Thursday, August 31, 2017

(សូមទស្សនាវីដេអូ) Facebook កូនខ្មែរ​ ទម្លាយទៀតហើយ៖ ក្រុមជ្រុលនិយមរបស់តៃវ៉ាន់ជួបប្រជុំសម្ងាត់ជាមួយមេដឹកនាំ CNRP នៅទីស្នាក់ការកណ្ដាល!

វីដេអូខ្លី ស្តីពីកម្មករ កម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា និយាយអំពីភាពប្រសើរឡើងនៃជីវភាព

ក្រោមគោលនយោបាយរ​បស់រាជរដ្ឋាភិបាលកម្ពុជា ប្រាក់ឈ្នួលរបស់ កម្មករ និយោជិត បានកើនឡើងជារៀលរាល់ឆ្នាំ ដែលចូលរួមចំណែកជំរុញដល់ជីវភាពរបស់ពួកគេ និងក្រុមគ្រួសារឱ្យមានការប្រសើរឡើងផងដែរ។ នៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួល របស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានកើន១៣ដុល្លារ ពោលគឺកើនដល់១៥៣ដុល្លារ ដោយមិនទាន់បូករួមជាមួយនឹងប្រាក់ថែមម៉ោង និងប្រាក់ឧបត្ថម្ភផ្សេងៗដែលសរុបទៅប្រមាណជាង២០០ដុល្លារ។

ដោយឡែកនៅឆ្នាំ២០១៨ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមា ក៏នឹងត្រូវបានដំឡើង មិនតិចជាង១៦០ដុល្លារផងដែរ។ ក្រៅពីនោះ កម្មករ កម្មការិនីខ្មែរ ត្រូវបានលើកកម្ពស់តាមរយៈការផ្តល់នូវរបបធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ របបថែមទាំសុខភាព។ ជាមួយគ្នានេះ នៅឆ្នាំ២០១៩នោះ កម្មករ និយោជិត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍ដូចទៅនឹងមន្រ្តីរាជការថែមទៀត៕

(សូមទស្សនាវីដេអូ) ក្រុមប្រឹក្សាឃុំចំណោមគណបក្សសង្រ្គោះជាតិទាស់សម្តីគ្នារឿងលុយកាក់ និងតំណែងមេឃុំ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីនីតិវិធីនៃការផ្ដល់តាវកាលិកផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីរាជការ

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលអនុក្រឹត្យនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មន្ត្រីរាជការ ដូចជាអត្ថប្រយោជន៍ផ្នែកហានិភ័យការងារ និងអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព។

យោងតាមអនុក្រឹត្យដែលចុះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា អត្ថប្រយោជន៍ផ្នែកហានិភ័យការងារដែលមន្រ្តីរាជការទទួលបានរួមមាន៖ ១- ការផ្តល់សេវាសង្គ្រោះបន្ទាន់, ២- ការព្យាបាល និងថែទាំមុខរបួស ឬជំងឺដែលបណ្តាលមកពីហានិភ័យការងារ (គ្រោះថ្នាក់ការងារ) តាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះដោយសម្រាក ឬមិនសម្រាកនៅក្នុងមន្ទីរពេទ្យក្តីរហូតដល់ជាសះស្បើយ, ៣- ការផ្គត់ផ្គង់ឱសថសម្រាប់ការព្យាបាល និងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល, ៤- ការផ្តល់សេវាស្តារនីតិសម្បទា មានជាអាទិ៍ ការផ្គត់ផ្គង់ ការថែទាំ ឬជួសជុលឧបករណ៍អវៈយវៈ ឬសរីរាង្គសិប្បនិម្មិត ឬការកែទម្រង់រាងកាយដែលតម្រូវដោយគ្រូពេទ្យផ្លូវការ ការសម្របសម្រួលមុខងារ ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឡើងវិញ, ៥- ការផ្តល់សេវាដឹកសព ឬបញ្ជូនជនរងគ្រោះពេលសង្គ្រោះបន្ទាន់។

ចំណែកអត្ថប្រយោជន៍ផ្នែកថែទាំសុខភាព រួមមាន៖ ១- ការផ្តល់សេវាព្យាបាល និងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ, ២- សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត, ៣-ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល, ៤- ឱសថតាមវេជ្ជបញ្ជា, ៥-ការផ្តល់សេវាសម្រាលកូន និងការព្យាបាលថែទាំមុន និងក្រោយពេលសម្រាល, ៦-ការផ្តល់សេវាព្យាបាលដោយស្អំ ឬការព្យាបាលដោយចលនា ឬសេវាស្តារនីតិសម្បទាដទៃទៀត, ៧- សេវាសង្គ្រោះបន្ទាន់ក្នុងករណីសង្គ្រោះបន្ទាន់៕















