Monday, May 27, 2024

សម្ដេចតេជោ ហ៊ុន សែន៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង ដល់កម្រិតដែលមិនអាចបំបែកបាន


(ភ្នំពេញ)​៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិត ដែលមិនអាចបំបែកបាន។


ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។


សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ទំនាក់ទំនងនេះស័ក្តិសមនឹងគុណតម្លៃ នៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ ជំនួយរបស់ប្រទេសចិន ដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំង ជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។


សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរ ក្នុងទំនាក់ទំនងកម្ពុជា ជាមួយចិននោះឡើយ និង ជូនពរមិត្តភាព កម្ពុជា-ចិន ស្ថិតស្ថេរជាអមតៈ។


ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចតេជោ បានសម្ដែងនូវការអរគុណចំពោះមិត្តចិន ដែលធ្វើឲ្យកម្ពុជា អាចទប់ទល់នឹងជំងឺនេះ បានប្រកបដោយភាពជោគជ័យ។ សម្ដេចតេជោ ក៏បានកោតសរសើរ លោកឯកអគ្គរដ្ឋទូត ដែលបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ កន្លងទៅនេះ។


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសុំឲ្យលោកពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេច ទៅកាន់ប្រធានាធិបតីចិន ស៊ី ជីនពីង, នាយករដ្ឋមន្ត្រី លី ឈាង និងថ្នាក់ដឹកនាំចិនដទៃទៀត និងសូមជូនពរ លោកមានសុខភាពល្អ បន្តនូវភាពជោគជ័យជាបន្តបន្ទាប់ទៀត និងសង្ឃឹមថា លោកនឹងត្រឡប់មកប្រទេសកម្ពុជា និងមានវត្តមាននៅកម្ពុជា នាពេលខាងមុខ។


លោក Wang Wentian ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនពីង លោកនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។


លោកក៏បានសម្ដែងការអបអរសាទរ ចំពោះជោគជ័យ យ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ការបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា នាខែកុម្ភៈកន្លងមក ដែលជាសក្ខីភាព នៃការទុកចិត្តរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។


លោក Wang Wentian បានសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។ លោកមានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់ឱកាស ឲ្យចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា៕






ការបោះឆ្នោតក្រុមប្រឹក្សា ប្រព្រឹត្តទៅដោយរលូន ពុំមានអ្វីរាំងស្ទះដល់ដំណើរការឡើយ ដោយមានអ្នកចេញទៅបោះឆ្នោតស្មើនឹង៩៩,៧៧%




គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបាន បង្ហាញថាអ្នកបានទៅបោះឆ្នោតសរុបមានចំនួន១១.៥៩៥ នាក់ ស្មើនឹង៩៩,៧៧% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១.៦២២នាក់។ ចំពោះបរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ។


ផ្អែកតាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត(គធ.ខប) ទាំង២៥ បានឱ្យដឹងថា នៅវេលាម៉ោង៧:០០ព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យបោះឆ្នោតទាំងអស់ទូទាំងប្រទេស បានបើកដំណើរការព្រមៗគ្នា ដើម្បីទទួលឱ្យអ្នកបោះឆ្នោតចូលមកបោះឆ្នោតតាមនីតិវិធី។ ទោះបីនៅតាមស្រុកក្រុងនៃខេត្តមួយចំនួនមានអាកាសធាតុអួអាប់ដោយកន្លែងក្តី ក៏មិនបង្កការរំខាន និងរាំងស្ទះដល់ការបើកការិយាល័យបោះឆ្នោត និងការបោះឆ្នោតឡើយ។


ជាមួយគ្នានេះ គណបក្សនយោបាយនានា បានរក្សាភាពស្ងប់ស្ងាត់ ដើម្បីជំរុញឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងពុំមានព័ត៌មានអំពីការបំភិតបំភ័យ ការគំរាមកំហែង និងទិញទឹកចិត្តអ្នកបោះឆ្នោតឡើយ។ កម្លាំងសន្តិសុខបោះឆ្នោតបានដាក់ពង្រាយតាមគោលដៅនានា ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ ការិយាល័យបោះឆ្នោតទាំង២០៩ បានដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យ ដែលក្នុងនោះមាន១៩៥ ការិយាល័យបានបិទការិយាល័យបោះឆ្នោតមុនពេលកំណត់ ដោយហេតុថាអស់អ្នកមកបោះឆ្នោត ហើយការិយាល័យ១៤ បានបន្តបើកដំណើរការរហូតដល់ម៉ោង ៣:០០ រសៀល។


គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតរាជធានីខេត្តទាំង២៥ និងមណ្ឌលបោះឆ្នោតក្រុង ស្រុក ខណ្ឌ ទាំង២០៩ ដែលមានបេក្ខជនសរុបចំនួន៨.៦១៤នាក់។ គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតរាជធានីខេត្ត ចំនួន២៣ និងមណ្ឌលបោះឆ្នោតក្រុង ស្រុក ខណ្ឌ ចំនួន១៩២ ដែលមានបេក្ខជនសរុបចំនួន៧.៩១១ នាក់។ គណបក្សកម្លាំងជាតិ ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន២២ និងមណ្ឌលបោះឆ្នោតក្រុង ស្រុក ខណ្ឌ ចំនួន៨១ ដែលមានបេក្ខជនសរុបចំនួន៤.០០១នាក់។ គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន១៨ និងមណ្ឌលបោះឆ្នោតក្រុង ស្រុក ខណ្ឌ ចំនួន១២១ ដែលមានបេក្ខជនសរុបចំនួន៥.៣៥៨ នាក់ និងគណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះនៅមណ្ឌលបោះឆ្នោតរាជធានី ខេត្ត ចំនួន១៧ និងមណ្ឌលបោះឆ្នោតក្រុង ស្រុក ខណ្ឌ ចំនួន៦៤ ដែលមានបេក្ខជនសរុបចំនួន ៣.២៦៧នាក់៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កោតសរសើរអង្គការមូលនិធិកុមារកម្ពុជា ចំពោះការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា


នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ត្រីទី១របស់កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរគម្រប់ខួបលើក២០ឆ្នាំ របស់អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នាឱកាសនោះ លោកជំទាវ បានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។


ជាមួយគ្នានោះ លោកជំទាវបណ្ឌិត ក៏បានរំឭកថា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្រេចចូលរួមគាំទ្រដល់សកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលមានលោក ស្កុត នីសុន (Scott Neeson) ជាប្រធាន អស់រយៈពេលជាង១០ឆ្នាំមកហើយ និងបានមើលឃើញថា អង្គការនេះ បានជួយបណ្ដុះបណ្ដាលកុមារ និងអ្នកបាត់បង់ឱកាសជាច្រើននាក់ឱ្យមានជំនាញវិជ្ជាជីវៈ ក៏ដូចជាការផ្តល់ឱកាសឲ្យបន្តការសិក្សាកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេស ដើម្បីមានរបរចិញ្ចឹមជីវិត និងរួមចំណែកក្នុងការជួយដល់ការងាររបស់មូលនិធិវិញផងដែរ។ 


ក្រៅពីនេះ លោកជំទាវបណ្ឌិត តែងតែអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខដល់កុមារ និងលោកយាយ លោកតា អ៊ំពូមីង ប្រជាពលរដ្ឋ តាមរយៈការងារមនុស្សធម៌ និងនាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោចុះជួយពិគ្រោះ និងព្យាបាលជំងឺ ដែលជាការផ្សារភ្ជាប់ជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត។


បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ជាពិសេសអាណត្តិទី៧នេះបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការអភិវឌ្ឍមូលធនមនុស្សជាកិច្ចការសំខាន់មិនអាចខ្វះបាន ដោយរាជរដ្ឋាភិបាលបានកំណត់ការយកចិត្តទុកដាក់លើសកម្មភាពចំនួន៥ រួមមាន៖ ទី១.ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ទី២.ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ទី៣.ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ទី៤.ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងទី៥.ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ និងបរិយាបន្ន។


លោកជំទាវបណ្ឌិត ក៏បានកោតសរសើរចំពោះបេសកកម្មរបស់អង្គការមូលនិធិកុមារកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយគាំពារសង្គមនៅកម្ពុជា។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តជួយគាំទ្រសកម្មភាពរបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) និងជួយលើកកម្ពស់វិស័យមនុស្សធម៌ឱ្យកាន់តែមានសកម្មភាពខ្លាំងក្លាថែមទៀត៕



ឯកឧត្ដម ឃួង ស្រេង ស្នើឱ្យវិនិយោគិននៅខេត្តក្វាងទុង មកវិនិយោគនៅរាជធានីភ្នំពេញ


រាជធានីភ្នំពេញ ជាទីក្រុងមួយកំពុងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដែលទាមទារឲ្យមានអ្នកវិនិយោគបន្ថែមទៀត ពិសេសចង់បានអ្នកវិនិយោគមកពីខេត្តក្វាងទុងនៃប្រទេសចិន ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចិញ្ចឹមត្រី និងលើវិស័យវាយនភណ្ឌជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម សុង ហ្វូឡុង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តក្វាងទុង ជាលេខាធិការនៃគណៈកម្មាធិការអធិការកិច្ចវិន័យ ខេត្តក្វាងទុង និងជាអគ្គនាយកនៃគណៈកម្មការត្រួតពិនិត្យកិច្ចការរដ្ឋ ខេត្តក្វាងទុង នាថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។


ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា រាជធានីភ្នំពេញ ជាទីក្រុងដែលកំពុងអភិវឌ្ឍន៍ ដែលទាមទារឲ្យមានអ្នកវិនិយោគទុន មកវិនិយោគទុនបន្ថែមទៀត បើទោះបី អ្នកវិនិយោគមកពីខេត្តក្វាងទុង បានធ្វើការវិនិយោគនៅរាជធានីភ្នំពេញ មួយចំនួនហើយក្តី។ រាជធានីភ្នំពេញចង់បានការវិនិយោគលើ ហេដ្ឋាចនាសម្ព័ន្ធ បរិស្ថាន ឧស្សាហកម្មធុនធ្ងន់ក៏ដូចជាវិស័យវាយនភណ្ឌ និងទេសចរណ៍ជាដើម។ ឯកឧត្ដម បានបន្ថែមថា រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គឺជាប្រទេសដែលមានសន្តិភាពពេញលេញ ដែលអាចធានាបាននូវសុវត្ថិភាព ចំពោះអ្នកវិនិយោគក៏ដូចជាអ្នកទេសចរបរទេស មកទេសចរណ៍ក៏ដូចជា ការមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។ 


ក្នុងនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានស្នើសូមឱ្យឯកឧត្តម សុង ហ្វូឡុង ពេលវិលត្រឡប់ទៅខេត្តក្វាងទុងវិញ សូមឲ្យជួយផ្សព្វផ្សាយទៅអ្នកវិនិយោគទុននៅខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះរោងចក្រវាយនភណ្ឌមួយចំនួនរបស់ចិនភាគច្រើននាំផលិតផលសម្រេចទៅកាន់អឺរ៉ុប ឯកឧត្ដមចង់ឲ្យ មានការវិនិយោគទៅលើវិស័យកាត់ដេរ ពេលទទួលបានផលិតផល នាំទៅកាន់ប្រទេសចិនតែម្ដងដោយសារតែបច្ចុប្បន្ននេះ ទីផ្សាររបស់អឺរ៉ុបក៏មានលក្ខណៈចង្អៀតដែរ។


ក្នុងឱកាសនោះដែរ ឯកឧត្តម សុង ហ្វូឡុង ក៏បានលើកឡើងពីការរីកចម្រើនរបស់ខេត្តក្វាងទុង ដោយខេត្តមួយនេះ ជាខេត្តដែលមានរោងចក្រផលិតគ្រឿងម៉ាស៊ីនច្រើននៅប្រទេសចិន មានប្រជាពលរដ្ឋរស់នៅប្រមាណ១២០លាននាក់។ សហគ្រាសខ្នាតធំៗមាននៅខេត្តក្វាងទុង អ្នកវិនិយោគនៅខេត្តក្វាងទុង ក៏បានធ្វើការវិនិយោគនៅ រាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជាយ៉ាងច្រើនផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្ដមនឹងធ្វើការផ្សព្វផ្សាយទៅដល់អ្នកវិនិយោគទុនរបស់ខេត្តក្វាងទុង ឲ្យមកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ដោយកម្ពុជា និងចិនជាមិត្តដែកថែមនិងជាមិត្តចាស់។


បន្ថែមពីនេះ ឯកឧត្តម សុង ហ្វូឡុង ក៏បានស្នើអញ្ជើញឯកឧត្ដម ឃួង ស្រេង ក៏ដូចជាប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ពិសេសនៅក្រុមហ៊ុនធំៗរបស់ចិននៅខេត្តក្វាងទុង ដើម្បីពិភាក្សាក៏ដូចជាជំរុញឲ្យអ្នកវិនិយោគទុន មកវិនិយោគទុនរកស៊ីនៅរាជធានីភ្នំពេញ ក៏ដូចជានៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត៕