Thursday, April 27, 2017

លោក សុខ ឥសាន៖ ខ្មោច សម រង្ស៊ី លាបពណ៌គណបក្សប្រជាជនកម្ពុជា

អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានមានប្រសាសន៍ថា ទោះបីជីវិតនយោបាយបានស្លាប់បាត់ទៅហើយក្តីក៏ សម រង្ស៊ី នៅតែតាមព្យាបាទគណបក្សប្រជាជនកម្ពុជាដែរ ដោយប្រើរូបភាពលាបពណ៌គ្រប់បែបយ៉ាង ។
លោក សុខ ឥសាន ក៏បានរំលឹកផងដែរថា កាលពីឆ្នាំ២០១៣ សម រង្ស៊ី ធ្លាប់និយាយបរិហារកេរ្តិ៍ លោក ហោ ណាំហុង ម្តងហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់គុក ២ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល ។ ឥឡូវ សម រង្ស៊ី នៅមិនរាងចាលទៀត នៅតែអនុវត្តវប្បធម៌លាបពណ៌មកលើគណបក្សប្រជាជនកម្ពុជាទៀត ។ សម រង្ស៊ី និយាយថា ហូ ជីមិញ ជាអ្នកបង្កើតគណបក្សប្រជាជនកម្ពុជា ។ និយាយបែបនេះ តិចគេឲ្យរកសេចក្តីសំរេចបបង្កើតគណបក្សមិនឃើញហត្ថលេខា ហូ ជីមិញ តិចថាជាប់គុកថែមទៀត ហើយថាគេគាបសង្កត់ខ្លួនទៅ ?
លោក សុខ ឥសាន ជម្រាបផងដែរថា គណបក្សប្រជាជនកម្ពុជា បានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ចេញពីចលនាតស៊ូស្នេហាជាតិ ក្នុងខណៈដែលប្រទេសជាតិស្ថិតនៅក្រោមនឹមអាណានិគមនិយមបារាំង ។ ទំរាំមានថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលតស៊ូ ពោរពេញទៅដោយឧបសគ្គលំបាកស្មុគ្រស្មាញរាប់មិនអស់ ។ គណបក្សប្រជាជនកម្ពុជា ជាអ្នកយកជ័យជំនះលើរបបសាធារណរដ្ឋខ្មែររបស់លោក លន់ ណុល ជាអ្នកវាយផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត រំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍ ទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃពួក ប៉ុល ពត ដាក់ចេញនយោបាយបង្រួបបង្រួមជាតិ ឈានដល់ចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដាក់ចេញនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពពេញលេញជូនជាតិមាតុភូមិ បង្កឱកាសកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនរុងរឿងដូចសព្វថ្ងៃ ។
សម រង្ស៊ី អាចមានមុខមកធ្វើនយោបាយនៅកម្ពុជាក៏ដោយសារស្នាដៃគណបក្សប្រជាជនកម្ពុជាដែរ កុំឆាប់បំភ្លេចគុណ ៕

លោក ហ៊ុន សែន បញ្ជាក់ថាពលករមីយ៉ាន់ម៉ា នឹងមិនត្រឡប់ទៅផ្ទះតាមការអំពាវនាវរបស់លោកស្រី អ៊ុង សានស៊ូជី នោះទេ

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពលករមីយ៉ាន់ម៉ា នឹងមិនត្រឡប់ទៅផ្ទះវិញនោះឡើយ តាមការអំពាវនាវរបស់លោកស្រី អ៊ុង សានស៊ូជី។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតឆ្លើយតបនឹងសារឌឺដង របស់បក្សប្រឆាំង រឿងលោកស្រី អ៊ុង សានស៊ូជី អំពាវនាវឱ្យពលករមីយ៉ាន់ម៉ាត្រឡប់ទៅធ្វើការនៅក្នុងប្រទេសវិញនោះថា ពលករមីយ៉ានម៉ា នឹងមិនត្រឡប់ទៅវិញនោះឡើយ ព្រោះកម្លាំងពលកម្មនៅថៃខ្ពស់ជាងនៅមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា មីយ៉ាន់ម៉ាកំពុងអនុវត្តន៍នូវប្រាក់បៀវត្សអប្បបរមាត្រឹមតែប្រមាណ ៨០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ សំណួរសួរថា តើពលករមីយ៉ាន់ម៉ា ប្រមាណជាពីរលាននាក់ដែលកំពុងធ្វើការក្នុងប្រទេសថៃយល់ព្រមទៅធ្វើការងារនៅក្នុងប្រទេសរបស់ខ្លួន ដែលមានប្រាក់បៀវត្សត្រឹមតែ ៨០ ឬ១០០ដុល្លារអាមេរិក នៅក្នុងពេលដែលគេ អាចរកបាន២០០ ទៅ៣០០ដុល្លារនៅក្នុងប្រទេសថៃ។
លោក ហ៊ុន សែន ក៏បានសម្តែងនូវសេចក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋរបស់យើង ក្នុងនោះ ក៏មានពលករ ពលការិនីដែលកំពុងធ្វើការងារក្រៅប្រទេស ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការងារជាមួយបណ្តាប្រទេសនានាដើម្បីបង្កើតស្ថានភាពស្របច្បាប់ បានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ប្រាក់ចំណូលមកក្នុងប្រទេសកម្ពុជាតាមរយៈពលកររបស់យើងដែលធ្វើការនៅក្រៅប្រទេស ហើយបញ្ជូនប្រាក់ទាំងនោះមកកាន់ក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់នៃចំណូលគ្រួសារ និងជួយដល់សេដ្ឋកិច្ចជាតិរបស់យើងផងដែរ៕


មានសន្ទុះ​ខ្លាំងចំពោះ​រលកនៃការ​បែកបាក់​

ក្នុងការថ្លែងសុន្ទរកថាជ័យជម្នះកាលពីយប់ថ្ងៃអាទិត្យលោក Emmanuel Macron ដែលជាប្រធានាធិបតីបន្ទាប់របស់ប្រទេសបារាំងបាននិយាយថា «ខ្ញុំចង់ក្លាយខ្លួនជាប្រធានាធិបតីស្នេហាជាតិនៅចំពោះមុខការគំរាមកំហែងពីអ្នកជាតិនិយម។» ភាពខុសប្លែកគ្នានោះគឺថាខុសពីអ្នកគាំទ្រលោក Trump នៅអាមេរិក ហើយក៏ខុសពីជនជាតិអង់គ្លេសដែលបានបោះឆ្នោតឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបផងដែរ ក៏ប៉ុន្តែអ្វីដែលជាស្ថានភាពដ៏ច្បាស់ លាស់សម្រាប់បារាំងនោះគឺភាគច្រើនជាពួកគេគឺជាជនជាតិអឺរ៉ុប។
នៅអាមេរិកគេនិយមប្រើពាក្យ «អ្នកស្នេហាជាតិ» ក៏ប៉ុន្តែជាធម្មតាវាមានន័យថា «ជាអ្នកជាតិនិយម» ទៅវិញ ដោយសារតែមានអត្ថន័យបង្កប់នៅទង់ជាតិ និងពាក្យស្លោកដែលគេបាននិយាយ។ លោក Trump បាននិយាយថា «ផលប្រយោជន៍អាមេរិកមុនគេបង្អស់» ហើយក្រុមហ្វូងមហាជនឆ្លើយតបថា «អ្វីៗទាំងអស់ត្រូវគិតដល់អាមេរិក»។
អ្នកមិនអាចនឹកស្រមៃការបោះឆ្នោតអង់គ្លេសធ្វើដូច្នោះទេ ដោយសារតែចក្រភពអង់គ្លេសកៀកទៅនឹងដែនដីអឺរ៉ុប ដែលជារឿងមួយបានបញ្ចប់ទៅយ៉ាងល្វីងជូរចត់ ប៉ុន្តែជាតិនិយមរបស់អង់គ្លេសគាំទ្រចំពោះការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប គឺជាការឈឺចាប់ដ៏ធ្ងន់ធ្ងរណាស់។ សម្រាប់ប្រជាជនមួយចំនួននៅក្នុងប្រទេសទាំងពីរនេះ គឺជាអ្នកជាតិនិយមដែលមានពណ៌សប្បុរស្បែកស ប៉ុន្តែមិនមានការប្រកាន់ពូជសាសន៍ច្រើនទេ ហើយពួកគេបានបោះឆ្នោតឱ្យលោក Trump ឬក៏ឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបបានធ្វើឱ្យមានការយកចិត្តទុកដាក់ថា នេះឈានដល់ចំណុចមួយដ៏គ្រោះថ្នាក់។ វាមានម្ខាងជា «ពួកយើង» ហើយនៅផ្នែកម្ខាងទៀតមាន «ពួកគេ» ។
បើទោះបីជាបារាំងទាំងបុរស និងស្ត្រីបានបោះឆ្នោតឱ្យលោក Macron ដែលយល់ពីភាពខុសគ្នារវាងអ្នកស្នេហាជាតិ និងអ្នកជាតិនិយមបានយ៉ាងល្អក៏ដោយ។ ពួកគេនឹងបោះឆ្នោតឱ្យលោក Macron ជាថ្មីម្តងទៀតក្នុងការបោះឆ្នោតចុងក្រោយនៅថ្ងៃទី ៧ ខែឧសភា នៅពេលដែលគូប្រជែងរបស់លោកដែលជាបេក្ខជនមិនជ្រុលនិយមគឺលោកស្រី Marine Le Pen ប៉ុន្តែនៅក្នុងប្រកួតជុំនោះ ពួកគេនឹងមានការចូលរួមពីមហាជនស្ទើរតែទាំងអស់ដែលបានបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីដទៃទៀតនៅក្នុងជុំទីមួយ។ លោកស្រីជាអ្នកជាតិនិយម ចំណែកឯពួកគេគឺជាអ្នកស្នេហាជាតិ។
នៅអឺរ៉ុបវិញ ភាពជាតិនិយមវាទាក់ទងទៅនឹងអារម្មណ៍រួមជាមួយសង្រ្គាមដ៏មហន្តរាយ នៃសតវត្សចុងក្រោយនោះ ហើយការប្រកាន់ពូជសាសន៍ ជានិច្ចជាកាលវាទាក់ទងទៅនឹងការធ្វើឱ្យនឹកឃើញឡើងវិញនៃការសម្លាប់នៅក្នុងជំរុំរប់ពួក Nasi។ មិនមែនជនជាតិអឺរ៉ុបទាំងអស់សុទ្ធតែស៊ាំទៅនឹងទិដ្ឋភាពនយោបាយ និងជាតិនិយមដូចលោកស្រី Le Pen នៅបារាំងនោះឡើយ។
រឿងហេតុទាំងអស់នោះ វាមិនជាការជាក់ស្តែងនៅក្នុងរយៈពេលបួនខែកន្លងមកនេះទេ។ ក្រោយពីអង់គ្លេសបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបកាលពីខែមិថុនា លោក Trump ក៏ជាប់ឆ្នោតកាលពីខែវិច្ឆិកា អ្នកជាតិនិយមជ្រុលនៅអឺរ៉ុបជឿថា ក្តីប្រាថ្នារបស់ពួកគេនៅទីបញ្ចប់បានឈានមកដល់ ក៏ប៉ុន្តែអ្នកសង្កេតការណ៍ជាច្រើនបែរជាភ័យខ្លាចថា ពួកគេយល់នេះជាការត្រឹមត្រូវ។ ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហាក់ដូចជាជំហានដំបូងឆ្ពោះទៅរកការបែកបាក់នៃសហភាពអឺរ៉ុប ហើយសម្រាប់ការយល់ឃើញពីតំបន់ហូឡង់ទៅកាន់ប្រទេសអូទ្រីសវិញនោះ វាមានអារម្មណ៍ហាក់ដូចជាការប្រកាន់ពូជសាសន៍បានឈានមកដល់។
វាមិនមែន​ដូច្នេះ​ទេ។ សម្រាប់គណបក្សរបស់លោក Wilders ទទួលបានអាសនៈមួយចំនួនតូចប៉ុណ្ណោះក្នុងការបោះឆ្នោតកាលពីខែមុននៅប្រទេសហូឡង់ ហើយគណបក្សរបស់គាត់នៅតែទទួលបានអាសនៈភាគតិច។ លោកស្រី Marine Le Pen វិញមិនស្និទ្ធទៅរកទំនោរបែបជាប្រធានាធិបតីជាងឳពុករបស់លោកស្រីដែលមានទស្សនៈប្រកាន់ជាតិសាសន៍ជាចំហកាលពី ១៥ ឆ្នាំមុននោះឡើយ៖ ការបោះឆ្នោតរបស់គណបក្សរណសិរ្សជាតិមិនដែលទៅហួសពីកម្រិតពិដាន ២៥% ។ ហើយគណបក្សដែលមាននិន្នាការស្ដាំនិយម ប្រឆាំងនឹងអន្តោប្រវេសន៍ ប្រឆាំងនឹងសហភាពអឺរ៉ុបបានបាត់បង់មេដឹកនាំរបស់ខ្លួន ហើយបានបាត់បង់ការគាំទ្រ ១,៣ ពីមហាជននៅក្នុងខែកន្លងទៅនេះ។
រលកមហាជនដែលហាក់ដូចជាត្រូវបានគេមើលឃើញថា កំពុងតែបក់បោកវក់វីនៅក្នុងនយោបាយបស្ចឹមប្រទេស ដែលមិនត្រឹមតែជារលកនៅក្នុងប្លុកតូចមួយនោះទេ។ វាត្រូវគេស្គាល់សម្រាប់ជនជាតិអឺរ៉ុបថា ជាពាក្យសម្តីដើម្បីនិយាយទៅដល់ការកាត់បន្ថយបទដ្ឋានច្បាប់ចំពោះសេដ្ឋកិច្ច និងនយោបាយទីផ្សារក្រោយរបបប្រធានាធិបតីអាមេរិក ក៏ដូចជាក្រោយការដឹកនាំរបស់លោកស្រី Thatcher នៅអង់គ្លេស។
អស់រយៈពេល ២៥ឆ្នាំ នយោបាយនៅក្នុងប្លុកសហភាពអឺរ៉ុបនេះបានប្រកាន់យករបៀបនយោបាយទីផ្សារ សូម្បីតែមេដឹកនាំអាមេរិកពេលនោះមេដឹកនាំនៅអាមេរិកលោក Bill Clinton និងមេដឹកនាំអង់គ្លេសលោក Tony Blair ។ ជាលទ្ធផលដែលអ្នកនឹងសង្ឃឹមបាននោះគឺបានក្លាយទៅជាសេដ្ឋកិច្ចដែលមានកំណើនខ្ពស់ ហើយបានរីករាលដាលយ៉ាងលឿនរហូតដល់មហាសមុទ្ររវាងប្រទេសអ្នកមាន និងប្រទេសផ្សេងៗទៀត។​
ប្រទេសនៅបស្ចឹមប្រទេសមិនស៊ាំទៅនឹងនយោបាយបែបនេះទេ ក៏ប៉ុន្តែវាខុសខ្លាំងណាស់ពីប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបដូចជា កាណាដា និងនូវែលហ្សេឡង់។ ឥឡូវនេះភាពខុសប្លែកគ្នានៃប្រាក់ចំណូលចន្លោះពី ១% ដល់ ៩៩% បានរីកកាន់តែធំឡើងនៅចំកណ្តាលបេះដូងនៃប្លុកប្រទេសនេះ ដែលរឿងនយោបាយវក់វីកំពុងតែឈានមកដល់   ផ្ទះ។
ជាការឆ្លើយតបទាំងនៅអាមេរិក និងចក្រភពអង់គ្លេសមិនមែនជារឿងមហាជនពិតប្រាកដនោះទេ ចំពោះការស្តីបន្ទោសទៅលើការធ្លាក់ចុះនៃភាពមិនស្មើគ្នាចំពោះប្រាក់ចំណូល។ វាជាស្តង់ដារនយោបាយស្តាំនិយមនៅក្នុងរបៀបដឹកនាំបែបប្រជាប្រិយតាមរយៈការប្រើប្រាស់ ជាតិនិយម ដើម្បីទាញអារម្មណ៍ជនរងគ្រោះពីការពិតដែលថា រដ្ឋាភិបាលទាំងអស់នេះកំពុងតែបម្រើឱ្យអ្នកមាន៕
ប្រភព: Bangkok Post ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧

កម្ពុជាធ្វើជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ ប្រកបដោយភាពជោគជ័យ នៅខេត្តសៀមរាប

កិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលគយអាស៊ានទី២៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ដែលមានការចូលរួមពីរដ្ឋបាលគយអាស៊ានទាំង១០ និងរដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន រដ្ឋបាលគយកូរ៉េ, រដ្ឋបាលគយអូស្រ្តាលី ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប។
លោក គុណ ញឹម បានបញ្ជាក់ថា នេះជាកិត្តិយសរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ និងបានថ្លែងអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ព្រមទាំងលើកឡើងពី ជោគជ័យរបស់ប្រទេសអាស៊ានចាប់តាំងពីការបង្កើតនៅឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ២០១៧ ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្ម និងការលើកកម្ពស់ឧត្តមភាព ប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ដែលធ្វើឲ្យអាស៊ានបានក្លាយជាតំបន់សេដ្ឋកិច្ចលំដាប់ទី៦ ក្នុងពិភពលោក ហើយកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងភាពជោគជ័យរបស់អាស៊ាននេះ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ ដែលដឹកនាំដោយលោក នួន ច័ន្ទរិទ្ធ អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា បានបញ្ចប់ដោយរលូន និងជោគជ័យតាមការគ្រោងទុក។
ទន្ទឹមនេះ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ គណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦ ក៏បានប្រជុំពិគ្រោះយោបល់ ជាមួយគណៈប្រតិភូរដ្ឋបាលគយចិន ជប៉ុន កូរ៉េ និងអូស្រ្តាលី ដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ហើយបានពិគ្រោះយោបល់ ជាមួយតំណាងវិស័យឯកជនសំខាន់ៗ ចំនួនពីររួមមាន ទី១៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក និងទី២៖ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ បានសម្រេច និងឯកភាពលើការងារមួយចំនួនដូចខាងក្រោម៖
ទី១៖ ពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍគយ២០១៦-២០២០ ដែលអនុវត្តដោយក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។
ទី២៖ ជំរុញឲ្យប្រទេសអាស៊ាន ដែលនៅសេសសល់ ពន្លឿនរៀបចំនីតិវិធីផ្ទៃក្នុង ដើម្បីអនុវត្តតារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧ ដែលមាន៩៧ជំពូក នាពេលដ៏ខ្លីសមស្របខាងមុខ។
សូមបញ្ជាក់ថា កម្ពុជា និងប្រទេសសមាជិកអាស៊ានចំនួន៤ បាននិងកំពុងអនុវត្តតារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧។
ទី៣៖ ជំរុញឲ្យប្រទេសសមាជិកអាស៊ាន ដែលមិនទាន់បានចុះហត្ថលេខាលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់ (Protocol 2 on Designation of FrontierPosts) ពន្លឿននីតិវិធីផ្ទៃក្នុង សម្រាប់ចុះហត្ថលេខាដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ខ្លួន ក្នុងពេលសមស្របខាងមុខ។ ពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែន ឆ្លងកាត់ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន ចំនួន៧ប្រទេស រួចហើយក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី២១ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
ទី៤៖ ជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន ពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការផ្តល់សច្ចាប័នលើពិធីសារទី៧ ស្តីពីប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់៕២.ប្រធានបទសំខាន់ៗដែលនឹងលើកយកសម្រាប់វគ្គបណ្តុះបណ្តាលរួមមាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន វិធាននីតិវិធីតុលាការពិសេសទាក់ទងនឹងវិស័យបរិស្ថាន (តុលាការបរិស្ថាន) និងការស្វែងរក និងការពិនិត្យភស្តុតាងវិទ្យាសាស្ត្រ។ ដោយឡែកការប្រែប្រួលអាកាសធាតុ ការសឹករិចរិលនៃព្រៃឈើ ការកាប់បំផ្លាញព្រៃឈើ បទល្មើសព្រៃឈើ ការបាត់បង់ជីវៈចម្រុះផ្សេងៗ សេចក្តីព្រាងក្រមបរិស្ថាន … ក៏នឹងត្រូវបញ្ចូល ចែករំលែក និងបញ្ជ្រៀបដល់សិក្ខាកាមនៅក្នុងវគ្គបណ្តុះបណ្តាលទាំងនោះដែរ។ ៣.ធនាគារអភិវឌ្ឍន៍អាស៊ីនឹងអញ្ជើញអ្នកជំនាញការពីអង្គការ UNEP USEPA និងអង្គការផ្សេងៗមកចូលរួមជាគ្រូបង្គោលសម្រាប់វគ្គបណ្តុះបណ្តាលនេះផងដែរ។ ក្នុងកិច្ចការនេះដែរ ក្រុមមេធាវីវិស្ណុក៏នឹងជួយសហការផ្តល់ អ្នកជំនាញការសំខាន់ៗដែលបានចូលរួមក្នុងការរៀបចំតាក់តែងសេចក្តីព្រាងក្រមបរិស្ថានស្រាប់ ដើម្បីចូលរួមជាគ្រូបង្គោលផងដែរ។
៤.ក្រៅពីក្រសួងបរិស្ថាន និងក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសុខាភិបាល និងក្រសួងធនធានទឹក ក៏នឹងត្រូវអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះដែរ៕


កាកបាទក្រហមកម្ពុជាខេត្តសៀមរាប​ ប្រគល់ផ្ទះ​មនុស្សធម៌​ជូនចាស់ជរា​ក្រីក្រមួយ​គ្រួសារ​ និងអំណោយ​មួយចំនួនទៀត​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ផ្ទះមនុស្សធម៌ទី១២ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាខេត្ត និងសហការីប្រគល់ជូនលោកតា ស៊ឹម ហ៊ាន និងលោកយាយ មួន តាំង រស់នៅភូមិព្នៀត ឃុំជីក្រែង ស្រុកជីក្រែង រួមជាមួយអំណោយ និងថវិកាមួយចំនួនទៀត។
លោកតា ស៊ឹម ហ៊ាន មានអាយុ៧៦ ជាចាស់ជរាភ្នែកមើលមិនច្បាស់ ឯលោកយាយ មួន តាំង មានអាយុ៧៦ឆ្នាំ ដៃពិការទាំងពីរ រស់នៅអាស្រ័យដោយអ្នកជិតខាង និងគ្មានកូនចៅនឹងគេឡើយ។
ផ្ទះមនុស្សធម៌នេះ មានទំហំ៤ម៉ែត្រx៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៤ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ក្រោមការជួយឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
នេះជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកស្រីអនុប្រធាន និងសហការី ក៏បានប្រគល់អំណោយសង្កត់ផ្ទះ ជូនលោកយាយលោកតាមួយចំនួនផងដែរ រួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល។
សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល។ លើសពីនោះ ព្រះតេជគុណ អនុគណស្រុកជីក្រែង ក៏បានចូលរួមឧបត្ថមថវិកា ១០ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួន ជូនលោកតា និងលោកយាយទាំងពីរ ព្រមទាំងថវិកា ២០ម៉ឺនរៀល សម្រាប់ជូនលោកយាយ លោកតា ដែលបានអញ្ជើញចូលរួមផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានពលករហ្វីលីពីនប្រមាណ៨ពាន់នាក់កំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា​ មាន​ពលករហ្វីលីពីនប្រមាណ៨ពាន់នាក់កំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា។​ លោក បាន​ថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង​ពិធីប្រគល់ស​ញ្ញា​បត្រដល់និស្សិត នៃសាកលវិ​ទ្យា​ល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ​ប្រទេសហ្វីលីពីនជាប្រទេសដែលមានចំនួន​ពល​ករ​​ច្រើនជាងគេ ដែលនាំចេញនូវពលករទៅគ្រប់ទីន្លែង។ ជាក់ស្តែងនៅពេលដែលប្រធានាធិ​បតីហ្វីលីពីន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មានពលករហ្វីលីពីនចំនួន ប្រមាណ៨ពាន់នាក់ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពលករខ្មែរដែលបម្រើការងារនៅក្រៅប្រ​ទេស ក៏មិនត្រឹមតែជាកម្មករ កម្មការិនីនោះទេ គឺមានរហូតដល់អ្នកបច្ចេកទេស បុគ្គលិក​ស្ថា​ប័ន​អន្តរជាតិ រួមទាំងធ្វើការនៅអង្គការសហប្រជាជាតិផងដែរ។ លោក ហ៊ុន សែន  អំពាវ​នាវ​ឱ្យពលករខ្មែរទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់យើងដើម្បីឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន៕



