Wednesday, April 27, 2016

​ប្រធាន​​​គណៈមេធាវី​ ស្នើសុំឲ្យ​លោ​កស្រីមេ​ធា​វី ទ្រី ឈួន រា​​យការណ៍​ស្តីពី​ការមិ​នបន្តផ្ត​ល់មេធាវីការ​ពារ​ក្តីចំពោះ​កញ្ញា ស្រីមុំ​

នៅថ្ងៃទី២៦ ​ ខែមេសា ​​  ឆ្នាំ២០១៦នេះ     លោកមេធាវី  ​ ​​​​​​​ប៊ុន ​​  ​​ហុន  ​​  ​​​ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនលោកស្រីមេធាវី ទ្រី ឈូន មេធាវីប្រចាំសមាគមការពារសិទ្ធមនុស្សអាដហុកដើម្បីស្នើសុំលោកស្រីមេធាវី រាយការណ៍ពីការលំបាកពាក់ព័ន្ធ នឹងការការពារក្តីឲ្យកញ្ញាខុម ចាន់តារ៉ាទី ហៅ ស្រីមុំ។
យោងតាមលិខិតនោះបានឲ្យដឹងថា បន្ទាប់ពីសមាគមអាដហុកបានចេញសេចក្តីប្រកាសព័ត៌មាន ពីការមិនបន្តផ្តល់មេធាវីការពារក្តីចំពោះករណីកញ្ញាខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦​ រួចមក គណៈមេធាវីបានសង្កេតឃើញបណ្តាញសារព័ត៌មាននានា បានផ្សាយនូវព័ត៌មានផ្សេងៗ ដែលធ្វើឲ្យមានមន្ទិលសង្ស័យថាមានការបំពានលើឯករាជ្យភាព និងសេរីភាពវិជ្ជាជីវៈមេធាវី។

នៅក្នុងលិខិតនោះក៏បានសុំឲ្យលោកស្រីមេធាវី ទ្រី ឈូន រាយការណ៍មកគណៈមេធាវីអំពីករណីនេះឲ្យបានឆាប់ ដើម្បីឲ្យគណៈមេធាវីចាត់វិធានការស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕


អាជ្ញាធរ​ជាតិ​អប្សរា​បើក​ការ​ប្រឡង​ជ្រើស​រើស​មគ្គុទ្ទេស​ក៍ទេសច​រណ៍ទៅ សិក្សារយៈ​ពេល​ខ្លីនៅ​ទីក្រុង​ម៉ាកាវ​សាធារ​ណ​រដ្ឋ​ប្រជា​មានិតចិន

នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជា​អធិបតីក្នុងការបើក​កម្មវិធីប្រឡងជ្រើស​រើស​មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ  នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។

  ទាក់ទងនឹងការប្រឡងជ្រើសរើសនៅថ្ងៃនេះដែរ ក៏មានសមាសភាពគណៈកម្មការចូលរួមមកពីអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ ហើយបេក្ខជនទាំងអស់ត្រូវប្រឡងសំណេរនិងសំណួរផ្ទាល់មាត់រយៈពេលមួយថ្ងៃពេញ។ ចំពោះបេក្ខជនទាំង២០រូបដែលនឹងប្រឡងជាប់ នឹងមានឱកាសចុះកម្មសិក្សារយៈពេល៩ថ្ងៃនៅម៉ាកាវ ដោយមិនបាច់បង់ថ្លៃសំបុត្រយន្តហោះ ការហូបចុក និងការស្នាក់នៅ ដើម្បីសិក្សាអំពីវប្បធម៌គ្នាទៅវិញទៅមក និងចែករំលែកបទពិសោធន៍មគ្គុទ្ទេសក៍ទេសចរណ៍នៅម៉ាកាវនិងនៅកម្ពុជា។ លើសពីនោះក៏មានការរៀបចំដំណើរទស្សនកិច្ចសិក្សាផ្ទាល់នៅតំបន់ទេសចរណ៍ពិភពលោកមួយចំនួននៅម៉ាកាវ ដើម្បីឱ្យបេក្ខជនទាំងអស់បានរៀនសូត្របន្ថែមពីបច្ចេកទេសពាក់ព័ន្ធនឹងសេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍។

  ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តម សុខ សង្វារ ក៏បានប្រាប់ដែរថា វគ្គបណ្តុះបណ្តាលនេះកើតឡើងដោយយោងទៅលើ MOU រវាងអាជ្ញាធរជាតិអប្សរានិងអង្គការទេសចរណ៍ពិភពលោក ដែលមានដៃគូច្រើននៅលើឆាកអន្តរជាតិ ហើយអង្គការនេះក៏បានចាប់ដៃគូជាមួយប្រទេសចិន ដើម្បីបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ជូនអាជ្ញាធរជាតិអប្សរាផងដែរ។ ថ្វីត្បិតតែរយៈពេលទៅសិក្សានេះខ្លី តែវាជាឱកាសមួយសម្រាប់បេក្ខជនទាំងអស់ក្រេបយកចំណេះដឹងពីប្រទេសគេ ដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមលើអ្វីដែលខ្លួនមានសព្វថ្ងៃ ហើយវាក៏ជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយពីបទពិសោធន៍របស់ខ្លួនក្នុង ប្រទេសទៅកាន់បរទេសវិញផងដែរ។
ឯកឧត្តមក៏បញ្ជាក់បន្ថែមដែរថា តំបន់អង្គរ ជាតំបន់ទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ដែលភ្ញៀវទេសចរណ៍ចង់ទៅមកលេងសប្បាយ ដូច្នេះហើយដើម្បីឱ្យភ្ញៀវទេសចរទាំងអស់ទទួលបានព័ត៌មានជាក់លាក់ពីតំបន់ទេសចរណ៍ យើងត្រូវមានមគ្គុទ្ទេសក៍ដែលមានបទពិសោធន៍ល្អ មានចំណេះដឹងល្អ និងមានជំនាញក្នុងផ្តលព័ត៌មានជួនភ្ញៀវ។ ក្នុងនាមអាជ្ញាធរជាតិអប្សរាដែលគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ យើងនឹងធានាសេវាទេសចរណ៍ឱ្យប្រសើរ តាមរយៈការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យមានសមត្ថភាព បទពិសោធន៍ ចំណេះដឹងដើម្បីផ្តល់ព័ត៌មានល្អជូនភ្ញៀវ ធ្វើឱ្យភ្ញៀវសប្បាយចិត្តចង់មកទស្សនាទៀត ដែលបានទាញផលចំណេញសម្រាប់អាជ្ញាធរជាតិអប្សរាផងនិងប្រទេសកម្ពុជាផង។

ជាចុងក្រោយឯកឧត្តមក៏សូមជូនពរឱ្យបេក្ខជនទាំងអស់បានជោគជ័យក្នុងការប្រឡង ឯអ្នកមិនបានជោគជ័យក៏កុំអស់សង្ឃឹម សូមបន្តការខិតខំដុះខាត់សមត្ថភាពបន្តទៀត។ ម្យ៉ាងវិញទៀត ចំពោះបេក្ខជនដែលមានសំណាងបានទៅសិក្សា សូមឱ្យមានវត្តមានគ្រប់គ្នានៅលើទឹកដីម៉ាកាវ ដែលនេះនឹងបង្ហាញពីការទទួលខុសត្រូវនិងឱកាសក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនផង ហើយពេលត្រឡប់មកវិញសូមជួយចែករំលែកចំណេះដឹងទាំងនោះដល់អ្នកក្នុងស្រុក រួមទាំងធ្វើជាមគ្គុទ្ទេសក៍គំរូដល់អ្នកជំនាន់ក្រោយផងដែរ៕