Monday, May 04, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបង្កចលាចល និងភាពវឹកវរក្នុងសង្គម គួរឱ្យខ្លាចជាងជំងឺកូវីដ១៩ទៅទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ថ្វីត្បិតតែការឆ្លងរីករាលដាលវីរុសកូវីដ១៩ មានលក្ខណៈកាចសាហាវ និងបង្ករគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនៅលើសកលលោកទាំងមូលក៏ដោយ ក៏ជំងឺនេះមិនបង្ករគ្រោះថ្នាក់ពិសពុលកាចសាហាវដូចការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដែលបង្ករឡើងដោយជនអគតិមួយក្តាប់តូចដែលតែងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញសេចក្តីសុខ ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះដែរ។ លោកបានលើកឡើងដូចនេះនៅក្នុងសារលិខិតអបអរសាទរក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៧ ឆ្នាំ២០២០។
នៅក្នុងសារលិខិតដដែលនោះ បានឱ្យដឹងថា ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាសាកលលោកទាំងមូលកំពុងជួបប្រទះមហន្តរាយនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងបន្លំបង្កចលាចល ភាពវឹកវរនៅក្នុងសង្គម និងធ្វើឱ្យប្រជាជនកើតជំងឺភ័យខ្លាច ហើយទម្លាក់កំហុសនិងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា៕