Sunday, August 07, 2022

លិខិតមិត្តអ្នកអាន៖ ស្ថិតនៅមាត់ជ្រោះនៃជំលោះធ្ងន់ធ្ងរ៖ ប្រភពផ្ទៃក្នុងនៃភាពតានតឹងលើកោះតៃវ៉ាន់


(ភ្នំពេញ)៖ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោកស្រី ណាន់ស៊ី ផាឡូស៊ី ប្រធានសភាតំណាងរាស្រ្តនៃសហរដ្ឋអាមេរិច និងជាមន្ត្រីជាន់ខ្ពស់លំដាប់ទី៣ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិច បានទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់។ ទស្សនកិច្ចនេះបានទទួលរងនូវការឆ្លើយតបពីប្រទេសចិនដែលមានទម្ងន់ធ្ងន់ជាងវោហាសាស្រ្ត ដោយរួមទាំងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលគ្របដណ្តប់ដែនទឹកដែលកោះតៃវ៉ាន់អះអាងថាជារបស់ខ្លួន។

តើហេតុអ្វីបានជាអ្នកស្រីផាឡូស៊ី ធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់? កត្តាអ្វីខ្លះដែលធ្វើឲ្យចិនមានប្រតិកម្មយ៉ាងធ្ងន់ធ្ងរបែបនេះ? តើវិបាកអ្វីដែលនឹងកើតមានឡើងលើទំនាក់ទំនងសហរដ្ឋអាមេរិច និងចិន និងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចកើតចេញពីដំណើរទស្សនកិច្ចនេះ? តើអាស៊ានដែលជាវេទិកាតំបន់គួរធ្វើអ្វីខ្លះ?

អ្នកប្រាកដនិយមនឹងអះអាងថា ប្រទេសចិនដែលកំពុងតែមានអំណាចកើនឡើងបានប្រឈមមុខជាមួយនឹងអានុរតភាពរបស់អាមេរិចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្រិ្វច? កោះតៃវ៉ាន់គឺជាគោលដៅដ៏ច្បាស់មួយសម្រាប់ការពង្រីកអំណាចរបស់ប្រទេសចិន។ ការគ្រប់គ្រងលើកោះតៃវ៉ាន់នឹងផ្តល់លទ្ធភាពដល់ប្រទេសចិនក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់កោះតៃវ៉ាន់ ការគ្រប់គ្រងលើកោះតៃវ៉ាន់បែបនេះនឹងផ្តល់ដល់ប្រទេសចិននូវទីតាំងយុទ្ធសាស្រ្តនៅក្នុងសមរភូមិប៉ាស៊ីហ្រិ្វច ដោយសារតែអ្នកយុទ្ធសាស្រ្តនយោបាយជាច្រើនចាត់ទុកកោះតៃវ៉ាន់ជានាវាដឹកយន្តហោះមួយដែលមិនអាចពន្លិចបាន។ ដូច្នេះបស្ចិមប្រទេសត្រូវតែព្យាយាមយ៉ាងខ្លាំងក្លាដើម្បីការពារដែនដីកោះតៃវ៉ាន់ ពីព្រោះថាបរាជ័យនេះនឹងមានផលប៉ះពាល់រាលដាលខ្លាំងដែលអាចបង្កឲ្យប្រទេសចិនពង្រីកអំណាចរបស់ខ្លួននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ស្ថានភាពបែបនេះនឹងគម្រាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងត្បូង និងជប៉ុន រួមនិងផ្លូវនាវាចរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្រ្វិចផងដែរ។ អំណេះអំណាងខាងលើនេះ ពិតជាអាចគួរឲ្យជឿជាក់បាន។ ប៉ុន្តែ ពេលវេលានៃដំណើរទស្សនកិច្ចរបស់អ្នកស្រីផាឡូស៊ីតម្រូវឲ្យមានការពន្យល់ពីទស្សនៈដែលផ្សេងពីទស្សនៈរបស់អ្នកប្រាកដនិយម។

