Monday, February 20, 2017

ទំព័រ Facebook ផ្លូវការមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា កំពុងត្រូវបានក្រុមចោរលួចចូលគ្រប់គ្រង

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បាន​បញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ប្រិយមិត្តអ្នកអាននិងសាធារណជនទាំងអស់ឱ្យបានជ្រាបថា តាំងពីព្រលឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ គេហទំព័រ Facebook ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា រួមនឹង Facebook ពាក់ព័ន្ធមួយចំនួន ព្រមទាំងគណនី Facebook របស់មន្ត្រីអាជ្ញាធរជាតិអប្សរាផង ត្រូវបានក្រុមចោរលួចចូល និងគ្រប់​គ្រងទាំងស្រុង។
សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ប្រសិនបើមានការផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ឬប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមផ្សេងៗនោះ គឺជាការបង្ខូចរបស់ក្រុមចោរដែលកំពុងកាន់កាប់តែប៉ុណ្ណោះ។
នៅ​ក្នុងសេចក្តីប្រកាកសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងខណៈដែលក្រុមជំនាញអាជ្ញាធរជាតិអប្សរា កំពុងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីជួយដោះស្រាយបញ្ហានេះឱ្យបានទាន់ពេល សូមប្រិយមិត្តអ្នកអាន និងសាធារណជនទាំងអស់ មេត្តាជ្រាប និងកុំជឿលើការផ្សព្វ​ផ្សាយ​​​​ព័ត៌មានមិនពិតទាំងនោះឱ្យសោះ។ អាជ្ញាធរជាតិអប្សរា នឹងផ្តល់ដំណឹងជូនប្រិយមិត្តអ្នក​អាននិងសាធារណជនវិញ ក្រោយពេលដោះស្រាយបញ្ហានេះរួចរាល់៕


ក្រសួង​ឧស្សាហកម្ម និងសិ​ប្បកម្មចុះអនុស្សរ​ណៈជាមួយ​វិស័យឯក​ជន ដើម្បី​ធានា​​ការប្រើ​​ប្រាស់ទឹក​ប្រកប​ដោយសុវត្ថិ​ភាព

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបាន ចុះកិច្ចព្រមព្រៀងជាមួយក្រុនហ៊ុនចេមលេបខេមបូឌា ផ្តល់សេវាវិភាគ ទឹកស្អាត ដើម្បីធានាការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា បើតាមកិច្ចព្រមព្រៀងនេះ គឺក្រុមហ៊ុនចេមលេបខេមបូឌា និងបង្កើត ប្រសិទ្ធភាពការប្រើប្រាស់ទឹកស្អាត តាមរយៈការផ្តល់សេវា ធ្វើតេស្តលើ ប្រភពទឹក និងទឹក ស្របតាមស្តង់ដារអន្តរជាតិ។ កិច្ចព្រមព្រៀងនេះ នឹងធានាការប្រើប្រាស់ទឹកប្រកបដោយសុវត្ថិភាពសម្រាប់ពលរដ្ឋខ្មែរ។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានលើកឡើងថា ដោយសាររដ្ឋាភិបាលចង់ជំរុញឱ្យវិស័យ ឯកជនចូលរួមក្នុងការអភិវឌ្ឍដោយបង្កើតមន្ទីរពិសោធន៍ ដើម្បីតេស្តប្រភពទឹក និងទឹកឱ្យស្របតាមស្តង់ដារសុវត្ថិភាព មុននឹងផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។
គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងខាងលើ ក្រុមហ៊ុនចេមលេបខេម បូឌា សន្យាបង្កើតមន្ទីរពិសោធន៍ចល័ត១០បន្ថែមទៀតនៅតាម ខេត្តនានាទូទាំងប្រទេស ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋ៕

លោក សុខ ឥសាន​៖ ច្បាប់ ស្តីពី គណបក្សនយោបាយ

នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧  លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា រដ្ឋសភាជាតិបានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ  ដោយសម្លេង ៦៦ នៃចំនួនសមាជិករដ្ឋសភាទាំងមូល ដោយមូលហេតុ៖