អាជ្ញាធរជាតិអប្សរាដាំដើម​គគីរ១៨០០ដើម​នៅច្រកចូលខាងកើត​ ឆៀងខាង​ត្បូងក្នុង​បរិវេណប្រាសាទ​តាព្រហ្ម​

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាព ដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មានន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកបានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំ នាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបានប្រមាណ ២៧ម៉ឺនដើមហើយ៕




ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ផ្សព្វផ្សាយការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតង

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ការពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២» ក្រោមអធិ បតីភាព លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និង លោក កែន សេរីរដ្ឋា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច។

វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង៖ ១- បង្ហាញពីការវិភាគថ្នាក់ជាតិលើសក្ដានុពលនៃការអភិវឌ្ឍទីក្រុងបៃតង និងការវាយតម្លៃទិន្នន័យជាមូលដ្ឋានថ្នាក់ក្រុង ២- ពិភាក្សាលើគុណប្រយោជន៍ និងកត្តាប្រឈមនៃការអភិវឌ្ឍទីក្រុងបៃតង ដំណាក់កាលទី២ និង ៣- ផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញទៅតាមវិស័យនីមួយៗ។ កម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ (២០១៧-២០១៨) ផ្តោតទៅលើបណ្តាក្រុងដែលមានសក្តានុពលបៃតង សម្រាប់ការអភិវឌ្ឍទីប្រជុំជនបៃតងរបស់ខ្លួន។ ការអនុវត្តកម្មវិធីនេះ នឹងជួយឱ្យសម្រេចបាននូវផែនការយុទ្ធសាស្រ្តទីក្រុងបៃតងសម្រាប់ទីក្រុងដែលមានសក្តានុពលបៃតង និងបញ្ជីគម្រោងវិនិយោគអភិវឌ្ឍន៍បៃតងដែលបានកំណត់អាទិភាពសម្រាប់ទីក្រុងទាំងនោះ។

សូមបញ្ជាក់ថា ទីក្រុងចំនួន៧ បានជ្រើសរើសសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍បៃតងនៅកម្ពុជារួមមាន៖ ក្រុងសួង ក្រុងកំពង់ចាម ក្រុងបាវិត ក្រុងកែប ក្រុងព្រះសីហនុ ក្រុងបាត់ដំបង និងក្រុងសៀមរាប។ កិច្ចពិគ្រោះយោបល់ និងការកសាងសមត្ថភាពនៃកម្មវិធីអភិវឌ្ឍន៍ទីប្រជុំជនបៃតងសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី២ រៀបចំឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធជាច្រើននាក់៕







កម្ពុជា-វៀតណាម រួមគ្នាផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញចរន្តលំហូរទេសចរពីគ្នាទៅវិញទៅមក និងទាក់ទាញប្រទេសទី៣ឱ្យកាន់តែច្រើន

ក្រសួងទេសចរណ៍កម្ពុជា ទទួលបានការអញ្ជើញពីក្រសួងទេសចរណ៍វៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាក្នុងការចូលរួមក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍វៀតណាម (Vietnam Tourism Roadshow) ក្នុងគោលបំណងជំរុញចរន្តលំហូរទេសចរពីគ្នាទៅវិញទៅមក ពិសេសដើម្បីទាក់ទាញទេសចរពីប្រទេសទីបីឱ្យកាន់តែច្រើនថែមទៀត។

សន្និសីទនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ ដែលមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា លោក ង្វៀន បាវ អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំកម្ពុជា លោក ហា វ៉ាន់សីវ អនុប្រធានរដ្ឋបាលទេស​ចរណ៍ជាតិវៀតណាម ព្រមជាមួយថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជននៃភាគីទាំងពីរជាច្រើនទៀត។ លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងថា ដើម្បីបង្កើនចំនួនទេសចរអន្តរជាតិ ពិសេសទេសចរវៀតណាម កម្ពុជាតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ភាគីវៀតណាម ដោយបានចូលរួមក្នុងពិ​ព័​រណ៍ទេសចរណ៍វៀតណាម ដូចជា ITE HCMC, VITM, Da Nang, Kanthur និងបានរៀបចំសម្របសម្រួលទស្សនកិច្ចសិក្សាជាច្រើន។

