Monday, January 26, 2015

សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី-សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ បងប្អូន​ជនរួម​ជាតិ​ខ្មែរ​ចំនួន ៨៥នាក់ ដែល​កំពុង​រស់​នៅ​ប្រទេសស្វីស


បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅ ទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល ២ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី​២៤មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែលជាទីកន្លែង នៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ច​ពិភព​លោកលើកទី៤៥ ក្នុងដំណើរមកកាន់ ទីក្រុងស៊ួរីក ប្រទេសស្វីស។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកចំនួន៤០រូប មកពី៤០ ប្រទេស និងបណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹក​នាំ​វ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់​៥០០​នាក់ មកពី​១៤០​ប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែល ជា ទីក្រុងខ្ពស់រាប ក្នុងរដូវត្រជាក់ទឹកកកធ្លាក់តាមបែបធម្មជាតិរបស់ប្រទេសស្វីស។ រដូវត្រជាក់ ទឹកកកធ្លាក់នៅពេលនេះ គឺស្ថិតនៅក្រោមអាកាសធាតុដក១៦ក្រោមសូន្យអង្សារសេ ដែលជា អាកាសធាតុដ៏ត្រជាក់ របស់ប្រទេសស្វីស។


បន្ទាប់ពីអញ្ជើញដល់ទីក្រុងស៊ួរីក ពោល គឺនៅល្ងាចថ្ងៃដដែលនោះដែរ សម្តេចអគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយ បងប្អូនជន​រួមជាតិ​ខ្មែរ​ចំនួន​៨៥នាក់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត នៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា ក្នុងប្រទេសស្វីស។

ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតនិងជាតំណាងអចិន្រៃ្តយ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានប្រសាសន៍​ជំរាបជូន​សម្តេច​​តេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា បងប្អូនជនរួមជាតិខ្មែររស់នៅ​ប្រទេស​ស្វីស​នៅពេលនេះ មានចំនួនសរុប ប្រមាណ ១ម៉ឺននាក់រួចមកហើយ ពោលគឺរស់នៅស្ទើរ​គ្រប់​ទីកន្លែងក្នុងប្រទេសស្វីស។ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍បន្តថា បើទោះបីជាឃ្លាត​ឆ្ងាយពីស្រុកកំណើតមានរយៈពេលដ៏យូរក៏ពិតមែន ប៉ុន្តែបង​ប្អូនជនរួមជាតិទាំងអស់ នៅតែ​រក្សា​ការពារបាននូវទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អផូរផង់ ពិសេសនៅប្រទេសស្វីស មាន​ទីអារាមព្រះពុទ្ធសាសនាចំនួនពីរ ដែលបងប្អូនជនរួមជាតិយើងតែងតែនាំគ្នាទៅគោរពប្រ​តិបត្តិ​តាមជំនឿសាសនា ពោល គឺនៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិ និងរដូវបុណ្យភ្ជុំបិណ្ឌ មាន​បងប្អូនជនរួមជាតិខ្មែរយើងទៅចូលរួមមិនដែលអាក់ខានម្តងណាឡើយ។


ឯកឧត្តម​បន្តថា វត្តមានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ​ទាំង​អស់ មកកាន់ប្រទេសស្វីសនៅពេលនេះ គឺបានបង្ហាញឲ្យ ឃើញពីការយកចិត្ត​ទុកដាក់​ខ្ពស់ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជន​រួមជាតិទាំងអស់ ដែលរស់នៅឃ្លាតចាកឆ្ងាយពីស្រុកកំណើតជាទីស្រឡាញ់របស់ខ្លួន។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនជនរួមជាតិខ្មែរ រស់នៅប្រទេសស្វីស សម្តេច​អគ្គ​​មហា​សេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្ស​រីករាយ​ខ្លាំងណាស់ ដោយបានជួបសំណេះសំណាលដោយផ្ទាល់​ជាមួយបងប្អូនជនរួមជាតិ​ទាំង​​អស់ ដែលមានវត្តមានក្នុងពិធី ដ៏កម្រនៅថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍​បន្តថា កម្ពុជាបានឆ្លងកាត់នូវសង្រ្គាម និងរបបប្រល័យពូជសាសន៍ដ៏ល្វីង​ជូរចត់​បំផុត បើប្រៀបធៀបទៅនិងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋ​ស្លាប់​បាត់បង់ជីវិត ព្រាត់ប្រាស់គ្នា ចាកចោលស្រុកកំណើនរបស់ខ្លួន មករស់នៅផុតពី សេចក្តី​ស្លាប់​និងសង្រ្គាមនៅបរទេស។


សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍នៅចំពោះមុខ បងប្អូនជនរួមជាតិទាំងអស់​នោះ​ដែរ​ថា ដោយសារតែប្រវត្តិសាស្រ្តដ៏ជួរចត់នោះហើយ គឺយើងពិតជាមិនចង់បាននូវប្រវត្តិ​សាស្រ្ត​​ច្រំដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់​របស់យើងតទៅមុខ​ទៀត​នោះទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា សម្តេច បានសិក្សា​ពីប្រវត្តិនៃសង្រ្គាម​ដែល​បានកើតនៅលើបណ្តាប្រទេសមួយចំនួនលើពិភពលោក ពោល គឺយើងមិនអាច​ប្រើ​ប្រាស់​សង្រ្គាម​ដើម្បីបញ្ចប់សង្រ្គាម បាននោះទេ តាមរយៈនេះហើយបានជារូបសម្តេចផ្ទាល់បាន​ចំណាយពេលវេលា ដ៏ច្រើនបំផុត ក្នុងការស្វែងរកការចរចារបញ្ចប់សង្រ្គាមបង្ហូរ​ឈាមរវាង​ខ្មែរ​និង​ខ្មែរគ្នាឯង បើទោះបីជាដល់ទីកន្លែងណាក៏ដោយ ក្នុងពិភព លោកយើងនេះ។ សម្តេច​តេជោ​មានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជារូបសម្តេចមិនពូកែពិសារម្ហូប​បារាំង ឬការជិៈ​យន្ត​ហោះផ្លូវឆ្ងាយជិតក៏ពិតមែន ប៉ុន្តែការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់សង្រ្គាម គឺរូប សម្តេចផ្ទាល់នឹងខិតខំពុះពារឲ្យខានតែបាន សំដៅធ្វើយ៉ាងណាបញ្ឈប់ការបង្ហូរ​ឈាមខ្មែរ​គ្នាឯង។
សម្តេច​តេ​ជោមានប្រសាសន៍បន្តថា មកដល់ពេលនេះកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្រោមការដាក់ចេញនូវ​នយោបាយ​ឈ្នះ‑ឈ្នះ កាលពីឆ្នាំ១៩៩៨។ នៅចំ​ពោះមុនបងប្អូនជនរួមជាតិខ្មែរនោះដែរ សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានធ្វើការ ក្រើនរំលឹកដល់បងប្អូនជន​រួមជាតិខ្មែរទាំងអស់ បឈ្ឈប់ការ​លាប​ពណ៌ដាក់​គ្នាពោលគឺយើងកុំខ្វល់ពីអតីតកាលថាជាអ្វីនោះទេ ផ្ទុយ​ទៅវិញគឺយើង​ទាំង​អស់​គ្នា​ជាជាតិសាសន៍ខ្មែរតែមួយ ហើយកាលដែលយើងមករស់នៅបែកឃ្លាតពីប្រទេស កំណើត​គឺកើតឡើងដោយសារតែអ្នកនយោបាយមួយចំនួន  ដែលបង្ខំឲ្យយើងទៅ​នៅទីនេះទៅនៅ​ទីនោះ បែបនេះ។


សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះស្ថានភាព​របស់ប្រទេសកម្ពុជា មិនដូចពីពេលមុនតទៅទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់​តាំង​ពីទីក្រុង រហូតដល់តំបន់ចុងកាត់មាត់ញក។ សម្តេចតេជោនាយករដ្ឋមន្រ្តី​មាន​ប្រសា​សន៍​សង្កត់ធ្ងន់ថា សម្តេចមាន ប្រសាសន៍នៅចំពោះមុខបងប្អូន​ជនរួមជាតិខ្មែរ​នៅពេល​នេះ គឺមិន​មែននិយាយក្នុងនាមជាមេដឹកនាំ​គណបក្ស​នយោបាយនោះទេ ផ្ទុយទៅវិញ​គឺរូប​សម្តេច​និយា​យ​​ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលកំពុងដឹកនាំប្រទេស​មួយកំពុង​ដើរលើ​ផ្លូវត្រូវ និង​កំពុងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។
សម្តេចតេ​ជោមាន​ប្រសាសន៍​សង្កត់ធ្ងន់នៅចំពោះមុខបងប្អូនទាំងនោះថា អ្វីដែលបងប្អូន​បាន​ឮ​​និងបានឃើញនៅ​ តាម​បណ្តាញសារព័ត៌មានពីប្រទេសកំណើតរបស់ខ្លួន គឺវាមិនទាន់គ្រប់​គ្រាន់នោះទេ ផ្ទុយទៅវិញគឺមានតែ បងប្អូនជនរួមជាតិទាំងអស់ ធ្វើដំណើរទៅលេងស្រុក​កំណើត​ដោយផ្ទាល់ទេ ទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងស្ថានភាព​បែប​ណានោះ។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសកម្ពុជា មិនមែនជា​ប្រទេស​របស់អ្នកកាន់អំណាយមួយក្រុមណាមួយនោះទេ ផ្ទុយទៅវិញប្រទេសកម្ពុជាគឺជាប្រ​ទេស​របស់​ប្រជាជនកម្ពុជាទាំងអស់ រាប់ទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលកំពុងមានវត្តមាន​រស់​នៅក្រៅប្រទេសទាំងអស់ផងដែរ។ តាមរយៈពិធីសំណេះសំណាល​ក្នុងលក្ខណៈ​ជាមហា​គ្រួ​សារ​នោះដែរ  សម្តេច​តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណជូន​ចំពោះ​បង​ប្អូន​ជនរួមជាតិទាំងអស់ ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីក​ចំរើន​រហូតមកដល់ពេលបច្ចុប្បន្ននេះជា សក្ខីភាពស្រាប់៕

ប្រទេស​ម៉ាឡេស៊ី ចង់មើល​​ឃើញ អំពី​ទំនាក់​ទំនង​ឲ្យកាន់​តែជិត​ស្និទ្ធ​ថែម​ទៀត ទៅ​លើ​វិស័យ សារព័ត៌​រវាង​ប្រទេស​ទំាងពីរ

