Friday, December 02, 2016

ទូត​អាឡឺ​ម៉ង់​សន្យា​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​ងារ​អភិរក្ស​បេតិ​កភណ្ឌ​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​

នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ លោកបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា  បានទទួលជួបពិភាក្សាការងារជាមួយ លោក Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ថ្មីប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបពិភាក្សានោះ    ភាគីទាំងពីរ បានជជែកគ្នាច្រើនពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងសហការគ្នា រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័ន អាឡឺម៉ង់ ដែលកំពុងដំណើរការក្នុងរមណីយដ្ឋានអង្គរ។
មានប្រសាសន៍ក្នុងជំនួបនោះ លោកបណ្ឌិត ស៊ុំ ម៉ាប់ បានលើកឡើងពីការងារជាច្រើន ដែលជាកិច្ចសហប្រតិបត្តិការរវាងភាគីអាជ្ញាធរជាតិអប្សរា និងភាគីអាឡឺម៉ង។ ក្នុងចំណោម ការងារទាំងនោះ គឺគម្រោងកម្មវិធីអភិរក្សថ្ម ដែលជាការងារទទួលបានជោគជ័យខ្លាំងបំផុត ហើយត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ជាពិសេសគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ (ICC-Angkor)។
បន្ថែមពីនេះលោកបណ្ឌិត ស៊ុំ ម៉ាប់ ក៏បានកោតសរសើរចំពោះកម្មវិធីអភិរក្សថ្មនេះដែរ ដោយកម្មវិធីនេះបានជួប បណ្តុះបណ្តាលអ្នកជំនាញខ្មែរជាច្រើន ជាពិសេសបានផ្ទេរចំណេះដឹងនិងបទពិសោធន៍ដល់អ្នកជំនាញខ្មែរ ដើម្បីអនុវត្តការងារឲ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់ លើជំនាញអភិរក្សថ្មប្រាសាទនេះ។
ជុំវិញការងារអភិរក្ស និងជួសជុលប្រាសាទនេះដែរ លោកអគ្គនាយក ក៏បានស្នើទៅភាគីអាឡឺម៉ង់ ជួយជំរុញធ្វើយ៉ាងណាឲ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ ទៀតលើសពីការងារ ដែលកំពុងមានសព្វថ្ងៃ ជាពិសេសការពង្រឹងសមត្ថភាពរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ព្រោះសព្វថ្ងៃអាជ្ញាធរជាតិអប្សរាបានផ្តោត លើការបណ្តុះបណ្តាលធនធានមនុស្សជាសំខាន់ ហើយទាំងបានបង្កើតមជ្ឈមណ្ឌល បណ្តុះបណ្តាលអង្គរផងដែរ។ លើសពីនេះទៅទៀត លោកអគ្គនាយកក៏បានស្នើសុំដល់ភាគីអាឡឺម៉ង់ ជួយផ្តល់អ្នកជំនាញការបច្ចេកទេស ដើម្បីជួយលើការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការងារអភិរក្ស ជួសជុលប្រាង្គប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ។
ឆ្លើយតបនឹងសំណើនេះ លោក  Ingo Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានសម្តែងអារម្មណ៍ សប្បាយរីករាយ ចំពោះលទ្ធផលដ៏ប្រសើរដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការនានា នៅរមណីយដ្ឋានអង្គរ។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្ត និងគាំទ្ររាល់សំណូមពរ និងគំនិតផ្តួចផ្តើម របស់អាជ្ញាធរជាតិអប្សរា ហើយលោកបានសន្យាថា នឹងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ ថ្មីៗបន្តទៀត។ លោកក៏បានបញ្ជាក់បន្ថែមថា ប្រទេសអាឡឺម៉ង់បានចូលរួមការងារអភិរក្ស និងជួសជុលក្នុងតំបន់រមណីយដ្ឋានអង្គរជាង២០ឆ្នាំមកហើយ ហើយកិច្ចសហប្រតិបត្តិការលើការងារ អភិរក្សបេតិកភណ្ឌជាការងារដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាឡឺម៉ង់។ ជាមួយគ្នានេះដែរ លោកក៏បានទទួលយកការអញ្ជើញ របស់លោកអគ្គនាយក ដើម្បីមកចូលរួមកិច្ចប្រជុំ ICC-Angkor នាពេលខាងមុខ។
លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការនេះ ហើយលោក ក៏បានជំរុញឲ្យមានការរៀបចំ ផ្លាស់ប្តូរវគ្គបណ្តុះបណ្តាលនិសិ្សតកម្ពុជា-អាឡឺម៉ង់ ជាពិសេសផ្តល់ឱកាសដល់និស្សិតអាឡឺម៉ង់ ក្នុងការមកធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់ពីការងារអភិរក្សបេតិកភណ្ឌ សំដៅធ្វើយ៉ាងណាឲ្យយុវជនកាន់តែស្រឡាញ់និងចូលរួមយ៉ាងសកម្មលើការងារនេះ៕






