Wednesday, October 27, 2021

សាខាកាកបាទក្រហមខេត្តស្វាយរៀង បានចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ

ស្វាយរៀង៖ នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២១ មន្រ្តីគម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ នៃសាខាកាកបាទ ក្រហមកម្ពុជាខេត្តស្វាយរៀង សហការជាមួយក្រុមកាកបាទក្រហមឃុំ អាជ្ញាធរភូមិ និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ គោលដៅ បានចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួមដល់ប្រជាពលរដ្ឋក្នុង ឃុំស្វាយធំ ស្រុកស្វាយជ្រំ ក្នុងភូមិក្រាំងលាវចំនួន ២៣ នាក់ ភូមិស្វាយ ៣៥ នាក់ សរុប ៥៨ នាក់ ស្រី ៤១ នាក់។

ក្រោមការឧបត្ថម្ភថវិកាដោយគណ:កម្មាធិការអន្តរជាតិកាកបាទ ក្រហម(ICRC) និងបានបញ្ជ្រាបការផ្សព្វផ្សាយស្តីពីសិទ្ធិជនពិការ និងសុវត្ថិភាពចរាចរណ៍នានា ដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្សព្វផ្សាយពីការ លើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ ការផ្សព្វផ្សាយនេះ ក្រុមការងារបានចែកម៉ាស់ សាប៊ូដុំ ខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ ខិត្តប័ណ្ណចរាចរណ៍ ខិត្តប័ណ្ណ ចំណាកស្រុក ប្រកបដោយសុវត្ថិភាព ចាក់សារសម្លេងអប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្ត និងចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅទីកន្លែងមួយចំនួនក្នុងភូមិ ដើម្បីចូលរួមការពារមេរោគកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទៅត្រូវអនុវត្តឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន គឺ ៣ការពារ និង៣កុំ ព្រមទាំងសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលចូលក្នុងសហគមន៍បាន៕








ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ត្រូវតែមានគុណភាពខ្ពស់ស្របតាមកិច្ចសន្យា បើមិនធ្វើតាមកិច្ចសន្យានឹងត្រូវឱ្យកែសម្រួលឡើងវិញ

សៀមរាប÷ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន៣៨ខ្សែនៅក្រុងខេត្តសៀមរាប ជាមួយអង្គភាពសាងសង់ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេសក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនិងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ប្រធានគណៈកម្មាការខេត្ត អង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស មន្ត្រីជំនាញបច្ចេកទេស ក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។ 

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានធ្វើបទបង្ហាញទាក់ទងនឹងបញ្ហាបច្ចេកទេស បញ្ហាប្រឈម និងសំណូមពររបស់ក្រុមទទួលបន្ទុកការងារសាងសង់នីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឲ្យកិច្ចដំណើរការសាងសង់ផ្លូវទាំង៣៨ខែ្សនេះ ប្រកបដោយគុណភាពខ្ពស់ ស្របតាមបទដ្ឋាន ស្តង់ដាបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឲ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។ 

ក្នុងនោះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអង្គភាព សាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឲ្យភាគីពាក់ព័ន្ធទាំងអស់ មានកិច្ចសហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះ ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្នុងករណីការសាងសង់ កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឲ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬ រយៈពេលជាង ១១ខែ សម្រេចបាន៨៦%នៃទំហំការងារសរុប (២% លឿនជាងផែនការ) 

គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

គួរកត់សម្គាល់ផងដែរថា៖ បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ មិនមែនជាបញ្ហាក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់ អង្គភាពទាំងអស់ បានអនុវត្តទៅតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលបានខ្ជាប់ខ្ជួន និងខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឲ្យសម្រេចតាមផែនការដែលបានគ្រោងទុក៕







វិភាគអន្តរជាតិ៖ តើអាស៊ានអាចរួមរស់ជាមួយ «Quad» បានដែរឬទេ?


(បានដាស៊េរី បេហ្កាវ៉ាន់, ព្រុយណេ)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ានបានបើកកិច្ចប្រជុំកំពូលរបស់ខ្លួនហើយនៅថ្ងៃអង្គារ ទី២៦ ខែតុលានេះ ខណៈ កំពុងប្រឈមមុខនឹងទាំងបញ្ហាផ្ទៃក្នុង និងខាងក្រៅ នោះគឺការប្រជែងដណ្ដើមឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន។ កិច្ចប្រជុំកំពូលអាស៊ាន ធ្វើឡើងតាមប្រព័ន្ធ វីដេអូដែលព្រុយណេជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ានប្ដូរវេននឹងប្រព្រឹត្តរយៈពេល ៣ថ្ងៃ អមជាមួយកិច្ចប្រជុំដ៏សំខាន់គឺកិច្ចប្រជុំកំពូលតំបន់អាស៊ីខាងកើត (East Asia Summit) ដែលមាន ១៨ប្រទេសចូលរួម ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក, រុស្ស៊ី និងចិន។


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងដឹកនាំក្រុមប្រតិភូរបស់លោកចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ ជាមួយអាស៊ានផងដែរជាលើកដំបូងបំផុត ក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។ សហរដ្ឋអាមេរិកមិនធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកម្រិតប្រធានាធិបតីនោះទេ ចាប់តាំងពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មានវត្តមានចុងក្រោយបំផុតនៅឯកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧ មក។


ក្រុមអ្នកវិភាគយល់ថាជំនួបរវាងលោក បៃដិន និងមេដឹកនាំអាស៊ានទាំង១០ គឺឆ្លុះបញ្ចំងពីកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលរបស់លោកក្នុងការប្រមូលផ្ដុំកម្លាំងសម្ព័ន្ធមិត្ត និងប្រទេសដៃគូ ក្នុងតំបន់អាស៊ី ដើម្បីខ្ទប់ការកើនឡើងឥទ្ធិពលចិន។ នៅក្នុងជំនួបកំពូលជាមួយអាស៊ាន លោក បៃដិន ត្រូវបានគេរំពឹងថានឹងផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការ COVID-19, ការប្រែប្រួលអាកាសធាតុ, ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។ មិនតែប៉ុណ្ណោះ លោកក៏ត្រូវបានគេរំពឹងដែរថា នឹងធ្វើការធានាមួយចំពោះអាស៊ានថាកិច្ចសន្ទនាសន្តិសុខចតុភាគីជាមួយឥណ្ឌា, ជប៉ុន និងអូស្ត្រាលី ឬហៅកាត់ថាក្វាដ (Quad) រួមទាំងសម្ព័ន្ធភាពត្រីភាព AUKUS ដែលនឹង ជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនឹងមិនបំផ្លាញតួនាទីរបស់អាស៊ាននៅក្នុងតំបន់ឡើយ។


មិនថាកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) ឬក៏កិច្ចព្រមព្រៀង AUKUS សុទ្ធតែជាបញ្ហាប្រឈមសម្រាប់អាស៊ាន ពីព្រោះថាការបង្កើតសម្ព័ន្ធភាពទាំងនេះឡើងដោយអាមេរិក មានគោលដៅចម្បងប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ តែទន្ទឹមគ្នា វាក៏បានបង្កឱ្យមានការខ្វែងគំនិតគ្នានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ ដោយមានខ្លះបង្ហាញជំហរជំទាស់ និងខ្លះទៀតគាំទ្រដោយជំហរ ឬដោយប្រយោល។ អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងអាមេរិក និងចិន មានភាពពុះកញ្ជ្រោល ហើយដែលការពុះកញ្ជ្រោលនេះបានធ្វើឱ្យអាស៊ានបារម្ភថាពួកគេអាចនឹងត្រូវប្រឈមមុខនឹងការបង្ខំចិត្តត្រូវជ្រើសរើសថាពួកគេត្រូវឈរនៅខាង អាមេរិក ឬចិន នៅពេលអនាគត។


នៅក្រោមការដឹកនាំរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិក បាន និងកំពុងផ្ដោតជាសំខាន់លើតំបន់អាស៊ី ដោយក្នុងនោះអាស៊ីអាគ្នេយ៍បានជាក្លាយជាកម្មវត្ថុនៃការប្រកួតប្រជែង យុទ្ធសាស្ត្រ និងភូមិសាស្ត្រនយោបាយជាមួយចិន។ នៅក្នុងប្រវតិ្តសាស្ត្ររបស់ខ្លួន, តំបន់អាស៊ីអាគ្នេយ៍បានទទួលរងការលូកលាន់ពីមហាអំណាចខាងក្រៅ ដោយមហាអំណាច អឺរ៉ុបបានធ្វើអាណានិគមលើតំបន់មួយនេះអស់រាប់រយឆ្នាំ ហើយសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតក៏ធ្លាប់បានប្រែក្លាយតំបន់នេះជាសមរភូមិសង្រ្គាមនៅក្នុងសម័យ សង្រ្គាមត្រជាក់ផងដែរ។ ទោះបីជាមកដល់បច្ចុប្បន្ន, ក៏អាស៊ីអាគ្នេយ៍នៅតែកា្លយជាទីលានដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាចដដែល ដោយក្នុងនោះអាមេរិកបានចាត់ទុក ថាអាស៊ីអាគ្នេយ៍គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបានសម្រាប់ «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក»។


ក្រោយត្រូវបានបង្កើតឡើង, អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចៀសការលូកលាន់ពីមហាអំណាចខាងក្រៅ។ តួយ៉ាងស្ថិតនៅចំកណ្ដាលនៃភាពតានតឹងរវាង អាមេរិក និងប្លុកកុម្មុយនិស្ដ, អាស៊ានបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រ «តំបន់សន្តិភាព, សេរីភាព និងអព្យាក្រឹត» ឬហៅកាត់ថា (ZOPFAN) ដែលត្រូវបាន ចុះហត្ថលេខាក្នុងឆ្នាំ១៩៧១ និងបានក្លាយជាគោលការណ៍នាំមួយសម្រាប់ឱ្យបណ្ដាប្រទេសជាសមាជិកយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេជាមួយ មហាអំណាចខាងក្រៅ។ ពិតមែនទៅ, AUKUS ជាពិសេសគឺ Quad ក៏ផ្ដល់ផលចំណេញខ្លះដែរ ដ្បិត Quad ផ្ដល់ប្រយោជន៍ខាងកិច្ចសហប្រតិបត្តិការចែកចាយវ៉ាក់សាំងបង្ការ COVID-19, ការប្រែប្រួលអាកាសធាតុ, ខ្សែចង្វាក់ផ្គត់ផ្គង់ និងហេដ្ឋារចនាសម្ព័ន្ធ។


