Friday, December 02, 2016

លោក​ជំទាវ ម៉ែន សំអន គំាទ្រ​ការប្តេជ្ញា​ចិត្តរបស់​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​កម្ពុជា​ ចំពោះ​កម្មវិធី​បញ្ឈប់ការ​ចម្លង​មេរោគ​អេដស៍​ឆ្នាំ២០២៥

ភ្នំពេញ៖ លោកជំទាវ ម៉ែន សំអន គំាទ្រការប្តេជ្ញាចិត្ត របស់អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍កម្ពុជា ដែលបានប្តេជ្ញាចិត្តចំពោះកម្មវិធីបញ្ឈប់ការចម្លងមេរោគអេដស៍នៅឆ្នាំ ២០២៥ ដើម្បីរៀបចំអនាគត អ្នកជំនាន់ក្រោយគ្មាន ជំងឺអេដស៍ និងការធានារស់នៅក្នុងភាពថ្លៃថ្នូរ និងរុងរឿងរបស់ប្រជាជនគ្រប់រូប លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជំទាវ បានគំាទ្របែបនេះ ខណៈលោកជំទាវចូលរួមជាកិតិ្ដយស ក្នុងទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍ ០១ធ្នូ ឆ្នំា២០១៦ នៅសាលសន្និសីទចតុមុខ ព្រឹកថ្ងៃទី ០១ ធ្នូ ឆ្នំា ២០១៦ ។
លោកជំទាវបានបញ្ជាក់ថា តាមរយៈទិវាពិភពលោកប្រយុទ្ធ នឹងជម្ងឺអេដស៍០១ធ្នូ ឆ្នំានេះ កម្ពុជានិងសម្រេចបាននូវគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា (ឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍) ដែលធ្វើឡើងនៅសាសន្និសីទចតុមុខ។ របៀបវារៈការប្រយុទ្ធនឹងជម្ងឺអេដស៍ឈានទៅសម្រេចបានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍ ឆ្នាំ២០២៥ មិនជាការងាយស្រួលទេ ពិសេសក្នុងបរិបទថ្មីមួយដែលក្នុង នោះយើងត្រូវបង្កើនការយកចិត្តទុកដាក់ដោយធានាទាំងប្រសិទ្ធភាព ប្រសិទ្ធិផលនិងចីរភាព។ លើសពីនេះចុងក្រោយត្រូវប្តេជ្ញាចិត្តយ៉ាងមោះមុតរួមគ្នានិងជម្នះអោយបានរាល់ឧបសគ្គនានាដែលរារាំងដល់ការធ្វើអន្តរាគមន៍របស់យើង ពិសេសលើការពង្រឹងយន្តការនៃការគ្រប់គ្រងធនធា្រនមនុស្ស ការចលនាធនធានក្នុងស្រុក ការប្រើ ប្រាស់បច្ចេកវិទ្យា និងយុទ្ធវិធីថ្មីៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្នាក់ជាតិនិងថា្នក់ក្រោមជាតិ។

លោកជំទាវ ក៏បានបន្ដថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជាបានចូលរួមរៀបចំ និងសម្រេចជាមួយអង្គការសហប្រជាជាតិនៅមហាសន្និបាតវិសាមញ្ញសហប្រជាជាតិ ស្តីពីជំងឺអេដស៍ ឆ្នាំ២០១៦នាបុរីញូយ៉ក ក្នុងការដាក់ចេញនូវ សេចក្តីថ្លែងការណ៍ថ្មីស្តីពីការសម្រេចចិត្ត ជានយោបាយក្នុងការឈានទៅលប់បំបាត់ជំងឺអេដស៍នៅត្រឹមឆ្នាំ២០៣០។ ដូចនេះ យុទ្ធនាការ ប្រយុទ្ធនឹងជម្ងឺអេដស៍នូវតែជាអាទិភាពរបស់រាជរដ្ឋាភិបាលដូចចែងក្នុងផែនការយុទ្ធសាស្ត្រចតុ កោណដំណាក់កាលទី៣របស់រាជ រដ្ឋាភិបាលកម្ពជា។
លោកទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ បានបញ្ជាក់ថា ជោគជ័យជាគន្លឹះដែលកម្ពុជាទទួលបានលើការងារទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅកម្ពុជា គឺ៖យោងតាមការប៉ាន់ប្រមាណតាមបែបវិទ្យាសាស្ត្រនៅត្រឹមឆ្នាំ២០១៥ អត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញ វ័យមានអាយុពី១៥-៤៩ឆ្នាំនៅកម្ពុជា គឺមាន0,៦%ដែលបន្តធ្លាក់ចុះពី១,៧% នៅក្នុងឆ្នាំ១៩៨ និង០,៨% នៅក្នុងឆ្នាំ
២០១១ និង០,៧% នៅក្នុងឆ្នាំ២០១២។
មានន័យថាកម្ពុជា មានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបញ្ចប់ការរីករាលមេរោគអេដស៍ ប្រកបដោយជោគជ័យនិងប្រកបដោយក្តីសង្ឃឹម។ កម្ពុជាអាចសម្រេចក្នុងការផ្តល់ការព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍បាន រហូតដល់ជាង៨៩%ក្នុង ចំណោមអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ដែលត្រូវការឱសថប្រឆាំងមេរោគអេដស៍៕

No comments:

Post a Comment