Friday, December 06, 2013

សន្និ​សីទ​អន្តរ​រដ្ឋា​ភិបាល​លើក​ទី៣ ស្តីពី​អង្គរ សម្បត្តិ​បេតិក​ភណ្ឌពិភព​លោក បើក​ធ្វើ​នៅ​សៀម​រាប​ក្រោម​អធិ​បតី​ភាព​សម្តេច​តេជោ

នាព្រឹកថ្ងៃទី០៥ខែធ្នូឆ្នាំ២០១៣ នៅក្នុងទឹកដីវប្បធម៌ប្រវត្តិសាស្ត្រអង្គរ នៃទីក្រុងសៀមរាប ខេត្តសៀមរាប​សន្និសីទ​អន្តរ​រដ្ឋាភិបាល​លើកទី៣ ស្តីពីអង្គរ សម្បត្តិបេតិកភណ្ឌ័ពិភពលោក ត្រូវបានរៀបចំបើកធ្វើឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេច​អគ្គមហា សេនា​​​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងព្រមទាំង មានការចូលរូមផងដែរ ពី​​​លោក​ជំទាវ អូរេលី ហ្វីលីប៉េតទី(Aurelie Filippetti) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងគមនាគមន៍ នៃសាធារណៈរដ្ឋបារាំង និង.ឧ យ៉ាស៊ូម៉ាសា ណាហ្គាមីណេ(Yasumasa Nagamine) អនុរដ្ឋមន្ត្រី នៃក្រសួង​​ការបរទេសប្រទេស​ជប៉ុន​ដែល​ជាតំណាង​ប្រទេស​សហប្រធាន​នៃអាយ​ស៊ីស៊ីអង្គរ​(ICC-Angkor)និង. គីស័ររ៉ាវ(Kishore Rao)​នាយក​មជ្ឍ​មណ្ឌល​បេតិកភ័ណ្ឌ​ពិភព​លោក​តំណាង​លោក​អគ្គនាយកអង្គការយូណេស្កូ។ 

