន្ត​​ប្រមូលគ្នីគ្នាធ្វើបាតុកម្ម​នៅតាមទីសាធារណៈ ដោយអះអាងថា ក្រុម​ហ៊ុនបានបញ្ឈប់ពួកគេពីការងារដោយគ្មានហេតុផលនិង​តវ៉ាទាមទារលក្ខខណ្ឌការងារមួយ​ចំនួន​ទៀត​។ ក៏ប៉ុន្តែ ភាគី​ខាង​ក្រុម​​​ហ៊ុន​ណាហ្គាវើល​ដ៍បានបញ្ជា​ក់​​ថា ការបញ្ឈប់បុគ្គលិកមួយចំនួន​ ​​ដោ​យ​សារ​តែក្រុមហ៊ុនត្រូវ​កែសម្រួលរចនាសម្ព័ន្ធកាត់បន្ថយបុគ្គ​លិក​ ដើម្បី​ក្រុមហ៊ុនអាចរស់បានអំឡុងពេលដែល​កម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃ​ទៀ​ត​លើសក​ល​លោកបាននិងកំពុង​រងវិបត្តិ​ជំងឺឆ្លងសាកលកូវីដ១៩។ ការបញ្ឈប់នេះ​ ក្រុមហ៊ុនមានហេតុផលសមរម្យ និងបានទូទាត់​សំណងជូន​បុគ្គ​លិក​​​​ត្រឹម​ត្រូវ​​ស្របតាមនីតិវិធី​​ច្បាប់​។

យោងតាម​របាយការណ៍ដែលក្រុមហ៊ុន​ណាហ្គាវើលដ៍​ឲ្យ​ដឹង ​បាន​បញ្ជាក់​ថា ដោយ​សារ​ការ​បន្ត​ធ្លាក់​ចុះ​ភ្ញៀវ ការ​បន្ត​រីក​រាល​ដាល​នៃជំងឺកូវីដ១៩ ការ​រៀប​ចំ​សកម្មភាព​អាជីវកម្មឡើង​វិញ និង​ការ​កែសម្រួល​រចនា​សម្ព័ន្ធ​ផ្ទៃក្នុង​ឲ្យ​សម​ស្របតាមការ​រក្សា​គម្លាតសង្គម និង​វិធានការ​សុខាភិបាល​ផ្សេងៗទៀត នៅ​អំឡុងខែមេសា ឆ្នាំ​២០២១ ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ដល់​សហជីព និង​ប្រជុំ​ជា​មួយ​​តំណា​ង​កម្មករនិយោជិត ​អំពីគម្រោង​កាត់​បន្ថយ​បុគ្គលិកនៅផ្នែក​ផ្សេងៗដែល​មាន​ចំនួន ១៣២៩​នាក់ ទន្ទឹមគ្នា​នេះ​ក៏មាន​បុគ្គលិកចំនួន ២៩២នាក់ ​ផ្សេងទៀត ​បាន​ស្ម័គ្រចិត្ត​​​សុំ​លាឈប់ពីការងារ​ដោយ​ខ្លួន​ឯង ដែល​ធ្វើ​ឲ្យ​ចំនួនកម្មករនិយោជិត​ត្រូវ​កាត់​បន្ថយ​បានកើន​ឡើង​ដល់ ១៦២១នាក់។ ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ទូទាត់ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​​​ការងារ​ជូន​កម្មករនិយោជិតចំនួន ១៦២១នាក់ ក្នុង​​​នោះមាន​និយោជិតចំនួន ១២៤៨នាក់ បាន​យល់​ព្រម​ទទួល​យក និង​ចំនួន ៣៧៣នាក់ មិន​ព្រម​ទទួល​យក​ ទោះ​បី​ជា​ក្រុម​ហ៊ុន​បានផ្ទេរលុយ​ចូល​គណនី​ធនា​គារ​​របស់​កម្មករ​និយោជិត​ម្នាក់​ៗរួច​ហើយ​ក្តី។

