Wednesday, January 08, 2020

នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថាមជ្ឈដ្ឋានខាងក្រៅនឹងគោរពសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជននូវមាគ៌ាសម្រាប់ការអភិវឌ្ឍស្របទៅនឹងប្រវត្តិសាស្រ្ត ប្រពៃណី វប្បធម៌ សង្គម និងរដ្ឋធម្មនុញ្ញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវសេចក្តីសង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅខ្លះដែលតែងតែលើកឡើងដដែលៗពីបញ្ហាការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នឹងពិចារណាឱ្យបានត្រឹមត្រូវចំពោះការវិវត្តន៍ប្រកបដោយភាពវិជ្ជមាននៅកម្ពុជា ហើយគោរពចំពោះសិទ្ធិនៃការជ្រើសរើសរបស់ប្រជាជនកម្ពុជានូវមាគ៌ាសម្រាប់ការអភិវឌ្ឍរបស់ខ្លួនដែលស្របទៅនឹងប្រវត្តិសាស្រ្ត ស្ថានភាពសង្គម វប្បធម៌ និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន លោក ស ខេង និង លោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងប្រទេសខ្លះ ដែលធ្លាប់មានទស្សនៈមិនគ្រប់ជ្រុងជ្រោយចំពោះរាជរដ្ឋាភិបាលកម្ពុជានោះ នឹងត្រូវបានថែរក្សាពូនជ្រំលើកស្ទួយឱ្យល្អប្រសើរឡើងដែលនឹងមិនក្លាយជាចំណាប់ខ្មាំងនៃទំព័រដ៏ខ្មៅងងឹតខ្លះនៃប្រវត្តិសាស្រ្ត៕











ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩

សៀមរាប៖ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប បានដឹកនាំកិច្ចកិច្ចប្រជុំបូកសរុបសកម្មភាពរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាបនិងសមិទ្ធផលរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត។
នាឱកាសនោះ លោក ទៀ បាញ់ ក៏បានឯកភាព និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលរដ្ឋបាលខេត្តធ្វើសេចក្តីរាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំនេះ ។ លោកក៏បានលើកឡើង អំពីបញ្ហាប្រឈមកន្លងមក នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលជាចំណោទយ៉ាងខ្លាំងដែលធ្វើបាត់នូវប្រជាប្រិយ៍ភាព ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រជាពលរដ្ឋបាត់អស់នូវទំនុកចិត្ត ក្នុងការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានរបស់ខ្លួននោះ ។
លោកបានលើកបញ្ជាក់ថា នៅគ្រប់រាល់សមទ្ធិផលទាំងអស់ ដែលក្រុមការងារ និង សប្បុរសជន កសាងស្ថាបនាឡើង នៅតាមបណ្តាក្រុង ស្រុក គឺត្រូវធ្វើការបែងចែកឲ្យបានច្បាស់លាស់ ពីសមទ្ធិផលរបស់រាជរដ្ឋាភិបាល និង សមទ្ធិផលរបស់សប្បុរសជនចូលរួម ។ ម៉្យាងវិញទៀតត្រូវពង្រឹងការផ្តល់សេវាសាធារណៈលើវិស័យមួយចំនួន ដែលជាកង្វះខាតដែលយើងគ្រប់គ្នាត្រូវធ្វើការកែលម្អ និងធ្វើការពង្រឹងដោះស្រាយ ទៅតាមវេទិកាសាធារណៈ ជាពិសេសតាមរយៈក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ធ្វើការត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង ការធ្វើកំណែទម្រង់ អនុវត្តកម្មវិធីនយោបាយអភិវឌ្ឍន៍ លើគ្រប់វិស័យឲ្យមានប្រសិទ្ធភាពខ្ពស់នៅក្នុងឆ្នាំ២០២០នេះ ដោយផ្តោតទៅលើបញ្ហា បរិស្ថាន អនាម័យ បញ្ហាគ្រឿងញៀន ,សុខភាពសាធារណៈ , បញ្ហាដីធ្លី (ការផ្តល់កម្មសិទ្ធិជូនប្រជាជន) ព្រមទាំងបញ្ហាព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប និង ឧត្តរមានជ័យ គ្រោះថ្នាក់ចរាចរណ៍ ។
លោក ទៀ បាញ់ ក៏បានមានចំណាប់អារម្មណ៍លើការរៀបចំហេដ្ឋារចនាសម្ពន្ធ័ ក្នុងខេត្ត ដោយត្រូវកំណត់ឲ្យបានច្បាស់លាស់រវាងដែនសមត្ថកិច្ចអាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា គឺត្រូវមានកិច្ចសហការគ្នាឲ្យបានល្អក្នុងការអភិវឌ្ឍន៍ក្រុងទេសចរណ៍ ដើមី្បជាផលប្រយោជន៍ជាតិ ។ លោកក៏បានសង្កត់ធ្ងន់ អំពីសុវត្ថិភាពការសាងសង់សំណង់គ្រប់ប្រភេទ គឺ មន្ទីរជំនាញមានការពាក់ព័ន្ធត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះការអនុញ្ញាតច្បាប់សាងសង់សំណង់ ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋាននៃច្បាប់សំណង់ មិនត្រូវធ្វើការធ្វេសប្រហែសឡើយ ។ លោកក៏បានបញ្ជាក់ថា ក្នុងពេលកន្លងមក នៅខេត្តសៀមរាបក៏ទទួលរងការបាក់រលំអគារ សាលាធម្មសភា នៅវត្តប្រាសាទគោកចក បន្ទាប់ពីការបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ ហើយថ្មីៗនេះក៏មានបាក់រលំ អគារកម្ពស់៧ជាន់ទៀត នៅខេត្តកែប ដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសទៀតផង។ កត្តាទាំងនេះក៏ជាការរួមផ្សំរបស់មន្ទីរជំនាញ និង មេការសំណង់ ដែលមើលស្រាលចំពោះបញ្ហាការងាររបស់ខ្លួន ។
លោកក៏បានជម្រុញឲ្យក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ខេត្តបន្តធ្វើការដោះស្រាយនូវរាល់បញ្ហាករណីដែលសេសសល់ក្នុងឆ្នាំចាស់ តាមរយៈក្នុងការធ្វើវេទិកាសាធារណៈ នៅតាមភូមិ ឃុំ សង្កាត់ ទៅតាមស្ថានភាពស្ថិតិប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើយ៉ាងដោះស្រាយ នូវក្តីកង្វល់របស់ប្រជាពលរដ្ឋ និង ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យត្រឹមត្រូវ និងសុក្រឹត យុត្តិធម៌ ។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនពីតួនាទីភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន ដើមី្បយកទៅអនុវត្តឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ សំខាន់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕




រដ្ឋបាលខេត្តព្រះសីហនុ រៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្ត

ព្រះសីហនុ៖ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៧ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកជំទាវ ជាសមាជិកក្រុម ប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាល អភិបាលរងខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ។
សូមជម្រាបផងដែរថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៧ អាណត្តិទី៣ លើកយករបៀបវារៈចំនួន៨ ដើម្បីពិនិត្យពិភាក្សា និងអនុម័តរួមមាន៖
១-ប្រសាសន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុម ប្រឹក្សាខេត្ត
៤-ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋ បាល ខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩)
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់
៧-ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ មានដូចជា៖ គណៈកម្មាធិការ ពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការ សម្របសម្រួល បច្ចេកទេស, គណៈកម្មាធិការគ្រប់ គ្រងមណ្ឌលអភិវឌ្ឍន៍ធនធាន មនុស្សខេត្ត, គណៈ កម្មាធិការរៀបចំដែនដីនគ រូបនីយកម្មខេត្ត, ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
ទី៨. ផ្សេងៗ ។
លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹង ប្រែងរបស់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធ និងសមត្ថកិច្ចដែលបានអនុវត្តន៍ ការងារទទួលបានលទ្ធផលល្អ ក្នុងកិច្ចការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណជូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ ទន្ទឹមនឹងការអនុវត្តបានល្អ ក៏នៅមានចំណុចខ្វះខាតមួយ ចំនួនដែលគ្រប់មន្ទីរ អង្គ ភាព ស្ថាប័នមួយចំនួនពុំទាន់អនុវត្តតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ។
ប្រធានក្រុមប្រឹក្សាខេត្តបន្តថា ក្នុងអំឡុងឆ្លងឆ្នាំសកល ២០១៩-២០២០កន្លងមក ភ្ញៀវ ទេសចរណ៍ជាតិមកលេងកម្សាន្តខេត្តព្រះសីហនុមានការកើនឡើង ដូច្នេះយើង ត្រូវបន្តពង្រឹង ការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ មកលេងកម្សាន្តខេត្តព្រះសីហនុ ៕