សង្ឃឹម​ទៅលើ​បារាំង​ដើម្បី​ជួយ​សង្គ្រោះ​​​​​​​​សហភាព​​អឺរ៉ុប

ថ្ងៃទី៧ ខែឧសភា នឹងមកដល់ មានអ្នកបោះឆ្នោតបារាំងចំនួន ៤៦ លាននាក់នឹងជួយសង្គ្រោះ សហភាពអឺរ៉ុបចេញពីការបែកបាក់គ្នាបន្ថែមទៀត។​ ពួកគេនឹងដើរតួនៅក្នុងស្មារតីសាមគ្គីភាពដ៏ពិប្រាកដរបស់អឺរ៉ុប ភាពស្និទ្ធស្នាល ហើយនិងសេរីភាព។
បន្ទាប់ពីការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតប្រធានាធិបតី ដែលបានបង្ហាញកាលពីចុងសប្តាហ៍មុននេះ វាហាក់ដូចជាស្តែងឡើងថា បេក្ខជននិយមកណ្តាលលោក Emmanuel Macron អាយុ ៣៩ ឆ្នាំរូបនេះនឹងទទួលតំណែងជំនួសលោក Frances Hollande ជាប្រធានាធិបតី។ គូប្រជែងរបស់គាត់តែមួយគត់គឺលោកស្រី Marine Le Pen ជាអ្នកជាតិនិយមប្រកាន់ស្តាំ ហើយឥឡូវនេះកំពុងសង្ឃឹមថា នឹងទទួលបានការគាំទ្របន្ថែមទៀតសម្រាប់ការប្រកួតជុំទីពីរនៃការបោះឆ្នោត ប៉ុន្តែអ្នកបោះឆ្នោតទំនងជាមិនឆោតល្ងង់នៅខណៈនេះទេ ដោយសារតែវាធ្វើឱ្យមានជម្រើសរបស់ខ្លួនរវាងគូប្រជែងទាំងពីរនេះដើម្បីដឹកនាំប្រទេសបារាំង។
ទោះបីជាបេក្ខជនណាមួយឈ្នះក៏ដោយ ជាគាត់ ឬលោកស្រីនឹងដើរតួនាទីជាប្រវត្តិសាស្រ្តដែលគេអាចធ្វើឱ្យអឺរ៉ុបរួបរួមគ្នា ឬបែកបាក់។ មានការបាក់បែកយ៉ាងខ្លាំងនៅក្នុងមតិសាធារណៈ រវាងជនជាតិបារាំងរស់នៅតាមតំបន់ជនបទ និងទីប្រជុំជន។ លោក Macron ចង់ឱ្យបារាំងបន្តស្ថិតនៅក្នុងសហភាពអឺរ៉ុប ហើយបន្តិចម្តងៗដើម្បីស្វែងរកការធ្វើវិសោធនកម្មចំពោះច្បាប់ និងបទ      ប្បញ្ញត្តិមួយចំនួន ខណៈពេលដែលលោកស្រី Le Pen ចង់ឱ្យបារាំងចេញពីសហភាពអឺរ៉ុប។
មួយផ្នែកធំនៃអ្នកបោះឆ្នោតមិនយល់ព្រមទៅនឹងទស្សនៈថា បារាំងមិនអាចរស់នៅតែម្នាក់ឯងនៅក្នុងទ្វីបអឺរ៉ុបនេះបានទេ។ ការឡើងកម្រិតខ្ពស់នៃភាពជាតិនិយមហាក់ដូចជារឿងរ៉ាវកើតមាននៅគ្រប់កន្លែងទាំងអស់នៅពេលបច្ចុប្បន្ននេះ។
គណបក្សថ្មីៗបានលេចមុខឡើងនៅទូទាំងទ្វីបអឺរ៉ុប ព្រមទាំងដាក់ចេញនូវរបៀបវារៈបែបជ្រុល និយមដែលនាំឱ្យមានការពាក់ព័ន្ធទៅនឹងការបោះបង់សហភាពអឺរ៉ុប និងការលើករបាំងចំពោះអន្តោប្រវេសន៍ ក៏ដូចជាសកលភាវូបនីយកម្ម។
វាត្រូវបានគេទទួលស្គាល់ថា ក្រោយពី ៧ ទសវត្សរ៍កន្លងមក សហភាពអឺរ៉ុបបានបង្ហាញខ្លួនថា ជាស្ថាប័នមួយដែលមានការិយាធិបតេយ្យច្រើនហួសហេតុពេក ហើយពេលខ្លះមិនអើពើទៅនឹងការពិតជាក់ស្តែង ហើយផ្លាស់ប្តូរគោលជំហរ។ ស្ថាប័នសហភាពអឺរ៉ុបនេះ វាគឺជាស្ថាប័នធ្វើការតាមបញ្ជាពីលើចុះក្រោមដែលជួយពន្យល់អំពីទស្សនៈនៃការប្រឆាំងអឺរ៉ុប ក៏ដូចជាទស្សនៈដែលប្រឆាំងទៅនឹងសកលភាវូបនីយកម្ម។
សម្រាប់អ្នកបោះឆ្នោតបារាំងជាច្រើន សាររបស់លោកស្រី Le Pen បានធ្វើឱ្យចំចំណុចរសើបតែម្តង ដូចលោក Trump អញ្ចឹង។ លោកស្រីបានដឹងពីរបៀបក្នុងការប្រាស្រ័យទាក់ទង និងរបៀបដើម្បីទទួលការគាំទ្រពីមហាជនតាមរយៈការសន្យារបស់គាត់។ លោកស្រីបានប្រកាសបន្ទាប់ពីជ័យជម្នះជុំទីមួយរបស់លោកស្រី ហើយនិយាយថា វាដល់ពេលដើម្បីជួយសម្រួលវណ្ណៈវរជននៅក្នុងការគ្រប់គ្រងផ្នែកនយោបាយរបស់ខ្លួន។ ទោះបីជាការយល់ឃើញដូច្នេះត្រឹមត្រូវក៏ដោយ គោលដៅដែលនិយាយនោះគឺវាងាយស្រួលជាងការដែលសម្រេចបានផ្ទាល់។ លោក Trump បាននិយាយដូចគ្នាអំឡុងពេលយុទ្ធនាការរបស់គាត់ ប៉ុន្តែផ្ទុយពីនេះទៅវិញគាត់បានបង្កើតរដ្ឋបាលរបស់គាត់ដោយមានក្រុមគ្រួសារនៅជាមួយ និងមិត្តភកិ្តដែលមានលុយច្រើន។ តើវាជាការធានាថា លោកស្រី Le Pen នឹងមិនធ្វើដូចគ្នាទៅនឹងលោក Trump នោះ?
វាក្លាយទៅជារឿងធម្មតាទៅហើយ នៅក្នុងយុគសម័យដែលការពិតបានកើតឡើងក្រោយមក ដើម្បីនិយាយថា អ្វីដែលកើតនៅក្នុងចិត្ត និងមិនគោរពចំពោះផលវិបាកដែលកើតមានឡើងហើយជាការអាចធ្វើឱ្យប៉ះពាល់ដល់អ្នកនោះនៅពេលដែលលទ្ធផលចុងក្រោយចេញមក។ នៅពេលដែលប្រឈមមុខតថភាពដ៏លំបាក ដែលធ្វើឱ្យមានការផ្លាស់ប្តូរនៅស្ថានភាពណាមួយនោះ ការផ្តល់ឱ្យមាននូវការលាកល្បង និងព្យាយាមបានក្លាយទៅជាលេសមួយ។ គ្មាននរណាម្នាក់នឹងខ្វល់អំពីរឿងនោះ ហើយបើសិនជាគេខ្វល់ក៏មិននៅយូរដែរ។ វាជាល្បែងមួយដែលលោក Trump បានជោគជ័យ។
អ្នកបោះឆ្នោតបារាំងនឹងត្រូវតែធ្វើការវិនិច្ឆ័យដោយយកចិត្តទុកដាក់បំផុត ចំពោះការបោះឆ្នោតខែក្រោយនេះ។ តើពួកគេចង់សាកល្បង ហើយជួយសង្គ្រោះប្រទេសរបស់ពួកគេ តាមរយៈការដកខ្លួនថយចេញពីអឺរ៉ុបមែនឬ? បើសិនជាដូច្នេះមែន ពួកគេនឹងរងការឈឺចាប់បន្ថែមទៀត ដោយសារតែបារាំងវានៅកៀកជាមួយនឹងទ្វីបនេះជាងប្រទេសអង់គ្លេស៕
ប្រភព : The Nation ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧

​​​​​​​​​​​​​​​​​​​តើ​សហ​រដ្ឋ​អា​មេ​រិក និង​កូរ៉េ​ខាង​ជើង​កំពុង​តែ​ឈាន​ទៅ​រក​ជម្លោះឬ?