– ជាសំណូមពរចាំបាច់ ឆ្លើយតបនឹងតម្រូវការរបស់សង្គមជាតិ ដើម្បីមានច្បាប់មួយប្រកបដោយគុណភាព ។

– ដើម្បីឱ្យស្របតាមសភាពការណ៏ថ្មី ដោយបំពេញបន្ថែមនូវចំណុចចន្លោះប្រហោងមួយចំនួន នៃច្បាប់ចាស់ ។

– ជាសំណូមពរចាំបាច់ក្នុងការពង្រឹងគណបក្សនយោបាយ ដោយផ្អែកលើសារសំខាន់នៃតួនាទីរបស់គណបក្សនយោបាយ ដែលជាតួអង្គនៃការប្រគួតប្រជែងក្នុងការបោះឆ្នោត លើទីលានប្រជាធិបតេយ្យ ។

– ជាសំណូមពរនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ដើម្បីធានាស្ថេរភាពនយោបាយ ស្ថេរភាពសង្គមជាតិ ។

ការអនុម័តច្បាប់វិសោធនកម្មច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ប្រជាជាតិខ្មែរយើង តាមរយៈការពុះពារជំនះឧបសគ្គស្មុគ្រស្មាញ របស់តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ដោយអនុវត្តត្រឹមត្រូវតាមខ្លឹមសាររដ្ឋធម្មនុញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និង នីតិវិធីជាធរមាន ៕


​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បើកសិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់មួយ នៅសណ្ឋាគារ​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ លោក​អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ បានអញ្ជើញបើក​សិក្ខាសាលាមួយ​ស្ដី​ពី​ «ការ​អនុវត្ត​ និង​នីតិវិធី​នៃ​បណ្តឹង​ទាក់ទង​នឹង​រឿង​ក្ដី​រដ្ឋប្បវេណី​ នីតិវិធី​ការ​អនុវត្ត​ដោយ​បង្ខំ​»​ នៅ​សណ្ឋាគារ​ភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើង​ក្រោម ​ការ​ឧបត្ថម្ភ​របស់​​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​ (​JICA) ។
សិក្ខាសាលានេះ នឹងផ្សព្វផ្សាយ ដល់អ្នកចូល រួមទាំងអស់ឱ្យ បានយល់ ទាក់ទឹងនឹងចម្ងល់មួយចំ​នួន ពាក់ព័ន្ធ នឹងរឿង តុលាការដូចជា បាន​ឈ្នះ​ក្ដី​ហើយ​ តែ​ចុងចម្លើយ​មិន​ស្ម័គ្រចិត្ត​បង់​លុយ​ឲ្យ​សោះ​…​ តើ​អាច​យក​លុយ​មក​វិញ​ដោយ​បង្ខំ​បាន​ឬ​ទេ​ ?​ តើ​ត្រូវ​ដាក់​ឯកសារ​អ្វី​ខ្លះ​ទៅ​តុលាការ​ ?​ នេះ​ជា​អ្វី​នៃ​ នីតិវិធី​ការ​អនុវត្ត​ដោយ​បង្ខំ​៕



វិសោធនកម្មច្បាប់ ស្តីពី​គណបក្សនយោបាយ ត្រូវបានអនុម័ត​ទាំងស្រុង ដោយ​សំឡេង​សមាជិក ៦៦រូប