តែទោះជាយ៉ាងណាក៏ដោយ, ប្រឈមមុខនឹង Quad ឬក៏កិច្ចព្រមព្រៀង AUKUS ស្ថានការណ៍យុទ្ធសាស្ត្រនៅក្នុងតំបន់អាចនឹងកាន់តែមានភាពស្មុគស្មាញ ហើយក៏អាចនឹងធ្វើ ឱ្យប៉ះពាល់ដល់គោលជំហរអព្យាក្រឹតរបស់អាស៊ានដូចជា ZOPFAN។ បើតាមក្រុមអ្នកជំនាញ ការបង្កើត Quad និង AUKUS វាអាចនឹងធ្វើឱ្យ «នយោបាយអព្យាក្រឹត» របស់ អាស៊ានរង្គោះរង្គើរ។ ជាឧទាហរណ៍ដូចជា Quad ជាដើមត្រូវបានគេមើលឃើញថាអាចនឹងក្លាយជាតួអង្គដ៏សំខាន់ជំនួសតំណែងអាស៊ានទាំងខាងការទូត និងសន្តិសុខនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ រួមទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ វេទិការថ្នាក់តំបន់អាស៊ាន (ARF) ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ គឺជាគំនិតផ្ដួតផ្ដើមមួយរបស់ អាស៊ានដើម្បីលើកកម្ពស់គោលការណ៍អព្យាក្រឹតនៅក្នុងវិស័យសន្តិសុខតាមរយៈការរៀបចំកិច្ចសន្ទនាស្ដីពីបញ្ហានយោបាយ-សន្តិសុខ ដែលមានប្រទេសចំនួន ២៦ ចូលរួម ក្នុងនោះរួមមទាំងសហរដ្ឋអាមេរិក និងចិនផងដែរ។


ដូច្នេះហើយ កិច្ចសន្ទនាសន្តិសុខរបស់ Quad និងការកំណត់ចំនួនសមាជិកត្រឹម ៤ ដូចជាអាមេរិក, អូស្ត្រាលី, ជប៉ុន និងឥណ្ឌា វានឹងធ្វើឱ្យវេទិការ ARF របស់អាស៊ានលែងសូវ មានសារៈសំខាន់។ ពោលគឺការព្យាយាមរបស់អាស៊ាន ក្នុងការរៀបចំឱ្យបណ្ដាប្រទេសជាសមាជិក ARF អង្គុយនៅឯតុចរចាតែមួយ និងពិភាក្សាគ្នាដោះស្រាយបញ្ហាសន្តិសុខ នៅក្នុងតំបន់ នឹងមិនមែនជារឿងងាយស្រួលទៀតឡើយ នៅពេលដែលរបៀបវារៈសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Quad ដែលមាន សមាជិកសុទ្ធតែជាមហាអំណាចនៅក្រៅតំបន់អាស៊ីអាគ្នេយ៍។


គួរបញ្ជាក់ថា ទោះជាបណ្ដាប្រទេសជាសមាជិក Quad ធ្លាប់បានធានាថានឹងគោរពសាមគ្គីភាព និងគោលការណ៍អព្យាក្រឹតរបស់អាស៊ានក៏ពិតមែន តែផ្អែកលើទស្សនវិស័យ អាស៊ានលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកចេញផ្សាយកាលពីឆ្នាំ២០១៩ ត្រូវបានក្រុមអ្នកជំនាញវាយតម្លៃថាដោយសារតែការកើនឡើងភាពតានតឹងរវាងអាមេរិក និងចិន វាអាចនឹងធ្វើ ឱ្យ Quad មានជំហរប្រឆាំងចិនរឹតតែខ្លាំង ហើយអាចនឹងប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាទីកន្លែងមួយដ៏មានគ្រោះថ្នាក់នៃការប្រកួតប្រជែងដណ្ដើមឥទ្ធិពលគ្នាជាថ្មីម្ដងទៀត រវាងពួកមហាអំណាច។ អាស៊ានអាចនឹងរក្សាគោលការណ៍អព្យាក្រឹតភាពបាន លុះត្រាតែបណ្ដាប្រទេសជាសមាជិកអាស៊ានមានសាមគ្គីភាពនឹងគ្នាជាមុនសិន៕


ប្រភព៖ Diplomat, Nikkei (ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News





លោក សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីករណីវិវាទដីធ្លី ស្ថិតក្នុងស្រុកគាស់ក្រឡ

បាត់ដំបង÷ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក សុខ លូ  អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវិវាទដីធ្លី រវាងក្រុមហ៊ុន អេហ្រ្គីខលឈ័រ ហ្រ្គីនហ្វៀល ខូអិលធីឌី ជាមួយភាគីពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ដឃុំដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមដោយលោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