Thursday, February 23, 2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ



នៅរសៀល ថ្ងៃព្រហស្បតិ៍​ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដែលពិធីនេះ ធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ 


ក្រសួងមហាផ្ទៃ គឺជាសេនាធិការមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ដោយមានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់ លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ សន្និបាតនេះមានសារៈសំខាន់ណាស់ ក្នុងការពិនិត្យឡើងវិញលើការងារទាំងឡាយរបស់ស្ថាប័ន និងអង្គភាពនានា ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាព។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ឆ្នាំ ២០២៣នេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដសំខាន់ៗ ដូចជា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រឹត្តិការណ៍ បោះឆ្នោតជាដើម ដូច្នេះសម្ដេចបានឱ្យក្រសួងមហាផ្ទៃត្រូវខិតខំសហការជាមួយភាគីពាក់ព័ន្ធរក្សានូវសុខសុវត្ថិភាព និងសន្ដិសុខសណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ និងចរារណ៍ឱ្យបានល្អប្រសើរ។ សម្តេចតេជោបានមានប្រសាសន៍ទៀតថា ការយកឈ្នះលើជំងឺកូវីដ១៩ គឺបានឆ្លើយតបទាន់ពេលវេលាលើគ្រោះមហន្តរាយនានា គឺជាលទ្ធផលបានមកពីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការផលិតគ្រឿងញៀន មានការកើន​ឡើង​គួរឱ្យកត់សម្គាល់ ដូច្នេះសម្ដេចតេជោឱ្យមានការពិនិត្យឡើងវិញចំពោះបញ្ហានេះ ពិសេសការផលិតគ្រឿងញៀនកែឆ្នៃ និងត្រួតពិនិត្យ​លើការ​ចរាចរណ៍ចេញចូលលើបញ្ហាគ្រឿងញៀននេះ។ ជាមួយគ្នានេះសម្ដេចសុំឱ្យគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យបានល្អប្រសើរ និងឱ្យមានការចូលរួម ពីគ្រប់ភាគីពិសេសពលករបរទេស។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ការងារថ្នាក់ខេត្ត ថ្នាក់ស្រុក គឺនៅមានស្រ្ដីតិចពេក។សម្ដេចតឹជោក៏បានណែនាំឱ្យមានការតែងតាំងស្រ្ដីជាអភិបាលរងយ៉ាងតិច២-៣ នាក់បន្ថែមទៀត។ សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ផ្ដល់អំណាចដើម្បី​ឱ្យមូលដ្ឋាន​អាចជ្រើសរើស ប៉ុន្ដែការស្នើមកនោះ មិនមានស្រ្ដីច្រើនឡើយ។ សម្ដេចបញ្ជាក់ថា មន្រ្ដីមូលដ្ឋានមិនគួរមានការខ្វះខាតស្រ្ដីនោះទេ។ គ្រូបង្រៀន សាស្រ្ដាចារ្យ គឺជាមូលដ្ឋាន ក្នុងការជ្រើសរើស​ជា​អភិបាលរងខេត្ត ស្រុក ដែលការងារនេះអាចផ្លាស់ប្ដូរក្របខណ្ឌបាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កាជ្រើសរើសមន្រ្ដី គឺសុំស្នើឱ្យយកមន្រ្ដីក្របខណ្ឌស្រាប់ ដូចជាសាស្រ្ដាចារ្យ គ្រូបង្រៀន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ទី១២ បូក២ ជាដើម។ សម្ដេចបញ្ជាក់ថា បើចង់ឱ្យមានការលើកតំកើនស្រ្ដីនៅគ្រប់តួនាទី គឺត្រូវតែចូលរួមដោយខ្លួនឯងមន្រ្ដីនៅថ្នាក់មូលដ្ឋាន។ 

នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍សារជាថ្មីអំពី ការរួមគ្នាកម្ចាត់ចោលនូវរាល់ព័ត៌មានក្លែងបន្លំ ដែលព័ត៌មានក្លែងបន្លំនេះ វាអាក្រក់ និងសាហាវ ដែលផ្ទុយ​ពី​សិទ្ធិ​បញ្ចេញមតិ ដូច្នេះការបង្កើតឆាណែលតេឡេក្រាម គឺជាផ្នែកមួយ​ដើម្បី​ឆ្លើយតបទាន់ពេលចំពោះករណីមានព័ត៌មានក្លែងក្លាយកើតឡើង។ សម្ដេចតេជោក៏ជំរុញឲ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្តនីមួយៗអាចបង្កើតជាគ្រុប តេលេក្រាម ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មានលឿន រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាព ជាពិសេសដើម្បីលុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយផ្សេងៗឲ្យទាន់ពេលវេលា។ 

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងកិច្ចគាំពារដើម្បីរក្សាលំនឹងដល់ជីវភាពគ្រួសារក្រីក្រ រាជរដ្ឋាភិបាលបានដាក់ចេញនូវ ការ ឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលងាយរងគ្រោះ និងរងហានិភ័យនានាផងដែរដើម្បីជួយដល់ប្រជាពលដ្ឋ ដែលមកដល់ពេលនេះ រដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ពាន់លានដុល្លាររួចទៅហើយដែរ។

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឱ្យមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងផែនការសកម្មភាពការងារនៃឆ្នាំបន្ទាប់។

បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយសដល់មន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃមួយចំនួន ដែលមានស្នាដៃល្អក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងការងារបម្រើប្រជាជននាពេលកន្លងមក ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង៕



សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងតារាចម្រៀងជប៉ុន ជួបសម្តែងការគួរសម



នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។ 

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា ឯកឧត្តម TAKEI Shunsuke បានសម្ដែងក្ដីរីករាយជាមួយទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន វិស័យដទៃជាច្រើនទៀត ។

ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ហើយនៅថ្ងៃខាងមុខនេះ ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។ 

ដោយឡែក លោកស្រី មីណាមីណុ បានគោរពជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលសន្តានដោយចិត្តដ៏ប្រពៃរបស់ប្រជាជនកម្ពុជានៅពេលនោះ ទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្ដីជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅកម្ពុជា ហើយបាននិពន្ធ និងច្រៀងបទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជាការអធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី មីណាមីណូ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកស្រី នឹងទៅជួបកុមារ៉ា កុមារីកំព្រា ដែលលោកស្រីធ្លាប់បានជួបកាលពីឆ្នាំ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និង ជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត ។

សូមជំរាបជូនថា លោកស្រី មីណាមីណូ ជាតារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីល្បាញម្នាក់របស់ប្រទេសជប៉ុន តាំងពីឆ្នាំ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។ ចំពោះអត្ថបទបទចំរៀង «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» បានរំលេចនូវពាក្យ «គីហ្សូណា និងត្សឹបាសា» ដែលជាឈ្មោះស្ពានសាងសង់ដោយការគាំទ្ររបស់ជប៉ុន និងមានន័យថា «ចំណងមិត្តភាព និងស្លាប» ដើម្បីជាកាដូចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងឱកាសខួបលើកទី ៧០នេះ។ ភាគីជប៉ុន បានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយបទចំរៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» នេះ នៅកម្ពុជា បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះ កាលថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ ដែលមានចំនួនអ្នកចូលទស្សនាប្រមាណជាង ៣០ម៉ឺនដង ក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា ក៏ដូចជាការបញ្ជូនអាជ្ញាកណ្ដាល មកពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះលោកស្រី មីណាមីណូ ដែលបាននិពន្ធ និងសំដែងនូវបទចម្រៀង «ឥន្ធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជា ពីអតីតកាល ។

សូមជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្ដម តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការនៃក្រសួងការបរទេសជប៉ុន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនឹងមានការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦លានយ៉េន  (ប្រមាណ ៣០,៦លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ជាមួយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស  និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២៕

វិភាគអន្តរជាតិ៖ តើសុន្ទរកថារបស់លោក ពូទីន បង្ហាញអ្វីខ្លះពីផែនការរបស់លោក នៅអ៊ុយក្រែន?