ឯកឧត្តម ស ខេង  ​នាយករដ្ឋមន្រ្តីស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាត អោយឯកឧត្តម​   Dato Sri  Ahmad Sabery Cheek  រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងពហុព័ត៌មាន នៃប្រទេសម៉ាឡេស៊ី  ចូល​ជួប​​សម្តែងការគួរសម​ នាព្រឹកថ្ងៃទី​២៦ ខែមករា ឆ្នំា២០១៥ នៅវិមានសន្តិភាពទីស្តី​ការ​នាយក​រដ្ឋមន្រ្តី  ។
ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី​ បានស្វាគមន៏ និងវាយតម្លៃខ្ពស់​ក្នុងតំណើរ​ទស្សន​កិច្ច របស់ឯកឧត្តម​​រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី  ​ មកកាន់កម្ពុជា ហើ​យ ឯកឧត្តម ចាត់ទុកថា ដំណើ​រការនៃការទំនាក់ទំនងក៏ដូចជាការពិភាក្សា រវាងក្រសួង​ទំាង​ពីរ​នៃ​ប្រទេសម៉ាឡេស៊ីក៏ដូចជាកម្ពុជា  ស្តីអំពីបញ្ហាសារព័ត៌មាននេះ គឺមានសារៈ​សំខាន់​ក្នុង​ការ ពង្រឹ​ង​និងការចូលរួមចំណែកលើកស្ទួយ នូវសេដ្ឋកិច្ចសង្គម  ក៏ដូចជាបញ្ហាសន្តិសុខ​ផងដែរ ។
ទន្ទឹម​នេះ​ កន្លងមក កម្ពុជាបានកត់សំគាល់ថា មានជនល្មើសមួយចំនួន ក៏បានប្រើប្រាស់​នូវ​ប្រព័ន្ធ​​ផ្សព្វផ្សាយ  ដើម្បីធ្វើការប្រព្រឹត្តនៅបទល្មើសផ្សេងៗ  ហើយយើងបាន​ធ្វើការស៊ើបអង្កេត និងកាត់ទោសដល់ជនល្មើសដែលបានប្រព្រឹត្តបានជាច្រើន ។
​ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានប្រទេសម៉ាឡេស៊ី ថ្លែងអំណរគុណ​ចំពោះ​បដិ​សណ្ឋារ​កិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា។ ​ឯកឧត្តមសង្ឃឹមថា នៅក្នុងដំណើរនៃការជជែក​ពិភាក្សា​ជាមួយ​ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា   នឹងផ្តោតសំខាន់ ទៅលើបញ្ហានៃការពង្រឹង នូវ​ខ្លឹម​សារ ខាងផ្នែកទូរទស្សន៏ និងផ្នែកភាពយន្ត។  ជាពិសេស​ប្រទេសម៉ាឡេស៊ីចង់មើល​ឃើញ  អំពី​ទំនាក់ទំនង អោយកាន់តែជិតស្និទ្ធថែមទៀតទៅលើវិស័យនេះរវាងប្រទេសទំាងពីរ ។
ឯកឧត្តម ​សង្ឃឹមថា គឺធ្វើយ៉ាងណា ដើម្បីកំណត់អោយម៉ាឡេស៊ី​បានឃើញកាន់តែ​ច្រើននូវអ្វី​ដែល​ជាតថភាពរបស់កម្ពុជា  ហើយចង់អោយកម្ពុជា បង្ហាញអោយច្រើន​ ដើម្បី​អោយឃើញ​អំពីខាង​ម៉ាឡេស៊ី នូវអ្វីដែលជាតថភាពរបស់ម៉ាឡេស៊ី ។
ជាមួយគ្នានេះ ផែនការនៃការ​​ពង្រឹង​ខ្លឹមសារ​នៃសារព័ត៌មាននេះ នឹងផ្តល់សារប្រយោជន៏​ទំាងសងខាង​ ក៏ដូចជាក្នុងបរិបទក្នុងអាស៊ានផងដែរ។ ឯកឧត្តម​រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ប្រទេស​ម៉ាឡេស៊ី​ ក៏​បាន​លើកឡើងផងដែរ នៅក្នុងដំណើរការនៃការពិភាក្សានោះ  ឯកឧត្តមនិង​មាន​គម្រោង  លើកឡើងពីបញ្ហាពង្រឹងសមត្ថភាពនៃវិស័យសារព័ត៌មាននេះ ដើម្បីរៀបចំធ្វើ​យ៉ាង​ណា​យើងអាចរៀនសូត្រ  ទៅវិញទៅមកពីគ្នានូវចំណេះដឹងជាច្រើន​ សំរាប់ចាត់ចែង​នៅ​ការងារ​នេះ ជា​ពិសេសប្រសិនបើកម្ពុជាត្រូវការ ប្រទេសម៉ាឡេស៊ី​ នឹងរៀបចំពិចារណា​នូវ​សមត្ថភា​ព​នេះជូនដល់កម្ពុជា ៕

ពិធីបើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៥ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើក​ទី៤៥ នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីសន្តិសុខ​ស្បៀងពិភពលោក ក្រោមប្រធានបទ គោលដៅអ​ភិ​វឌ្ឍន៍​ប្រកបដោយចីរភាពឆ្នាំ២០១៥ របស់កិច្ច​ប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើកទី ៤៥ បានប្រារព្ធពិធី​បើកជាផ្លូវការ​នៅទីក្រុង​ដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ព្រឹកថ្ងៃទី២៣មករា។

វេទិកាសេដ្ឋ​កិច្ចពិភពលោក (WEF) គឺជា​ស្ថាប័ន​មិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៧១ ដែល​មាន​ការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
វេទិកាសេដ្ឋ​កិច្ចពិភពលោក WEF មានតួនាទីសំខាន់ គឺធ្វើឲ្យប្រសើរ​ឡើង​នៃ​រដ្ឋនីមួយៗនៅលើពិភព លោក តាមរយៈកិច្ចសហប្រតិបត្តិការរវាងដៃគូសាធារណៈ និងឯកជន ដោយ​​សម្របសម្រួល រវាង មេដឹកនាំនយោបាយ ធុរៈកិច្ច វិជ្ជាករ និងមេដឹកនាំដទៃទៀត  សហការ​គ្នា​រៀបចំ​កម្ម​វិធីសម្រាប់ ពិភព លោក តំបន់ និងឧស្សាហកម្ម ដើម្បីកំណត់ឲ្យច្បាស់នូវការប្រឈមដំណោះ​ស្រាយ និង​សកម្មភាព អនុវត្តជាក់ស្តែង។

កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ មានការចូលរួមពីមេដឹកនាំ ពិភព​លោក​ប្រមាណ៤០ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹក​នាំ​វ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់​៥០០​នាក់ មកពី​១៤០​ប្រទេស ក្នុងគោលបំណងចែក រំលែកការយល់ដឹង គំនិតផ្តួចផ្តើម និងសកម្មភាព​ចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទៅ​និងបញ្ហាប្រឈម ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដែលមាន​ប្រធាន​បទសំខាន់គឺ បរិបទសកលលោក​ថ្មី។

ស្ថិតក្រោមមូលបទ បរិបទសកលលោកថ្មី វេទិកា​សេដ្ឋកិច្ច​ពិភពលោកប្រចាំឆ្នាំ២០១៥នេះ បានផ្តល់​នូវ គោលនយោបាយរួម ដោយផ្តោតការ​យក​ចិត្ត​ទុក​ដាក់លើការដោះស្រាយ​បញ្ហាប្រឈម​ផ្នែក​នយោ​បាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងការផ្ទេរបច្ចេកវិទ្យា សម្រាប់​ជាមូល​ដ្ឋាន ក្នុងការ​សម្រេចចិត្តនាពេលអនាគត។ បរិបទថ្មីនោះនឹងឆ្លុះបញ្ចាំងឲ្យឃើញនូវផលវិបាកនានា ដែលអាចកើត មានឡើងចំពោះមុខ និងរយៈពេលវែងក្នុងអនាគតដូចជា ឥទ្ធិពលជាប្រព័ន្ធ នៃកំហុសភូមិសាស្រ្ត នយោបាយ ជ្រាលជ្រៅ ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការកើតឡើងនៃ យុទ្ធសាស្រ្ត ប្រកួតប្រជែង។

ធ្វើឲ្យមានប្រក្រតីភាពឡើងវិញ នៃគោលនយោបាយរូបិយវត្ថុ តាមរយៈការកាត់បន្ថយ ការផ្គត់ផ្គង់សាច់ប្រាក់ ពីធនាគារកណ្តាល និងធ្វើឲ្យអាត្រាការប្រាក់កើន ឡើងវិញនភពេល អនាគត។ ការបាត់ជំនឿទៅលើស្ថាប័ន​រដ្ឋ និងឯកជន រួមទាំងការធ្លាក់ចុះនៃកិច្ចសន្ទនា រវាងរដ្ឋាភិបាល និងធុរៈកិច្ច ក្នុងក្របខណ្ឌទូលំទូលាយ។ ទំហំនិងល្បឿននៃភាពជឿនលឿនផ្នែកបច្ចេកទេស វិទ្យាសាស្រ្ត ដែលចាត់ ទុកជាកត្តាជម្រុញ និងធ្វើឲ្យមានឥទ្ធិពល ប៉ុន្តែវាក៏ជាកត្តារំខាន និងគំរាមកំហែងផងដែរ។ អសមត្ថភាព ក្នុងការធ្វើឲ្យប្រសើរឡើង នៃការ​គ្រប់​គ្រង និងអភិបាលកិច្ច ដែលមានវិសាលភាពទូលំទូលាយ ជា ពិសេសធនធានធម្មជាតិ និងលំហូព័ត៌មានវិទ្យា។ ផលវិបាកនៃប្រព័ន្ធអេកូឡូស៊ីសង្គម និងអាជីវកម្ម ដែលប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ ភាពអត់ការងារធ្វើរបស់យុវជន និងវិសមភាព ចំណូល ជាដើម។

ក្នុងន័យឆ្លើយតបចំពោះបញ្ហាប្រឈម​ទាំងអស់​នោះ វេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ​២០១៥​នេះ បានផ្តោតលើគោល​ដៅយុទ្ធសាស្រ្ត​កំណែ​ទម្រង់​​ពិភព​លោក និងអភិវឌ្ឍន៍ក្នុង​ក្របខណ្ឌ​សកល តំបន់ និងកម្រិតវិស័យ តាមរយៈ​ការដាក់​ចេញនូវរបៀបវារៈ មួយចំនួនរួមមាន  