ពាក់ព័ន្ធករណីនេះ ​ក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈបាន​សម្រប​សម្រួល និង​បញ្ជូន​ករណី​វិវាទការងារនេះទៅ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានបើកសវនាការកាលពីថ្ងៃទី១៥ ខែកក្កដា និង​នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើ​សំណុំរឿងនេះទៅតាម​ច្បាប់​ជាធរមាន។ ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ក្រុមប្រឹក្សាអាជ្ញាកណ្តាល​បានចេញសេចក្តី​សម្រេច​ ដោយបង្គាប់ឲ្យភាគីនិយោជក​អនុវត្តរបៀបគណនាប្រាក់បំណាច់អតីតភាព​​ការ​ងារ, សោហ៊ុយជំងឺចិត្ត, ប្រាក់​រំលឹក​អតីតភាពការងារមុន​ឆ្នាំ​២០១៩, ប្រាក់បំណាច់ជួសការ​ឈប់សម្រាកប្រចាំឆ្នាំ, និង​ប្រាក់​បំណាច់ជួសការ​ជូន​ដំណឹងមុន​ជូនកម្មករនិយោជិតឲ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់ ​ពេលបញ្ចប់កិច្ចសន្យា​ការងារនៅចុងឆ្នាំ២០២០ និង​ដើម​ឆ្នាំ​២០២១។ បង្គាប់ឲ្យនិយោជកបន្ត​បើកប្រាក់​បំណាច់​អតីតភាពការងារឆ្នាំ​២០២០ និង​ឆ្នាំ​​២០២១ ជូនកម្មករនយោជិត​នៅក្នុង​ឆ្នាំ​២០២១ បន្ត​ទៀត។

ក្រោយការបង្គាប់របស់ក្រុមប្រឹក្សា​អាជ្ញាកណ្តាលបែបនេះ ក្នុង​ចំណោមអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៣៧៣នាក់ ​មាន​បុគ្គ​លិក​​​ចំនួន​ជាង ១០០នាក់បន្ថែមទៀត ​បានយល់​​​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន និង​នៅសេសសល់​​ចំនួនប្រមាណជា ២០០​នាក់ប៉ុណ្ណោះ​។​

ជាការកត់សម្គាល់ ទោះ​ជាមាន​ដំណោះស្រាយ​ពីក្រសួង​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ស្ថាប័ន​ពាក់​​ព័ន្ធ​ជា​ច្រើន​​លើក​រួច​មក​ហើយ​ក្តី ក៏អតីតបុគ្គលិកក្រុម​ហ៊ុន​ណា​ហ្គាវើលដ៍ដែល​នៅសេសសល់ទាំងនេះ ​​នៅ​តែ​បន្ត​ធ្វើ​បាតុ​កម្ម​​តវ៉ា​ទាម​ទារ​ចង់​ចូល​ធ្វើ​ការវិញ ​និង​ភ្ជាប់​លក្ខខណ្ឌកាន់​តែច្រើនឡើង ក្នុង​ចេតនា​បង្កការាំង​ស្ទះ​ដល់​ដំណើរការស្វែង​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នេះ​​។​ មិនត្រឹម​តែប៉ុណ្ណោះ​ទេ មេខ្លោង​សហជីពដែល​ជា​អ្នក​​បញ្ជា​ ដឹកនាំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ ​ថែម​ទាំង​បាន​បន្ត​ញុះ​ញង់​ និង​បំ​ពុល​ បំ​ភ័ន្ត​ព័ត៌មាន​ជាបន្ត​បន្ទាប់​ក្នុង​ចេទនាទុច្ចរិត​មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ថាបាន​ប្រើ​អំ​ពើហិង្សា​លើ​បាតុករ​ និង​ពួក​គេបាន​ប្រឌិត​ព័ត៌មាន​ថា បុគ្គលិក​ក្រុម​ហ៊ុន​ណា​ហ្គាវើល​ដ៏ដែល​បាន​និង​កំពុង​ធ្វើ​ការ​នឹង​សុំ​ឈប់​ពី​ការ​ជា​ច្រើន​នាក់​បន្ថែម​ទៀត​ ជា​មួយ​នឹង​ល្បិចកល​លួចបន្លំ​យក​អ្នក​ផ្សេង​ ឱ្យ​មក​ចូល​រួមធ្វើ​បាតុកម្ម​ បន្លំ​ធ្វើ​ជាអតី​ត​បុគ្គលិកណា​ហ្គាវើលដ៏ មក​ដោះ​ដូរ​ជា​មួយ​នឹង​អតី​តបុគ្គលិក​ដែល​បាន​បញ្ឈប់​ពី​ការងារ​ ក្នុង​ចេតនាអូសបន្លាយ​ការតវ៉ា ប្រមូលផ្តុំធ្វើ​បាតុកម្មខុស​ច្បាប់​ និង​ទាម​ទារ​លក្ខខណ្ឌផ្សេង​ៗ។​