(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈនេះបានចាប់ផ្ដើមការថ្លែងសុន្ទរកថារបស់លោកជាមួយការគូសបញ្ជាក់ពីភាពចាំបាច់ ជាច្រើននៃសង្រ្គាមរបស់លោកនៅអ៊ុយក្រែន។ «វាជាពេលវេលានៃការផ្លាស់ប្ដូរទាំងស្រុង និងមិនអាចត្រឡប់ក្រោយវិញបាន នៅទូទាំងពិភពលោក។ វាជាពេលវេលានៃ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលនឹងកំណត់ពីអនាគតប្រទេសជាតិ និងប្រជាជនរបស់យើង ហើយវាក៏ជាពេលវេលាដែលយើងទាំងអស់គ្នាគ្រប់ៗរូប ត្រូវតែទទួលខុសត្រូវ យ៉ាងធំធេងផងដែរ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន ប្រាប់សមាជិកសភារុស្ស៉ីរាប់រយនាក់ដែលបានអង្គុយស្ដាប់លោកថ្លែងសុន្ទរកថា។

នៅក្រោយបន្តិចនៃការថ្លែងសុន្ទរកថា បណ្ដាសារព័ត៌មានអាមេរិកធំៗទាំងអស់បានស្រង់យកឃ្លាជាច្រើនរបស់លោក ពូទីន មកចុះផ្សាយដោយផ្តោតជាសំខាន់លើការប្រកាស របស់លោកដែលថារុស្ស៉ីនឹងផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ជាសន្ធិសញ្ញានុយក្លេអ៊ែរនៅសេសសល់ចុងក្រោយគេបំផុតជាមួយសហរដ្ឋអាមេរិក ហើយ ការប្រកាសនេះដែរបាន និងកំពុងបង្កឱ្យមានការព្រួយបារម្ភជាថ្មីពីហានិភ័យនុយក្លេអ៊ែរក្នុងចំណោមបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញមួយចំនួន ដូចជាលោក Daniel Goure មកពីវិទ្យាស្ថាន Lexington Institute មានមូលដ្ឋាននៅសហរដ្ឋអាមេររិក សុន្ទរកថារបស់លោក ពូទីន ក៏បានបញ្ជាក់ដែរថាតើលោក ពូទីន នឹង ដោះស្រាយដូចម្ដេចជាមួយសង្រ្គាមក្នុងឆ្នាំទី២ ដែលលោកជាអ្នកចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបង្ហាញពីការផ្លាស់ប្ដូរនៃវោហាសាស្ត្ររបស់លោកទាំងនៅ ក្នុងស្រុក និងនៅលើពិភពលោក។

អ្នកជំនាញផ្នែកយោធារូបនេះបានសង្កត់ធ្ងន់ទៀតថា សុន្ទរកថារបស់លោក ពូទីន កាលពីថ្ងៃអង្គារគឺសឹងតែជាសុន្ទរកថាសង្រ្គាមពិតៗ ដែលគេបានឮជាលើកដំបូងមកទល់នឹង ពេលនេះ ហើយលោក ពូទីន ហាក់ដូចជាលែងចាត់ទុកថាសង្រ្គាមនៅអ៊ុយក្រែន គឺជាប្រតិបត្តិការយោធាពិសេសដើម្បីរំដោះអ៊ុយក្រែន ដោយជំនួសមកវិញនូវការចាត់ទុកថា វាជាសង្រ្គាមប្រឆាំងនឹងលោកខាងលិចតែម្ដង។