ដើម្បីឲ្យមានការយល់ដឹងឲ្យបានច្បាស់លាស់ពីដំណើរទស្សនកិច្ចរបស់អ្នកស្រីផាឡូស៊ីទៅកាន់កោះតៃវ៉ាន់ និងការឆ្លើយតបយ៉ាងតឹងរឹងពីប្រទេសចិន យើងគួរតែផ្តោតទៅលើបញ្ហានយោបាយផ្ទៃក្នុងរបស់ចិន និងអាមេរិច។ បណ្តាញសារព័ត៌មានផ្សេងៗបានរាយការណ៍ថា ទស្សនកិច្ចរបស់អ្នកស្រីផាឡូស៊ីមិនមែនជាការសម្រេចចិត្តជាផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិចនោះទេ។ ប្រធានាធិបតេយ្យ បាយដិន បានប្រកាសថា លោកមិនមានអំណាចលើការសម្រេចចិត្តទៅលើដំណើរទស្សនកិច្ចរបស់អ្នកស្រីផាឡូស៊ីនោះទេ ដោយសារការបែងចែកអំណាចដាច់ដោយឡែកច្បាស់លាស់រវាងនិតិបញ្ញត្តិ និតិប្រតិបត្តិ និងអំណាចតុលាការនៅក្នុងប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិច។ អំណេះអំណាងរបស់ប្រធានាធិបតេយ្យសហរដ្ឋអាមេរិចបែបនេះគឺពិតជាពុំមានមូលដ្ឋានច្បាស់លាស់ឡើយ វាគឺជាការពិតដែលថា ប្រធានសភាតំណាងរាស្រ្ត អ្នកស្រីផាឡូស៊ី និងប្រធានាធិបតេយ្យ បាយដិន គឺមកពីគណបក្សតែមួយ។ លើសពីនេះទៀត ប្រធានាធិតេយ្យសហរដ្ឋអាមេរិចមានអំណាចច្រើនលើសលុបក្នុងការកំណត់វេទិកានយោបាយការបរទេស។ និយាយជារួម អ្នកស្រីផាឡូស៊ីប្រាកដជាបានសម្របសម្រួល ពិភាក្សា និងធ្វើការវាយតម្លៃពីហានិភ័យដែលអាចកើតចេញពីទស្សនកិច្ចរបស់គាត់ជាមួយប្រធានាធិបតេយ្យ បាយដិនមុនដំណើរទស្សនកិច្ច។ អ្នកស្រីផាឡូស៊ី និងប្រធានាធិបតេយ្យ បាយដិនប្រាកដជាយល់យ៉ាងច្បាស់ថាទស្សនកិច្ចនេះ នឹងបង្កឲ្យមានការតវ៉ាយ៉ាងដាច់អហង្ការពីប្រទេសចិន ហើយវានឹងបង្កឲ្យមានបញ្ហាជាច្រើនដល់ទំនាក់ទំនង អាមេរិចចិន និងសន្តិសុខជាតិរបស់អាមេរិច និងតំបន់ផងដែរ។ អ្វីដែលយើងគួរចោតសួរនោះគឺថា ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិចអនុញ្ញាតឲ្យមានទស្សនកិច្ចនេះកើតមានឡើង?