លោករដ្ឋមន្រ្តី បានបន្តថា នៅឆ្នាំ២០១៨ ខាងមុខ ក្រសួងទេសចរណ៍គ្រោងពង្រីកកម្មវិធីដំណើរកម្សាន្តតាមក្បួនរថយន្ត (Caravan Tour) ចេញពីខេត្តនៅតាមព្រំដែនឆ្ពោះទៅកាន់ប្រទេសវៀតណាមដើម្បីទាក់ទាញប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះឱ្យមានឱកាសផ្លាស់ប្តូរទស្សនកិច្ចគ្នា និងជំរុញញការធ្វើដំណើរទេសចរណ៍ទៅមករវាងប្រទេសទាំងពីរ។ កម្ពុជា និងវៀតណាម មានសក្តានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែបដែលមិនគ្រាន់តែផ្តល់ជូនសម្រាប់ប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងបានទាក់ទាញទេសចរប្រទេសទីបីបានច្រើនទៀតផង។ ច្រករបៀងខាងត្បូង មានខេត្តជាប់សមុទ្រ និងឆ្នេរដ៏ស្រស់ស្អាត ក៏ជាតំបន់ប្រវត្តិសាស្រ្ត និងវប្បធម៌ធម្មជាតិដ៏ទាក់ទាញ ដែលអាចបង្កើតកញ្ចប់ខ្សែទស្សនកិច្ចរវាង​ប្រទេស​ទាំងពីររួមបញ្ចូលដំណើរកម្សាន្តតាមនាវាសមុទ្រ និងទន្លេផង។

លោក ថោង ខុន ក៏បានជំរាបជូនអង្គពិធីអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ពន្ធ័ នៅតាមច្រករបៀងខាងត្បូងក្នុងក្របខណ្ឌ GMS ដូចជា កំពង់ផែទេសចរណ៍នៅខេត្តកំពត ការពង្រីកផ្លូវជាតិលេខ ៤៨ តាមរបៀងមាត់សមុទ្រ។ល។ ភាគីវៀតណាមបានឱ្យដឹងថា ក្នុងឆ្នាំ២០១៦ ទេសចរកម្ពុជាដែលទៅទស្សនាប្រទេសរបស់ខ្លួន មានចំនួន ២១២,០០០នាក់ ហើយក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧ មានទេសចរកម្ពុជាចំនួន ១៣១,០០០នាក់ បានទៅទស្សនាវៀតណាមផងដែរ។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវដល់រដ្ឋបាលទេសចរណ៍ជាតិវៀតណាម និងក្រុមហ៊ុនទេសចរណ៍វៀតណាម រួមទាំងក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក​ និងអន្តរជាតិទាំងអស់ ទាំងនៅក្នុង និងក្រៅសមាគមទេសចរណ៍ចូលរួមក្នុងពិពរ័ណ៍ទេសចរណ៍កម្ពុជាអន្តរជាតិលើកទី១ (CTM) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នៅមជ្ឈមណ្ឌលសន្និសីទសណ្ឋាគារសុខាសៀមរាបក្នុងខេត្តសៀមរាប។ មកទល់ពេលនេះ កម្ពុជា បានទទួលការឆ្លើយតបចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះពីប្រទេសព្រុយណេ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងហ្វីលីពីន។

សូមជម្រាបថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបាន​ទេសចរ​អន្តរជាតិ​ជាង ៥លាននាក់ កើនឡើង ៥% ក្នុងនោះមានទេសចរវៀតណាម ៩៥៩,៦៦៣នាក់ ឈរក្នុងលំដាប់ទី១។ សម្រាប់ឆមាសទី១ ឆ្នាំ២០១៧​ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៧លាននាក់ កើនឡើង ១២.៨% ក្នុងនោះទេសចរវៀតណាមមានចំនួន ៣៩២​,៣៨៨នាក់ ស្ថិតក្នុងលំដាប់លេខរៀងទី២ នៃទីផ្សារអាទិភាពទាំង១០របស់កម្ពុជា៕








កិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការ ស្តីពីការត្រៀមរៀបចំបុណ្យទន្លេ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៧នេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការស្តីពីការត្រៀមរៀបចំបុណ្យទន្លេ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំនោះមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុកសរុបចំនួន៥១រូបផងដែរ ។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះថា ការរៀបចំបុណ្យទន្លេក្នុងគោលបំណងរំលឹកដល់គុណទឹកទន្លេ ដែលបានស្រោចស្រប ដល់វិស័យកសិកម្ម ជលផល និង បម្រើផលប្រយោជន៍ នានារបស់មនុស្សជាតិ។