១-របៀប​វារៈសកល កិច្ចប្រជុំ ប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើក​ទី៤៥ បានធ្វើការប្រមូលផ្តុំបណ្តា មេដឹកនាំ នយោបាយកំពូលចំនួន ២៥០រូប ដើម្បីពិភាក្សាជាមួយ​ប្រ​មុខ​​មេដឹក​នាំ នៃអង្គការអន្តរជាតិ និងមេដឹក នាំធុរៈកិច្ច ស្តីពីវិធីសាស្រ្តធ្វើឲ្យប្រសើរឡើង នូវអភិបាលកិច្ច​សកល តាមរយៈកិច្ច សហប្រតិបត្តិការ រវាងរដ្ឋនិងឯកជន។ ការពិភាក្សាគ្នានេះ ត្រូវបានរៀបចំឡើង​ដោយ​មានកិច្ច​សហ​ប្រតិបត្តិការ យ៉ាង ជិតស្និត ជាមួយនឹងអង្គការអន្តរជាតិនានា ក្នុងគោលដៅផ្តល់នូវធាតុចូល​ក្រៅផ្លូវការ ដែលមានសារៈ សំខាន់សម្រាប់ការលូតលាស់របស់ពិភពលោក។

២-របៀបវារៈសេដ្ឋកិច្ច កិច្ច​ប្រជុំដ៏មាន សារៈ សំខាន់នេះ មានគោលបំណងប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្តល់មតិយោបល់​ចំ​ពោះ​កំ​ណើន​សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ និងប្រកបដោយនិរន្តរភាព ធ្វើយ៉ាងណាដើម្បីសំរេចបាននូវក្តីសង្ឃឹម ដោយ ទប់ទល់និងកំណើនទាបនៃសេដ្ឋកិច្ចពិភពលោក និងការលេចឡើងនៃហានិភ័យភូមិសាស្រ្ត​នយោ​បាយ នៅក្នុងប្រទេសមួយចំនួន។

៣-របៀបវារៈតំបន់មេដឹកនាំទាំងអស់ បានធ្វើការសិក្សាស៊ីជម្រៅអំពីការ​ផ្លាស់ប្តូរ សង្គម និងនយោបាយ ដែលបាននិងកំពុងកើតមានឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៃពិភព​លោក ដោយមានប្រតិបត្តិករគន្លឹៈពាក់ព័ន្ធនយោបាយ រចនាសម្ព័ន្ធគ្រប់គ្រង ដែលនិងគូស​បញ្ជាក់​យ៉ាងច្បាស់​ពី​ការប្រឈម ក្នុងប្រទេសនិងតំបន់។

៤-របៀបវារៈស្តីពីឧស្សាហកម្មនិងធុរកិច្ច មេដឹកនាំ​ទាំងអស់ បានធ្វើ​ការ​ពិភាក្សាគ្នា យ៉ាងស៊ី​ជម្រៅពាក់ព័ន្ធនឹង​យុទ្ធសាស្រ្តនៃការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​អាជីវកម្ម តាមម៉ូដែល​ប្រព័ន្ធអេកូឡូស៊ី ជាពិសេសក្នុងបរិបទនវានុវត្តន៍ វិទ្យាសាស្រ្ត បច្ចេកទេស និង​នយោបាយ តាមរយៈ​កិច្ច​សន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំក្នុងវិស័យដ៏មានអាទិភាពនោះ ជាមួយ​និង​រដ្ឋាភិបាល ដើម្បីទទួលយក​នូវមតិយោបល់ និងសំណើរផ្សេងៗ ក្នុងគោលដៅកសាង​ទំនុកចិត្ត​ទៅ​វិញ​ទៅមក 