ភ្នំពេញ៖ បន្ទាប់ពីបើកកិច្ចប្រជុំវិសាមញ្ញអស់រយៈពេលជិត ២ម៉ោង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ  រដ្ឋសភា​បានអនុម័តទាំងស្រុងលើសេចក្តីស្នើវិសោធនកម្ម​ច្បាប់ស្តីពី​គណបក្សនយោបាយហើយ ដោយសំឡេងសមាជិក​រដ្ឋសភា៦៦រូប។
កិច្ចប្រជុំសភាវិសាមញ្ញនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា។ លោកនាយរដ្ឋមន្រ្ដី ហ៊ុន​ សែន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀត ក៏មានវត្តមានក្នុងកិច្ចប្រជុំសភានេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេ។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំ​ដោយក្រុមតំណាងរាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជាចំនួន ៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំ​សំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មី​នេះ ​និងមិនអនុញ្ញាតឱ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោស​ធ្ងន់ធ្ងរ​ទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឱ្យធ្វើសកម្មភាពនយោបាយថែមទៀត។
ច្បាប់ ស្តីពីគណបក្សនយោបាយនេះ ត្រូវបានកែសម្រួលជាថ្មីរហូតដល់២២មាត្រា ក្នុងចំណោម៥០មាត្រា ដែលបានដាក់ឱ្យអនុវត្តជាង២០ឆ្នាំកន្លងមក៕


សកម្មជនបក្សសង្គ្រោះជាតិ១៤១​នាក់នៅក្នុងឃុំ​កុមារាជា បន្តចាក​ចេញជាលើកទី២ មករួមរស់​ក្នុងជីវភាព​នយោបាយ​ជាមួយគណ​បក្សប្រជាជន​កម្ពុជា!