ចលករដែលនាំឲ្យមានទស្សនកិច្ចនេះ គឺមានប្រភពមកពីនយោបាយផ្ទៃក្នុងប្រទេសអាមេរិច។ ដូចប្រទេសដែលប្រកាន់លទ្ធិប្រជាអធិបេតេយ្យដទៃទៀតដែរ អាទិភាពចម្បងរបស់អ្នកនយោបាយនៅសហរដ្ឋអាមេរិចគឺ យកជ័យជំនះលើការបោះឆ្នោតរបស់ខ្លួន និងបក្សរបស់ខ្លួន ទោះបីជាទង្វើរនេះធ្វើឲ្យមានផលប៉ះពាល់ជាមួយប្រទេសដទៃទៀតក៏ដោយ ដែលក្នុងករណីនេះជាប្រទេសចិន។ បន្ទាប់ពីរយៈពេលបួនឆ្នាំនៃការកាន់អំណាចប្រកបដោយកលយុគ្គរបស់លោកដូណុលត្រាំដែលមានភាពបរាជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ និងមិនមានលទ្ធភាពក្នុងការបង្កើនជីវភាពរបស់ប្រជាជនអាមេរិចទូទៅ លើកលែងតែក្រុមហ៊ុនធំៗ សម្ព័ន្ធអ្នកបោះឆ្នោតអាមេរិចភាគច្រើនបានបោះឆ្នោតគាំទ្រលោកបាយដិន និងគណបក្សប្រជាធិបតេយ្យរបស់លោក។ អ្នកបោះឆ្នោតទាំងនេះមានសង្ឃឹមថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិចនឹងមានការងើបឡើងវិញយ៉ាងរហ័ស។ ប៉ុន្តែផ្ទុយពីការពិត សេដ្ឋកិច្ចរបស់អាមេរិចនៅតែបន្តជួបប្រទះកំណើនអតិផរណាយ៉ាងខ្ពស់ ប្រឈមនឹងបញ្ហានេះរដ្ឋាភិបាលរបស់លោកបាយដិន និងគណបក្សប្រជាធិបតេយ្យបានទម្លាក់កំហុសទៅលើការឈ្លានពានរបស់រុស្សីទៅលើប្រទេសអ៊ុយក្រែន និងគោលនយោបាយសេដ្ឋកិច្ចរបស់ចិនចំពោះវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិច។ ពួកគេបានឃោសនាថា ប្រសិនបើមិនមានការទប់ស្កាត់នោះទេ ប្រទេសមហាអំណាចផ្តាច់ការនឹងបង្កឲ្យមានវិបត្តិសកលលោក។ ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន គឺជាឧទាហរណ៍មួយជាក់ស្តែង។ ការទ្វេសប្រហេសរបស់បស្ចិមប្រទេសក្នុងការទប់ស្កាត់ការពង្រីកអំណាចរបស់រុស្សីដែលធ្វើឲ្យរុស្សីអាចបង្កកលយុគ្គនៅប្រទេសអ៊ុយក្រែនដែលពេលនេះបាននាំឲ្យមានផលលំបាកសេដ្ឋកិច្ចក្នុងទ្រង់ទ្រាយដ៏ធំមួយក្នុងប្រវត្តិសាស្រ្ត។ ដូចរុស្សីដែរ ប្រសិនបើបស្ចិមប្រទេសមិនទប់ស្កាត់ការពង្រីកអំណាចរបស់ប្រទេសចិន ចិននឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងតៃវ៉ាន់។ ប្រសិនបើការណ៍នេះនឹងកើតមានឡើង បស្ចិមប្រទេសនឹងជួបប្រទះនូវការផ្លាស់ប្តូរប្រព័ន្ធអន្តរជាតិជាសារវ័ន្ត។ នៅក្នុងបទអធិប្បាយដែលបោះពុម្ពក្នុងកាសែតវាស៊ិនតោនប៉ុស្តិ៍ របស់អ្នកស្រីផូឡូស៊ីមុនពេលទស្សនកិច្ចរបស់អ្នកស្រីទៅកាន់កោះតៃវ៉ាន់ អ្នកស្រីបានសរសេរថា «ដោយសាររុស្សីបានបង្កសង្រ្គាមដោយមានការគ្រោងទុកជាមុន និងមិនមានភាពធម្មានុភាពប្រឆាំងអ៊ុយក្រែន ដែលបានសម្លាប់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់ រួមទាំងកុមារផងដែរ។ ហេតុនេះវាមានភាពចាំបាច់បំផុតដែលសហរដ្ឋអាមេរិច និងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវប្រកាន់នូវជំហរមួយយ៉ាងច្បាស់ថា យើងមិនត្រូវចុះញ៉មជាមួយជនផ្តាច់ការឡើយ»។

អ្នកស្រីផាឡូស៊ី និងលោក បាយដិន បានទាញយកផលចំណេញពីទស្សនៈអវិជ្ជមានរបស់មហាជនអាមេរិចទៅលើប្រទេសចិន ក្នុងការសង្ឃឹមថានឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតពាក់កណ្តាលអណត្តិដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ផ្អែកទៅលើការស្ទង់មតិថ្មីៗនេះ ប្រជាជនអាមេរិច៨២ភាគរយ មានទស្សនៈអវិជ្ជមានទៅលើប្រទេសចិន។