ក្នុងពិធីបើកជាផ្លូវការ នៃសន្និសីទអន្តររដ្ឋាភិ​​បាលលើកទី៣ដែលរៀបចំធ្វើ នៅសណ្ឋាគារ​សុខា​ត្រូវ​និង​ខួប​លើក​ទី២០​នៃអត្ថិភាព​​របស់អាយស៊ីស៊ីអង្គរ(ICC-Angkor)អង្គរ..បណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និងជាប្រធានសន្និសីទអន្តរ រដ្ឋាភិបាលលើកទី៣ស្តីពីអង្គរនេះ បានមានថ្លែងថា ថ្ងៃទី៥ធ្នូនេះ គឺជាព្រិត្តិការណ៍មួយទៀត នៃឆ្នាំ​​បេតិក​ភណ្ឌ ២០១៣ បន្ទាប់ពីសន្និសីទលើកទី១ បានប្រារព្ធធ្វើឡើង នៅខែតុលា ឆ្នាំ១៩៩៣ នៅ​​ទីក្រុងតូក្យូ និងសន្និសីទលើកទី២ នៅខែវិច្ឆិកា ២០០៣ នៅទីក្រុងប៉ារីស ​ហើយលើកទី៣នេះ សន្និសីទ​​អន្តរ​រដ្ឋាភិបាល​លើក​  ទី៣នេះ ត្រូវបានធ្វើឡើង នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ..បណ្ឌិតសភាចារ្យសុខ អានមានប្រសាសន៍ថា នេះគឺជាការឆ្លុះ​បញ្ចាំងយ៉ាង​ច្បាស់ ​នូវការ​​យក​ចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់ របស់សម្តេចអគ្គមាហាសេនាបតីតេជោ ហ៊ុន សែន ចំពោះរមណីយ៍ដ្ឋាន ដែល​​ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងការថែរក្សាការពារនិងលើកស្ទួយ សម្បត្តិ​បេតិ​ភណ្ឌ​ខ្មែរ ជា​បេតិកភណ្ឌ​ របស់មនុស្សជាតិទាំងមូល។..បណ្ឌិតសភាចារ្យសុខ អាន បានមានប្រសាសន៍បញ្ជាក់ថា អង្គ​សន្និ​សីទ​នេះ ជាវេទិការ​សំរាប់​​យើងទាំងអស់គ្នាក្នុងការបន្តជាឧឡារិក នូវការប្តេជ្ញាចិត្តរបស់យើង និងការបន្តដោយ​ឥតងាករេ​ នូវ​មាគ៌ា​ដែលយើងទាំងអស់គ្នា បានត្រួស​ត្រាយ និងធ្វើដំណើររួមគ្នា អស់រយៈពេល២០ឆ្នាំមកហើយ ក្នុង​ក្រប​ខណ្ឌ​នៃ អាយស៊ីស៊ីអង្គរ(ICC-Angkor)។  ..បណ្ឌិតសភាចារ្យសុខ អាន បានបង្ហាញនូវទស្សនះវិស័យថាយើងនឹងរួមគ្នា រិះរក​វិធី​សាស្ត្រ និង​មធ្យោបាយ​នានា​ ដើម្បីធានានូវការគ្រប់គ្រងរមណីយ៍ដ្ឋានអង្គរ ប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយ ដោយត្រូវពិចារណាអំពីការពិត​ ដែលថារម្យនីយអង្គរ គឺជារម្យនីយដ្ឋានរស់ ពីព្រោះរម្យនីយដ្ឋាននេះ មានលក្ខណៈលេចធ្លោរ ខាងបុរាណវិទ្យា ដោយសារប្រាង្គប្រាសាទ ដ៍វិសេសវិសាលជាច្រើន និង​​​មាន​លក្ខណៈ​លេចធ្លោរធម្មជាតិ ដោយ​សារ​ព្រៃឈើ និងប្រពន្ធ័ជលសាស្ត្របុរាណ ព្រមទាំង​ជាមជ្ឈ​មណ្ឌល​សង្គមមួយ ដែលមានលក្ខណៈស្មុគស្មាញ និង​មានការ​វិវត្តជាហូរហែរប្រកបដោយភូមិដ្ឋានបុរាណជាច្រើន ដែល​បាន​កកើត​និងមាន​សកម្មភាពរស់រវើកតាំងពីយូរយាណាស់មួយហើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានវាយ​តំលៃ​ខ្ពស់ចំពោះសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ ដោយ​សម្តេចបា​ន​ចាត់​ទុកជាព្រឹត្តិការណ៍ដ៏មានសារះសមខាន់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ និងបាន​ថ្លែងស្​វាគមន៍​ចំពោះ​គណៈ​ប្រតិភូ​ទាំង​អស់​ ដែលបានចូលរួម ហើយបានចាត់ទុកថាវត្តមាននេះ នឹងជួយបន្តពង្រឹងបន្ថែមទៀតដល់សាមគ្គីភាព និង​ការ​ប្តេជ្ញា​ចិត្ត​បំពេញ​ការងាររួមគ្នា ក្នុងចំនោមប្រទេសនានាដើម្បីសម្រេចឲ្យបាន នូវគោលដៅរួមនៃការរក្សាការពារ បេតិ​កភណ្ឌ​មនុស្ស​ជាតិយើង គឺ អង្គរ។ សម្តេចតេជោបានចាត់ទុកថាវត្តមាន គណៈប្រតិភូទាំងអស់សន្និសីទអន្តររដ្ឋាភិបាលលើកទី៣ គឺ​ជាការ​បង្ហាញពីជំនឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋភិបាលក​ម្ពុជាក្នុងខណះដែលរាច​រដ្ឋផិបាលកមញ​ពុជាស្ថិតនៅដើម​អាណត្តិទី៥របស់ខ្លួនបន្ទាប់ពីកម្ពុជា​បានបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រអាណត្តីទី៥​កាលពីថ្ងៃទី២៨ខែក្កដាឆ្នាំ២០១៣កន្លងទៅ។