សកម្មជន​ និង​សមាជិក​អ្នក​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ​ចំ​នួន​​ ១៤១នាក់​ នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧នេះ បានស្ម័គ្រចិត្តដោយសុទ្ធចិត្ត​ ចាក​ចេញ​​ពី​បក្សប្រឆាំង​មក​រួម​រស់​ក្នុង​ជី​វភាព​នយោបាយ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក្នុង​ពិធី​ប្រកាសបញ្ចូល​ជា​សមាជិកភាព​ថ្មីជា​ផ្លវ​ការ​នៅ​ព្រឹក​នេះ​ ក្រោម​អធិបតី​ភាព​លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការ​កណ្តាល​គណ​បក្សប្រជា​ជន​កម្ពុជា និង​ជាប្រធាន​ក្រុម​ការងារថ្នាក់​ជាតិចុះ​មូលដ្ឋានឃុំ​កុមារាជា នៃ​ស្រុក​បាទី​ ខេត្ត​តាកែវ​។
នេះ​ជា​លើក​ទី​២ហើយ​ នៃ​ការ​ចាក​ចេញ​របស់​សកម្មជន​អ្នក​គាំ​ទ្របក្សសង្គ្រោះ​ជាតិ​មករួម​រស់​ក្នុង​ជីវ​ភាព​​នយោបាយ​ជា​មួយ​គណបក្សប្រជា​ជន​កម្ពុជា ដែល​កាល​ពី​លើក​ទី​១ ក្នុង​អំ​ឡុង​ចុង​ខែ​តុលា ឆ្នាំ​២០១៦ មាន​​ចំ​នួន​សរុប​៤២០​នា​ក់ ក្នុង​នោះ​មាន​សមាជិក​បក្សសង្គ្រោះ​ជាតិ​ចំ​នួន​ប្រមាណ​ជាង២០០នាក់ រួម​ទាំង​​បងប្អូន​ផ្សេង​ៗ​ទៀត​​ដែល​មិន​មាន​និន្នាការគណបក្ស​នយោបាយណា​ បានសំរេចចិត្ត​មក​រួមរស់​នៅ​ជា​មួយ​គណ​បក្សប្រជា​ជន​កម្ពុ​ជា។
ក្នុង​ចំ​ណោម​សកម្មជន​ដែល​បាន​ចាកចេញ​ពី​គណបក្សសង្គ្រោះ​ជាតិ​ មក​រួម​រស់​ជា​មួយ​បក្សប្រជាជន​កម្ពុជា​នៅថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៧នេះ ក្នុង​នោះ​មាន​១០០នាក់ជា សមាជិក និងសកម្មជនគណបក្សសម រង្ស៊ី – មានសមាជិក​គណៈអចិន្ត្រៃយ៍បក្ស​ឃុំ​ និង​សកម្មជនលេចធ្លោរជាច្រើន​រូបទៀតផងដែរ​។ សកម្ម​ជន​ដែល​បាន​ចាកចេញ​ពី​បក្សប្រឆាំង​ទាំង​នេះបាន​រៀប​រាប់​ឲ្យ​ដឹងថា មូល​ហេតុ​នៃ​ការ​ចាក​ចេញ​មករួម​រស់​នៅ​ក្នុង​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដោយសារ​តែបាន​ដឹង​ថា គណ​​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សមាន​តែ​ការ​សន្យាខ្យល់ ភូត​ភរ កុហក​បោកប្រាស់​ និងពួក​គាត់​ក៏បាន​ដឹង​ផងដែរថា កន្លង​មក​មាន​អ្នក​គាំ​ទ្រមួយ​ចំ​នួន​ត្រូវ​បាន​គេបោកប្រើ​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ និង​អ្នក​ខ្លះ​ត្រូវ​ស្លាប់ និងមួយ​ចំ​នួន​ជាប់​គុកពី​ព្រោះជ្រុល​ខ្លួន​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​។ ជា​ពិសេសទៅ​ទៀត គឺ​ចុង​ក្រោយ​នេះ អ្វី​ដែល​ជំ​រុញ​ឲ្យ​បងប្អូនសកម្មជន​ទាំងនោះ​ត្រូវ​តែនាំ​គ្នាចាកចេញ​ពី​បក្សសង្គ្រោះ​ជាតិ ដោ​យ​សារ​ពួក​គាត់​បាន​ដឹង​ថា គណបក្ស​នេះសព្វ​ថ្ងៃ​កំ​ពុង​បែក​បាក់​ មានជម្លោះផ្ទៃ​ក្នុង គ្មាន​មេដឹកនាំ​ច្បាស់​លាស់ ដោយបែង​ចែក​បក្សពួក​ជាក្រុមដោយឡែក​ៗពី​គ្នា គឺ​ក្រុម​លោក កឹម សុខាផ្សេង និង​ក្រុម​ដែល​ធ្លាប់​គាំ​ទ្រលោក សម រង្ស៊ី ផ្សឹង ហើយការលាលែងរបស់​លោក សម រង្ស៊ី ​ពីប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺបាន​ធ្វើ​ឲ្យ​ពួក​គាត់​គ្មានមេកើយច្បាស់លាស់ ​​វ៉ល់​ពេញ​បក្ស រញ៉េរញ៉ៃ និង​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ស្រី​ញី អំពើផិត​ក្បត់​គ្នា ស្អុយ​គគ្រុក​ពេញក្នុង​គណបក្សនោះ ទើ​បបណ្តាល​ឲ្យ​ពួក​គាត់អស់​សង្ឃឹម និង​​ត្រូវ​តែបង្ខំ​ចិត្ត​ចាកចេញ​ ដោយមិន​អាច​បន្ត​គាំទ្រតទៅ​ទៀត​បាន​ឡើយ​។
ម៉្យាង​វិញ​ទៀត អតីតសកម្មជនអ្នក​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​នេះ កន្លង​មក​ក៏បាន​ឃើញ​ និង​ដឹង​ច្បាស់​ផ្ទាល់​នឹង​ភ្នែក​ផង​ដែរ អំពី​​សកម្មភាព​ចុះ​មូលដ្ឋាន​ជា​ប្រចាំ​របស់​ក្រុម​ការងារ​គណបក្ស​ប្រជា​ជនកម្ពុជា​ ដែល​បាន​យកចិត្តទុកដាក់ខ្ពស់ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ជា​ទុក្ខកង្វល់របស់​ពួក​គាត់​បាន​ជា​ច្រើន ថែម​ទាំងបាន​ស្គាល់ច្បាស់​ទៀតថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ចេះ​សន្យា​ខ្យល់​ទេ ផ្ទុយ​ទៅ​វិញ​មាន​តែ​ការ​អនុវត្ត​ជាក់​ស្តែង​ គឺរួម​គិត រួម​ធ្វើ និង​រួម​រស់ រួម​សុខរួមទុក្ខជាមួយ​ពួក​គាត់គ្រប់​កាលៈទេសៈដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។