៥-របៀបវារៈស្តីពី​អនា​គត មេដឹកនាំទាំង​អស់ បានលើកឡើងនូវទស្សនៈ នវានុវត្តន៍ ការ​រក​ឃើញថ្មីៗ ដែលអាចកែប្រែពិភពលោក ដោយធ្វើការយ៉ាង​ជិតស្និតជាមួយនិងសកម្មភាពប្រែប្រួល ដោយ​​គិតតាំងពីវិស័យសិល្បៈ សារព័ត៌មាន វេជ្ជ​សាស្រ្ត និងបច្ចេកវិទ្យា រួមទាំងការពិភាក្សាទៅ​លើ​បញ្ហាប្រឈមសកលផងដែរ។ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​លើកឡើង​នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នោះថា បញ្ហាគ្រោះធម្ម​ជាតិ​យ៉ាងធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួត និង​ទឹកជំនន់ ត្រូវបានព្យាករថា នឹងបន្តកើនឡើងដោយសារ​តែការ​ប្រែប្រួលអាកាសធាតុ។ ដូចនេះការដោះ​ស្រាយ​បញ្ហាសន្តិសុខស្បៀង នឹងអាស្រ័យជាសំខាន់​ទៅលើ​សមត្ថ​ភាពរបស់យើង ក្នុងការគ្រប់គ្រង និងការកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាន ពីការប្រែប្រួលអាកាស​ធាតុ និងការបន្សុាំប្រព័ន្ធ កសិកម្ម ទៅនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមាន​ប្រសា​សន៍​សង្កត់ធ្ងន់ថា គន្លឹៈក្នុងការធានាដោះស្រាយបញ្ហាសន្តិសុខស្បៀង គឺស្ថិតនៅលើការប្តេជ្ញាចិត្ត និងឆន្ទៈរបស់យើងទាំង​អស់គ្នា ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការនានា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ព្រមទាំងការជំរុញអនុវត្តកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងឡាយ ដែលយើងទាំងអស់គ្នាបាន​ដាក់ចេញមក ឲ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ដោយឡែកនៅក្នុងរបៀបវារៈ នៃវេទិកាសេដ្ឋកិច្ច ពិភពលោក ក្រោមប្រធានបទ តើសេដ្ឋកិច្ចអាស៊ានទទួលផលប្រយោជន៍ពី សមាហរណកម្ម​ក្នុង​តំបន់ដ៏ទូលំ ទូលាយយ៉ាងដូចម្តេច ក្នុងបរិការណ៍សេដ្ឋកិច្ចសកលលោកថ្មី ដែលធ្វើឡើង​នៅល្ងាច​ថ្ងៃទី​២៣ សម្តេចតេ​ជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីការបង្កើតឡើង នូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានគោលដៅ​សំរេចឲ្យបាននូវ សក្តានុពលនៃលំហូដោយសេរីនូវទំនញ មូលធន និង​ពលករ​ជំនាញ និងផ្តល់ជាឱកាស​ដ៏ធំធេងសម្រាប់អាស៊ាន ប្រែខ្លួនឲ្យទៅជាមជ្ឈមណ្ឌល​ផលិតកម្មនៃ​ពិភព​លោក និងជាទីផ្សារតំបន់ដ៏ធំមួយ និងប្រកបដោយភាពប្រកួតប្រជែង។ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​មានប្រសាសន៍សង្កត់ធ្ងន់ថា តាមរយៈការ ពង្រឹងតួមាទីស្នូលរបស់ខ្លួន អាស៊ាននឹងអាច​ទាញយក​ផលចំណេញជាច្រើន ពីនិន្នាការស្ទុះឡើងជាប្រចាំ នៃសេដ្ឋកិច្ចចិន ការបង្កើតឡើង​និងបើកចំហ​ជា​បណ្តើរៗ​នៃសេដ្ឋកិច្ចឥណ្ឌា និងចលនាការប្រែប្រួលថ្មីនៃ សេដ្ឋកិច្ចជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែល​នឹងបើកឡើងនូវឱកាសពាណិជ្ជកម្ម និងវិនិយោគដ៏ច្រើនបន្ថែម​ លើទីផ្សារប្រពៃណីរបស់ខ្លួន រួមមាន​ទីផ្សារ​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