ព្រះរាជសាររំលែកទុក្ខ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប

ព្រះរាជសាររំលែកទុក្ខ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប ដែលបណ្តាលឲ្យជនរងគ្រោះចំនួន ៣៦នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិតចំនួន ២៣នាក់។


ការប៉ុនប៉ងណាដែលធ្វើឱ្យកម្ពុជាឃ្លាតចេញមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋដោយដាក់បង្ខំឱ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាការពារដាច់ខាតនូវឯករា​ជ្យ អធិបតេយ្យជាតិទោះស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពណាក្តី ហើយការប៉ុនប៉ងណាដែ​លធ្វើឱ្យកម្ពុជាឃ្លាតចេញមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋដោយដាក់បង្ខំឱ្យកម្ពុជាមិនអាចអនុវត្តសូម្បីតែច្បាប់ជាតិរបស់ខ្លួននោះ គឺពុំអាចទទួលយកបានឡើយ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំ​ណាក់លោក ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន លោក ស ខេង និង លោ​ក សា​យ ឈុំ អនុប្រធា​នគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈ​មណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាកំពុងត្រូវបានគោរពថែរក្សា និងលើកកម្ពស់ឥតឈប់ឈរនៅក្នុងផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះពុំមានមូលហេតុត្រឹមត្រូវណាមួយ ដែលមជ្ឈដ្ឋានខាងក្រៅខ្លះបានលើកឡើងដដែលៗអំពីការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានោះទេ៕







ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជ័យជនះ ៧ មករា ១៩៧៩-៧ មករា ២០២០

កំពង់ឆ្នាំង៖ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង និងជាអ្នក តំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤១ ទិវាបុណ្យជ័យជនះ ៧មករា ១៩៧៩ – ៧មករា ២០២០ នៅថៃ្ងទី៧ ខែមករា ឆ្នាំ ២០២០ នៅបរិវេណសួនច្បារ លោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋចូលរួមសរុបចំនួន១០.៥៧៦អង្គ/នាក់។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តខេត្តកំពង់ឆ្នាំង បានអានសុន្ទរកថារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយបានគូសបញ្ជាក់ថា ៧មករាជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានសម្លាប់ ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃជាង លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។
លោកបានបន្តទៀតថា រយៈពេល៤១ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំងមូលនឹកស្មានមិនដល់ ថាប្រទេស កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីក្លាយ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេ រហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជនមានជីវភាពធូរធារ និងមានកំណើន សេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា ។
លោកបានបញ្ជាក់ទៀតថា ថៃ្ងជ័យជំនះ ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប ជាសច្ចភាព ប្រវត្តិសាស្ត្រ គ្មានអ្នកណាអាចបដិសេធន៍បានឡើយ បើគ្មានរដ្ឋប្រហារថៃ្ង ១៨មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករា ក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ ដូច្នេះយើងខ្ញុំស្រឡាញ់សន្ដិភាព អរគុណសន្ដិភាព និងប្ដេជ្ញាការពារសន្ដិភាព ។
នៅចុងបញ្ចប់គណៈអធិបតីនិងសមាជិក សមាជិកា អង្គមិទិ្ទញចូលរួមរាប់បាត្រប្រគេនព្រះសង្ឃ ៤១អង្គដើម្បីឧទ្ទិសកុសលជូន ដល់បុព្វការីជន យុទ្ធជន យុទ្ធមិត្ត ញាតិការទាំងប្រាំសន្តានដែលបានពលីជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