Friday, March 06, 2015

សេចក្តី​ប្រកាសព័ត៌​មាន ​ស្តីពី​លទ្ធផល​នៃសម័យ​ប្រជុំពេញ​អង្គ​គណៈរដ្ឋមន្ត្រី​ ថ្ងៃទី ​០៦ ​ខែមីនា ​ឆ្នាំ២០១៥​




បទវិភាគ៖​ តើសង្គមស៊ីវិល​បារម្ភជំនួស​បក្សប្រឆាំង​ ឬក៏បារម្ភ​ ពី​អានាគត​ខ្លួនឯង?



លិខិត​មិត្តអ្នកអាន៖​ តើបណ្ឌិត​ ហ្គាហ្វា​ ពាងម៉េត​ មាន​សុចរិតភាព​ និង​សច្ចធម៌​ក្នុង​សំណេរ​របស់ខ្លួន​ ឬទេ?



បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស សុក្រឹត្យ​, បណ្តាសា​បារមី​អង្គរ​ ​

ប្រហែល​ជាមក​ពី​ការ​ចាញ់​ពាក្យ​សម្បថ​នៅ​មុខ​ប្រាសាទ​​អង្គរ​វត្តហើយ ទើប​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ ចាប់​ផ្តើម​​​​រលំ​រលាយ​បន្តិច​ម្តង​ៗ​យ៉ាង​​ដូច្នេះ​។​​ ក្រោយ​ការ​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ មេដឹក​នាំ​បក្សនេះ​ បាន​នាំ​កូន​ចៅ​ខ្លួន​ទៅ​ស្បថ​នៅទី​នោះ​ថា​​​នឹង​មិនក្បត់​ឆន្ទះ​រាស្ត្រក្នុង​ការ​​​ចង់​បាន​​អំណាច​អ្វី​ទាំងអស់​ និង​មិន​​​ចូល​ប្រជុំ​សភា​ជា​​ដាច់​​ខាត​ តែ​ទី​បំផុត​​​មេបក្ស​ទាំង​ពីរ​បាន​ចូល​ប្រជុំ​សភា​យ៉ាង​ត្រជាក់​គូទ ហើយ​ទាមទារ​ចែក​អំណាច​នៅក្នុង​សភា​ថែម​ទៀត​។​

ម្យ៉ាង​ទៀត​ វាក៏កាន់​តែ​​​​ដូច​​ទៅ​នឹង​ទំនាយ​របស់​ហោរា​សាស្ត្រ​ថៃ​ផង​ដែរ​ ដែល​​ លោក ភិន​យ៉ូ ភុង​ចា​រឺ​ន ជាគ្រូទស្សន៍ទាយ​ដ៏​ពូកែ​នៅ​ប្រទេស​ថៃ​ បាន​ទស្សន៍​​ទាយ​កាល​ពី​ចុង​ឆ្នាំ​២០១៤​ថា​ នៅ​ដើម​ឆ្នាំ​២០១៥​ ឬ​យ៉ាងយូរបំផុត​ត្រឹម​ពាក់​កណ្តាល​​ឆ្នាំនេះ  គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​គ្រោះ​ធំ​មួយរយ​ភាគរយ។​ លោក​បាន​ទស្សន៍​ទាយ​​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រលាយ បែកបាក់​ផ្ទៃក្នុង​ទាំងស្រុង ដោយសារ​ជំងឺ​ប្រជែង​អំណាច​គ្នា បក្ខពួកនិយម វ័ណ្ឌក​​​​ជាមួយ​លុយកាក់ និង​ការមិនទុកចិត្ត​គ្នា​។

