Monday, April 12, 2021

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក បានសម្ដែងនូវការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ 


នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងនូវការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងល្អជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រៀងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។


ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»។ 


ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ ក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។


ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ 


ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរ បានជូនពរគ្នាទៅវិញទៅមកឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ។


នៅចុងបញ្ចប់នៃការសន្ទនាតាមវីដេអូខុនហ្វឺរ៉ែន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមពេលវេលាសមស្របណាមួយ៕






ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញជូនលោក ថាច់ សេដ្ឋា

 ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាឡើងវិញនេះ ធ្វើឡើងតាមសំណើក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោក វ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា និងទី១៥៖ លោក ថាច់ សេដ្ឋា៕

សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅខាងក្រោមដូចតទៅ៖





លោក វ៉ា ថន ផ្ញើសារលិខិតជូនពរ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

 ក្រចេះ៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការកាកបាទក្រហមខេត្តក្រចេះ តាងនាមគណៈកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា បុគ្គលិកប្រតិបត្តិសាខា អនុសាខាស្រុក-ក្រុងទាំង៦ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានផ្ញើសារលិខិតជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥។

សូមគោរពជូនពរបវរមហាប្រសើរជូនលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ចំពោះបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុមនុស្សធម៌ដើម្បីជាតិ ប្រជាជន ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ រួមទាំងទុរគតជន ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ជនពិការ ស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺអេដស៏ដោយគ្មានរើសអើងនិងធ្វើឲ្យជីវភាពប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់នោះបានប្រសើរឡើង៕

សូមអានសារលិខិតជូនពរដូចខាងក្រោម៖



អភិបាលរាជធានីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីបន្ទាន់ទាំងយប់តាមរយៈ video conference ដើម្បីពង្រឹងសន្តិសុខ និងការពង្រឹងភូមិដ្ឋានដែលបានបិទខ្ទប់

 ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ខែមេសា ឆ្នាំ២០២១ បានដឹកនាំប្រជុំជាបន្ទាន់មួយ តាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេស បងប្អូនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនី ដែលត្រូវបានអាជ្ញាធរ បង្ខំចិត្តអោយបិទខ្ទុបភូមិដ្ឋាន ក្នុង រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកឃួង ស្រេង អភិបាលរាជធានីក្នុងកិច្ចប្រជុំនោះ បានស្នើឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធនៅ តំបន់រាំងខ្ទប់ទាំងអស់ មើលបងប្អូនប្រជាពលរដ្ឋកុំឱ្យដើររហេតរហូត តែកុំធ្វើហួសពីការកំណត់ និងការណែនាំរបស់រដ្ឋបាលរាជធានី ដូចជាការចេញចូល ទិញម្ហូបអាហារ ត្រូវកំណត់មុខសញ្ញាគាត់អោយច្បាស់ ជាមួយនឹងការថតរូបគាត់ទុក មានន័យថា ម្នាក់នេះចេញ ២ទៅ៣ថ្ងៃក្រោយត្រូវតែជាមនុស្សម្នាក់នេះ ជាអ្នកចេញទៅទិញបន្លែបង្ការត្រីសាច់។ លោក បានបន្តថាកម្លាំងដែលអនុវត្តរាល់សកម្មភាពត្រូវរាយការណ៍ជាប្រចាំ មករដ្ឋបាលរាជធានីភ្នំពេញ។ ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងចំពោះការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ពោលគឺត្រូវផ្តល់ជូនចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះជាងគេមុន។ បន្ថែមពីនេះ ការរក្សាគម្លាតសុវត្ថិភាព ក្នុងពេលចែកអំណោយត្រូវតែអនុវត្តអោយបានល្អប្រសើរនេះរឿងសំខាន់ដែលត្រូវធ្វើអោយខាងតែបាន។

គួរបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញបានបិទខ្ទប់ ភូមិ សង្កាត់ជាច្រើន នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះមានដូចជា ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២។ ភូមិចំការឪឡឹក២ ក្នុងសង្កាត់កាកាបទី២។
ខណ្ឌមានជ័យ មានភូមិទ្រា៤ ភូមិតំណាក់ធំ២ និងភូមិតំណាក់ធំ៣ នៃសង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យនិងខណ្ឌសែនសុខ មានភូមិទ្រុងមាន់សង្កាត់អូបែកក្អម ដែលជាភូមិនិងសង្កាត់ ដែលបានរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ភូមិដ្ឋានដែលបិទខ្ទប់នេះហើយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងខ្លាបំផុត ទាំងការអនុវត្តការធ្វើចត្តាឡីស័កឱ្យគ្រប់១៤ថ្ងៃ មិនឱ្យមានការជួបជុំ និងការប្រគល់អំណោយជូនពួកគាត់៕




អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ មនុស្ស៩រូប ដែលកើតកូវីដ១៩ ប្រឈមនឹងជាប់ពន្ធនាគារ១០ឆ្នាំ បើមិនបង្ហាញខ្លួនទាន់ពេលវេលា

 លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងថា មនុស្សទាំង៩រូប ដែលកើតជំងឺកូវីដ១៩ ប្រឈមមុខនឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើមិនបង្ហាញខ្លួនដល់មន្ត្រីមានសមត្ថកិច្ចទាន់ពេលវេលាទេនោះ។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះ៖ «អ្នកមានជំងឺហើយ តើអ្នកគេចវេះទៅណាទៀត? អំពើរបស់អ្នកនឹងបំផ្លាញអ្នក គ្រួសារអ្នក និងប្រជាពលរដ្ឋដទៃទៀត! សូមផ្តាំទៅអ្នកទាំង៩រូបដែលជាអ្នកមានផ្ទុកជំងឺកូវីដ-១៩នេះ ចូលបង្ហាញខ្លួនដើម្បីទទួលយកការព្យាបាលជាបន្ទាន់ និងទាន់ពេលវេលា បើពុំនោះទេ អ្នកអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ»។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានធ្វើឡើងដោយសារអ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង ៩នាក់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេះទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង ៕




ពិធីប្រគល់-ទទួលអំណោយមនុស្សធម៌ពីអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឧបត្ថម្ភនូវអង្ករចំនួន ២.000គីឡូក្រាម និងម៉ាសចំនួន ១ម៉ឺនម៉ាស

 ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ពីលោក វូ ង៉ុកលី អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ បានឧបត្ថម្ភនូវអង្ករចំនួន ២.០០០គីឡូក្រាម និងម៉ាសចំនួន១០.០០០ ម៉ាស ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោក វូ ង៉ុកលី អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលបាននាំយកអំណោយមនុស្សធម៌ បានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ។

លោកអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន ក្រុមហ៊ុនក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្កា ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត៕






លោកទេសរដ្ឋមន្ត្រី គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ដែលកំពុងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តប៉ៃលិន

 ប៉ៃលិន៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អម ដំណើរ ដោយលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញ ចុះ ជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោលនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់អតីតយុទ្ធជនទាំង អស់ក្នុងខេត្តប៉ៃលិន អោយខិតខំយកចិត្តទុកដាក់រក្សាការពារសុខភាព និងត្រូវអនុវត្តន៍នូវវិធានការការពារពីជំងឺកូវីត-១៩ ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ទុកលំបាក និងកង្វល់របស់បងប្អូនអតីត យុទ្ធជន គឺជាកាព្វកិច្ចរបស់ យើង ទាំងអស់គ្នា ជាពិសេសអាជ្ញាធរដែនដី ត្រូវចូលរួមសហការគ្នាជួយដោះស្រាយជូនពួកគាត់អោយបានទាន់ពេល វេលា ដោយមិនទុក ពួកគាត់ចោលនោះទេ ហើយជាក់ស្តែងនៅពេលនេះ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូដល់អតីតយុទ្ធជន ដោយផ្តល់ឱកាសឱ្យទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដំណាក់កាលទី២នេះ។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនគ្រប់ថ្នាក់ និងគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវបន្ត យកចិត្តទុកដាក់ដល់ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសមន្ត្រី ជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នា ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ននានាទាំងកត្តាធម្មជាតិ និងកត្តាផ្សេងៗ ឱ្យបានទាន់ ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា បច្ចុប្បន្នអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានចំនួនសរុប ១៣៧៩ នាក់ ក្នុងនោះពិការ ចំនួន ៨១៧នាក់ និវត្តន៍ជន ចំនួន ៣៧១នាក់ បាត់បង់ ចំនួន ១៥នាក់ ពលី ១៤០នាក់ មរណៈចំនួន ៣៦នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈសរុប ៣៦គ្រួសារ៕






រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសទុកពេល៣ថ្ងៃ សម្រាប់អ្នកកើតកូវីដទាំង៩នាក់ នៅភ្នំពេញមកបង្ហាញខ្លួន បើមិនដូច្នេះនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់

