Wednesday, May 26, 2021

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧២ ទិ​វាកុមារអន្តរជាតិ ១ មិថុនា (មានវីដេអូ)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុ​មប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានចេញសារលិខិតអបអរសាទរក្នុងឱកាសខួបលើកទី៧២ ទិ​វាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១ ដោយបានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។ សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖




អភិបាលរងខេត្តកោះកុងដឹកនាំកិច្ចប្រជុំប្រមូលទិញ និងដឹកញ្ជូនអនុផលព្រៃឈើ ពីសហគមន៍មូលដ្ឋានក្នុងស្រុកថ្មបាំង

កោះកុង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកស្រី អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានសមាសភាព លោកប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម លោកអភិបាលស្រុកថ្មបាំង លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង លោកនាយកឧទ្យានជាតិ លោកនាយកទីចាត់ការអន្តរវិស័យ និងអស់លោកមួយចំនួនទៀតបានចូលរួម។

កិច្ចប្រជុំមានរបៀបវារៈពីរគឺ ១-សំណើរបស់លោក ប៊ុត  បឿន ស្នើសូមប្រមូលទិញ និងដឹកញ្ជូនអនុផលព្រៃឈើ ពីសហគមន៍មូលដ្ឋានក្នុងស្រុកថ្មបាំង និង ២-ពាក់ព័ន្ធលិខិតលេខ ២៥៨ សជណរបស់ក្រសួងបរិស្ថាន។

បន្ទាប់ពីលោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានជម្រាបជូនអំពីរបៀបវារៈទាំងពីរ និងបានស្នើឲ្យសមាជិកអង្គប្រជុំចូលរួមយោបល់ ក្រោយពីសមាជិកបានចូលរួមយោបល់ពាក់ព័ន្ធរបៀបវារៈទាំងពីររួចមក បានសម្រេចដូចខាងក្រោម៖

១/ធ្វើលិខិតជម្រាបទៅលោក ប៊ុត បឿន ឲ្យទៅទំនាក់ទំនង ជាមួយមន្ទីរបរិស្ថានអំពីនីតិវិធីដោយអនុវត្តទៅតាមលិខិតលេខ: ២៥៨សជណ

២-ការប្រមូលទិញ និងដឹកជញ្ជូនអនុផលព្រៃឈើត្រូវធ្វើការទំនាក់ទំនង ជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទអំពីលិខិតបទដ្ឋានពាក់ព័ន្ធដែលមានជាធរមាន៕







ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៨៤គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ លោកស្រី ឈឹម ស្រីមុំ ភរិយាលោក  ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥  ខែឧសភា  ឆ្នាំ២០២១  បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបិទខ្ទប់មានករណីមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨៤គ្រួសារ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង លោក លោកស្រី ក្រុមការងារផងដែរ។ 


លោកស្រី បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាសុខភាពអនាម័យប្រចាំថ្ងៃ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីចៀងវាងការឆ្លងរីករាលដាលពីជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង៣កុំ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ។


សូមជម្រាបជូនផងដែរថា៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាឱកាសនេះគឺតាមរយៈលោក ឆេង ផល្លា ដែលជាអំណោយរបស់ មហាឧបាសក លឹម ឈន់ និងមហាឧបាសិកា ចាយ គង់ ឧបាសិកា ហ៊ឺ ប៊ុនសេង លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង  សុខា ព្រមទាំងបុត្រាបុត្រី ៕





ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនគ្រួសាររងគ្រោះខ្យល់ដោយសារកន្រ្តាក់

បន្ទាយមានជ័យ៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី នួម សោភ័ណ អ្នកតំណាងរាស្ត្រ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន ៥៨គ្រួសារ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។


ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។


លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ- ១៩នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និងអនុសាខាតែងតែបានអនុវត្តតាមការណែនាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើ  ប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។


ក្នុងឱកាសនោះ លោក អ៊ុ រាត្រី បានមានប្រសាសន៍បន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានតាម អនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីបហ៊ុន សែន គឺ៣ការពារ និង ៣កុំ។


អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម

ត្រីខ ១០កំប៉ុង មី០១កេសតូច ទឹកស៊ីអុីវ៣ដប មុង០១ ភួយ០១ សារុង០១ ក្រមា០១ អាវយឺត០១ និងទឹកបរិសុទ្ធ០១ យួរ៕