លោក ឈួរ ច័ន្ទឌឿន ក៏បានជំរុញដល់អាជ្ញាធរដែនដីត្រូវ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ និងកុំធ្វើអ្វីៗ អោយប៉ះពាល់ បរិស្ថាន និង សោភ័ណភាពតាមច្រាំងទន្លេ ៕







ក្រុមស្រាវជ្រាវព្រៃរកឃើញសត្វត្រយ៉ងយក្ស ចំនួន០៤ក្បាល នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS បានរកឃើញសត្វត្រយ៉ងយក្ស ចំនួន០២គូរ ស្មើនឹង០៤ក្បាល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ របស់អង្គការ WCS នេះគឺជាការរកឃើញប្រភេទសត្វស្លាបផុតពូជលើពិភពលោកជាលើកដំបូងសម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។

លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានឱ្យដឹងថា ក្រុមលោកនឹងបន្តស្វែងរកសំបុកពងកូនរបស់សត្វត្រយ៉ងយក្សទាំងនេះ ព្រោះឥឡូវនេះ ជារដូវពងកូនរបស់ពួកវា។ ក្រុមអ្នកស្រាវជ្រាវ នឹងធ្វើការងារជាមួយសហគមន៍ និងក្រុមល្បាត នៃក្រសួងបរិស្ថាន ដើម្បីការពារសំបុកពងកូនសត្វត្រយ៉ងយក្សផងដែរ។ ការរកឃើញសត្វត្រយ៉ងយក្ស ចំនួន០២គូរ នេះ ឆ្លុះបញ្ចាំងជាថ្មីម្តងទៀតថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាតំបន់មានជីវៈចម្រុះខ្ពស់ និងពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់អភិរក្សប្រភេទថនិកសត្វ និងសត្វ ស្លាបប្រភេទរងគ្រោះ។

សូមបញ្ជាក់ថា ត្រយ៉ងយក្ស ជាសត្វស្លាបតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតលើពិភពលោក។ គេរកឃើញមានតែនៅក្នុងប្រទេសកម្ពុជា និងមានតិចតួចនៅប្រទេសឡាវផងដែរ។ នៅលើពិភពលោក សត្វត្រយ៉ងយក្សពេញវ័យមានត្រឹមតែ១៩៤ក្បាលប៉ុណ្ណោះ ហើយ៩៩ភាគរយមានវត្តមាននៅកម្ពុជា។ ដូចនេះអ្នកអភិរក្សបរិស្ថាន បានឱ្យដឹងថា ការពង្រឹងកាអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាសហគមន៍ពិតជាចាំបាច់ក្នុងការធានាដល់ការរស់នៅរបស់សត្វព្រៃនៅកម្ពុជា៕



ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវ ការនូវរថយន្ត ពិសោធន៍ប្រេងឥន្ធនៈចល័ត (Mobile Lab)

ដើម្បីរួមចំណែកការពារអត្ថប្រយោជន៍អ្នកប្រើប្រាស់ប្រេងឥន្ធនៈនៅកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្ម បានដាក់ឲ្យដំណើរការជាផ្លូវការនូវមន្ទីរពិសោធន៍ចល័ត (Mobile Lab) ផ្នែកប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីសំខាន់ៗប្រមាណ ៥០រូប។

រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈនេះម៉ាក Ford ម៉ូដែលឆ្នាំ ២០១៦ មានតម្លៃសរុបចំនួន 152,982.49 ដុល្លារអាមេរិក ហើយគឺជារថយន្តទី២ បន្ទាប់ពីរថយន្តមន្ទីរពិសោធន៍ចល័តទី១ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីតាមដាន និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាពម្ហូបអាហារ កាលពីចុងឆ្នាំ ២០១៦កន្លងទៅ។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការដាក់ដំណើររថយន្តមន្ទីរ ពិសោធន៍ចល័តផ្នែកប្រងឥន្ធនៈ បង្ហាញពីការគិតគូរយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមអាជ្ញាធរដែលមានបេសកម្ម និងភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហ័រណ និងបង្ក្រាបអំពើក្លែងបន្លំនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថារថយន្តនេះនឹងជួយពង្រឹងប្រសិទ្ធភាពការងាររបស់មន្ត្រីកាំកុងត្រូល ក្នុងការចុះត្រួតពិនិត្យប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ ឬដេប៉ូចែកចាយនៅក្នុងរាជធានី និងតំបន់ឆ្ងាយៗទូទាំងប្រទេស ព្រោះវាមានបំពាក់ដោយឧបករណ៍ទំនើប ដែលអាចវិភាគរកនូវប៉ារ៉ាម៉ែត្រនៃផលិតផលទំនិញជាប្រេងឥន្ធនៈទាំងផ្នែកគុណភាព និងបរិមាណ។