 អ្នកជំងឺកូវីដ១៩ ចំនួន៩នាក់ទៀត ក្នុងចំណោមអ្នកជំងឺទាំង៥៦នាក់ ដែលរកឃើញកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១កន្លងទៅនោះ បាននិងកំពុងបន្តបាត់ខ្លួននៅឡើយ ហើយអាជ្ញាធររាជធានីភ្នំពេញស្វែងរកមិនទាន់ឃើញនោះទេ គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយនឹងវិធានការចំពោះមុខទៅលើបុគ្គលទាំង៩នាក់នេះ សាលារាជធានីភ្នំពេញ បានប្រកាសទុកពេល៣ថ្ងៃ ឲ្យបុគ្គលទាំង៩នាក់នេះ មកបង្ហាញខ្លួន និងទាក់ទងមកអាជ្ញាធរជាបន្ទាន់ ដើម្បីយកទៅព្យាបាល តែបើក្នុងរយៈពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នៅតែបន្តគេសវេសទៀត នោះអាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមច្បាប់ រហូតចេញដីកាតាមចាប់ខ្លួនតែម្តង។

មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ ក៏បានព្រមានដល់បុគ្គលផ្សេងទៀត បើសិនដឹងថាខ្លួនមានវិជ្ជមានកូវីដ១៩ បន្ទាប់អាជ្ញាធរជូនដំណឹង ហើយនៅបន្តដើរហើររហេតរហូតទៀតនោះ អាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ផងដែរ។ ដោយឡែកសម្រាប់អ្នកដែលយកសំណាករួច អាជ្ញាធររាជធានីភ្នំពេញ សូមអំពាវនាវ ឲ្យបន្តធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ហាមដាច់ខាតដើរចេញក្រៅ រហូតគ្រប់១៤ថ្ងៃជាមួយលទ្ធផលអវិជ្ជមានកូវីដ១៩។

យោតាមមាត្រា៨ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានចែងថា៖

* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល។
* បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ (បើបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ)។

មាត្រា១៣ បានចែងពីករណីលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ដោយបញ្ជាក់ថា៖

* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបុគ្គលប្រព្រឹត្តបទល្មើស (ទាំងបទគេចវេះពីការធ្វើចត្តាឡីស័ក បទគេចវេះពីការព្យាបាល ឬគេចចេញពីកន្លែងព្យាបាល បទមិនគោរពវិធានការរដ្ឋបាល និងបទរេរាំងដល់ការអនុវត្តវិធានការ) ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។

* ត្រូវលើកលែងឲ្យរួចផុតពីការទទួលខុសត្រូវ ឬទទួលការសម្រាល ការទទួលខុសត្រូវព្រហ្មទណ្ឌផងដែរ ចំពោះក្រុមគ្រួសារនៃបុគ្គល ដែលបានប្រព្រឹត្តបទល្មើស ដែលបានបង្ហាញព័ត៌មានដល់មន្ត្រីសុខាភិបាល និងមន្ត្រីមានសមត្ថកិច្ច ឬបានផ្តល់កិច្ចសហការចាំបាច់នានា ដើម្បីជាប្រយោជន៍ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលា។

រដ្ឋបាលរាជធានីភ្នំពេញ បានសូមបន្តអំពាវនាវឱ្យអ្នកជំងឺទាំង១៣នាក់ មកបង្ហាញខ្លួន ឬទាក់ទងមកអាជ្ញាធរ ដើម្បីទទួលយកការព្យាបាល។ អាជ្ញាធរក៏បានអំពាវនាវ ដល់អ្នកបានស្គាល់អ្នកជំងឺទាំងនេះ ជួយរាយការណ៍ទៅអាជ្ញាធរផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យ ទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕




ដកស្រង់ប្រសាសន៍ សារសំឡេងស្នើឲ្យប្រជាពលរដ្ឋនឹងនរចិត្ត ដោយរដ្ឋនឹងចាក់ជូនបងប្អូនទៅតាមលំដាប់អាទិភាពនៅពេលវ៉ាក់សាំងមកដល់


 ជូនថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់

អ្វីដែលខ្ញុំវាយតម្លៃ ហើយដែលថ្នាក់ដឹកនាំយើងមួយចំនួនដឹង គឺនៅត្រង់ថា ការវាយតម្លៃរបស់ខ្ញុំ ពិតជាបានត្រឹមត្រូវ។ មុននេះ ជាពិសេសនៅថ្ងៃទី ៤ ខែមីនា ពេលទើបទទួលបានវ៉ាក់សាំង ពេលនោះ ខ្ញុំបានគិតថា ពេលវេលានេះ គឺពួកវានឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយ​ ពួកវានឹងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង។