កងទ័ពមួកខៀវចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋក្នុងខណ្ឌទួលគោក

កងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២នៃខណ្ឌទួលគោក  ខណៈតំបន់ក្រហមមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំង។ 


នៅថ្ងៃទី២៥ ខែឧសភា ក្រុមគ្រូពេទ្យកងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយទីតាំងចាក់វ៉ាក់សាំងស្ថិតក្នុងសាលាបឋមសិក្សាបឹងសាឡាង។ ក្នុងដំណើរការចាក់ដូសទី២នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យអំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រោមកិច្ចសហការ រវាងក្រុមគ្រូពេទ្យកងទ័ពមួកខៀវ ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយសណ្តាប់ធ្នាប់ និងអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ពស់ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩។


លោក សែម សុវណ្ណនី បានបញ្ជាក់ថា៖ ថ្ងៃនេះជាការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២ និងទីតាំងតែមួយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋសរុបដែលនឹងត្រូវចាក់វ៉ាក់សាំងមានចំនួនជាង ២ម៉ឺននាក់។ លោក បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនោះបានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់ក៏ដោយ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរច្ឆេទកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។


យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងបន្តចាក់ដូសទី២ ចំនួនជិត៤០ម៉ឺននាក់ ខណៈប្រជាពលរដ្ឋសរុបដែលត្រូវចាក់វ៉ាក់សាំងចំនួនប្រមាណ១លាននាក់ ៕





កិច្ចប្រជុំពាក់ព័ន្ធសំណើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ១៣គ្រួសារ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

 កំពត៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើសុំចេញប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ១៣គ្រួសារដែលកំពុងរស់នៅលើដីរដ្ឋ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ នាយខណ្ឌរដ្ឋបាលជលផល លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលក្រុងកំពត លោកចៅសង្កាត់ពាក់ព័ន្ធ ព្រមទាំងមន្រ្តីបច្ចេកទេស សរុបចំនួន២០រូប។

តាមការលើកឡើងរបស់អាជ្ញាធរក្រុងកំពត និងអាជ្ញាធរសង្កាត់ ប្រជាពលរដ្ឋទាំង ១៣គ្រួសារនេះបានតាំងលំ​នៅឋានរស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ និងខ្លះឆ្នាំ ១៩៨០មកម្ល៉េះ ដោយសាងសង់ផ្ទះនៅលើមាត់ព្រែក រហូតមក​ដល់ពេលបច្ចុប្បន្នពួកគាត់បានចាក់ដីរបស់ពួកគាត់ចូលក្នុងព្រែកបន្តិចម្ដងៗ នឹងធ្វើការស្នើសុំកម្មសិទ្ធិដីធ្លី។

ក្រោយពីការចូលរួមយោបល់របស់អ្នកពាក់ព័ន្ធក្នុងកិច្ច ប្រជុំរួចមក លោក ជាវ តាយ អភិបាលខេត្ត បានណែនាំដល់អង្គប្រជុំ ស្នើសុំឲ្យគណៈកម្មការគ្រប់គ្រងដែនដីចុះពិនិត្យសិក្សាពិគ្រោះយោបល់ឡើងវិញនៅទីតាំងជាក់ ស្ដែងនៃការស្នើសុំរបស់ប្រជាពលរដ្ឋទាំង១៣គ្រួសារនេះ ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងដែនដី និងចំណីព្រែក រួចយកកិច្ចការងារនេះមកដាក់ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីពិនិត្យផ្ដល់យោបល់និងសម្រេច៕





ប្រជាពលរដ្ឋក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ និងអាជ្ញាធរ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ព្រះគ្រូរតនានុល័ក្ខ អុី កុសល ព្រះ រាជាគណៈ ថ្នាក់កិតិ្តយសទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិតទេព វង្ស សម្តេចព្រះ មហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះវិន័យធរស្រុកកំពង់ត្រឡាច និងជាព្រះគ្រូចៅអធិការវត្តពានី ព្រមទាំងគណៈកម្មការវត្ត ដោយមានការចូលរួមពីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិទាំង៩ និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពឃុំពានី ចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលបានបិទខ្ទប់ធ្វើចត្តាឡីស័កនៅផ្ទះ ដែលមានការពាក់ព័ន្ធនឹងកម្មកររោងចក្រ និងអ្នកធ្វើការផ្ទាល់នៅរោងចក្រ ហឹរ៉ាយហ្សិន, រោងចក្រ ខេនស្ពត និងរោងចក្រ តឹកហ្វុកចំនួន ៦៦គ្រួសារ។