បើ​យោង​តាម​សេត​វិ​មាន​បាន​ឱ្យ​ដឹង​ថា ក្រុម​នា​វា​ពិ​ឃាត​របស់​សហ​រដ្ឋ​អា​មេ​រិក USS Carl Vinson នឹង​មក​ដល់​ក្នុង​ដែន​ទឹកឧ​ប​ទ្វីប​កូរ៉េ​​នា​សប្តាហ៍​នេះ។ សារបាន​បញ្ចេញ​ឱ្យ​​ដឹង​ថា៖ សហ​រដ្ឋ​អា​មេ​រិក​នឹង​មិន​អត់​ធ្មត់​ចំពោះ​ការ​ធ្វើ​តេស្ត​សាក​ល្បងមី​ស៊ីល ឬ​អាវុធ​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ត​ទៅ​ទៀត​ទេ។
ប៉ុន្តែ​តាម​ការ​ឆ្លុះ​បញ្ចាំង​នូវ​ឯក​សារមួយ​ចំនួន​​ដែល​បាន​ប្រ​កាស​ជា​សាធារ​ណៈ​​នា​ពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា កង​នា​វា​ចម្បាំង​របស់​ប្រ​ធា​នា​ធិប​តី Donald Trump ដូច​ដែល​គាត់​បាន​រៀប​រាប់​នោះ អាចជា​ការ​​​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​នុយ​ក្លេ​អ៊ែរ ឬ​សកម្ម​ភាព​មួយ​ចំនួន​ទៀត​ដែល​បង្ក​ហេតុ​ដល់​ទី​ក្រុង​វ៉ា​ស៊ីន​តោន។
បើ​យោង​តាម​ទីភ្នាក់​សារ​ព័ត៌​មាន Reuters បាន​ឱ្យ​ដឹង​ថា សារ​ព័ត៌​មាន​រដ្ឋ Rodong Sinmun បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ «​តៀម​ខ្លួន​ប្រ​យុទ្ធ​ដើម្បី​បាញ់​ពន្លិច​នាវា​ដឹក​យន្ត​ហោះ​ចម្បាំង​ដែល​ប្រើ​ថាម​ពល​នុយ​ក្លេ​អ៊ែរ​របស់​សហ​រដ្ឋ​អា​មេ​រិកតែ​មួយ​គ្រាប់​ប៉ុណ្ណោះ»។
មួយ​សប្តាហ៍​ ឬ​ក៏​មុន​ពេល​នោះ​ ខណៈ​ដែល​សេត​វិ​មាន និង​មន្ទីរ Pentagon បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុ​ម​នា​វា​ពិ​ឃាត​បាន​តៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ឧ​បទ្វី​ប​កូរ៉េ ខណៈដែល​​អនុ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង​ លោក Han Song-ryol បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន AP  នៅ​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ថា ទី​ក្រុង​ព្យុង​យ៉ាង​នឹង​មិន​អង្គុយ​​ឱប​ដៃទេ​​ក្នុង​ការ​ប្រ​ឈម​ជា​មួយ​នឹង​ការ​វាយ​ប្រ​ហារ​ការ​ពារខ្លួនជា​​មុន​របស់​អា​មេ​រិក​។
ការ​លើក​ឡើង​ស្រដៀង​គ្នា​អាច​ត្រូវ​បាន​គេ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​អតី​ត​កាល​ កាល​ពីថ្ងៃ​ទី​១៦ ​ខែ​មេ​សា ឆ្នាំ១៩៦៩ គឺ​ជា​ថ្ងៃដែល​​បន្ទាប់​ពីកូរ៉េ​ខាង​ជើង​បាន​បាញ់​ទម្លាក់​យន្ត​ហោះ​ឈ្លប​យក​ការ​ណ៍​របស់​អា​មេ​រិក​នៅ​ក្នុង​ដែន​ទឹក​នៃ​ឧ​ប​ទ្វីប​កូរ៉េ​ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់​ចំនួន​៣១ នាក់ ​ដែល​ជិះ​នៅ​លើ​យន្ត​ហោះ​នោះ។
រដ្ឋ​មន្រ្តី​ការ​បរ​ទេស​កូរ៉េ​ខាង​ជើង លោក Pak Seong-cheol បាន​និយាយ​ថា «​វា​ជា​ការ​ល្អ​ណាស់​សម្រាប់​អា​មេ​រិក​ដែល​ដឹង​ថា យើង​នឹង​មិន​អង្គុយ​ឱប​ដៃ​នោះ»។
បើ​យើង​តាម​ឯក​សារ​ពី​បណ្ណសារ​សូវៀត​ដែល​បាន​បរិ​ច្ចាក​ទៅ​ឱ្យ​មជ្ឈ​មណ្ឌល Wilson Center ដោយ​សាកល​វិទ្យា​ល័យ Kyungnam បាន​ឱ្យ​ដឹង​ថា​ លោក Pak បាន​និយាយ​ជា​មួយ​នឹងលោក​​ N.G. Sudarikov ដែល​ជា​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សូវៀត​ប្រ​ចាំ​កូរ៉េ​ខាង​ជើង។​
លោក Pak បានបន្ត​ថា «​ប្រ​សិន​បើ​យើង​អង្គុយ​ឱប​ដៃ នៅ​ពេល​អ្នក​ដែល​បំពានរំលោភ​ចូល​ក្នុង​ដែន​របស់​យើង យន្តហោះពីរ​គ្រឿង​នឹង​បង្ហាញ​ខ្លួន បន្ទាប់​មក​មាន​បួនទៅប្រាំគ្រឿង​ទៀត។ នេះ​នឹង​នាំ​ឱ្យ​មាន​ការ​កើន​ឡើងឈាន​​ដល់​ភាព​គ្រោះ​ថ្នាក់​នៃ​សង្រ្គាម។ ប៉ុន្តែ​ការ​បដិសេធ​ដ៏​ម៉ឺង​ម៉ាត់​ត្រូវ​បាន​គេ​ធ្វើ​ឡើង បន្ទាប់​មក​ស្ថាន​ភាព​នេះ​នឹង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​ផ្ទុះ​សង្រ្គាម​ឡើង»។
លោក Van Jackson ដែល​ជា​អ្នក​វិទ្យា​សាស្រ្ត​នយោ​បាយ​ និង​ជាអតីត​​អ្នក​រៀប​ចំ​យុទ្ធ​សាស្រ្តគោល​នយោ​បាយ​របស់​កូរ៉េ​នៅ​ឯ​​មន្ទីរ Pentagon បាន​វិភាគ​ថា ការ​សន្ទនានេះ និងការ​សន្ទនាផ្សេង​ទៀត​ដែលចុះ​ផ្សាយ​នៅ​ក្នុង​​អត្ថ​បទ​មួយ​នា​ពេល​ថ្មីៗ​នេះសម្រាប់​ blog របស់​មជ្ឈ មណ្ឌល​ Wilson Center។
លោក Jackson បាន​សរសេរនៅ​ក្នុង​ឯក​សារ​​ដែល​និយាយសំដៅ​ទៅ​ដល់​រឿង​មួយ​ចំនួន៖
ប្រ​ទេស​កូរ៉េ​ខាង​ជើង​ជឿថា កងកម្លាំង​យោ​ធា​មាន​តម្លៃ​ជា​នយោ​បាយ ហើយ​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ដែល​ចេញ​មក​ពី​ភាព​មិន​ធ្ងន់​ធ្ងរ​នោះ ក៏​ដូច​ជា​ការ​បង្ក​បញ្ហា​ដើម្បី​ទប់​ទល់​ការ​ឈ្លាន​ពាន​របស់​អា​មេ​រិក ហើយ​​ការ​សង​សឹក​វិញនៅ​ពេល​ដែល​មាន​ការ​វាយ​ប្រ​ហារ​ដែល​ជាការ​ចាំ​បាច់ ដើម្បី​រក្សា​បាន​នូវ​ការ​ទប់​ទល់​ដែល​ជឿ​ទុក​ចិត្ត​បាន៕​​
ប្រភព: The Diplomat

ទស្សនៈ៖ ការពិនិត្យមើលថាតើចិនពិតជាមើលឃើញសង្រ្គាមថាអាចនឹង​កើតឡើង​ដោយរបៀបណា​ ពេលដែលភាព​តានតឹងបានកើន​ឡើងនៅ​កូរ៉េខាងជើង​