ដូចគ្នាទៅនឹងស្ថានភាពប្រទេសអាមេរិចដែរ ប្រតិកម្មយ៉ាងម៉ឹងម៉ាត់របស់ចិនទៅលើទស្សនកិច្ចរបស់អ្នកស្រីផូឡូស៊ី ក៏មានប្រភពចេញពីនយោបាយផ្ទៃក្នុងរបស់ខ្លួនដែរ។ បន្ទាប់ពីមហន្តរាយនៃនយោបាយមហាលោតផ្លោះ និងបដិវត្តិវប្បធម៌ គណបក្សកម្មុយនីសចិនបានស្តារធម្មានុភាពរបស់ខ្លួនតាមរយៈការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាក់ស្តែង គេសង្កេតឃើញថា សេដ្ឋកិច្ចរបស់ចិនមានការរីកលូតលាស់យ៉ាងខ្លាំង ហើយកម្រិតរស់នៅ និងជីវភាពរបស់ ប្រជាជនចិនក៏មានការកើនឡើងក្នុងល្បឿន និងទ្រង់ទ្រាយមួយដែលគេមិនធ្លាប់ឃើញមានទាំងនៅក្នុងប្រវត្តិសាស្រ្តចិន និងប្រវត្តិសាស្រ្តពិភពលោក។ តែទោះជាយ៉ាងនេះក៏ដោយធម្មានុភាពនយោបាយដែលផ្អែកលើកំណើនសេដ្ឋកិច្ចនៅមានមក្រិតនៅឡើយ។ ការរាលដាលនៃមេរោគកូវីដ១៩ និងគោលនយោបាយមិនអត់ឱនឲ្យមានការកើតឡើងទាល់តែសោះនូវជំងឺកូវីដ១៩ បានបង្អាក់កំណើនសេដ្ឋកិច្ចរបស់ចិន។ នៅក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចរបស់ខ្លួនមានភាពមិនប្រាកដប្រជា បក្សកម្មុយនីសចិនបានផ្តោតយ៉ាងខ្លាំងទៅលើទស្សនៈជាតិនិយមដើម្បីរក្សាធម្មានុភាពរបស់ខ្លួន។ បក្សកម្មុយនីសចិនបានអះអាងថា ការធ្វើឲ្យប្រទេសចិនមានភាពរីកចម្រើន គឺមិនមានលក្ខណៈគ្រប់គ្រាន់ទេ ចិនត្រូវតែធ្វើឲ្យប្រទេសខ្លួនរុងរឿងជាថ្មីឡើងវិញ។ ដើម្បីស្តារភាពរុងរឿងរបស់ប្រទេស ចិនតម្រូវឲ្យមានជាចម្បងនូវការទទួលបានមកវិញនូវបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងន័យនេះ មានន័យថាគ្មានផ្នែកណាមួយនៃទឹកដីរបស់ចិនត្រូវបានប្រទេសដទៃទៀតទទួលស្គាល់ថា ជាដែនដីឯករាជ្យនោះទេ។ ទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់អ្នកស្រីផូឡូស៊ី បន្ទាប់ពីមានការជំទាស់យ៉ាងខ្លាំងក្លាពីប្រទេសចិន គឺមានន័យថា សហរដ្ឋអាមេរិចទទួលស្គាល់កោះតៃវ៉ាន់ថាជាប្រទេស ឯករាជ្យមួយរួចទៅហើយ។ គេគួរតែយល់ដឹងយ៉ាងច្បាស់ថា ចិនមិនអាចទទួលយកទង្វើរបែបនេះបានទេ។ លើសពីនេះទៀត ប្រធានាធិបេត្យ ស៊ីជីពីន កំពុងរៀបចំខ្លួនទទួលយកតំណែងប្រធានាធិបតេយ្យចិនអណត្តិទី៣។ គាត់មិនចង់ឲ្យគេមើលឃើញថា គាត់ជាអ្នកដឹកនាំដែលមានអំណាចខ្លាំង ហើយគាត់ក៏មិនចង់បង្កសង្រ្គាមជាមួយតៃវ៉ាន់ដែរ។