សូមបញ្ជាក់ថា បន្ទាប់ពីដាក់ឲ្យដំណើរការរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈថ្ងៃនេះ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទដូចជា ប្រេងប្រេងម៉ាស៊ូត, ប្រេងសាំង (ស៊ុបពែរ និងសាំងធម្មតា) និងប្រេងម៉ាស៊ីន នៅតាមស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ធនៈទូទាំងប្រទេស សំដៅធានាភាពជឿជាក់ជូនប្រជាពលរដ្ឋ ក្នុងការទទួលបានទំនិញជាប្រេងឥន្ធនៈប្រកបដោយគុណភាព និងបរិមាណត្រឹមត្រូវ ព្រមទាំងធានានូវការធ្វើធុរកិច្ចប្រកបដោយសមធម៌ និងរក្សាសណ្តាប់ធ្នាប់ទីផ្សារប្រេងឥន្ធនៈនៅកម្ពុជា៕






សមត្ថកិច្ច​ និងប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ នាំគ្នាចុះ​សំអាតទ្វារទឹក​៥កន្លែង ​នៅទំនប់ទឹក​២០ឧសភា​

កំពង់ឆ្នាំ៖ កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចំនួន៦៥នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការតំបន់សឹករងខេត្ត រួមជាមួយ មន្រ្តីមន្ទីរធនធានទឹក កងរាជអាវុធហត្ថ នគរបាល នឹងប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ បានសហការចុះ សំអាតសំណាត់ និង កំប្លោក ដែលបានរសាត់អណ្តែតតាមខ្សែទឹកមកកកស្ទះនៅតាមបណ្តាទ្វារទឹកចំនួន ៥កន្លែង ស្ថិតនៅតាមបណ្តោយទំនប់អាងទឹក ២០ ឧសភា មានទីតាំងក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ធន ធឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរ នឹងទៅរកស៊ីលក់ដូរនៅតំបន់នោះ សូមជួយផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដល់អជ្ញាធរដែនដី អំពីហេតុការណ៍ផ្សេងៗ ដែលអាចកើតមានដោយសារកំពស់ទឹកនៅរដូវវស្សា ធ្វើឲ្យប៉ះពាល់ដល់ទំនប់អាងទឹក ២០ ឧសភានេះ។

លោកបានបញ្ជាក់បន្ថែមថា ដោយសារតំបន់នេះ គឺជាអាងទឹកមួយដ៏មានសារៈសំខាន់បំផុត សម្រាប់បងប្អូនប្រជាកសិករ ប្រើប្រាស់ធ្វើស្រែចំការនៅរដូវប្រាំង និងសារៈសំខាន់មួយទៀតនោះ អាងទំនប់នេះក៏ជាទីរមណីយដ្ឋានមួយសម្រាប់កម្សាន្តផងដែរ ដូច្នេះសូមចូលរួមការពារទាំងអស់គ្នា ដើម្បីសហគមន៍យើង និងដើម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានភាពសម្បូរសប្បាយរុងរឿង៕





ក្រសួងសុខាភិបាល​ រៀបចំយុទ្ធនាការ​ ចុះពិនិត្យ​សុខភាពទូទៅ​ ជូនកម្មករ-កម្មការិនី​ នៅតាមរោងចក្រ​

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លើការរៀបចំយុទ្ធនាការ ចុះពិនិត្យសុខភាព ជូនបងប្អូនកម្មករ-កម្មការិនី នៅតាមរោងចក្រសហគ្រាស ក្នុងខេត្ត ដែលមានរោងចក្រធំៗមួយចំនួន ដែលមានកម្មករ-កម្មការិនីបម្រើការច្រើននៅទីនោះ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ការយកចិត្តទុកដាក់លើសុខភាពកម្មករ-កម្មការិនីរោងចក្រ សហគ្រាសនេះ គឺបង្ហាញពីការជួយគិតគូរ ដល់ការរស់នៅ និងជីវភាពរបស់ពួកគាត់ ឲ្យមានភាពល្អប្រសើរឡើង តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកបានបន្ថែមថា ការចុះពិនិត្យសុខភាពជូនកម្មករ-កម្មការិនីរោងចក្រនេះ នឹងជួយដោះស្រាយបញ្ហាសុខភាពទូទៅ របស់ពួកគាត់ ដោយក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការពិនិត្យព្យាបាល ចំពោះរាល់ថ្លៃការព្យាបាល គឺរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃជួស៕