វាជារឿងគួរឲ្យភ្ញាក់ផ្អើលពេលដែលការនិយាយប្រៀបធៀបអំពីសង្រ្គាមមានលក្ខណៈ ជាក់ស្តែង។ នៅថ្ងៃទី ១៤ ខែ មេសា ថ្ងៃដ៏ស្រស់ស្អាតនៅក្នុងខេត្តស្វ័យតរបស់ចិនជាប់ព្រំដែនកូរ៉េខាងជើងឈ្មោះ Yanbian Korean Autonomous Prefecture ត្រូវបានបំផ្លាញដោយដុំពពក ខ្មៅដ៏ធំ ភ្លៀងផ្គរ និងរន្ទះជាច្រើន។ អាកាសធាតុដ៏កាចសាហាវមួយរំពេចនេះបានកើតឡើងស្របនឹងការមកដល់នៃពាក្យចរចាមអារាមថា យោធារបស់សហរដ្ឋអាមេរិកអាចនឹងវាយប្រហារមុនមិនឲ្យមានការតដៃទាន់លើកូរ៉េខាងជើង។
ពេលដែលភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងនៅក្រៅតូបលក់សៀវភៅមួយ អ្នកលក់សៀវ ភៅម្នាក់នៅ Yanji បានសួរខ្ញុំថាតើខ្ញុំគិតថានៅថ្ងៃទី ១៥ ខែមេសានឹងមានសង្រ្គាមផ្ទុះឡើងនៅឧបទ្វីបនេះឬ ហើយនោះមានន័យថា ចិននឹងដោះស្រាយជាមួយរដ្ឋាភិបាលនៅជាប់ព្រំដែន ដែលនៅក្រោមការត្រួតត្រារបស់កូរ៉េខាងត្បូងឬ? ខ្ញុំចង់ប្រាប់គាត់ថាសង្រ្គាមនៅឧបទ្វីបកូរ៉េនឹងនាំឲ្យមានសំលាប់រង្គាលដ៏ធំមួយ ប៉ុន្តែខ្ញុំគិតថាយកល្អកុំនិយាយ ហើយក៏បានចេញដំណើរទៅ Shenyang ភ្លាមៗ។
ផលប៉ះពាល់លើប្រទេសចិន ទោះក្នុងសេណារីយ៉ូណាក៏ដោយជាសង្រ្គាមធម្មតា ឬជាសង្រ្គាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺមានលក្ខណៈធ្ងន់ធ្ងរ។ ហើយទោះបីជាមានការពិភាក្សាគ្នា រាប់សិបម៉ោងលើបញ្ហានេះរវាងមេដឹកនាំ និងមន្រ្តីចិន និងសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏គេមិនមានព័ត៌មានច្រើនចេញពីព្រឹត្តិការណ៍ទាំងនេះដែរ ដែលអាចជួយឲ្យយើងយល់ដឹងអំពីជម្រើសនានារបស់ចិននៅក្នុងសេណារីយ៉ូដ៏អាក្រក់នេះ។
នៅក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង តើអ្នកយុទ្ធសាស្រ្ត និងអ្នកផ្តល់គំនិតរបស់ ចិនចាត់ទុកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង (រួមទាំង ជប៉ុន) ថាជាបញ្ហាចម្បង ហើយក្រុងព្យុងយ៉ាងជាទ្រព្យមួយដែលត្រូវគ្រប់គ្រងឬ? ឬក៏ ក្រុងព្យុងយ៉ាងគឺជាជនល្មើសដ៏ធំមួយក្នុងការបង្កឲ្យមានភាពតានតឹងជាថ្មីរហូតដល់ជិតផ្ទុះសង្រ្គាមឬ?
នៅក្នុងការវាយតម្លៃលើសេចក្តីថ្លែងការណ៍របស់ចិនស្តីពីកូរ៉េខាងជើង យើងត្រូវមើលឲ្យ ហួសពីសេចក្តីថ្លែងការណ៍ និងការផ្តល់ព័ត៌មានដល់អ្នកការសែតនៅក្រសួងការបរទេសចិន និង បទវិចារណកថារបស់កាសែត Global Times ។ អត្ថបទនិពន្ធរបស់បណ្ឌិតសភាសន្តិសុខ នៅក្នុងប្រទេសចិនអាចផ្តល់នូវការវាស់ស្ទង់មួយដ៏ល្អលើបញ្ហានេះ។
ទំនាក់ទំនងជាមួយកូរ៉េខាងជើងគឺមានភាពរសើបខ្លាំងនៅពេលនេះ ជាអ្វីមួយដែលខ្ញុំដឹង ដោយខ្លួនឯងពេលដែលការពិភាក្សារបស់ខ្ញុំ ស្តីពីសង្រ្គាមកូរ៉េត្រូវបានលុបចោលដោយសកល វិទ្យាល័យរបស់ខ្ញុំនៅទីក្រុងសៀងហៃ ប៉ុន្តែ បណ្ឌិតមួយចំនួន ដែលត្រូវបានអនុញ្ញាតឲ្យធ្វើការប្រកាសជាសាធារណៈលើបញ្ហានេះគឺមានការចាប់អារម្មណ៍ច្រើនជាង។
ឧត្តមសេនីយ៍ចូលនិវត្តន៍នៃកងទ័ពរំដោះប្រជាជនចិនលោក Wang Haiyun បានផ្តល់ឲ្យ កូរ៉េខាងជើងនូវសេចក្តីសុខតិចតួចនៅក្នុងអត្ថបទនិពន្ធរបស់លោកសំរាប់កាសែត National Defense Times នៅថ្ងៃទី ២៧ ខែមីនា ដែលនៅក្នុងនោះលោកបានកត់សំគាល់ថា ការប៉ុនប៉ង របស់ចិនក្នុងការដោះស្រាយស្ថានការណ៍នេះដោយសន្តិវិធីមិនបានចាក់ឫសជ្រៅឡើយ ព្រោះថា “ទោះបីជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឬ កូរ៉េខាងជើងក៏ដោយ គ្រោះថ្នាក់នៃសង្រ្គាម មួយ ដែលផ្ទុះឡើងគឺមានទំហំធំធេងណាស់។”
ការព្រួយបារម្ភដ៏ចម្បងរបស់លោក Wang គឺថាចិនត្រូវត្រៀមរៀបចំជាបន្ទាន់សំរាប់សង្រ្គាមដ៏ធំមួយនៅក្នុង និងនៅជុំវិញកូរ៉េ ការត្រៀមរៀបចំនេះរួមមានការចល័តកងអង្គភាព អាវុធប្រឆាំងគីមីទៅកាន់តំបន់ជាប់ព្រំដែន។ លោក Wang នៅតែព្រួយបារម្ភអំពីកាកសំណល់ ឬចំហាយនុយក្លេអ៊ែរពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រ ឬតំបន់បាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងចូលទៅក្នុងតំបន់ជាប់ព្រំដែនចិន ដែលនឹងប៉ះពាល់ដល់ស្ថិរភាពសង្គម និងមានឥទ្ធិពលអវិជ្ជមានលើបរិស្ថានសន្តិសុខរបស់ចិន។
គួរឲ្យភ្ញាក់ផ្អើលជាងគេនោះគឺថា លោក Wang បានអំពាវនាវឲ្យ “បង្កើតជំរុំជនភៀសខ្លួនអន្តរជាតិមួយចំនួននៅក្នុងកូរ៉េខាងជើងដើម្បីទប់ស្កាត់ជនភៀសខ្លួនកុំឲ្យចូលក្នុងប្រទេសចិន។”  ជំហរយោធារបស់លោក Wang ចំពោះសហរដ្ឋអាមេរិកត្រូវបានគេដឹងច្បាស់ ប៉ុន្តែ ការគិតថ្លឺង ថ្លែងដោយចំហរបែបនេះអំពីភាពគ្មានន័យនៃអធិបតេយ្យភាពរបស់កូរ៉េខាងជើងគឺជារឿងថ្មីមួយ។
មិនសូវគ្រោធគ្រាត និងច្រឡោតដូចលោក Wang លោក Niu Jun ដែលជាប្រវត្តិវិទូនៅ សកលវិទ្យាល័យប៉េកាំង និងជានាយករងនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិបានរិះគន់ចំៗលើកូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយទស្សនាវដ្តី Southern Window លោក Niu បាននិយាយសំរាលដល់ឥទ្ធិពលបង្កអស្ថិរភាពដែលគេបានចោទប្រកាន់ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump  លើនយោបាយការបរទេសរបស់ក្រុងវ៉ាស៊ីនតោន ចំពោះឧបទ្វីបកូរ៉េ។ ទោះយ៉ាងណា គេឃើញមានការគាំទ្ររួចទៅហើយរបស់គណបក្សនយោបាយទាំងពីរនៅក្នុងរដ្ឋសភាលើជំហរសន្តិសុខដ៏ខ្លាំងក្លារបស់សហរដ្ឋអាមេរិកនៅក្នុង តំបន់ប៉ាស៊ីហ្វិក ដែលជាការណ៍ពិតមួយត្រូវបានបញ្ជាក់ច្បាស់ជាថ្មីដោយទស្សនកិច្ចរបស់លោក Mike Pence មកកាន់តំបន់នេះ។
ការដាក់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅ Guam ការរៀបចំកងកំលាំងពិសេស និងការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងគឺសុទ្ធតែជាវិធីសាស្រ្ត ដែលបានប្រើប្រាស់ដោយរដ្ឋបាលមុនៗរបស់សហរដ្ឋអាមេរិក។
មានការស្តីបន្ទោសខ្លាំងលើកូរ៉េខាងជើងចំពោះវិបត្តិនុយក្លេអ៊ែរ ដែលកំពុងកើតមាន ដោយសារកូរ៉េខាងជើងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ លោក Niu បានកត់សំគាល់បន្ថែមទៀតថា សន្តិសុខរបប (ពោលគឺ ការរស់រាន និងការបន្តឧត្តមភាពនៃគ្រួសារត្រកូល គីម) គឺកាន់តែមានសារៈសំខាន់ជាងសន្តិសុខរដ្ឋនៅកូរ៉េខាងជើង។ ដូចប្រវត្តិវិទូលោក Shen Zhihua លោក Niu Jun ហាក់ដូចជាទទួលស្គាល់លទ្ធភាពដែលថាកូរ៉េខាងជើងអាចក្លាយជាសត្រូវរបស់ចិន។
លោក Niu និងលោក Shen បានរំលឹកយើងថា ការអះអាងណាមួយនៅក្នុងបណ្តាញ សារព័ត៌មានរដ្ឋចិន ដែលគត់សំគាល់ថាកូរ៉េខាងជើងគួរតែពេញចិត្តចំពោះការធានារបស់ក្រុង ប៉េកាំងលើសន្តិសុខរបស់ខ្លួនគឺមានសុទិដ្ឋិនិយមហួសហេតុ និងមិនមានលក្ខណៈប្រាកដនិយម។ ចំពោះកូរ៉េខាងជើង គ្មានការធានាសន្តិសុខនៅខាងក្រៅណាមួយធ្វើឲ្យខ្លួនពេញចិត្តនោះ ឡើយ ហើយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននឹងបន្តទៅមុខជានិច្ច។
ពពកសង្រ្គាមបានរសាត់បាត់ទៅនៅលើឧបទ្វីបកូរ៉េ ពេលដែលក្រុងព្យុងយ៉ាងបានសម្រេចជ្រើសរើសយកការដង្ហែរក្បួនជាជាងការបំផ្ទុះនុយក្លេអ៊ែរនៅក្រោមដីនៅថ្ងៃទី ១៥ ខែ មេសាកន្លងទៅនេះ។ ប៉ុន្តែ ពន្លឺថ្ងៃត្រូវបានបិទបាំងភ្លាមៗ ហើយនៅក្នុងការគិតគូរអំពីជម្រើស ជាយុទ្ធសាស្រ្ត និងដាក់ការស្តីបន្ទោស រដ្ឋចិននឹងធ្វើការសន្និដ្ឋានពីទស្សនៈ និងបទវិភាគនានា ដែលបង្ហាញអំពីសញ្ញាខឹងសម្បារកាន់តែខ្លាំងលើក្រុងព្យុងយ៉ាង៕
ប្រភព៖ South China Morning Post ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៧

គណៈកម្មាការជាតិអេស្កាប់ ចែករំលែកបទពិសោធន៍ក្នុងការកែទម្រង់វិស័យសាធារណៈ ជាមួយអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវ មកពីប្រទេសចំនួន១០

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានចូលរួមក្នុងសន្និសិទស្តីពី កំណែទម្រង់សាធារណៈ សម្រាប់ការអភិវឌ្ឍជាតិ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ នៃការកែទម្រង់លើវិស័យសាធារណៈ ជាមួយអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ មកពីប្រទេសចំនួន១០ទៀត។

សន្និសិទនេះ ធ្វើឡើង នៅសណ្ឋាគារសុខា ដែលគណៈកម្មាធិការជាតិអេស្កាប់ (គណៈកម្មាធិការជាតិសម្រាប់សេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក) សហការជាមូយវិទ្យាស្ថានស្រាវជ្រាវកូរ៉េរបស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី និងការិយាល័យគណៈកម្មការអភិវឌ្ឍវិស័យសាធារណៈ នៃប្រទេសថៃ ដោយមានការចូលរួមជាអ្នកតាក់តែងគោលនយោបាយជាន់ខ្ពស់ និងអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ មកពីប្រទេសចំនួន១០ រួមមាន កម្ពុជា អូស្រ្តាលី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។

សន្និសិទនេះ មានគោលបំណងសំខាន់ គឺដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ នៃការកែទម្រង់លើវិស័យសាធារណៈ ដើម្បីជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ នាពេលបច្ចុប្បន្ន និងពេលអនាគត ដោយផ្តោតលើកម្មវត្ថុសំខាន់៣៖
១.ពិភាក្សាអំពីគោលនយោបាយកំណែទម្រង់ និងដំណើរការ អនុវត្តដែលធ្វើឡើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូង និងតំបន់អាស៊ីអាគ្នេយ៍។
២.ចែករំលែកបទពិសោធន៍ និងសារសំខាន់ នៃគោលនយោបាយសម្រាប់កំណែទម្រង់ ក្នុងពេលអនាគត។ ៣.ពង្រីកបណ្តាញស្រាវជ្រាវជាយុទ្ធសាស្រ្ត រវាងស្ថាប័នសាធារណៈ និងអ្នកស្រាវជ្រាវ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសកូរ៉េខាងត្បូង។
នៅក្នុងអង្គសន្និបាទ លោកទេសរដ្ឋមន្ត្រី លី ធុជ ក៏បានជម្រាបដល់អង្គសន្និបាទ អំពីការខិតខំប្រឹងប្រែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យជាច្រើននៅកម្ពុជាដូចជា ក្នុងវិស័យកងទ័ព ការផ្តល់សេវាសាធារណៈ អភិបាលកិច្ចល្អ និងការប្រឆាំងនឹងអំពើពុករលួយ ដោយកម្ពុជាបង្កើតអង្គភាពប្រឆាំងអំពើពុករលួយ ជាស្ថាប័នឯករាជ្យមួយ ដើម្បីជំរុញឲ្យសង្គមទាំងមូល ចូលរួមអនុវត្តវប្បធម៌ធុរកិច្ចស្អាតស្អំ គោរពច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យសមាជិក-សមាជិកា នៃអង្គសន្និបាទទាំងអស់ ត្រូវខិតខំពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យអង្គសន្និបាទទទួលបានផ្លែផ្កាដូចការរំពឹងទុក៕



លោកឧបនាយករដ្ឋមន្ត្រី ស ខេង អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល​ និងអគារសាលប្រជុំ​ សាលាក្រុង​ សាលាស្រុក​ ចំនួន៣៥ ​នៃខេត្តចំនួន១៨​

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងអគារសាលប្រជុំ សាលាក្រុង សាលាស្រុក ចំនួន៣៥នៃខេត្តចំនួន១៨ ដែលសាងសង់ក្រោមឥណទាន សម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ។

នៅក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត អង្គការដៃគូរពាក់ព័ន្ធ ដូនជី តាជី លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕



លោក ហ៊ីង ប៊ុនហៀង អញ្ជើញសម្ពោធសាលាមេគណខេត្តតាកែវ និងសមិទ្ធផលនានាក្នុងវត្តតុំ ​និងជួប​សំណេះសំណាល​ មន្ត្រីរាជការ​ ប្រជាការពារ​ លោកគ្រូអ្នកគ្រូ​ ក្នុងក្រុង​ដូនកែវ​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ លោក ហ៊ីង ប៊ុនហៀង តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុងពិធីសម្ពោធសាលាមេគណខេត្តតាកែវ និងសមិទ្ធផលនានានៅក្នុងវត្តតុំ និងជួបសំណេះសំណាល មន្ត្រីរាជការ ប្រជាការពារ លោកគ្រូអ្នកគ្រូ ស្ថិតក្នុងក្រុងដូនកែវ។
លោកបានមានប្រសាសន៍ទៀតថា សមិទ្ធផលនានាទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងសាលាមេគណខេត្តតាកែវ និងសមិទ្ធិផលនានាក្នុងវត្តតុំ និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាការពារ និង លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ ជាង១៣០០នាក់ ស្ថិតក្នុងសង្តាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
លោក ហ៊ីង ប៊ុនហៀង បានបន្តថា នៅប្រទេសណាក៏ដោយ នៅពេលប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយល្អហើយ យើងចង់កសាង និងអភិវឌ្ឍន៍អ្វីៗនៅក្នុងប្រទេសក៍អាចដំណើរការបានយ៉ាងងាយស្រួលរលូនដែរ រួមទាំងការបណ្ដាក់ទុកវិនិយោគបរទេសលើគ្រប់វិស័យ ក៏ដូចជាកំណើនរបស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាក្នុងប្រទេសជាដើម។ ផ្ទុយទៅវិញបើប្រទេសមួយមានសង្រ្គាមនោះ នាំឱ្យប្រទេសជាតិធ្លាក់នៅក្នុងគ្រោះមហន្តរាយខ្ទេចខ្ទី។
លោកក៏បានផ្តាំផ្ញើដល់មន្ត្រីគណបក្សប្រជាជន ត្រូវជំរាបជូនអ្វីដែលជាការពិត កុំសន្យា ភូតភរ ត្រូវបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋយើងអោយបានល្អ។
លើសពីនោះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សទាំងអស់គ្នា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា។ ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ថាទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំដាច់ខាតនូវបដិវត្តពណ៌នៅកម្ពុជា និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងបង្ក្រាបទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។
សុខសន្តិភាពដែលមាននាបច្ចុប្បន្ននេះ ជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍប្រទេសរីកចម្រើន និងការរស់នៅយ៉ាងសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែងថ្ងៃនេះសមិទ្ធផលនានាបានកសាងឡើង ក្នុងវត្តមានអគារសាលាមេគណខេត្តតាកែវ ធ្វើអំពីបេតុងប្រក់ក្បឿង មានព្រះវិហារ អគារសិក្សា បណ្ណាល័យ ផ្លូវចូលវត្ត ស្រះទឹក ក្លោងទ្វារ ចាក់បេតុង សាលាធម្មសភា ចាក់ដី ចាក់សាប និងក្រាលការូឡាទីធ្លាវត្តតុំ។
លោក ហ៊ីង ប៊ុនហៀង និងលោកស្រី បានចំណាយថវិការអស់ចំនួន ៥៨៧ ៥០០ ដុល្លាអាមេរិក។ នេះជាការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងថ្នាក់ដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ឧបត្ថម្ភថវិការ ក្រណាត់សជូនយាយជីតាជី ថវិការសម្ភារះសិក្សាដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្រុមកាយរិទ្ធិយុវជន យុវជនកាកបាទក្រហម ក្រុមប្រឹក្សាឃុំអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធ។
បន្ថែមពីនោះ លោកបានប្រគេនបច្ច័យដល់វត្តតុំ 20លានរៀល និងឧបត្ថម្ភក្រុងដូនកែវ លេបថប់ 5គ្រឿង និងម៉ូតូc125 ០២គ្រឿង គណបក្សខេត្តតាកែវ ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងព្រីនធឺរ ១គ្រឿង និងសាលាសង្កាត់ចំនួនបី ក្នុង1សង្កាត់ៗ ម៉ូតូ ហុងដា c125 (1គ្រឿង) ព្រមទាំងថវិការ50ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភសាលាបឋមសិក្សាវត្តតុំ ថវិការ1លានរៀលផងដែរ៕



ប្រធាន​ព្រឹទ្ធសភា៖ ឯក​អគ្គរាជទូត​ខ្មែរត្រូវគិតពី​ប្រយោជន៍​ជាតិ និងត្រូវខិត​ខំពង្រីក​កិច្ច​សហប្រតិបត្តិការ លើក​កិត្យា​នុភាព​កម្ពុជា​លើឆាក​អន្តរ​ជាតិ

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ដល់ឯកអគ្គរាជទូតខ្មែរ ដែលប្រចាំការនៅបរទេសទាំងអស់ ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ហើយត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសម្ចាស់ផ្ទះ និងស្ថានទូតប្រទេសដទៃ ដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ។ នេះជាការលើកឡើងរបស់លោកក្នុងឱកាសជួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាចំនួន៦រូប ដែលទើបត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងថ្មីចំនួន៦រូប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានព្រឹទ្ធសភា មុនពេលចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៦។
លោក សាយ ឈុំ បានផ្តល់អនុសាសន៍សំខាន់ៗ​មួយចំនួន ជូនដល់​ឯកអគ្គរាជទូត​ទំាងអស់ ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយ ពន្យល់អំពីសភាពការណ៍នយោបាយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ​ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ជូនដល់សាធារណមតិជាតិ អន្តរជាតិ ជាពិសេសនៅប្រទេសដែលខ្លួនកំពុងបំពេញភារកិច្ច។ ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័ស ចំពោះសភាពការណ៍នយោបាយក្រៅប្រទេស ដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យ បានកាន់តែច្រើន។
សូមជម្រាបផងដែរថា ឯកអគ្គរាជទូតថ្មីទាំង៦រូបនោះ រួមមាន លោកស្រី សឿង រដ្ឋចាវី ប្រចាំនៅចក្រភពអង់គ្លេស លោក ហោ ណាំបូរ៉ា ប្រចាំនៅឥណ្ឌូនេស៊ី  លោកស្រី ទូច សុផារត្ន  ប្រចាំនៅអាល្លឺម៉ង់ លោក ចេង ម៉ានិត ប្រចាំនៅឡាវ លោក ស៊ិន ប៊ុនធឿន ប្រចាំនៅកូរ៉េខាងត្បូង និងលោក ងួន សុវេង ប្រចាំសិង្ហបុរី។
នាឱកាសនោះ លោក សាយ ឈុំ បានសម្តែងនូវការអបអរសាទរ ចំពោះលោក លោកស្រីទាំង៦រូប ដែល​ត្រូវបាន ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហនុ ​ព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសទាំង៦នេះ។ ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់លោក លោកស្រីទាំង៦រូប ត្រូវយកចិត្តទុកដាក់ពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ទំាងវិស័យនយោបាយ ការបរទេស កសិកម្ម ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម។
នាឱកាសសម្តែងការគួរសម លោកស្រី សឿង រដ្ឋចាវី ​ជាតំណាង​ឯកអគ្គរាជទូតទំាងអស់​បានប្តេជ្ញា នៅចំពោះមុខ​សម្តេចប្រធាន​ព្រឹទ្ធស​ភា​ថា នឹងខិតខំបំពេញភារកិច្ចជាតំណាង ឲ្យកម្ពុជា ​នៅលើឆាកអន្តរជាតិ ទៅ​តាមច្បាប់ដែល​បាន​កំណត់​។ លោកស្រីបានសន្យាថា ឯកអគ្គរាជទូតទំាងអស់ នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំរបស់ប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការជាមួយ​នឹងប្រទេស​ម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេសផ្សេងៗទៀត ​និងខិតខំទាក់ទាញវិនិយោគិន អ្នក​ទេសច​រ ឲ្យមក​កម្ពុជាកាន់តែច្រើន៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការងារចំណាកស្រុកទៅក្រៅប្រទេស គឺរដ្ឋាភិបាលប្រឹងប្រែងណាស់ដើម្បីស្វែងរកជូនប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាការងារនៅក្រៅប្រទេសក៏ជាផ្នែកមួយនៃការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៦២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការងារនៅក្រៅប្រទេសនានា ក៏ជាផ្នែកមួយនៃការខិតខំរបស់រាជរដ្ឋាភិបាលដើម្បីស្វែងរកការងារធ្វើឱ្យប្រជាពលរដ្ឋរបស់យើងផងដែរ ប៉ុន្តែគួរចៀសវាងការងារចំណាកស្រុកខុសច្បាប់។ នៅប្រទេសថៃ បងប្អូនខ្មែរយើងមួយចំនួន ទៅពីមុននេះធ្វើការមិនស្របច្បាប់នៅក្នុងប្រទេសរបស់គេ រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងណាស់ ដើម្បីឱ្យពលកររបស់យើងទទួលបានភាពស្របច្បាប់សម្រាប់ការរស់នៅ និងធ្វើការងារនៅក្នុង ប្រទេសថៃ។ នៅម៉ាឡេស៊ី ក៏ដូចគ្នា ខ្មែរយើងមួយចំនួនបានទៅដល់ទីនោះដោយមិនស្របច្បាប់ យើងបានប្រឹងប្រែងធ្វើការងារជាមួយរដ្ឋាភិបាលម៉ាឡេស៊ីឱ្យទទួលបានការងារធ្វើដោយស្របច្បាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ក្នុងក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លំហូរនៃ ទំនិញ សេវា មនុស្ស ប៉ុន្តែយើងត្រូវយល់ថាបញ្ហាមនុស្សមិនមែនចេះតែហូរតាមចិត្តនោះទេ គឺមនុស្សដែលមានវិជ្ជាជីវៈ ដែលអាចទៅធ្វើការជាមួយគ្នាបាន។ ដូច្នេះបានឬ មិនបាន យើងទៅធ្វើការនៅប្រទេសគេ ក៏ទាមទារនូវសមត្ថភាពទើបអាចទៅរួច ព្រោះពលរដ្ឋនៃប្រទេសដទៃ ក៏មានសមត្ថភាពរបស់គេដែរ មិនចាំបាច់តែពលរដ្ឋខ្មែរយើងនោះឡើយ៕






លោក គឹម សន្តិភាព៖ បុគ្គលណា​ប្រព្រឹត្ត បុគ្គល​នោះទទួល​ខុស​ត្រូវ! តុលា​ការជា​អ្នក​ស្វែងរក​ការពិត សូម​អាស៊ីសេរីកុំ​ដើរតួជា​តុលាការ!