មក​ដល់​ពេល​នេះ ​ជាការ​កត់​សំគាល់​ យើង​ឃើញ​ថា​ ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិបាន​​​ក្បត់​ឆន្ទះ​រាស្ត្រ​ ចូល​ប្រជុំ​សភា​ គឺគណបក្ស​នេះ​​ហាក់​ដូច​ជាកំពុង​ត្រូវ​បណ្តាសា​​យ៉ាង​ពិត​ប្រាកដមែន​​។​
ជាក់ស្តែង កាលពីចុងឆ្នាំ២០១៤ សមាជិកបក្ស​​ក្នុង​ស្រុក​​ល្វាឯម​​ជាច្រើនរយ​​នាក់​​បាន​នាំគ្នា​ចាក​ចេញពីគណបក្ស​សង្គ្រោះជាតិ​ ​ទៅចុះចូល​ជាមួយគណបក្សប្រជាជនកម្ពុជា យ៉ាង​ពពាក់​ពពូន​ ដោយ​សារ​ពួក​គេ​ឆ្អែត​ចិត្ត​នូវ​​នយោបាយ​ប្រជាភិថុតិ របស់​លោក សម រង្ស៊ី និង​ កឹម សុខា​ កន្លង​មក​​។​ ប្រជា​ពលរដ្ឋ​​ចាប់​ផ្តើម​ភ្លឺ​ភ្នែក​ មើល​ឃើញ​អំ​ពី​ទង្វើ​កេង​​​ចំណេញ​​លើ​ញើស​ឈាម​ប្រជារាស្ត្រ​ ​របស់​មេដឹក​នាំ​​​​​បក្ស​នេះ ដែល​ធ្វើ​ឲ្យ​សកម្មជន​ធ្លាប់​គាំ​ទ្រទាំង​នោះ​​ ​មានការ​អាក់អន់​ស្រពន់ចិត្ត​យ៉ាង​ខ្លាំង​ ទើប​សម្រេច​ចិត្ត​ដើរ​ចេញ​ទាំង​ក្រុម​តែ​ម្តង​។

 លោកស្រី​ ឡាក់​ សុភាព​​ ដែល​ជា​​មន្ត្រី​ជំនិត​​ក្នុង​បក្ស​​ ហើយ​ស្អប់​ខ្ពើម​នឹង​​រឿង​អំពើ​ពុករលួយ​​​ ក្នុង​​ទឹក​ប្រាក់​​​ពី​២០​លាន ទៅ​៤០លាន​​ដុល្លារ ដែល​លោក សម រង្ស៊ី ​លួច​កឹប​កេង​ ក៏​បាន​ចេញ​​មក​បក​អាក្រាត​​ពី​អំពើ​ដ៏​ថោក​​ទាប​របស់​មេបក្ស​ថែម​​ទៀត​។​ នេះ​ហើយ​ជាមូល​ហេតុ​ដ៏​ធំ​ ដែល​នាំ​ទៅ​ដល់​ភាព​​រង្គោះរង្គើ និង​ការ​បែក​បាក់នាពេលដ៏ខ្លី​​ខាង​មុខនេះ​យ៉ាង​ច្បាស់​។​​​ ​​​​​​ដើម្បី​ជាការ​បិទបាំង​​នូវ​អំពើដ៏​អាក្រក់​​របស់​ខ្លួន​ មេ​បក្ស​ប្រឆាំង​ទាំងពីរ​ បាន​បញ្ជា​ឲ្យ​បណ្តេញ​មន្ត្រី​បក្ស​នោះ​ចេញ​ពី​បក្ស​ ដើម្បី​បំបិទ​ភស្តុតាង​ និង​​ជាការ​គម្រាម​សម្រាប់​មន្ត្រី​ផ្សេង​ទៀត​ដែល​ហ៊ាន​ហើប​មាត់​រិះគន់​ថ្នាក់​ដឹក​នាំ តទៅ​​ទៀត​​។