សេចក្តីព្រាងច្បាប់អធិការកិច្ចមានគោលដៅជំរុញ ស្ថាប័នរដ្ឋ និងឯកជន ឱ្យបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ​ស​ភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់អធិការកិច្ច នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោកស្រីឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសសើរចំពោះលោក លោកស្រី សមាជិក សមា​ជិកា និងអ្នកចូលរួមទាំងអស់ដែលបានចំណាយពេលដ៏មមាញឹកនិងមានតម្លៃដើម្បីចូលរួមជាមតិយោបល់យ៉ាងផុសផុលនៅក្នុងអង្គសិក្ខាសាលារយៈពេលពេញមួយថ្ងៃដ៏មានសារៈសំខាន់នេះ។

លោកស្រី ម៉ែន សំអន ក៏បានលើកឡើងផងដែរអំពីគោលបំណងនៃការតាក់តែងច្បាប់នេះគឺក្នុងន័យកំណត់អំពីការដឹកនាំ និងការគ្រប់គ្រងលើវិស័យអធិការកិច្ចប្រកបដោយនិរន្តរភាព ដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ច អភិបាលកិច្ចល្អ និងនីតិរដ្ឋ និងមានគោលដៅជំរុញស្ថាប័នសាធារណៈ ស្ថាប័នមិនមែនរដ្ឋឱ្យបំពេញភារកិច្ចប្រកបដោយសក្តានុពលភាព តម្លាភាព គណ​នេយ្យភាព និងប្រសិទ្ធភាព តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីបង្ការ ទប់ស្កាត់ កែលម្អ រាល់បទល្មើសអធិការកិច្ចដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍប្រទេសផងដែរ៕










ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី៣១ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


ទស្សនៈមិត្តអ្នកអាន៖ តើអាជីវករផ្សារធំថ្មី គួរនាំគ្នារកភាពស្អាតស្អំឲ្យខ្លួនឯងឬទេ? ខណៈអ្នកគាំទ្របក្សប្រឆាំងផ្សេងទៀតបន្តនាំគ្នាហៅថា «អាជីវករយួន»

ក្រុមអ្នកវង្វេងក្នុងមនោគមន៍វិជ្ជាលាបពណ៌របស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលតែងហៅអ្នកមិនគាំទ្របក្សខ្លួនថា ជាជនជាតិយួននោះ បាននិងកំពុងបន្តនាំគ្នាផ្សេងទៀតចោទប្រកាន់ និងបំពាក់ជាតិសាសន៍ថ្មីឲ្យក្រុមអាជីវករផ្សារធំថ្មីថា ជាជនជាតិយួន ទៀតហើយ។ ការចោទប្រកាន់របស់ក្រុមមនុស្សដែល គេដឹងថា មានសមានចិត្ត និងគាំទ្រគណបក្សសង្រ្គោះជាតិ ទៅលើក្រុមអាជីវករផ្សារថ្មីថា ជាយួនបានកើតមានឡើងបន្ទាប់ពីពួកគេឃើញក្រុមអាជីវករទាំងនេះ ទៅទទួលស្វាគមន៍ និងសម្តែងភាពស្និទ្ធស្នាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំបានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីជីវិតពលរដ្ឋខ្មែរ និងប្រទេសជាតិ។

កាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា សប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចុះទៅសាកសួរសុខទុក្ខបងប្អូនអាជីវករ ក្នុងផ្សារធំថ្មីដោយផ្ទាល់។ ដំណើរចុះទៅដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យបងប្អូនអាជីវករ ស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏កម្រ របស់ប្រមុខរាជរដ្ឋាភិបាលទៅកាន់កន្លែងប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។