មានប្រសាសន៍សំ​ណេះ​សំ​ណាល​នៅ​ក្នុង​ពិធីនេះ លោក ស្វាយ ស៊ីថា   ក្នុង​នាម​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា និង​លោកឧបនាយករដ្ឋ​មន្ត្រី សុខ អាន ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ បាន​សម្តែង​នូវ​ការ​អប​អរសាទរ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅបំ​ផុតចំ​ពោះការ​ចូល​រួម​ដោយស្ម័គ្រចិត្ត​របស់​អតីតសមាជិក​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​​ថា « ការ​វិល​មក​ចូល​រួមរស់​ក្នុង​ជី​វ​ភាព​នយោ​បាយ​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ គឺជាការ​ផ្តល់​នូវ​សច្ចធម៌ និង​យុត្តិធម៌ ជា​ពិសេស​ការ​ទទួល​ស្គាល់របស់​បងប្អូន​នូវ​ការដឹកនាំ​ប្រទេសរបស់​គណបក្សប្រជា​ជន​កម្ពុជា​ ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​​ដឹកនាំឲ្យ​មាន​ការ​រីកចម្រើន​ និង​អភិវឌ្ឍ​លើគ្រប់​វិស័យ​» ។​ម៉្យាង​ទៀត ប្រការនេះក៏ជា​ការ​ទទួលស្គាល់ផង​ដែរនូវ​គុណ​តម្លៃរបស់គណបក្សប្រជាជនកម្ពុជា ​ដែល​បាន​ខិតខំ​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នយោបាយមក​ដល់​បច្ចុប្បន្ន និង​តទៅ​អនាគត»។
លោក ស្វាយ ស៊ីថា បាន​មានប្រសាសន៍បន្ថែម​ថា ការ​ចាកចេញជាលើកទី២របស់​បងប្អូនអតីត​សកម្មជន​បក្ស​ប្រឆាំងមករួមរស់​ក្នុង​ជីវភាពនយោបាយ​ជា​មួយ​គណបក្សប្រជា​ជន​កម្ពុជា​នេះ ​ គឺ​មាន​សារៈសំ​ខាន់​ណាស់ ដែលបង្ហាញ​នូវកម្លាំង​សាមគ្គី​រួប​រួម​គ្នា​ នឹងបាន​ជា​កម្លាំង​បន្ថែមទៀតដើម្បី​ថែ​រក្សា​ស្ថិរភាព និង​ចូលរួម​អភិវឌ្ឍ​ឲ្យកាន់​តែ​រីកចម្រើន​នៅ​ក្នុង​ភូមិ​ឃុំ។ លោកក៏បាន​សង្កត់​ធ្ងន់​ថា « ចាប់​ពី​ពេល​នេះ​តទៅ​ សមាជិក​គ្រប់​រូប​ ទាំង​សមាជិកចាស់​ និង​ទើប​​បញ្ចូល​ថ្មី​របស់​គណបក្សប្រជា​ជន​កម្ពុជា​ សូម​រួប​រួម​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​កសាង​ និង​អភិវឌ្ឍ​​មូលដ្ឋាន​ភូមិ​ ឃុំ ធ្វើ​យ៉ាងណា​ឲ្យ​ជី​វភាព​របស់​ប្រជា​ពលរដ្ឋ​បាន​កាន់​តែ​ប្រសើ​រឡើង» ។  លោក ស្វាយ ស៊ីថា ក៏បាន​សំ​ណូ​ម​​ពរផង​ដែរ សូម​ឲ្យសមាជិក​ទាំង​អស់​​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​លាប​ពណ៌គ្នា​ ដែល​វា​នឹង​នាំ​មក​នូវ​ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុងជាតិ។​
លោក ស្វាយ ស៊ីថា ក៏​បានបង្ហើប​ឲ្យ​ដឹង​ផងដែរថា ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ នៅ​ក្នុង​ឃុំ​កុមារាជា​នឹង​រៀប​ចំ​​កម្ម​វិធី​មួយ​ទៀត ដើម្បី​ទទួល​បងប្អូន​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំ​នួន​ថែម​ទៀត ដែល​នឹង​វិល​មក​រួម​រស់ក្នុង​​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។
ពិធី​ប្រកាសទទួលអតីត​សកម្មជន​អ្នក​គាំ​ទ្រគណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ចូល​សមាជិក​ថ្មីរបស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​នាឱកាសនោះ​​ បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាសរីក​រាយ ស្និទ្ធ​ស្នាល​  និង​ភាតរៈបំ​ផុត​។ ជា​មួយ​គ្នា​នេះ សមាជិកសមាជិក​ការ​ទាំង​អស់​បាន​​ពិសារអាហារ​សាមគ្គី​រួម​គ្នាដោយ​ទឹកចិត្ត​សោម​នស្ស​យ៉ាង​ក្រៃ​លែង​៕
អត្ថបទ៖ ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​កុមារាជា​ នៃ​ស្រុក​បាទី
