នៅពេលថ្មីៗនេះទៀតសោត តំណាងរាស្រ្តមណ្ឌលខេត្តកំពតម្នាក់ គឺលោក វ៉ាន សំអឿន ក៏​បាន​ចាកចេញ​​ពីបក្ស​ប្រ​ឆាំងមួយ​នេះ ទៅចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ផង​ដែរ​។​ នេះ​បញ្ជាក់​ថា​ ជំរុំ​ព្រះ​អាទិត្យ​ គឺ​កំពុង​ឆេះ​រោល​ក្តៅ​ក្រហាយ​ពេញ​បន្ទុក​ហើយ​ សូម្បី​តែ​ថ្នាក់​ដល់​តំណាង​រាស្ត្រ​​ហើយ​ ក៏​មិន​អាច​​ទ្រាំ​ទ្រ​និង​ភាព​ផ្តាច់​ការ​របស់​មេ​បក្ស​ទាំង​ពីរ​នោះ​បាន​ដែរ​។​ បើ​ទឹក​ក្នុង​ជំរុំ​ក្តៅ​យ៉ាង​នេះ​ តើ​ត្រី​ឯណា​ទ្រាំ​នៅ​តទៅ​ទៀត​បាន​ គឺ​មាន​តែ​ការ​ចាក​ចេញ​អញ្ចឹង​ហើយ​។​

រឹត​តែ​បញ្ជាក់​ច្បាស់​ថែម​ទៀត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ពិត​ជាកំពុង​ប្រយុទ្ធ​​គ្នានៅ​ផ្ទៃ​ក្នុង​​ គឺ​នៅ​ថ្ងៃ​ចន្ទ​​ ទី​០២ ខែ​មីនា​ ឆ្នាំ​២០១៥​ សើមៗ​នេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​សៀមរាប ប្រមាណ​១០០នាក់​ បាន​ប្រមូលផ្តុំ​គ្នា​មក​តវ៉ា​ ដល់​មុខ​ទី​ស្នាក់ការ​បក្ស​ក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​មេបក្ស​​ប្តូរ​តំណាងរាស្ត្រ​មួយ​រូប​ចេញពី​ខេត្ត​នេះ គឺ​លោកស្រី កែ សុវណ្ណ​រតន៍ នូវ​អ្វី​ដែល​ក្រុមអ្នកតវ៉ា​យល់ថា​​ ដើម្បី​​ពង្រឹង​ លទ្ធិ​​ប្រជាធិបតេយ្យក្នុង​បក្ស​​។​ ក្រុមអ្នកតវ៉ា​​បាន​លើក​បដា និង​ស្រែក​មេក្រូ មុខ​ទី​ស្នាក់​ការ​​​បក្ស​​យ៉ាង​កង​រំពង​​ថា ក្រោម​ការដឹកនាំ​​ការងារ​​ ​របស់ លោកស្រី កែ សុវណ្ណ​រតន៍ ធ្វើឲ្យ​ក្បាល​ម៉ាស៊ីន​​ដឹកនាំ​ថ្នាក់​ខេត្ត​សៀមរា​ប​នេះ ក្លាយជា​យន្តការ​ដឹកនាំ​បែប​បក្សពួកនិយម​។​ ក្រុមអ្នកតវ៉ា​បាន​ចោទ​ប្រកាន់​ថា​លោក​ស្រីកែ សុវណ្ណរតន៍ មិនមែនជា​ថ្នាក់ដឹកនាំទេ គឺ​ចាត់​ទុក​សកម្មជន​នៅ​ខេត្ត​ទាំង​អស់​គឺ​ជា​ គូលីនឹងចៅវាយ ចង់ដូរអ្នកណា ចង់ដាក់អ្នកណា ស្រេចតែចិត្ត ហើយ​បើ​នៅ​តែ​​​បន្តទុក​នៅ​​ដដែល ពួក​គេ​នឹងបន្តធ្វើសកម្មភាពតវ៉ា​បែបនេះ​ ទ្វេដប់ដង ២០ដង ៣០ដង នៅ​មូលដ្ឋាន​បន្ត​ទៅទៀត​។​ ពេល​នេះ​ យីអ៊ុន​ក៏​ដាក់ អារក្ស​ក៏​ជាន់​ កាន់​តែ​ធ្ងន់​ក​ហើយ​។
រឿងមិនមែន ​ចប់ប៉ុណ្ណឹងនោះ​ទេ មាន​សកម្មជន​សង្គ្រោះ​ជាតិ​​ប្រមាណ​ជា​ពាក់​កណ្តាលទៀត​​ដែល​​ធ្លាប់​ បោះឆ្នោត​គាំ​ទ្របក្ស​នេះ​​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ​ ដែល​ក្នុងនោះមានទាំងអង្គការ​ក្រៅ​រដ្ឋាភិបាល​​របស់​​លោក​ កែម ឡី​ និង​សហជីពផង​នោះ​​​ ក៏​បាន​ប្រកាស​និង​ត្រៀម​ខ្លួន​ប្រកាស​បង្កើត​គណបក្ស​​ថ្មីៗ​ជាច្រើនទៀត​ ដែលធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​រង្គោះរង្គើ​ខ្លាំង​ឡើង ហើយ​ឈាន​ទៅ​រក​ភាព​រលំ​រលាយ​ មែន​ទែន​​យ៉ាង​ប្រាកដ​។​