ពិតប្រាដកណាស់ (ពួកគេបានធ្វើ)ការបំផុសបំផុលឱ្យប្រជាជន(កុំ)មកទទួលវ៉ាក់សាំង ហើយឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងចាក់ដើម្បីសម្លាប់ប្រជាជន។ ថ្ងៃនេះ (ពួក)វាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែគោលបំណងធំបំផុតរបស់វា គឺដើម្បីជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់។ នេះជាចំណុចដែលខ្ញុំបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ នឹងចេញមកតាមទិសដៅហ្នឹងហើយ។​ ឥឡូវនេះ គឺពិតប្រាកដណាស់ (វាបាន)ចេញមកតាមទិសដៅហ្នឹងមែន។ ដូច្នេះ ទាមទារឱ្យយើងត្រូវអនុវត្តតាមផែនការមេរបស់យើងជាក់លាក់។ គោលបំណងវាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។

យើងដឹងហើយថា យើងត្រូវការចាក់(វ៉ាក់សាំង)ឱ្យប្រជាជនចំនួន ១០ លាននាក់យ៉ាងតិច ដែលត្រូវការ ២០ លានដូស។ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់បានត្រឹមតែ ១ លានដូសតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការជិត ២០ ខែទើបអាចចាក់អស់ចំនួនវ៉ាក់សាំង(ដែលត្រូវការ) បើសិនយើងមានវ៉ាក់សាំងគ្រប់ ២០ លានដូស។ (ការ)ជំរុញឱ្យប្រជាជន(មកទទួលវ៉ាក់សាំង) មិនមែនជាបំណងល្អរបស់វាទេ។ ទិសដៅរបស់វា មានចំណុចផ្សេង គឺជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយ ដែល(នោះ)ជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ។

មុននេះ ខ្លួនវាផ្ទាល់ បានឱ្យមនុស្សរបស់វាបំផុស(ថា) វ៉ាក់សាំង(ចិនសម្រាប់យកមក)សម្លាប់ប្រជាជន។ ថ្ងៃនេះ វាសរសើរវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វាទេ។ គោលដៅគឺនៅម្ខាងទៀត នោះគឺការដណ្ដើម​វ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់គ្រាន់។ ខ្ញុំសូម​ស្នើ​ឱ្យ​ប្រ​ជាពលរដ្ឋរបស់យើងនឹងនរចិត្ត។ រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព។ នៅពេលដែលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណាត្រូវចាក់មុន និងក្រុមណាដែលនៅចាក់ក្រោយ។ យើងក៏មានការចែងចែកទៅតាមអាយុ។ (វ័យ) ៥៩ ឆ្នាំចុះ ត្រូវទទួលវ៉ាក់សាំង Sinopharm, អាយុពី ១៨ ឆ្នាំឡើងលើ ទទួល Sinovac និងអាយុ ៦០ ឆ្នាំឡើងលើទទួល AstraZeneca។ នេះជាផែនការមេរបស់យើង ដែលប្រជាជនយើងមិនត្រូវជ្រួលច្របល់មកទទួលយកវ៉ាក់សាំងនោះទេ។

(សូមបញ្ជាក់ថាការបំផុសនេះ)មិនមែនជាបំណងល្អរបស់ (ដែលខ្ញុំនិយាយធ្ងន់បន្តិចចុះ) កូនអាក្បត់ជាតិនេះ(នោះទេ)។ គឺមិនអាចទទួលយកនូវផែនការរបស់វាបានទេ។ ដូច្នេះ យើងនៅតែដំណើរការចាក់វ៉ាក់សាំងទៅតាមការគ្រោងទុករបស់យើង និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលយើងនឹងទទួលវ៉ាក់សាំងក្នុងឆ្នាំនេះ និងបន្តបន្ទាប់ទៅទៀត រហូតដល់យើងទទួលគ្រប់តាមផែនការរបស់យើង។

ប្រជាជនក៏មិនត្រូវសម្រុកមកទីកន្លែងដែលគ្មានការរៀបរយនោះដែរ។ ថ្ងៃនេះ ល្បិច(ពួកវា)បានចេញមកហើយ។ អ្វីដែលខ្ញុំព្យាករជាងមួយខែមុន គឺច្បាស់លាស់ថា (ពួកវា)ចាប់ផ្ដើមពីការរារាំង និងរុញឱ្យប្រ​ជាជនមកទទួលវ៉ាក់សាំងតែម្ដង។ ដូច្នេះ យុទ្ធសាស្រ្តនេះ វាមិនអាចរំលងទៅលើភ្នែករបស់ ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជំហានដ៏អាក្រក់របស់អ្នកឯងបានទេ។

ដូច្នេះ សូមប្រជាពលរដ្ឋរបស់យើង និងមន្រ្តីការងារចាក់វ៉ាក់សាំងរបស់យើង បន្តដំណើរការទៅតាមការគ្រោងទុកនៃផែនការមេរបស់យើង។ សូមអរគុណ៕