វត្តមានសម្តេចតេជោ ហ៊ុន សែន នៅផ្សារធំថ្មី គេឃើញបងប្អូនអាជីវករទូទាំងផ្សារ បានចេញមកសម្តែងការគោរពស្រឡាញ់យ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន។ មានអ្នកខ្លះឱបថើប និងខ្លះទៀតព្យាយាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេច បើទោះបីការចូលទៅថតរូប និងការឱបរឹតនោះមានការលំបាកបន្តិច ព្រោះតែចំនួនអាជីវករក្នុងផ្សារមានចំនួនច្រើនក៏ដោយនោះ។ តាមរយៈកាយវិការដ៏ផ្អែមល្ហែម និងស្និទ្ធស្នាលបានស្តែងឲ្យឃើញថា ក្រុមអាជីវករក្នុងផ្សារធំថ្មីពិត ជាមានសមានចិត្ត និងការគោរពស្រឡាញ់ចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងធំធេង។

អ្នកគាំទ្របក្សប្រឆាំង គេតែងតែលាបពណ៌រាល់អ្នកគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន គឺទៅជាជនជាតិយួន បើទោះបីពួកគេដឹងថា អ្នកគោរពស្រឡាញ់ ទាំងនោះ ទាំងសាច់ ទាំងឈាម ទាំងពូជពង្សជាជាតិខ្មែរដូចពួកគេក៏ដោយ។ ជាក់ស្តែងបុរសម្នាក់ មានឈ្មោះក្នុង Facebook ថា «Lam Rady» ជាបុគ្គលិកក្រុមហ៊ុនឯងជនមួយនៅរាជធានីភ្នំពេញ ហើយដែលគេសង្ស័យថា បុរសរូបនេះជាអ្នកមានសមានចិត្តខ្ពស់ជាមួយគណបក្សសង្រ្គោះជាតិនោះ សម្រេចចិត្តចោទប្រកាន់ និងលាបពណ៌ក្រុមអាជីវករនៅក្នុងផ្សារធំថ្មីទាំងអស់ថា «សុទ្ធតែជាជនជាតិយួន»។

ការចោទប្រកាន់ក្រុមអាជីវករផ្សារធំថ្មីជាជនជាតិយួន ពីសំណាក់លោក «Lam Rady» បានធ្វើឡើងតាមរយៈការបញ្ចេញមតិយោបល់ នៅក្នុងអត្ថបទមួយ ចុះផ្សាយនៅលើទំព័រ Facebook របស់ Fresh News មានចំណងជើងថា «ជនបរទេសភ្ញាក់ផ្អើលនឹងប្រជាប្រិយភាពសម្តេចតេជោ ហ៊ុន សែន នៅពេលសួរសុខទុក្ខបងប្អូនអាជីវករនៅផ្សារធំថ្មី!»។ ក្រៅពីបុរស «Lam Rady» គេក៏សង្កេតឃើញក្រុមអ្នកដែលសង្ស័យមានសមានចិត្ត និងគាំទ្រគណបក្សសង្រ្គោះជាតិមួយចំនួនទៀត សុទ្ធរួមគ្នាលាបពណ៌ និងបំពាក់ជាតិសាសន៍យួន ទៅក្រុមអាជីវករនៅផ្សារធំថ្មីផងដែរ។

បុរសម្នាក់ទៀតប្រើ Facebook ឈ្មោះ «Paok Phearun» បានសរសេរថា «គេគ្មានមនោគមន៍វិជ្ជាអីទេ គេថាគេមានសំអាង ខ្ញុំមិនជើងទេ។ ខ្ញុំចូលទៅផ្សារថ្មីអ្នកលក់នៅនឹងគឺពិតជាយួនមែន»។

តែទោះជាយ៉ាងណា គេក៏ឃើញមានការចេញមកប្រតិកម្មតបទៅ នឹងការលាបពណ៌របស់ក្រុមបក្សប្រឆាំងនេះផងដែរ។ អ្នកខ្លះទៀត ក៏បានចោទជាសំណួរថា «បងប្អូនអាជីវករឈឺចាប់ទេ ដែលបុរសម្នាក់នេះ (Lam Rady) លាបពណ៌ថាជាយួននោះ។ សារធាតុសកម្មជនបក្សប្រឆាំង គឺយ៉ាងនេះ មានតែការលាបពណ៌ ញុះញង់បំបែកបំបាក់តែប៉ុណ្ណោះ»។

អ្នកលេង Facebook ម្នាក់ទៀត បានចេញមកបន្តថា «បក្សប្រឆាំងមានសន្លឹកឆ្នោតច្រើនដោយសារអាជីវករ តែបើគាត់ (អាជីវករ) ដឹងប្រហែលគាត់ស្តាយ ក្រោយណាស់»។