សម្តេច​តេជោ ហ៊ុន សែ​ន ចង​ចាំ និង​អបអរសាទរ​ខួបទី ៣៨ នៃរណ​សិរ្សសង្គ្រោះ​ជាតិ ២​ ធ្នូ​

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះថា  ថ្ងៃនេះជាខួបលើកទី ៣៨ នៃរណសិរ្សសង្គ្រោះជាតិ (២ ធ្នូ ១៩៧៨- ២ធ្នូ ២០១៦) ដែលជាថ្ងៃចាប់កំណើតនៃចលនាតស៊ូក្នុងគោលដៅរំដោះប្រទេសពីរបបឃោរឃៅ ប៉ុល ពត ដែលបាន   បណ្តាលអោយប្រជាពលរដ្ឋស្លាប់យ៉ាងវេទនាអស់ជាង៣លាននាក់ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)។ រណសិរ្ស២ធ្នូ គឺបានកើតចេញពីកម្លាំងមហាសាមគ្គីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង វីរជនស្នេហាជាតិជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខួប៣៨ឆ្នាំ នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ថ្ងៃនេះ ក៏ត្រូវនឹងខួបលើកទី ២៩ (២ធ្នូ ១៩៨៧-២ធ្នូ ២០១៦) នៃការចរចា សីហនុ-ហ៊ុន សែន នៅប្រទេសបារាំង ដែលជាកិច្ចចរចាដំបូងស្វែងរកដំណោះស្រាយនយោបាយសម្រាប់សន្តិភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាចងចាំជានិច្ចនូវការចូលរួមរបស់ពលរដ្ឋកម្ពុជា និងកងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនេះ ដែលបានធ្វើអោយប្រទេសជាតិ មាន សុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ។
សម្តេចតេជោ ក៏បានជូនពរជនរួមជាតិទូទាំងប្រទេសឱ្យជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕




សម្តេច ហ៊ុន សែន អញ្ជើញធុរកិច្ច និង វិនិយោគគិនចិនឱ្យមកចាប់ដៃគូវិនិយោគនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធុរកិច្ចចិន និង វិនិយោគគិនចិន ដែលមិនទាន់ស្គាល់កម្ពុជាឱ្យ មកកាន់កម្ពុជាដើម្បីបំពេញទស្សនកិច្ច សិក្សាឱ្យបានស៊ីជម្រៅក្នុងការចាប់ដៃ គូធុរកិច្ចនិងសម្រេចចិត្តវិនិយោគនៅកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីលៀងសាយភោជន៍ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី ក្នុងតំបន់អភិវឌ្ឈន៍ នៃក្រុមហ៊ុន LYP Group របស់លោឧកញ៉ា លីយ៉ុងផាត់ នាល្ងាចថ្ងៃទី០១ធ្នូ ដោយបានស្វាគមន៍ រាល់គម្រោងវិនិយោគ ទាំងឡាយនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការធ្វើអោយកាន់តែប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួន និងឡូជីស្ទីក ការបង្កើនការផ្គត់ផ្គង់អគ្គិសនី ដែលមានស្ថិរភាព និងមានតម្លៃទាប ការបណ្ដុះបណ្ដាលជំនាញ សម្រាប់កម្មករ និងការបន្តលើកកម្ពស់បរិយាកាសវិនិយោគ ការលើកកម្ពស់ធុរកិច្ចក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង របស់កម្ពុជានៅក្នុងតំបន់។ ទន្ទឹមនឹងនេះដែរ សម្ដេចក៏បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ការជួបជុំគ្នារវាងវិនិយោគិនចិន និងកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា-ចិននាថ្ងៃនេះ មិនមែនជាការជួបជុំ លើកចុងក្រោយនោះទេ សម្ដេចសូមគាំទ្រអោយមានការជួបជុំបែបនេះ ជាបន្តបន្ទាប់ទៀត។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអង្គវេទិកាទាំងមូល ដែលបានខិតខំយ៉ាងសកម្ម និងបានផ្ដល់វិភាគទានបញ្ញាណ មតិយោបល់ និងអនុសាសន៍នានា ធ្វើការចែករំលែកព័ត៌មាន ពាណិជ្ជកម្ម វិនិយោគគ្រប់ជ្រុង ជ្រោយជូនអ្នកវិនិយោគ។ សម្តេចក៏បានណែនាំផងដែរ ដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចជាស្រេចដើម្បីផ្ដល់ការគាំទ្រ និងដោះស្រាយបញ្ហានានា ក្នុងគោលដៅ អោយអ្នកវិនិយោគ កាន់តែមានទំនុកចិត្ត និងសប្បាយចិត្តក្នុងការវិនិយោគនៅកម្ពុជា។ សូមបញ្ជាក់ថា នៅមុនពិធីលៀងសាយភោជន៍នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើគម្រោងកសាងទីក្រុងមិត្តភាពកម្ពុជាចិន ផងដែរ។ ផែនការមេទីក្រុងមិត្តភាពកម្ពុជា-ចិននេះ គ្រោងនិងចំណាយទឹកប្រាក់កសាងក្នុង តម្លៃជាង១ពាន់៥រយលានដុល្លារអាមេរិក លើទំហំផ្ទៃដីប្រមាណ៥៥០ហិកតា ស្ថិតក្នុងបរិវេណ ទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ដែលមានចម្ងាយប្រមាណ១០ គីឡូម៉ែត្រ ពីភាគកណ្ដាល នៃរាជធានីភ្នំពេញ។ ទីក្រុងមិត្តភាពកម្ពុជាចិននេះ នឹងបង្កើតឡើង ក្រោមការចាប់ដៃគូរសហប្រតិបត្តិការ រវាងក្រុមហ៊ុន LYP Group របស់លោកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន CMIG របស់រដ្ឋចិន ៕

ក្រសួងការងារធ្វើកិច្ចពិភាក្សាស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំពោះក្រុមការងារជំនាញមកពីប្រទេសជប៉ុន

