Wednesday, May 13, 2020

វីដេអូបង្ហាញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ប្រកៀកស្មាគ្នាប្រយុទ្ធ និងឆ្លងកាត់ឧបសគ្គ បង្កដោយមេរោគកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ មេរោគកូវីដ១៩ ជាវិញ្ញាសាថ្មីមួយទៀតបង្ហាញពីភាពរឹងមាំនៃចំណងមិត្តភាពរវាងកម្ពុជា និងចិន ដែលគេបានប្រសិទ្ធនាមថ្មីថាដែកថែប។ ពិតជាដូចអ្វីដែលប្រជាពលរដ្ឋនៃប្រទេសទាំងពីបានប្រសិទ្ធនាមនោះមែន ក្នុងពេលជួបគ្រាលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ កម្ពុជា និងចិន បានបង្ហាញឱ្យពីស្មារតីក្នុងភាពជាមិត្តភក្តិដ៏ស្មោះសរ ដោយបានប្រកៀកស្មាគ្នា កាន់ដៃដោយស្វាហាប់ ដើម្បីឆ្លងកាត់ការលំបាកមួយនេះ។


ប្រទេសចិន គឺជាប្រទេសដំបូងដែលរងការវាយប្រហារដោយជំងឺកូវីដ១៩។ នៅពេលជំងឺផ្ទុះឡើងដំបូង ប្រទេស និងជាតិសាសន៍ជាច្រើន បានដាក់ចេញវិធានការការពារខ្លួនពីជំងឺនេះ ដោយបានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ផាត់ចិនឱ្យឯកាក្នុងទ្វីបលោកដ៏ល្វឹងល្វើយមួយនេះ។

តែកម្ពុជាក្នុងនាមជាមិត្តដ៏ពិតប្រាកដ មិត្តប្រកបដោយស្មោះត្រង់មិនបានបោះបង់ចិនឱ្យនៅតែលតោលឯកកោនោះឡើយ។ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមរំលែកនូវទុក្ខក្រៀមក្រំជាមួយថ្នាក់ដឹកនាំ និងប្រជាជនចិន ចំពោះមុខនៃការលំបាកទាំងឡាយបណ្តាលមកពីមេរោគកូវីដ១៩នេះ។

ព្រះអង្គទាំងទ្វេ ក៏បានព្រះរាជប្រទាននូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គចូលរួមរំលែកការលំបាកជាមួយចិនផងដែរ។

អ្វីកាន់តែពិសេស និងធ្វើឱ្យពលរដ្ឋចិនរំជួលចិត្តមហាសាលទៀតនោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានក្លាយជាមេដឹកនាំប្រទេសជាមិត្តដំបូងគេ ធ្វើដំណើរឆ្លងកាត់ព្រិលដ៏ត្រជាក់ ដើម្បីជួបសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់មិត្តចិនក្នុងការប្រយុទ្ធជាមួយមេរោគចិន។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ប្រៀបដូចបាននាំគប់ភ្លើងកម្តៅខ្លួនពលរដ្ឋចិនក្នុងពេលរងការរងារដោយដំណក់ព្រិល។

ក្រៅពីព្រះមហាក្សត្រ ព្រះមហាក្សត្រី និងនាយករដ្ឋមន្ត្រីហើយនោះ ពលរដ្ឋកម្ពុជា និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសចិន សុទ្ធតែបានបង្ហាញជំហរមុតមាំរួមទុក្ខ និងប្រកៀកស្មាជាមួយចិនប្រយុទ្ធនឹងជំងឺកូវីដ១៩។

នៅពេលដែលចិនបានស្រាកស្រាន និងគ្រប់គ្រងលើជំងឺកូវីដ១៩ហើយនោះ បែរជាប្រទេសកម្ពុជា រងនូវការវាយប្រហារដោយជំងឺកូវីដ១៩វិញម្តង។ បើទោះបីថាការរាតត្បាតនៅកម្ពុជាមិនស្រួចស្រាវយ៉ាងណាក្តី មិត្តចិន បានបង្ហាញលំហបេះដូងរបស់ខ្លួនវិញផងដែរ ក្នុងការជួយកម្ពុជាប្រយុទ្ធនឹងជំងឺដ៏កាចសាហាវមួយនេះ។