ក្នុងឱកាសនៃការចុះចែកសម្ភារនោះដែរក្រុមការងារបានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក ទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ចំនួន ១០គីឡូក្រាម, មី១០កញ្ចប់, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ទឹកត្រី១ដប, ទឹកសីុអីុវ២ដប, ភេសជ្ជៈ២កំប៉ុង, ទឹកដោះគោ១កំប៉ុង, ត្រីខ២កំប៉ុង, ស្កសរ១កញ្ចប់, ថ្នាំពេទ្យ១ប្រអប់ សរុបថវិកាចំណាយមានចំនួន ៣,២៦៨,០០០រៀល ៕






អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រកាសតែងតាំងអភិបាលរងក្រុងសិរីសោភ័ណ

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២១ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជេីញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងតែងតាំង អភិបាលរងក្រុងសិរីសោភ័ណ លោក ខែន រិទ្ធី នាយករដ្ឋបាលនៃសាលាស្រុកស្វាយចេក ទៅជាអភិបាលរងក្រុងសិរីសោភ័ណ ជំនួសលោក ម៉ៅ វណ្ណា អភិបាលរង ក្រុង ត្រូវបានផ្ទេរទៅបម្រេីការងារនៅសាលាខេត្តបន្ទាយ មានជ័យ។

លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ក៏បានលេីកឡេីងថា ការតែងតាំងមន្ត្រី គឺជាការលេីកទឹកចិត្តចំពោះមន្ត្រីដែល ដែលបានខិតខំបំពេញតួនាទី ភារកិច្ច បានយ៉ាងល្អប្រសេីរ ។ ទន្ទឹមនឹងជាមួយ នោះក្នុងនាមថ្នាក់ដឹកនាំ មិនត្រូវយកសិទ្ធអំណាចទៅគាប់សង្កត់ រាស្ត្រ ទន់ខ្សោយ ដេីម្បីតែផលប្រយោងផ្ទាល់ខ្លួន ឡេីយតែផ្ទុយទៅវិញត្រូវខិតខំបម្រេីររាស្រ្ត ដោយភាពស្មោះត្រង់ ត្រូវចុះមូលដ្ឋានឲ្យបានជាប់ ប្រចាំដេីម្បីដឹងពីសុខទុក្ខរបស់ពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា។

ជាមួយសភាពការជាក់ស្តែង ក្នុងដំណាកកាលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ លោកអភិបាលខេត្ត បានជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធ ពិសេសកងកម្លាំងដែលកំពុងឈរជេីងតាមបន្ទាត់ព្រំដែន ត្រូវបន្តខិតខំយាមកាមឲ្យបានតឹងរឹងទប់ស្កាត់ឲ្យខានតែបាននូវសកម្មភាពពលករលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ក្នុងន័យចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសេីរចំពោះដល់មន្ត្រីកងកម្លាំង គ្រូពេទ្យ និងភាគីពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំយ៉ាងសកម្ម ក្នុងសកម្ម ភាពកិច្ចការងារប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត​សកលកូវីដ- ១៩ ដែលកំពុងលុកលុយក្នុងភូមិសាស្រ្តខេត្តបន្ទាយ មានជ័យ ពិសេសនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ទាំងមូល។ ម្យ៉ាងវិញទៀត ត្រូវបន្តផ្សព្វផ្សាយឲ្យបានផុសផលនូវវិធានការនានា ឲ្យពលរដ្ឋបានកាន់តែយល់ច្បាស់ ដេីម្បីអនុវត្តន៍វិធានការទាំងនោះឲ្យកាន់តែមាន ប្រសិទ្ធភាពនិងត្រូវបន្តចូលរួមអនុវត្តវិធានការដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ” ៣ការពារ ៣កុំ ” ឲ្យ បានខ្ជាប់ខ្ជួនទាំងអស់គ្នា៕