ការព្យាយាមលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យក្រុមអាជីវករផ្សារធំថ្មីជា «ជនជាតិយួន» ពីសំណាក់លោក «Lam Rady» មិនមែនជារឿងថ្មីឡើយ នៅក្នុងសង្គមកម្ពុជា។ ការលាបពណ៌ និងបំពាក់ជាតិសាសន៍ថ្មីឲ្យខ្មែរគ្នាឯងថាជា «ជនជាតិយួន» គេតែងតែបានឮចេញពីក្រុមអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ក៏ដូចជា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា និងថ្នាក់ដឹកនាំបក្សប្រឆាំងជាច្រើនទៀត រាល់ពេលមានសកម្មជនបក្ស ឬ អ្នកគាំទ្ររបស់ពួកគេ ឈប់គាំទ្របក្ស ទៅរួមរស់ជាមួយគណបក្សកាន់អំណាច ឬគណបក្សនយោបាយផ្សេង។

មិនត្រឹមតែក្នុងសម័យបច្ចុប្បន្ននោះទេ ក្នុងពេលដែលប្រទេសកម្ពុជារងឥទ្ធិពលសង្រ្គាមត្រជាក់នាអំឡុងទសវត្សរ៍ឆ្នាំ៦០-៧០ ការលាបពណ៌ និងបំពាក់ជាតិសាសន៍យួននេះ ក៏ត្រូវបានគេយកមកប្រើផងដែរ ដើម្បីសម្រេចមហិច្ឆតានយោបាយដណ្តើមអំណាចនៅក្នុងសង្គមនយោបាយខ្មែរ។ ការលាបពណ៌ និងការសាបព្រោះបំពាក់ជាតិសាសន៍យួនឲ្យខ្មែរគ្នាឯងនេះ គឺជាល្បែងនយោបាយដ៏សែនគ្រោះថ្នាក់នៅកម្ពុជា ហើយទីបំផុតបានបំផុតចិត្តគំនិតស្ពប់គុំកួនរវាងខ្មែរ និងខ្មែរគ្នាឯងបានកើតមានឡើង រហូតឈានដល់ការសម្លាប់ខ្មែរគ្នាឯងយ៉ាងរង្គាល ក្រោមលេសចោទប្រកាន់លាបពណ៌ថាជាជនជាតិយួន។

បើទោះបីជាយ៉ាងណា ការលាបពណ៌ពីសំណាក់ក្រុមអ្នកគាំទ្របក្សប្រឆាំងនេះ គេមិនទាន់មានឃើញការសម្តែងប្រតិកម្មពីប្រធានផ្សារធំថ្មី និងក្រុមអាជីវករនៅក្នុងផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញមួយនេះនៅឡើយទេ។ តើការមិនប្រតិកម្មនេះ វាឆ្លុះបញ្ចាំងថា អ្វីដែលក្រុមអ្នកវង្វេងនឹងមនោគមន៍វិជ្ជារបស់បក្សប្រឆាំងចោទប្រកាន់នោះជារឿងត្រឹមត្រូវ ឬយ៉ាងណា?

មិនមែនការមិនតបតមានន័យថា ការចោទប្រកាន់ទាំងនោះជារឿងត្រឹមត្រូវនោះទេ វាគ្រាន់តែក្រុមអាជីវករដែលមានសុជីវធម៌ និងសីលធម៌ខ្ពស់ក្នុងការរស់នៅគេមិនចង់តបតតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានលើកឡើងថា ដើម្បីរក្សាភាពស្អាតស្អំសម្រាប់ខ្លួន ប្រធានផ្សារធំថ្មី ក៏ដូចជាក្រុមអាជីវករ គួរតែសម្តែងមតិតប ឬអាចនឹងប្តឹងសមត្ថកិច្ចស្វែងរក ក្រុមជនចោទប្រកាន់ទាំងនោះ មកតតាំងគ្នាមុខច្បាប់ ដើម្បីស្វែងរកឃើញការពិតថា ខ្លួនឯងពិតជាយួនមែន ឬយ៉ាងណា?

បើការចោទប្រកាន់ទាំងនោះមិនមែនជាការពិតទេ ជនដែលចោទប្រកាន់គេ ក៏គួរតែបានទទួលទោសតាមច្បាប់ផងដែរ ព្រោះការដែលពួកគេកំពុងចោទប្រកាន់នេះ គឺជាសកម្មភាពញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ខ្មែរ នាំដល់ការបែកបាក់ជាតិយ៉ាងធ្ងន់ធ្ងរដូចកាលពីអតីតកាល៕
ប្រភព៖Fresh News