Friday, February 26, 2016
លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ
កាលពី
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ
និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ីដ-CEDAW) និងអនុសាសន៍១២ចំណុច របស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកជំទាវ
ម៉ែន សំអន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រ
រួមទាំងសមាជិកសមាជិកាទាំងអស់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច បានដឹកនាំក្រុមការងារបំពេញភារកិច្ច-កាតព្វកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់
ហើយសម្រចបានស្នាដៃជាច្រើនគួរឲ្យសាទរ។
លោកជំទាវ
ម៉ែន សំអន ក៏បានបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់
នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ីដ-CEDAW) នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយបានឆ្លើយតបទាំងស្រុងទៅនឹងគោលនយោបាយស្រី្ដរបស់រាជរដ្ឋាភិបាល
ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ។ កន្លងមកសម្តេចបានយកចិត្ដទុកដាក់ខ្ពស់
ចំពោះនារីតាមរយៈការដាក់ចេញគោលនយោបាយយេនឌ័រ និងគោលនយោបាយជាច្រើនទៀត
ពាក់ព័ន្ធនឹងការលើកកម្ពស់នារីគ្រប់វិស័យក្នុងសង្គម បានបង្កើតក្រសួងកិច្ចការនារី
ក៏ដូចជាបានបង្កើតឲ្យមានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្ដី គណៈកម្មាធិការជាតិលើកកម្ពស់សមភាពយេនឌ័រ
និងបង្កើនភាពអង់អាចដើម្បីស្រ្ដី តាមរយៈការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ច ការទទួលបានកិច្ចការពារផ្លូវច្បាប់កាន់តែប្រសើរ
និងបង្កើនការចូលរួមរបស់ស្ដ្រីក្នុងការធ្វើសេចក្ដីសម្រេចចិត្ដ ក្នុងវិស័យនយោបាយ
និងវិស័យសាធារណៈសំដៅអនុវត្ដគោលនយោបាយទាំងនោះឲ្យមានប្រសិទ្ធភាព។
នាឱកាសនោះផងដែរ
លោកជំទាវ ម៉ែន សំ អន បានផ្ដល់អនុសាសន៍សម្រាប់មន្រី្តរាជការគ្រប់ លំដាប់ថ្នាក់ ដើម្បីជំរុញខ្លឹមសារផ្សព្វផ្សាយខាងលើ
ឲ្យក្លាយជាការអនុវត្ដជាក់ស្ដែងត្រូវ ៖ (១) បន្ដចូលរួមគាំទ្រចំពោះសកម្មភាពទាំងឡាយ
របស់ក្រុមការងារបច្ចេកទេសយេនឌ័រក្រសួង ដើម្បីរួមចំណែកគ្រប់អង្គភាពចូលរួមអនុវត្ដឲ្យសម្រេចបានជោគជ័យជាវិជ្ជមាន
លើការអភិវឌ្ឍន៍ សមភាពយេនឌ័រនៅកម្ពុជា (២) ខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពចំណេះដឹង
ចំណេះធ្វើតាមរយៈការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជាប្រចាំ និងពន្លឿនការងារឲ្យកាន់តែសកម្មស្វាហាប់
ជាពិសេសតួនាទីស្នូលភារកិច្ចតាមអង្គភាពនីមួយៗ ដែលមានសមាសភាពស្រ្ដី
ក្នុងនោះដែរត្រូវបង្កើនសក្ដានុពលឲ្យបានខ្លាំងក្លា ដើម្បីជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានរបស់សមភាគីបុរស
(៣) ធ្វើជាមន្រ្ដីរាជការល្អ មានសម្បជញ្ញៈ បម្រើសេវាសាធារណៈ គោរពច្បាប់
មានភក្ដីភាពក្នុងការបម្រើប្រជាពលរដ្ឋ ជាភរិយាល្អ ជាអ្នកម្ដាយដ៏ល្អ និងជាគម្រូស្រ្ដីខ្មែរដ៏ល្អ