ប្រជុំដកបទពិសោធន៍ចាក់វ៉ាក់សាំង ភូមិសាស្ត្ររាជធានីភ្នំពេញ នៅកងពលតូចលេខ ៧០

 នៅបញ្ជាការដ្ឋានកងពលតូចលេ៧០ កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំវេទិការ ពិភាក្សាដកបទពិសោធន៍ជាមួយបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសាលារាជធានីភ្នំពេញ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ដោយកម្លាំងក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងដូសទី១ ត្រូវបានបញ្ចប់ និងបន្តចាក់ដូសទី២បន្ត នៅតាមបណ្តាខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ មានខណ្ឌពោធិ៍សែនជ័យ, មានជ័យ, ដង្កោ, កំបូល, ទួលគោក និងខណ្ឌឬស្សីកែវ។

បន្ទាប់ពី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានចូលរួមមតិស្វាគមន៍រួចមក នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាម លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ.១៩ ព្រមទាំងប្រធានក្រុមការងារដឹកនាំអនុវត្តផ្ទាល់ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ របស់កងយោធពលខេមរភូមិន្ទ ក្នុងប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត។

ទន្ទឹមនឹងភារកិច្ចខាងលើនេះ លោក នាង ផាត បានបន្តជំរុញនឹងអនុវត្តឲ្យមានប្រសិទ្ធិខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ។ ក្នុងកិច្ចប្រជុំ នោះដែរ ក៏បានផ្តល់ឱកាសឲ្យតំណាងស្ថាប័នចូលរួមពិភាក្សាដកបទពិសោធន៍ ពីចំណុចខ្លាំង និងចំណុចខ្វះខាតដែលអង្គប្រជុំបន្តរួមគ្នាកែលម្អរ ធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិសេសអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាស្រោចឲ្យបានជោគជាំនូវវ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

លែងប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំ លោក ឥត សារ៉ាត់ បានបញ្ជាក់អំពីផែនការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យ ខភម គឺត្រូវចាក់វាក់សាំងដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ អោយអស់ នូវដូសទី១ ពីពេលនេះទៅដល់ថ្ងៃទី៣១ ឧសភា។ លោក ក៏បានលើកឡើងពីសារៈសំខាន់ នៃបណ្ណចាក់វាក់សាំង របស់បងប្អូនប្រជាពលរដ្ឋយើងក្រោយពីការចាក់វាក់សាំង។ បណ្ណចាក់វាក់សាំងនេះ គឺបានបង្ហាញអំពីកាតព្វកិច្ចចំពោះពលរដ្ឋ ដែលបានបំពេញភារកិច្ចចាក់វាក់សាំង ក៏ដូចជាការចូលរួមប្រឆាំងការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕





ពិធីប្រគល់ និងទទួលមូលនិធិពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង

 ស្វាយរៀង៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២១ បានធ្វើពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសមាជិក សមាជិការសាខា ។

មូលនិធីដែលទទួលបានពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការី ចំនួន ៥ លានរៀល ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ១,០០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករព្រៃវល្លិ៍ ១០០ ដុល្លារ ការិយាល័យគយ និងរដ្ឋាករ បុសមន ៣០០,០០០ រៀល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ២០ ម៉ឺនរៀល ស្បៀង និងសម្ភារមួយចំនួន រួមជាមួយលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ១ លានរៀល ។

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ ឆ្លើយតប ទៅនឹងទឹកចិត្តជ្រះថ្លារបស់លោក លោកប្រធានអង្គភាព និងសហការី បានយកមូលនិធិ ស្បៀង និង សម្ភារ មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងថ្ងៃនេះពិតជាបានរួមចំណែកការងារមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះមហន្តរាយតាមសហគមន៍ ដោយស្រមតាមប្រធានបទ (ទាំងអស់គ្នា រួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ) ។






រដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ផ្តល់អំណោយម៉ាសជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

 កំពង់ចាម៖ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនអ្នកទៀត ទទួលបានការឧបត្ថម្ភពីរដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ នូវម៉ាសចំនួន ៣០.០០០ម៉ាស ដើម្បីចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

នាឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ម្ចាស់ជំនួយ ដែលបាននាំអំណោយជាម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋ ប្រើប្រាស់ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម នាពេលបច្ចុប្បន្ននេះ៕