Tuesday, June 28, 2016

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានអញ្ជើញ​ជាអធិបតីក្នុងពិធី បើកសិក្ខាសាលាបណ្តុះបណ្តាល​ស្តីពីការប្រែប្រួលអាកាសធាតុ

 នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ បណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន ដោយមានការចូលរួមពីសិក្ខា​កាម​ប្រមាណជិត ១៥០នាក់ ដែលមកពីក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័ន​ពាក់ព័ន្ធនានា។ សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុCCCA ដែលធ្វើឡើងក្នុងគោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មន្ដ្រីរាជការ ជាពិសេសយុវជន សិស្ស-និស្សិត​អំពីបញ្ហាប្រែប្រួលអាកាសធាតុនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា បញ្ហាប្រែប្រួល​អាកាសធាតុ​គឺជាបញ្ហា​សកល​ដែលយើង​ ទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា និងអប់រំផ្សព្វផ្សាយឱ្យប្រជាជនមានការផ្លាស់ប្តូរនូវឥរិយាបថ យល់ដឹងពីបច្ចេកទេសក្នុងការប្រមូលព័ត៌មាន និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការ​ចូល​រួម​អភិរក្សនូវធនធានព្រៃឈើទាំងអស់គ្នា ជាពិសេស​ការបញ្ជ្រាប​ចំណេះដឹង​អំពីការ​ប្រែប្រួល​អាកាស​ ធាតុសម្រាប់យុវជនដែលជាអ្នកបន្តវេនក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ យុវជន​ដែល​ជា​សិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ផលប៉ះពាល់ និងដំណោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយប្រការនេះនឹង​ជួយរួមចំណែកគាំ​ទ្រដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ ពាក់ព័ន្ធ​ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធ​ភាព​ ព្រម​ទាំង​សំណូមពរ​ឱ្យ​ស្ថាប័ន​ជំនាញ បង្កើតឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលបែបនេះបន្តទៀតនៅតាមបណ្តាខេត្ត ដើម្បី​ ឱ្យយុវជនមានឱកាសសិក្សាស្វែងយល់កាន់តែច្បាស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕


ពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦)

ពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦)
*************









ទោះប្រឈមការវិវត្តន៍ស្ថានការណ៍ដ៏ស្មុគស្មាញ ក៏គណបក្សប្រជាជនកម្ពុជា នៅតែផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន

ក្នុងអង្គមីទ្ទិញអបអរសាទរខួប ៦៥ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា    បើទោះបីកម្ពុជាប្រឈមមុខ និងការវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញបំផុត នៃស្ថានការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅ និងបានផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តជាច្រើនមានដូចជា៖ ការតស៊ូប្រឆាំងរបប អាណានិគមនិយម ដើម្បីឯករាជ្យជាតិ, សង្រ្គាម ដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព  ​  សង្គម។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៣៧ឆ្នាំ ក្រោយផ្តួលរំលំរបបប៉ុលពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ជាពិសេសការនាំប្រជាជាតិចេញផុតពីស្រមោល នៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងភាពជឿជាក់។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ថា ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅកម្ពុជាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៧,១ភាគរយ។ រីឯអតិផរណាត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងកម្រិតទាបក្នុងរង្វង់ ១,៩ភាគរយ ខណៈស្ថានភាពពាណិជ្ជកម្មកាន់តែមានភាពប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ទុនបម្រុងអន្តរជាតិ នឹងកើនដល់ប្រមាណ ៥,៤៥០លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ ៤-៥ខែ ដែលអាចទប់ទល់នឹងបច្ច័យអាក្រក់ ពីវិបត្តិខាងក្រៅ។ ជាមួយគ្នានេះការប្រើប្រាស់ទំនិញក្នុងស្រុក មាននិន្នាការកើនឡើង ដោយសារការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស បានបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដែលក្នុងម្នាក់មានចំណូលមធ្យមបានកើនពី ១.២១៥ដុល្លារក្នុងឆ្នាំ២០១៥ ដល់ ១.៣០១ដុល្លារ ក្នុងឆ្នាំ២០១៦។ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសជំរុញកំណែទម្រង់លើគ្រប់វិស័យ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយការប្តេជ្ញាចិត្តខ្ពស់សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងយុត្តិធម៌សង្គម សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ៕





លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អរគុណចំពោះពលរដ្ឋទូទាំង​ប្រទេសដែលបានគាំទ្រ​ គណបក្សប្រជាជនកម្ពុជា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានសរសេរខ្លឹមសារថា៖ នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ   ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ     នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកសមាជិការ និងយុវជនយុវនារីយ៉ាងច្រើនកុះករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចរូបនេះ បានបន្តថា « ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអរគុណបងប្អូនសមាជិកសមាជិការទូទាំងប្រទេសដែលតែងតែគាំទ្រគណបក្សប្រជាជន និងការដឹកនាំរបស់ខ្ញុំចាប់តាំងពីប្រទេសជាតិយើងរំដោះចេញផុតពីរបបកាប់សម្លាប់ប៉ុលពតយង់ឃ្នងនៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩មក។
ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមប្រជាពលរដ្ឋទូទាំងប្រទេស ខ្ញុំសូមអរគុណដល់បងប្អូនដែលជាអតីតយុទ្ឋជន និងអ្នកស្នេហាជាតិទាំងអស់ដែលបានបូជាលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការចូលរួមរំដោះប្រទេសជាតិ ហើយបាននាំមកវិញនូវសុខសន្តិភាពពេញលេញ និងការរីកចម្រើនសម្រាប់កម្ពុជាទាំងមូល !។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព ដើម្បីធានានូវការរីកចម្រើនតទៅទៀត។ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យជាតិរបស់យើង ហើយយើងមិនអនុញ្ញាត្តអោយជនណាមកបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់កម្ពុជាបានឡើយ។សង្កត់ធ្ងន់ជាងនេះទៅទៀតនោះ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ ជាថ្មីម្តងទៀត យើងទាំងអស់គ្នាប្តេជ្ញាការពារថែរក្សាសន្តិភាព និងការរីកចម្រើនសព្វថ្ងៃអោយបានថិតថេរគង់វង្សនិងរីកចម្រើនខ្លាំងឡើងថែមទៀត។ ថ្ងៃនេះខ្ញុំសប្បាយរីករាយផងដែរដែលបានថតរូប Selfie ជាមួយយុវជនយុវនារីនិងសមាជិកសមាជិការទាំងអស់ដែលបានមកចូលរួមក្នុងពិធីប្រវត្តិសាស្រ្តព្រឹកនេះ៕