អ្នកនាំពាក្យគណបក្សកាន់អំណាច៖ ស្នេហាជាតិ

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ពាក្យស្នេហាជាតិ ជាទ្រឹស្តីទន្ទេញចាំមាត់ របស់អ្នកនយោបាយដែលតែងតែយកទៅឃោសនាឱ្យប្រជាជនជឿជាក់លើខ្លួន និងគណបក្សខ្លួន ហើយបោះឆ្នោតគាំទ្រខ្លួន។ ស្មារតីស្នេហាជាតិ មិនស្ថិតនៅលើតែការនិយាយ ឬការឃោសនាទេ វាទាមទារឱ្យមានសកម្មភាពជាក់ស្តែងថែមទៀត។

អ្នកនាំពាក្យរូបនោះ ក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានក្រោកឈរឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនឱ្យផុតពីការកាប់សម្លាប់ផ្តាច់ពូជ តស៊ូទប់ស្កាត់ការចង់វិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម ស្វះស្វែងរកការចរចាបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ឈានដល់ការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ នាំដល់ការបោះឆ្នោត ឆ្នាំ ១៩៩៣ កសាងបានរដ្ឋធម្មនុញ្ញថ្មីមួយដែលប្រើរហូតសព្វថ្ងៃ ដាក់ចេញនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិដោយយកជីវិតទៅដូរ មិនខ្លាចសេចក្តីស្លាប់ ធ្វើឱ្យមានឱកាសសម្រាប់ការកសាង និងអភិវឌ្ឍរីកចម្រើនដល់សព្វថ្ងៃ។ ទោះបីមិនមានសញ្ញាបត្រធំៗក៏ដោយ តែដោយស្មារតីស្នេហាជាតិជ្រាលជ្រៅ ទើបធានាការដឹកនាំ និងគ្រប់គ្រងប្រទសបានរីកចម្រើនដូចឃើញស្រាប់។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ចំណែកមេបក្សប្រឆាំងវិញ ទើបតែមានមុខ ក្រោយកិច្ចព្រមព្រៀងប៉ារីសប៉ុណ្ណោះ គ្មានបានលំបាកអ្វីសោះ ស្រាប់មកស៊ីផលស្រាប់របស់គណបក្សប្រជាជនកម្ពុជា ហើយធ្វើសកម្មភាពនយោបាយដោយបង្កើតបញ្ហាឱ្យជាតិជាប់ជានិច្ច មិនខ្វល់ពីការលំបាករបស់ប្រជាជន គិតតែពីយកជើងរាទឹក មិនចង់ឱ្យជាតិរីកចម្រើនខ្លាចបានគុណសម្បត្តិមកគណបក្សប្រជាជនកម្ពុជា អួតអាងសញ្ញាបត្របណ្ឌិតធំ តែគ្មានឧត្តមគតិស្នេហាជាតិបន្តិចសោះ ដូចយ៉ាងពួក ប៉ុល ពត, អៀង សារី, ខៀវ សំផន ជាដើម ដោយសារសញ្ញាបត្រធំនេះហើយ បានជា តែជាង ៣ឆ្នាំ ស្លាប់ប្រជាជនអស់ជាង ៣លាននាក់។ បែបនេះមិនអាចថាស្នេហាជាតិទេ។

