Monday, November 21, 2016

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យដឹកលើសទម្ងន់នាំឱ្យខូចផ្លូវ ហើយរថយន្តធុនធំ មិនត្រូវតទ្រុង ឱ្យលើស និងហួសលក្ខណៈបច្ចេទេសនោះទេ

ពីខេត្តរតនគីរី ដែលជាខេត្ត ស្ថិតនៅភាគឥសាន្ត នៃប្រទេសកម្ពុជា មានចម្ងាយជាង៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧៦ ប្រវែង១៧២ . ចាប់ពីសែនមនោរម្យ-កោះញែក (ខេត្តមណ្ឌលគិរី) ដល់តាអង (ខេត្តរតនគិរី) ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ជំងឺឡានតទ្រុង ខុសលក្ខណៈបច្ចេកទេស និងស្តង់ដារចេញពីរោងចក្រ និងដឹកលើសទំងន់ ពេលនេះវាបានរើឡើងវិញហើយ បន្ទាប់ស្ងាត់មួយរយៈ ក្រោយពីសម្តេចបានស្រែកម្តង ពីខេត្តសៀមរាប កាលពីប៉ុន្មានឆ្នាំមុន។
ដូច្នេះថ្ងៃនេះ ពីខេត្តរតនគិរី សម្តេចបានបញ្ជា ឱ្យអនុវត្តន៍ ចំពោះរថយន្តដឹកធ្ងន់ និងតទ្រុង ទាំងនេះ ជាបន្តទៀត ព្រោះរថយន្តទាំងនេះហើយ ដែលវាមិនត្រឹមតែបំផ្លាញផ្លូវថ្នល់ ដែលយើងបានធ្វើស្អាតនោះទេ តែវាបានបង្កើតស្ថានភាព គ្រោះថ្នាក់ចរាចរថែមទៀត។ អញ្ចឹងទេសូមអំពាវនាវឱ្យមានការដឹកជញ្ជូន និងការធ្វើចរាចរ ដោយគោរពច្បាប់ចរាចរ ដោយមិនត្រូវដឹកលើសទម្ងន់ ហើយមិនត្រូវតទ្រុងរថយន្ត អោយលើស និងហួសលក្ខណៈបច្ចេទេស យានយន្តផលិត​​ចេញពីរោងចក្រនោះទេ។ តែបើនៅតែមាន នៅតែល្មើស ត្រូវចាប់ឱ្យអស់ ហើយប្រមូលឡានហ្នឹង កុំអោយបើកបរលើផ្លូវ ហើយនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នា ដើម្បីប្រមូលរថយន្តទាំងនោះ យកទៅកាត់ទ្រុងចេញ តែបើមិនកាត់ចេញទេ ចាប់ហើយទុកចោលតែម្តងកុំខ្ចីខ្វល់ ព្រោះយើងមិនអាចអោយវាមកបំផ្លាញផ្លូវ ដែលយើងប្រឹងធ្វើយ៉ាងល្អស្អាតបានទៀតឡើយ។ បើតាមសម្តេច យើងប្រឹងណាស់ ដើម្បីបានផ្លូវល្អ ហើយសួរថាផ្លូវនេះផលប្រយោជន៍នរណា?
ដោយឡែក សំរាប់អ្នកធ្វើដំណើរតាមម៉ូតូ ពេលបានផ្លូវល្អស្អាតហើយ កុំភ្លេចពាក់មួកសុវត្ថិភាព​​ជាប្រចាំផង ហើយបើកបរនោះទៀតសោធ ត្រូវប្រុងប្រយ័ត្នជានិច្ច ហើយបើក្នុងករណី មានកើតគ្រោះថ្នាក់ចរាចរ ដោយការជិះលឿនលើផ្លូវល្អ សូមកុំជេរនាយករដ្ឋមន្ត្រី ដោយសារការធ្វើផ្លូវល្អនេះ ព្រោះកន្លងមកធ្លាប់មានករណីនេះ កើតឡើងរួចមកហើយ។
ពីវេទិការនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា ដោយមិនរាប់បញ្ចូលថ្ងៃនេះ គឺនៅសលតែ៨ថ្ងៃទៀតតែប៉ុណ្ណោះ សំរាប់ការចុះឈ្មោះបោះឆ្នោត ឃុំសង្កាត់។ ដូច្នេះសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ចើញរួសរាន់ប្រញាប់ប្រញាល់  ទៅចុះឈ្មោះបោះឆ្នោត ដើម្បីធានាការប្រើសិទ្ធិ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់  នៅថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភា នៅឆ្នាំ២០១៨ខាងមុខនេះ ខណៈដែលការិយាល័យចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ត្រូវបិទទ្វារនាល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ។ ទន្ទឹមនេះដែរ ជាមួយ នឹងការអំពាវនាវដល់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ទៅដល់មន្ត្រីបំរើការងារផ្នែកចុះឈ្មោះបោះឆ្នោត មេត្តាជួយសម្រួល ក្រែងលោនាទីចុងក្រោយ ប្រជាពលរដ្ឋ លោកសម្រុកទៅ ដើម្បីបំពេញបែបបទ ក្នុងការចុះឈ្នោះបោះឆ្នោតនេះ។