តាមច្បាប់​ការងារ កាលណា​មាន​សេចក្តី​សម្រេច​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល ហើយក្នុង​ករណី​ដែល​ខាងភាគី​​ក្រុម​​ហ៊ុន ​សុខ​ចិត្ត​ផ្តល់​សំណ​ង​ជូន​ពួកគេ​ទាំងនោះ​ មានន័យ​ថា ក្រុមហ៊ុន​ដាច់​ខាតមិន​ទទួលយក​​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ​​វិញឡើយ ហើយ​បុគ្គលិក​ទាំងនោះទៀតសោតក៏គ្មាន​សិទ្ធិណា​មួយទៅបង្គាប់​​បញ្ជា ឬក៏ចាប់​បង្ខំ​ឲ្យ​ក្រុមហ៊ុន​​ត្រូវ​តែ​ទទួល​​យក​លក្ខខណ្ឌ​របស់​​ខ្លួននោះ​ដែរ។

បើ​ផ្អែកតាម​ទិដ្ឋភាព​ច្បាប់ អតីតបុគ្គលិក​​ណា​ហ្គាវើលដ៍​​​ គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពីទទួលយក​សំណង​​ដែល​​ក្រុមហ៊ុនណាហ្គាវើលដ៍​ផ្តល់​ឲ្យស្រប​តាម​ច្បាប់​ការងារនោះ​ទេ ពីព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​តវ៉ា​អនា​​​ធិបតេយ្យ​បែប​នេះ មិន​មែនជា​ដំណោះស្រាយ​ និងក៏គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​គំនាប​លើក្រុមហ៊ុន​ណាហ្គាវើលដ៍បានឡើយ​ ដោយ​​សារ​​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹម​ត្រូវ​តាមនីតិវិធី​​ច្បាប់​។

​​លោក ទូច គង្គា អតីត​បុគ្គលិកក្រុម​ណាហ្គាវើលដ៍ ក្នុង​ចំ​ណោម​បុគ្គលិក​ដទៃទៀត​ ដែល​យល់​ព្រម​ទទួល​យក​សំណង​ពីក្រុមហ៊ុន បានអំពាវនាវ​ឲ្យ​អតីត​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ដែលនៅសេសសល់ គប្បី​​ទទួល​យក​សំណង ដើម្បី​បញ្ចប់​វិវាទនេះ​ដោយ​សន្តិវិធី។ លោក ទូច​ គង្គា ​អះ​អាង​​ថា លោក​បាន​​ទៅក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​​ស្តាប់​ការ​បកស្រាយ​ពន្យ​ល់​​របស់​ក្រសួង​ អំពីការ​​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យាការងារតាម​គោលការណ៍ច្បាប់​នៅទីស្តីការក្រសួង កាល​ពី​ថ្ងៃទី​៧ ខែមក​រា ឆ្នាំ​២០២២ និង​បាន​បញ្ជាក់​ថា ជាក់​ស្តែង​ គោល​ការ​ណ៍ទូទាត់ តាម​ការ​សម្រប​សម្រួល​របស់​ក្រសួង គឺមានភាពច្បាស់លាស់ តម្លាភាព និងត្រឹម​ត្រូវតាម​ច្បាប់ ដែលងាយស្រួលក្នុងការយល់ និងធ្វើឲ្យរូបលោកឯកភាពក្នុងការទទួលយកការទូទាត់ដោយពេញ​ចិត្ត​។