ក្រុមគ្រូពេទ្យចិន សម្ភារ បិរក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ត្រូវបានរដ្ឋាភិបាលចិនបញ្ជូនមកជាបន្តបន្ទាប់។ មិនត្រឹមតែរដ្ឋាភិបាលចិនទេ កងទ័ពរំដោះប្រជាជនចិន ក៏បានបញ្ជូនសម្ភារប្រយុទ្ធជំងឺកូវីដ១៩ ជូនមកកម្ពុជា ហើយវិស័យឯកជនរបស់ចិនជាច្រើន ក៏បានចូលរួមផ្តល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ១៩នេះយ៉ាងច្រើនមកកម្ពុជាផងដែរ។

តាមរយៈកាយវិការជួយគ្នាទៅវិញទៅមកប្រកបដោយបេះដូងស្មោះត្រង់រវាងកម្ពុជា និងចិន ក្នុងពេលមានវិបត្តិដោយសារជំងឺកូវីដ១៩ បានបង្ហាញឱ្យច្បាស់ថា កម្ពុជា និងចិន គឺជាមិត្តដ៏ពិតប្រាកដ ជាមិត្តដ៏រឹងមាំដូចដែកថែបដែលបានប្រសិទ្ធនាមឡើងនោះ។

ឧបករណ៍DTV ជាច្រើនគ្រឿង នឹងដាក់ពង្រាយនៅតាមទីជនបទ ដើម្បីសិស្សទទួលបានការសិក្សាពីចំងាយតាមប្រព័ន្ធផ្កាយរណប

រតនគិរី៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជួបសំណេះសំណាល និងផ្តល់DTV ចំនួន១១គ្រឿង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សម្រាប់បម្រើឲ្យការរៀនពីចំងាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធបានរៀបចំរួចជាស្រេច។ ពិធីប្រគល់សម្ភារៈDTVនេះធ្វើឡើងនៅភូមិលើឃួន ឃុំកិះចុង ស្រុកបរកែវ។
លោក ថង សាវុន បានឲ្យដឹងក្នុងពេលចុះសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនាឱកាសនោះថា គោលបំណងដែលយើងរៀបចំនេះ ក្នុងគោលដៅដើម្បីឲ្យក្មួយៗសិស្សដែលរស់នៅតាមទីជនបទឆ្ងាយ មានសេវាអុីនធើណិតខ្សោយ គ្មានទូរទស្សន៍ខ្សែកាប DTV ឬសម្ភារៈបច្ចេកវិទ្យាគ្រប់គ្រាន់ ទទួលបានឱកាសសិក្សាតាមរយៈការបង្រៀនពីចំងាយដែលរាជរដ្ឋាភិបាលបានរៀបចំ ក្នុងអន្តរកាលដែលប្រទេសយើងក៏ដូចជាសកលកំពុងប្រឈមនឹងជំងឺកូវីដ-១៩។
ក្នុងនោះលោក ក៏បានជម្រាបជូនអំពីស្ថានភាពការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា និងសកល ជាពិសេសនៅកម្ពុជាយើងរាជរដ្ឋាភិបាលគ្រប់គ្រងបាន ក្នុងនោះនៅទូទាំងប្រទេសមានអ្នកឆ្លងតែ១២២នាក់ និងបានជាសះស្បើយ ១២១នាក់ នៅតែមួយនាក់ប៉ុណ្ណោះដែលកំពុងព្យាបាល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធមានការប្រុងប្រយ័ត្នចំពោះរលកទី២នៃការចម្លង ហើយករណីគ្មានការចម្លងថ្មីមិនប្រាកដថានៅប្រទេសយើងគ្មានកូវីដ-១៩នោះទេ។ ដូច្នេះត្រូវបន្តអនុវត្តវិធានការអនាម័យ និងរក្សាគំលាតសុវត្ថិភាពសង្គមឲ្យបានជាប្រចាំ។
ដោយឡែកសម្រាប់DTVដែលផ្តល់ជូននាពេលនេះ គឺជាជំហានទី១ ហើយលោកនឹងបន្តធ្វើការគៀគរពីសប្បុរសជននានាបន្ថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងស្ថានភាពលំបាកនេះ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ

ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ខាងមុខនេះ។
សូមជម្រាបផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំប្រជុំដើម្បីពិនិត្យនិងពិភាក្សាលើ៖
១- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និង
២-បញ្ហាផ្សេងៗ មួយចំនួនទៀត៕