៕
សម្ដេចតេជោហ៊ុន សែន ស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធឲ្យមានវិធានការម៉ត់ចត់ ដើម្បីបង្រ្កាបបទល្មើសគ្រឿងញៀន និងចោរប្លន់ប្រដាប់អាវុធ
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី
ស្នើទៅក្រសួងស្ថាប័នពាក់ព័ន្ធឲ្យមានវិធានការម៉ត់ចត់មួយ ដើម្បីទប់ស្កាត់បទល្មើសគ្រឿង
និងបញ្ហាចោរប្លន់ប្រដាប់អាវុធ ខណៈដែលបញ្ហាទាំង២នេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់
នារយៈពេលចុងក្រោយនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥
និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកុម្ភ នេះថា "យើងត្រូវមានយុទ្ធនាការដ៏ម៉ត់ចត់មួយ ព្រោះរយៈពេលចុងក្រោយនេះ
យើងទាំងអស់គ្នាបានឃើញហើយថា ភាពកក្រើកឡើង នូវការជួញដូរគ្រឿងញៀន ការប្លន់ប្រដាប់អាវុធគឺបានងើបឡើង ដូច្នេះត្រូវមានវិធានការគួបផ្សំ រវាងការគ្រប់គ្រងអាវុធរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ឲ្យបានម៉ត់ចត់ និងម្យ៉ាងទៀតត្រូវមានប្រតិបត្ដិការយ៉ាងទូលំទូលាយ
ដើម្បីបង្រាបមុខសញ្ញាគ្រោះថ្នាក់នេះ។
សម្ដេចតេជោ ហ៊ុន
សែន បានគូសបញ្ជាក់ ថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានការស្រាវជ្រាវពិតប្រាកដណាស់
អំពីបញ្ហាមុខចោរដដែលៗ គឺជាប់គុកមិនបានយូរ ដូច្នេះសម្ដេចតេជោដល់ក្រសួងយុត្ដិធម៌ក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្សេងទៀត
ពិនិត្យពិច្ច័យឲ្យបានច្បាស់លាស់មុននឹងធ្វើការដោះលែងទណ្ឌិត។ ជាមួយគ្នានេះសម្ដេចតេជោ
ហ៊ុន សែន បានលើកឡើង ថា ពីមុនក្រុមចោរគ្រាន់តែប្លន់ធម្មតាទេ មិនទាន់ហ៊ានសម្លាប់មនុស្សឡើយ
ប៉ុន្ដែឥឡូវគឺក្រុមចោរហ៊ានបាញ់សម្លាប់មនុស្ស ដូច្នេះក្រសួងយុត្ដិធម៌ ក៏ដូចជាមន្រ្ដីពន្ធនាគារ
ត្រូវពិនិត្យឲ្យច្បាស់លាស់ មុននឹងដាក់ឈ្មោះឲ្យនាយករដ្ឋមន្រ្ដីចុះហត្ថលេខា ស្នើព្រះមហាក្សត្រឲ្យលើកលែងទោស។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ
បានថ្លែងក្នុងពិធីបិទសន្និបាតនោះ ថា សន្និបាតបានលើកយករបាយការណ៍សំខាន់ៗចំនួន៣
គឺទី១.ការងារដែលស្ថិតក្រោមសមត្ថកិច្ច និងការទទួលខុសត្រូវផ្ទាល់
របស់ក្រសួងមហាផ្ទៃ ,ទី២.ចលនាប្រឡងប្រណាំង
អនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ,និងទី៣.សកម្មភាពប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស
ដើម្បីរួមគ្នាធ្វើការពិនិត្យវាយតម្លៃ អំពីសមិទ្ធផលលើបញ្ហាប្រឈម និងកំណត់ទិសដៅសម្រាប់អនុវត្ត
ក្នុងឆ្នាំ២០១៦នេះ។ ផ្អែកលើរបៀបវារៈសំខាន់ៗទាំង៣ នៃអង្គសន្និបាត ព្រមទាំងពិភាក្សាលើប្រធានបទនានា
អង្គសន្និបាតទាំងមូលបានសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលជាតិ
អាជ្ញាធរគ្រប់ថ្នាក់ សមត្ថកិច្ចនានាដែលបានចូលរួម និងរួមគ្នាបន្តថែរក្សាសន្តិភាព
ស្ថេរភាពនយោបាយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៕
Subscribe to:
Posts (Atom)