គួរបញ្ជាក់ថា របាយការណ៍សាងសង់ ដែលថ្លែងដោយទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧៦បន្ត ដែលមានប្រវែង១៧៦គ. នេះ ត្រូវបានលើកកម្រិត និងពង្រីកទទឹងតួផ្លូវ ទំហំ៩មែត្រ ក្នុងនោះទ្រូងថ្នល់ មាន២គន្លង ទទឹង.៥០ម និងមានចិញ្ចើមថ្នល់ទទឹង ១ម៉ែត្រសងខាង ព្រមទាំងសាងសង់ស្ពានឆ្លងកាត់ទន្លេស្រែពក មួយកន្លែងប្រវែង ប្រវែង២៧៨ម៉ែត្រ ស្ពានតូច និងស្ពានមធ្យម ចំនួន២៩កន្លែង ប្រវែង ១២០៦ម៉ែត្រ សាងសង់លូកាត់ផ្លូវចំនួន២៩៦កន្លែង និងលូដាក់តាមប្រឡាយសងខាង ចំនួន២១៤កន្លែង។ កំណាត់ផ្លូវជាតិលេខ៧៦បន្តនេះ សាងសង់ឡើងតាមស្តង់ដារ ផ្លូវថ្នល់កម្រិតទី៣នៃគំរូរចនាប្លង់សំណង់ របស់សាធារណរដ្ឋប្រជាមានិតចិន ជាប្រភេទផ្លូវក្រាលកៅស៊ូ ពីរស្រទាប់​(DBST) ដែលចំណាយថវិកាប្រមាណ ៩១លាន៦សែន ៨ម៉ឺនដុល្លា អាមេរិកជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ៤លាន ៦សែន ៩ម៉ឺន ៨៦០០ដុល្លារអាមេរិក និងថវិកាសំរាប់ដោះស្រាយផលប៉ះពាល់ និងដោះមីន អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ សរុប ២លាន ១សែន ៤ម៉ឺន ៣ពាន់ ៧២ដុល្លា អាមេរិក ដែលអនុវត្តន៍ការសាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ក្វាងចូវ វ៉ានអាន របសរដ្ឋចិន ដែលចាប់ផ្តើម ពីឆ្នាំ២០១២ ហើយបញ្ចប់ការសាងសង់ជាស្ថាពរនាឆ្នាំ២០១៦នេះ។ កំណាត់ផ្លូវជាតិលេខ៧៦បន្តនេះ ជាសមិទ្ធិផល ដ៍ធំធេងថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានប្រែក្លាយកម្ពុជា ឲ្យស្គាល់នូវសុខសន្តិភាព និងប្រែក្លាយក្តីស្រមៃរបស់ប្រជាជនកម្ពុជា ទៅជាក្តីសង្ឈឹម នៃមោទនភាពជាតិ និងជំនឿជាក់ លើការអភិវឌ្ឈ៕






នេះគឺជាថ្ងៃទី១ នៃកិច្ចប្រជុំ CLV លើកទី៩ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាថ្ងៃបើកកិច្ចប្រជុំកំពូល ដ៏សំខាន់ ស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍» នៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម (CLV) លើកទី៩  ដើម្បីពិនិត្យមើលវឌ្ឍនភាពលើការងារអភិវឌ្ឍតំបន់ខាងលើ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឱ្យដឹងថា ចំណុចសំខាន់ៗនៃសេចក្តីថ្លែងការក្នុងកិច្ចប្រទេសនោះរួមមាន៖ ការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន, ការផ្លាស់ប្តូរទំនិញ, ការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម, ការទាក់ទាញទេសចរណ៍, ការទប់ស្កាត់អំពើជួញដូរមនុស្ស, ឧក្រិដ្ឋកម្ម, គ្រឿងញៀន, និងការបោសសម្អាតមីន។
សម្រាប់កិច្ចប្រជុំកំពូលលើកទី៩នេះ នឹងផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួនទៀត មិនត្រឹមតែកិច្ចសហការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលទាំងវិស័យសន្តិសុខ និងកិច្ចការបរទេស, សង្គម, បរិស្ថាន, និងការសម្របសម្រួលអភិវឌ្ឍន៍ថ្នាក់ខេត្តផងដែរ។
ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល CLV លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប នឹងនាំមកនូវលទ្ធផលល្អៗជាមួយទិសដៅថ្មីៗថែមទៀត ដើម្បីប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី ឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ឧស្សាហកម្ម និងទេសចរណ៍ដ៏ធំនៅក្នុងតំបន់៕

ប្រភពពីGNN







សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ប្រតិភូ​យុវជន អាស៊ាន ជប៉ុន ជួបសំដែង​ការគួរសម

នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូនាវា យុវជន អាស៊ីអាគ្នេយ៍ ជប៉ុន ដឹកនាំដោយលោកស្រី កៅ រីណាកាមូរី (Kao Ri Nakamuri) ចូល ជួបសំដែងការគួរសម ។
លោកស្រី បានគោរពសំដែងនូវការរីករាយ និងអំណរគុណដល់រាជរដ្ឋាភិបាល និងមន្ត្រីរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានគាំទ្រដល់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ជប៉ុននេះ។ លោកស្រីបន្តថា កម្មវធីនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៤មក ដែលគោលដៅនៃកម្មវិធីដើម្បីពង្រឹង និងពង្រីកមិត្តភាព ទំនាក់ទំនង រវាង យុវជន និងយុវជននៅក្នុងតំបន់។
សព្វថ្ងៃ កម្មវិធីនេះបានក្លាយទៅជាបណ្តាញយុវជនមួយដែលមានការ យល់គ្នាទៅវិញទៅមក ហើយរដ្ឋាភិបាលជប៉ុនពិតជាមានមោទនភាព និងគាំទ្រចក្ខុវិស័យនេះតទៅមុខទៀត។ លោកស្រីបន្តថា ប្រទេសជប៉ុន ក៏បានសំដែងការរីករាយ និងមោទនភាពដែលកម្ពុជា បានរៀបចំសន្និបាតនាវាយុវជន អាស៊ីអាគ្នេយ៍ ជប៉ុន នៅខេត្តសៀមរាបកន្លងមក ក្រោមប្រធានបទ បរិស្ថាននិងពិភពលោកបៃតង។ ការដឹកនាំសន្និបាតនេះ បានប្រព្រឹត្តទៅប្រកបដោយអត្ថន័យដ៏ល្អប្រសើរដែលប្រទេសជប៉ុន នឹងចងចាំទុកជានិច្ច។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ចំពោះយុវជនទាំងអស់ ដែលបានមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចបន្តថា ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំជប៉ុន និងអាស៊ាន ឱ្យមាន កម្មវិធីនាវាយុវជន ជប៉ុននេះ កាលពី៤៩ឆ្នាំកន្លងមកនេះហើយនោះ គួរជាទីគោរព និងមរតក ដែលបន្សល់ ឱ្យយើង ជំរុញកម្មវិធីតទៅទៀត ហើយតាមរយៈកម្មវិធីនេះ ពិតជានាំឱ្យយុវជន កម្ពុជា យុវជន អាស៊ាន ជប៉ុន យល់គ្នាច្បាស់ ហើយការស្គាល់គ្នាច្បាស់ នឹងសម្រួលជួយធ្វើឱ្យរាល់ទំនាក់ទំនងជាមួយគ្នាបានស្រួលដោយប្រសិទ្ធភាពទៅថ្ងៃអនាគត។ សម្តេចបានមានប្រសាសន៍ថាអាស៊ាន ជាសហគមន៍មួយ មានជោគវាសនាតែមួយ ហើយតាមរយៈការយល់គ្នារវាងរវានាវាយុវជននេះ នឹងជំរុញទំនាក់ទំនងរវាងយុវជន អាស៊ាន និង ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចបានជំរាបជូនថា  កម្ពុជាពិតជាមានមោទនភាពណាស់ ដែលបាន រៀបចំសន្និបាត នាវាយុវជន អាស៊ីអាគ្នេយ៍ ជប៉ុន នៅខេត្តសៀមរាបកន្លងមក ហើយសម្តេចបានមាន ប្រសាសន៍ថា នៅលើពិភពលោកនេះ ជាការពិតណាស់ទោះបីប្រទេសនីមួយៗមានទស្សនៈផ្សេងៗគ្នា ក៏ដោយ ប៉ុន្តែប្រទេសទាំងអស់នោះមានការស្រុះស្រួលគ្នា លើ៤ចំណុច ទី១.គឺការការពារ ដោះស្រាយបញ្ហា វិបត្តិសេដ្ឋកិច្ច , ទី២.ការប្រយុទ្ធប្រឆាំងភេរវកម្ម ,ទី៣.ការគ្រប់គ្រងគ្រោះមហ្តរាយ និងទី៤.គឺការដោះស្រាយការប្រែប្រួលអាកាសធាតុ។ កត្តាទាំង៤ចំណុចខាងលើនេះហើយ ដែលយុវជនទាំងអស់ត្រូវចូលរួមជួយការពារ ជួយដល់ពិភពលោកយើងទាំងមូល។ សម្តេចក៏បានលើកឡើងជំរាបជូនប្រតិភូអំពីប្រវត្តិសាស្ត្រ របស់កម្ពុជា អំពីស្ថានភាពនយោបាយ របស់កម្ពុជាហើយ ជាទីបញ្ចប់ សម្តេចក៏បានផ្តាំផ្ញើតាមរយៈយុវជន ទាំងអស់ សូមពាំនាំនូវការសួរសុខទុក្ខដល់ថ្នាក់ដឹកនាំនៃប្រទេសរៀងៗខ្លួនជូនចំពោះសម្តេចផង៕

ប្រភពពីGNN