បន្ទាប់ពីក្រុមមន្រ្តីរាជរដ្ឋាភិបាល ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ភ្លាមៗអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបន្តអះអាងលើផ្លូវច្បាប់តាមរយៈបណ្តាញព័ត៌មាន នៅថ្ងៃនេះថា បុគ្គលណាប្រព្រឹត្ត បុគ្គលនោះទទួលខុសត្រូវ ! តុលាការជាអ្នកស្វែងរក ការពិតលើកំហុសនោះ ! សូមអាស៊ីសេរីកុំដើរតួជាតុលាការ !
លោក គឹម សន្តិភាព ឲ្យដឹងយ៉ាងដូច្នេះថា «បុគ្គលណាប្រព្រឹត្តល្មើសច្បាប់ គឺជាមុខសញ្ញារបស់អ្នកអនុវត្តច្បាប់ក្នុងការស្វែងរក និងផ្តន្ទាទោសតាមច្បាប់ ! ការអនុវត្តច្បាប់ព្រហ្មទណ្ឌ គឺដើម្បីរក្សាការពារនូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយច្បាប់ព្រហ្មទណ្ឌត្រូវយកមកអនុវត្តក្នុងគ្រប់កាលៈទេសៈ រាប់ទាំងកាលៈទេសៈនៃប្រទេសដែលកំពុងរៀបចំការបោះឆ្នោតផងដែរ! ច្បាប់នេះអនុវត្ត តែទៅលើអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់តែប៉ុណ្ណោះ និងមានតែស្ថាប័នតុលាការទេ ដែលជាអ្នកស្វែងរក និងកំណត់ថាបុគ្គលណាមួយមានទោស ឬគ្មានទោសនោះ! សូមអាស៊ីសេរីកុំដើរតួជាតុលាការ»!
ការប្រតិកម្មធ្ងន់ៗរបស់ក្រសួងយុត្តិធម៌នៅពេលនេះ ធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ដោយចាត់ទុកថា វិធានការចំពោះ លោក ជុន ច័ន្ទបុត្រ ដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជាគឺជារឿងហួសហេតុ។ ជាមួយគ្នានេះ វិទ្យុអាស៊ីសេរី បានចាត់ទុកថា ចំណាត់ការរបស់តុលាការ ចំពោះ លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្នែកខេមរភាសា គឺជាចេតនាមួយរបស់អាជ្ញាធរក្នុងការ បំភិតបំភ័យ លោក ជុន ច័ន្ទបុត្រ និងបុគ្គលិកអាស៊ីសេរី ឯទៀត ក្នុងពេលប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងរដូវកាលបោះឆ្នោត។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ដដែលនោះ លោក គឹម សន្តិភាព បានបន្តទៀតថា «អ្នកសារព័ត៌មាន មានសិទ្ធិស្វែងរកព័ត៌មាន តែមធ្យោបាយនៃការស្វែងរកព័ត៌មាន ត្រូវតែជាមធ្យោបាយស្របច្បាប់ ! អ្នកសារព័ត៌មាន ត្រូវស្មោះត្រង់ចំពោះខ្លួនឯង ចំពោះអាជីពវិជ្ជាជីវៈ និងចំពោះមុខច្បាប់»។ លោកបានបន្តថា យើងឃើញថា មានអ្នកសារព័ត៌ មានមួយចំនួននៅលើពិភពលោកយើងនេះ ដែលកំពុងទទួលរងបណ្តឹងចោទប្រកាន់នានាក្នុងរឿងព្រហ្មទណ្ឌ និងកំពុងស្ថិតក្នុងចំណាត់ការ របស់តុលាការរាប់ទាំងកម្ពុជា ផងដែរ! ដែលនេះជារឿងធម្មតាទេ សម្រាប់ការអនុវត្តច្បាប់ក្នុងប្រទេសនីមួយៗ ទៅលើជនដែលប្រព្រឹត្តល្មើសច្បាប់នោះ! ហើយក្នុងចំណោមទណ្ឌិតដែល កំពុងអនុវត្តទោសក្នុងពន្ធនាគារ ក៏មានទណ្ឌិតដែលមានអាជីពជាអ្នកសារព័ត៌មានផងដែរ!»។
«អ្នកសារព័ត៌មានគ្មានអភ័យឯកសិទ្ធិនោះទេ! ប្រសិនប្រព្រឹត្តអំពើណាមួយខុសច្បាប់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន! បុគ្គលដែលកំពុងស្ថិតក្នុងការ សង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ត្រូវស្រាយចំណងដោយខ្លួនឯងចំពោះមុខតុលាការព្រហ្មទណ្ឌ! សូមអាស៊ីសេរី កុំបំភ័ន្តសាធារណៈមតិលើរឿងនេះ!» នេះបើយោងតាមការបញ្ជាក់បន្ថែមរបស់លោក លោក គឹម សន្តិភាព។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត ឃីនវុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅពន្ធនាគារព្រៃស ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ និង លោក គឹម សុខ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
ចំពោះរឿងនេះ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងពន្ធនាគារ បានចោទប្រកាន់ថា ករណីនេះគឺជាការឃុបឃិតបោកបន្លំភ្នែកសមត្ថកិច្ច រវាងតំណាងរាស្រ្ត និង លោក ជុន ច័ន្ទបុត្រ ដែលបានប្រាសចាកនូវសីលធម៌ មិនអាចទទួលយកបាន។ តុលាការបានចេញដីកាកោះហៅ តំណាងរាស្រ្តទាំង២នាក់របស់គណបក្សសង្រ្គោះជាតិ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី ហើយកោះហៅ លោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យ នាថ្ងៃទី០២ ខែឧសភា ខាងមុខនេះ។

ពាក់ព័ន្ធនឹងករណីនេះដែរ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ លោក ឡុង រី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចូលបំភ្លឺជូនតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញរួចហើយ ដើម្បីធ្វើជាសាក្សីនៅក្នុងសំណុំរឿងបន្លំខ្លួនចូលពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ដោយបានបញ្ចប់ នៅវេលាម៉ោង១១៖០៥នាទីនាព្រឹកថ្ងៃទី២៧ ខែមេសានេះ៕


ប្រធានរដ្ឋសភា ផ្តាំផ្ញើឯកអគ្គរាជទូតកម្ពុជា គិតគូរពីផលប្រយោជន៍ប្រទេសជាតិជាធំ និងបង្កើន​កិច្ចសហប្រតិ​បត្តិការល្អ​ ជាមួយ​ឯកអគ្គរដ្ឋទូត​-រាជទូត​ នៃបណ្តា​ប្រទេស​ដទៃទៀត​

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ឯកអគ្គរាជទូតថ្មី  នៃប្រទេសកម្ពុជា ដែលទើបតែងតំាងទៅបំពេញបេសកកម្មការទូត នៅប្រទេសចំនួន៦ បានចូលជម្រាបលា និងទទួលអនុសាសន៍ពីលោក ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភា បានថ្លែងនៅចំពោះមុខ លោក លោកស្រី ដែលជាឥស្សរជនជាន់ខ្ពស់ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅបរទេស ដែលទើបតែងតំាងទៅបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួនដូច្នេះថា តួនាទីរបស់លោក លោកស្រី ទាំងអស់មានសារៈសំខាន់ណាស់ សម្រាប់ប្រទេសជាតិរបស់យើង ទំាងវិស័យនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ជាដើម។
ឯកអគ្គរាជទូតទំាងនោះមាន លោកស្រី សឿង រដ្ឋចាវី ជាឯកអគ្គរាជទូតប្រចំាចក្រភពអង់គ្លេស លោក ហោ ណាំ បូរ៉ា ឯកអគ្គរាជទូតប្រចាំប្រទេសឥណ្ឌូនេស៊ី លោកស្រី ទូច  សុផារត្ន ឯកអគ្គរាជទូតប្រចំាប្រទេសអាល្លឺម៉ង់ លោក ចេង ម៉ានិត ឯកអគ្គរាជទូតប្រចំាប្រទេសឡាវ លោក ស៊ិន ប៊ុនធឿន ឯកអគ្គរាជទូត ប្រចំាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងលោក ងួន សុខវេង ឯកអគ្គរាជទូតប្រចាំប្រទេសសឹង្ហបុរី។
ប្រធានរដ្ឋសភា បានបន្តថា នៅក្នុងបេសកកម្មការទូតនេះ លោក លោកស្រី គប្បីគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ជាតិ និងប្រជាពលរដ្ឋខ្មែរជាធំ។ ត្រូវស្វែងយល់ពីសុខទុក្ខពលករខ្មែរដែលរស់នៅ និងប្រកបអាជីវកម្ម ឬធ្វើការងារនៅប្រទេសដែលលោក លោកស្រី ទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ប្រធានរដ្ឋសភា ក៏បានផ្តាំផ្ញើ សូមឲ្យលោក លោកស្រី បង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើទំនាក់ទំនង និងការពារផលប្រយោជន៍ពលរដ្ឋយើងផង  ហើយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត-រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលលោក លោកស្រី ជាតំណាងនៅទីនោះ។
លោក ហេង សំរិន ក៏បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជាទំាងអស់ ធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍ មកប្រទេសកម្ពុជាឲ្យបានច្រើន ដោយផ្អែកលើសក្តានុពល ដែលប្រទេសកម្ពុជាមាន។
តំណាងឲ្យឯកអគ្គរាជទូតទំាង៦រូប លោកស្រី សឿង រដ្ឋចាវី បានប្តេជ្ញាចិត្តចំពោះ ប្រធានរដ្ឋសភា ថានឹងខិតខំបំពេញការងារ ដោយអនុវត្តតាមអនុសាសន៍ល្អៗ ឲ្យទទួលបានជោគជ័យ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន នៅក្នុងអាណត្តិការទូតរបស់ខ្លួន៕



អ្នកស្រាវជ្រាវយល់ថា បំណែកកុលាលភាជន៍ ផ្តល់នូវទិន្នន័យ​ច្រើន​អំពីសង្គមមនុស្សបុរាណ

តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគ​ច្រើន​​​​​ផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គ​ប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវ​យក​​​​​​​​ចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សា​ស្រាវ​ជ្រាវអំពី​កុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។
បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យ Australian National University លោក TSE SIANG LIM ដែល​បានចុះ​ធ្វើការ​ស្រាវ​ជ្រាវដើម្បីបញ្ចប់ថ្នាក់បណ្ឌិតរបស់ខ្លួន ក៏បានចាប់​អារម្មណ៍​និង​ផ្តោតការស្រាវជ្រាវលើបញ្ហាកុលាលភាជន៍នេះដែរ។ កិច្ចការស្រាវជ្រាវរបស់លោកបានធ្វើឡើង តាមរយៈ​គម្រោង​ស្រាវ​ជ្រាវមួយ ដែលមានឈ្មោះថា គម្រោង​ស្រាវ​ជ្រាវ​អំពី​វិសាលភាពអង្គរ (The Greater Angkor Project) ដែល​ជា​គម្រោង​សហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យា​ល័យ​​ស៊ីដនីនៃប្រទេសអូស្ត្រាលី។
ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក  TSE SIANG LIM បញ្ជាក់ថា ទិន្នន័យ​ដែល​លោក​ទទួល​បានពីការសិក្សាកុលាលភាជន៍ ដែលបាន​ពីកំណាយ​នៅស្ថានីយព្រៃក្មេង និងភូមិល្វា នៅក្នុងស្រុកពួក​ខេត្ត​សៀម​រាប និងភូមិសូភីដែលស្ថិតនៅក្នុងស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​​ជ័យជាដើម អាចជួយឲ្យលោក​យល់ដឹងអំពី​ការប្រែប្រួល​នៃសង្គមមនុស្សក្នុងសម័យបុរេប្រវត្តិបានច្រើន។
ជាក់ស្តែង លទ្ធផលកំណាយ​លើផ្នូរដែលស្ថិត​នៅក្នុង​យុគ​សម័យ​លង្ហិន (Bronze Age: 1000-500BC) បង្ហាញ​ថា​មានកុលាលភាជន៍តិចតួចជាងផ្នូរក្នុងយុគសម័យដែក (Iron Age: 500BC-1000AD)។ នេះបញ្ជាក់ថា សង្គម​មនុស្ស​ក្នុង​យុគសម័យដែកមានការរីកចម្រើនកាន់តែច្រើន។ លោក TSE SIANG LIM ក៏បញ្ជាក់ដែរ វត្តមានកុលាលភាជន៍​ក្នុងផ្នូរ​ថែមទាំង​ជួយប្រាប់យើង អំពីការបែងចែកសង្គមអ្នកធូរធារ និង​អ្នកក្រីក្រផងដែរ ដូចជាក្នុងផ្នូរខ្លះមានកុលាលភាជន៍ច្រើន ប្រ​ណី​តៗ ជាងផ្នូរខ្លះទៀត ដែលស្ថិតនៅក្នុងសម័យកាលដូចគ្នា តែមានចំនួនកុលាលភាជន៍កប់ជាមួយតិចតួច និងមិនសូវល្អ​ប្រណីត។
បទបង្ហាញនេះ ទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំង​ពី​សំ​ណាក់​អ្នកចូលរួម។ លោកគ្រូ នាង សុភាព ជាគ្រូបង្ហាត់​នៅ​​​​សាលាគរុកោលស្យ និងវិក្រឹត្យការខេត្តសៀមរាប ដែលបាន​ដឹកនាំ​គរុ​សិស្សប្រមាណជាង៣០រូបមកចូលរួមស្តាប់ បាន​បង្ហាញ​​​អារម្មណ៍រីករាយ និងគាំទ្រចំពោះបទបង្ហាញនេះ។ លោក​គ្រូជឿជាក់ថា គរុសិស្ស​របស់លោក​នឹងបានទទួល​ចំណេះ​​​​ដឹង​​កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងបន្តផ្ទេរ​ចំណេះ​ដឹងដល់សិស្សានុសិស្សក្រោយៗទៀត។ ជាមួយគ្នានេះ លោក​គ្រូក៏បានសំណូមពរឲ្យអាជ្ញាធរជាតិអប្សរាបន្ត រៀបចំបទ​បង្ហាញ​អំពីលទ្ធផលស្រាវជ្រាវផ្សេងៗទៀត ដើម្បីបន្ថែម​ចំណេះ​​​ដឹងដល់មហាជនទូទៅ។
លោក ត័ន ប៊ុនស៊ុយ អគ្គនាយករង​ទទួល​បន្ទុក​មជ្ឈ​មណ្ឌល​អន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ មានប្រសាសន៍ថា រាល់អ្នកស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ តែងតែតម្រូវឲ្យ​មាន​ការផ្តល់ជូនរបាយការណ៍ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួន និងធ្វើបទបង្ហាញជាសាធារណៈ​ចំពោះប្រធាន​បទណា​ដែល​​យល់ថា មានអត្ថប្រយោជន៍ច្រើនដល់អ្នកស្រាវជ្រាវ និង​សាធារណជនជាប្រជាពលរដ្ឋខ្មែរ។ នេះជាកិច្ចសហការមួយដែលបានផ្តល់ប្រយោជន៍ដល់អ្នកស្រាវជ្រាវផង ដល់ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីផង៕




ទស្សនៈ៖ ភ្នាក់ងារព័ត៌​មាន និង​អង្គការសិទ្ធិ​មនុស្ស​និន្នាការ​ប្រឆាំង​ល្មមដល់​ពេលឈប់​តាំង​ខ្លួន​ជា «អ្នក​មាន​អភ័យ​ឯក​សិទ្ធិ» ទៀតទៅ …!