សម្រាប់​ការរក្សាការពារ បេតិកភណ្ឌមនុស្សជាតិសម្តេចតេជោថ្លែងថា អ្វីដែលយើង បានប្រឹងប្រែងរួមគ្នាកន្លងមកនេះ គឺក្នុង​គោល​ដៅជួយសង្គ្រោះអង្គរ ហើយអ្វីដែលនឹងកើតមកជាមួយនោះ គឺការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការ​កាត់​បន្ថយ​ភាព​ក្រីក្រី របស់ប្រជាជន ហើយក្នុងទឹសដៅធានាសម្រេចឲ្យបាន នូវគោលដៅដ៍ពិសិទ្ធិនេះ រាជរដ្ឋាភិបាលនីតីកាលទី៥​ និង​បន្តពង្រឹងនិងពង្រីកសមិទ្ធិផលនានា ដែលសម្រេចបានកន្លងមក តាមរយៈការបន្តពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់សង្គម ដែលអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកស្ទួយនីតីរដ្ឋ ការគោរពសិទ្ធិសេរីភាព និង​សេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សំរាប់ពង្រឹងបរិស្ថាននយោបាយ​និងសន្តិសុខ ដែល​អនុគ្រោះដល់ការ អភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ក្នុងន័យលើកកំពស់កំរិតជីវភាព និងសុខា​មាល​ភាព​របស់ប្រជាជន ការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយសមធម៌ និងការអភិរក្ស​សម្បត្តិវប្ប​ធម៌​នៅ​ទូទាំងប្រទេស។ ក្នុងស្មារតីនេះ យើងពិតជាអាចមើលឃើញយ៉ាងប្រត្យក្សថា សម្បត្តិវប្បធម៌គឺជាដួងព្រលឹងរបស់កម្ពុជា។ ជាក់ស្តែង អង្គរ គឺជានិម្មិតរូបជាតិ ដោយប្រាង្គប្រាសាទអង្គរវត្តដ៍ល្បីល្បាញ ត្រូវបានផ្តិតនៅលើទង់ជាតិកម្ពុជា​។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា​ កម្ពុជា ជាប្រទេសតែមួយគត់ នៅក្នុងពិភពលោក ដែល​បាន​ដាក់​បេតិ​ភណ្ឌ​ជាតិនិ​ង​ជាបេតិកភណ្ឌពិភពលោកផងនោះ នៅលើទង់ជាតិរបស់ខ្លួន ដូច្នោះយុទ្ធនាការអង្គរ មិនត្រឹមតែជាការអភិវឌ្ឍនិងអភិរក្ស បេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការ សំរេចបាន នូវគោល​ដៅ​អភិ​វឌ្ឍ​កម្ពុជា​ទៀត​ផង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អំពាវនាវដល់គណៈប្រតិភូ ដែលតំណាងឲ្យសហគមន៍អន្តរជាតិ​ទាំងអស់ ដែលបានវត្តមាននៅទីនេះ សូមបន្តការប្តេជ្ញាចិត្តរបស់ខ្លួន សារជាថ្មីបន្ថែមទៀតសំរាប់សកម្មភាពការងារនៃទសវត្សថ្មី ក្នុងការ​ការពារ​និងអភិរក្ស រម្យនីយដ្ឋានអង្គរ ដោយរួមជាមួយអាជ្ញាធរជាតិអប្សរា ក្នុង​នោះ​ចាំបាច់​ត្រូវ​គិត​គូរួម​គ្នា​អំពី​វិធី​សាស្ត្រ​និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដើម្បីធានាឲ្យការគ្រប់គ្រងរម្យនីយដ្ឋានបេតិកភណ្ឌពិភពលោក ត្រូវ​បានអនុវត្តទៅតាមក្រមសីលធម៌ និងប្រតិបត្តិស្តីពីការអភិរក្ស និងការអភិវឌ្ឍ ដូចដែលបានកំណត់នៅក្នុង(ធម្មនុញ្ញអង្គរ)។ ទន្ទឹម​នឹងនោះដែរ ប្រការសំខាន់ ដែលយើងមិនអាចមើលរំលងគឺទីក្រុងសៀមរាប ពីព្រោះជាកន្លែងទទួលបដិសណ្ឋារកិច្ច និងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានមកទស្សនារម្យ នីយដ្ឋានបុរាណនេះ។