សហរដ្ឋអាមេរិចអះអាងថា ចិនបានយកទស្សនកិច្ចរបស់អ្នកស្រីផូឡូស៊ីទៅកាន់កោះតៃវ៉ាន់ ជាសេសដើម្បីធ្វើសមយុទ្ធយោធារបស់ខ្លួន។ តាមពិតទៅ សហរដ្ឋអាមេរិចបានផ្តល់សេសឲ្យធ្វើចិនធ្វើដូច្នេះ។ ផែនការយោធារបស់ចិនបានរៀបចំសេនារីយ៉ូសមយុទ្ធយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់ជាច្រើនទស្សវត្សរ៍មកហើយ។ ប៉ុន្តែការអនុវត្តដាក់សមយុទ្ធយោធាដែលគេបានរៀបចំទុកជាមុននេះ នឹងបង្កឲ្យមានការប្រឈមមុខយោធាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិច ប្រសិនបើមិនមានការញុះញង់ដោយសមហេតុផលណាមួយពីសំណាក់ភាគីទី៣នោះទេ។ ប្រសិនបើមិនមានការញុះញង់ណាមួយទេ នឹងធ្វើឲ្យគេមើលឃើញសកម្មភាពបែបនេះថាជាសកម្មភាពឈ្លានពាន ដែលអាចបណ្តាលឲ្យប៉ះពាល់ដល់ការប្រកាសជាសាធារណៈរបស់ចិនដែលមានបំណងរីកចម្រើនប្រកបដោយសន្តិភាព។ និយាយជារួមប្រសិនបើមិនមានការញុះញង់ណាមួយទេ យោធាចិនប្រហែលជាមិនអាចធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ ដោយរួមទាំងការប្រើប្រាស់កាំជ្រួចដ៏ទំនើបរបស់ខ្លួនដូចដែលបានកំពុងធ្វើបែបនេះទេ។

សុភាសិតរបស់ខ្មែរមួយបានចែងថា «ពេលដំរីជល់គ្នា វាងាប់តែស្រមោច»។ សមយុទ្ធយោធាចិនដែលកំពុងកើតឡើង ប្រហែលជាមិនអាចក្លាយទៅជាការឈ្លានពានកោះតៃវ៉ាន់ ដូចការធ្វើសមយុទ្ធយោធារបស់រុស្សីមុនពេលដែលប្រទេសនេះ បានឈ្លានពានប្រទេសអ៊ុយក្រែននោះទេ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពដែលនាំឲ្យមានការឈ្លានពាននៅតែអាចកើតមានបាន។ ប្រសិនបើវាអាចកើតឡើងមែន ប្រទេសតូចៗនៅក្នុងតំបន់អាស៊ីប៉ែកអាគ្នេយ៍នឹងជួបប្រឈមវិបត្តិសេដ្ឋកិច្ច ហើយប្រទេសទាំងនេះក៏នឹងត្រូវគេបង្ខំឲ្យធ្វើការជ្រើសរើសជាយុទ្ធសាស្រ្តប្រកបដោយការលំបាកបំផុត។ ប្រទេសថៃ និងប្រទេសហ្វីលីពីន ដែលមានសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិច នឹងត្រូវបង្ខំខ្លួនឲ្យចូលពាក់ព័ន្ធនឹងជំលោះនេះដែរ។ សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយចិននឹងមានផលប៉ះពាល់ផងដែរ។ នៅក្នុងកាលៈទេសៈប្រកបដោយគ្រោះថ្នាក់នេះ អាស៊ានដែលជាអង្គការតំបន់គួរតែរំលឹកដល់សហរដ្ឋអាមេរិចថាខ្លួន មិនគួរអនុញាតឲ្យនយោបាយផ្ទៃក្នុងប្រទេសបង្កឲ្យមានភាពល្អក់កករដល់យុទ្ធសាស្រ្តសន្តិសុខរបស់ខ្លួននោះឡើយ។ បន្ថែមពីលើនេះទៀត អាស៊ានគួរតែរំលឹកដល់សហរដ្ឋអាមេរិចថា ខ្លួនគួរតែដើរតួជាមហាអំណាចមួយដែលមានទំនួលខុសត្រូវដូចដែលអាមេរិចខ្លួនឯងបានប្រាប់ទៅភាគីចិនជារឿយៗ។ ការអះអាងរបស់ អាមេរិចដែលថា ចិនមានប្រតិកម្មមិនសមហេតុផលចំពោះទស្សនកិច្ចរបស់អ្នកស្រីផូឡូស៊ីទៅកាន់កោះតៃវ៉ាន់ វាប្រហាក់ប្រហែលទៅនឹងការយកចង្អេរទៅបាំងដំរីដូចនេះដែរ៕

ដោយ៖ សាស្ត្រាចារ្យបណ្ឌិត អ៊ុន ឃាង