*​ ចអង្អុលដាក់មុខលោកខាងលិច

នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ពូទីន បាននិយាយថាមេដឹកនាំលោកខាងលិច មិនបានលាក់បាំងពីគោលដៅរបស់ពួកគេនោះទេ ពោលគឺពួកគេចង់បំបាក់រុស្ស៉ី។ «ដូច្នេះតើ នេះមានន័យយ៉ាងដូចមេ្ដច? ជាការចោទសួររបស់លោក ពូទីន ជាមួយការបន្ថែមថា «លោកខាងលិចមានផែនការពង្រីកសង្រ្គាមមួយនៅក្នុងតំបន់ ឱ្យក្លាយជាទៅជា ការប្រឈមមុខដាក់គ្នាជាសកល។ នេះជារឿងដែលរុស្ស៉ីបានយល់យ៉ាងច្បាស់ ហើយនឹងធ្វើការឆ្លើយតបយ៉ាងសមស្រប ពីព្រោះវាជាការគំរាមកំហែងមួយដល់ប្រទេស របស់យើង»។

នៅត្រង់ចំណុចនេះ លោក Daniel Goure បានកត់សម្គាល់ថាលោក ពូទីន ចង់ផ្ញើសារទៅកាន់ប្រជាជនរុស្ស៉ីថាការបញ្ជូនទាហានទៅកាន់សមរភូមិ មិនមែនត្រឹមតែដើម្បី ការពារប្រជាជនរុស្ស៉ីនៅអ៊ុយក្រែន ឬព្រំដែនរុស្ស៉ីប៉ុណ្ណោះទេ តែក៏ដើម្បីការពារវប្បធម៌ និងប្រជាជនរុស្ស៉ីពីលោកខាងលិចដែរ។ ដោយឡែក លោក Andres Kasekamp ជាសាស្ត្រាចារ្យខាងវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ University of Toronto បានពន្យល់ថាលោក ពូទីន ចង់ពន្យល់ទៅកាន់ប្រជាជនរុស្ស៉ីថាតើហេតុអ្វីបានជា សង្រ្គាមរបស់រុស្ស៉ីបរាជ័យនាកន្លងមក ដោយមិនទាន់អាចសម្រេចគោលដៅតាមផែនការអស់រយៈពេលជិតមួយមកនេះ នោះគឺលោក ពូទីនចង់ប្រាប់ប្រជាជនរុស្ស៉ីថា រុស្ស៉ីកំពុង ប្រយុទ្ធតតាំងជាមួយលោកខាងលិចទាំងមូល មិនមែនជាមួយអ៊ុយក្រែននោះទេដែលនេះឯងធ្វើឱ្យសង្រ្គាមមានការលំបាក។ នេះគឺជាវោហាសាស្ត្រនៅក្នុងស្រុករបស់លោក ពូទីន។ ចំណែកឯ ជាលក្ខណៈអន្តរជាតិវិញ ដោយទម្លាក់កំហុសទៅលើលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក លោក ពូទីន ចង់ប្រើវាដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យបណ្ដា ប្រទេសដទៃ នៅក្នុងតំបន់អាហ្វ្រិក អាស៊ី និងអាមេរិកឡាទីន បន្តរក្សាគោលជំហរអព្យាក្រឹត ជាជាងថ្កោលទោស ឬចូលរួមជាមួយលោកខាងលិចដាក់ទណ្ឌកម្មរុស្ស៉ី។

* ការសម្លុតគំរាមនុយក្លេអ៊ែរ

លោក Andres Kasekamp បានពិព័ណ៌នាថាសុន្ទរកថារបស់លោក ពូទីន មិនបានបង្ហាញពីសញ្ញាបើកចំហទ្វារសម្រាប់កិច្ចសន្ទនា ឬក៏ការកែប្រែចិត្តយល់ព្រមបកក្រោយវិញ នោះទេ ហើយសុន្ទរកថានេះទៀតសោតក៏មិនមានអ្វីខុសប្លែកច្រើនពីសុន្ទរកថាមុនៗជិតមួយឆ្នាំមកនេះដែរ។ «អ្វីដែលថ្មី» នៅក្នុងសុន្ទរកថា នោះគឺការប្រកាសថារុស្ស៉ីនឹងផ្អាក ការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលបានជាប់គាំងរួចទៅហើយដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។