ប្រទេសនីមួយៗ មានរចនាសម្ព័ន្ធគ្រប់គ្រងដោយច្បាប់ ដែលក្នុងន័យនេះ ការអនុវត្តន៍ច្បាប់ គឺជាការចាំបាច់ដើម្បីធានាដល់សង្គមសេរីមួយមានសណ្តាប់ធ្នាប់។ ដូច្នេះ ការប្រើសេរីភាពគ្រប់បែបយ៉ាងរាប់បញ្ចូលទាំងសេរីភាពសារព័ត៌មាន និងសេរីភាពអង្គការសង្គម ត្រូវតែឈរលើការគោរពច្បាប់ និងគោរពអំណាចរដ្ឋមានសមត្ថកិច្ច ភ្ជាប់ជាមួយនឹងការទទួលខុសត្រូវលើទង្វើរបស់ខ្លួនចំពោះមុខច្បាប់ជាធរមាន។

ហេតុដូចនេះ គឺសម្រាប់ភ្នាក់ងារព័ត៌មាន និងអង្គការសិទ្ធិមនុស្សនិន្នាការប្រឆាំង ល្មមដល់ពេលភ្ញាក់រលឹកហើយ ដោយឈប់តាំងខ្លួនជា «អ្នកមានអភ័យឯកសិទ្ធិ ឬបុព្វសិទ្ធិពិសេស» ទៀតទៅ។ ថ្មីៗនេះ វិទ្យុអាស៊ីសេរី ផ្នែកខេរៈភាសា បែរជាចេញសេចក្តីថ្លែងការណ៍ចោទប្រកាន់ស្ថាប័នរដ្ឋមានសមត្ថកិច្ច ក្នុងរឿងបទល្មើសព្រហ្មទណ្ឌប្រព្រឹត្តដោយលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា «ជារឿងហួសហេតុដែលអាជ្ញាធរ យកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង …» ទៅវិញ។ ដំណាលគ្នានោះ អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដោយចោទប្រកាន់អាជ្ញាធររដ្ឋ ថា «មិនឱ្យបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល បានចូលសួរសុខទុក្ខអ្នកជាប់ឃុំនៅព្រៃស …»។

មែនទែនទៅ ទាំងភ្នាក់ងារវិទ្យុអាស៊ីសេរី ទាំងអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គួរសិក្សាអំពីបទបញ្ញត្តិច្បាប់ឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការប្រតិបត្តិការងាររបស់ខ្លួន មិនរំលោភច្បាប់ជាធរមាននាំឱ្យមានទោស។គួរតែកុំតាំងខ្លួនឯងថា ងារជាអ្នកបំពេញការងារព័ត៌មាននៃភ្នាក់ងារឯកជន ក៏ដូចជាការងារសិទ្ធិមនុស្ស មានបុព្វសិទ្ធិពិសេស ឬអភ័យឯកសិទ្ធិ ឱ្យសោះ គឺមិនត្រឹមត្រូវទេ ព្រោះគ្មានប្រទេសណាលើពិភពលោកនេះ រាប់ទាំងសហរដ្ឋអាមេរិកផង ផ្តល់ឱ្យការងារនេះនៅក្រៅក្របខ័ណ្ឌច្បាប់ឡើយ។

ល្មមដល់ពេលបណ្តុះសតិសម្បជញ្ញៈគោរពច្បាប់រដ្ឋហើយ និងល្មមដល់ពេលឈប់លាបពណ៌ បំផ្លើស មួលបង្កាច់ ក៏ដូចជាបោះបង់ចោលនូវវប្បធម៌ទម្លាក់កំហុសទៅស្ថាប័នរដ្ឋ និងវប្បធម៌ដាក់ខ្លួនជាជនរងគ្រោះទៀតទៅ …!

ប្រភព៖ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា


លោកតា សុត ជុយ អ្នកស្រុកអង្គរស្រឡាញ់ការងារជួសជុលប្រាសាទ និងចង់ឲ្យកូនចៅបន្តការងារនេះ

ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។
មានសម្បុរស្រអែម សក់លាយសច្រើនសសៃ លោកតា សុត ជុយ បច្ចុប្បន្នគឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច។ រយៈពេល៥ឆ្នាំមកហើយ ដែលលោកតាបានមកបំពេញការងារនៅប្រាសាទមេបុណ្យខាងលិច ក្រោយគម្រោងជួសជុលប្រាសាទបាពួន ត្រូវបានបញ្ចប់។
មានវ័យ៦១ឆ្នាំទៅហើយ តែលោកតា សុត ជុយ នៅតែមានកម្លាំងដាប់ថ្ម និងដោយភាពរហ័ស។ កំពុងដាប់ថ្មបណ្តើរ លោកតាបានរម្លឹកថា លោកធ្លាប់ធ្វើការក្នុងគម្រោងជួសជុលប្រាសាទបាពួនរយៈពេល១០ឆ្នាំ មុននឹងមកបំពេញការងារដូចគ្នានៅប្រាសាទមេបុណ្យខាងលិច។ លោកបន្ថែមថា ក្នុងរយៈពេលជាច្រើនឆ្នាំក្នុងការងារជាកម្មករជួសជុលប្រាសាទនេះ លោកបានចេះជំនាញមួយចំនួន ដូចជា ដាប់ថ្ម ជាត់ដី និងរៀបសាបជាដើម។
មានកូន៨នាក់ក្នុងបន្ទុក លោកតា សុត ជុយ ជាអ្នកស្រុកនៅភូមិគោកចក ឃុំគោកចក ខេត្តសៀមរាប។ លោកបានឲ្យដឹងទៀតថា លោកស្រឡាញ់ការងារដែលលោកកំពុងធ្វើសព្វថ្ងៃនេះណាស់។ លោកបន្តថា ទៅថ្ងៃខាងមុខ ក្រោយពេលលោកសម្រាកទៅ លោកចង់ឲ្យកូនចៅបន្តធ្វើការងារនេះពីលោក ព្រោះការងារជួសជុលប្រាសាទធ្វើឲ្យលោកមានអារម្មណ៍ថា ហាក់កំពុងជួយខ្មែរសាងសង់ប្រាសាទឡើងយ៉ាងដូច្នេះដែរ៕










កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌​ចំនួន១គ្រួសារ​ ចូលរួមរំលែកទុក្ខ​ ​ជាមួយគ្រួសារសព​ ដែលស្លាប់​ដោយសារ​បេះដូង​ចំហ

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ លោក រស់ ហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បាននាំយកអំណោយមនុស្សធម៌ចំនួន១គ្រួសារ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលស្លាប់ដោយសារបេះដូងចំហ ដោយគ្រួសារមានជីវភាពខ្វះខាត នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គមថ្មី បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់ របស់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្ភារៈដែលអនុសាខាកាកបាទក្រហមបានផ្តល់ជូនរួមមាន៖ អង្ករ២០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរ ទឹកបរិសុទ្ធ១យួរ ក្រមា១ សារុង១ មុង១ ភួយ១ ខោអាវ២ កញ្ចប់ ថវិកាមួយចំនួន និងថវិកាសប្បុរសជន មានលោក សៀង សារិត ប្រធានមន្ទីរមុខងារសាធារណៈខេត្តព្រះវិហារ ចំនួន ២០០,០០០ រៀលផងដែរ៕

លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន៖ ខ្ញុំមិន​ទុកឱ្យ​កុមារ និង​យុវជន​កម្ពុជា​អភ័ព្វដូច​ខ្ញុំទេ!​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនទុកឱ្យកុមារ និង យុវជនអភ័ព្វដូចរូបលោកទេ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសារតែអត់សាលារៀន លោកត្រូវធ្វើដំណើរ ចាកចេញពីឪពុកម្តាយ តាំងពីអាយុ១៣ឆ្នាំ ហើយនៅពេលមេឃភ្លៀងម្តងៗពិតជាកំសត់ណាស់ ទៅរស់នៅវត្ត លោកវ៉ៃម្តងៗឈឺណាស់។
គួរបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ។
លោកបន្តថា ដោយសារបទពិសោធន៍ជូរចត់ នៃអតីតកាលរបស់ខ្លួន បានជានៅពេលមានឱកាសដឹកនាំប្រទេស លោកបានគិតថា សាលារៀន គឺជាគោលដៅធំបំផុត ដែលលោកត្រូវតែធ្វើឱ្យខានតែបាន ដើម្បីបង្ខិតសាលាចូលទៅកាន់ក្បែរផ្ទះកូនសិស្ស។ លោកនាយករដ្ឋមន្ត្រី បន្ថែមថា ឥឡូវនេះបញ្ហាធំរបស់យើងគឺធ្វើយ៉ាងណាឱ្យមាតាបិតា អាណាព្យាបាល ខិតខំចុះឈ្មោះឱ្យកូនចូលរៀននៅពេលដែលកូនដល់អាយុចូលរៀន និងខិតខំយ៉ាងណាកុំឱ្យកូនបោះបង់ចោលសាលា។ លោកលើកឡើងថា យើងកំពុងតែធ្វើវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំ និងសិក្សាធិការ សាលារៀនថ្មីៗក៏បាននឹងកំពុងកើត បន្តបន្ទាប់ សាលាចាស់ត្រូវធ្វើជំនួសដោយសាលាថ្មី ជាតំរូវការចាំបាច់ខានមិនបាននូវតំរូវការការរីកលូតលាស់នៃប្រទេសរបស់យើង។ ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី បានទទួលស្គាល់ថា មានគ្រួសារខ្លះតំរូវឱ្យកូនបោះបង់ការសិក្សា ដើម្បីជួយទៅដល់កិច្ចការឱ្យពុកម្តាយ តែរឿងនេះយើងត្រូវខិតខំពន្យល់មាតាបិតា ឱ្យយល់អំពីសារៈសំខាន់នៃការបណ្តុះបណ្តាលកូនចៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា យុវជនបច្ចុប្បន្ន មិនកំសត់ដូចយុវជន រឺជំទង់ជំនាន់លោកនោះទេ។ សូម្បីនៅវត្តជំនាន់នេះក៏ខុសពីជំនាន់មុនដែរ ជំនាន់មុននៅវត្តនៅភ្នំពេញគ្មានទឹក គ្មានភ្លើង ត្រូវទៅដងទឹក រែកទឹក អូសទឹកទៀត តែ ឥឡូវយុវជនយើងមានឱកាសធំណាស់ មានសន្តិភាពហើយ មានហេដ្ឋារចនាសម្ព័ន្ធ និងមាន សាលានៅគ្រប់ទីកន្លែង៕