នាយករដ្ឋមន្រ្តីឡាវ ស្នើសុំសម្តេច​ប្រធានរដ្ឋសភា​គំាទ្រកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ ប្រជាជននិងប្រទេសទំាងពីរ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានទទួលជួបសវនាការជាមួយ  ឯកឧត្តម ថងលូន ស៊ីសូលីត  (​ Thongloun Sisoulith ) នា​យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំ​គណៈប្រតិ​ភូ​ជាន់​ខ្ពស់​មក​ពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​មិត្តភាព នៅព្រះរាជាណាចក្រ​កម្ពុជា។
ក្នុងឱ្យកាសនេះ​​​​នា​យករដ្ឋមន្រ្តីឡាវបាន ស្នើសុំសម្តេច​ប្រធានរដ្ឋ​សភាគំាទ្រ​កិច្ច​សហប្រតិប​ត្តិ​ការ​​​រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ។ គណៈ​​ប្រតិ​ភូ​ជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទទួលការស្វា​គមន៍ និង​បដិ​សណ្ឋារ​កិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសមាជិក​សមា​​ជិការ​​ដ្ឋ​សភា​នៅក្នុងជំនួបសវនាការនេះ ទំាងសម្តេចប្រធានរដ្ឋសភា និង​ឯកឧត្តម​នាយករដ្ឋមន្រ្តី​បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងយូរអង្វែងនៃប្រទេសទំាងពីរ។​​
សម្តេច​ប្រធាន​រដ្ឋ​សភា បានសាទរចំពោះ​ឯកឧត្តម ថងលូន ស៊ីសូលីត ដែលត្រូវ​បានជ្រើស​តំាង​ជានា​យក​រដ្ឋមន្រ្តីអាណត្តិថ្មី នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមថា ក្នុងការដឹកនាំប្រទេសរបស់ ឯកឧត្តម នៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញ លើក​កម្ពស់​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ សម្តេច​បានចូលរួម អបអរសាទរជាមួយប្រជាជននិងប្រទេសទំាងពីរកម្ពុជា-ឡាវ ដែល​កំពុង​ទទួល​បាន​ នូវការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ចជាតិជីវភាព​ប្រជាពល​រដ្ឋ ​​មានការរីកចម្រើនពីមួយថ្ងៃទៅមួយ​​​ថ្ងៃ។
ឯកឧត្តម ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ប្រធាន​រដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានទទួលស្វាគមន៍គណៈ​ប្រតិ​ភូ​យ៉ាងកក់ក្តៅ។ ឯកឧត្តមបានថ្លែងការកោតសរសើរយ៉ាងក្រៃលែង​ចំពោះ​ការលះបង់ ​និង​ពលីកម្ម​​​របស់ សម្តេចប្រធានរដ្ឋសភា ដើម្បីប្រជាជននិងប្រទេសកម្ពុជារហូតមក​។
ជាមួយគ្នានេះ ឯកឧត្តម ថងលូន ស៊ីសូលីត បាន​លើកឡើង​ពីផ្លែ​ផ្កា​នៃ​ដំណើរ​ទស្សន​កិច្ច​មកកាន់កម្ពុជានៅពេលនេះ ដោយឯកឧត្តម បានជួបពិភាក្សាការងារជាមួយ សម្តេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការជួបពិភាក្សា ដោយ​បើកចំហ ស្មោះត្រង់ សាមគ្គីភាព និងបានឯកភាពគ្នានៅគ្រប់ចំនុច គ្រប់វិស័យ ដើម្បី​ធ្វើយ៉ាង​​ណារក្សាបាននូវផលប្រយោ​ជ​ន៍របស់ប្រទេស និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជា និងឡាវបានឯកភាពដើម្បីធ្វើ​ឲ្យ​បន្ទាត់ព្រំដែន ប្រទេសទំាងពីរក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍។ បើតាមឯកឧត្តម នាយករដ្ឋមន្រ្តី កម្ពុជា-ឡាវ បានឯកភាពគ្នា សាងសង់ស្ពានមួយឆ្លងទន្លេល្ពៅ ដើម្បី​តភ្ជាប់​ទំនាក់ទំនងប្រ​ទេសទំាងពីរ ក៏ដូចជាជំរុញដល់ការធ្វើទំនាក់ទំនងរវាងប្រទេស និងប្រជាជន​ទំាងពីរប្រទេស ក្នុងវិស័យ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានា កាន់តែងាយស្រួល។ ឯកឧត្តម នាយករដ្ឋមន្រ្តី បានស្នើសុំសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងលើកទឹកចិត្តដល់ រដ្ឋាភិបាល​ទំាងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យទទួលបានជោគជ័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេច គំាទ្រ​ជានិច្ច​នូវរាល់​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ និងសូមឲ្យចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់តែស៊ីជម្រៅ និងនៅលើគ្រប់វិស័យ ដើម្បី​បំម្រើ​ដល់ ផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា-ឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនេះ  ឯកឧត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះករុណា ព្រះ​បាទ​​​​​​​សម្តេ​​​ច​​​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងជួប​​​​សម្តែង​​​​​ការគួរ​សម​ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូម​ជម្រាប​ជូន​ថា ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ  បំពេញទស្សនកិច្ចជាផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៧  ដល់  ថ្ងៃទី២៨  មិថុនា ឆ្នាំ២០​១៦​៕