ដូចគ្នានេះដែរ លោក Leon Aron ជាអ្នកជំនាញសិក្សាពីរុស្ស៉ីម្នាក់មកពីវិទ្យាស្ថាន American Enterprise Institute (AEI) បាននិយាយថាសម្រាប់លោក ពូទីន ការសម្លុតគំរាម នុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់ដែលលោក ពូទីន សល់នៅក្នុងដៃ។ អ្នកជំនាញរូបនេះបន្តថា «ខណៈរុស្ស៉ីជាប់ផុងកាន់តែជ្រៅនៅក្នុងសង្រ្គាមនៅអ៊ុយក្រែន អ្វីដែលនៅ សល់ គឺអាវុធនុយក្លេអ៊ែរ ដែលជាមធ្យោបាយតែមួយគត់របស់រុស្ស៉ី ដើម្បីអាចមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់លោកខាងលិច និងសង្រ្គាមសព្វថ្ងៃ»។

* ត្រៀមលក្ខណៈសម្រាប់សង្រ្គាមរយៈពេលវែង

ក្រៅតែពីការសម្លុតគំរាមកំហែងនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់លោក ពូទីន នោះគឺការត្រៀមលក្ខណៈសម្រាប់សង្រ្គាមរយៈពេលវែង និងលើកទឹកចិត្តឱ្យប្រជាជនរុស្ស៉ីសម្របខ្លួន ទៅនឹងការពិតសព្វថ្ងៃដែលពួកគេកំពុងប្រឈម។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោក ពូទីន បាននិយាយថាទណ្ឌកម្មលោកខាងលិចប្រឆាំងនឹងរុស្ស៉ីបានទទួលបរាជ័យ រីឯសេដ្ឋកិច្ច រុស្ស៉ីនៅតែដំណើរការទៅមុខ ហើយផលិតផលកសិកម្មនៅតែបន្តកើនឡើង ស្របពេលអត្រាគ្មានការងារធ្វើបានថយចុះ។ បន្ថែមពីលើនេះខណៈលោក ចូ បៃដិន បានសន្យានៅ ក្នុងសុន្ទករថាមួយ នៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញថាសហរដ្ឋអាមេរិកនឹងឈរនៅជាមួយអ៊ុយក្រែនដល់ទីបញ្ចប់ លោក ពូទីនវិញក៏បានសន្យាដែរថាលោកនឹងប្រយុទ្ធរហូតដល់ ទីបញ្ចប់ដូចគ្នា។

បើតាមលោក Kasekamp នៅក្នុងគំនិតរបស់លោក ពូទីន លោកនៅតែជឿជាក់ថាលោកអាចតស៊ូបានយូរជាង លោកខាងលិច។ ពោលគឺទោះជាបីជាបច្ចុប្បន្នលោកកំពុងចាញ់ តែលោកនៅតែយល់ថាសាមគ្គីភាពរបស់លោកខាងលិចអាចនឹងប្រែប្រួលភ្លាមៗគ្រប់ពេលវេលា។ តួយ៉ាង ខណៈលោក ចូ បៃដិន ប្រហែលជាអាចប្ដេជ្ញាគាំទ្រអ៊ុយក្រែន រយៈពេលយូរ ប៉ុន្តែជំហរបែបនេះអាចនឹងប្រែបួលភ្លាមៗ ប្រសិនបើប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ជាអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ ឬក៏សាមគ្គីភាពនៅក្នុង NATO អាចនឹងរង្គោះរង្គើរ ប្រសិនបើមានការផ្លាស់ប្ដូររដ្ឋាភិបាល នៅក្នុងចំណោមរដ្ឋជាសមាជិក។ បានន័យថារដ្ឋាភិបាលនៅបណ្ដាប្រទេសលោកខាងលិចតែងតែមានការផ្លាស់ប្ដូរ តែលោក ពូទីន វិញប្រហែលជានឹងមិនចាកចេញទៅណាឡើយ ឬក៏អាចកាន់អំណាចអស់មួយជីវិតក៏ថាបាន៕