សម្តេចតេជោលើកឡើងថា ទីក្រុងសៀមរាប ជាទីក្រុងដែលបង្កប់ទៅដោយរតនសម្បត្តិ មិនអាចកា​ត់​ថ្លៃបាន​ជាមួយ​នឹង​សំណង់​អគារ ប្រកបដោយរចនាបថស្ថាបត្យកម្មបុរាណ វត្តអារាមប្រវត្តិ សាស្ត្រ និងប្រពន្ធ័​ជល​សាស្ត្រ​បុរាណ​ដ៍មាន​ប្រសិទ្ធិភាព នៅក្នុងបរិវេណ នៃប្រពន្ធ័បេតិកភណ្ឌដ៍ប្រពៃរុងរឿងនេះ។

សម្តេចតេជោបានបញ្ជាក់ថា មានសមាសធាតុសំខាន់ និងមិនអាចផ្តាច់ចេញពីគ្នាបានចំនួនបួន ដែល​បង្កើត​បាន​ជា​ទេស​ភាព​អង្គរ នោះគឺ ប្រាសាទ ទឹក  ព្រៃឈើ និងប្រជាជន ហើយចំពោះមុខគឺយើង ត្រូវរួមគ្នាគិតគូនិងយកចិត្តទុកដាក់ខ្ពស់ ចំពោះ​សមាសធាតុទាំងអស់នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញវ័យក្មេងកម្ពុជា ព្រមទាំងភាគីពាក់ពន្ធ័ទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងការពុយផុយថ្មប្រាសាទ និងការខូចខាត រូបចំលាក់ ដែលអាចបង្កឡើង ដោយ​ការ​បំពុល​បរិយា​កាស។ សម្តេចបានទាញការចាប់អារម្មណ៍និងពន្យល់ ដល់សមាជិកនៃអង្គសន្និសីទទាំងមូលថា បើទោះ​បីជា​មាន​ការ​ព្រួយ​បារម្ភ អំពីហានិភ័យនានា ចំពោះរម្យនីយដ្ឋាន និងប្រាង្គប្រាសាទ ដែលបណ្តាលមកពីចំនួនភ្ញៀវទេសចរ មក​ទស្សនាច្រើនលើសលុបក៍ដោយ ក៍យើងគប្បីមានការប្រុងប្រយត្ន័ ដោយមិនត្រូវយល់  ក្នុងន័យ អវិជ្ជមានណាមួយ ចំពោះកំណើនខ្ពស់ នៃចំនួនភ្ញៀវទេសចរណ៍នោះឡើយ។ រម្យនីយដ្ឋាន​អង្គរមានផ្ទៃក្រឡាសរុប រហូតដល់៤ម៉ឺនហិចតា ហើយប្រាង្គប្រាសាទដែលភ្ញៀវមកទស្សនា មានចំនួនយ៉ាងច្រើន។ ដូច្នេះបញ្ហាសំខាន់ស្ថិតនៅត្រង់ថា តើត្រូវធ្វើយ៉ាងណាដើម្បីគ្រប់គ្រងបែងចែកលំហូរ​ភ្ញៀវនិងរៀបចំទីកន្លែងឲ្យភ្ញៀវបានមកទស្សនារម្យនីយដ្ឋាននេះប្រកបដោយរបៀបរៀបរយ។

សូមបញ្ជាក់ថ្លែងសន្ទរកថាក្នុងពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ ស្តីពីអង្គរ សម្បត្តិបេតិកភណ្ឌ័ពិភពលោក ជំទាវអូរេលី ហ្វីលីប៉េតទី(Aurelie Filippetti) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងគមនាគមន៍ នៃសាធារណៈរដ្ឋបារាំង និង.ឧ យ៉ា​ស៊ូ​ម៉ា​សា ណាហ្គាមីណេ9Yasumasa Nagamin) អនុរដ្ឋមន្ត្រី នៃក្រសួង​​ការបរទេសប្រទេសជប៉ុន និង. គីស័ររ៉ាវ(Kishore Rao)​នាយក​​មជ្ឍមណ្ឌល​បេតិកភ័ណ្ឌ​ពិភព​លោក​បាន​បង្ហាញ​ពីស​មាន​ចិត្ត​បន្ត​គាំទ្រ​ដំណើ​ការ​កាងារ​ថែរ​ក្សា​និង​អភវឌ្ឍន៍​តំបន់​ឧទ្យាន​អង្គរប្រកបដោយចីរភាពជាបន្តទៀតផងដែរ។