ខាងលើនេះ ជាលក្ខណៈវិនិច្ឆ័យសម្រាប់សម្គាល់ខាងណា ពិតជាស្នេហាជាតិ ហើយមួយណាមិនស្នេហាជាតិ និងក្បត់ជាតិ។ ដូច្នេះ មុននឹងសម្រេចចិត្តគូសសន្លឹកឆ្នោតគាំទ្រគណបក្សណាមួយ ប្រជាពលរដ្ឋ គប្បីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយពីលក្ខណៈវិនិច្ឆ័យទៅលើគណបក្សប្រកួតប្រជែង៕



លោក សុខ ឥសាន៖​តើនរ​ណាជា​ជនរង​គ្រោះ ?​

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងការប្រកួតប្រជែងនយោបាយ គណបក្សសង្គ្រោះជាតិតែងតែប្រើល្បិចគ្រប់បែបយ៉ាង តាមគ្រប់រូបភាព ហើយប៉ិនប្រសប់ក្នុងការកាទ្បៃសភាពការណ៍ពី ស ទៅជា ខ្មៅ ពីអាក្រក់ ទៅជាល្អ ហើយចាត់ទុកខ្លួនថា ជាជនរងគ្រោះទៅវិញ បំភ័ន្ដមតិមហាជនឱ្យគេអាណិត ជាក់ស្តែងដូចករណី សម រង្ស៊ី, ហុង សុខហួ, អ៊ុ សំអាន, ថាក់ ទ្បានី, គឹម សុខ និងមនុស្សមួយចំនួនទៀត សុទ្ធតែបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ ត្រូវតុលាការចាត់នីតិវិធីស្របតាមច្បាប់។ ប៉ុន្តែពួកជនល្មើសព្រមទាំងដៃជើងប្រឆាំងទាំងក្នុង និងក្រៅប្រទេស នាំគ្នាបន្ទរសំឡេងថា ទទួលរងការគាបសង្កត់យាយីពីគណបក្សប្រជាជនកម្ពុជា និងពីរាជរដ្ឋាភិបាល ប្រែក្លាយពួកគេជាជនល្មើសទៅជាជនរងគ្រោះបំភ័ន្ដមតិសាធារណៈឱ្យជួយអាណិតពួកគេ ។

លោក សុខ ឥសាន បានបន្តទៀតថា ជាក់ស្តែងដូចករណីលោក សម រង្ស៊ី បានលាលែងពីតួនាទីប្រធានគណបក្ស និងពីសមាជិកគណបក្សដោយខ្លួនឯង ដោយបញ្ជាក់ច្បាស់ថា ជារឿងផ្ទាល់ខ្លួនសុទ្ធសាធ នៅតែពួកគេនិយាយដដែលថា មកពីមានការដាក់គំនាបពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញច្បាស់ពីល្បិចកលចោរ ស្រែកថាចោរបំភ័ន្ដមហាជន។
ដូច្នេះ ជនដែលបានប្រព្រឹត្តល្មើសច្បាប់ទេ ដែលជាជនល្មើស និងជាជនជាប់ចោទ ឯគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលទទួលរងការជេរប្រមាថ លាបពណ៌ មួលបង្កាច់គ្រប់រូបភាពនោះ គឺពិតជាជនរងគ្រោះមិនអាចប្រែក្រទ្បាស់បានជាដាច់ខាត៕


លោក សុខ ឥសាន ៖ មិនចូលប្រជុំរដ្ឋសភា

កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញទស្សនៈមួយដែលមានចំណងជើងថា មិនចូលប្រជុំសភា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
តាំងពីចេះចាញ់ឆ្នោតមក គណបក្សសគ្រោះជាតិបានយកវប្បធម៌ពហិកា មិនចូលប្រជុំសភាជាញឹកញាប់ ដោយយកលេសនេះលេសនោះមកសំអាងបំភាន់សាធារណមតិ បិទបាំងការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាតំណាងរាស្ត្រទទួលអាណត្តិពីប្រជារាស្ត្រឲ្យធ្វេីការបំរេីរាស្ត្រ ។រដ្ឋសភាបេីកទ្វារជានិច្ច បេីមិនចូលប្រជុំទេ ប្រៀបដូចជាសិស្សគេចសាលា ដូច្នោះដែរ ។
ទោះបីគណបក្សប្រឆាំងធ្វេីពហិកាមិនចូលប្រជុំក្តី ក៏ការប្រជុំពេញអង្គវិសាមញ្ញអាចប្រព្រឹត្តទៅដោយរលូនដែរ ដោយមានចំនួនគ្រប់គ្រាន់តាមខ្លឹមសាររដ្ឋធម្មនុញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ។ នេះហេីយជាឧត្តមភាព នៃគណបក្សឈ្នះឆ្នោត ។ ដូច្នេះហេីយបានជា គណៈបក្សប្រកួតប្រជែង ចង់បានការឈ្នះឆ្នោតណាស់ រហូតដល់គណបក្សខ្លះប្រេីឧបាយកលយ៉ាងពិសពុលឲ្យតែបានសំរេចបំណងឈ្នះឆ្នោតរបស់ខ្លួន ។ នេះបានហៅថាប្រជាធិបតេយ្យសេរីពហុបក្សមែន ៕



លោក សុខ ឥសាន៖​តើនរ​ណាជា​ជនរង​គ្រោះ ?​

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងការប្រកួតប្រជែងនយោបាយ គណបក្សសង្គ្រោះជាតិតែងតែប្រើល្បិចគ្រប់បែបយ៉ាង តាមគ្រប់រូបភាព ហើយប៉ិនប្រសប់ក្នុងការកាទ្បៃសភាពការណ៍ពី ស ទៅជា ខ្មៅ ពីអាក្រក់ ទៅជាល្អ ហើយចាត់ទុកខ្លួនថា ជាជនរងគ្រោះទៅវិញ បំភ័ន្ដមតិមហាជនឱ្យគេអាណិត ជាក់ស្តែងដូចករណី សម រង្ស៊ី, ហុង សុខហួ, អ៊ុ សំអាន, ថាក់ ទ្បានី, គឹម សុខ និងមនុស្សមួយចំនួនទៀត សុទ្ធតែបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ ត្រូវតុលាការចាត់នីតិវិធីស្របតាមច្បាប់។ ប៉ុន្តែពួកជនល្មើសព្រមទាំងដៃជើងប្រឆាំងទាំងក្នុង និងក្រៅប្រទេស នាំគ្នាបន្ទរសំឡេងថា ទទួលរងការគាបសង្កត់យាយីពីគណបក្សប្រជាជនកម្ពុជា និងពីរាជរដ្ឋាភិបាល ប្រែក្លាយពួកគេជាជនល្មើសទៅជាជនរងគ្រោះបំភ័ន្ដមតិសាធារណៈឱ្យជួយអាណិតពួកគេ ។

លោក សុខ ឥសាន បានបន្តទៀតថា ជាក់ស្តែងដូចករណីលោក សម រង្ស៊ី បានលាលែងពីតួនាទីប្រធានគណបក្ស និងពីសមាជិកគណបក្សដោយខ្លួនឯង ដោយបញ្ជាក់ច្បាស់ថា ជារឿងផ្ទាល់ខ្លួនសុទ្ធសាធ នៅតែពួកគេនិយាយដដែលថា មកពីមានការដាក់គំនាបពីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ នេះបញ្ជាក់ឱ្យឃើញច្បាស់ពីល្បិចកលចោរ ស្រែកថាចោរបំភ័ន្ដមហាជន។
ដូច្នេះ ជនដែលបានប្រព្រឹត្តល្មើសច្បាប់ទេ ដែលជាជនល្មើស និងជាជនជាប់ចោទ ឯគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលទទួលរងការជេរប្រមាថ លាបពណ៌ មួលបង្កាច់គ្រប់រូបភាពនោះ គឺពិតជាជនរងគ្រោះមិនអាចប្រែក្រទ្បាស់បានជាដាច់ខាត៕