​ទន្ទឹមគ្នានេះ ការមិន​ទទួលយក​ប្រាក់សំណងរបស់​អតីតបុគ្គលិកណាហ្គាវើលដ៍ដែល​នៅ​សេសសល់​​នេះ ​បានដើរ​ប្រាសចាកពីគោលការណ៍ច្បាប់ និង​ប្រាសចាកទាំង​ស្រុង​ពីសេចក្តី​សម្រេច​​របស់ក្រុម​ប្រឹក្សាអាជ្ញាកណ្តាល និងក៏បង្ហាញឲ្យឃើញ​ពីភាព​ទុច្ចរិត​របស់​ក្រុម​អ្នក​តវ៉ា​ដែល​មិន​ចង់​មាន​ដំណោះស្រាយ​បញ្ចប់​វិវាទការងារ​។ តាមរយៈសកម្មភាពនេះ គេ​អាច​សន្និ​ដ្ឋាន​បាន​ថា បាតុ​កម្មនេះ គឺមាន​ផែនការ រចនាសម្ព័ន្ធដឹកនាំ និងការ​បណ្តុះបណ្តាល​ច្បាស់លាស់ ដោយ​ក្រៅពីកម្លាំងបាតុករនិង​មេបាតុករដែលអនុវត្ត​ផ្ទាល់ គឺនៅមានការ​ដឹកនាំបញ្ជាច្បាស់លាស់ពីខាងក្រៅ​ថែមទៀតផង។ ទន្ទឹម​នឹង​បាតុកម្ម​ខាង​ក្នុង ក៏មាន​បាតុកម្មគាំទ្រពី​តាម​បណ្តាប្រទេសនានា ដោយ​បណ្តាញ​សហជីពអន្តរជាតិ។

ក្នុង​នាម​ជា​មន្ត្រីជំនាញ​សិទ្ធិ​ការងារ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ដែលនៅសេសសល់ទាំងអស់​ ព្រម​ទទួល​យក​ការ​ដោះ​ស្រាយ​ជាសំណងដែល​ស្រប​តាម​គោលការណ៍ច្បាប់ នោះ​ជា​ការល្អ​ប្រសើរ ក្នុង​ន័យថា ​អ្នក​ដែលព្រម​ទទួល​យក​សំណង ​គឺមានហេតុផល​គ្រប់ជ្រុងជ្រោយគិតពីប្រយោជន៍ឆ្នាំងបាយរបស់​ខ្លួនតទៅមុខ​ទៀត ពោលគឺយើង​មិន​អាចទៅធ្វើសកម្ម​ភាពបែប​អនាធិបតេយ្យ​ ឬក៏ចូល​ទៅក្នុង​សកម្មភាពណា​មួយ​​បំពាន​ច្បាប់នោះទេ ដែលអាច​ប្រឈម​នឹងនីតិវិធី ឬការចាត់វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​របស់អាជ្ញាធរបើ​សិនជាសកម្មភាពនោះ​ហួសព្រំដែន​នៃច្បាប់។

ជា​រួម​មក​វិញ ប្រសិន​បើ​បាតុករជាអតីតបុគ្គលិក​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ដែលនៅសេសសល់​ប្រមាណជា ២០០នាក់ មាន​សុច្ឆន្ទៈពិត​ប្រាកដ ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយជាមួយ​នឹង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ពួកគេគួរ​តែចូល​ខ្លួន​ទៅ​ដោះស្រាយតាមការ​អំពាវនាវរបស់​ក្រសួ​ង​​ការងារនិង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ក៏ដូច​ជា​ស្ថាប័ន​ពាក់​ព័ន្ធ និង​ដូច​អ្វី​ដែល​ពួក​គេបាន​សន្យា​មុន​ពេលតុលាការ​​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដើម្បី​​បញ្ចប់​​ជម្លោះ​នេះ។