មិន​មែន​តែ​សកម្មជន​គណបក្ស​​ក្នុង​ប្រទេស​អស់​ជំនឿ​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​សមាជិក​បក្ស​នៅ​ក្រៅ​ប្រទេស​​​ក៏​លែង​​​គាំទ្រ​​​ផង​ដែរ​។ ក្រុម​របស់​លោក យឿន​ សំ​រិទ្ធី​ ឈ្មោះ​ក្រៅ​ថា​ ធី​ ចរចារ​ ដែល​​ពី​មុន​បានធ្លាប់​​គាំ​ទ្រយ៉ាង​​ផ្កាប់​មុខ​ ជាមួយ​គណបក្ស​សង្គ្រោះជាតិ​​ ហើយ​ក៏​ជាអ្នក​ប្រមែរ​ប្រមូល​លុយកាក់​​ ដើម្បី​ជួយ​ផ្គត់​ផ្គង់​គណបក្ស​ផង​នោះ​ ពេល​នេះ​ក៏​បាន​ចេញ​មក​ប្រកាស​ឈប់​គាំ​ទ្រ​មេបក្ស​ទាំង​ពីរ​យ៉ាង​ឈឺ​ចាប់​ និង​បាន​ប្រកាស​ចាំ​ស្វាគមន៍​គ្រាប់​ពង​មាន់​ស្អុយ​ដល់​លោក សម រង្ស៊ី និង​ កឹម សុខា​ នៅ​ពេល​លេច​មុខ​នៅ​សហរដ្ឋ​អាមេរិក​ទៀត​ផង​។​

ទាំងអស់នេះមិនមែនជារឿងសាមញ្ញសម្រាប់​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ គឺ​វា​បាន​​បញ្ជាក់​ថា​ទឹក​បាន​​ឡើង​ដល់​រន្ធ​ច្រមុះ​ហើយ​ ហេតុនេះ​​ហើយ​ទើបលោក សម រង្ស៊ី និង កឹម​ សុខា កំពុងនាំគ្នា​ដើរ​ទប់​ជម្លោះ​​ និង​ការ​តវ៉ា​ តាំងពី​ក្រៅ​ប្រទេស​​រហូត​​មកដល់ក្នុង​ប្រទេស ពីខេត្ដមួយ ​ទៅ​ខេត្ដ​មួយ​។ តើគាត់​ទប់​យ៉ាង​ម៉េច​ជាប់​ បើ​ពេលនេះ​មិនមែន​ត្រឹមតែ​​រង្គោះ​​រង្គើ​​ទេ​ គឺ​ថែមទាំង​បែក​ខ្ញែក​ទាំង​ថ្នាក់លើ​ រហូត​ដល់​ថ្នាក់​ក្រោម​បែប​នេះ​ទៅ​ហើយនោះ​​​?​​​

រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា​ គឺ​យើង​ទាំងអស់​គ្នា​​ពិត​ជាបាន​ដឹង​ច្បាស់​ណាស់​ថា​ អ្នក​ទាំង​ពីរ​គឺ​ម្នាក់​ជា​ធាតុ​​ប្រេង​ ហើយ​​ម្នាក់​ទៀត​គឺ​ជាធាតុ​ទឹក​ ដូច្នេះ​ធាតុ​ទាំង​ពីរ​នេះ​គឺ​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​​ទេ ម្នាក់​ៗ​សុទ្ធ​តែ​កំពូល​ល្បិច​ កេង​ចំណេញ​គ្នា​ទៅវិញ​ទៅមក​ ទាំង​មុខ​នាទី​ និង​ការ​ត្រួតត្រា​ក្នុង​បក្ស​ ដូច្នេះ​ហើយ​បាន​ជា​​​​​ទំនាស់​​វា​​បាន​​កើតមាន​​​ឡើង​តាំង​ពី​​មុន​​ពេល​​រួម​​បញ្ចូល​​គ្នា​​រវាង​​​គណបក្ស​ សម រង្ស៊ី និង​​គណបក្ស​សិទ្ធិមនុស្ស មក​​​ម្លេះ​។ ការ​រួម​បញ្ចូល​គ្នា​​មក​ជាគណបក្ស​សង្គ្រោះ​ជាតិ​​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ របស់​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា​ គឺ​ដោយសារ​​តែ​មហិច្ឆតា​​​អំណាច​ ប្រយោជន៍​នយោបាយ និង​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ​​​។​ ពួក​គាត់​​​​ទាំងពី​រ​​​ធ្វើ​ជា​បង្ខំចិត្ត​រួមរស់​នៅ​​ជាមួយ​គ្នា​​ទាំង​​អារម្មណ៍​​​ភិតភ័យ និង​បន្លំ​ភ្នែក​គេឯងជាប់​រហូតមក​។


បើ​តាម​ការ​វិភាគ​របស់​អ្នក​តាម​ដាន​ស្ថាន​ការ​ណ៍​នយោបាយ​នៅកម្ពុជា​ បាន​វាយ​តម្លៃ​ថា​ នៅ​អាណត្តិ​ក្រោយ​​ គណបក្ស​សង្គ្រោះជាតិ​ ច្បាស់​ជា​​នឹង​ក្លាយ​ទៅ​ជា​គណបក្ស​តូច​តាច​មួយ​ដូច​ដើម​យ៉ាង​ពិត​ប្រាកដ​ ពី​ព្រោះ​អ្នក​តាម​ដាន​នោះ​ដឹង​ថា​គណបក្ស​សង្គ្រោះជាតិ​ នឹង​មិន​អាច​ឈ្នះ​ឆ្នោត​បាន​ឡើយ​ លោក​ថែម​ទាំង​ហ៊ាន​​ភ្នាល់ដាក់​ជី​វិត​ថែម​ទៀត​។​ ​​នៅពេលដែល​​ដល់ដំណាក់កាលចុង​ក្រោយ​នោះ​ មេបក្ស​​ប្រឆាំង​ទាំង​ពីរ​ នឹង​ចែក​ផ្លូវ​គ្នា​ដើរ​សារ​ជាថ្មី​ ហើយ​ក៏​​ជាពេលវេលា​ដែល​លោក សម រង្ស៊ី និង​លោក​ កឹម សុខា ត្រូវចោទគ្នាទៅវិញទៅមក​ដែរ​។ លោកសម​ រង្ស៊ី នឹងចោទថា កឹម សុខា លក់ខ្លួន​ឲ្យគណបក្ស​ប្រជាជនកម្ពុជា​ ចំណែក​​លោក កឹម សុខា ក៏នឹងចោទ​វិញដែរ​ថា គណបក្សប្រជាជនច្បាស់​ជា​​ទិញ​ខ្លួន​លោក សម រង្ស៊ី បាន​ហើយ​។​ ធ្វើ​បែប​នេះ​ ទើប​ពួក​គេ​អាច​បិទបាំង​នូវ​ភាព​អាម៉ាស់​ និង​ភាព​បរាជ័យ​របស់​ពួក​គេ​នូវ​ការ​សន្យា​ រាប់​រយ​ រាប់​ពាន់​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​បាន​៕​​