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលស្វាគមន៍ចំពោះក្រុមការងារជំនាញមកពីប្រទេសជប៉ុន ដែលមានបំណងចង់សិក្សាស្វែងយល់ អំពីទំនាក់ទំនងវិជ្ជាជីវៈ និងច្បាប់ពាក់ព័ន្ធនានានៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយឲ្យបានច្បាស់ប្រាប់ដល់អ្នកវិនិយោគ ដែលមានបំណងចង់មកបោះទុនវិនិយោគ ក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះ ត្រូវបានស្ដែងចេញឡើងក្នុងជំនួបជាមួយ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ជាមួយក្រុមការងារជំនាញសិក្សាផ្នែកច្បាប់ នៃក្រសួងការងារប្រទេសជប៉ុន ដឹកនាំដោយលោក កូហ្សូ កាហ្គាវ៉ា សាស្រ្តាចារ្យនៃសកលវិទ្យាល័យអូសាកា ជំនាញខាងសិក្សាស្រាវជ្រាវទីផ្សារវិនិយោគ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងការងារ។
ក្នុងឱកាសនោះ លោក កូហ្សូ កាហ្គាវ៉ា បានឲ្យដឹងថា ក្រុមការងារជំនាញរបស់លោក បាននឹងកំពុងសិក្សាស្រាវជ្រាវ ពីព័ត៌មានពាក់ព័ន្ធនឹងបញ្ហាច្បាប់ បញ្ហាប្រាក់ឈ្នួល និងការងារពាក់ព័ន្ធជាច្រើន ដើម្បីឈានទៅការប្រមូលព័ត៌មានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
លោក កូហ្សូ បានបន្តថា ការដែលក្រុមការងារជំនាញរបស់លោក ធ្វើការសិក្សាស្វែងយល់ និងស្រាវជ្រាវលើការងារទាំងប៉ុន្មានខាងលើនេះ ក៏ដើម្បីផ្សព្វផ្សាយព័ត៌មានពិតប្រាកដ ដល់ក្រុមអ្នកវិនិយោគនៅឯជប៉ុន ពាក់ព័ន្ធនឹងទំនាក់ទំនងវិជ្ជាជីវៈ ច្បាប់ការងារ ច្បាប់សហជីព ប្រាក់ឈ្នួលអប្បបរមា និងបញ្ហាផ្សេងៗក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការប្រៀបធៀបជាមួយស្ថានភាពការងារ នៅប្រទេសឥណ្ឌា មីយ៉ាន់ម៉ា វៀតណាម សំដៅស្វែងរកទីតាំងវិនិយោគពិតប្រាកដ និងសមរម្យមួយ។
ឆ្លើយតបនឹងគោលបំណងដ៏ធំខាងលើ លោក រដ្ឋលេខាធិការ ម៉ម វណ្ណៈ បានទទួលស្វាគមន៍ និងធ្វើការពន្យល់យ៉ាងយកចិត្តទុកដាក់ ដោយលោកបានរៀបរាប់ពី ឱកាសវិនិយោគដ៏ច្រើននៅកម្ពុជា លើកឡើងពីស្ថានភាពការងារ ច្បាប់ពាក់ព័ន្ធនានា សក្ដានុពលកម្លាំងពលកម្មរបស់ប្រជាពលរដ្ឋកម្ពុជា និងស្ថានភាពវិជ្ជមានជាច្រើនទៀត ប្រាប់ដល់ភាគីជប៉ុនយ៉ាងក្បោះក្បាយបំផុត។
លោក ម៉ម វណ្ណៈ បានសង្កត់ធ្ងន់ទៅលើ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានការគាំពារ ផ្ដល់ឱកាសដល់អ្នកវិនិយោគទុន និងយកចិត្តទុកដាក់លើសិទ្ធិសេរីភាពរបស់កម្មករនិយោជិត ពោលគឺអ្វីៗទាំងអស់ មានភាពល្អប្រសើរជាងប្រទេសដទៃ។
ភាគីជប៉ុនក៏បានសន្យាជួយផ្សព្វផ្សាយ និងជំរុញដល់អ្នកវិនិយោគជប៉ុន ឲ្យមានការចាប់អារម្មណ៍ពីឱកាសវិនិយោគ និងមកបោះទុនវិនិយោគនៅកម្ពុជា បន្ថែមទៀត ព្រោះក្រុមការងាររបស់លោក កូហ្សូ កាហ្គាវ៉ា បានមើលឃើញថា ក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជា នៅមានចំនួនតិចតូចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង៕




សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបឯក​អគ្គរដ្ឋទូត​ជប៉ុន​ថ្មី​

នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតអោយ លោក ហៃឌីហីសា ហូរិណុជិ (Hidehisa Horinouchi) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសជប៉ុន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរចំពោះ លោក Hidehisa Horinouchi ដែលបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មីជប៉ុនប្រចាំកម្ពុជា។ នៅក្នុងជំនួបនេះ លោក Hidehisa Horinouchi បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងច្រើននៅកម្ពុជាក្រោមការដឹកនាំរបស់  សម្តេចតេជោ ហ៊ុន សែន។ ប្រទេសជប៉ុនបានចាត់ទុកកម្ពុជា ជាប្រទេសដៃគូរជាយុទ្ធសាស្ត្រដ៏សំខាន់។
លោក ឯកអគ្គរដ្ឋទូតថ្មីក៏បានសំណូមពរ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាបន្តសហការ គាំទ្រចំពោះបេសកកម្មការទូតរបស់លោកនៅកម្ពុជា។ លោកឯកអគ្គរាជទូតជប៉ុនថ្មី ក៏បានប្រាប់អំពីគម្រោងរៀបចំអញ្ជើញ លោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះ លោកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍ជម្រាប   សម្តេចតេជោ ថា ប្រទេសជប៉ុនរីករាយស្វាគមន៍ នឹងទទួលរ៉ាប់រងរៀបចំទាំងអស់ចំពោះការអញ្ជើញទៅបំពេញទស្សនៈកិច្ចជាឯកជនរបស់ សម្តេចតេជោ និងក្រុមគ្រួសារនៅប្រទេស       ជប៉ុនក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានត្រៀមទទួល    សម្តេចនិងកូនប្រុស នៅក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ នឹងជិះយន្តហោះជប៉ុនដែលបានបើកការហោះត្រង់ពីជប៉ុនមកកម្ពុជា (ANA) ជាលើកដំបូងទៀតផង។ សម្តេចតេជោ បានអរគុណ ដល់រដ្ឋាភិបាលជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា រួមទាំងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងការបោះឆ្នោតនៅពេលខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនឯកអគ្គរដ្ឋទូតជប៉ុនថា នៅថ្ងៃទី៨ធ្នូ ២០១៦ ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅចូលរួមប្រារព្ធខួប៥ឆ្នាំនៃ ក្រុមហ៊ុនមីនីបៀរ របស់ជប៉ុនដែលបានបណ្តាក់ទុនបង្កើតរោងចក្រផលិតម៉ូទ័រដ៏ធំមួយនៅកម្ពុជា ហើយសង្ឃឹមថានឹងបានជួប លោកអគ្គរដ្ឋទូតជប៉ុនម្តងទៀតនៅទីនោះ។ សម្តេចតេជោ បានអរគុណមិត្តជប៉ុនដែលបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងបានផ្តាំផ្ញើសួរសុខទុក្ខចំពោះ លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) ផងដែរ៕


សម្តេ​ច ហេង សំរិន អញ្ជើញ​ជាអធិប​តីភាព ខួបអ​នុស្សាវរីយ៍​លើក​ទី៣៨ កំណើ​ត​រណសិរ្ស​សាម​គ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងជាប្រធាន រណសិរ្សមគ្គី           កសាងអភិវឌ្បន៏មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៨ កំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ហៅ ខួប២ធ្នូ ដែលរៀបចំឡើងនៅសន្និសីទចតុមុខ។
សូមជំរាបថា ២ ធ្នូ ឆ្នាំ២០១៦នេះ គឺជាខួបលើកទី ៣៨ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៦) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការរំដោះជាតិ ចេញពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ប៉ុលពត៕




ស​ម្តេច ហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នកវិនិយោគ​មក​ពីប្រទេស​ចិន​

កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ មុនពេលអញ្ជើញជាអធិបតីភាពប្រកាសបិទវេទិការធុរកិច្ច និងហិរញ្ញវត្ថុ កម្ពុជា-ចិន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានឆ្លៀតទទួលជួប ពិភាក្សាការងារ ទ្វេភាគីជាមួយ អ្នកវិនិយោគមកពីប្រទេសចិន ដើម្បីជំរុញលើកទឹកចិត្តឲ្យធុរកិច្ចជនទាំងនោះចាប់អារម្មណ៍វិនិយោគ នៅកម្ពុជាកាន់តែច្រើន។
សម្តេច ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលពិភាក្សារការងារជាមួយ លោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG មុននឹងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន ក្នុងឱកាសនោះផងដែរ សម្តេចបានមានប្រសាសន៍ថា សម្តេចធ្លាប់បានជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំងកំឡុងពេលដែលលោកចុះមកទស្សនៈ កិច្ចនៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាគ្នាជាបន្តបន្ទាប់ អំពីការរៀប ចំអោយមានវេទិកាធុរកិច្ច កម្ពុជាចិននេះឡើង។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ព័ន្ធទាំងអស់ដែលបានខិតខំរៀបចំអោយមានវេទិកាធុរកិច្ចកម្ពុជាចិននេះឡើង ដោយសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។
សូមរំលឹកផងដែរថា ក្នុងពេលថ្លែងប្រកាសបើកវេទិការធុរកិច្ចនិងហិរញ្ញវត្ថុកម្ពុជា-ចិន សម្តេចបានបញ្ជាក់ថា កម្ពុជាបានសម្រេចឲ្យអ្នកវិនិយោគទុនចិនទទួលបានការផ្តល់ទិដ្ឋាការ (VISA) ៣ ឆ្នាំ ដែលអាច ចេញចូល បានច្រើនដងដោយមិនចាំបាច់សុំមួយលើកៗក្នុងពេលមកកម្ពុជា។ រីឯវិនិយោគិនកូរ៉េក៏ទទួលបានដូចគ្នាដែរ។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងពីរកម្ពុជា-ចិនកំណត់ផែនការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យឈានដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧៕

ស.ស.យ.ក៖ សាមគ្គីភាព និងការលះបង់នូវសុភមង្គល អាយុជីវិតរបស់យយុវជនកាល ពី៣៨ឆ្នាំមុន បានផ្តល់ឱ្យនូវអ្វីដែលយើងមាននាថ្ងៃនេះ

ក្នុងឱកាសរំលឹកខួបលើកទី៣៨ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ០២ធ្នូ ១៩៧៨-០២ធ្នូ ២០១៦ (ស.ស.យ.ក) បានបញ្ជាក់ថា សាមគ្គីភាព និងការលះបង់នូវសុភមង្គល អាយុជីវិតរបស់យុវជនកាលពី៣៨ ឆ្នាំមុន បានផ្តល់ឱ្យនូវអ្វីដែលយើងមាននាថ្ងៃនេះ ហើយការរួមគ្នារបស់យើងនៅថ្ងៃនេះ នឹងផ្តល់ឱ្យយុវជនជំនាន់ក្រោយ ក្នុងការទទួលបានឱកាសអប់រំការងារ កិត្តិយស ព្រមទាំងភាពសុខដុមរមនា ឱ្យកាន់តែល្អប្រសើរឡើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃកំណើត សមាគមយុវជនសមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នមានឈ្មោះថា  សហភាពសហព័ន្ធយុវជនកម្ពុជា៕


សូមបងប្អូនត្រៀមអាវរងាទុក! រដូវរំហើយនឹងចូល មកដល់ក្នុង សប្តាហ៍ទី២ ខែធ្នូ ខាងមុខនេះ

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦ ក្រសួង ធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការ ព្យាករណ៍អាកាសធាតុ របស់ប្រទេសកម្ពុជា ដោយក្រសួង បានអះ អាងថា រដូវរំហើយ ដែលជារដូវរងានោះ នឹងចូលមកដល់នៅ ក្នុង សប្តាហ៍ទី២ នៃខែធ្នូខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ពិសេស បងៗកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែន សូម ប្រុងប្រៀបត្រៀមអាវរងាទុក ឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ខ្យល់មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធិពល គ្រប់ដណ្តប់លើប្រទេសកម្ពុជា ធ្វើឲ្យរាជធានី-ខេត្តចំនួន១២ អាចនឹង មានភ្លៀងធ្លាក់ពីតិចទៅច្រើន។
ខេត្តដែលអាចនឹងមានភ្លៀងធ្លាក់រួមមាន៖ រាជធានីភ្នំពេញ កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅតំបន់មាត់សមុទ្រ៕


លោក​ជំទាវ ម៉ែន សំអន គំាទ្រ​ការប្តេជ្ញា​ចិត្តរបស់​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​កម្ពុជា​ ចំពោះ​កម្មវិធី​បញ្ឈប់ការ​ចម្លង​មេរោគ​អេដស៍​ឆ្នាំ២០២៥

ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន គំាទ្រការប្តេជ្ញាចិត្ត របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍កម្ពុជា ដែលបានប្តេជ្ញាចិត្តចំពោះកម្មវិធីបញ្ឈប់ការចម្លងមេរោគអេដស៍នៅឆ្នាំ ២០២៥ ដើម្បីរៀបចំអនាគត អ្នកជំនាន់ក្រោយគ្មាន ជំងឺអេដស៍ និងការធានារស់នៅក្នុងភាពថ្លៃថ្នូរ និងរុងរឿងរបស់ប្រជាជនគ្រប់រូប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជំទាវ បានគំាទ្របែបនេះ ខណៈលោកជំទាវចូលរួមជាកិតិ្ដយស ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍ ០១ធ្នូ ឆ្នំា២០១៦ នៅសាលសន្និសីទចតុមុខ ព្រឹកថ្ងៃទី ០១ ធ្នូ ឆ្នំា ២០១៦ ។
លោកជំទាវបានបញ្ជាក់ថា តាមរយៈទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍០១ធ្នូ ឆ្នំានេះ កម្ពុជានិងសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា (ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍) ដែលធ្វើឡើងនៅសាសន្និសីទចតុមុខ។ របៀបវារៈការប្រយុទ្ធនឹងជម្ងឺអេដស៍ឈានទៅសម្រេចបានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ ឆ្នាំ២០២៥ មិនជាការងាយស្រួលទេ ពិសេសក្នុងបរិបទថ្មីមួយដែលក្នុង នោះយើងត្រូវបង្កើនការយកចិត្តទុកដាក់ដោយធានាទាំងប្រសិទ្ធភាព ប្រសិទ្ធិផលនិងចីរភាព។ លើសពីនេះចុងក្រោយត្រូវប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នានិងជម្នះអោយបានរាល់ឧបសគ្គនានាដែលរារាំងដល់ការធ្វើអន្តរាគមន៍របស់យើង ពិសេសលើការពង្រឹងយន្តការនៃការគ្រប់គ្រងធនធា្រនមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើ ប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីថ្មីៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្នាក់ជាតិនិងថា្នក់ក្រោមជាតិ។

លោកជំទាវ ក៏បានបន្ដថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមរៀបចំ និងសម្រេចជាមួយអង្គការសហប្រជាជាតិនៅមហាសន្និបាតវិសាមញ្ញសហប្រជាជាតិ ស្តីពីជំងឺអេដស៍ ឆ្នាំ២០១៦នាបុរីញូយ៉ក ក្នុងការដាក់ចេញនូវ សេចក្តីថ្លែងការណ៍ថ្មីស្តីពីការសម្រេចចិត្ត ជានយោបាយក្នុងការឈានទៅលប់បំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០។ ដូចនេះ យុទ្ធនាការ ប្រយុទ្ធនឹងជម្ងឺអេដស៍នូវតែជាអាទិភាពរបស់រាជរដ្ឋាភិបាលដូចចែងក្នុងផែនការយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជ រដ្ឋាភិបាលកម្ពជា។
លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានបញ្ជាក់ថា ជោគជ័យជាគន្លឹះដែលកម្ពុជាទទួលបានលើការងារទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅកម្ពុជា គឺ៖យោងតាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រនៅត្រឹមឆ្នាំ២០១៥ អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញ វ័យមានអាយុពី១៥-៤៩ឆ្នាំនៅកម្ពុជា គឺមាន0,៦%ដែលបន្តធ្លាក់ចុះពី១,៧% នៅក្នុងឆ្នាំ១៩៨ និង០,៨% នៅក្នុងឆ្នាំ
២០១១ និង០,៧% នៅក្នុងឆ្នាំ២០១២។
មានន័យថាកម្ពុជា មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបញ្ចប់ការរីករាលមេរោគអេដស៍ ប្រកបដោយជោគជ័យនិងប្រកបដោយក្តីសង្ឃឹម។ កម្ពុជាអាចសម្រេចក្នុងការផ្តល់ការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍បាន រហូតដល់ជាង៨៩%ក្នុង ចំណោមអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍៕