Friday, August 16, 2019

ទស្សនៈមតិ៖ ពួកក្រុមបំពុលសង្គម គួរតែដល់ពេលត្រូវបកស្បែកមុខហើយ!

ខណៈពេលដែលប្រទេសកម្ពុជា កំពុងតែពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរនោះ មានក្រុមមនុស្សចង្រៃខ្លះ មិនបានពេញចិត្ត និងសប្បាយរីករាយដូចប្រជាពលរដ្ឋខ្មែរទូទៅឡើយ ដោយពួកគេចាត់ទុកភាពសុខសាន្ត និងការរីកចំរើនរបស់ប្រទេសជាតិ និងប្រជាពលរដ្ឋទូទៅ ថាជាសត្រូវដ៏ធំរបស់ពួកគេ និងមេកើយរបស់ពួកគេទៅវិញ។ ក្រុមមនុស្សទាំងនោះ មិនដែលមើលឃើញពីភាពល្អប្រសើរ និងប្រក្រតីភាពជាទូទៅនៃកម្ពុជាពិតនោះទេ ឬអាចនិយាយមួយបែបទៀតបានថា ពួកគេបានឃើញហើយ ដឹងហើយថា កម្ពុជាពិតវាបែបណា ប៉ុន្តែពួកគេបែរជាធ្វើភ្លឺ មិនដឹង មិនលឺ ហើយព្យាយាមបំភ្លៃទាំងកំរោល ពីស្ថានភាពនៅកម្ពុជាទៅវិញ ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ថ្មីៗនេះ ពួកគេបានបំភ្លៃព័ត៌មានថា ការលើកពេលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅសប្តាហ៍នេះ គឺដោយសារគ្មានវត្តមាន លោក ហ៊ុន សែន។ ក្រុមនេះ បានផ្សព្វផ្សាយបោកប្រាស់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែមានជំងឺធ្ងន់ធ្ងរខ្លាំងណាស់ ងើបមិនរួចឡើយ ទាល់តែប្រើថ្នាំញៀនជំនួយទើបអាចដំណើរការបាន។ ព័ត៌មានបំភ្លើសនេះ គឺវាខុសពីការពិតទាំងស្រុង ខណៈដែលអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់រួចហើយថា ការលើកពេលកិច្ចប្រជុំនេះ ដោយសារតែមិនទាន់មានរបៀបវារៈគ្រប់គ្រាន់សម្រាប់ការប្រជុំ ហើយមិនមែនមកពីរឿងសុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នោះទេ។ ទោះបីជាមានការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រាជារដ្ឋាភិបាលបែបនេះក្តី ក៏ពួកគេនៅតែចិញ្ចឹមចិត្តបង្កើតព័ត៌មានក្លែងក្លាយ ក្នុងន័យបំពុលសង្គមដដែលជាដដែល ។
ពួកក្រុមនេះ តែងតែបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) ប្រឌិត វៃប្រហារ រិះគន់ បំភ្លៃ បំពុល បំភ័ន្ត លាបពណ៌ អុចអាល ញុះញង់ និងចោទប្រកាន់ គ្រប់សព្វបែបយ៉ាង លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងគោលដៅបង្ហាញឱ្យអ្នកដែលមិនបានស្គាល់ពីកម្ពុជាយល់ថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែស្ថិតក្នុងស្ថានភាពវឹកវរ ចលាចល រងគ្រោះ ពលរដ្ឋរស់នៅក្នុងសភាពវេទនាខ្លាំង រងការរំលោភបំពានសិទ្ធិ បំបិទសិទ្ធិសេរីភាព ក្រីក្រខ្លាំង និងត្រូវការសង្គ្រោះជាបន្ទាន់។ល។ ដែលសុទ្ធតែជាសារប្រឌិត បោក​ប្រាស់របស់ពួកក្រុមបំពុលសង្គម។ ពីមួយថ្ងៃទៅមួយថ្ងៃ ពួកក្រុមនេះ បានបន្តគឃ្លើនរបស់ពួកគេ ដោយការផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយឥតមានញញើត ឬខ្លាចរអាអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយ ក្នុងបំណងធ្វើឱ្យមានចលាចលក្នុងសង្គម និងចង់ឱ្យប្រទេសកម្ពុជា ធ្លាក់ក្នុងស្ថានភាពវឹកវរ។ ពួកគេមិនដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរឡើយ អ្វីក៏ពួកគេហ៊ានធ្វើដែរ ឱ្យ​តែផ្តល់ផលចំណេញដល់យុទ្ធសាស្ត្រដណ្តើមអំណាចដ៏អាក្រក់របស់ពួកគេ។
ចំពោះព័ត៌មានស្តីពីសុខភាពរបស់លោក ហ៊ុន សែន វិញ ត្រូវបានពួកគេប្រើប្រាស់ជាប្រធានបទប្រចាំត្រកូល និងសំខាន់បំផុត ក្នុងការបំពុលសង្គម។ ដោយពួកគេដឹងយ៉ាងច្បាស់ថា ព័ត៌មានពាក់ព័ន្ធនឹងសុខភាពរបស់ លោក ​ហ៊ុន សែន បុរសខ្លាំងកម្ពុជា គឺវាសំខាន់ និងពាក់ព័ន្ធដល់សន្តិសុខជាតិទាំងមូល។ សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា គឺសុទ្ធតែបានដឹងថា ប្រធានបទអំពីសុខភាពលោក ហ៊ុន សែន ត្រូវបានក្រុមប្រឆាំង ដែលបំពុលសង្គម ប្រើប្រាស់ជាញឹកញយដើម្បីបោកប្រាស់អ្នកប្រើប្រាស់បណ្តាញសង្គម។ ទង្វើរបស់ពួកក្រុមបំពុលសង្គមនេះ គឺមិនខុសអីពីមេកើយរបស់ពួកគេទេ ដែលធ្វើនយោបាយចាំបន់ឱ្យគេស្លាប់ តែលទ្ធផលគឺការបរាជ័យ និងរលាយរលត់ខ្លួនឯងទៅវិញ។ មួយវិញទៀត ដោយសារតែព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងសុខភាពរបស់លោក ហ៊ុន សែន ត្រូវបានបំភ្លៃជាញឹកញាប់នោះ បានធ្វើឱ្យសាធារណៈមតិទូទៅ បានដឹងពីឧបាយកលដ៏អាក្រក់របស់ក្រុមប្រឆាំង និងលែងមានអ្នកជឿលើការបោកប្រាស់របស់ក្រុមនេះតទៅទៀត។ ជាក់ស្តែងអ្នកលេងបណ្តាញសង្គម Facebook បានធ្វើការរិះគន់ចំៗ ចំពោះក្រុមផ្សព្វផ្សាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងសុខភាពរបស់លោក ហ៊ុន​ សែន ដោយបញ្ចេញយោបល់ថា «ការប្រឌិតរឿងអ៊ីចឹងៗ តើឲ្យខ្មែរណាជឿ? នេះបញ្ជាក់ឲ្យកាន់តែឃើញយ៉ាងច្បាស់ថា ពួកប្រឆាំងកាន់តែអស់ផ្លូវមែនទែនហើយ។ ប្រើនយោបាយបំផ្លើស បំភ្លៃ ចាក់ចុច បំបែកបំបាក់ ទៅអត់រួច ឥឡូវប្រើនយោបាយបន់ឲ្យគេឆាប់ស្លាប់។ ចង់សួរថា បើ ហ៊ុន សែន ស្លាប់ តើខ្លួនបានកាន់អំណាចឬ?» ។ អ្នកលេងបណ្តាញសង្គមខ្លះទៀត ជេរដៀលថា «អាអ្នកផុសហ្នឹង រន្ទះបាញ់អី ម៉ាង៉ៃៗរកនឹកឃើញតែរឿងមិនបានការ មកផុសចឹង?» ។ «សង្ស័យតែខួរក្បាល ឆ្កួតអស់ហើយទេដឹង? ឆ្កួតនឹងចង់ឈ្នះពេក! ប្រឌិតរឿងមិនចេះចប់! ស្មានថាពលរដ្ឋខ្មែរទាំងអស់ ឆ្កួតតាមឯងឬ?»។ និយាយជារួមអ្នកដែលដឹងពីការពិត គ្មានអ្នកណាទៅជឿព័ត៌មានក្លែងក្លាយប្រឌិត របស់​ក្រុមបំពុលសង្គមឡើយ។ តែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺ អ្នកដែលមិនបានដឹងពីចរិត​ និងសារជាតិរបស់ក្រុមបំពុលសង្គមនេះ ហើយជឿលើព័ត៌មានក្លែងក្លាយរបស់ពួកគេដោយខ្វះការពិចារណា។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបញ្ហាគ្រេចស្មាបន្តិចបន្តួច ហើយត្រូវទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ពួកក្រុមបំពុលសង្គមបានឆ្លៀតឱកាសនេះ បំភ្លៃថាលោក ហ៊ុន សែន បានធ្លាយក្រពះ កំពុងសង្គ្រោះបន្ទាន់នៅបរទេស និងក្រោយមកថា លោក ហ៊ុន សែន បានបាត់បង់ជីវិតជាដើម។ ការពិតនៅតែជាការពិត លោក ហ៊ុន សែន មិនមានបញ្ហាអ្វី ដូចការប្រឌិតរបស់ពួកគេឡើយ ផ្ទុយទៅវិញលោកបានជាសះស្បើយ ពីបញ្ហាគ្រេចស្មាក្នុងរយៈពេលដ៏ខ្លី និងបានចេញបង្ហាញមុខជាសាធារណៈ ក្នុងកម្មវិធីនានា កាលពីពេលថ្មីៗនេះ។ លោក ហ៊ុន សែន ក៏បានផ្ញើរសារទៅក្រុមប្រឆាំង ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ថាលោកធ្លាយក្រពះថា «ឈប់បានឈប់ទៅ ព្រោះការធ្វើនយោ​បាយរង់ចាំឱ្យលោកស្លាប់ ដើម្បីដណ្តើមអំណាច សូមរង់ចាំជាតិក្រោយទៅចុះ! យមរាជមិនត្រូវការជីវិតលោកទេ ព្រោះយមរាជត្រូវការឱ្យលោកនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត។
ជាការពិត បើទោះបីជាពួកគេ ខិតខំប្រឌិតព័ត៌មានក្លែងក្លាយយ៉ាងណា ក៏ពួកគេមិនអាចទទួលបានជោគជ័យ តាមរយៈយុទ្ធសាស្ត្រដ៏ស្មោកគ្រោករបស់ពួកគេឡើយ។ ដូចគ្នានេះដែរ ការបំពុលព័ត៌មានក្លែងក្លាយ នឹងសាបរលាបជាបណ្តើរៗ ខណៈដែលមហាជនទូទៅ ដឹងពីសារជាតិពិតរបស់ពួកក្រុមដែលធ្វើរឿងនេះជាក់ជាមិនខាន។ ទោះបីជាបែបនេះក្តី ខ្ញុំយល់ឃើញថា ដើម្បីទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំពុលសង្គម និងដើម្បីការពារផលអាក្រក់ណាមួយ ដែលកើតចេញពីការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញក្រសួងមហាផ្ទៃ គួរតែចាត់វិធានការ ឱ្យបានតឹងរ៉ឹងចំពោះជនអគតិ និងបំពុលសង្គមទាំងនេះ។ សមត្ថកិច្ចមិនត្រូវបន្ធូរបន្ថយ ឬយោគយល់ចំពោះពួកគេឡើយ។ គួរចាត់វិធានការឱ្យបានទាន់ពេលវេលា ផៀសវាងបណ្តែតបណ្តោយឱ្យពួកនេះ អាចធ្វើសកម្មភាពយ៉ាងគឃ្លើន លើបណ្តាញផ្សព្វផ្សាយសង្គមតទៅទៀត ដែលនាំទៅរកភាពចលាចល ឬបញ្ហាណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ៖ ស ជាតិ

លិខិតមិត្តអ្នកអាន៖ " អេង ឆៃអ៊ាង ដើរប្រមូលលុយដើម្បីចូលលេងល្បែងក្នុងកាស៊ីណូ! "

លោកអេង ឆៃអ៊ាង គឺជាមនុស្ស ជំនិត រឺ ជាឆ្អឹងខ្នងរបស់លោកសម រង្ស៊ី ហើយកាលនៅស្រុកខ្មែរ មិនថាមន្ត្រីផ្ទៃក្នុងបក្សប៉ុណ្ណោះទេ សូម្បីតែក្រុមគ្រួសារផ្ទាល់របស់គាត់ក៏បានដាក់ងារអោយ គាត់ថាជាបុរសញៀនល្បែងដែរ។ ខ្ញុំយល់ថាការដាក់ងារនេះពិតជាត្រឹមត្រូវ ១០០% ព្រោះអ្វីដែលខ្ញុំបានមើលឃើញមុននេះបន្ទិច គឺពិតជាបានបង្ហាញនូវសារជាតិ របស់ខ្លួនគាត់យ៉ាងច្បាស់ថា ទោះទៅដល់ទីណាក៏ អេង ឆៃអ៊ាងមិនអាចបោះបង់ល្បែងចោលបានដែរ។



តាមរយៈរូបថតនិងវីដេអូដែល បានបែកធ្លាយព្រឹកមិញនេះ បានបង្ហាញឲ្យឃើញថា អេង ឆៃអ៊ាង នៅពែលថ្មីនេះ បានបន្តចូលលេងល្បែងនៅកាស៊ីណូឈ្មោះថា GM Casino នៅរដ្ឋ Virginia នៃសហរដ្ឋ អាមេរិក។ សកម្មភាពញៀនល្បែងរបស់ លោកអេង ឆៃអ៊ាង ក៏បានបង្ហាញ ឲ្យឃើញថា មនុស្សជំនិតដែល លោកសម រង្ស៊ី ពេញចិត្តបំផុតគឺជាពពួកមនុស្សញៀនល្បែង រហូតព្រាយកាស៊ីណូសណ្ឋិតជាប់មិនអាចងើបមុខរួចឡើយ។​

តាមរយៈរូបភាពបែកធ្លាយនេះដែរ គេក៏អាចពិចារណាលើ ចំណុចមួយចំនួនដូចខាងក្រោមនេះដើម្បីយល់ពីក្រុមប្រឆាំងដឹកនាំដោយ លោក សម រង្ស៊ី៖

ទី១៖ មន្ត្រីដែលលោក សម រង្ស៊ី ឲ្យកាន់តំណែងសំខាន់ក្នុងបក្សយ៉ាងយូរ ហើយបន្តចាត់ទុកជា មុខមាត់ក្នុងការដឹកនាំក្រុមប្រឆាំងគឺជាមនុស្សគ្មានតម្លៃដោយសារតែញៀនល្បែង។ ល្បែងស៊ីសងគឺជាអបាយមុខមួយដែលចាស់បូរាណប្រៀបប្រដូចទៅនឹងវត្ថុដែលធ្វើឲ្យមនុស្សឆ្កួតក្នុង ចំណោមឆ្កួតបី គឺល្បែង ស្រី ស្រា ហើយបានប្រដៅកូនចៅ ឲ្យចៀសវាង។ អ្នកញៀនល្បែងតែងរលាយទ្រព្យ និងបាត់បង់
កិត្តិយសក្នុងសង្គម។

ដូច្នេះ ចរិតរបស់លោកអេង ឆៃអ៊ាង គឺមិនព្រមបោះបង់ល្បែងឡើយ សូម្បីតែទៅដល់សហរដ្ឋអាមេរិកទៅហើយ ក៏នៅបន្តចូល លេងល្បែងជាម៉ូយប្រចាំក្នុងកាស៊ីណូដែរ។ តើគេអាចយក មនុស្សបែបនេះមកធ្វើជាតំណាងរបស់ក្រុមដឹកនាំនយោបាយមួយបានដែរឬទេ? ចំណែកឯលោក សម រង្ស៊ី ដែលជាមេដឹកនាំហើយមិនព្រមចាត់វិធានការ ចំពោះកូនចៅដែលញៀនល្បែង ដោយនៅតែបន្តទុកឲ្យធ្វើជាអ្នកមុខអ្នកការនៅក្បែរខ្លួនរហូតនោះ តើលោក សម រង្ស៊ី ជាមនុស្សបែបណា? ចម្លើយគឺប្រាកដជាមនុស្សដែលតិច រឺ ច្រើនមានសណ្តានមិនខុសគ្នាឡើយ។ មនុស្សជំនិតរបស់អេង ឆៃអ៊ាងធ្លាប់បានដើរអួតប្រាប់គ្នីគ្នាថា ដោយសារតែអេង ឆៃអ៊ាង ចាប់ចំណុចខ្សោយរបស់ សម រង្ស៊ី បានគ្រប់យ៉ាងជាពិសេស ការក្តាប់កម្លាំងបានច្រើននៅតាមបណ្តាញ ទើបសម រង្សី មិនហ៊ានចាត់វិធានការចំពោះ អេង ឆៃអ៊ាងឡើយ។

ទី២៖ សំណួរដ៍សំខាន់បំផុតមួយដែលត្រូវចោទទៅលោកអេង ឆៃអ៊ាង គឺថា តើគាត់បានលុយមកពីណាដើម្បីទៅលេងល្បែងជាប្រចាំយ៉ាងដូច្នេះ? នៅស្រុកខ្មែរ អេង ឆៃអ៊ាង ធ្លាប់ធ្វើជា តំណាងរាស្ត្រ មានប្រាក់ខែច្រើន ពាន់ដុល្លារ និងកាន់តំណែង សំខាន់ក្នុងបក្សរហូតដល់អាចរកលុយបានក្រាសក្រែល សម្រាប់ចូលលេងល្បែងជា ប្រចាំនិងចិញ្ចឹមស្រីក្រៅផ្ទះ។  ចុះឥឡូវ លោកអេង ឆៃអ៊ាង បានភៀសខ្លួនទៅនៅសហរដ្ឋអាមេរិក គ្មានប្រាក់ខែទៀតទេ ! ចុះហេតុដូចម្តេចក៏មានលុយចូលកាស៊ីណូលំដាប់ល្បីៗនៅអាមេរិកបាន? ចម្លើយដ៏សាមញ្ញបំផុតដែលអ្នកណាក៏អាចឆ្លើយបានដឹងដែរនោះគឺ ទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង និងមនុស្សជំនិតផ្សេងទៀត ដែលជាអ្នកហែរហមសម រង្ស៊ី សម្បូរលុយចាយមិនខ្វះទេដោយសារតែការប្រមូលស្រោមសំបុត្រពីពលរដ្ឋខ្មែរនៅក្រៅប្រទេសក្រោមលេសដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ តាមរយៈវិដេអូនិងរូបភាព ដែលបែកធ្លាយនៅថ្ងៃនេះក៍អាចបញ្ជាក់បានយ៉ាងច្បាស់ថា តាមការពិត លោកអេង ឆៃអ៊ាង យកលុយដែលប្រមូលបាននោះ យកទៅស្តារដើមនៅឯកាស៊ីណូ ទៅវីញទេតើ។

នរណាក៏បានឃើញដែរថា លុយដែលពួកគេប្រមូលបានពីក្រៅប្រទេសមានច្រើនសន្ធឹក ប៉ុន្តែ ពួកគេមិនដែលបានយកមកធ្វើជាប្រយោជន៍ដល់ខ្មែរក្នុងស្រុកសូម្បីតែបន្តិចឡើយ។ គ្មានអណ្តូងទឹកសូម្បីតែមួយ គ្មានបង្គន់អនាម័យសូម្បីមួយចំហៀងគ្មានប្រឡាយទឹកសូម្បីមួយម៉ែត្រ ឬគ្មានផ្លូវថ្នល់សូម្បីមួយចំអាម ដែលជាស្នាដៃរបស់លោក សម រង្ស៊ី និងគូកនរបស់ខ្លួនសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋខ្មែរឡើយ។  ផ្ទុយទៅវិញ លុយទាំងនោះត្រូវបានលោក សម រង្ស៊ី និង គូកន ដូចជាអេង ឆៃអ៊ាង ជាដើមយកទៅចាយវាយ សប្បាយហ៊ឺហាតាមចិត្តរាប់ទាំង យកទៅចូលលេងល្បែងនៅកាស៊ីណូផងដែរ។

ឥឡូវនេះ ទាំងលោក សម រង្ស៊ី និងលោកអេង ឆៃអ៊ាង កំពុងធ្វើដំណើរទៅរៃអង្គាសលុយទៀត ហើយនៅឯប្រទេស ញូហ្សេលែននិងអូស្ត្រាលី ពីព្រោះលុយដែលរៃអង្គាសបានកាលពីលើកមុនត្រូវបានចាយវាយអស់ហើយ។

ដូច្នេះ ខ្ញុំគិតថា បើបងប្អូនខ្មែរនៅ ញូហ្សេលែន និងអូស្ត្រាលីចង់ជួយជាលុយជូនលោក អេង ឆៃអ៊ាងនិងបក្សពួកគាត់យកទៅលេងល្បែង គួរពិចារណាដាក់ក្នុងស្រោមសំបុត្រឲ្យបានច្រើនបន្តិចព្រោះកាស៊ីណូ លំដាប់ផ្កាយ៥ដូចជា GM Casino ជាដើមនេះគឺត្រូវការ ប្រាក់ច្រើនបន្តិចហើយទើបអាចចូលបានហើយនេះមិនទាន់រាប់បញ្ចូលលុយដែលត្រូវផ្ញើមក ចិញ្ចឹមស្រីស្នេហ៍នៅស្រុកខ្មែរ ឬ ក៏ចំណាយលើស្រីកំណាន់ផ្សេងៗនៅឯក្រៅប្រទេសផងនោះទេ។

គិតៗទៅ ពិតជាគួរឲ្យអាណិត បងប្អូនខ្មែរនៅក្រៅប្រទេសណាស់ដែលប្រឹងរកលុយបាន ដោយលំបាក ហើយបែរជាយក មកចំណាយជាមួយមនុស្ស ប្រភេទ អេង ឆៃអ៊ាង និងគូនកន ដែលសុទ្ធសឹងតែជាអ្នកងប់តែនឹងល្បែងពាលាអបាយមុខទៅវីញ៕

ដោយ: អ្នកតាមដាននយោបាយតុកាហ្វេ