​ផ្ទុយ​ទៅ​វិញ​ ក្នុងករណី​វិវាទនេះ ​​មិន​​បញ្ចប់ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទៀត គឺនឹង​បន្ត​នីតិវិធីទៅតុលាការ។ ផ្អែក​តាម​​ច្បាប់​ ​​ថៅកែក្រុម​ហ៊ុនមាន​សិទ្ធិ​បញ្ឈប់​បុគ្កលិក​​បាន ឲ្យ​តែខាង​ក្រុម​ហ៊ុន​យល់​ព្រម​ដោះស្រាយ​តាម​គោលការណ៍កំណត់​ដោយ​ច្បាប់ ក៏ប៉ុន្តែ​បើ​បុគ្គលិក​កម្មករ​​​មិន​សុខ​ចិត្តចំពោះ​ការ​បញ្ឈប់​ ឬការ​បណ្តេញ​ចេញ​នោះ​ទេ ​​ពួកគេ​មាន​សិទ្ធិ​ប្តឹង​ទៅ​តុលាការ ដើម្បី​ស្វែង​រក​ដំណោះ​​ស្រាយ។ ទោះយ៉ាង​ណា​ ក្នុងករណី​ដែល​ថៅកែបញ្ឈប់​ពីការងារហើយ គឺគ្មានទេ ​ការអនុញ្ញាត​ឲ្យ​ចូល​ធ្វើ​ការ​វិញ គឺមាន​តែយល់​ព្រម​​​ទទួល​​​យក​សំណងតែ​ប៉ុណ្ណោះ។ នេះ​ជាគោល​ការណ៍ច្បាប់ ដែលពុំ​គប្បីអតីតបុគ្គលិក និ​ងបុគ្គលិក​ណាហ្គាវើលដ៍បន្តញុះញង់​ ឬធ្វើសកម្មភាពដឹកនាំបាតុកម្ម​បំពាន​ច្បាប់ណា​មួយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់​ធ្នាប់​ សាធារណៈសង្គម​នោះ​ឡើយ៕

 

ដោយ៖ សុខ វាសនា ​មន្ត្រីជំនាញ​ផ្នែកសិទ្ធិការងារនៅអង្គការ​ក្រៅរដ្ឋាភិបាល​




 

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំ​ធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២នេះ ដោយពុំគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋ​បាលរាជធានីភ្នំពេញ។ 

អ្នកនាំពាក្យសាលារាជរាជធានីភ្នំពេញ បានបញ្ជាក់ថា អ្វីដែលកាន់តែនឹកស្មានមិនដល់ថែមទៀតនោះគឺ ក្រុមបាតុករបានត្រៀមលក្ខណៈក្រោម​ផែនការដែលបានរៀបចំ​ទុកជាមុន ដើម្បីធ្វើសកម្មភាពផ្សេងៗតាមតួនាទីរៀងៗខ្លួន ដើម្បីបង្កើតព្រឹត្តិការណ៍ចាំទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ពួកគេបានសម្តែងឈុតឆាកទៅតាមការរៀបចំ និងចាត់តាំងតួអនុវត្ដទុកជាមុន រួមមាន៖ អ្នកសម្តែងធ្វើជាតួកំសត់ ដោយរៀបចំឱ្យមានការលុតជង្គង់ សំពះ យំ អង្វរ និងតួជនរងគ្រោះធ្វើជាដួលសន្លប់ ហើយអ្នកខ្លះទៀតប្រើអំពើហិង្សាមកលើសមត្ថកិច្ចធ្វើឱ្យមានរូបភាពប្រតាយប្រតប់ ក្រញាំឱ្យមានរបួសស្រាល បញ្ចុះកំហឹង ជេរប្រមាថ មាក់ងាយមើលថោក ប្រើពាក្យសម្ដីអសុរោះ កាយវិការអសីលធម៌គ្រប់បែបយ៉ាងមកលើសមត្ថកិច្ច ដើម្បីត្រៀមកេងចំណេញប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចពុំអាចអត់ទ្រាំនឹងទង្វើទាំងអស់នោះ ហើយធ្វើសកម្មភាពមិនប្រក្រតីណាមួយដែលនឹងក្លាយទៅជាចំណីរបស់តួដែល ត្រៀមចាំប្រមាញ់យករូបភាពដូចដែលធ្លាប់បានធ្វើកន្លងមក។

ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះ រាល់ការចោទប្រកាន់ថាសមត្ថកិច្ចបានប្រើអំពើហិង្សា និងបៀតបៀនផ្លូវភេទលើស្រ្តីជាក្រុមបាតុករ មិនទាន់មានជនរងគ្រោះណាម្នាក់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នតុលាកាំរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយដើម្បីស្វែងរកអ្នកប្រព្រឹត្ត មកទទួលខុសត្រូវនៅឡើយទេ។ នេះសរបញ្ជាក់ឱ្យឃើញថាគឺជាការចោទប្រកាន់ដែលប្រាសចាកពីការពិត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ទោះស្ថិតក្នុងឧបាយកលដ៏អាក្រក់របស់មនុស្សមួយក្តាប់តូច ដែលកំពុងប្រើប្រាស់ក្រុមបាតុករធ្វើជា​ឈ្នាន់យ៉ាងណា​ក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចដែលកំពុងឈរជើងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមបន្តការខិតខំ អត់ធ្មត់ និងបំពេញតួនាទីយ៉ាង​ហ្មត់ចត់ជាទីបំផុត ដើម្បីកុំឱ្យធ្លាក់ចូលក្នុងឧបាយកលដ៏ខ្មៅកង្វក់មួយនេះ បើទោះជាត្រូវស៊ូទ្រាំ រងការប្រមាថមើលងាយ រហូតឈានដល់ទទួលរងការប្រើអំពើហិង្សា​បង្ករបួសស្នាមពីសំណាក់ក្រុមបាតុករសារជាថ្មីនៅថ្ងៃនេះយ៉ាងណាក៏ដោយ៕




សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ 



ក្នុងជំនួបនេះ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី។ លោកជំទាវបានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាគឺមានការទាក់ទាញយ៉ាងខ្លាំង ដែលអាចជាគំរូនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនិយាយភាសាបារាំង។ លោកជំទាវបានលើកឡើងថា ក្នុងជំនួបរវាងអ្នកវិនិយោគមកពី២៤ប្រទេសជាមួយនឹងអ្នកវិនិយោគកម្ពុជាកន្លងទៅនេះ លោកជំទាវបានជម្រាបជូនសម្តេចតេជោថា ជំនួបនោះគឺបានទទួលលទ្ធផលល្អប្រសើរណាស់ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយក៏មានការចុះហត្ថលេខាលើអនុស្សារណៈដើម្បីបន្តកិច្ចសហប្រតិបត្តិការផងដែរ។ 

លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ ក៏បានជម្រាបជូនសម្ដេចតេជោបន្តទៀតថា គោលបំណងរបស់លោកជំទាវ និងប្រតិភូមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺចង់បានកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលមានដំណើរការរីកធំធាត់ និងជានិរន្តតទៅ ហើយដំណើរទស្សនកិច្ចរបស់លោកជំទាវ ក៏ជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការតទៅអនាគតផងដែរ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការអបអរសាទរចំពោះជំនួបជ័យ នៃជំនួបរវាងអ្នកវិនិយោគមកពីបណ្ដាប្រទេសនិយាយភាសាបារាំង និងអ្នកវិនិយោគកម្ពុជា។ សម្ដេចតេជោបានមានប្រសាសន៍ថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ ជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង និងតំបន់ ដែលប្រទេសយើង និងតំបន់មានសក្តានុពល គ្រាន់តែយើងមិនទាន់មានឱកាសនៅឡើយប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា យើងគប្បីណារួមគ្នាបង្កើតជាឱកាសដើម្បីចាប់យកសក្តានុពលទាំងឡាយណាដែលយើងមាន មិនត្រឹមតែដើម្បីពង្រីក ពង្រឹង កិច្ចសហប្រតិបត្តិការរវាងប្រទេស និងតំបន់យើងទាំងពីរប៉ុណ្ណោះនោះទេ តែសម្រាប់ជាទំនាក់ទំនងនយោបាយដ៏ល្អរវាងប្រទេសយើងទាំងពីរផង និងតំបន់ផង ព្រោះថាទំនាក់ទំនងល្អលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិការយោគ នឹងនាំទៅដល់ភាពជិតស្និទ្ធផ្នែកនយោបាយ។ 

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវថា ក្នុងនាមជាប្រធានអាស៊ាន អ្វីដែលសម្តេចចង់បានគឺជំរុញការអនុវត្ត នៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ឲ្យចលនាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងរបៀងដំណើរទេសចរណ៍ក្នុងតំបន់អាស៊ានដំណើរការប្រក្រតីភាពឡើងវិញ៕