សម្តេចតេជោនាយករដ្ឋ​មន្រ្តី​មានប្រសាសន៍​បញ្ជាក់​បន្ថែមថា អាស៊ានរំពឹងថា ការលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការជាមួយដៃគូខាងក្រៅ តាមរយៈបណ្តាញ​នៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន បូក១ អាស៊ានបូក៣ និងភាពជាដៃគូ​សេដ្ឋ​កិច្ចគ្រប់ជ្រុងជ្រោយ ព្រមទាំងការបោះ​ដៃទៅត​ភ្ជាប់​ជាមួយ​នឹងភាព​ជា​ដៃគូអន្តរប៉ាស៊ីហ្វីក នឹងដើរតួនា​ទី ជាយន្តការដ៏សំខាន់សម្រាប់អាស៊ាន ទាញយកផល​ប្រយោជន៍​ពី​កាលានុវត្តភាពថ្មី ដែលកំពុងតែកើត មានឡើងចំពោះមុខ ស្របជាមួយនិង​ការបន្តកិច្ចប្រឹងប្រែង​ដោះស្រាយ បញ្ហាប្រឈមមួយចំនួនរបស់ខ្លួន សម្រាប់ធានានូវសមត្ថភាពស្រូបទាញប្រយោជន៍ពី សមាហរ​​ណកម្ម​តំបន់ដ៏ទូលំទូលាយនោះ។ ដោយ​ឡែកចំពោះកម្ពុជាវិញ សម្តេចបានធ្វើ​ការគូស​បញ្ជាក់ថា ការធ្វើសមាហរណកម្មតំបន់ គឺជាកាលានុវត្តភាព ប្រវត្តិសាស្រ្តសម្រាប់ភាព​ជឿនលឿន និង​វិបុល​ភាណរបស់កម្ពុជា។ សម្តេចតេជោមានប្រសាសន៍បន្តថា កម្ពុជាគឺជាប្រទេស​បើកចំហរនៅតំបន់​អាស៊ី និងអាស៊ាន ប្រកបដោយជវភាពខ្ពស់ មានអំណោយផលពី ផលលាភប្រជារាស្រ្ត និងជាប្រទេស​ដែល​សំរេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចិរភាព ក្នុងរយៈពេលជាងពីរទសវត្សកន្លងមក ក៏ដូចជាសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ហើយថែម​ទាំងមានសក្តានុពល​ឈាន​ទៅជាប្រទេស មានជំណូលមធ្យមមួយរឹងមាំ។

សម្តេចតេជោនាយករដ្ឋ​មន្រ្តី មានប្រសាសន៍បញ្ជាក់​បន្ថែមថា ក្រៅពីការគ្រោងដាក់ចេញនូវគោល​នយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្ម រាជរដ្ឋាភិបាលកម្ពុជានិងបន្តជម្រុញ ការវិនិយោគ​លើហេដ្ឋា​រចនា​សម្ព័ន្ធ ពង្រឹងការតភ្ជាប់ការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ដើម្បីធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ក្របខណ្ឌ​និយ័តកម្ម និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម ការកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្ត បណ្តុះ​បណ្តាលជំនាញ ក៏ដូចជាអភិវឌ្ឍន៍សេវា និងប្រព័ន្ធគាំពារ សង្គមចាំបាច់នានា ក្នុងគោលបំណង​ចែក​រំលែក​ស្ថានភាពឈ្នះ‑ ឈ្នះ ជាមួយកម្ពុជា៕

សេចក្តី​ជូន​ដំណឹង ស្តីពី​​ជំនួប​ពិភា​ក្សា​ការ​ងារ ​បច្ចុប្បន្ន​ភាព នៃ​ការ​រីក​រាល ដាល​មេរោគ​អេដស៍ និង​លទ្ធផល​ជា​ជំហ៊ាន​ដំបូង​នៃការ​អង្កេត

នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនអ្នកសារព័ត៌​មាន​ជាតិ អន្តរជាតិ និងសាធារណៈជនជ្រាបថា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ នឹងជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងសហការី អំពីបច្ចុប្បន្នភាពនៃការរីករាល ដាលមេរោគអេដស៍និងលទ្ធផលជាជំហ៊ានដំបូងនៃការអង្កេតស្រាវជ្រាវ ករណីការចម្លង មេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងវិធានការបន្តរបស់ក្រសួងចំពោះ ករណីខាងលើនេះ។
ជំនួបពិភាក្សាការងារនេះ នឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា វេលា​ម៉ោង១៤និង​៣០  ​នា​ទី​​រសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៥។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទំាងអស់ចូលរួម​យក​​ព័ត៌មាន​ឲ្យបានច្រើន។
ភ្នំពេញ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥

នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តី​ប្រកាសព័ត៌មាន​ របស់​រដ្ឋសភា ស្តីពី​ការ​​ជួប​គ្នា​​រវាងគណៈទាំងពីរ ជា​លើក​ដំបូង​​នៅ​ថ្ងៃ​ទី​២៧ មករា ២០១៥ ​